មន្ត្រីតេជៈជ័យ
មន្ត្រីតេជៈជ័យ | |
---|---|
ចៅពញាមន្ត្រីតេជៈនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ | |
ក្នុងការិយាល័យ ១៥១៨–១៥១៩ | |
ព្រះមហាក្សត្រ | ស្រីជេដ្ឋា |
ហ្លួងជ័យនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ | |
ក្នុងការិយាល័យ ១៥១២–១៥១៨ | |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ជ័យ |
ស្លាប់ | ១៥១៩ |
ចៅពញាមន្ត្រីតេជៈជ័យ (១៤??-១៥១៩)(ចៅពញា ជាសក្ដិ, មន្ត្រីតេជៈ ជាងារ, ជ័យ ជាឈ្មោះ) លោកត្រូវជាក្មួយម៉ែបាន ម្ដាយព្រះស្ដេចកន ដំបូងលោកមានងារជា ហ្លួងជ័យ ក្រោយមកក៏ត្រូវបានឡើងជា ចៅពញាមន្ត្រីតេជៈ។
ប្រវត្តិ និង ការងារ
[កែប្រែ]លុះមកដល់ឆ្នាំខាល ១២ កើត ខែមិគសិរ ទោស័ក ព.ស ២០៧៤, គ.ស ១៥១៨, ម.ស ១៤៥២, ច.ស ៨៩២ ក្រោយពីព្រះបាទចន្ទរាជាឈ្នះសង្គ្រាមក្នុងគ្រានោះយកបានខេត្តភ្នំពេញ សំរោងទង បាទី ទ្រាំង កំពត និង កំពង់សោម។ ចៅមឿងដែលឡើងខេត្តទាំងនេះនៅទិសខាងលិចទាំងប៉ុន្មាននោះ ទ័ពហ្លួងត្រើយខាងលិចចាប់បានខ្លួនទាំងអស់នៅសល់តែខេត្តបាសាក់ ព្រះត្រពាំង ក្រមួនស ឪម៉ៅ តែប៉ុណ្ណោះព្រោះចៅពញាពិស្ណុលោករត់ទៅប្រមូលចៅហ្វាយស្រុកក្រៅបន្ទាយទាំងនោះឲ្យតាំងបន្ទាយរឹងនៅឡើយមិនទាន់យកបាន។ សម្ដេចព្រះស្រីជេដ្ឋាម្ចាស់ផែនដីដែលឡើងខេត្តត្រើយខាងកើត ទ្រង់ជ្រាបអំពីបរាជ័យនេះហើយ ទ្រង់ព្រះពិរោធណាស់ថា ចៅពញាចន្ទនេះកាន់តែទន្ទ្រានបានទីច្រើនពន់ប្រមាណ ហើយមេទ័ព និងនាយកងដែលយើងប្រើទៅទាំងប៉ុន្មានក៏ចេះតែធ្វេសប្រហែសឲ្យចាញ់ឧបាយកលគេ ខូចរេហ៍ពលច្រើនដងមិនគិតសងសឹកវិញឲ្យបានសោះ។ ទើបទ្រង់គិតឧបាយកលរើសសេនាទាហានដែលមានទំនុកចិត្ដទុកព្រះទ័យបាន ១០០ នាក់ ហើយត្រាស់បង្គាប់ថា “ឲ្យក្លែងរត់ចូលទៅនៅនឹងសម្ដេចចៅពញាចន្ទរាជា កាលបើល្បងឲ្យទុកព្រះទ័យបានកាលណាហើយឲ្យទាហានទាំងនោះនាំគ្នាលុក សំលាប់ឲ្យបាន បើអ្នកទាំងឡាយធ្វើបានយើងនឹងឲ្យអ្នកឡើងយសស័ក្ដិឲ្យទ្រព្យសម្បត្ដិឲ្យពេញចិត្ដ”។ សេនាទាំង ១០០នាក់នោះថ្វាយបង្គំសុំទទួលអាសាថា “ទូលព្រះបង្គំទាំងឡាយនឹងធ្វើឲ្យបានតាមព្រះរាជហឫទ័យ” ។ ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ឮថាសេនាទាហានព្រមព្រៀងហើយទ្រង់ ព្រះអំណរណាស់ ទើបទ្រង់តាំងឲ្យហ្លួងជ័យជាក្មួយមេបាន (ម្ដាយព្រះស្ដេចកន) ឲ្យធ្វើជាចៅពញាមន្ដ្រីតេជៈ (មេទ័ព) ឃុំពលទាហានទាំង ១០០ នាក់នោះឲ្យទៅចាត់ការឲ្យបានសំរេច។ លុះទៅដល់បន្ទាយផែនដីទិសខាងលិច ទាហានទាំង ១០១ នាក់នោះក៏ចូលទៅរកសេនាបតីឲ្យនាំចូលទៅថ្វាយខ្លួន នៅជាខ្ញុំរាជការទ្រង់ព្រះករុណាពិសេស។ លុះដល់ខ្នើត ខែពិសាខ ព.ស ២០៦៣, គ.ស ១៥១៩, ម.ស ១៤៤១, ច.ស ៨៨១ ឆ្នាំថោះ ឯកស័ក សម្ដេចព្រះចន្ទរាជាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គស្រង់ក្នុងទឹកស្ទឹងខេត្តបរិបូណ៌នោះ ព្រមទាំងសេនាទាហានស្និទព្រះអង្គជាច្រើនសុទ្ធតែដៃទទេគ្មាន សាស្ត្រាវុធសោះ។ ទ្រង់ត្រាស់ឲ្យក្រុមទាំងនោះផ្លាស់សំលៀកបំពាក់ឲ្យចុះងូតទឹកគ្រប់គ្នា។ មន្ដ្រីសេនាទាហានស្និទព្រះអង្គទាំងអស់ក៏ផ្លាស់សំពត់ងូតទឹកតាម ព្រះរាជអធ្យាស្រ័យ។ ឯពញាមន្ដ្រីតេជៈ និងទាហាន ១០០ នាក់ដែលព្រះស្រីជេដ្ឋាប្រើទៅនោះ ងូតទឹកទាំងសំពត់ស្លៀក ពុំហ៊ានផ្លាស់ព្រោះក្រែងគេមើលឃើញកាំបិតដែលខ្លួនចងជាប់នៅភ្លៅ នោះ។ សម្ដេចបរមបពិត្រទ្រង់យល់ដូច្នេះហើយ ទ្រង់មានការសង្ស័យក្នុងព្រះហឫទ័យណាស់ ក៏ត្រាស់តឿនឲ្យផ្លាស់សំលៀកបំពាក់ឲ្យអស់គ្រប់គ្នា។ ពួកក្បត់ទាំង ១០១ នាក់នោះយល់ថា មុខជាពុំរួចខ្លួនទេក៏ថោះទឹកមុខគ្រប់ៗគ្នា។ ទ្រង់យល់ពិរុទ្ធដូច្នោះហើយ ហេតុតែបុណ្យបារមី ទ្រង់រឹតតែសង្ស័យក្នុងព្រះរាជហឫទ័យ ក៏ស្ទុះឡើងពីក្នុងស្ទឹងទៅប្រថាប់ក្រោមម្លប់ឈើមួយ។ ទ្រង់ចាប់បានព្រះស្ដែងដាវទាំងស្រោម ឯពួកក្បត់ទាំងនោះគិតថា ការណ៍ម្ដងនេះបើមិនធ្វើឲ្យហើយទេ មុខជាមិនរួចខ្លួនឡើយ ទើបពួកវាទាំងនោះក្លែងថា សូមចូលទៅក្រាបទូលត្បិតថាវាមានការណ៍ជាសំងាត់នឹងត្រូវក្រាបទូល។ ព្រះអង្គទ្រង់ជ្រាបឧបាយកល ហើយក៏កាន់ព្រះរាជអាវុធជាប់នឹងព្រះហត្ថា ហើយព្រះអង្គក៏ក្លានូវគុណអាវុធផង។ លុះពួកក្បត់ហូតកាំបិតចូលមកប្រហារព្រះអង្គ ព្រះអង្គទ្រង់តនឹងអាវុធដាវនោះ ដោយកាប់ត្រូវអាមន្ដ្រីតេជៈជាមុនគេ ហើយទ្រង់ស្ទុះទៅតនឹងអាក្បត់ ១០០ នាក់ទៀត។ ឯអស់ខ្ញុំរាជការដែលតាមហែក៏ផ្អើលឆោឡោឡើង ខ្លះចូលចាប់ដោយដៃទទេ តែត្រូវពួកអាក្បត់ចាក់ត្រូវស្លាប់ និងពិការជាច្រើន។ ខ្ញុំរាជការខ្លះទៀតស្ទុះទៅដកបានបង្គោលរបងចូលតនឹងពួកអាក្បត់ យ៉ាងអង់អាច។ ពួកអាក្បត់ស្លាប់ និងចាប់បាន ៣៥ នាក់ក្រៅពីនោះរត់រួចទាំងអស់ ឯពួកអាក្បត់ដែលស្លាប់ និងត្រូវចាប់បាននោះ ទ្រង់ត្រាស់សុំឲ្យកាត់ក្បាលដោតជាបំរាម ហើយស្ដេចព្រះរាជដំណើរត្រឡប់ចូលទៅបន្ទាយវិញដោយសុវត្ថិភាព។
ឯកសារយោង
[កែប្រែ]- ឯកសារមហាបុរសខ្មែរ
យសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ មិនស្គាល់ |
ចៅពញាមន្ត្រីតេជៈជ័យនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ ១៥១៨-១៥១៩ |
តដោយ មិនដឹង |
មុនដោយ មិនស្គាល់ |
ហ្លួងជ័យនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ ១៥១២-១៥១៨ |
តដោយ មិនដឹង |