Jump to content

រពីងបំពង

ពីវិគីភីឌា
អាពីងបំពងដាក់លក់នៅផ្សារស្គន់

រពីងបំពងអាពីងបំពង គឺជាអាហារ ដ៏មានឱជារសឈ្ងុយឆ្ងាញ់ដែលមានប្រចាំតំបន់នៅ ប្រទេសកម្ពុជា ។ រពីងបំពង ជា​ស្តេច​អាហារ​សត្វល្អិត​ប្រចាំ​ទីប្រជុំជន​ស្គន់​ ជើងព្រៃ ខេត្តកំពង់ចាម សម្រាប់ភ្ញៀវទេសចរដែលឆ្លងកាត់ស្រុកនេះ។

នៅសម័យខ្មែរក្រហម អាពីង ជាអាហារ មួយ ដែលប្រជាជនខ្មែរតែងតែហូប នៅពេលដែលខ្វះខាតអាហារ ។ អស់​រយៈពេល​មិន​តិច​ជាង២០ឆ្នាំ​ហើយ​ទេ​ដែល​ប្រជាជន​រស់នៅ​តំបន់​នោះ​ជាច្រើន​នាក់​បាន​ក្លាយ​ខ្លួន​ជា​អាជីវករ​លក់​រពីង​បំពង​ជូន​អ្នកដំណើរ​នៅ​តាម​ដងផ្លូវ​នៅ​តាម​ចំណតរថយន្ត​ ​និង​ ​អាហារដ្ឋាន​នានា​នៅ​ទីនោះ​ជា​រៀងរាល់ថ្ងៃ​តាំងពី​ព្រលឹម​រហូតដល់​ព្រលប់។

ជនជាតិ​ចិន​យក​វា​ទៅ​ធ្វើ​ថ្នាំបុរាណ​ចិន​សម្រាប់​ជំនួយ​សុខភាព។

ខែធ្នូជារដូវសត្វរពីងពង ​ដូចនេះធ្វើឲ្យសត្វរពីងធាត់មានសាច់និងពងច្រើនមានរសជាតិគួរឲ្យចង់ទទួលទានបំផុតខុសពីខែផ្សេងៗទៀត ហើយតម្លៃរបស់វាក៏កើនឡើងដែរ គឺរពីងបំពងមួយក្បាលមានតម្លៃចន្លោះពី៤០០០រៀល ដល់៤៥០០រៀល។ បើខុសពីរដូវរពីងពង អាជីវករនៅទីនេាះលក់វាក្នុងតម្លៃមួយ ៣០០០រៀល ចំណែករពីងតូចៗដែលដាច់ជើងខ្លះៗសល់ពីបំពង លក់ក្នុងតម្លៃ ១០ក្បាល ១៥០០០រៀល។

សព្វថ្ងៃចំនួនសត្វរពីងកាន់តែថយចុះ ហើយចំនួនអ្នកប្រមាញ់សត្វរពីងក៏ថយចុះផងដែរដោយសារកត្តាជាច្រើន។ នៅតំបន់ ស្គន់ ស្រុកជើងព្រៃនេះសឹងតែលែងមានអ្នកដើររកសត្វរពីងនៅតាមព្រៃដូចកាលពីជាង១០ឆ្នាំមុនទៅហើយ ព្រោះដីព្រៃជាច្រើននៅទីនោះត្រូវបានកាប់ឆ្ការដំណាំ និង អភិវឌ្ឍជាលក្ខណៈឯកជន ធ្វើឲ្យជម្រកធម្មជាតិរបស់សត្វរពីងត្រូវបានទទួលរងការគំរាមកំហែងខ្លាំង។ បច្ចុប្បន្ន សត្វរពីងដែលដាក់លក់នៅស្គន់នេះភាគច្រើនត្រូវបានគេដឹកតាមរថយន្តតាក់សុីពីឈ្មួញកណ្ដាលនៅ ខេត្តកំពង់ធំ និង ខេត្តព្រះវិហារ ជំនួសវិញ។ តំបន់ដែលសម្បូរអ្នកចាប់សត្វរពីងជាងគេ គឺ ឃុំសាគ្រាម ឃុំក្រយា និង ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ

គួរបញ្ជាក់ថា រពីង គឺជាពពួករន្ធកសត្វមានរូបសណ្ឋានស្រដៀងនឹងសត្វពីងពាងធំ មានចង្កូមខុបធ្វើរន្ធនៅក្នុងដីពទ្ធ័សរសចាក់ស្រេះភ្ជិតមាត់រន្ធ។ រពីងមានពីរប្រភេទ គឺរពីងគោមានរូបតូចសម្បុរប្រផេះ និងរពីងក្របីមានសម្បុរខ្មៅហើយមានមាឌធំជាងរពីងគោ។ រពីងរស់នៅក្នុងរន្ធដែលធ្វើដោយខ្លួនវាផង ឬរស់នៅក្នុងរន្ធក្តាមដែលបោះបង់ចោល។ វារស់នោក្នុងរន្ធបានតែខែត្រជាក់ទេ។ សម្រាប់រដូវប្រាំងវិញ វាតែងតែលាក់ខ្លួនតាមដើមឈើ ឬក្នុងគម្ពោធព្រៃ។ ដើម្បីចាប់អាពីង គេត្រូវយកចបជីករន្ធរបស់វា រួចយកឈើតូចមួយរុកឲ្យវាចេញពីក្នុងរន្ធ។ ពេលរពីងចេញមកភ្លាម គេត្រូវយកឈើសង្កត់ខ្នងវា ហើយលូកដៃចាប់ឲ្យជាប់ពីលើតែម្តង។

ឯកសារយោង

[កែប្រែ]

តំណ​ភ្ជាប់​ខាងក្រៅ

[កែប្រែ]