របាំអប្សរា
អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ |
របាំអប្សរា ជាស្នាព្រះហស្ថរបស់ព្រះមហាក្សត្រយានី ស៊ីសុវត្ថិ ព្រះកុសមៈនារីរ័ត្នសិរីវឌ្ឍនានៅឆ្នាំ១៩៦១ (ជាព្រះមាតានៃសម្តេចព្រះនរោត្តម សីហនុ)។ កាលនោះ ព្រះមហាក្សត្រយានី ទ្រង់យាងទៅធ្វើព្រះរាជទស្សនកិច្ចនៅសាលាបឋមសិក្សាសុធារស។ នាយិកាសាលា ដែលបានរៀបចំពិធីសិល្បៈកុមារ បានកាត់ក្រដាសធ្វើជាមកុដ ដូចគ្នា នឹងមកុដអប្សរាឆ្លាក់ជាប់ជញ្ជាំងប្រាសាទអង្គរវត្តបេះបិទ។ រឿងនេះ ញ៉ាំងឲ្យព្រះមហាក្សត្រយានីផ្តួចផ្តើមគំនិត បង្កើតរបាំនេះឡើង បានប្រសិទ្ធិនាមថា “របាំអប្សរា” ។ សម្តេចព្រះរាម នរោត្តម បុប្ផាទេវី គឺជាតួឯកអប្សរាទីមួយ ។
ពាក្យ “អប្សរា” គឺជាពាក្យផ្សំខ្មែរ និង សំស្រ្កឹត មានន័យថា របាំទេវៈ របាំទេពអប្សរ ឬ របាំទេវតា។ បើនិយាយពីគ្រឿងតុបតែងកាយមកុដអប្សរានិងក្បាច់រាំជាដើមសុទ្ធតែបានចម្លងតាមគំរូអប្សរានៅតាមជញ្ជាំងប្រាសាទអង្គរវត្តទាំងអស់។
របាំអប្សរា គឺជារបាំមួយក្នុងបណ្តារបាំព្រះរាជទ្រព្យឬរបាំក្បាច់បុរាណខ្មែរដែលត្រូវបានអង្គការយូណេស្កូទទួលចុះក្នុងបញ្ជីបេតិកភណ្ឌអរូបរីនៃមនុស្សជាតិ ( Intangible Heritage of Humanity) កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៣។
និយមន័យ
[កែប្រែ]របាំអប្សរា គឺជារបាំមួយដែលស្ថិតក្នុងរបាំព្រះរាជទ្រព្យមានឈ្មោះល្បីល្បាញ និងបានលើកតំកើងកិត្តិយសវប្បធម៍ អរិយ្យធម៍ ប្រទេសជាតិ ធ្វើឲពិភពលោកទទួលស្គាល់ខ្មែរ។ សព្វថ្ងៃគេនិយមសំដែងរបាំនេះនៅពេលប្រារព្ធពិធីបុណ្យជាតិ បុណ្យសាសនាមហោស្រព សិល្បៈធំៗ និងពិធីទទួលភ្ញៀវជាតិ និងអន្តរជាតិផ្សេងៗ។
ប្រភព
[កែប្រែ]របាំនេះបានបង្កើតជាផ្លូវការតាំងពីឆ្នាំ១៩៦១ដោយស្នាព្រះហស្តព្រះមហាក្សត្រយានី ស៊ីសុវត្តិកុសុមនៈនារីរ័ត្ត ហើយម្ចាស់ក្សត្រី នរោត្តម បុប្ផាទេវី ជាតួឯកអប្សរាទី១ ។ របាំនេះបានឧប្បត្តិកឡើងក្នុងឪកាសដែលព្រះមហាក្សត្រីយានីយាងមកធ្វើទស្សនកិច្ច នៅសាលាបឋមសិក្សាសុធារសនាយិកាដែលបានរៀបចំពិធីសិល្បៈកុមារ បានកាត់ក្រដាសធ្វើជាមកុដបាក់ដូចគ្នានិងមកុដអប្សរាឆ្លាក់ជាប់នឹងជញ្ចាំង ប្រាសាទអង្គរវត្ត បេះបិទ។ ឃើញបែបនេះញុំងឲព្រះមហាក្សត្រីយានី នឹកផ្ដូចផ្ដើមគំនិតបង្កើតរបាំនេះឡើងហើយបានប្រសិទ្ធនាមថា "របាំអប្សរា" មានន័យថា របាំទេវៈ របាំទេពអប្សរ ឬក៏របាំទេវតា តាមពាក្យផ្សំពីបាលីសំស្រ្កឹត។
គ្រឿងតុបតែង
[កែប្រែ]គ្រប់ការតុបតែងកាយ មកុដអប្សរា និងក្បាច់រាំ គឺសុទ្ធតែចំលងតាមគំរូអប្សរានៅតាមជញ្ជាំងប្រាសាទអង្គរវត្តទាំងអស់។ មកុដពាក់ខាងលើក្បាលត្រូវមានកំពូលប្រាំពីរ ដែលកំពូលនីមួយៗ មានក្បាច់ថ្នាំងអំពៅ សមាមាត្រសមឥតខ្ចោះ និងសក់វែងប្រះស្មា។ ត្រចៀកទាំងសងខាងគេរចនាជាសក់ក្រងម្ខាងៗបីសរសៃ ឯត្រចៀកវិញពាក់រំយោលដល់ស្មា។ កមានសុរង ព្រមទាំងរំលេចដោយរំយោលក្បាច់រចនា តាមម៉ូតផ្សេងៗ ។ ចំនែកដើមដៃទាំងសងខាងពាក់ស្នប់ដៃ និង កដៃពាក់កង។ បើពិនិត្យលើទ្រូងវិញ ឃើញមានសង្វារខ្វែងពីរលើអាវ និងស្នាប់ចង្កេះ រឹតយ៉ាងតឹងដែលមានរំយោលភ្ជាប់ទៅនិងសំពត់ផង ។ ភាគច្រើនសំពត់មានរចនាជារាងកន្ទុយត្រី ឯសំពត់មួយផ្ទាំងទៀត ឃើញមានសៀតត្រងើចង្កេះខាងស្ដាំទម្លាក់ជាយចុះក្រោម។ នៅលើជើងមានពាក់កង ឯជាយសំពត់ត្រង់ចង្កេះខាងឆ្វេង រចនាជាផ្នត់អង្កាញ់ៗ ទំលាក់ពីចង្កេះដល់ដី។
ពេលវេលាសម្ដែង
[កែប្រែ]គេនិយមសំដែងរបាំនេះនៅមុនពេលបើក កម្មវិធី ដើម្បីមានភាពទាក់ទាញ និងជាកិច្ចស្វាគមន៍នៅពេលសំដែង គឺត្រូវមានភ្លេងអមជាមួយផងដែរទើប ធ្វើឲ្យមានភាពរស់រវើក។ ដោយរាងកាយមានភាពល្វត់ល្វន់ យឺតៗ ចង្វាក់មួយៗ ថ្នមៗ ផ្សំនិងចង្កេះអមដោយគូទង បន្តិច ព្រមទាំងម្រាមដៃង ធ្វើឲ្យអ្នកទស្សនាមានការជក់ចិត្ត ដិតអារម្មណ៍ជាទីបំផុត ធ្វើឲ្យពិភពលោកទទួលស្គាល់ខ្មែរកាន់តែច្បាស់ថែមមួយកម្រិតទៀត។
សូមមើលផងដែរ
[កែប្រែ]អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |