ម៉ារី ស្កូដូស្កា គុយរី

ដោយវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ម៉ារី គុយរី)
ម៉ារី ស្កូដូស្កា​ គុយរី
Marie Skłodowska Curie
Marie Curie c1920.png
ម៉ារី ស្កូដូស្កា គុយរី ១៩២០
កើតនៅ ថ្ងៃ​ទី ៧ វិច្ឆិកា ១៨៦៧
វ៉ារស្សាវ៉ា, ផ្នែករបស់ប៉ូឡូញ កាន់កាប់ដោយ រុស្ស៊ី
មរណភាព ថ្ងៃ​ទី ៤ កក្កដា ១៩៣៤
ប៉ាស់ស៊ី, អូតសាវ័រ, បារាំង
សញ្ជាតិ រុស្ស៊ី, បារាំង
ជនជាតិ ប៉ូឡូញ
ស្នាដៃសំខាន់ៗ​ វិទ្យុសកម្ម, ប៉ូឡូញ៉ូម, រ៉ាដ្យូម
រង្វាន់​ រង្វាន់ណូបែលផ្នែករូបវិទ្យា (១៩០៣)
មេដាយដាវី (១៩០៣)
មេដាយម៉ាតេអ៊ុជី (១៩០៤)
រង្វាន់ណូបែលផ្នែកគីមីវិទ្យា (១៩១១)
ស្វាមី ព្យែរ គុយរី (១៨៩៥-១៩០៦)
ហត្ថលេខា Marie Curie signature.svg

ម៉ារី ស្កូដូស្កា គុយរី (Marie Skłodowska Curie) (៧ វិច្ឆិកា ១៨៦៧ - ៤ កក្កដា ១៩៣៤) គឺ​ជា​​​រូប​វិទូ និង​គីមី​វិទូ​ជន​ជាតិ​ប៉ូឡូញ​-បារាំង​ដ៏​​ល្បី​ល្បាញ​​ដែល​​បាន​​ត្រួសត្រាយ​​ការស្រាវជ្រាវ​​អំពី​វិទ្យុសកម្មដំបូងគេ​។ គាត់​​គឺ​ជា​​មនុស្ស​​ដំបូង​គេ​​ដែល​​ទទួល​​បាន​រង្វាន់ណូបែល​​ពីរ​គឺ ផ្នែក​រូបវិទ្យា និង​ផ្នែកគីមីវិទ្យា[១] ។ គាត់​​គឺ​ជា​​ស្ត្រី​ទីមួយ​​ដែល​​បាន​​ក្លាយ​ជា​​សាស្ដ្រាចារ្យ​​នៅ​ឯ​​សាកលវិទ្យាល័យប៉ារីស ។ គាត់​​គឺ​ជា​​ស្ត្រី​​ដំបូង​​ដែល​​ត្រូវ​​បាន​​គេ​​បញ្ចុះ​​សព​នៅ​ក្នុង​វិមានប៉ារីសប៉ង់តេអុង (១៩៩៥) ដោយ​សារ​​​គុណ​សម្បត្តិ​​របស់​​គាត់​។

គាត់​​ត្រូវ​បាន​​គេ​​ដាក់​ឈ្មោះ​ថា ម៉ារីយ៉ា សាឡូមៀ ស្កូដូស្កា ​នៅ​ពេល​​កើត​​ក្នុង​​ទី​ក្រុង​វ៉ារស្សាវ៉ា (ពេលនោះ​ជា​ដែនដី​ប៉ូឡូញ​កាន់កាប់​ដោយ​រុស្ស៊ី) ហើយ​​គាត់​​បាន​​រស់​នៅ​​ទី​នោះ​​រហូត​ដល់​​អាយុ ២៤​ឆ្នាំ ។ ក្នុង​ឆ្នាំ ១៨៩១ គាត់​​បាន​​តាម​​បង​ស្រី​​ខ្លួន​​ឈ្មោះ ប្រូនីស្វាវ៉ា ទៅ​​សិក្សា​​នៅ​​ទី​ក្រុង​​ប៉ារីស ដែល​​ជា​​កន្លែង​​គាត់​បាន​​បញ្ចប់​​ការសិក្សា​ថ្នាក់​ឧត្ដមសិក្សា និង​​សម្រេច​​កិច្ច​ការ​វិទ្យាសាស្ត្រ​​ជា​​បន្ត​បន្ទាប់​។ គាត់​​បាន​​ទទួល​​រង្វាន់ណូបែល​​ផ្នែក​រូប​វិទ្យា​​រួម​គ្នា​​ជា​មួយ​​ប្ដី​ឈ្មោះ ព្យែរ គុយរី និង​​លោក អង់រី បិកកឺរ៉ែល​។ គាត់​​បាន​​ឈ្នះ​រង្វាន់ណូបែល​​មួយ​ទៀត​​ក្នុង​ផ្នែក​គីមីវិទ្យា​​តែ​ម្នាក់​ឯង ។ គាត់​​គឺ​ជា​​ស្ត្រី​​ដំបូង​គេ​​ដែល​​បាន​​ទទួល​​រង្វាន់ណូបែល និង​​បាន​​ដល់​ទៅ​​ពីរ​​ក្នុង​​ផ្នែក​ផ្សេង​គ្នា​។

ស្នាដៃ​របស់​​គាត់រួមមាន​ទ្រឹស្ដី​ស្ដីអំពី​វិទ្យុសកម្ម (ពាក្យដែលអ្នកស្រីបង្កើត[២]) បច្ចេកទេស​​ក្នុងការ​ញែក​ធាតុអ៊ីសូតូប​វិទ្យុសកម្ម និង​បាន​រកឃើញ​ធាតុវិទ្យុសកម្ម​ពីរ​គឺ ប៉ូឡូញ៉ូម និង រ៉ាដ្យូម​។ គាត់​បាន​ដឹកនាំ​ការស្រាវជ្រាវ​ដំបូងគេ​លើ​លោក​​ក្នុង​ការព្យាបា​ល​ណេអូប្លាស់ (សាច់ដុះ)ដោយ​ប្រើ​អ៊ីសូតូប​​វិទ្យុសកម្ម​។ អ្នកស្រី​ជា​ស្ថាបនិក​វិទ្យាស្ថានគុយរី​ទាំង២​កន្លែងគឺ វិទ្យាស្ថានគុយរី (ប៉ារីស) និង វិទ្យាស្ថានគុយរី (វ៉ារស្សាវ៉ា)​។

ស្កូដូស្កា ម៉ារី (ជាឈ្មោះ​ដែល​គាត់​តែង​ហៅ​ខ្លួនឯង) មិនដែល​បាត់បង់​​មនោសញ្ចេតនា​​​ពី​អត្តសញ្ញាណ​​ដើម​ជា​​ជនជាតិប៉ូឡូញ​ទេ ខណៈពេល​ដែល​គាត់​ក៏​ជា​ពលរដ្ឋបារាំង​ដ៏​ស្មោះត្រង់​ដែរនោះ​។ គាត់​បង្រៀន​​ភាសាប៉ូឡូញ​​ដល់​កូនស្រីទាំងអស់​របស់​គាត់ និង​បាន​នាំ​ពួកគេ​ទៅ​លេង​ប្រទេស​ប៉ូឡូញ​ផងដែរ។ គាត់​បាន​ដាក់​ឈ្មោះ​អោយ​ធាតុគីមី​​ដំបូង​គេ​ដែល​គាត់​រកឃើញ​ថា ប៉ូឡូញ៉ូម (១៨៩៨) ដើម្បី​ជា​កិត្តិយស​​ដល់​មាតុប្រទេស​​របស់គាត់។ [៣] ក្នុង​កំឡូង​សង្គ្រាមលោកលើកទី១គាត់​បាន​ក្លាយ​ជា​សមាជិការ​របស់​គណកម្មាធិការនៃប៉ូឡូញសេរី (Komitet Wolnej Polski)។[៤] នៅឆ្នាំ១៩៣២ គាត់​បាន​​ស្ថាបនា​វិទ្យាស្ថានរ៉ាដ្យូម (សព្វថ្ងៃជា វិទ្យាស្ថានជំងឺមហារីក ម៉ារីយ៉ា ស្កូដូស្កា គុយរី) នៅ​ទីក្រុង​កំណើត​​របស់​គាត់​គឺនៅ វ៉ារស្សាវ៉ា។

កុមារភាព[កែប្រែ]

កន្លែងកំណើតនៅវ៉ារស្សាវ៉ា–សព្វថ្ងៃជា​សារមន្ទីរម៉ារីយ៉ា ស្កូដូស្កា គុយរី
វ៉ាឌីស្វាវ ស្កូដូស្គី ជាមួយកូនស្រីទាំង៣ (រាប់ពីឆ្វេង) ម៉ារីយ៉ា, ប្រូនីស្វាវ៉ា, ហេឡេណា

ម៉ារីយ៉ា ស្កូដូស្កា ចាប់​កំណើត​នៅ​ទីក្រុង វ៉ារស្សាវ៉ា ប្រទេសប៉ូឡូញ នៅ​ថ្ងៃទី​៧ វិច្ឆិកា ១៨៦៧។ គាត់​ជា​កូនស្រីពៅ​​ក្នុងចំណោម​កូន​ទាំង​៥​របស់​​គ្រួសារ​គ្រូបង្រៀន​ដ៏ល្បី​ឈ្មោះ​មួយ។ ឪពុកនាងឈ្មោះ វ៉ាឌីស្វាវ ស្កូដូស្គី​ និងម្ដាយឈ្មោះ ប្រូនីស្វាវ៉ា។ បងៗ​​របស់​ម៉ារីយ៉ា​មាន ហ្សូហ្វីយ៉ា(១៨៦២-១៨៧៦) យ៉ូហ្សេហ្វ(១៨៦៣-១៩៣៧, ឈ្មោះដូចជីតា) ប្រូនីស្វាវ៉ា(១៨៦៥-១៩៣៩,ឈ្មោះដូចម្ដាយ) និង ហេឡេណា(១៨៦៦-១៩៦១)។ ក្នុងចំណោម​បងប្អូន​ទាំងអស់ ម៉ារីយ៉ា​ជា​កូន​ដែល​មានប្រាជ្ញា​និង​ខួរក្បាល​ចងចាំ​បានល្អ​ជាងគេ​តាំងពី​ក្មេង។ នៅ​អាយុ​៤ឆ្នាំ ម៉ារីយ៉ា​អាច​​អាន​សៀវភៅ​របស់​បងស្រី​របស់​នាង​បាន​ទៅហើយ។

គ្រួសារ​របស់​ម៉ារីយ៉ា​​ជា​ពូជពង្ស​គ្រូបង្រៀន។ ជីតា​ខាង​ឪពុក​ឈ្មោះ យ៉ូហ្សេហ្វ ស្កូដូស្គី ធ្លាប់ជា​គ្រូ​ដែល​គេ​គោរព​​នៅលូប៊្លីន, ដែល​នៅទីនោះ​គាត់​ធ្លាប់​បង្រៀន​កុមារ ប៊ុលឡឺស្វាវ ព្រុស (អ្នកអក្សរសាស្ត្រដ៏ល្បី​របស់ប៉ូឡូញ)។[៥] ឪពុក​របស់ម៉ារីយ៉ា ជា​គ្រូបង្រៀន​គណិតវិទ្យានិង​​រូបវិទ្យា (មុខវិទ្យា​ដែល​ម៉ារីយ៉ា​​ត្រូវ​រៀន) និង​ជា​នាយក​សាលា​ហ្គីមណាសៀម (សាលាមធ្យមសិក្សា​មួយប្រភេទ​នៅអឺរ៉ុប)​សំរាប់​សិស្សប្រុស ២កន្លែង។ លោក​ក៏បាន​ទទួល​សិស្សប្រុស​​អោយ​ស្នាក់នៅ​និង​​សិក្សា​នៅផ្ទះ​របស់​លោក​ផងដែរ។ ម្ដាយ​របស់​ម៉ារីយ៉ា​​បើក​សាលា​មាន​អន្តេរវិសិកដ្ឋាន​សំរាប់​សិស្សនារី​ដ៏​ប្រណិត​​មួយ​នៅ​វ៉ារស្សាវ៉ា។

ពេលដែល​ម៉ារីយ៉ា​មានអាយុ​ទើប​៦ឆ្នាំ គ្រួសារ​ទាំងខាង​ឪពុក​​និង​ខាងម្ដាយ​បាន​បាត់បង់​ផ្ទះសម្បែង​​និង​ទ្រព្យសម្បត្តិ​ទាំងអស់ ដោយសារ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​បះបោរ​របស់​ជាតិ​ប៉ូឡូញ។ កាលណោះ​ប្រទេស​ប៉ូឡូញ​​ត្រូវបាន​ចែកជា​ចំនែកៗ​ដោយសភា​នៅ​ទីក្រុងវីន។ អនុប្រទេសវ៉ារស្សាវ៉ា​ជា​រាជាណាចក្រ​ប្រកាន់​ធម្មនុញ្ញ​មួយ ប៉ុន្តែ​ភាពជាក់ស្ថែង​​ត្រូវគ្រប់គ្រង​ដោយ​ចក្រភពរុស្ស៊ី និង​មិនមាន​ឯករាជ្យ​ទេ។ ចក្រភពរុស្ស៊ី​បានធ្វើ​ការ​ឃ្លាំមើល​និង​ដាក់កំហិត​​សកម្មភាព​​របស់​បញ្ញវ័ន​ប៉ូឡូញ។ ឪពុក​របស់​ម៉ារីយ៉ា​ត្រូវគេ​រកឃើញ​ថា​​លួច​បង្រៀន​​ដោយសំងាត់ ក៏ត្រូវ​គេ​ដកហូត​តួនាទី​​និង​ផ្ទះសម្បែង​ទាំងអស់។ គ្រួសារ​មួយនេះ​ក៏ធ្លាក់​ខ្លួនក្រ ហើយ​បានរើ​ទៅនៅ​ផ្ទះតូច​មួយរួចបើក​សាលា​នៅ​ទីនោះ។ នៅ​ឆ្នាំ១៨៧៦ គ្រួសារ​នេះ​បាន​ឆ្លងជំងឺ​​គ្រុនសន្ធំរោល (typhus) ពី​សិស្ស​ដែល​មករៀន ហើយ​បងស្រីធំ​ហ្សូហ្វីយ៉ា​ក៏បាន​បាត់បង់ជីវិត​ទៅ។ នៅឆ្នាំ១៨៧៨ គឺពេល​ដែល​ម៉ារីយ៉ា​ទើបមាន​អាយុ​១២ឆ្នាំ ម្ដាយ​ម៉ារីយ៉ា​ក៏បាន​ទទួល​មរណភាព​ដោយ​ជំងឺរបេង​

ឪពុក​របស់​ម៉ារីយ៉ា​​ជាអ្នក​មិនជឿ​សាសនា ចំណែកឯ​ម្ដាយ​ម៉ារីយ៉ា​វិញ​​ជា​អ្នកកាន់សាសនា​កាតូលិក​​យ៉ាងខ្ជាប់ខ្ជួន។[៦] មរណភាព​បន្តបន្ទាប់​គ្នា​​របស់​ម្ដាយ​​និង​បងស្រី​​បានធ្វើអោយ​ម៉ារីយ៉ា​​ងាកពី​អ្នកកាន់សាសនាកាតូលិក​​មកជា Agnostic (នៅក្នុងសាសនាគ្រឹស្ត អ្នក​​ដែល​អះអាង​ថា​ខ្លួនឯង​គ្មាន​ចំណោះដឹង​គ្រប់គ្រាន់​អំពី​អត្ថិភាព​របស់ព្រះ ក៏ប៉ុន្តែ​ក៏មិន​បដិសេដថាលើលោកនេះ​គ្មានព្រះដែរ) វិញ។[៧]

ជីវិតជាគ្រូបង្រៀនតាមផ្ទះនិងការបែកបាក់ស្នេហា[កែប្រែ]

ម៉ារី​យ៉ា​បាន​ចូលរៀន​និង​ស្នាក់នៅ​សាលា​ដែលមាន​អន្តេរវិសិកដ្ឋាន​​ ដែល​ម្ដាយខ្លួន​ជា​អ្នកបើក តាំងពី​អាយុ​១០​ឆ្នាំ។ ប៉ុន្តែ បន្ទាប់ពី​ម្ដាយ​ស្លាប់ទៅ ម៉ារីយ៉ា​បាន​ចូល​សាលា​ហ្គីមណាសៀម​សំរាប់​​សិស្ស​នារី ដែល​នៅទីនោះ​គាត់​បាន​បញ្ចប់​ការសិក្សា​ដោយ​និទ្ទេស​ខ្ពស់​នៅថ្ងៃទី១២ មិថុនា ១៨៨៣។ គាត់​បាន​ចំណាយ​ពេល​មួយឆ្នាំ​បន្ទាប់​រស់នៅ​ឯ​ជនបទ​ជាមួយ​ញាតិសណ្ដាន​ខាងឪពុក និង​បន្ទាប់មក​ជាមួយ​ឪពុក​នៅ​វ៉ារស្សាវ៉ា។ នៅទីនោះ​គាត់​បាន​​ធ្វើជា​អ្នកគ្រូបង្រៀន​តាមផ្ទះ។

ម៉ារីយ៉ា​ ស្កូដូស្កា ពេលអាយុ១៦ឆ្នាំ

ម៉ារីយ៉ា​​បាន​ធ្វើ​ការសន្សា​​ជាមួយ​បងស្រី​ប្រូនីស្វាវ៉ា​​ថា គាត់​នឹង​រកប្រាក់​ដើម្បី​ផ្គត់ផ្គង់​​ប្រូនីស្វាវ៉ា​​អោយបាន​សិក្សា​ឱសថសាស្ត្រ​នៅ​ប៉ារីស ក្នុង​លក្ខខណ្ឌ​ថា ប្រូនីស្វាវ៉ា​ក៏ត្រូវ​ធ្វើ​បែបនេះ​សង​មកវិញ​ដែរ​​នៅ២ឆ្នាំ​ក្រោយ។ គាត់​បាន​ចាប់ផ្ដើម​ធ្វើជា​​ «ហ្គាវើណេស» (ស្ត្រី​ស្នាក់នៅ​ជួយបង្រៀន​​កូនចៅ​ផ្ទះ​អ្នកមាន) ដំបូង​នៅក្នុង​គ្រួសារ​មេធាវី​ម្នាក់​នៅ​ក្រាកូវ(Kraków) បន្ទាប់មក​រយៈពេល​២ឆ្នាំ​​នៅក្នុង​គ្រួសារ​អភិជន​ដី​ធ្លី​មួយ​ដែល​ត្រូវ​ជា​សាច់ញាតិ​របស់​​ឪពុក នៅឯ​ឆេហានូវ(Ciechanów)។ ពេលនៅ​ធ្វើការ​នៅទីនោះ គាត់​បាន​ស្រលាញ់​គ្នា​ជាមួយ​កូនប្រុសច្បង​របស់​ម្ចាស់ផ្ទះឈ្មោះ ខាហ្ស៊ីមៀស ហ្សូរ៉ាវស្គី(Kazimierz Żorawski)(ខាហ្ស៊ីមៀស ហ្សូរ៉ាវស្គី ក្រោយមក​ក្លាយជា​គណិតវិទូ​ប៉ូឡូញ​ម្នាក់​ដ៏ល្បី)។ កាហ្ស៊ីមៀស​​បានប្រាប់​ពី​បំណង​រៀបការ តែត្រូវ​ឪពុកម្ដាយ​បដិសេដ​​ដោយសារ​តែ​វណ្ណៈ​និង​ទ្រព្យធន​ខុសគ្នា​​ខ្លាំងពេក។ ម៉ារីយ៉ា​ក្រោយ​ចប់​កិច្ចសន្យា​រយៈពេល​២ឆ្នាំ​មក ក៏ទៅ​ធ្វើជា​​គ្រូបង្រៀន​​នៅក្នុង​គ្រួសារ​មួយទៀត​នៅខាង​ឆ្នេរសមុទ្រ​បាល់ទិច។

នៅដើម​ឆ្នាំ១៨៩០ ប្រូនីស្វាវ៉ា​ដែល​ទើបនឹង​រៀបការ​ហើយ បាន​សរសេរ​សំបុត្រ​បបួល​​ម៉ារីយ៉ា​​អោយមក​រស់នៅ​ប៉ារីស​​ជាមួយគ្នា។ ប៉ុន្តែ​ម៉ារីយ៉ា​​បាន​បដិសេដ​ដោយសារ​នាង​គ្មាន​ប្រាក់​គ្រប់គ្រាន់​​សំរាប់​បង់ថ្លៃ​សាលា និងនៅ​មិនទាន់​ដាច់ចិត្ត​ពី​ខាហ្ស៊ីមៀស។

គាត់​បាន​ត្រលប់​ទៅនៅ​ជាមួយ​ឪពុក​នៅ​វ៉ារស្សាវ៉ា​វិញ និង​ស្នាក់នៅ​ទីនោះ​ដល់​រដូវស្លឹកឈើជ្រុះ​ឆ្នាំ១៨៩១។ គាត់​នៅទីនោះ​ធ្វើជា​​គ្រូបង្រៀន​តាមផ្ទះ​​ផង និង​រៀននៅ​«សាកលវិទ្យាល័យហោះ» (គ្មាន​ច្បាប់​អនុញ្ញាត)​មួយ និង​បាន​ចាប់ផ្ដើម​ធ្វើការ​ហ្វឹកហាត់​ផ្នែកវិទ្យាសាស្ត្រ​អនុវត្ត​​នៅក្នុង​មន្ទីរពិសោធន៍​មួយ​នៅក្នុង​សារមន្ទីរឧស្សាហកម្មនិងកសិកម្ម​​ក្បែរទីក្រុងចាស់​នៅវ៉ារស្សាវ៉ា។ មន្ទីរពិសោធន៍​នេះ​គ្រប់គ្រង​​ដោយ​បងជីដូនមួយ​ឈ្មោះយ៉ូសេហ្វ បូហ្គុស្គី ដែល​ធ្លាប់ជា​ជំនួយការ​របស់​មហាគីមីវិទូ ដ្មីទ្រី មិនដេឡេអេវ (Dmitri Mendeleev)។[៨]

នៅខែ​តុលា ១៨៩១ ដោយ​ការទទូច​របស់​បងស្រី​​និង​ដោយសារ​សំបុត្រ​ផ្ដាច់ស្នេហ៍​របស់​ខាហ្ស៊ីមៀស ម៉ារីយ៉ា​ក៏បាន​​សម្រេច​ចិត្ត​​ទៅ​ប្រទេសបារាំង។[៦]ការផ្ដាច់​ទំនាក់ទំនង​នេះ​ជា​សោកនាដកម្ម​សំរាប់​អ្នកទាំងពីរ។ ខាហ្ស៊ីមៀស​ក្រោយពី​រៀនចប់​បណ្ឌិត​​និង​បន្ត​អាជីព​​ជា​គណិតវិទូ​រួចក្លាយជា​​សាស្ត្រាចារ្យ​និងជា​នាយក​សាកលវិទ្យាល័យក្រាកូវ (សព្វថ្ងៃ​ប្ដូរឈ្មោះ​ជា​សាកលវិទ្យាល័យយ៉ាហ្គីយ៉េឡូនៀន) និងជា​ប្រធាន​សហគមអ្នកសិក្សាវ៉ារស្សាវ៉ា(Warsaw Society of Learning)។ ពេលដែល​គាត់ចាស់​ទៅ គេ​ធ្លាប់ឃើញ​គាត់អង្គុយ​គិត​​សញ្ជប់សញ្ជឹង​​នៅពីមុខ​រូបសំណាក​ទង់ដែង​របស់​​ម៉ារីយ៉ា ដែល​បាន​ដាក់តាំង​​ពីឆ្នាំ១៩៣៥​​នៅក្រោយ​វិទ្យស្ថានរ៉ាដ្យូម​ដែល​អ្នកស្រី​បង្កើត​ក្នុងឆ្នាំ​១៩៣៥។[៩]

ការតស៊ូរៀនសូត្រនៅប៉ារីស[កែប្រែ]

ខែតុលា ឆ្នាំ១៨៩១ ក្រោយពី​ធ្វើដំណើរ​តាម​រថភ្លើង​រយៈពេល​៣ថ្ងៃ​មក ម៉ារីយ៉ា​បានមក​ដល់​ប៉ារីស។ ពេលនោះ​គាត់​បាន​ចុះឈ្មោះ​ចូលរៀន​នៅ​សកបូន (សាកលវិទ្យាល័យប៉ារីស) ដែល​ពេលនោះ​ជា​សាលា​ដ៏​តិចតួច​ដែល​ទទួល​សិស្សស្រី​អោយ​រៀន​​ផ្នែកវិទ្យាសាស្ត្រ។ នៅលើ​សំណុំបែបបទ​ចូលរៀន គាត់​បាន​កែ​ឈ្មោះពី​«ម៉ារីយ៉ា» មក​សរសេរ​ជា «ម៉ារី» តាម​របៀប​បារាំង​វិញ។ នៅទីនោះ​គាត់​បាន​ចូលរៀន រូបវិទ្យា គីមីវិទ្យា និង​គណិតវិទ្យា។[១០] នៅប៉ារីស ម៉ារី​បាន​ស្វែករក​ជំរក​ស្នាក់នៅ​ជាមួយ​បងស្រី​​និង​បងថ្លៃ​មួយរយៈ​ខ្លី បន្ទាប់មក​នៅ​បន្ទប់​ជួល​ក្រោមដំបូលផ្ទះ​ផ្ទះល្វែងមួយ។

ម៉ារី សិក្សា​នៅពេល​ថ្ងៃ​និង​បង្រៀន​គេ​នៅពេលល្ងាច​​ដើម្បី​រក​ប្រាក់​បន្តិចបន្តួច​ចិញ្ចឹមជីវិត។ ជីវិត​គាត់​ពេលនោះ​គឺ​ខ្វះ​ប្រាក់ចាយ ម្ហូបអាហារ​ក៏​មិនសូវ​មាន​គ្រប់គ្រាន់​សំរាប់​ហូបចុក ហើយ​ពេល​ខែរងារ​​គាត់​ត្រូវយក​សំលៀកបំពាក់​ទាំងអស់​មកពាក់​ដេក​​ ដោយហេតុតែ​គ្មាន​ម៉ាស៊ីនកំដៅ រហូត​ដល់ពេល​មួយ​គាត់​ធ្លាក់​ខ្លួនឈឺ ហើយ​ត្រូវ​បងថ្លៃ​ដែលជា​ពេទ្យ​មក​ជួយ​ព្យាបាល​អោយ។ ក្រោយពី​ការតស៊ូ​ជាច្រើន​ឆ្នាំ គាត់​បាន​បញ្ចប់​បរិញ្ញា​​ផ្នែក​រូបវិទ្យា​នៅឆ្នាំ​១៨៩៣ និង​ចាប់ផ្ដើម​ធ្វើការ​នៅ​​មន្ទីរពិសោធន៍​ឧស្សាហកម្ម​។ ព្រម​ជាមួយ​គ្នានោះ គាត់​បាន​បន្ត​រៀន​នៅ​សកបូន(Sorbonne) និង​បាន​បរិញ្ញាប័ត្រ​ផ្នែក​គណិតវិទ្យា​នៅឆ្នាំ​១៨៩៤។

នៅ​ឆ្នាំ​ដដែល​នោះ ព្យែរ គុយរី​​ក៏ចូល​មកក្នុង​ឆាកជីវិត​របស់​គាត់។ ម៉ារី​​បាន​ចាប់ផ្ដើម​អាជីព​​ផ្នែកវិទ្យាសាស្ត្រ ដោយ​ធ្វើ​ការស្រាវជ្រាវ​លើ​លក្ខណៈ​​ម៉ាញ៉េទិច​របស់​ដែកថែប​ច្រើន​ប្រភេទ។ បន្ទប់​ពិសោធន៍​នៅ​សាកលវិទ្យាល័យ​​និង​នៅមន្ទីរពិសោធន៍​​ដែល​ម៉ារី​ធ្វើការ​ ខ្វះខាត​ឧបករណ៍​សំរាប់​​ធ្វើការ​ស្រាវជ្រាវ​នេះ ជាហេតុ​ធ្វើអោយ​ម៉ារី​មាន​ការលំបាកចិត្ត​យ៉ាងខ្លាំង។ ម៉ារី​បាន​រៀបរាប់​​កង្វល់​នេះ​​ទៅកាន់​មិត្តភក្តិ​ម្នាក់​​ដែល​មាន​ស្វាមី​ជា​​សាស្ត្រាចារ្យរូបវិទ្យា​ ហើយ​ស្វាមី​មិត្តភក្ដិ​​ម្នាក់នោះ​​ក៏បាន​ណែនាំ​ព្យែរ​អោយ​ម៉ារី។ ព្យែរ​ជា​គ្រូបង្រៀន​នៅ École supérieure de physique et de chimie industrielles de la ville de Paris (ESPCI) (សាលាជាន់ខ្ពស់ផ្នែករូបវិទ្យា​និងគីមីវិទ្យាឧស្សហកម្មនៃទីក្រុងប៉ារីស)។ កាលនោះ ព្យែរ​ជា​អ្នកវិទ្យាសាស្ត្រ​​គ្មានឈ្មោះ​ល្បី​​ប៉ុន្មានទេ​​នៅ​ប្រទេសបារាំង ប៉ុន្តែ​​គាត់​បាន​ទទួល​ជោគជ័យ​​ក្នុង​ការស្រាវជ្រាវ​ពី​ប៉ូលកម្ម​ឌីអេឡិចទ្រិច​​របស់​គ្រីសស្តាល់​អ៊ីយ៉ុង​​និង​អេឡិចត្រូម៉ាញ៉េទិច។ គេ​និយាយ​ថា គឺកំលាំង​ម៉ាញ៉េទិច (ដែកឆក់) ដែល​បាន​ទាញ​ពួកគេ​ទាំង២​អោយ​ជួបគ្នា។

ព្យែរ​​ជា​មនុស្ស​ដែល​​មិន​ទុកដាក់​​ការមានមុខមានមាត់​​និង​ទំនាក់ទំនង​​ជាមួយ​មនុស្ស​​នៅក្នុង​ខួរក្បាល​ទេ។ គាត់​ធ្លាប់​បដិសេដ​​មិន​ទទួល​មេដាយ​​កិត្តិយស ស៊ូទ្រាំ​ចំណាយ​ពេលវេលា​​មួយថ្ងៃៗ​​ក្នុង​បន្ទប់ពិសោធន៍​​តូចចង្អៀត ធ្វើ​ការស្រាវជ្រាវ​ដោយ​ទទួល​​ប្រាក់ខែ​​តិចតួច។ អំពី​​មនុស្សស្រី​វិញ គាត់​ធ្លាប់​បាន​សរសេរ​​ក្នុង​សៀវភៅកំណត់ហេតុ​ប្រចាំថ្ងៃ​ថា «មនុស្សស្រី​ដែល​មាន​ទេពកោសល្យ​ក្នុង​វិទ្យាសាស្ត្រ​​គឺ​កំរ​មាន​ណាស់»។ ពេល​ជួប​ម៉ារី អ្នកទាំងពីរ​​បាន​និយាយ​​គ្នា​ពី​​​បញ្ហា​វិទ្យាសាស្ត្រ​និង​​បញ្ហាសង្គម ហើយ​យល់ឃើញ​ថា​អ្នកទាំងពីរ​មាន​ចំនុច​រួមគ្នា​ជា​ច្រើន។ គេទាំង២​នាក់​ក៏​ចាប់ផ្ដើម​មានចិត្ត​លើ​គ្នា​ទៅវិញ​ទៅមក។ អ្នកទាំង២​​គោរព និង​ទុកចិត្តគ្នា​ទៅវិញ​ទៅមក។

ឆ្នាំ១៨៩៤ ពេលដែល​ម៉ារី​បាន​បរិញ្ញាប័ត្រ​​គណិតវិទ្យា ហើយ​ឆ្លៀត​ពេល​វិស្សមកាល​រដូវក្ដៅ​​ត្រលប់​ទៅលេង​វ៉ារស្សាវ៉ា​​វិញ ម៉ារី​ពិបាកចិត្ត​​មិនដឹង​គួរ​ត្រលប់​ទៅ​ប៉ារីស​វិញ​​ឬអត់។ ម៉ារី​ដែល​នៅមាន​​ក្ដីស្រមៃ​ចង់​ធ្វើការ​​ផ្នែកដែល​ខ្លួន​បាន​រៀន​នៅ​ប៉ូឡូញ​បាន ប៉ុន្តែ​ត្រូវបាន​សាកលវិទ្យាល័យក្រាកូវ​​បដិសេដ​មិនទទួល​អោយធ្វើការ ដោយសារ​តែម៉ារី​ជាស្ត្រី។ [១១] ក្នុងកំឡុងពេល​ដែល​ម៉ារី​​នៅ​រក​ការងារ​ធ្វើ​​នៅ​ប៉ូឡូញ ព្យែរ​បាន​ផ្ញើ​សំបុត្រ​​សុំ​ម៉ារី​រៀបការ​ជាច្រើន​ដង ហើយ​នៅខែ​តុលា ម៉ារី​ក៏​ត្រលប់​មក​ប៉ារីស​វិញ។​ ព្យែរ​​បាន​រៀបរាប់​​ពី​មនោសញ្ចេតនា​​ដ៏​ជ្រាលជ្រៅ​របស់​​ខ្លួន​ប្រាប់ម៉ារី ហើយ​ថា​​បើ​ទោះបី​ជាត្រូវ​​ត្រលប់​ទៅ​ប៉ូឡូញ​វិញ​​ក៏​ខ្លួន​សុខចិត្ត​តាម​ទៅដែរ។ ការស្នើសុំ​រៀបការ​នេះបាន​ជោគជ័យ ហើយ​នៅថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ១៨៩៥ ពិធីមង្គលការ​ដ៏​សមញ្ញ​មួយ​របស់​អ្នកទាំង២​បានរៀបចំ​ឡើង។ ចាប់ពី​ពេលនោះ​មក​​រូបវិទូ​ទាំង២​ធ្វើការ​ជាមួយគ្នា​​ក្នុង​​បន្ទប់ពិសោធន៍​តែមួយ។ ពួកគេ​មាន​ការកំសាន្ត​ដូចគ្នា​២​គឺ​​ដំណើរកំសាន្ត​ផ្លូវឆ្ងាយ​ដោយ​ជិះកង់​​និង​ការធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស។ ទីបំផុត​​ម៉ារីបាន​រកឃើញ​ដៃគូ​ស្នេហា​​និង​សហសេវិក​ផ្នែកវិទ្យាសាស្ត្រ​​ដែលខ្លួន​អាច​ពឹងពាក់​បាន។[១១]

ធាតុ​គីមី​ថ្មី​[កែប្រែ]

ក្នុង​ឆ្នាំ ១៨៩៦ អង់រី បិកកឺរ៉ែល បាន​រក​ឃើញ​ថា អំបិល​អ៊ុយរ៉ាញ៉ូម បញ្ចេញ​កាំរស្មី​ដែល​មាន​លក្ខណៈ​ស្រដៀង​កាំរស្មី X ដោយ​មាន​សម្មត្ថភាព​ជ្រៀត​ចូល​។ គាត់​បាន​បង្ហាញ​ថា ការ​រំសាយ​កាំរស្មី​នេះ ខុស​ពី ហ្វូស្វរ៉េសង់, មិន​អាស្រ័យ​នឹង​ប្រភព​ថាមពល​ពី​ខាង​ក្រៅ​នោះ​ទេ តែ​ទំនង​ជាកើត​​ចេញ​ពី អ៊ុយរ៉ាញ៉ូម​ខ្លួន​វា​ផ្ទាល់​តែ​ម្ដង។ តាម​ពិត​ទៅ លោកបិកកឺរ៉ែលទេដែល​បាន​រក​ឃើញ​វិទ្យុសកម្មមុនគេនោះ ។

ស្កូដូស្កា គុយរី បាន​សម្រេច​ចិត្ត​សិក្សា​លើ​កាំរស្មី​អ៊ុយរ៉ាញ៉ូម សម្រាប់​និក្ខេប​បទ​បណ្ឌិត​របស់​គាត់​។ គាត់​បាន​ប្រើ​វិធី​ដ៏​ឆ្លាត​សម្រាប់​សិក្សា​លើ​សំណាក​គំរូ។ ១៥​ឆ្នាំ​មុន ប្ដី​របស់​គាត់ និង បងប្រុសថ្លៃរបស់​គាត់​បាន​បង្កើត​អេឡិចត្រូម៉ែត្រ ដែល​ជាឧបករណ៍​សម្រាប់​វាស់​បន្ទុក​អគ្គិសនី។ ដោយ​ប្រើ អេឡិចត្រូម៉ែត្រ​របស់​គុយរី អ្នក​ស្រី​គុយរី​បាន​រក​ឃើញ​ថា កាំរស្មី​អ៊ុយរ៉ាញ៉ូម​បាន​បណ្ដាល​ឱ្យ​ខ្យល់​ជុំ​វិញ​សំណាក​គំរូ ចម្លង​ចរន្ត​អគ្គិសនី។[១២] ដោយ​ប្រើ​បច្ចេកទេស​នេះ លទ្ធផល​ដំបូង​របស់​គាត់ គឺ​ជា​របក​គំហើញ​ថា សកម្មភាព​របស់​សារធាតុ​ផ្សំ​ពី​អ៊ុយរ៉ាញ៉ូម អាស្រ័យ​តែ​នឹង​បរិមាណ​នៃ​ធាតុ​អ៊ុយរ៉ាញ៉ូម​ដែល​មាន​តែ​ប៉ុណ្ណោះ​។ គាត់​បាន​បង្ហាញ​ថា បន្សាយ​វិទ្យុ​សកម្ម មិន​មែន​កើត​មក​ពី​អន្តរកម្ម​រវាង​ម៉ូលេគុល​ខ្លះ​នោះ​ទេ តែ​ត្រូវ​តែ​ចេញ​ពី​អាតូម​ខ្លួន​វា​តែ​ម្ដង។ ក្នុង​ក្រប​ខណ្ឌ​វិទ្យាសាស្ត្រ នេះ​ជា​ស្នាដៃ​មួយ​ដ៏​សំខាន់​បំផុត​​របស់​ម៉ារី​ គុយរី ។[១៣]

ការ​សិក្សា​ជា​ប្រព័ន្ធ​របស់ ស្កូដូស្កា​ គុយរី មាន​បញ្ចូល​រ៉ែ​អ៊ុយរ៉ាញ៉ូម​ពីរ គឺ pitchblende និង torbernite (ដែល​គេ​ស្គាល់​ថាជា chalcolite ផង​ដែរ)។ អេឡិចត្រូម៉ែត្រ​របស់​គាត់ បាន​បង្ហាញ​ថា pitchblende សកម្ម​ជាង អ៊ុយរ៉ាញ៉ូម ៤ ដង ហើយ chalcolite សកម្មជាង អ៊ុយរ៉ាញ៉ូម ២ ដង។ គាត់​បាន​សន្និដ្ឋាន​ថា បើ លទ្ធផល​ដំបូង​របស់​ទាក់ទង​នឹង​បរិមាណ​អ៊ុយរ៉ាញ៉ូមធៀប​នឹង​សកម្មភាព​របស់​វា ​មាន​ភាព​ត្រឹមត្រូវ នោះ​រ៉ែ​ទាំង​ពីរ​នេះ ត្រូវ​តែ​សារធាតុ​ដទៃ​ទៀត​ក្នុង​បរិមាណ​ដ៏​តិចតួច ដែល​សកម្ម​ជាង​អ៊ុយរ៉ាញ៉ូម​។[១៤]

លោក Reid បាន​សរសេរ​ថា គំនិត​នោះ​គឺ​ជា​របស់​គាត់​ផ្ទាល់; គ្មាន​នរណា​ជួយ​គាត់​ក្នុង​ការ​បង្កើត​វា​ទេ, ហើយ​ថ្វី​បើ​គាត់​​បាន​យក​វា​ទៅ​ប្រាប់​ស្វាមី ដើម្បី​ផ្ដល់​ជា​មតិក្ដី​ តាម​ពិត​គាត់​​ជា​ម្ចាស់​នៃ​គំនិត​នោះ​ យ៉ាង​ច្បាស់​ក្រឡែត​​ទៅ​ហើយ​។ ក្រោយ​មក​ ម៉ារីយ៉ា គុយរី ​បាន​កត់​ត្រាការពិត​នោះ​ពី​ដង​ក្នុង​ជីវប្រវត្តិ​របស់​គាត់​ស្ដី​ពី​ប្ដី​របស់​គាត់ ដើម្បី​ឱ្យ​កាន់​តែ​ច្បាស់លាស់​។ មើល​ទៅ​ប្រហែល​ជា​នៅ​គ្រា​ដំបូង​នៃ​អាជីព​របស់​គាត់ គាត់​បាន​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​ភាគ​ច្រើន​មិន​ចង់​ជឿ​ថា ស្ត្រី​ម្នាក់​អាច​ធ្វើ​បាន​នូវ​អ្វី​ដែល​គាត់​ធ្វើ​បាន។[១៥]

នៅ​ក្នុង​ប្រព័ន្ធ​ស្វែង​រក​របស់​គាត់​ពី​រូបធាតុ​ថ្មី ក្រៅ​ពី​អំបិល អ៊ុយរ៉ាញ៉ូម ដែល​បញ្ចេញ​កាំ​រស្មី, ស្កូដូស្កា​ គុយរី បាន​រក​ឃើញ​ថា តូរ្យូម (thorium) ក៏​ជា​វិទ្យុសកម្ម​ផង​ដែរ។

ព្យែរ និង ម៉ារី គុយរី នៅ​ក្នុង​មន្ទីរពិសោធន៍​របស់​ពួក​គេ​នៅ​ក្រុង​ប៉ារីស មុន​ឆ្នាំ ១៩០៧

ម៉ារីយ៉ា គុយរី បាន​ដឹង​ពី​សារៈសំខាន់ នៃ​ការ​បោះពុម្ព​ផ្សាយ​ភ្លាម​ៗ នូវ​អ្វី​ដែល​គាត់​បាន​រក​ឃើញ ដូច្នេះ​ហើយ​បាន​ជា​ គាត់​ទទួល​បាន​នូវ​ការ​ទទួល​ស្គាល់​ពី​ការ​រក​ឃើញ​របស់​គាត់​។ កាល​ពី​ពីរ​ឆ្នាំ​មុន បើ បិកកឺរ៉ែល មិន​បាន​ចុះផ្សាយ​របក​គំហើញ​របស់​ខ្លួន ទៅ​កាន់បណ្ឌិតសភាវិទ្យាសាស្ត្រ (Académie des Sciences) មួយ​ថ្ងៃ​បន្ទាប់​ពី​គាត់​បាន​រកឃើញ​នូវ​វិទ្យុសកម្ម​នោះទេ នោះ ​​រង្វាន់​ណូបែល​ច្បាស់​ជា​របូត​ពី​ដៃ​គាត់ ហើយ​បាន​ទៅ​លោក​ ស៊ីលវេណឹស ថុមសិន (Silvanus Thompson) ​វិញមិន​ខាន។ ស្កូដូស្កា​ គុយរី បាន​ជ្រើសរើស​មធ្យោបាយ​បោះពុម្ព​ផ្សាយ​លឿន​ដូច​គ្នា​។ ភេបភ័រ​ របស់​គាត់ ដែល​សង្ខេប​ និង និយាយ​ពី​ស្នាដៃ​របស់​គាត់ ត្រូវ​បាន​បង្ហាញ​ទៅ​ដល់ Académie នៅថ្ងៃ ១២ មេសា ១៨៩៨ ដោយ​សារ​អតីតសាស្ត្រាចារ្យ​របស់គាត់ លោក Gabriel Lippmann[១៦]

ថ្វី​បើ​ដូច្នេះ​ក៏​ដោយ គឺ​ដូច​លោក ថុមសុន ត្រូវ​បាន​យក​ឈ្នះ​ដោយលោក បិកកឺរ៉ែល, ក៏ ស្កូដូស្កា គុយរី ត្រូវ​បាន​គេ​យក​ឈ្នះ ក្នុង​ការ​ប្រកួត​ប្រជែង​ប្រាប់​ពិភព​លោក​ថា​នរណា​រក​ឃើញ​មុន​ថា តូរ្យូម បញ្ចេញ​កាំរស្មី​ដូច​អ៊ុយរ៉ាញ៉ូម ។ កាល​ពី​ពីរ​ខែ​មុន លោក Gerhard Schmidt បាន​ចុះផ្សាយ​ពី​របក​គំហើញ​របស់​គាត់​ នៅ ប៊ែរឡាំង។[១៧]

នៅ​ពេល​នោះ, ទោះ​ជា​យ៉ាង​ណាក្ដី, គ្មាន​នរណា​ផ្សេង​ទៀត​នៅលើ​ពិភព​រូបវិទ្យា បាន​កត់សម្គាល់​ថា ស្កូដូស្កា គុយរី បាន​សរសេរ​ឃ្លា​មួយ​ក្នុង​ភេបភ័រ​របស់​គាត់ និយាយ​រៀបរាប់​​ថា​តើ​សកម្មភាព​របស់​ pitchblende និង chalcolite ខ្លាំង​ប៉ុណ្ណា​ធៀប​នឹង អ៊ុយរ៉ាញ៉ូម​នោះ​ទេ​ ៖ "ការ​ពិត​នេះ គួរ​ឱ្យ​កត់​សម្គាល់​ណាស់ ហើយ​បាន​នាំ​ឱ្យ​គេ​ជឿ​ថា រ៉ែ​ទាំង​នេះ អាច​មាន​សារធាតុ​ដែល​សកម្ម​ជាង​អ៊ុយរ៉ាញ៉ូម​ទៅ​ទៀត​។" ក្រោយ​មក គាត់​បាន​រំលឹក​​ពី​បំណង​ប្រាថ្នា​ដ៏​ខ្លាំង​ក្លា​របស់​គាត់ ក្នុង​ការ​ផ្ទៀងផ្ទាត់​សម្មតិកម្ម​នេះ ឱ្យ​បាន​លឿន​បំផុត​។[១៨]

ព្យែរ គុយរី ច្បាស់​ក្នុង​ចិត្ត​ថា អ្វី​ដែល​ម៉ារីយ៉ា​គុយរី​បាន​រក​ឃើញ មិន​មែន​ជា​ការ​ភ្លាំងភ្លាត់​នោះ​ទេ។ ដូច្នេះ គាត់​ក៏​សម្រេច​ចិត្ត​បោះបង់​ការ​ស្រាវជ្រាវ​របស់​គាត់​លើ​គ្រីស្តាល់​មួយ​រយៈ​ដើម្បី​ចូលរួម​ជា​មួយ​ម៉ារីយ៉ា គុយរី។ នៅថ្ងៃ ១៤ មេសា ១៨៩៨ ពួក​គេ​បាន​ថ្លឹងយក pitchblende ចំនួន​ ១០០ក្រាម ហើយ​យក​មក​កិន​បំបែក​​។ ពួក​គេ​នៅ​ពេល​នោះ​ មិន​បានដឹង​ថា ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​ការ​ស្វែង​រក​នោះ ​តាម​ពិត​មាន​ក្នុង​បរិមាណ​ដ៏​តិចតួច​បំផុត ដែល​ពួក​គេ​អាច​ត្រូវ​ធ្វើ​ការ​រែង​យក​ចេញ​ពី​រ៉ែ​ដល់​ទៅ​រាប់​តោន​ឯណុះ។​[១៨]

ដោយ​ពួក​គេ​មិន​បាន​ដឹង​ពី​ផលប៉ះពាល់​របស់​វិទ្យុសកម្ម ស្កូដូស្កា និង ស្វាមី​របស់​គាត់ មិន​នឹក​ដល់​ទាល់តែ​សោះ​ពី​គ្រោះថ្នាក់​ដ៏​ធំធេង​នៃ​ការ​ស្រាវជ្រាវ​នេះ​ដល់​សុខភាព​របស់​ពួក​គេ​នៅ​ពេល​ក្រោយ​មក​។[១១]

ព្យែរ, អ៊ីរ៉ែន, ម៉ារី គុយរី

ក្នុង​ខែ កក្កដា ១៨៩៨, ស្កូដូស្កា គុយរី និង ស្វាមី បាន​ចេញ​ផ្សាយ​ភែបភ័រ​មួយ​រួម​គ្នា ប្រកាស​ពី​អត្ថិភាព​នៃ​ធាតុ​មួយ ដែល​ពួក​គេ​បាន​ដាក់​ឈ្មោះ​ថា ប៉ូឡូញ៉ូម, ជា​ការ​ផ្ដល់​កិត្តិយស​ដល់​ស្រុក​កំណើត​របស់​ម៉ារីយ៉ា គុយរី ដែល​ម្ភៃ​ឆ្នាំ​ក្រោយ​មក នៅ​តែ​ឋិត​នៅ​ជា​ទឹកដី​មួយ​ដែល​មហាអំណាច​បី​បាន​បែង​ចែក​គ្នា​គ្រប់​គ្រង​។ នៅ​ថ្ងៃ ២៦ ធ្នូ ១៨៩៨, គ្រួសារ​គុយរី បាន​ប្រកាស​ពី​របក​គំហើញ​នូវ​ធាតុគីមី​ថ្មី​មួយ​ទៀត​ ដែល​ពួក​គេ​បាន​ដាក់​ឈ្មោះ​ថា រ៉ាដ្យូម ដោយ​សារ​វា​មាន​វិទ្យុសកម្ម​ខ្លាំង។ ពាក្យ រ៉ាដ្យូម​ នេះ ជា​ពាក្យ​ដែល​ពួក​គេ​បាន​បង្កើត​ឡើង។

Pitchblende ជា​រ៉ែ​ស្មុគស្មាញ។ ការ​ញែក​ធាតុ​គីមី​ របស់​ធាតុផ្សំ​របស់​រ៉ែ​នេះ ជា​ការងារ​ដ៏​លំបាក​បំផុត​មួយ​។ របក​គំហើញ​ប៉ូឡូញ៉ូម រាង​ងាយ​ស្រួល​បន្តិច; វា​មាន​លក្ខណៈ​គីមី​ស្រដៀង​ ប៊ីស្មុត, ហើយ ប៉ូឡូញ៉ូម ជាសារ​ធាតុ​តែ​មួយ​គត់ក្នុង​រ៉ែ Pitchblende ​ដែល​មាន​លក្ខណៈ​គីមី​ស្រដៀង ប៊ីស្មុត ។ តែ រ៉ាដ្យូម វិញ មាន​ភាព​លំបាក​ជាង​។ វា​មានលក្ខណៈ​គីមី​ស្រដៀងនឹង​ បារីយ៉ូម ខ្លាំង ហើយ Pitchblende មាន​រ៉ែ​ទាំង​ពីរ​នេះ​ជា​មួយ​គ្នា។ ក្នុង​ឆ្នាំ ១៨៩៨ គ្រួសារ​គុយរី បាន​រក​ឃើញ​ដាន រ៉ាដ្យូម តែ​បរិមាណ​សមរម្យ មិន​មាន​​លាយ​បារីយ៉ូម ពួក​គេ​ធ្វើ​មិន​ទាន់​បាន​ល្អ​នៅ​ឡើយ​។[១៩]

គ្រួសារ​គុយរី បាន​ធ្វើ​ការ​ចម្រាញ់​យក​អំបិល​រ៉ាដ្យូម តាម​វិធី គ្រីស្តាល់កម្ម​ឌីផេរ៉ង់ស្យែល​។ ចេញ​ពី​រ៉ែ pitchblende មួយ​តោន, មួយ​ភាគ​ដប់​ក្រាម​នៃ រ៉ាដ្យូម​ក្លរួ ត្រូវ​បាន​​ចម្រាញ់​ចេញ​មក​ ក្នុង​ឆ្នាំ ១៩០២ ។ ក្នុង​ឆ្នាំ ១៩១០ ស្កូដូស្កា គុយរី ធ្វើ​ការ​ដោយ​គ្មាន​ស្វាមី​របស់​នាង បន្ទាប់​ពី​គាត់​បាន​ស្លាប់​ដោយ​សារ​រទេះ​សេះ​​[២០] ក្នុង​ឆ្នាំ ១៩០៦​មក, បានសម្រេច​ក្នុង​ការ​​ចម្រាញ់​យក​លោហធាតុ រ៉ាដ្យូម​សុទ្ធ​។[២១]

ក្នុង​ការ​សម្រេច​ចិត្ត​មិន​ធម្មតា​មួយ ម៉ារីយ៉ា ស្កូដូស្កា គុយរី បាន​សម្រេច​ចិត្ត​មិន​ធ្វើ​បណ្ណ​កម្មសិទ្ធិ​បញ្ញា លើ ការ​ចម្រាញ់​ជាតិ​រ៉ាដ្យូម ក្នុង​គោល​បំណង​ដើម្បី​កុំ​ឱ្យ​សហគម​អ្នក​វិទ្យាសាស្ត្រ​មាន​ការ​ទើស​ទាល់​ក្នុង​ការ​ស្រាវជ្រាវ​បន្ត​។[២២]

នៅ​ឆ្នាំ ១៩០៣ ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​ អង់រី បិកកឺរ៉ែល,[២៣] ម៉ារីយ៉ា បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​វិទ្យាសាស្ត្រ​ ពី សកលវិទ្យាល័យ​ប៉ារីស។

រង្វាន់ណូបែល[កែប្រែ]

រូបថតម៉ារី គុយរី​នៅ​ឆ្នាំ​១៩១១

នៅឆ្នាំ១៩០៣ រាជបណ្ឌិតសភាវិទ្យាសាស្ត្រស៊ុយអែដ(Royal Swedish Academy of Sciences)​ បានផ្ដល់រង្វាន់ណូបែលផ្នែករូបវិទ្យា​ទៅអោយលោក​ព្យែរ គុយរី, អ្នកស្រីម៉ារី គុយរី និងលោកអង់រី បិកកឺរ៉ែល «ដោយទទួលស្គាល់ស្នាដៃដ៏វិសេសវិសាល​ក្នុងការស្រាវជ្រាវ​រួមគ្នា​ស្ដីអំពីបាតុភូតបន្សាយវិទ្យុសកម្ម​ដែលរកឃើញ​ដំបូង​ដោយលោកសាស្ត្រាចារ្យ​អង់រី បិកកឺរ៉ែល។»

ម៉ារី​និងស្វាមី​មិនអាចទៅទទួលរង្វាន់ដោយផ្ទាល់នៅទីក្រុងស្តុកហូមបានទេ។ ពួកគេបានចែករំលែកប្រាក់រង្វាន់​ជាមួយនិស្សិតនិងមិត្ត​ភក្ដិជិតដិត​ដែលត្រូវការប្រាក់។[១១]

គ្រាន់តែទទួលរង្វាន់ណូបែល​ភ្លាម ម៉ារី​និងព្យែរ​ក៏ក្លាយជាមនុស្សល្បីឈ្មោះ។ សកបូនSorbonne)​បានផ្ដល់ដំណែង​ជាសាស្ត្រាចារ្យ​(professorship)​ដល់ព្យែរ និងអនុញ្ញាតអោយព្យែរ​មានបន្ទប់ស្រាវជ្រាវផ្ទាល់ខ្លួន ដែលនៅទីនោះម៉ារីធ្វើ​ជានាយកដឹកនាំ​ការស្រាវជ្រាវ។

នៅឆ្នាំ១៨៩៧ និង ១៩០៤ ម៉ារី បានផ្ដល់កំណើតដល់កូនស្រី២រូបគឺ អ៊ីរ៉ែននិងអែវ។ គាត់បាន​ជួលហ្គាវើណេស​ជនជាតិប៉ូឡូញ​ដើម្បីជួយបង្រៀន​ភាសាប៉ូឡូញ​ដល់កូនស្រីទាំង២។ គាត់ក៏ធ្លាប់នាំកូនស្រីទៅលេងប៉ូឡូញផងដែរ។[២៤]

សញ្ញាប័ត្ររង្វាន់ណូបែលផ្នែកគីមីវិទ្យា​ឆ្នាំ១៩១១របស់ម៉ារី

ម៉ារី​ជាស្ត្រីទីមួយដែលបានទទួល​រង្វាន់ណូបែល។ ៨ឆ្នាំក្រោយមកគឺនៅឆ្នាំ១៩១១ គាត់បានទទួលរង្វាន់ណូបែលផ្នែកគីមីវិទ្យា «ដោយស្នាដៃក្នុង​ការជំរុញវិស័យគីមីវិទ្យា​តាមរយៈការរកឃើញធាតុ​គីមីថ្មី​គឺរ៉ាដ្យូមនិងប៉ូឡូញ៉ូម​ដោយការចំរាញ់រ៉ាដ្យូម និងដោយការស្រាវជ្រាវ​ពីធម្មជាតិ​និងធាតុផ្សំរបស់ធាតុគីមីនេះ។»

មួយខែក្រោយមក គាត់ត្រូវចូលពេទ្យ​ដោយសារបញ្ហាផ្លូវចិត្តនិងជំងឺតំរងនោម។

ម៉ារីជាមនុស្សទីមួយហើយ​ដែលបានទទួលរង្វាន់​ណូបែល២។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ១៩១១ បណ្ឌិតសភាវិទ្យាសាស្ត្របារាំង​ ដែលមិនព្រមបោះបង់ចោល​ការរើសអើងចំពោះស្ត្រីនោះ មិនបានជ្រើសរើសអ្នកស្រី​អោយចូលជាសមាជិកទេ។ អ្នកស្រីខ្វះ២សំលេងឆ្នោត​​ក្នុងការបោះឆ្នោតនោះ។ [២៥]

មរណភាពរបស់ព្យែរ[កែប្រែ]

នៅថ្ងៃទី១៩ មេសា ១៩០៦ ព្យែរ​បាន​បាត់បង់​ជីវីត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​។ ពេល​កំពុង​ឆ្លង​ផ្លូវ​ដូហ្វីន (Rue Dauphine)ពេល​ភ្លៀងធ្លាក់​ខ្លាំង គាត់​ត្រូវ​រទេះសេះ​បុក​ដួល​ចូល​ក្រោម​កង់ ​និង​ត្រូវ​កិន​បែក​លលាដ​ក្បាល​។​[២០]

ម៉ារី​ទទួល​រង​នូវ​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង​​ដោយ​សារ​មរណភាព​ស្វាមី​។​ នា​ពេល​នោះ​គាត់​បាន​ក្លាយ​ជា​«មនុស្ស​ដែល​ឯកោ​យ៉ាង​ខ្ទេចខ្ទំ​និង​ដែល​មិន​អាច​ព្យាបាល​បាន​»។ នៅ​ថ្ងៃ​ទី​១៣ ឧសភា ១៩០៦ ដេប៉ាតឺម៉ង់​រូបវិទ្យា​របស់​សកបូន​បាន​សំរេច​ចិត្ត​រក្សា​កៅអី​ដែល​បង្កើត​សំរាប់​ព្យែរ​ និង​ផ្ដល់​ជូន​បន្ត​អោយ​ម៉ារី រួម​ទាំង​សិទ្ធិ​អំណាច​ពេញ​លេញ​លើ​បន្ទប់​ស្រាវជ្រាវ​នោះ។ ការណ៍នេះ​បាន​ជួយ​អោយ​ម៉ារី​ចេញ​ពី​ស្រមោល​របស់​ព្យែរ​។ គាត់​បាន​ក្លាយ​ជា​សាស្ត្រាចារ្យ​ស្ត្រី​ដំបូង​គេ​នៅ​សកបូន​។​ គាត់​បាន​រក​ឃើញ​អត្ថន័យ​ជីវិត​ថ្មី​មួយ​ក្នុង​ការងារ​ដ៏​នឿយហត់​មួយ​នេះ​។​

នៅសន្និសីទ​សុលវេយលើកទីមួយ (១៩១១), ស្កូដូស្កា គុយរី (អង្គុយ, ទី២រាប់ពីស្ដាំ) ប្រឹក្សា​ជា​មួយ អង់រី ព័ងការ៉េអើណេស រូធើហ្វដ (ឈរ, ទី​៤​រាប់​ពី​ស្ដាំ); អាល់បឺត អែងស្តែង (ឈរ, ទី២រាប់ពីស្ដាំ); ប៉ូល ឡង់ហ្សឺវ៉ាំង (ឈរ, ដើម​ខាង​ស្ដាំ)

ពី​ឆ្នាំ​១៩១០​ដល់​១៩១១ ស្កូដូស្កា គុយរី​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​រូបវិទូ ប៉ូល ឡង់ហ្សឺវ៉ាំង (Paul Langevin) ដែល​ជា​អតីត​កូន​សិស្ស​របស់​ព្យែរ​។ ម៉ារី​មាន​អាយុ​ច្រើន​ជាង​ប៉ូល​៥​ឆ្នាំ​។​ ប៉ូល​ជា​បុរស​រៀបការ​ហើយ តែ​រស់​នៅ​បែក​ពី​ភរិយា​។ រឿង​នេះ​បែក​ការ​នៅ​ឆ្នាំ​១៩១១​ ពេល​ដែល​គូ​ប្រជែង​ផ្នែក​សិក្សា​បាន​យក​រឿង​នេះ​ទៅ​ផ្សព្វផ្យាយ​ជា​រឿង​អាស្រូវ​នៅ​លើ​សារព័ត៌មាន។[២៦] ទោះ​បី​ជា​គាត់​មាន​កិត្តិយស​ជា​អ្នក​វិទ្យាសាស្ត្រ​ដែល​បំរើការ​ដល់​បារាំង​ក៏​ដោយ ទស្សនៈ​របស់​សាធារណជន​មាន​ទំនោរ​ទៅ​រក «សញ្ចេតនា​រើស​អើង​ជន​បរទេស» (xenophobia) និង​បាន​រាល​ដាល​ដល់​ការ​ប៉ាន់​ប្រមាណ​ទាំង​ខុស​ឆ្គង​ថា​ម៉ារី​ជាជន​ជាតិ​ជ្វីហ្វ។ ទំព័រ​កាសែត​បាន​លើក​ឡើង​ពី​ម៉ារី​យ៉ាង​គគ្រឹក​គគ្រើង​ដោយ​បាន​ចោទ​អ្នក​ស្រីថា​ជា​អ្នក​បំបែកបំបាក់​គ្រួសារ​គេ​។​[២៧] គ្មាន​នរណា​ទាយ​ដឹង​ថា​នា​ពេល​ក្រោយ​មក​ទៀត​ ចៅ​ស្រី​របស់​ម៉ារី​ឈ្មោះ​អេឡែន ហ្សូល្យុតបាន​រៀបការ​ជា​មួយ​ចៅ​ប្រុស​របស់​ឡង់ហ្សឺវ៉ាំង​ឈ្មោះ​មីសែលឡង់ហ្សឺវ៉ាំង​ទេ​។​

រង្វាន់​ណូបែល​លើក​ទី​២​របស់​ម៉ារី បាន​ធ្វើ​អោយ​អ្នក​ស្រី​មាន​សិទ្ធិ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​បារាំង​​អោយ​ផ្ដល់​ថវិកា​ក្នុង​ការ​កសាង​វិទ្យាស្ថាន​រ៉ាដ្យូម​ឯកជន​មួយ​ឈ្មោះ Institut du radium (សព្វថ្ងៃ​ជា​ Institut Curie(វិទ្យាស្ថាន​គុយរី))នៅ​ឆ្នាំ​១៩១៤​។​ វិទ្យាស្ថាន​នេះ​ដឹកនាំ​ការ​ស្រាវជ្រាវ​ផ្នែក​គីមី​វិទ្យា​ រូបវិទ្យា និង វេជ្ជសាស្ត្រ​។​ វិទ្យាស្ថាន​នេះ​ជា​ថ្នាល​បណ្ដុះ​ជ័យ​លាភី​រង្វាន់​ណូបែល​៤​រូប​ទៀត​ ដែល​ក្នុង​នោះ​ក៏​មាន​កូនស្រី​របស់​គាត់​គឺ​អ៊ីរ៉ែន ហ្សូល្យុត គុយរី និង​កូន​ប្រសារ​ប្រុស​ ហ្វ្រេដេរីក ហ្សូល្យុត គុយរី​។​

ពេលសង្គ្រាមលោកលើកទី១[កែប្រែ]

ម៉ារី​នៅក្នុងយានជំនិះថតកាំរស្មីXចល័ត

ក្នុងកំឡុងសង្គ្រាមលោកលើកទី១ ម៉ារីបានជំរុញអោយ​ប្រើ​យានជំនិះថតកាំរស្មីXចល័ត (ដែលគេស្គាល់ជា petites Curies «គុយរីតូច») សំរាប់ប្រើក្នុងការព្យាបាលទាហានមានរបួស។ ឧបករណ៍នេះ​ប្រើបំពង់ «សំនាយរ៉ាដ្យូម» (ក្រោយមកគេស្គាល់ថាជារ៉ាដុង) ដែលបាញ់ឧស្ម័នវិទ្យុសកម្មគ្មានពណ៌​ដែលបញ្ចេញដោយរ៉ាដ្យូម។ ម៉ារី​បានចែករំលែក​ធាតុរ៉ាដ្យូមដែល​ខ្លួនបានបន្សុទ្ធ សំរាប់យកប្រើក្នុងបំពង់នេះ។ បន្ទាប់ពីសង្គ្រាមផ្ទុះឡើងភ្លាម គាត់ក៏បានឧបត្ថម្ភ​មេដាយមាសរង្វាន់ណូបែល​របស់ខ្លួននិងស្វាមី​ទាំងអស់​សំរាប់បុព្វហេតុសង្គ្រាម។ គាត់ក៏ជាសមាជិកសកម្មរបស់​គណកម្មាធិការ​ជនជាតិប៉ូឡូញនៅបារាំង (Polish Polonia in France)សំរាប់បុព្វហេតុជនជាតិប៉ូឡូញ។[២៨]

ពេលក្រោយសង្គ្រាម[កែប្រែ]

ក្នុង​ឆ្នាំ ១៩២១ ស្កូដូស្កា គុយរី បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​អធិកអធម នៅ​ពេល​ដែល​លអ្នក​ស្រីធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋអាមេរិក ដើម្បី​តម្កើង​មូលនិធិ​ក្នុង​ការ​ស្រាវជ្រាវ​ទៅ​លើ​រ៉ាដ្យូម ។ ការ​ឃ្លាត​ឆ្ងាយ​ពី​កិច្ច​ការ​វិទ្យាសាស្ត្រ​នេះ និង​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ជា​ច្រើន​លើក បណ្ដាល​ឲ្យ​អ្នកស្រី​ហេវហត់​ទាំងកម្លាំង និង​ស្មារតី​ជាខ្លាំង ប៉ុន្តែ​វា​បាន​ផ្ដល់​ឲ្យគាត់​នូវ​ធនធានជា​ច្រើន​ដែល​សុទ្ធ​ជា​តម្រូវការ​សម្រាប់​ការងារ​របស់​អ្នក​ស្រី ។ ដំនើរ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋអាមេរិក​ជា​លើក​ទីពីរ​នៅ​ឆ្នាំ​១៩២៥ ធ្វើ​ឲ្យ​អ្នកស្រី​ទទួល​បាន​ជោគ​ជ័យ​ម្ដង​ទៀត និង​ទទួល​បាន​ការ​ផ្គត់ផ្គង​គ្រឿង​បរិក្ខារ​សម្រាប់​វិទ្យស្ថានរ៉ាដ្យូម​វារស្វ ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩២៥ ជាមួយ​បងស្រី ប្រូនីសាវ៉ា ជា​នាយក ។

ក្នុងមជ្ឈិមវ័យ ស្កូដូស្កា គុយរី​បានដឹកនាំវិទ្យាស្ថានប៉ាស្ទ័រ​និងមន្ទីរពិសោធន៍វិទ្យុសកម្មមួយ​ដែល​សាកលវិទ្យាល័យប៉ារីស​បានស្ថាបនា​ដើម្បីអ្នកស្រី។

មរណភាព[កែប្រែ]

រូបសំណាកឆ្នាំ១៩៣៥, ទល់មុខវិទ្យាស្ថានរ៉ាដ្យូម​នៅវ៉ាស្សារវ៉ា

ស្កូដូស្កា គុយរីធ្វើទស្សនកិច្ចទៅប៉ូឡូញ​ជាលើកចុងក្រោយ​នៅនិទាឃរដូវឆ្នាំ១៩៣៤។[១១] ៣ខែក្រោយមកគឺនៅថ្ងៃទី៤ កក្កដា ១៩៣៤ គាត់បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យសង់សែលឺម៉ូ(Sancellemoz Sanatorium) ក្នុងស្រុកប៉ាស់ស៊ី ខេត្តអូតសាវ័រ ( Passy, in Haute-Savoie) នៅភាគខាងកើតប្រទេសបារាំង ដោយសារជំងឺខ្វះគ្រាប់ឈាមក្រហម(aplastic anemia) ដែលបណ្ដាលមកពីត្រូវកាំរស្មីវិទ្យុសកម្មច្រើនពេក។[២៩] នាពេលនោះ​គេមិនបានដឹងពីផលប៉ះពាល់​របស់កាំរស្មីវិទ្យុសកម្មទេ។ ការងារពិសោធន៍របស់គាត់​ធ្វើឡើង​ដោយគ្មានវិធានការការពារសុវត្ថិភាព​បានត្រឹមត្រូវ។ គាត់ដាក់បំពង់ពិសោធន៍ដែលមាន​អ៊ីសូតូបវិទ្យុសកម្ម​នៅតាម​ហោប៉ៅ និងរក្សាធាតុទាំងនោះ​ក្នុងថតតុរបស់គាត់ និងសប្បាយនឹងមើល​ពន្លឺភ្លើងពណ៌បៃតងខៀវ​ដែលសារធាតុទាំងនោះបញ្ចេញនៅពេលងងឹត។[៣០]

គាត់ត្រូវគេបញ្ចុះ​នៅឈាបនដ្ឋាន​នៅស្រុកសូ ខេត្តអូដឺសែន (Sceaux, Hauts-de-Seine) នៅក្បែរស្វាមី។ ៦០ឆ្នាំក្រោយមកគឺនៅឆ្នាំ១៩៩៥ ដើម្បីជាកិត្តិយសដល់ស្នាដៃរបស់អ្នកទាំង២ គេក៏បានរើផ្នូររបស់អ្នកទាំង២​ទៅ វិមានប៉ង់តេអុង (Panthéon) នៅប៉ារីសវិញ។

បន្ទប់ស្រាវជ្រាវរបស់គាត់​ត្រូវគេរក្សាទុក​ជា សារមន្ទីរគុយរី

សៀវភៅនិង​សារណារបស់គាត់តាំងពីឆ្នាំ១៨៩០​ត្រូវគេចាត់ទុកថា​មានគ្រោះថ្នាក់ខ្លាំង​មិនអាចប៉ះពាល់​បាន ដោយសារតែវាមានជាតិវិទ្យុសកម្មខ្លាំងពេក។ គេរក្សាទុកសៀវភៅទាំងនោះ​ក្នុងប្រអប់សំណ ហើយអ្នកដែលចង់​បើកមើលវា​ត្រូវតែពាក់សំលៀកបំពាក់​ដែលការពារជាតិវិទ្យុសកម្ម។[៣១]

ស្នាដៃ[កែប្រែ]

រូប​សំណាក, សកលវិទ្យាល័យ ម៉ារីយ៉ា ស្កូដូស្កា, លូប៊្លីន, ប៉ូឡូញ

ទិដ្ឋភាព​រូបវិទ្យា និង សង្គមវិទ្យា​នៃ​ស្នាដៃ​របស់​គ្រួសារ​គុយរី បាន​ផ្ដល់​វិភាគទាន​យ៉ាង​សំខាន់​ដល់​ការ​កែទម្រង់​ពិភពលោក​នា​សតវត្សរ៍​ទី​២០ និង ទី ២១។ លោក​សាស្ត្រាចារ្យប្រចាំ​សកលវិទ្យាល័យ Cornell, L. Pearce Williams, បាន​សង្កេត​ឃើញ​ថា ៖

លទ្ធផល​ការងារ​របស់ គ្រួសារ​គុយរី ជា​ស្នាដៃ​ប្រចាំ​យុគសម័យ​មួយ​។ វិទ្យុសកម្ម​របស់​រ៉ាដ្យូម វា​សំបើម​ណាស់ រហូត​ដល់​គេ​មិន​អាច​បំភ្លេច​ចោល​បាន​។ វា​ទំនង​ជា​ផ្ទុយ​នឹង​គោលការណ៍​រក្សា​ថាមពល ហើយ​ដូច្នេះ បាន​ធ្វើ​ឱ្យ​គេ​ពិចារណា​មូលដ្ឋាន​គ្រឹះ​នៃ​រូបវិទ្យា​ឡើង​វិញ​។ នៅ​លើ​កម្រិត​នៃ​ពិសោធន៍ របក​គំហើញ​រ៉ាដ្យូម បាន​ផ្ដល់​ដល់​បុរស​ដូច​ជា​លោក អឺណេស រូធើហ្វដ(Ernest Rutherford) នូវ​ប្រភព​វិទ្យុសកម្ម​ ដែល​គាត់​អាច​យក​ទៅ​ប្រើ​ដើម្បី​សិក្សា​ទម្រង់​អាតូម​បាន​។ លទ្ធផល​​ពិសោធន៍​របស់​ រូធើហ្វដ ក្រោម កាំរស្មីអាល់ហ្វា, អាតូម​នុយក្លេអ៊ែរ ត្រូវ​បាន​គេ​ស្នើ​ឡើង​ជា​លើក​ដំបូង​។ ក្នុង​វិស័យ​វេជ្ជសាស្ត្រ វិទ្យុសកម្ម​របស់​រ៉ាដ្យូម អាច​ឱ្យ​គេ​ប្រើ​ប្រាស់​ជា​មធ្យោបាយ​កំចាត់​ដំបៅ​មហារីក​បាន។[២១]

បើ​ស្នាដៃ​របស់​ម៉ារីយ៉ា ស្កូដូស្កា គុយរី​ បាន​ធ្វើ​ឱ្យ​ក្រឡាប់ចាក់​ពិភព​គីមី​វិទ្យា និង រូប​វិទ្យា នោះ វា​ក៏​មាន​ផល​ប៉ះពាល់​យ៉ាង​ស៊ីជម្រៅ​ដល់​សង្គម​វិទ្យា​ផង​ដែរ​។ ដើម្បី​សម្រេច​បាន​ស្នាដៃ​វិទ្យាសាស្ត្រ​ដ៏​សំបើម​ទាំង​នេះ អ្នក​ស្រី​បាន​ជម្នះ​​ឧបសគ្គ​នៅ​លើ​វិថី ព្រោះ​គាត់​ជា​ស្ត្រី, ទាំងនៅ​ក្នុង​ប្រទេស​កំណើត និង ប្រទេស​ទី​ពីរ​។ ទិដ្ឋភាព​បែប​នេះ​នៃ​ជីវិត និង អាជីព​របស់​គាត់ ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​សៀវភៅ​ Marie Curie: A Life (ម៉ារី គុយរី៖ ឆាកជីវិតមួយ) សរសេរដោយ ហ្វ្រង់ស្វ័រ ហ្គីរ៉ូ (Françoise Giroud) , ដែល​បាន​បញ្ជាក់​អំពី​តួនាទី​របស់ ស្កូដូស្កា ក្នុង​ការ​លើក​តម្កើង​តួនាទីស្ត្រី​ភេទ។ អ្នក​ស្រី​ជា​មនុស្ស​នាំ​មុខ​គេ ឯករាជ្យ ម្ចាស់​ការ និង ជា​ពិសេស​ មិន​ចេះ​ឈ្លក់​វង្វេង​នឹង​កិត្តិយស​ដ៏​សំបើម​ដែល​ខ្លួន​បាន​ទទួល​។ គេ​បាន​ឱ្យ​ដឹង​ថា អាល់បឺត អែងស្តែង បាន​កត់សម្គាល់​ថា ម៉ារីយ៉ា គុយរី ប្រហែល​ជា​មនុស្ស​តែ​ម្នាក់​គត់​ ដែល​មិន​ឈ្លក់​វង្វេង​នឹង​កិត្តិយស​ដែល​ខ្លួន​បាន​ទទួល​។[៣២]

រង្វាន់[កែប្រែ]

ម៉ារី ស្កូដូស្កា គុយរី ជាស្ត្រីទីមួយដែលបានទទួលរង្វាន់ណូបែល និងជាមនុស្សទីមួយដែលបានទទួលរង្វាន់ណូបែលពីរដង។

ជីវិតរបស់អ្នកវិទ្យាសាស្ត្រមិនសុទ្ធតែឆើតឆាយទេ។ គ្រួសារគុយរីធ្លាប់មានគេរាយការណ៍​ថាបានប្រើប្រាស់​ប្រាក់រង្វាន់ដើម្បី​យកមកដូវក្រដាស់បិទជញ្ជាំង​ក្នុងផ្ទះនៅប៉ារីស និងដើម្បីទិញបរិក្ខារទំនើបសំរាប់ប្រើប្រាស់ក្នុងបន្ទប់ទឹក។ [៣៣]

កិត្តិយស[កែប្រែ]

  • អ្នក​ស្រី​ គុយរី ត្រូវ​បាន​បំពាក់​គ្រឿង​ឥស្សរិយយស légion d'honneur របស់​បារាំង​។ នៅ​ប៉ូឡូញ អ្នក​ស្រី​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ពី Lwów Polytechnic (1912), Poznań University (1922), Kraków's Jagiellonian University (1924), និង Warsaw Polytechnic (1926)។
  • កូន​ស្រី​ច្បង​របស់​គាត់, អ៊ីរ៉ែន ហ្សូល្យុត គុយរី, បាន​ទទួល​រង្វាន់​ណូបែល​នៅ​ឆ្នាំ ១៩៣៥ ដោយ​សារ​បាន​រក​ឃើញ​ថា អាលុយមីញ៉ូម​អាច​ធ្វើ​ឱ្យ​ទៅ​ជា​ធាតុ​វិទ្យុសកម្ម និង បញ្ចេញណឺត្រុង នៅ​ពេល​បុក​នឹង កាំរស្មីអាល់ហ្វា។ កូន​ស្រី​ពៅ​របស់​អ្នក​ស្រី​គុយរី, អែវ គុយរី ក្រោយ​មក​បាន​សរសេរ​ជីវប្រវត្តិ​របស់​ម្ដាយ​ខ្លួន​។
  • Michalina Mościcka, ភរិយា​របស់​ប្រធានាធិបតី​ប៉ូឡូញ Ignacy Mościcki, បាន​សម្ពោធ​រូប​សំណាក ម៉ារី គុយរី ក្នុង​ឆ្នាំ ១៩៣៥ ដែល​តាំង​នៅ​ពី​មុខ​វិទ្យាស្ដាន​រ៉ាដ្យូមវ៉ារស្សាវ៉ា ​ ដែល​វិទ្យាស្ថាន​នោះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ ម៉ារី គុយរី។ ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍, ក្នុង​អំលុង​ពេល​បះបោរវ៉ារស្សាវ៉ា ឆ្នាំ ១៩៤៤, រូប​សំណាក​នោះ ត្រូវ​បាន​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​គ្រាប់​កាំភ្លើង​។ ក្រោយ​សង្គ្រាម, នៅ​ពេល​ដែលគេ​ចាប់​ផ្ដើម​ធ្វើ​ការ​​ជួសជុល, គេ​បាន​សម្រេច​ចិត្ត​រក្សា​ស្លាកស្នាម​គ្រាប់​កាំភ្លើង​នៅ​លើ​រូប​សំណាក​ដដែល​។[១១]
  • ក្នុង​ឆ្នាំ ១៩៦៧, សារមន្ទីរ​មួយ​ឧទ្ទិស​ដល់​ ស្កូដូស្កា គុយរី ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ New Town នៃ​ក្រុង​វ៉ារស្សាវ៉ា, នៅ​ស្រុក​កំណើត​របស់​អ្នក​ស្រី​នៅ​ផ្លូវ ulica Freta[១១]
  • ឆ្នាំ ២០១១ ត្រូវ​បាន​ប្រកាស​ដោយ​បារាំង និង ប៉ូឡូញ ថា​ជា​ឆ្នាំ ម៉ារី គុយរី ។ "Madame Curie," ដែល​តាំង​បង្ហាញ​នៅ​ហ្កាឡឺរី ហ្សាកូប ក្នុង​នៅ​សារមន្ទីរសិល្បៈ​សហសម័យ, ជា​ពិព័រណ៍​សិល្បៈ​មួយ​ដើម្បី​អបអរ​ដល់​អ្នក​វិទ្យាសាស្ត្រ​រូប​នេះ​។[៣៤]
  • ក្នុង​នាម​ជា​អ្នក​វិទ្យាសាស្ត្រ​ស្ត្រី​ល្បី​បំផុត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ម៉ារី គុយរី ជា​និមិត្តរូប​មួយ​ក្នុង​ពិភព​វិទ្យាសាស្ត្រ​ ហើយ​ ទទួល​បាន​នូវ​ការ​គោរព និង យក​គំរូ​តាម​ជា​ច្រើន​។
  • ក្នុង​ឆ្នាំ ១៩៩៥ អ្នក​ស្រី​ក្លាយ​ជា​ស្ត្រី​ទី​មួយ ដែល​ទទួល​បាន​កិត្តិយស​ត្រូវ​បានបញ្ចុះ​សព​ ក្នុង​វិមានប៉ង់តេអុងនៅប៉ារីស ដោយ​ស្នាដៃ​របស់​ខ្លួន​ផ្ទាល់, រួម​ជា​មួយ​នឹង​សព​ស្វាមី​របស់​អ្នក​ស្រី លោកសាស្ត្រាចារ្យ ព្យែរ គុយរី
  • ឯកតា​វិទ្យុសកម្ម គុយរី (តាងដោយ Ci) ជា​ឈ្មោះ​ដែល​គេ​ផ្ដល់​កិត្តិយស​ដល់​អ្នក​ស្រី និង ស្វាមី[៣៥][៣៦] និង ជា​ឈ្មោះ​សម្រាប់​ធាតុ​គីមី​មាន​ចំនួន​អាតូមិច ៩៦ – គុយរីយ៉ូម
  • រ៉ែ​វិទ្យុសកម្ម​បី ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​គ្រួសារ​គុយរី ៖ គុយរីត (curite), ស្កូដូស្គីត (sklodowskite), និង គុយប្រូស្កូដូស្គីត (cuprosklodowskite)។
  • រូប ស្កូដូស្កា គុយរី ត្រូវ​បាន​គេ​បោះពុម្ព​នៅ​លើ​ក្រដាសប្រាក់ ២០ ០០០​ ស្លូទី របស់​ប៉ូឡូញ​ក្នុង​ទសវត្សរ៍ ឆ្នាំ ១៩៨០។ គេ​ឃើញ​រូប​របស់​គាត់​នៅ​លើ​តែម និង លុយ​កាក់ ព្រម​ទាំង​ក្រដាស​ប្រាក់ ៥០០ ហ្វ្រង់​របស់​បារាំង​ផង​ដែរ​។
  • ក្នុង​ការ​ស្ទង់​មតិ​មួយ​នា​ឆ្នាំ ២០០៩ ដែល​ធ្វើ​ឡើង​ដោយ New Scientist, ម៉ារី គុយរី ត្រូវ​បាន​គេ​បោះឆ្នោត​ជា the most inspirational woman in science"។ គុយរី ទទួល​បាន​សំឡេង​ឆ្នោត ២៥,១ ភាគ​រយ ដែល​ច្រើន​ជាង អ្នក​ជាប់​លេខ​២ Rosalind Franklin ជិត​ពីរ​ដង (១៤,២ ភាគ​រយ)។[៣៧][៣៨]
  • វិទ្យាស្ថាន​ប៉ូឡូញ ដែល​ដាក់​ឈ្មោះ​តាម ម៉ារី គុយរី មាន ៖
តែម​សំបុត្រ​របស់​សូវៀត
  • វិទ្យាស្ថាន​ផោដវិជ្ជា(មហារីក) ម៉ារីយ៉ា ស្កូដូស្កា គុយរី នៅ វ៉ាសូវី (វ៉ារសាវ៉ា បើ អាន​តាម​ប៉ូឡូញ)
  • វិទ្យាស្ថាន​បារាំង ដែល​ដាក់​ឈ្មោះ​តាម ម៉ារី គុយរី មាន ៖
  • សកលវិទ្យាល័យ ព្យែរ និង ម៉ារី គុយរី, សកលវិទ្យាល័យ​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង វេជ្ជសាស្ត្រ ធំ​បំផុត​នៅ​ប្រទេស​បារាំង និង ជា​អ្នក​បន្ត​ពី​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​នៃ​សកល​វិទ្យា​ប៉ារីស កន្លែង​ដែល​ម៉ារី គុយរី បង្រៀន​។ សកលវិទ្យាល័យ​នេះ ជា​មន្ទីរ​ពិសោធន៍ ដែល​គូស្វាមី​នេះ បាន​រក​ឃើញ រ៉ាដ្យូម​។
  • វិទ្យាស្ថាន​គុយរី និង សារមន្ទីរ គុយរី នៅ​ប៉ារីស
  • ក្នុង​ឆ្នាំ ២០០៧ ស្ថានីយ​មេត្រូ ព្យែរ​គុយរី ត្រូវ​បាន​ប្កូរ​មក​ជា ស្ថានីយ ព្យែរ និង ម៉ារី គុយរី
  • វិទ្យាស្ថានអាមេរិចកាំង​ ដែល​ដាក់​ឈ្មោះ​តាម ម៉ារី គុយរី មាន ៖
មេដៃយ៉ុង ម៉ារី ស្កូដូស្កា គុយរី, សកលវិទ្យាល័យនៅ​ បាហ្វហ្វេឡូ
  • សហគម គុយរី នៅសាលា​វេជ្ជសាស្ត្រ Loyola University Stritch School, នៅ ឈីកាកូ, ដែល​សាល​ធំ​របស់​កូនសិស្ស​សម្រាប់​ធ្វើ​ពិធី​រំលឹក នៅ​សកលវិទ្យាល័យ
  • នៅ Bayside, Queens, ញូវយ៉ក, មាន​សាលា​មួយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា Marie Curie Middle School 158, មាន​ឯកទេស​ខាង​វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា; ហើយ សាលា Curie Metropolitan High School – ឋិត​នៅ Archer Heights, Chicago, នៅ Southwest Side, Chicago – ដែល​មាន​កម្មវិធី បច្ចេកទេស ការ​សំដែល​សិល្បៈ និង បាក់អន្តរជាតិ​។
  • មេដៃយ៉ុង ម៉ារី ស្កូដូស្កា គុយរី ដែល​ជា​ផ្ទាំង​កញ្ចក់​ពណ៌​មួយ ដែល​បង្កើត​ដោយ Jozef C. Mazur ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​ បន្ទប់ ប៉ូឡូញ​ របស់ សកលវិទ្យាល័យ​នៅ បាហ្វហ្វេឡូ។
  • Greer Garson និង Walter Pidgeon ដើរ​តួ​ក្នុង​ខ្សែភាពយន្តអាមេរិច ជាប់​បេក្ខភាព​រង្វាន់​អូស្ការ ឆ្នាំ ១៩៤៣, រឿង Madame Curie, ដែល​ថត​ឡើង​ដោយ​ផ្អែក​លើ​ជីវិត​ពិត​របស់​អ្នក​ស្រី​។ "Marie Curie" ក៏​ជា​ឈ្មោះ​តួ​ក្នុង​រឿង​កំប្លែង ឆ្នាំ ១៩៨៨ ផងដែរ គឺ រឿង Young Einstein, ផលិត​ដោយ Yahoo Serious។
  • ថ្មីៗ​នេះ ក្នុង​ឆ្នាំ ១៩៩៧ ភាព​យន្ត​បារាំង​ស្ដី​អំពី ព្យែរ និង ម៉ារី​ គុយរី រឿង Les Palmes de M. Schutz ត្រូវ​បាន​គេ​ដាក់​បញ្ចាំង​។ ខ្សែ​ភាព​យន្ត​ត្រូវ​បាន​គេ​ថត​ដោយ​លំនាំ​តាម​រឿង​ល្ខោន​ ដែល​មាន​ចំណងជើង​ដូច​គ្នា​។ ក្នុង​ខ្សែ​ភាព​យន្ត​នេះ ម៉ារី គុយរី ត្រូវ​បាន​ដើ់រ​តួ​ដោយ Isabelle Huppert ។ ខុស​ពីខ្សែ​ភាព​យន្ត​ឆ្នាំ ១៩៤៣, Les Palmes de M. Shutz មាន​លក្ខណៈ​កំប្លែង​បន្តិច​។
  • យន្តហោះ McDonnell Douglas MD-11 របស់​ក្រុមហ៊ុន KLM (ចុះ​បញ្ជី​ឈ្មោះ PH-KCC) បាន​ចារ​ឈ្មោះ ម៉ារីយ៉ា គុយរី នៅ​លើ​ក្បាល​យន្តហោះ ដើម្បី​ជា​ការផ្ដល់​កិត្តិយស​ដល់​អ្នក​ស្រី​។[៣៩]

កំណត់សំគាល់[កែប្រែ]

  1. "ប្រវត្តិរួបជ័យលាភីរង្វាន់ណូបែល"http://nobelprize.org/nobel_prizes/nobelprize_facts.html។ បានយកមក 26 November 2008 
  2. Robert Reid, Marie Curie (ម៉ារី គុយរី), p. 184.
  3. ប៉ូឡូញ​ត្រូវបានចែកជាចំរៀកនៅសតវត្សរ៍ទី១៨ រវាង​រុស្ស៊ី ព្រុស្ស៊ី និង អូទ្រីស។ ក្ដីសង្ឃឹម​របស់ស្កូដូស្កា គុយរី​ក្នុងការដាក់ឈ្នោះ​អោយធាតុគីមី​តាមឈ្មោះ​មាតុប្រទេស​របស់ខ្លួននោះ គឺចង់ទាញចំណាប់អារម្មណ៍របស់​ពិភពលោក​មកកាន់​ប្រទេស​ដែលស្រេកឃ្លាន​ឯករាជ្យភាព​មួយនេះ។ ប៉ូឡូញ៉ូម​ជាធាតុគីមី​ដំបូងគេ​ដែលត្រូវបាន​ដាក់ឈ្មោះដើម្បីហេតុផល​នយោបាយ។ K. Kabzińska, "Chemical and Polish Aspects of Polonium and Radium Discovery" (មើលរបកគំឃើញប៉ូឡូញ៉ូមនិងរ៉ាដ្យូមតាមរបស់គីមីវិទ្យានិងតាមទស្សនៈជនជាតិប៉ូឡូញ), Przemysł chemiczny (ឧស្សាហកម្មគីមី), vol. 77, 1998, pp. 104–7.
  4. Henryk Zieliński, Historia Polski 1914–1939 (ប្រវត្តិសាស្ត្រប៉ូឡូញ៖ ១៩១៤–៣៩), Ossolineum, 1983, p. 83.
  5. Robert Reid, Marie Curie(ម៉ារី គុយរី), p. 12.
  6. ៦,០ ៦,១ Eve Curie, Marie Curie(ម៉ារី គុយរី).
  7. Reid, Robert William (1974)។ Marie Curie។ London: Collins។ ទំ. 19។ ល.ស.ប.អ. 0-00-211539-5  "Unusually at such an early age, she became what T.H. Huxley had just invented a word for: agnostic."
  8. Robert Reid, Marie Curie (ម៉ារី គុយរី), pp. 23–24.
  9. Robert Reid, Marie Curie (ម៉ារី គុយរី), p. 24.
  10. Robert Reid, Marie Curie (ម៉ារី គុយរី), p. 32.
  11. ១១,០ ១១,១ ១១,២ ១១,៣ ១១,៤ ១១,៥ ១១,៦ Wierzewski, p. 17.
  12. ម៉ារី គុយរី និង វិទ្យាសាស្ត្រ​នៃ​វិទ្យុសកម្មhttp://www.aip.org/history/curie/resbr1.htm 
  13. Robert Reid, ម៉ារី គុយរី, pp. 61–63.
  14. Robert Reid, ម៉ារី គុយរី, pp. 63–64.
  15. Robert Reid, Marie Curie, p. 64.
  16. Robert Reid, Marie Curie, pp. 64–65.
  17. Robert Reid, ម៉ារីយ៉ា គុយរី, p. 65. In fact, such multiple, independent discoveries appear to be the rule in science and technology; see List of independent discoveries.
  18. ១៨,០ ១៨,១ Robert Reid, Marie Curie, p. 65.
  19. L. Pearce Williams, pp. 331–32.
  20. ២០,០ ២០,១ "លោក​សាស្ត្រាចារ្យ គុយរី បាន​ស្លាប់​នៅ​តាម​ដង​ផ្លូវ​" (PDF), The New York Times, ២០ មេសា ១៩០៦, http://query.nytimes.com/gst/abstract.html?res=9402E4DC1438EF32A25753C2A9629C946797D6CF, បានយកមក 8 February 2011 
  21. ២១,០ ២១,១ L. Pearce Williams, p. 332.
  22. Robert Reid, ម៉ារីយ៉ា គុយរី, p. 265.
  23. Mould, R. F. (1998)។ "របក​គំហើញ​ធាតុ រ៉ាដ្យូម ក្នុង​ឆ្នាំ ១៨៩៨ ដោយ ម៉ារីយ៉ា ស្កូដូស្កា គុយរី (1867-1934) និង ព្យែរ គុយរី (1867-1906) រួម​នឹង​បទ​អត្ថាធិប្បាយ​ពី​ជីវិត​និង​ពេលវេលា​របស់​ពួក​គេ (The discovery of radium in 1898 by Maria Sklodowska-Curie (1867–1934) and Pierre Curie (1859–1906) with commentary on their life and times)" (PDF)។ The British Journal of Radiology 71 (852): 1229–1254។ អ.ស.ផ.ម. 10318996http://bjr.birjournals.org/cgi/reprint/71/852/1229.pdf។ បានយកមក 31 July 2008 
  24. Barbara Goldsmith, Obsessive Genius, p. 149.
  25. Barbara Goldsmith, Obsessive Genius, pp. 170–71.
  26. Robert Reid, Marie Curie (ម៉ារី គុយរី), pp. 44, 90.
  27. Barbara Goldsmith, Obsessive Genius, pp. 165–76.
  28. Emigracja polska we Francji 1871–1918, page 274 Wiesław Śladkowski, 1980
  29. Rollyson, Carl (2004). Marie Curie: Honesty In Science (ម៉ារី គុយរី ៖ ភក្ដីភាពក្នុងវិទ្យាសាស្ត្រ). iUniverse, prologue, x. ISBN 0595340598
  30. Blom, Philipp (2008)។ "1903: A Strange Luminescence"The Vertigo Years: Europe, 1900–1914។ Basic Books។ ទំ. 76http://books.google.com/books?id=-3G9gMNCpowC&pg=PA76&dq=%22The+glowing+tubes+looked+like+faint,+fairy+lights.%22&hl=en&ei=-UQATfz7HMTflgekvdzACA&sa=X&oi=book_result&ct=result&resnum=1&ved=0CC4Q6AEwAA#v=onepage&q=%22The%20glowing%20tubes%20looked%20like%20faint%2C%20fairy%20lights.%22&f=false។ បានយកមក 8 December 2010។ "The glowing tubes looked like faint, fairy lights." 
  31. Bryson, A Short History of Nearly Everything (ប្រវត្តិសាស្ត្រខ្លីមួយស្ដីពីអ្វីៗស្ទើទាំងអស់), p. 148.
  32. Wierzewski, p. 16.
  33. The People's Almanac, David Wallechinsky and Irving Wallace, 1975, Doubleday and Company
  34. Chute, James (5 March 2011)។ "Video artist Steinkamp’s flowery ‘Madame Curie’ is challenging, and stunning"។ signonsandiego.comhttp://www.signonsandiego.com/news/2011/mar/05/video-artist-steinkamp-madame-curie/។ បានយកមក 14 April 2011 
  35. "curie – Britannica Online Encyclopedia"។ Britannica.com។ 15 April 2006http://www.britannica.com/eb/article-9028251/curie#245574.hook។ បានយកមក 26 September 2009 
  36. Paul W. Frame។ "How the Curie Came to Be"http://www.orau.org/ptp/articlesstories/thecurie.htm។ បានយកមក 30 April 2008 
  37. "Most inspirational woman scientist revealed"។ Newscientist.com។ 2 July 2009http://www.newscientist.com/article/mg20327156.600-most-inspirational-woman-scientist-revealed.html។ បានយកមក 27 April 2011 
  38. "Marie Curie voted greatest female scientist"។ London: www.telegraph.co.uk។ 2 July 2009http://www.telegraph.co.uk/scienceandtechnology/science/sciencenews/5715220/Marie-Curie-voted-greatest-female-scientist.html។ បានយកមក 10 April 2010។ "Marie Curie, the Nobel Prize-winning nuclear physicist has been voted the greatest woman scientist of all time." 
  39. "Picture of the McDonnell Douglas MD-11 aircraft"។ Airliners.nethttp://www.airliners.net/open.file/1207719/L/។ បានយកមក 27 April 2011 

ឯកសារយោង[កែប្រែ]

  • Robert Reid, Marie Curie (ម៉ារី គុយរី), ញូវយ៉ក, បណ្ណាល័យអាមេរិកថ្មី, ១៩៧៤
  • Teresa Kaczorowska, Córka mazowieckich równin, czyli Maria Skłodowska–Curie z Mazowsza (បុត្រីខ្ពង់រាបម៉ាហ្សូវីយ៉ា ៖ ម៉ារីយ៉ា ស្កូដូស្គី គុយរី នៃ ម៉ាហ្សូវីយ៉ា ), ឆេហានូវ, ២០០៧។
  • L. Pearce Williams, "Curie, Pierre and Marie (គុយរី, ព្យែរនិងម៉ារី)", សព្វវចនាធិប្បាយអាមេរីកាណា, ដាន់ប៊ឺរី, ខន់ណិកធីខាត់, Grolier, Inc., ១៩៨៦, vol. 8, pp. 331–32.
  • Barbara Goldsmith, Obsessive Genius: The Inner World of Marie Curie (អ្នកមានទេពកោសល្យដ៏លើសលប់ ៖ ពិភពលោកខាងក្នុងរបស់ម៉ារី គុយរី), ញូវយ៉ក, W.W. Norton, ២០០៥, ISBN 0-393-05137-4.
  • Naomi Pasachoff, Marie Curie and the Science of Radioactivity (ម៉ារី គុយរី និងវិទ្យាសាស្ត្រវិទ្យុសកម្ម), ញូវយ៉ក, Oxford University Press, ១៩៩៦, ISBN 0195092147.
  • Eve Curie, Madame Curie: A Biography (ម៉ារី គុយរី ៖ ប្រវត្តិរូបមួយ), បកប្រែដោយ Vincent Sheean, Da Capo Press, ២០០១, ISBN 0306810387.
  • Susan Quinn, Marie Curie: A Life (ម៉ារី គុយរី ៖ ជីវិតមួយ), ញូវយ៉ក, Simon and Schuster, ១៩៩៥, ISBN 0-671-67542-7.
  • Françoise Giroud, Marie Curie: A Life (ម៉ារី គុយរី ៖ ជីវិតមួយ), បកប្រែដោយ Lydia Davis, Holmes & Meier, ១៩៨៦, ASIN B000TOOU7Q.
  • Redniss, Lauren, Radioactive, Marie & Pierre Curie: A Tale of Love and Fallout (វិទ្យុសកម្ម, ម៉ារីនិងព្យែរ គុយរី ៖ រឿងនិទានអំពីស្នេហានិងភ្លៀងវិទ្យុសកម្ម), ញូយ៉ក, Harper Collins, ២០១០, ISBN 9780061351327.

ប្រលោមលោក[កែប្រែ]

  • Olov Enquist, Per (២០០៦)។ The Book about Blanche and Marie (សៀវភៅស្ដីអំពីប៊្លង់និងម៉ារី)។ ញូវយ៉ក: Overlook។ ល.ស.ប.អ. 1-58567-668-3  ប្រលោកលោកឆ្នាំ២០០៤​សរសេរដោយ Per Olov Enquist លើកឡើងអំពី ម៉ារីយ៉ា ស្កូដូស្កា គុយរី, ប្រសាទវិទូ ហ្សង់ ម៉ារតាំង ស្សារកូ, និងអ្នកជំងឺឈ្មោះប៊្លង់ (ម៉ារី វីតម៉ង់)។ បកប្រែនិងបោះពុម្ភផ្សាយជាភាសាអង់គ្លេសនៅឆ្នាំ ២០០៦។

តំណភ្ជាប់ក្រៅ[កែប្រែ]

Wikiquote-logo.svg