រស់ សេរីសុទ្ធា

ដោយវិគីភីឌា
រស់ សិរីសុទ្ធា
រាជិនីសំនៀងមាស
រាជិនីសំនៀងមាស
ពត៌មានសំខាន់ៗ
ឈ្មោះពីកំនើត រស់ សុទ្ធា
ឈ្មោះហៅក្រៅ រៃ, សិរី និង សិរីសួគ៌
ថ្ងៃខែឆ្នាំកំនើត ៦ វិច្ឆិកា ១៩៤៦
ទីកន្លែងកំនើត ភូមិដំណាក់ហ្លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង
កំរិតវប្បធម៌ ឆ្នាំទីពីរនៅអនុវិទ្យាល័យនារី នេតយ៉ង់ បាត់ដំបង
សញ្ជាតិ ព្រះរាជាណាចក្រកម្ពុជា កម្ពុជា
មរណៈភាព ១៧ មេសា ១៩៧៧
ប្រភេទតន្ត្រី ប្រជាប្រិយ និង មនោសញ្ចេតនា
វិជ្ជាជីវៈ អ្នកចម្រៀង អ្នកសរសេរបទចម្រៀង
ឆ្នាំប្រកបវិជ្ជាជីវៈ ១៩៦៥ –១៩៧៧
ដៃគូ ស៊ិន ស៊ី​សាមុត

ជីវប្រវត្តិសង្ខេបរបស់អ្នកស្រី រស់ សិរីសុទ្ធា ដោយអ្នកស្រី កែវ ច័ន្ទបូរណ៍ ខែតុលា ២០០៩ ។

​ភាព​ល្បី​ល្បាញ​នៃ​ខេត្ត​បាត់ដំបង[កែប្រែ]

ខេត្ត​បាត់ដំបង ជា​ទឹក​ដី​បណ្តុះ​អ្នក​ប្រាជ្ញ តារា​ភាព​យន្ត តារា​ចម្រៀង និង​អ្នក​និពន្ធ​ល្បី​ល្បាញ ប្រចាំ​កម្ពុជា តាំង​ពី​អតីតកាល​មុន​សម័យ​អង្គរ រហូត​បច្ចុប្បន្ន ។ ដោយ​សារ​ទឹក​ដី​នេះ ជា​ជំរក​អ្នក​ប្រាជ្ញ និង​តារា​ដែល​មាន​ទេពកោសល្យ​ខ្ពង់​ខ្ពស់​ប្រចាំ​ប្រទេស ខេត្ត​បាត់ដំបង​បាន​ក្លាយ​ជា​វាល​ពិឃាដ​អ្នក​ប្រាជ្ញ គ្រប់​កាល​សម័យ ដែល​សៀម​ចូល​លុក​លុយ​ប្រទេស​ខ្មែរ និង​យុគ​សម័យ​អង្គការ​បដិវត្តន៍ ១៩៧៥​ ដល់ ១៩៧៩ ។ តារា​និង​អ្នក​និពន្ធ​ល្បី ៗ ដែល​ខ្ញុំ​ស្គាល់ ហើយ​ដែល​មាន​កំណើត​ជា​អ្នក​បាត់ដំបង មាន សម្តេច​សង្ឃ​ព្រះ​វ័នរតន៍ ប៉ុណ្ណ សុម្ភាជ ជា​មេ​គណ​ខេត្ត​បាត់ដំបង, តារា​ភាព​យន្ត អ៊ី គិម​សួ (ជំនាន់​ទសវត្សរ៍ ៦០), អ្នក​ស្រី ទិត្យ វិជ្ជរ៉ា​ដានី (ជំនាន់​ទសវត្សរ៍ ៧០), លោក ទេព រិនដារ៉ូ (ជំនាន់​ទសវត្សរ៍ ៨០ និង ៩០), តារា​ចម្រៀង អ្នក​ស្រី ម៉ៅ សារ៉េត, លោក អ៊ឹម សុង​សឺម, អ្នកស្រី ហួយ មាស, អ្នក​ស្រី ប៉ែន រ៉ន, និង​ប្អូន​ស្រី​ទាំង​បី (អ្នក​ស្រី ប៉ែន រ៉ម, អ្នក​ស្រី ប៉ែន រ៉ាំ និង​អ្នក​ស្រី ប៉ែន ចន្ថា), អ្នក​ស្រី​ រស់ សិរីសុទ្ធា និង​ប្អូន​ស្រី​ អ្នក​ស្រី រស់ សិរីសោភ័ណ, ស្មៀន ឆោម ឆន និង​កូន​បី​នាក់ ដែល​ជា​តារា​ចំរៀង (មាន​ អ្នក​ស្រី ឆោម ឆវិន ​ជា​ម្តាយ​របស់​តារា​ចម្រៀង ឆោម ឆពុំ, លោក ឆោម ប៊ុន​យ៉ុង, អ្នក​នាង ឆោម និមល), លោក រ៉ម រើន, លោក កែវ សារ៉ាត់, អ្នក​នាង អឿន ស្រី​មុំ, អ្នក​នាង សួន ចន្ថា, លោក រិន សាវេត, លោក សេន រ៉ានុត, ​ អ្នក​នាង ឆៃលី ដាឡែន, អ្នក​នាង អ៊ិម ស្រី​ពៅ និង​តារា​និពន្ធ លោក គង្គ ប៊ុន​ឈឿន, លោក នូ ហាច, លោក ញ៉ុក ថែម, លោក​គ្រូ​​​អាចារ្យ ប៊ុត សាវង្ស, លោក ឆាន ឈួ ជាដើម ។

​ជីវប្រវត្តិ​[កែប្រែ]

ឈ្មោះ​ដើម​របស់ រស់ សិរីសុទ្ធា គឺ រស់ សុទ្ធា ឈ្មោះ​ហៅ​ក្រៅ រៃ ។ ​ ឈ្មោះ សិរី ទើប​ជា​ឈ្មោះ​កណ្តាល ថែម​តាម​ក្រោយ ក្រោយ​ពី​ឈប់​រៀន ហើយ​ទៅ​ចាប់​អាជីព​ជា​អ្នក​ចម្រៀង ។ ដូច្នេះ ពលរដ្ឋ​ខ្មែរ​ជា​ទូទៅ ស្គាល់​អ្នក​ស្រី​ថា រស់ សិរីសុទ្ធា ។ ប៉ុន្តែ ភាគ​ច្រើន ច្រើន​សរសេរ​ច្រឡំ ទៅ​ជា រស់ សេរីសុទ្ធា ទៅ​វិញ ។ សូម​អាន​ប្រវត្តិ​ខាង​ក្រោម ដើម្បី​អោយ​ដឹង​ថា ហេតុ​អ្វី តារា​សំនៀង​មាស​យើង មាន​ឈ្មោះ​ថា រស់ សិរីសុទ្ធា ។

​ប្រវត្តិកុមារភាព​[កែប្រែ]

អ្នក​ស្រី រស់ សិរីសុទ្ឋា ជា​តារា​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ ក្នុង​កំឡុង​ទសវត្សរ៍​ឆ្នាំ ៦០ និង ៧០ និង​ជា​ដៃ​គូ​ចម្រៀង​ជើង​ឯក យ៉ាង​ឆ្នើម​បំផុត របស់​អធិរាជ​សំឡេង​មាស​ លោក ស៊ិន ស៊ីសាមុត ។ ​ កំពូល​តារា​ចម្រៀង​រូប​នេះ មាន​កំណើត​នៅ​ថ្ងៃ​សុក្រ​ ខែ​កត្តិក​ ឆ្នាំ​ច ត្រូវ​នឹង​ថ្ងៃ​ទី ៦​​ ខែ​វិច្ឆិកា​​ ឆ្នាំ ១៩៤៦ នៅ​ភូមិ​ដំណាក់​ហ្លួង ឃុំ​វត្ត​​គរ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។​ ​ កាល​នៅ​កុមារភាព​ អ្នក​ស្រី​បាន​ចូល​រៀន​នៅ​សាលា​បឋមសិក្សា ទក្ខិណសាលា​ រួច​បាន​ប្រឡង​ជាប់​ចូល​រៀន​នៅ​អនុវិទ្យាល័យ​នារី​ នេត​យ៉ង់​​​ នៅ​ឆ្នាំ ១៩៦២ ។ កាល​នោះ ខ្ញុំ​នៅ​ក្មេង​ជាង​គាត់​​ច្រើន​ឆ្នាំ តែ​ធ្លាប់​ទៅ​មក​នឹង​គ្នា​ជិត​ដិត​ជា​ប្រចាំ​ ព្រោះ​យើង​នៅ​ដី​ភូមិ មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​ទេ ជា​ពិសេស​ទៅ​ទៀត​ គឺ​លោក​ឪពុក​របស់​ខ្ញុំ ឈ្មោះ សាស្ត្រាចារ្យ ប៊ុន ថង​ ក៏​ជា​គ្រូ​​បង្រៀន​របស់​​កុមារី​សុទ្ធា​នោះ​ដែរ ​។ ​ បន្ថែម​ពី​លើ​នោះ​ទៀត លោក​ឪពុក​របស់​ខ្ញុំ ក៏​ជា​មិត្ត​ភក្តិ រាប់​អាន​គ្នា​ជិត​ដិត ជាមួយ​លោក​ឪពុក​របស់​អ្នក​ស្រី សុទ្ធា​ ឈ្មោះ លោក​គ្រូ រស់ ប៊ុន​ ដែល​ជា​លោក​គ្រូ​ភ្លេង​ខ្មែរ​ផង ​ជា​លោក​គ្រូ​ស្តោះ​ផ្លុំ​ យ៉ាង​ល្បី​មួយ​រូប​ផង ។ ​ ចំណែក​លោក​ឪពុក​របស់​ខ្ញុំ ក្រៅ​ពី​ការ​ងារ​ជា​គ្រូ​បង្រៀន នៅ​វិទ្យាល័យ អ៊ាប​ឃុត នេត​យ៉ង់ លោក​ក៏​ជា​មនុស្ស​ល្បី​ខាង​សម្បូរ​​រឿង​កំប្លែង និទាន​អោយ​អ្នក​ស្រុក​ស្តាប់ សើច​គាំង​ពោះ​ មិន​ចេះ​អស់​រឿង ចូល​ចិត្ត​វាយ​ស្គរ ទាត់​ចាប៉ី ហើយ​ចូល​ចិត្ត​ឡើង​សម្តែង​លើ​វេទិកា លលេង​ជាមួយ​លោក​តា រស់ ប៊ុន ដោយ​ប្រស្នា​ប្រាជ្ញា នៅ​ពេល​មាន​បុណ្យ​ទានម្តង ៗ ។

លោក​តា រស់ ប៊ុន មាន​ស្រុក​កំណើត នៅ​ភូមិ​ចង្វា​រៀល​ ឃុំ​រលាំង​នាគ ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង ជា​អតីត​នាយ​ទាហាន​ជើង​ក្រហម សម័យ​អាណានិគម​បារាំង​ ​ហើយ​ទើប​នឹង​ធ្វើ​មរណកាល​ទៅ នៅ​ឆ្នាំ ១៩៩៥ នេះ ។​ រី​ឯ​ម្តាយ​របស់​អ្នក​ស្រី​វិញ​ មាន​នាម​ថា ណាត់ សាមៀន​ មាន​ស្រុក​កំណើត នៅ​ស្រុក​សង្កែ ​ ខេត្ត​បាត់ដំបង ​។​ លោក​បាន​ធ្វើ​មរណកាល​ទៅ នៅ​សម័យ​ខ្មែរ​ក្រហម ។ ​ អ្នក​ស្រី សុទ្ធា ជា​កូន​ទី​បួន ក្នុង​ចំណោម​បង​ប្អូន​ទាំង ៥ នាក់ ។ បង​ស្រី​ទី​ ១ ឈ្មោះ រស់ សាបឿន​ សព្វ​ថ្ងៃ​រស់​នៅ​បាត់ដំបង​ ក្នុង​វ័យ​ប្រហែល ៧០ ឆ្នាំ ។​ បង​ស្រី​ទី ២ ​មាន​ឈ្មោះ​ថា រស់ សាបឿត សព្វ​ថ្ងៃ​រស់​នៅ​បាត់ដំបង​ដែរ​ ក្នុងវ័យ​ក្បែរ ៧០ ឆ្នាំ​ដែរ ។ បង​ប្រុស​ទី​ ៣ ឈ្មោះ រស់ សុគុណ បាន​ចែក​ស្ថាន​ទៅ​ នៅ​សម័យ​ខ្មែរ​ក្រហម ។​ ចំណែក​ប្អូន​ស្រី​ពៅ មាន​ឈ្មោះ​ថា​​ រស់ សោភ័ណ ក្រោយ​មក បាន​ដូរ​ទៅ​ជា រស់ សិរីសោភ័ណ បន្ទាប់​ពី​បាន​ចូល​រួម​ជា​តារា​ចម្រៀង​នៅ​ភ្នំ​ពេញ ជំនាន់​បន្ទាប់​ពី​អ្នក​ស្រី រស់ សិរីសុទ្ធា ។​ អ្នក​ស្រី រស់ សិរីសោភ័ណ​ ជា​អ្នក​ចម្រៀង ប្រចាំ​កង​ពល​តូច​លេខ​មួយ​​ នា​សម័យ​សាធារណរដ្ឋ​ខ្មែរ និង​ជា​អតីត​ភរិយា​ដើម របស់​លោក អ៊ុក ស៊ីណារ៉េត ដែល​ជា​តន្រ្តីករ​ដ៏​ល្បី​ល្បាញ​មួយ​រូប នៅ​ប្រទេស​យើង​ដែរ ។​

កាល​នៅ​ក្នុង​វ័យ​សិក្សា​ អ្នក​ស្រី​មាន​នាម​ក្នុង​សាលា​ជា​ផ្លូវ​ការ​ថា រស់​ សុទ្ធា តែ​ប៉ុណោ្ណះ ។ ប៉ុន្តែ នៅ​ក្នុង​ភូមិ​រស់​នៅ​ប្រចាំ​ថ្ងៃ អ្នក​ជិត​ខាង​ទាំង​ឡាយ ចូល​ចិត្ត​ហៅ​លេង​ក្រៅ​ថា​ អា​រៃ ត្បិត​អ្នក​ស្រី​មាន​សំឡេង​ស្រួយ ហើយ​ពិរោះ ដូច​សត្វ​រៃ​កណ្តឹង ។​ ​ ការ​ពិត ពេល​អ្នក​ស្រី​មាន​ប្រសាសន៍​សន្ទនា គឺ​មាន​សំឡេង​ធម្មតា ! មិន​សូវ​ជា​ឮ​ប៉ុន្មាន​ទេ​ ប៉ុន្តែ នៅ​ពេល​អ្នក​ស្រី ហើប​មាត់​ច្រៀង​ម្តង ៗ វិញ បែរ​ជា​សំឡេង​ស្រួយ មុត​ចាក់​ត្រចៀក ហើយ​ជា​សំឡេង​ខ្ពស់​ កម្រ​មាន​នារី​ណា​ម្នាក់ អាច​ច្រៀង​ដល់​កម្រិត​នោះ ហើយ​នៅ​អាច​រក្សា​សំឡេង​ស្រួយ​មុត​បាន​ដូច​អ្នក​ស្រី សុទ្ធា ណាស់ ។ កាល​ណោះ អ្នក​ស្រី​ចូល​ចិត្ត​បរិភោគ​ផ្លែ​ឈើ​ខ្ចី​ ៗ ទ្រនាប់​ប្រហុក​ចិញ្ច្រាំ ដាក់​ម្ទេស​ហឹរ ៗ ។​ ចៃដន្យ នៅ​ផ្ទះ​របស់​ខ្ញុំ មាន​ដើម​កន្ទួត មាន​ស្វាយ​ឱករ៉ង មាន​ល្មុត មាន​ចេក និង​ផ្លែ​ទឹក​ដោះ ជា​ដើម ដែល​អ្នក​ស្រី​ឧស្សាហ៍​មក​សុំ​ពី​ម្តាយ​របស់​ខ្ញុំ ជា​ញឹក​ញាប់ ដើម្បី​យក​ចិត្ត​បរិភោគ​លេង ជាមួយ​ប្រហុក ។ នៅ​ពេល​នោះ ម្តាយ​របស់​ខ្ញុំ តែង​ទាម​ទារ​អោយ​ « បង​រៃ » ច្រៀង​ចម្រៀង ដូរ​ផ្លែ​ឈើ​ទាំង​នោះ ជា​និច្ច ​។ ពួក​យើង​ ក៏​បាន​អង្គុយ​ស្តាប់​គាត់​ច្រៀង​ យ៉ាង​សប្បាយ​ផង ហើយ​ក៏​បាន​បរិភោគ​ចំណី ជុំ​គ្នា​ជា​ញាតិ​ផង ។

យុវតី រស់ សិរីសុទ្ធា មាន​មាឌ​ស្តើង ខ្ពស់​ស្រឡះ សម្បុរ​ខ្មៅ​ស្រស់​ ហើយ​មាន​ទឹក​មុខ​ញញឹម​ជា​និច្ច ​​ ថ្វី​បើ​មាន​ឱកាស​ខ្លះ នារី​យើង មាន​អារម្មណ៍​មិន​ល្អ​ក៏​ដោយ​​ គឺ​នាង​ពូកែ​លាក់​អារម្មណ៍​ណាស់​ មិន​សូវ​មាន​នរណា​បាន​ដឹង នូវ​អារម្មណ៍​ពិត​ប្រាកដ​របស់​នាង​ឡើយ ។​ ម្យ៉ាង​ទៀត មាណវី​ក៏​មិន​មែន​ជា​មនុស្ស​តម្អូញ ឬ ប៉ិន​រអ៊ូ​រទាំ​ច្រើន​នោះ​ដែរ​ តែ​ជា​មនុស្ស​មាន​សម្ដី​ជាក់​លាក់ ម៉ឺង​ម៉ាត់ ធើ្វ​ការ​ម៉ឺង​ម៉ាត់ ហើយ​ឧស្សាហ៍​បំពេញ​ការ​ងារ ដោយ​មិន​បាច់​ដាស់​តឿន​ច្រើន ។ ​​​ នៅ​ឯ​សាលារៀន​វិញ ​សុទ្ធា​ជា​សិស្ស​ឆ្លៀវ​ឆ្លាត​មួយ​រូប​ ហើយ​ក៏​ជា​សិស្ស​នារី​ ដែល​ពូកែ​លេង​កីឡា​បំផុត ​​។ ថ្វី​បើ​យុវតី​បាន​ចូល​រៀន​វិទ្យាល័យ នេត​យ៉ង់ ជំនាន់​ក្រោយ​​អ្នក​ស្រី ប៉ែន រ៉ន និង​អ្នក​ស្រី ហួយ មាស តែ​យុវតី សុទ្ធា មាន​ឈ្មោះ​បោះ​សំឡេង ​ក្នុង​វិទ្យាល័យ​ យ៉ាង​លឿន​រហ័ស ជាង​អ្នក​ទាំង​ពីរ​ទៅ​ទៀត ។ នោះ ព្រោះ​ដោយ​សារ​សំនៀង​ដ៏​ពិរោះ​របស់​យុវតី និង​ដោយ​សារ​ភាព​រួស​រាយ ជា​របៀប​អ្នក​កីឡា​យ៉ាង​ក្លាហាន​នោះ​ឯង ។

កាល​ សុទ្ធា នៅ​តូច​សេចក្តី លោក​គ្រូ រស់ ប៊ុន​​ តែង​នាំ​កូន​ហាត់​លេង​ភ្លេង​ខ្មែរ និង​ហាត់​ច្រៀង​ចម្រៀង​ភ្លេង​ការ ប៉ុន្តែ​មាន​តែ​កុមារី សុទ្ធា ទេ ដែល​មាន​អំណោយ​ទាន​ជាង​គេ ​ផែ្នក​ចម្រៀង ទើប​លោក​ចេះ​តែ​យក​ដើរ​តាម​ជាមួយ នៅ​ពេល​លោក​ចេញ​ទៅ​លេង​ភ្លេង តាម​ពិធី​បុណ្យ​នានា ខាង​ក្រៅ ។​ ដោយ​ការ​ខ្វះ​ខាត​ក្នុង​គ្រួសារ កុមារី សុទ្ធា ត្រូវ​បង្ខំ​ចិត្ត​ ជួយ​ឪពុក​រក​ប្រាក់​ផ្គត់​ផ្គង់​គ្រួសារ​ តាំង​ពី​នៅ​កុមារភាព ។ ​​ ជា​ពិសេស​បំផុត​នោះ គឺ​លោក​តា រស់ ប៊ុន មាន​ភរិយា​ផ្សេង​ទៀត​ហើយ​ដែល​​មាន​កូន​តូច ៗ ជា​ច្រើន ដែល​ត្រូវ​ទំនុក​បម្រុង​បន្ថែម​ផង ។​ ម៉្យាង​ទៀត ក្រុម​គ្រួសារ​របស់​កុមារី សុទ្ធា មិន​មាន​នរណា​មាន​សមត្ថភាព​ខាង​ការ​សិក្សា​ដែរ មាន​តែ​កុមារី សុទ្ធា ទេ​​ ដែល​រៀន​ដុះ​ដាល​ជាង​គេ គឺ​រៀន​ពូកែ ដោយ​មិន​បាច់​បង្ខំ ជ្រោម​ជ្រែង ដាស់​តឿន​ថែម​ពី​ក្រោយ​ប៉ុន្មាន ។​

​មូលហេតុដែលនាំក្លាយជាអ្នកចម្រៀង[កែប្រែ]

ចំណេរ​ក្រោយ​មក នៅ​ឆ្នាំ ១៩៦៣ នៅ​ក្នុង​វ័យ​ជំទង់ ១៦ ឆ្នាំ យុវនារី សុទ្ធា ក៏​បាន​ទទួល​រង្វាន់​ពាន​មាស លេខ​មួយ ប្រចាំ​ខេត្ត​ ក្នុង​ឱកាស​ពិធី​ប្រឡង​ចម្រៀង ពេល​បុណ្យ​ចូល​ឆ្នាំ ។ កាល​នោះ អ្នក​ស្រី​ច្រៀង​ចម្រៀង​បី​បទ បទ​ទី​ ១ ជា​បទ​ច្រៀង​ប្រកួត​ប្រជែង​ មាន​ចំណង​ជើង​ថា ចិត្ត​ម្តាយ (ជា​បទ​ដើម​របស់​អ្នក​ស្រី កែវ មន្ថា) និង​បទ​ទី ២ ដែល​ជា​បទ​ច្រៀង​ជា​កិត្តិយស ឈ្មោះ សំបុត្រ​ក្រោម​ខ្នើយ ជា​បទ​ដើម​របស់​អ្នក​ស្រី ម៉ៅ សារ៉េត និង​ចុង​ក្រោយ គឺ​បទ​ទី​ ៣ ច្រៀង​ជា​កិត្តិយស ឈ្មោះ ខ្ទម​ជរា ជា​បទ​ដើម​របស់​អ្នក​ស្រី​ម៉ៅ សារ៉េត ដដែល ។

ក្នុង​ឱកាស​នោះ​ដែរ កូន​ប្រុស​កំលោះ​របស់​លោក​ឧកញ៉ា​គេហបតី គី ស៊ាន​ហូ ថៅកែ​រោង​ចក្រ​អារ​ឈើ​ធំ​ជាង​គេ​ នៅ​ក្រុង​បាត់ដំបង ដែល​ទើប​នឹង​វិល​មក​ពី​សិក្សា​​នៅ​ប្រទេស​បារាំង បាន​មក​ចូល​រួម​ទស្សនា​ពិធី​ប្រឡង​នោះ​ដែរ ។​ កាល​បើ​បាន​យល់​សម្រស់​ដ៏​ស្រស់​ស្អាត អម​ដោយ​ទេពកោសល្យ​សំនៀង​យ៉ាង​ពិរោះ កំលោះ​យើង បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ទៅ​លើ​រូប​កញ្ញា សុទ្ធា ។ (ខ្ញុំ​សូម​អភ័យ​ទោស ដោយ​សារ​កាល​ណោះ ខ្ញុំ​នៅ​ក្មេង​ពេក មិន​សូវ​បាន​ចាប់​អារម្មណ៍​នឹង​រឿង​ទាំង​នោះ​ប៉ុន្មាន ទើប​មិន​បាន​ចាំ​ឈ្មោះ​របស់​លោក​កំលោះ​ម្នាក់​នោះ​ច្បាស់​លាស់​ពិត​ប្រាកដ ម្យ៉ាង​ព្រោះ​លោក​ក៏​មិន​ដែល​រស់​នៅ​ក្នុង​ស្រុក​ជាប់​លាប់​ផង ម៉្លោះ​ហើយ​ខ្ញុំ​ចាំ​តែ​មុខ​របស់​​លោក​តែ​ប៉ុណ្ណោះ តែ​ខ្ញុំ​ស្គាល់​លោក​តា​ គី ស៊ាន​ហូ ជា​ឪពុក​នោះ ច្បាស់​ជាង ព្រោះ​ខ្ញុំ​ដើរ​ទៅ​រៀន​​កាត់​មុខ​វិឡា​របស់​លោក ត្រូវ​លោក​ស្រែក​ហៅ​ខ្ញុំ សួរ​លេង រក​លោក​ឪពុក​របស់​ខ្ញុំ ព្រឹក​ល្ងាច ៗ ។ លោក​តា គី ស៊ាន​ហូ ឧស្សាហ៍​ទៅ​មក រាប់​អាន​លោក​ឪពុក​របស់​ខ្ញុំ ជិត​ដិត​ណាស់​ដែរ ​ ព្រោះ​អី​ផ្ទះ​របស់​ខ្ញុំ ក៏​នៅ​មិន​ឆ្ងាយ​ពី​​គាត់​ប៉ុន្មាន​ ហើយ​លោក​ឪពុក​របស់​ខ្ញុំ ​ក៏​ជា​សាស្ត្រាចារ្យ​ដ៏​ល្បី មាន​ប្រជាប្រិយភាព​ មួយ​រូប​ ប្រចាំ​បាត់ដំបង ដែល​នរណា ៗ ក៏​ស្គាល់ ហើយ​ចូល​ចិត្ត​ហៅ​រក​លោក​ជា​និច្ច ។)

មិន​បាន​ប៉ុន្មាន​អាទិត្យ​ផង ក៏​មាន​គេ​មក​អញ្ជើញ​កញ្ញា សុទ្ធា អោយ​ទៅ​ច្រៀង​កំដរ​ក្នុង​ពិធី​ស្វាគមន៍​កូន​កំលោះ​របស់​លោក​ គី ស៊ាន​ហូ អាយុ​ប្រមាណ ២៤ ឆ្នាំ ដែល​ទើប​បញ្ជប់ ការ​សិក្សា​ផ្នែក​វិស្វកម្ម មក​ពី​ប៉ារីស​​នោះ ។ គេ​ក៏​បាន​សន្យា​ផ្តល់​តម្លៃ​សេវា​ច្រៀង​កំដរ​យ៉ាង​ខ្ពស់ ល្មម​អោយ​ក្រុម​គ្រួសារ​ក្រី​ក្រ​ដូច​លោក​តា រស់ ប៊ុន មិន​ហ៊ាន​ប្រកែក​ថា មិន​អោយ​នាង​ទៅ ។ កាល​​នោះ គេ​មិន​បាន​អញ្ជើញ​លោក​តា ​រស់ ប៊ុន ជា​ឪពុក​ទេ​ ត្បិត​គេ​ចង់​បាន​តែ​អ្នក​ចម្រៀង​ប៉ុណ្ណោះ ។​ គ្រា​នោះ លោក​យាយ សាមៀន បាន​ប្រកែក​មិន​អោយ​កូន​ទៅ​ទេ​ ត្បិត​នៅ​ក្មេង ៗ ពេក មិន​ចង់​អោយ​ចេញ​ដើរ​ហើរ​យប់​ព្រលប់ តែ​លោក​តា រស់ ប៊ុន មិន​ស្តាប់​ឡើយ ។ ដោយ​សារ​លោក​គិត​ថា កូន​ស្រី​អាច​រក​បាន​ប្រាក់​កម្រៃ​ខ្ពស់​ផង ដោយ​សារ​ចង់​អោយ​កូន​ស្រី​ល្បី​ឈ្មោះ ​នៅ​ក្នុងចំណោម​សង្គម​គេហបតី អភិជន ផង​ និង​​ដោយ​សារ​ការ​គោរព​ចំពោះ​គ្រួសារ​លោក​ឧកញ៉ា​គេហបតី គី ស៊ាន​ហូ ដែល​នៅ​ភូមិ​ស្រុក​ជិត​គ្នា​នោះ​ផង លោក​តា រស់ ប៊ុន ក៏​ដាច់​ចិត្ត​បណ្តោយ​អោយ​បង​ប្រុស​របស់​យុវនារី សុទ្ធា ឈ្មោះ រស់ សុគុណ អាយុ ១៩ ឆ្នាំ ជា​អ្នក​ជូន​នាង​ទៅ​ច្រៀង​​ក្នុង​ពិធី​នោះ ។ ចំណែក​លោក​គ្រូ​វិញ ក៏​ត្រូវ​ទៅ​លេង​ភ្លេង​ការ​អោយ​គេ នៅ​កន្លែង​ផ្សេង​មួយ​ទៀត នៅ​យប់​នោះ​ដែរ ។​ លុះ​រំលង​ម៉ោង ១២ អធ្រាត យុវជន សុគុណ បាន​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​​តែ​ម្នាក់​ឯង​​ ជម្រាប​ឪពុក​ម្តាយ​ថា​ សុទ្ធា ត្រូវ​គេ​ឃាត់​ទុក​អោយ​នៅ​គេង​ទី​នោះ ត្បិត​​យប់​ជ្រៅ​ពេក មិន​ចង់​អោយ​កូន​ស្រី​ជិះ​កង់ ធ្វើ​ដំណើរ​មក​ផ្ទះ ទាំង​យប់​ងងិត ខ្លាច​ខ្វះ​សុវត្ថិភាព​ តែ​គេ​បាន​ប្រគល់​ប្រាក់​កម្រៃ​​ តាម​រយៈ សុគុណ អោយ​យក​មក​ជូន​លោក​គ្រូ រស់ ប៊ុន គ្រប់​ចំនួន តាម​សន្យា​ហើយ ។ នៅ​ពេល​នោះ លោក​គ្រូ រស់ ប៊ុន និងភរិយា មាន​អារម្មណ៍​មិន​ល្អ​ទេ ហើយ​ក៏​ស្តី​បន្ទោស​កូន​ប្រុស​ពេញ​មួយ​យប់​ មិន​បាន​ដេក​ពួន​ឡើយ ។​​

លុះ​ព្រហាម​ស្រាង​ឡើង លោក​គ្រូ រស់ ប៊ុន ឡើង​ជិះ​រ៉ឺម៉ក ទៅ​តាម​រក​កូន​ស្រី នៅ​គេហដ្ឋាន​លោក គី ស៊ាន​ហូ​ ស្រាប់​តែ​បាន​ជួប​នឹង​កូន កំពុង​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ នៅ​មុខ​បន្ទាយ​ជើង​ក្រហម ។ ​ នាង​ស្ទុះ​ទៅ​អោប​ឪពុក​ ស្រែក​ទ្រហោ​យំ ជម្រាប​លោក​ថា​ កូន​ប្រុស​លោក គី ស៊ាន​ហូ បាន​ប្រព្រឹត្ត​អនាចារ្យ ទាំង​ស្រវឹង​ស្រា មក​លើ​រូប​នាង​ ពេល​ភ្ញៀវ​ចេញ​ទៅ​ផ្ទះ​អស់ ។​ ពេល​នោះ លោក​តា រស់ ប៊ុន កើត​ក្តី​ក្រេវ​ក្រោធ​ខ្លាំង​ណាស់​ ក៏​ទៅ​ស្កាត់​ជួប​កំលោះ​នោះ នៅ​ផ្ទះ​របស់េ​គេ ។​ កាល​បើ​បាន​ស្តាប់​ពាក្យ​របស់​លោក​គ្រូ រស់ ប៊ុន ចប់ លោក គី ស៊ាន​ហូ ជា​ឪពុក ក៏​ច្រឡោត​ខឹង​សម្បា​នឹង​កូន​ប្រុស រហូត​លើក​ដៃ​យារ​​ ទះ​កំផ្លៀង​កូន​ប្រុស​យ៉ាង​ធ្ងន់ ។​ កំលោះ​នោះ បាន​អង្វរ​សូម​អោយ​លោក​ឪពុក​ទាំង​ពីរ​សម្រួល​នឹង​គ្នា ហើយ​គេ​ក៏​ស្ម័គ្រ​ចិត្ត ទទួល​យក​យុវនារី សុទ្ធា ជា​គូ​គ្រង​ត្រឹម​ត្រូវ ពេញ​ច្បាប់ ។ ប៉ុន្តែ លោក គី ស៊ាន​ហូ និង​ភរិយា មិន​ព្រម​ ​ ត្បិត​លោក​បាន​ចង​ពាក្យ ចង​សំដី នឹង​គ្រួសារ​ឧកញ៉ា​គេហបតី ជា​មិត្ត​មួយ​រូប ថា នឹង​ភ្ជាប់​សាច់​ឈាម​កូន​កំលោះ​របស់​លោក ជាមួយ​កូន​ស្រី​របស់​គេ ។​ ដូច្នេះ លោក​មិន​អាច​ផ្លាស់​ប្តូរ​គម្រោង​ការ​នោះ អោយ​អាប់​មុខ អាប់​យស ខូច​សំដី​របស់​លោក បាន​ឡើយ ។ ម៉្យាង​ទៀត ក្រុម​គ្រួសារ​របស់​លោក​គ្រូ រស់ ប៊ុន ជា​វណ្ណៈ​ក្រី​ក្រ​អធន​បំផុត មិន​សក្តិ​សម​នឹង​អោយ​គ្រួសារ​លោក គី ស៊ាន​ហូ ទទួល​ភ្ជាប់​សាច់​ឈាម​បាន​ដែរ ។ ពេល​នោះ លោក​ គី ស៊ាន​ហូ និង​ភរិយា បាន​ប្រគល់​ប្រាក់​សង​ជំងឺ​ចិត្ត មួយ​ចំនួន ទៅ​លោក​គ្រូ រស់ ប៊ុន តែ​លោក​គ្រូ​ប្រកែក​មិន​ទទួល ដោយ​តវ៉ា​ថា កូន​ប្រុស​របស់​លោក គី ស៊ាន​ហូ ត្រូវ​ទទួល​ទោស​ផែ្នក​រដ្ឋប្បវេណី​ គឺ​រៀប​ការ​នឹង​សុទ្ធា​ជា​គូ បើ​មិន​ដូច្នោះ​ទេ គេ​ត្រូវ​ទទួល​ទោស តាម​ច្បាប់​តុលាការ ដោយ​សារ​ទោស​ប្រព្រឹត្ត​បទ​អនាចារ្យ​លើ​នារី ។​ ថ្វី​បើ​ត្រូវ​លោក​តា រស់ ប៊ុន គំរាម​យ៉ាង​នោះ​ក៏​ដោយ ក៏​លោក គី ស៊ាន​ហូ នៅ​មិន​ព្រម​ដដែល​ ដែល​ជា​ហេតុ​ធ្វើ​អោយ​លោក​តា រស់ ប៊ុន កាន់​តែ​ខឹង​ច្រឡោត​ឡើង រហូត​រត់​លក់​ដី​ស្រែ ដី​ចំការ និង​កេរ​អាករ​ទាំង​ឡាយ របស់​ក្រុម​គ្រួសារ​ យក​ប្រាក់​ទៅ​រត់​ការ​ប្តឹង​ផ្តល់ ដើម្បី​ដាក់​ទោស​កូន​ប្រុស​​របស់​លោក​ គី ស៊ាន​ហូ ។ ​ ចៃដន្យ ធន​ធាន​ដ៏​ទន់​ទាប​របស់​ក្រុម​គ្រួសារ​លោក​គ្រូ រស់ ប៊ុន មិន​អាច​ទិញ​យក​ភាព​យុត្តិធម៌​ពី​តុលាការ ជូន​កូន​ស្រី​កំសត់​របស់​គាត់​បាន​ឡើយ ។ ​​ ទី​បំផុត លោក​គ្រូ​ក៏​ត្រូវ​ចាញ់​ក្តី​ជាមួយ​អ្នក​មាន​ទ្រព្យ ដដែល ។​

បន្ទាប់​ពី​នោះ​មក ​ លោក​គ្រូ​ក៏​មាន​ជម្លោះ​នឹង​ភរិយា​ ដោយ​សារ​ការ​បាត់​បង់​ដី​ស្រែ​ ដី​ចំការ អស់​ដើម​ទុន​នឹង​ចិញ្ចឹម​ជីវិត​ត​ទៅ​ទៀត ​។​ លោក​គ្រូ​ក៏​ចុះ​ចោល​ក្រុម​គ្រួសារ ទៅ​រស់​នៅ​ជាមួយ​ភរិយា​ចុង ឈ្មោះ រើត នៅ​ឃុំ​ស្រមោច ស្រុក​សិរី​សោភ័ណ បាត់ដំបង ​រួច​ក៏​លែង​ត្រឡប់​មក​ផ្គត់​ផ្គង់​គ្រួសារ​ដូច​មុន ៗ ទៀត ។ ​ ដោយ​ហេតុ​ជម្លោះ​ក្នុង​គ្រួសារ​ផង និង ដោយ​អាម៉ាស់​នឹង​រឿង​រ៉ាវ​អប្រិយ​ទាំង​ឡាយ​នោះ​ផង យុវតី សុទ្ធា ក៏​សម្រេច​ចិត្ត​ឈប់​រៀន​ពី​អនុវិទ្យាល័យ ត្បិត​មិន​អាច​ប្រឈម​មុខ​នឹង​ការ​សម្លឹង​សម្លក់​របស់​សង្គម​បាន ។ សុទ្ធា ក៏​ប្រកប​របរ​រក​ស៊ី ជា​អ្នក​លក់​ដូរ​បន្តិច​បន្តួច ក្នុង​ភូមិ​​ផង​ ជា​អ្នក​ចម្រៀង​ភ្លេង​ការ ប្រចាំ​ភូមិ​ផង ដើម្បី​ជួយ​ផ្គត់​ផ្គង់​ការ​ខ្វះ​ខាត នៅ​ក្នុង​គ្រួសារ ចាប់​តាំង​ពី​ថ្ងៃ ដែល​ឪពុក​នាង ចុះ​ចេញ​ពី​ផ្ទះ​ទៅ ។ កាល​នោះ យុវតី សុទ្ធា តែង​តែ​រត់​មក​រក​អ្នក​ម្តាយ​លោក​ឪពុក​របស់​ខ្ញុំ ជា​និច្ច​ជា​កាល​ ដើម្បី​ស្វែង​រក​កម្លាំង​ចិត្ត និង​ការ​ណែ​នាំ​នូវ​គំនិត​ល្អ ៗ សម្រាប់​ក​សាង​ជីវិត​អនាគត​ជា​បន្ត​ទៀត ។ ក្រោយ​មក លោក​ឪពុក​របស់​ខ្ញុំ (លោក​សាស្ត្រាចារ្យ ប៊ុន ថង) បាន​នាំ​យក​យុវតី សុទ្ធា ទៅ​ផ្ញើ​នឹង​លោក សុខ ​ឌីណារី និងលោក ឌី​ កាណាល់ ដែល​ជា​អ្នក​ចាត់​ចែង​នៅ​ក្នុង​វង់​តន្រ្តី លំហែ​យោធា ជា​វង់​ភ្លេង​ប្រគំ​ប្រចាំ​រង្គសាល ស្ទឹង​ខៀវ ក្រុង​បាត់ដំបង​ ដើម្បី​ជួយ​អោយ​នាង​បាន​ទទួល​មុខ​របរ ដែល​មាន​ប្រាក់​ចំណូល​ទៀង​ទាត់ ។ នៅ​ពេល​នោះ លោក​គ្រូ ប៊ុន ថង បាន​ប្រតិស្ឋ​នាម​ថ្មី អោយ​ទៅ​យុវតី សុទ្ធា​ ជា​ផ្លូវ​ការ ក្នុង​មុខ​របរ​ជំនាញ ជា​អ្នក​ចម្រៀង​អាជីព​ថា​ រស់ សិរី​​សុទ្ធា ក្នុង​គោល​បំណង​ជូន​ប្រសិទ្ធិពរ​ជ័យ អោយ​យុវតី បាន​ជួប​តែ សិរី​សួស្តី រហូត​ត​ទៅ កុំ​អោយ​ជួប​រឿង​រ៉ាវ​អប្រិយ​​ ដូច​កាល​កន្លង​ទៅ​នោះ ត​ទៅ​ទៀត ។ ប៉ុន្តែ ចំណេរ​ក្រោយ ៗ មក យើង​បែរ​ជា​ឃើញ​ឈ្មោះ​របស់​អ្នក​ស្រី ត្រូវ​គេ​សរសេរ​កែ​ទៅ​ជា រស់ សេរីសុទ្ធា ទៅ​វិញ ។​ ​​ ចំណែក រស់ សោភ័ណ ជា​ប្អូន​ស្រី ក៏​មាន​រឿង​រ៉ាវ​ជីវិត​កំសត់​ណាស់​ដែរ ទើប​សម្រេច​ចិត្ត​ទទួល​យក​ឈ្មោះ​កណ្តាល​​ថា​​ សិរី មក​បន្ថែម​ពី​លើ​ឈ្មោះ​ចាស់​របស់​ខ្លួន​ដែរ ​ នៅ​ពេល​នាង​ចេញ​ទៅ​ប្រកប​អាជីព​ជា​អ្នក​ចម្រៀង តាម​ពី​ក្រោយ​បង​ស្រី សុទ្ធា​ នៅ​ភ្នំ​ពេញ ។

មិន​តែ​ប៉ុណ្ណោះ លោក​ឪពុក​របស់​ខ្ញុំ បាន​ណែ​នាំ ​សុទ្ធា អោយ​ស្គាល់​អ្នក​ចម្រៀង​ប្រចាំ​ខេត្ត​បាត់ដំបង​ជា​ច្រើន ដូច​ជា លោក អ៊ឹម សុង​សឺម ជា​អតីត​គ្រូ​បង្រៀន នៅ​ភូមិ​កំពង់​ព្រះ បាត់ដំបង, អ្នក​ស្រី ប៉ែន រ៉ន និង អ្នក​ស្រី ហួយ មាស ដែល​ច្រៀង​នៅ​រង្គសាល​ស្ទឹង​ខៀវ​ដែរ ហើយ​ក៏​ជា​អតីត​សិស្ស​របស់​លោក​ផ្ទាល់​ ដែល​ក្រោយ​មក បាន​ទៅ​ចេញ​ច្រៀង មាន​ឈ្មោះ​បោះ​សំឡេង នៅ​រាជធានី​ភ្នំ​ពេញ ។ ដោយ​សារ​ទេពកោសល្យ និង​និស្ស័យ​សម្បទា​ល្អ​ប្រសើរ អ្នក​ស្រី រស់ សុទ្ធា ក៏​បាន​ទទួល​ការ​ស្វាគមន៍​​យ៉ាង​កក់​ក្តៅ ពី​សំណាក់​រៀម​ច្បង និង​មិត្ត​រួម​អាជីព ទាំង​អស់​នោះ ។ ម៉្យាងទៀត លោក​ឪពុក​របស់​ខ្ញុំ ក៏​ជា​អ្នក​លេង​ភ្លេង​ចាប៉ី ស្គរ ហ្គីតា យ៉ាង​ចំណាន​ម្នាក់ ហើយ​ថែម​ទាំង​ចេះ​អក្សរ​ភ្លេង​ថែម​ទៀត​ផង ។​ ថ្វី​បើ​លោក​មិន​ដែល​បាន​ប្រកប​របរ​ខាង​ផ្នែក​តន្រ្តី​ក៏​ដោយ ក៏​ថ្វី​ដៃ​របស់​លោក បាន​ជួយ​បណ្តុះ​បណ្តាល​សិស្ស​របស់​លោក ជា​ច្រើន​នាក់ អោយ​ក្លាយ​ជា​តារា​យ៉ាង​ល្បី​ល្បាញ​ នៅ​កម្ពុជា មាន​ លោក អ៊ឹម សុង​សឺម, អ្នក​ស្រី ​ហួយ មាស, អ្នក​ស្រី ប៉ែន រ៉ន និង​ប្អូន​ស្រី​ទាំង​បី (អ្នក​ស្រី ប៉ែន រ៉ម, អ្នក​ស្រី ប៉ែន រ៉ាំ និង​អ្នក​ស្រី ប៉ែន ចន្ថា) ជា​ដើម ។ នៅ​ពេល​ទំនេរ​ពី​កិច្ចការ​ជា​សាស្រ្តាចារ្យ នៅ​វិទ្យាល័យ អ៊ាប​ឃុត នេត​យ៉ង់ លោក​តែង​បងើ្កត​ថ្នាក់​បង្រៀន​នៅ​ផ្ទះ អោយ​សិស្ស​នានា​មក​ជួប​ជុំ​គ្នា ធ្វើ​លំហាត់​សាលា ដើម្បី​រក​មធ្យោបាយ​រៀន អោយ​កាន់​តែ​ពូកែ ជួន​កាល​ក៏​នាំ​សិស្ស​ហាត់​លេង​តន្ត្រី ច្រៀង​ចម្រៀង​​ល្អ ៗ ឬ​ហ្វឹក​ហ្វឺន​ភាសា​សន្ទនា បង្ក​បង្កើន​ចំណាប់​អារម្មណ៍​ពី​អ្នក​ស្តាប់ ដោយ​រក្សា​ភាព​ថ្លែ​ថ្នូរ​ប្រពៃ ។ សិស្ស​ដែល​មក​រៀន ភាគ​ច្រើន​ជា​សិស្ស​ក្រី​ក្រ ស្នាក់​នៅ​តាម​វត្ត ឬ​ជា​សិស្ស ដែល​គ្មាន​ប្រាក់​ផ្គត់​ផ្គង់​ការ​សិក្សា​របស់​ខ្លួន ។ នៅ​ក្នុង​ចំណោម​សិស្ស​ទាំង​ឡាយ ដែល​លោក​ជួយ​ដុស​ខាត់​ទេពកោសល្យ​នោះ មាន​អ្នក​ស្រី​ ប៉ែន រ៉ន ដែល​ចូល​ចិត្ត​កំប្លែង​ ក្រមាច់​ក្រមើម, អ្នក​ស្រី ហួយ មាស ដែល​ចូល​ចិត្ត​សូត្រ​ធម៌​ សូត្រ​កំណាព្យ និង​ចូល​ចិត្ត​អាន​រឿង​និទាន​ខ្លី ៗ អោយ​មិត្ត​រួម​ថ្នាក់​ស្តាប់​​ និង​យុវតី សុទ្ធា ដែល​ចូល​ចិត្ត​ច្រៀង​បទ​ចម្រៀង​កំសត់ ៗ ដោយ​មិន​ចេះ​ហត់​នឿយ ឬ​ធុញ​ទ្រាន់ ។

​ប្រវត្តិជាអ្នកចម្រៀងអាជីព​[កែប្រែ]

ពេល​បាន​មក​ដល់​ក្រុង​ភ្នំ​ពេញ​ដំបូង នៅ​ចុង​ឆ្នាំ ១៩៦៧ យុវតី សុទ្ធា បាន​ចូល​បម្រើ​ជា​អ្នក​ចម្រៀង ជាមួយ​ក្រុម​តន្រ្តី យោធា​ភិរម្យ ក្រសួង​ឃោសនាការ ហើយ​បាន​ចេញ​សម្តែង ជា​សាធារណៈ​ជា​ញឹក​ញាប់ ជា​ដៃ​គូ​សំនៀង​របស់​លោក អ៊ឹម សុងសឺម​ ដែល​តែង​តែ​ផ្តល់​ការ​ជ្រោម​ជ្រែង និង​ការ​ណែ​នាំ​ផ្លូវ​ជីវិត យ៉ាង​កក់​ក្តៅ ដល់​រូប​នាង ហាក់​បី​ដូច​ជា សាច់​ញាតិ​មួយ​រូប​របស់​លោក​ដូច្នោះ ។ កាល​នោះ យុវតី​បាន​ជួល​ផ្ធះ នៅ​ក្បែរ​សាលា​ពៅ​អ៊ុំ ជិត​ផ្ទះ​អ្នក​ស្រី ហួយ មាស ។ ​ ពេល​ទៅ​ធ្វើ​ការ យុវតី​តែង​តែ​​ជិះ​ស៊ីក្លូ​ជា​ប្រចាំ ពុំ​នោះ​សោត នាង​តែង​សណ្តោង​តាម​រថ​យន្ត​របស់​លោក អ៊ឹម សុង​សឺម ដែល​ទៅ​ធ្វើ​ការ​ទី​នោះ​ដែរ ។​ ក្រោយ ៗ មក ដោយ​ទេពកោសល្យ​ដ៏​លេច​ធ្លោ​របស់​នាង យុវតី​បាន​ត្រូវ​គេ​ជ្រើស​រើស​ជា​អ្នក​ចម្រៀង​ប្រចាំ​ការ នៅ​រង្គសាល​មេគង្គ រង្គសាល​បែល​អ៊ែរ នៅ​ពោធិ៍​ចិន​តុង​ ជា​ដើម ។ ​ តាំង​ពី​ពេល​នោះ​មក យុវតី​ក៏​ចាប់​មាន​ទំនាក់​ទំនង​ជាមួយ​តារា​ចម្រៀង​មក​ពី​បាត់ដំបង​ដូច​គ្នា អ្នក​ចម្រៀង​នៅ​ភ្នំ​ពេញ​ ​ និង​អ្នក​ចម្រៀង​ពី​តាម​ខេត្ត​នានា ជា​ច្រើន​ទៀត ​​ ដូច​ជា​លោក​ តូច តេង, លោក សុះ ម៉ាត់, លោក មាស ហុក​សេង, អ្នក​ស្រី ម៉ៅ សារ៉េត, អ្នក​ស្រី កែវ មន្ថា, អ្នក​ស្រី ឈួន ម៉ាឡៃ ជា​ដើម ។​ នៅ​ទី​បំផុត​ យុវតី​យើង ក៏​បាន​ជួប​នឹង​អធិរាជ​សំនៀង​ទេព ស៊ិន ស៊ីសាមុត​ ហើយ​ជីវិត​ជា​អ្នក​ចម្រៀង​វិញ ក៏​កាន់​តែ​លេច​ធ្លោ​អណ្តែត​ឡើង​ថែម​ទៀត យ៉ាង​ឆាប់រហ័ស ហួស​ការ​ស្មាន​ តាំង​ពី​ពេល​នោះ​មក ​។​ រស់ សិរី​សុទ្ធា ឬ រស់ សេរី​សុទ្ធា បាន​ទទួល​ប្រិយភាព និង​ការ​គាំ​ទ្រ​ពេញ​ប្រទេស រួម​ទាំង​មហាក្សត្រ នាម៉ឺន​មុខ​មន្រ្តី និង​ប្រជា​ពលរដ្ឋ​ខែ្មរ​ទាំង​មូល ។ នៅ​ឆ្នាំ ១៩៦៩ អ្នក​ចម្រៀង​វ័យ​ក្មេង​របស់​យើង បាន​ទទួល​គោរម​ងារ​ពី​ព្រះ​ប្រមុខ​រដ្ឋ​ខ្មែរ សម្តេច​ព្រះ​ឧបយុវរាជ នរោត្តម សីហនុ ថា ជា​ រាជិនី​សំនៀង​មាស​ប្រចាំ​កម្ពុជា ។ ដោយ​សារ​ទឹក​ដម​សំនៀង និង​ទេពកោសល្យ​ដ៏​ឆ្នើម យុវតី​ សុទ្ធា បាន​ត្រូវ​លោក​ ស៊ិន ស៊ីសាមុត ណែ​នាំ​ខ្លួន អោយ​ជួប​នឹង​លោក ពៅ ស៊ីផូ, លោក វ៉ោយ ហូរ, លោក ហាស់ សាឡន និង​អ្នក​និពន្ធ​បទ​ភ្លេង អ្នក​លេង​តូរ្យ​តន្ត្រី​យ៉ាង​ចំណាន ៗ ដទៃ​ទៀត​ ដូច​ជា លោក គង្គ​ ប៊ុន​ឈឿន, លោក មែរ ប៊ុន, លោក ហេង ហួរ​វេង​, លោក ម៉ា ឡៅពី, លោក ស្វាយ សំអឿ, លោក អ៊ុំ សុផានុរក្ស ដែល​ជា​ស្វាមី​របស់​អ្នក​ស្រី ហួយ មាស​ ជា​ដើម ។

នៅ​ក្នុង​អំឡុង​ពេល ដែល​យុវនារី សុទ្ធា ដ៏​ស្រស់​សោភា កំពុង​មាន​ឈ្មោះ​បោះសំឡេង ល្បី​ល្បាញ​នោះ មាន​បុរស​មួយ​រូប ជា​ម្ចាស់​រង្គសាល​ព្រះ​ច័ន្ទ​ពេញ​វង់ និង​ជា​កូន​របស់​ថៅកែ​ភាព​យន្ត​មួយ​រូប​ បាន​តាម​ភ្ជាប់​ចំណង​មេត្រីភាព ជាមួយ​រូប​នាង​​ ប៉ុន្តែ​បាន​ត្រូវ​ក្រុម​គ្រួសារ​របស់​លោក តាម​ឆាឆៅ ជំទាស់​ជាប់​រហូត ថែម​ទាំង​តាម​គំរាម​កំហែង ដល់​សុវត្ថិភាព​របស់​នាង ទៀត​ផង ។ ដោយ​ក្តី​រំខាន​ក្នុង​ចិត្ត​ខ្លាំង​ពេក អ្នក​ស្រី​ក៏​សម្រេច​ចិត្ត​រៀប​ការ​យ៉ាង​ទាន់​ហន់​ នៅ​ឆ្នាំ ១៩៦៨ ជាមួយ​លោក សុះ ម៉ាត់ ដែល​ជា​អ្នក​ចម្រៀង​បុរស​ ដែល​មាន​រូប​សង្ហា សម្បូរ​ស្នេហ៍ មួយ​រូប​ដែរ ​ ហើយ​ដែល​កំពុង​តាម​ជួយ​ជ្រោម​ជ្រែង​រូប​នាង អោយ​ក្លាយ​ជា​តារា​រះ​យ៉ាង​ភ្លឺ​ចិញ្ចាច​នៅ​ក្នុង​ផ្ទៃ​កម្ពុជា ។ កាល​ណោះ ក្រុម​គ្រួសារ​សាច់​ញាតិ នៅ​បាត់ដំបង ទាំង​ម្តាយ​និង​បង​ប្អូន មិន​សប្បាយ​ចិត្ត​ទេ​ ព្រោះ​លោក សុះ ម៉ាត់ ធ្លាប់​មាន​ភរិយា​ពីរ​នាក់​រួច​មក​ហើយ ហើយ​ក៏​មិន​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​នារី​ណា​ម្នាក់​ដែរ ។ ប៉ុន្តែ ក៏​គ្មាន​នរណា អាច​ឃាត់​នាង​បាន​ដែរ ព្រោះ​ពួក​គេ​ម្នាក់ ៗ សុទ្ធ​តែ​ជាប់​ជំពាក់​គុណ​បំណាច់​ទំនុក​បម្រុង​របស់ សុទ្ធា គ្រប់ ៗ គ្នា ។​ ម្ល៉ោះ​ហើយ សុទ្ធា ក៏​បាន​ចេញ​មុខ រៀប​ការ​ជាមួយ​លោក សុះ ម៉ាត់ ពេញ​ច្បាប់ ដោយ​មាន​ភរិយា​ដើម​ទាំង​ពីរ​រូប​​របស់​លោក សុះ ម៉ាត់ មក​ចូល​រួម​ពិធី​មង្គល​ការនោះ​ផង ។ ប៉ុនែ្ត ចំណង​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ មិន​មាន​អាយុ​ច្រើន​ខែ​ទេ​ ព្រោះ​លោក សុះ ម៉ាត់ មាន​ចរិត​ប្រច័ណ្ឌ​ច្រើន ហើយ​បាន​ធ្លាប់​ទាត់​ធាក់ វាយ​ដំ​អ្នក​ស្រី សុទ្ធា យ៉ាង​ទារុណ ។ មាន​កាល​មួយ​នោះ ក្រោយ​ពី​រៀប​ការ​ហីយ​បាន ៥ ឬ ៦ ខែ លោក សុះ ម៉ាត់ បាន​ស្ទុះ​ឡើង​ទៅ​​ទះ​តប់​​វាយ​ធ្វើ​បាប​ភរិយា​​យ៉ាង​ដំណំ នៅ​លើ​វេទិកា​ចម្រៀង ក្នុង​ចំណោម​ភ្ញៀវ​កំពុងជប់លៀងអ៊ូអរ ដោយ​សារ​ក្តី​ប្រច័ណ្ឌ​ចំពោះ​ភ្ញៀវ ដែល​និយាយ​លលេង ទៅ​អ្នក​ស្រី ពេល​សម្តែង​នៅ​លើ​ឆាក ។​ ដោយ​មូលហេតុ​នៃ​ការ​វាយ​ដំ​នោះ អ្នក​ស្រី សុទ្ធា បាន​បាត់​បង់​​ទារក​ក្នុង​ផ្ទៃ​មួយ​រូប អាយុ ៥ ខែ គឺ​ក្មេង​ស្លាប់​ទាំង​មិន​ទាន់​បាន​ឃើញ​ពន្លឺ​ព្រះ​អាទិត្យ ។ រី​ឯ​អ្នក​ស្រី​វិញ ក៏​ត្រូវ​រង​របួស​ផ្លូវ​កាយ ដែល​ត្រូវ​ការ​ការ​ព្យាបាល​យ៉ាង​យូរ ទម្រាំ​នឹង​ជា​សះ​ស្បើយ​មក​វិញ ។ ដោយ​ឃើញ​ប្អូន​ស្រី រង​របួស​ធ្ងន់​ពេក អ្នក​សី្រ សាបឿន ជា​បង​ បាន​ជំរុញ​អោយ​អ្នក​ស្រី សុទ្ធា ដាក់​ពាក្យ​ប្តឹង​លែង​លះ តែ​ត្រូវ​លោក សុះ ម៉ាត់ តាម​គំរាម​កំហែង​ រក​សម្លាប់​អស់​មួយ​ពូជ ។ ពេល​នោះ អ្នក​ស្រី សាបឿន កើត​មាន​ចិត្ត​ភិត​ភ័យ ចំពោះ​សុវត្តិភាព​របស់​អ្នក​ស្រី សុទ្ធា ក៏​នាំ​ប្អូន​ត្រឡប់​មក​រស់​នៅ​ឯ​បាត់ដំបង​វិញ ​។ ដំណឹង​នេះ​បានល្បី ទៅ​ដល់​លោក ស៊ិន ស៊ីសាមុត រហូត​ធ្វើ​អោយ​លោក​ចេញ​មុខ​អន្តរាគមន៍ ដោយ​ធ្វើ​ដំណើរ​មក​តាម​រក​អ្នក​ស្រី សុទ្ធា​ ដល់​លំនៅ ឯ​បាត់ដំបង ។​ លោក​បាន​អញ្ជើញ​អ្នក​ស្រី​អោយ​វិល​ត្រឡប់​ទៅ​ច្រៀង​ជាមួយ​លោក​វិញ​ ដោយ​ធានា​សុវត្ថិភាព ១០០ ភាគ​រយ​ដល់​អ្នក​ស្រី ។​ លុះ​ត្រឡប់​មក​ដល់​ភ្នំ​ពេញ​វិញ អ្នក​ស្រី​ក៏​បាន​ប្តូរ​មក​រស់​នៅ​ម្តុំ​វត្ត​នាគវ័ន ដើម្បី​ចៀស​មិន​អោយ​ជួប​មុខ​លោក សុះ ម៉ាត់ ត​ទៅ​ទៀត ហើយ​ក៏​បន្ត​ទេពកោសល្យ ជា​រាជិនី​សំនៀង​មាស​ប្រចាំ​កម្ពុជា ជា​មួយ​លោក ស៊ិន ស៊ីសាមុត និង​ក្រុម​តន្រ្តី ដែល​លោក ស៊ិន ស៊ីសាមុត ណែ​នាំ​តែ​ប៉ុណ្ណោះ ។​ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ស្រី​ក៏​បាន​រស់​នៅ​រក​ស៊ី ដោយ​សុខ​សប្បាយ ហើយ​ចម្រុង​ចម្រើន​រហូត​រៀង​បន្ត​មក ។

ជាង​មួយ​ឆ្នាំ​ក្រោយ​មក​ទៀត នៅ​ចុង​ឆ្នាំ ១៩៦៩ អ្នក​ស្រី សុទ្ធា បាន​ជួប​នឹង​កំលោះ​មួយ​រួប ឈ្មោះ ហ៊ុយ ស៊ីផាន់ ជា​កូន​ប្រុស​របស់​ថៅកែ វណ្ណ ច័ន្ទ ម្ចាស់​ផលិតកម្ម​ថាស​ចម្រៀង​ដ៏​ល្បី​ល្បាញ​ជំនាន់​នោះ​ រួចហើយ​ក៏​ភ្ជាប់​ទំនាក់​ទំនង​ដ៏​ល្អ​នោះ រហូត​ដល់​បាន​កូន​ប្រុស​មួយ ។ អ្នក​ទាំង​ពីរ​រស់​នៅ​សុខ​សាន្ត មាន​សុភមង្គល​ពេញ​លក្ខណៈ មិន​មាន​ការ​រកាំ​រកូស អ្វី​បន្តិច​ឡើយ ​​។ ​ រី​ឯ​មុខ​របរ​រក​ស៊ី​ខាង​ផលិត​បទ​ចម្រៀង​វិញ ក៏​កាន់​តែ​រីក​ចម្រើន​ឡើង ជា​លំដាប់ ។

រវាង​ឆ្នាំ ១៩៧០ អ្នក​ស្រី សុទ្ធា បាន​ជាប់​កំណែន​ជា​សមាជិក​កង​ទ័ព​ឆត្រ​យោង បម្រើ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ ថែម​ទាំង​ជា​នារី​ខ្មែរ​តែ​មួយ​រូប​គត់ ដែល​ហ៊ាន​លោត​ឆត្រ​យោង​ពី​លើ​អាកាស ក្នុង​ប្រវត្តិសាស្រ្ត​កម្ពុជា ។ ពេល​នោះ កិត្តិសព្ទ​របស់​អ្នក​ស្រី ក៏​កាន់​តែ​មាន​ប្រជាប្រិយភាព រីក​សុះ​សាយ​ថែម​ទៀត តាម​រយៈ​ការ​ផ្សាយ​តាម​កាសែត តាម​វិទ្យុ និង​តាម​ទូរទស្សន៍ អំពី​សកម្មភាព​លោត​ឆត្រ​យោង​របស់​អ្នក​ស្រី ។ ​ ឯ​រូប​សោភ័ណ​របស់​អ្នក​ស្រី និង​សំនៀង​របស់​អ្នក​ស្រី​ ក៏​កាន់​តែ​ក្លាយ​ជា​ទី​ចាប់​ចិត្ត ចាប់​អារម្មណ៍ នៃ​មនុស្ស​ផង​ទាំង​ពួង​ រួម​ទាំង​លោក​ឧត្តមសេនីយ ស្រី យ៉ា ដែល​ជា​មេ​បញ្ជាការ​កង​ទ័ព​ឆត្រ​យោង មាន​ទី​តាំង​នៅ​ជិត​បណ្ឌិត​រាជសភា និង​មហាវិទ្យាល័យ​មនុស្សសាស្រ្ត នោះ​ទៀត​ផង ។

នៅ​ថ្ងៃ​មួយ ក្នុង​ឆ្នាំ ១៩៧១ មាន​ក្រុម​ទាហាន​មួយ​ហ្វូង បើក​ឡាន​ហ្ស៊ីប​ចូល​មក​អញ្ជើញ​អ្នក​ស្រី​ចេញ​ពី​ផ្ទះ នាំ​ខ្លួន​អ្នក​ស្រី ទាំង​កណ្តាល​យប់ ទៅ​ជូប​លោក​ឧត្តមសេនីយ ស្រី យ៉ា​​ ហើយ​បាន​ត្រូវ​ឃាត់​ខ្លួន​ទុក​នៅ​ទី​នោះ មិន​អោយ​ត្រឡប់​មក​ផ្ទះ​វិញ​ឡើយ ។ ពេល​នោះ បង​ប្រុស​របស់​អ្នក​ស្រី ឈ្មោះ​ លោក រស់ សុគុណ បាន​ចេញ​មុខ​ជំនួស​លោក ស៊ីផាន់ សូម​ធានា​យក​ខ្លួន​របស់​អ្នក​ស្រី សុទ្ធា ត្រឡប់​មក​ផ្ទះ​វិញ តែ​ក៏​ត្រូវ​លោក ស្រី យ៉ា គំរាម​កំហែង ចង់​យាយី​ជីវិត​របស់​លោក ស៊ីផាន់ ទៀត​ផង ។​ ដោយ​ការ​ភិត​ភ័យ​ខ្លាំង​ពេក លោក​ហ៊ុយ ស៊ីផាន់ បាន​នាំ​កូន​ប្រុស គេច​ខ្លួន​ទៅ​រស់​នៅ​ប្រទេស​បារាំង រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។​

កាល​នោះ ភរិយា​ដើម​របស់​លោក ស្រី យ៉ា មាន​រោគ​ស្រ្តី មិន​អាច​មាន​បុត្រ​បាន​ ទើប​លោក ស្រី យ៉ា​ បាន​ប្រើ​អំណាច​បង្ខំ​ចាប់​យក​អ្នក​ស្រី សុទ្ធា មក​ធ្វើ​ជា​ភរិយា​ចុង​តែ​ម្តង​ទៅ ។ ពេល​ដែល​បាន​មក​រស់​នៅ​ជាមួយ​លោក ស្រី យ៉ា អ្នក​ស្រី សុទ្ធា បាន​សុំ​យក​បង​ប្រុស​ រស់ សុគុណ និង​ប្អូន​ស្រី​ពៅ រស់ សោភ័ណ មក​រស់​នៅ​ជាមួយ ហើយ​ក៏​ជួយ​បណ្តុះ​បណ្តាល​បង​ប្អូន អោយ​មាន​អាជីព​នឹង​គេ ។ នៅ​ពេល​នោះ រស់ សោភ័ណ ក៏​បាន​ចាប់​អាជីព​ជា​អ្នក​ចម្រៀង​ ​ ដោយ​ប្រតិស្ឋ​នាម​ថ្មី​ថា រស់ សិរី​សោភ័ណ ក្រោយ​មក ក៏​បាន​ជួប​នឹង លោក អ៊ុក ស៊ីណារ៉េត ដែល​ជា​អ្នក​តូរ្យ​តន្រ្តី​មួយ​រូប នៅ​ភ្នំពេញ ហើយ​ក៏​បាន​រៀប​ការ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ទៅ ។

នៅ​អំឡុង​បួន​ឆ្នាំ ដែល​អ្នក​ស្រី សុទ្ធា រស់​នៅ​ជាមួយ​លោក ស្រី យ៉ា អ្នក​ស្រី​មាន​បុត្រ​បួន​រូប ។ មាន​ពេល​ខ្លះ អ្នក​ស្រី​ សុទ្ធា ត្រូវ​ជិះ​យន្ត​ហោះ​ចេញ​ក្រៅ​ប្រទេស ជាមួយ​លោក ស៊ិន ស៊ីសាមុត, អ្នក​ស្រី ប៉ែន រ៉ន, អ្នក​ស្រី ហួយ មាស, លោក​វ៉ោយ ហូរ, លោក ហាស់ សាឡន​​ ជា​ដើម ដើម្បី​ទៅ​ថត​ចម្រៀង​កាស្សែត ដូច​ជា នៅ​ប្រទេស​សាំងកាពួរ​ ឬ​ហុង​កុង ជា​ដើម ។ ប៉ុន្តែ អ្នក​ស្រី​មិន​សូវ​បាន​ទទួល​ការអនុញ្ញាត​ពី​លោក ស្រី យ៉ា ដើម្បី​ចេញ​បង្ហាញ​ថ្វី​ដៃ​តាម​វិទ្យុ​ជាតិ ទូរទស្សន៍​ជាតិ​​ ឬ​តាម​ពិធី​ជប់​លៀង​ពិសេស​នានា​យ៉ាង​សេរី​ ដូច​មុន​ឡើយ ។ នៅ​ចុង​ឆ្នាំ ១៩៧៤ រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ចរាចរណ៍​ក្រុង​ភ្នំ​ពេញ នៅ​ពេល​យប់​ ដោយ​មូលហេតុ​សង្រ្គាម​ដុន​ដាប រវាង​កង​ទ័ព​សាធារណរដ្ឋ​ខ្មែរ និង​កង​ទ័ព​ខ្មែរ​ក្រហម ។​ ពេល​នោះ អ្នក​ស្រី សុទ្ធា បាន​សុំ​លោក ស្រី យ៉ា នាំ​កូន ៗ ទៅ​នៅ​បាត់ដំបង​មួយ​រយៈ​ ដើម្បី​រក្សា​សុវត្ថិភាព​ផង ។ ណា​មួយ នៅ​ទី​នោះ រង្គសាល​ក៏​នៅ​មាន​បើក នៅ​ពេល​យប់​នៅ​ឡើយ​ ដូច្នេះ​អ្នក​ស្រី​អាច​នៅ​ចេញ​ច្រៀង​បម្រើ​ទេពកោសល្យ​របស់​ខ្លួន ជា​ជាង​រស់​នៅ​ជា​បក្សី​ក្នុង​ទ្រុង​មាស ឯ​ភ្នំ​ពេញ​ផង ។ ម្យ៉ាង​ទៀត នៅ​ពេល​នោះ អ្នក​ស្រី​បាន​ចូល​សម្តែង​ជា​តូ​ឯក​រង នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ខ្មែរ​មួយ​រឿង ពេល​ដែល​ត្រូវ​យំ ហើយ​ត្រូវ​ចេញ​មក​បង្ហាញ​ខ្លួន នៅ​លើ​វេទិកា ចំពោះ​មុខ​ទស្សនិកជន​ទាំង​ឡាយ មុន​នឹង​ពេល​ភាព​យន្ត​ចាប់​បញ្ចាំង ជា​លើក​ដំបូង​នៅ​ក្រុង​បាត់ដំបង ។ កាល​នោះ លោក ស្រី យ៉ា មាន​ការ​ទើស​ទាល់​ក្នុង​ចិត្ត​ណាស់ ប៉ុន្តែ​ដោយ​ចង់​រក្សា​សុវត្ថិភាព​អោយ​កូន ៗ​ លោក​ក៏​បណ្តោយ​អោយ​អ្នក​ស្រី​នាំ​កូន​ទៅ ។ មិន​បាន​ប៉ុន្មាន​អាទិត្យ​ផង លោក​ក៏​បាន​បញ្ជា​អោយ​គេ​នាំ​ខ្លួន​អ្នក​ស្រី សុទ្ធា និង​កូន​ចៅ​ត្រឡប់​មក​ភ្នំ​ពេញ​វិញ ។

​ភាតរមិត្តភាពនិងសន្តានចិត្ត​[កែប្រែ]

ខ្ញុំ​នឹក​ឃើញ​ដល់​អនុស្សាវរីយ៍​ពិសេស​មួយ រវាង​ខ្ញុំ ជាមួយ​អ្នក​ស្រី រស់ សិរីសុទ្ធា គឺ​នៅ​ថ្ងៃ ដែល​គេ​ចាប់​បញ្ចាំង​ខ្សែ​ភាព​យន្ត​រឿង ពេល​ដែល​ត្រូវ​យំ នោះ ខ្ញុំ​បាន​នាំ​ប្អូន ៗ និង​ញាតិ​មួយ​ហ្វូង​ធំ ទៅ​ជួប​អប​អរ​សាទរ ។ ចៃដន្យ ខ្ញុំ​ពាក់​អាវ​ម៉ូដ​តែ​មួយ ព័ណ៌​តែ​មួយ ដូច​អ្នក​ស្រី រស់ សិរី​សុទ្ធា ដែរ ធ្វើ​អោយ​គេ​ទាំង​ឡាយ​ច្រឡំ​មួយ​ស្របក់​ថា​ ខ្ញុំ​នេះ​ត្រូវ​ជា​តួ​អង្គ​ត្រូវ​បង្ហាញ​ខ្លួន នៅ​លើ​ឆាក​នឹង​គេ​ដែរ តែ​ការ​ពិត​ គ្រាន់​តែ​ជា​ការ​ចៃដន្យ​សោះ ។ កាល​ណោះ បើ​សិន​ខ្ញុំ​នេះ​មាន​ទេពកោសល្យ ចេះ​ច្រៀង​ចម្រៀង​ដែរ​នោះ ម៉្លេះ​សម​ត្រូវ​គេ​ចាប់​អោយ​ឡើង​ឆាក ជាប់​ប្រវត្តិសាស្រ្ត​និង​កំប្លែង​សប្បាយ​នឹង​គេ​ទៅ​ ហើយ។

ខ្ញុំ​ក៏​ចាំ​បាន​ដែរ​ថា រៀង​រាល់​ពេល​ដែល​អ្នក​ស្រី សុទ្ធា វិល​ត្រឡប់​មក​បាត់ដំបង​ម្តង ៗ មិន​ថា​ពេល​ណា វេលា​ណាេ​ទេ អ្នក​ស្រី​តែង​តែ​ចូល​ជម្រាប​សួរ​សុខ​ទុក្ខ​លោក​ឪពុក​អ្នក​ម្តាយ​របស់​ខ្ញុំ ជា​និច្ច មាន​កាល​រហូត​ដល់​មានច្រៀង​ចម្រៀង​ពិសេស ៗ ជូន​លោក​ស្តាប់​ផ្ទាល់​ថែម​ទៀត​ផង ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាល​នោះ មាន​សាច់​ញាតិ​របស់​ខ្ញុំ​ខ្លះ ជា​អតីត​មិត្ត​ជំនិត​រួម​ថ្នាក់ ជាមួយ​អ្នក​ស្រី សុទ្ធា តែង​ចំណាយ​ពេល​រួម​គ្នា នៅ​ដី​ភូមិ​របស់​ខ្ញុំ បរិភោគ​អាហារ​ជុំ​គ្នា ហើយ​អ្នក​ស្រី​តែង​តំណាល​រឿង​ជីវីត​​របស់​អ្នកស្រី អោយ​ស្តាប់ ថា តើ​ថា​ មុន​នឹង​ក្លាយ​ជា​តារា​រះ​នៅ​ភ្នំ​ពេញ​នោះ តើ​ជីវិត​អ្នក​ស្រី មាន​សភាព​ដូច​ម្តេច​ខ្លះ ។ អ្នក​ស្រី​ជា​មនុស្ស​រួស​រាយ ទន់​ភ្លន់ រាក់​ទាក់​ណាស់ មិន​ចេះ​វាយ​ឫក​ឆ្មើង​កន្រ្ទើង​ដូច​ជា​តារា​ដទៃ​ទៀត​ខ្លះ ៗ ឡើយ គឺ​អ្នក​ស្រី​នៅ​រក្សា​ភាព​សាមញ្ញ ដូច​ដើម​ដដែល ពេល​មក​ដល់​ស្រុក​ភូមិ​របស់​ខ្លួន មិន​មាន​ប្តូរ​ចរិត​ទេ​​ តាំង​ពី​រឿង​ហូប​ចុក ដេក​ពួន​ឡើង​ទៅ ។ អ្វី​ដែល​ប្លែក គឺ​អ្នក​ស្រី​បាន​ជួយ​ផ្លាស់​ប្តូរ​ជីវភាព​ក្រុម​គ្រួសារ ឯ​ស្រុក​កំណើត អោយ​បាន​ជួប​នូវ​ភាព​រុង​រឿង​ថ្កុំ​ថ្កើង មាន​មុខ​មាត់​ប្រសើរ​ជាង​មុន មិន​អោយ​ញាតិ​ទាំង​ឡាយ​សើច​យំ​បាន​ដូច​មុន​តទៅ​ទៀត​ឡើយ ។ អ្នក​ស្រី​បាន​ជួយ បណ្តុះ​បណ្តាល​សាច់​ញាតិ​របស់​ខ្លួន អោយ​មាន​តម្រិះ​វិជ្ជា និង​មាន​ការ​ងារ​ធ្វើ​សម​រម្យ មាន​កិត្តិនាម​ក្នុង​សង្គម ។ មាន​ក្មួយ ៗ របស់​អ្នក​ស្រី​ខ្លះ ក៏​បាន​ប្រឡង​ជាប់​មធ្យមសិក្សា ហើយ​បាន​ត្រូវ​អ្នក​ស្រី​ទំនុក​បម្រុង​ រហូត​ដល់​បាន​បន្ត​ការ​សិក្សា​ខ្ពង់​ខ្ពស់​នៅ​ភ្នំពេញ​ថែម​ទៀត​ផង ។​ ការ​ដែល​អ្នក​ស្រី​រក្សា​ភាព​ជា​មនុស្ស​កតញ្ញូ​ ​ ហើយ​មាន​ភក្តីភាព​ចំពោះ​ម្តាយ​ និង​បង​​ប្អូន សាច់​សន្តាន​ក្រី​ក្រ ព្រម​ទាំង​ញាតិ​មិត្ត ជា​ច្រើន​ទៀត​នេះ​ហើយ ដែល​ធ្វើ​អោយ​អ្នក​ស្រី​បាន​ទទួល​នូវ​ការ​កោត​សរសើរ នូវ​ប្រជាប្រិយភាព និង​ការ​ស្វាគមន៍​​យ៉ាង​កក់​ក្តៅ ពី​សំណាក់​ទស្សនិកជន និង​ញាតិ​ទាំង​ឡាយ ពេល​អ្នក​ស្រី​ឈាន​ជើង​​ចូល​ស្រុក​កំណើត​ម្តង ៗ ។

​ប្រវត្តិ​​នៅ​ជំនាន់​ខ្មែរ​ក្រហម ១៩៧៥[កែប្រែ]

ថ្ងៃ ១៧ មេសា ១៩៧៥ លោក ស្រី យ៉ា ជា​ស្វាមី​ ក៏​បាត់​ខ្លួន​ទៅ នៅ​ពេល​ប្រតិបត្តិការ​លើ​សមរភូមិ ។ ចំណែក​អ្នក​ស្រី សុទ្ធា និង​កូន​ទាំង​បួន បង​ប្រុស រស់ សុគុណ​​ ព្រម​ទាំង​ភរិយា និង​បុត្រ​ម្នាក់ អ្នក​ស្រី រស់ សិរីសោភ័ណ និង​ស្វាមី ព្រម​ទាំង​បុត្រ​មួយ​រួប ​រួម​ទាំង​បុត្រ​ពីរ​នាក់​ទៀត​របស់​អ្នក​ស្រី សំបឿត ជា​បង ដែល​ស្នាក់​នៅ​ជាមួយ រួម​ទាំង​អស់ ១៤ នាក់ បាន​ត្រូវ​អង្គការ​ខ្មែរ​បដិវត្តន៍​ ជម្លៀស​ចេញ តាម​ផ្លូវ​ជាតិ​លេខ ៤​ សំដៅ​ទៅ​កំពង់​ស្ពឺ ។ ដោយ​មូលហេតុ​ដាច់​ស្បៀង ថ្នាំ​សង្កូវ និង​ការ​លំបាក​នានា កូន​ទាំង​បួន​រូប​របស់​អ្នក​ស្រី សុទ្ធា បាន​ស្លាប់​ម្តង​មួយ ៗ ជា​បន្ត​បន្ទាប់​អស់​ទៅ នៅ​សល់​តែ​អ្នក​ស្រី សុទ្ធា ម្នាក់​ឯង ។​ ក្រោយ​មក​ទៀត​ អង្គការ​ក៏​ចាប់​បំបែក​ញែក​សាច់​ញាតិ​របស់​អ្នក​ស្រី ចេញ​ឆ្ងាយ​ពី​គ្នា​អស់​រលីង នៅ​សល់​តែ​ប្អូន​ស្រី រស់ សោភ័ណ តែ​ម្នាក់ ដែល​អង្គការ​ចាប់​បញ្ជូន​អោយ​ទៅ​នៅ​ភូមិ​ត្រពាំង​ផ្លុង​ ឃុំ​ដំបូក​រូង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់​ស្ពឺ ជាមួយ​អ្នក​ស្រី​សុទ្ធា ។

តាម​សំដី​អ្នក​ស្រី ទីវ ហេង ដែល​ជា​សាក្សី​ម្នាក់ ធ្លាប់​រស់​នៅ​ជាមួយ​អ្នក​ស្រី សុទ្ធា សម័យ​ខ្មែរ​ក្រហម បាន​មាន​ប្រសាសន៍ តាម​ការ​សម្ភាសន៍ ជាមួយ​ទស្សនាវដ្តី ឥន្រ្ទទេវី ថា អ្នក​ស្រី សុទ្ធា ​បាន​លាក់​ខ្លួន រស់​នៅ​យ៉ាង​សាមញ្ញ ធ្វើ​ការ​វេទនា ដូច​គេ​ដូច​ឯង មិន​មាន​យោធា​ខ្មែរ​ក្រហម​ណា អាច​ចាប់​ភ្លឹក​បាន​ទេ​ថា អ្នក​ស្រី​ជា​អតីត​តារា​ដ៏​ឆើត​នៃ​កម្ពុជា ។ ប៉ុន្តែ អ្វី​ដែល​មិន​អាច​លាក់​បាន គឺ និស្ស័យ​របស់​អ្នក​ស្រី ខាង​ផ្នែក​ចម្រៀង​នោះ​តែ​ម្តង ។

នៅ​ក្នុង​សម័យ​នោះ អ្នក​ស្រី​ចូល​ចិត្ត​ច្រៀង​លេង​កំដរ​ញាតិ ពេល​សម្រាក​ពី​ការ​ងារ​មួយ​ភ្លែត ៗ ដើម្បី​រំដោះ​អារម្មណ៍​ទុក្ខ​សោក​របស់​ អ្នក​ស្រី​ពី​ក្នុង​បេះ​ដូង​ផង ដើម្បី​ចែក​ញាតិ​ស្តាប់​លេង អោយ​ស្បើយ​ការ​នឿយ​ហត់​ផង ។ ចៃដន្យ អ្នក​ស្រី​មិន​ហ៊ាន​ច្រៀង​បទ​សម័យ​ពី​មុន ៗ តាម​អត្ថន័យ​ចាស់​ទាំង​ស្រុង​ទេ ច្រើន​តែ​ច្នៃ​កែ​ប្រែ​ពាក្យ​ពេចន៍​ ដើម្បី​តម្រូវ​ទៅ​តាម ទិស​ដៅ​របស់​អង្គការ​បដិវត្តន៍ ។​ បើ​មិន​ដូច្នោះ​ទេ អ្នក​ស្រី​នឹង​ជាប់​ទោស ត្រូវ​អង្គការ​កម្ទេច​ជីវិត​ចោល ។ ក្រោយមក ពេល​ដែល​ដឹង​ថា​ អ្នក​ស្រី​ចេះ​ច្រៀង​ពិរោះ ក្រុម​យោធា​អង្គការ​ក៏​ចាត់​តាំង​អោយ​អ្នក​ស្រី​ច្រៀង​ចម្រៀង​អង្គការ​បដិវត្តន៍ ដើម្បី​បម្រើ និង​លើក​តម្កើង​ប្រយោជន៍​ជូន​អង្គការ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ។ ម្ល៉ោះ​ហើយ អ្នក​ស្រី​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​​ ក្នុង​ការ​ប្រើ​ពាក្យ​ពេចន៍​ជា​ទំនុក​ច្រៀង ។ អ្នក​ស្រី​តែង​តែ​កាន់​សៀវភៅ​តូច​មួយ ដាក់​តាម​ខ្លួន សម្រាប់​កត់​ត្រា​ទុក​នូវ​បទ​ចម្រៀង ដែល​អង្គការ​តម្រូវ​មក​អោយ​ច្រៀង ។

នៅ​ឆ្នាំ ១៩៧៧ វេលា​ចូល​ឆ្នាំ​ខ្មែរ អ្នក​ស្រី សុទ្ធា បាន​ត្រូវ​អង្គការ​បដិវត្តន៍ ចាប់​បង្ខំ​អោយ​រៀប​ការ ជាមួយ​យោធា​មួយ​រូប​ ដែល​ពិការ​ដៃ​ម្ខាង មាន​ឈ្មោះ​ថា សមមិត្ត ត្រោក ជា​កង​កម្មាភិបាល​ជាន់​ខ្ពស់ មួយ​រូប របស់​អង្គការ ។​ ប៉ុន្តែ ជីវិត​អាពាហ៍ពិពាហ៍​ថ្មី​នេះ មិន​បាន​នាំ​សុភមង្គល​ល្អ​ប្រសើរ​អ្វី​ដល់​អ្នក​ស្រី​ សុទ្ធា ទេ ។ ផ្ទុយ​ទៅ​វិញ អ្នក​ស្រី​ត្រូវ​រស់​រង​ទុក្ខ​ជា​ប្រចាំ​ ត្បិត​បុរស​នោះ​កើត​ក្តី​ប្រច័ណ្ឌ​ចំពោះ​អ្នក​ស្រី នៅ​គ្រប់​វេលា​ទាំង​អស់ ដែល​អ្នក​ស្រី​ទទួល​ការ​សរសើរ​រាក់​ទាក់​ពី​ញាតិ​ផង ពេល​អ្នក​ស្រី​ឡើង​ចេញ​ច្រៀង នៅ​មីទីង​របស់​អង្គការ ឬ​នៅ​ទី​ណា ដែល​អង្គការ​ចាត់​តាំង​ អោយ​ទៅ​បំពេញ​កិច្ច ។​ ដោយ​ការ​ប្រច័ណ្ឌ​ហួង​ហែង​ខ្លាំង​ហួស​ប្រមាណ មិត្ត ត្រោក តែង​ប្រើ​ហិង្សា វាយ​ដំ​អ្នក​ស្រី​ជា​និច្ច ។ ចំណែក​អ្នក​ស្រី​វិញ មិន​អាច​តប​ត​ ឬ​រត់​គេច​បាន​ឡើយ ដោយ​ខ្លាច​បារមី​របស់​អង្គការ​ខ្មែរ​ក្រហម ហើយ​ជីវិត​អាពាហ៍ពិពាហ៍​នោះ មិន​មាន​អាយុ​ច្រើន​ខែ​ដែរ ។​ ដោយ​ជម្លោះ​ក្ឌុង​ក្ឌាំង​ញឹក​ញាប់​ពេក អង្គការ​ខាង​លើ​បាន​ហៅ​អ្នក​ស្រី ទៅ​កសាង​អប់​រំ​​ ដោយ​រំលឹក​អោយ​អ្នក​ស្រី គោរព​ស្វាមី​ មិន​អោយ​ឆ្លើយ​តប​ត​ មាន​មាត់​ក​ មាន​ហិង្សា ជាមួយ​លោក​យោធា​​កម្មាភិបាល​នោះ​ត​ទៅ​ទៀត ។ ប៉ុន្តែ អ្នក​ស្រី​តាំង​ចិត្ត​អត់​ធ្មត់​មិន​បាន ត្បិត​ត្រូវ​ស្វាមី​វាយ​ដំ​ជេរ​ប្រទេច​ច្រើន​ហួស​ប្រមាណ ក៏​តប​ត​ដោយ​សំដី​ខ្លះ ៗ ត្រឡប់​ទៅ​វិញ ដែល​ជា​ហេតុ​បណ្តាល​អោយ​អង្គការ​លើ ចាប់​ដាក់​ទោស បញ្ជូន​ខ្លួន អោយ​ទៅ​ធ្វើ​ការ នៅ​ភូមិ​មួយ​ផ្សេង​ទៀត​ នៅ​រវាង​ពាក់​កណ្តាល​ឆ្នាំ ១៩៧៧ ។ ​ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គ្មាន​នរណា​ម្នាក់​បាន​ដឹង​ដំណឹង​ពីអ្នក​ស្រី​ទៀត​ឡើយ ។

កាល​នៅ​សម័យ​នោះ ពេល​មាន​អ្នក​ស្រុក​ណា​ម្នាក់ ត្រូវ​អង្គការ​ចាត់​តាំង​អោយ​ទៅ​កាប់​ព្រៃ ឬ​ទៅ​បម្រើ​អង្គការ​នៅ​តំបន់​ថ្មី នោះ​មានន័យ​ថា​ អ្នក​ស្រុក​រូប​នោះ ជា​ជន​ដែល​ត្រូវ​អង្គការ សំឡេះ​ជីវិត​ចោល ដោយ​គ្មាន​ត្រា​ប្រណី​ឡើយ ។ ​ រី​ឯ​សាច់​ញាតិ​វិញ ក៏​មិន​ដែល​បាន​ដឹង​ថា​ អ្នក​ស្រុក​រូប​នោះ ត្រូវ​អង្គការ​ប្រហារ​ជីវិត​ចោល នៅ​ឯ​ណា​ដែរ ។

សាច់​ញាតិ​របស់​អ្នក​ស្រី សុទ្ធា ដែល​នៅ​សេស​សល់ មាន​លោក​យាយ រស់ សំបឿត,​ លោក​យាយ រស់ សំបឿន និង​កូន​ចៅ នៅ​ភូមិ​ដំណាក់​ហ្លួង ឃុំ​ទួល​តា​ឯក ក្រុង​បាត់ដំបង ហើយ​និង​អតីត​ស្វាមី​របស់​អ្នក​ស្រី ឈ្មោះ​ លោក ហ៊ុយ ស៊ីផាន់ និង​កូន​ប្រុស​មួយ​រូប ដែល​សព្វ​ថ្ងៃ មាន​វ័យ​ប្រហែល​ជិត ៤០ ឆ្នាំ​ហើយ​ រស់​នៅ​ឯ​ប្រទេស​បារំាង ។

(ព័ត៌មាន​របស់​ខ្ញុំ ដែល​សុំ​កែ​ប្រែ​ និង​បន្ថែម​ក្រោយ ឈ្មោះ ម៉ូនិសា) តែ​ទោះ​ជា​យ៉ាងណា ដន្លង​របស់​ឪពុក​ម្ដាយ​ខ្ញុំ​ ដែល​ធ្លាប់​បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត នៅ​ឆ្នាំ ១៩៨០ បាន​ប្រាប់​ខ្ញុំ​ថា តារា​ចម្រៀង​ដ៏​ល្បី​ល្បាយ​រូប​នេះ ទទួល​មរណភាព​នៅ​ទី​នោះ ដោយ​សារ​មហារីក​បំពង់​ក នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​នៅ​ឆ្នាំ ១៩៨០ នោះ ។)

​ឯកសារយោង[កែប្រែ]

- មាសស្រោបនគរ ភាគមួយ​ ដោយលោក សេង តារា

-​ ប្រវត្តិជីវិតសិល្បករខ្មែរ ដោយ​លោក នួន សុភក្ត្រ បុគ្គលិកស្ថានីយ៍វិទ្យុជាតិ

-​ ទស្សនាវដ្តី ឥន្រ្ទទេវី

- ទស្សនាវដ្តី ប្រជាប្រិយ

- ទស្សនាវដ្តី ខ្មែរអប្សរា

- ទស្សនាវដ្តី អង្គរធំ

- ទស្សនាវដ្តី តារា

បទ​ចម្រៀង​ទោល[កែប្រែ]

សូម​អ្នក​ស្រី​មេត្តា​កែ​ប្រែ​ឡើង​វិញ ពីព្រោះ​ក្រោយ​ពេល​ខ្ញុំ​បាន​មើល​រួច ហើយ​ឃើញ​ថា មាន​កន្លែង​ច្រើន ខុស​ច្រើន​ណាស់ គឺ​នៅ​ត្រង់​កន្លែង​ចំណង​ជើង​បទ​ចម្រៀង សូម​មេត្តា​ទាក់​ទង​មក​ខ្ញុំ ០៩ ៧៩ ២២ ៦៤ ៧១ នេះ សុទ្ធ​ជា​អ្នក​ស្រលាញ់​បទ​ខ្មែរ​ពី​ដើម ។ សូម​អរគុណ ! (ចម្លើយ​ជូន​លោក ០៩ ៧៩ ២២ ៦៤ ៧១ ពី​ខ្ញុំ ច័ន្ទបូរណ៍ ៖ បើ​លោក​បាន​ប្រទះ​ឃើញ​ភាព​ខ្វះ​ខាត សូម​ជួយ​កែ​លើ​ទំព័រ​យើង​នេះ​តែ​ម្តង​ផង មិន​ចាំ​បាច់​រាយ​ការណ៍​មក​ខ្ញុំ​ទេ ព្រោះ​ឈ្មោះ​បទ​ចម្រៀង​ទាំង​ឡាយ​នេះ ជា​ស្នា​ដៃ​ដែល​បង​ប្អូន​ខ្មែរ​យើង​ទាំង​ឡាយ បាន​នាំ​គ្នា​ជួយ​បញ្ចូល​នៅ​លើ​ទំព័រ​នេះ មិន​មែន​ដោយ​ស្នា​ដៃ​ខ្ញុំ​ធ្វើ​ម្នាក់​ឯង​ឡើយ ព្រោះ​ខ្ញុំ​បាន​បន្ថែម​តែ​ចំណង​ជើង​ពីរ​បី​បទ​ប៉ុណ្ណោះ ។ សូម​កុំ​ភ្លេច​ជួយ​សរសេរ​ឈ្មោះ​ចម្រៀង​បន្ថែម អោយ​បាន​ច្រើន​ផង បើ​សិន​ជា​អាច ។ សូម​អរគុណ​ចំពោះ​សមានចិត្តដ៏​ទូលាយ​របស់​លោក ។) មាន​បទ « អ្នក​កាត់​សក់​ដៃ​ឯក » ខ្ញុំ​គិត​ថា ដូច​ជា​ច្រៀង​ដោយ​លោក​តា សាមុត ? (ឆ្លើយ​តប​នឹង​បង រូប​ខ្ញុំ​ក៏​ចូល​ចិត្ត​បទ​ចាស់ ៗ ដែរ បទ​អ្នក​កាត់​សក់​ដៃ​ឯក​ ក៏​ច្រៀង​ដោយ​អ្ន​កស្រី រស់ សិរី​សុទ្ធា ដែរ)

  • កត្តិក​ដល់​ហើយ
  • កន្លង់​ក្នុង​សួន
  • កន្សែង​ក្រហម
  • កម្លោះ​កូន​ប្រាំ
  • កូន​ស្រី​អ្នក​នេសាទ
  • កេង​កង​អភ័ព្វ
  • កុំ​ហៅ​ឈ្មោះ​អូន
  • កុំ​ព្រួយ​ពី​ស្នេហ៍
  • ក្មេង​ល្អ
  • កុំ​ជឿ​ចិត្ត​ប្រុស ស្តាប់
  • កុំ​ថើប​អូន​អី
  • កុំ​នឹក​អូន​អី
  • កន្លង់​មាស
  • ក្រមុំ​ភ័យ​អរ
  • ក្រោម​មេឃ​វេរា
  • ក្លិន​ជាប់​នាសា
  • ក្លិន​ស្នេហ៍
  • ក្អែក​ហើរ​កាត់​ស្ទឹង

  • ខឹង​នឹង​បង​ហើយ
  • ខ្ញុំ​អៀន​ណាស់
  • ខ្នើយ​ប៉ាក់

  • គន់​មើល​ទៅ​មេឃ
  • គូ​ព្រេង​អ្នកណា ?
  • គួរ​អាណិត​ដែរ
  • គេង​ទៅ​ គេង​ទៅ
  • គេច​សន្យា
  • គ្រាន់​តែ​ឃើញ​បង​ភ្លាម
  • គ្រាន់​តែ​ឃើញ​ប្រុស​ស្នេហ៍

  • ឃើញ​តែ​កន្សែង
  • ឃើញ​ស្នេហ៍​ខ្ញុំ​ទេ

  • ចង់​តែ​ហែក​ខាំ
  • ចង់​ទៅ​រក​អ្នក​ម្តាយ
  • ចង់​រាំ​ជាមួយ​បង
  • ចង់​អោយ​បង​នៅ​ជិត
  • ច័ន្ទ​រះ​ផ្លាស់​វេន
  • ចម្លើយ​ព្រហ្មណី
  • ចាស់​ជូរ​អែម
  • ចិត្ត​ដែល​ស្រលាញ់
  • ចិត្ត​ស្នេហ៍​តែ​បង
  • ចិត្ត​ឥត​មេត្តា
  • ចុតហ្មាយមច្ចុរាជ
  • ចូល​ឆ្នាំ​ថ្មី
  • ចោល​សាច់​ស្រវា​ឆ្អឹង
  • ចំពោះ​ស្រី​ណា
  • ចំរៀង​ព្រហ្មលិខិត
  • ចំរៀង​លា​គ្នា
  • ចំរៀង​ស្នេហ៍​ខ្ញុំ
  • ចំរៀង​ស្នេហា
  • ចំរៀង​យុវវ័យ
  • ចំរៀង​សួគ៌ា
  • ចំរៀង​ស្នេហ៍​យើង
  • ចំរៀង​អវសាន
  • ចាំ​ដប់​ខែ​ទៀត
  • ចាំ​ថ្ងៃ​វិល​វិញ
  • ចាំ​នៅ​តែ​ចាំ
  • ចាំ​យប់​ជួប​គ្នា
  • ចាំ​លុះ​សូន្យ
  • ចាំ​លុះ​អវសាន
  • ចាំ​ស្នេហា
  • ច្បារ​មន​រឿង​ខ្ញុំ

  • ឆ្នាំងចាស់បាយឆ្ងាញ់
  • ឆ្នាំថ្មីមកដល់ហើយ
  • ឆ្នាំអូន ១៥
  • ឆ្នាំអូន ១៦

  • ជីវិតអនាថា
  • ជួបគ្នាក្រោមដួងច័ន្ទ
  • ជំនោរប៉ៃលិន
  • ជ្រោះស្នេហ៍កម្ម
  • ជ្រោះអូរយ៉ាដា

  • ឈប់ស្រឡាញ់មិនបាន
  • ឈប់ស្រឡាញ់អូនទៅ
  • ឈូករ័ត្នស្នេហា

  • ញ៉ាំស្រាព្រោះអ្វី ?

  • ដងស្ទឹងស្នេហា
  • ដួងចិត្តអូនព្រួយ

  • តាជូជក់
  • តាមតែវាសនា
  • តូចចិត្តព្រោះស្នេហ៍
  • តើបងចាំអូនទេ
  • ត្រពាំងពាយ
  • ត្រពាំងសាបកុលាបរោយ

  • ថ្ងៃណាបងវិលវិញ
  • ថ្ងៃត្រង់គ្រលួច
  • ថ្ងៃថ្មីទុក្ខថ្មី
  • ថ្ងៃនេះខ្ញុំញ៉ាំស្រា
  • ថ្ងៃព្រាត់យប់ជួប
  • ថ្ងៃលិចអូនស្រណោះ
  • ថ្ងៃអស់សង្ឃឹម
  • ថ្ងៃ ៥ មីនា

  • ទឹកភ្នែកកង្រី
  • ទឹកភ្នែកដានី
  • ទឹកភ្នែកនាងពស់ជម្ពូរត្ន
  • ទឹកភ្នែកសួររកស្នេហ៍
  • ទឹកហូរទៅ
  • ទំនួញនារីកំព្រា
  • ទ្រូងខ្លោចផ្សា

  • នរកលោកីយ៍
  • នរណាប្រហារបង ?
  • នាងចាំអ្នកណា ?
  • នារីខូចចិត្ត
  • នឹកឃើញយប់ម្សិលមិញ
  • នឹកណាស់

  • បងឃ្លាតឆ្ងាយទៅ
  • បងធ្វើអោយអូនយំ
  • បងនៅទីណា
  • បងបានសន្យា
  • បងស្រឡាញ់អូនប៉ុនណា
  • បណ្តាំទៅសំឡូត
  • បណ្តាំស្ទឹងខៀវ
  • បណ្តាំស្នេហ៍
  • បណ្តាំស្រីក្បត់
  • បានបងជាគូ
  • បុប្ផាបាក់ព្រា
  • បុប្ផាអាកាសចរណ៍
  • បើខ្ញុំមានភ័ព្វវាសនា
  • បើចិត្តមិនស្ម័គ្រ
  • បើផ្កាយនៅតែរះ
  • បែកក្អមអូនហើយ
  • បំភ្លេចមិនបាន
  • បំភ្លេចអូនទៅ
  • បាំងមួយខែទៀត
  • ប្តីប្រមឹក
  • ប្រច័ណ្ឌ
  • ប្រវត្តិស្នេហ៍កម្ម
  • ប្រាប់ខ្ញុំមក
  • ប្រុសចិត្តក្បត់
  • ប្រុសដែលក្បត់ចិត្ត
  • ប្រុសដែលខ្ញុំស្រមៃ
  • ប្រុសនេះមុខក្រាស់
  • ប្រុសបណ្តូលចិត្ត
  • ប្រុសអីនេះ

  • ផាត់ជាយ
  • ផាមួងកទា
  • ផ្ការីកលើមេឃ
  • ផ្កាអរគីដេ
  • ផ្នូរមួយពីរនាក់
  • ផ្នូរសមុទ្រ

  • ពេញក្រមុំពេលណា
  • ពេញចិត្តតែបងមួយ
  • ពេលមេឃស្រទំ
  • ព្រលឹងនាងព្រាយកន្ទោងខៀវ
  • ព្រាត់ស្នេហ៍នៅពេជ្រចិន្តា
  • ព្រាត់ស្វាមី
  • ព្រួញស្នេហ៍
  • ព្រេងនិស្ស័យស្នេហ៍
  • ព្រោះរឿងអ្វី

  • ភពខ្មៅងងឹត
  • ភរ ! ភរ ! ភរ !
  • ភ័យ ! ភ័យ ! ភ័យ !
  • ភ្លឺឡើងបាត់ស្នេហ៍

  • មកពីចាស់ទុំ
  • មក ! រាំជាមួយខ្ញុំ !
  • មានតែបងម្នាក់
  • មិនគួរស្រឡាញ់បង
  • មិនដឹងជាបងឬខ្ញុំ
  • មិនដឹងពេលណា
  • មិនទំនេរ
  • មិនអាចភ្លេចបាន
  • មើលកុំអោយខុស
  • មើលព្រៃព្រឹក្សា
  • មើលឫកប្ដីខ្ញុំ
  • មេឃមីរត្រជាក់
  • ម្ចាស់ស្នេហ៍អូន
  • ម្តាយក្មេកមកលេង
  • ម្តេចក៏ដើរតាមខ្ញុំ
  • ម្តេចគេងបែរខ្នង

  • យប់មិញបងនៅក្បែរ
  • យុវជនសម័យ
  • យំសំរាប់ថ្ងៃនេះ

  • រដូវផ្ការីក
  • រលកធំធេង
  • រលឹមទឹកដក់
  • រស់តាមវាសនា
  • រាត្រីងងឹត
  • រាត្រីបាត់ស្នេហ៍
  • រាត្រីពណ៌ផ្កាឈូក
  • រឿងយើងដូចគ្នា
  • រែងអាល័យ
  • រាំឆាឆា​ឆា
  • រាំទៅមិត្ត
  • រាំពេលរាត្រី

  • លាប្រុសចិត្តព្រាន
  • លាហើយកម្មស្នេហ៍លោកីយ៍
  • លួចស្នេហ៍ដួងច័ន្ទ
  • លួចស្រឡាញ់
  • លែងខ្ញុំទៅ

  • ឮគេថាបងមក

  • វាចាបុរស

  • សត្វ​រៃ​ពេល​ល្ងាច
  • សល់​តែ​ទឹក​ភ្នែក
  • សម្រែក​នាង​ឧមា
  • សល់​អនុស្សាវរីយ៍
  • សុបិន​ឃើញ​បង
  • សុបិន​ចង្រៃ
  • សុរិយា​ផ្សង​ស្នេហ៍
  • សូម​អង្វរ
  • សែន​ក្ដៅ​ក្នុង​ចិត្ត
  • សែន​ស្រណោះ
  • សុំ​បង​អាណិត
  • សុំ​រស់​ក្បែរ​បង
  • សំនៀង​បុប្ផា​ព្រៃ​ភ្នំ
  • សំឡេង​ខ្លែង​ស្រាក
  • សំឡេង​​ទ្រ​​ខ្មែរ
  • សំឡេង​​ហ្គីតា
  • ស្គាល់​គេ​ពី​កាល​ណា
  • ស្គាល់​រស​ស្នេហ៍
  • ស្តាយ​ភាព​ក្រមុំ
  • ស្តាយ​វ័យ​កុមារ
  • ស្ទឹង​ខៀវ
  • ស្ទឹង​ស្នេហា
  • ស្នេហា​មិន​ស្មោះ
  • ស្ពាន​ស្នេហា
  • ស្រមោល​ស្នេហ៍​ខ្ញុំ
  • ស្រឡាញ់
  • ស្រឡាញ់​តែ​បង​មួយ
  • ស្រឡាញ់​ពេញ​ប្រាស
  • ស្រឡាញ់​អូន​ទៅ
  • ស្រា ១ កែវ

  • ហ៊ាន​ស្លាប់​ព្រោះ​បង

  • អក​ភ្នំ
  • អណ្តូងកម្ម
  • អត់​បាយ​អោយ​ស្លាប់
  • អនិច្ចា​ក្មេង​កំព្រា
  • អប្រិយតែរូប
  • អស់ផ្លូវហើយ
  • អស់​សង្ឃឹម
  • អស្ចារ្យលោកប្តី
  • អាល័យ​បង​ជា​និច្ច
  • អាសូរ​កេសរ​មាលា
  • អូន​ចង់​រាំ​លេង​នឹង​បង
  • អូន​ចាំ​បង​ជា​និច្ច
  • អូន​ច្រៀង​បំពេ
  • អូន​ឆ្អែត​ចិត្ត​ណាស់
  • អូនឈឺចិត្តណាស់
  • អូននៅតែរង់ចាំ
  • អូន​មិន​ក្បត់​បង​ទេ
  • អូនសូមផ្ញើឆ្អឹង
  • អូនសូមផ្ញើស្នេហ៍
  • អូនសូមស្មាលា
  • អូនសុំរស់ក្បែរទ្រូងបង
  • អូនសុំអង្វរ
  • អូនស្ម័គ្របងស្មោះ
  • អូនស្រឡាញ់បងណាស់
  • អូរជ្រៅរណ្តៅស្នេហ៍
  • អោយខ្ញុំយំទៅ
  • អ្នកកាត់សក់ដៃឯក
  • អ្នកម្តាយ
  • អ្នកបានដឹងទេ ?
  • អ្នកណាព្រួយជាងអ្នកណា ?
  • « សូមមេត្តាដាក់ឈ្មោះអ្នកនិពន្ធបទភ្លេង និងទំនុកច្រៀងផង »

បទចំរៀងឆ្លងឆ្លើយជាមួយលោក ស៊ីន ស៊ីសាមុត[កែប្រែ]

១- កំណាព្យស្នេហ៍

២- កម្មស្នេហ៍ស្រីអាំ

៣- កុំដាច់មេត្តា

៤- កំណួចវាយោ

៥- ចិត្តឥតល្អៀង

៦- ចង់បានផ្កាអ្វី

៧- ចោរលួចចិត្ត

៨- ច័ន្ទចាក​មេឃ

៩- ច្រូតស្រូវ

១០- ឋានៈ​ផ្សេង​ចិត្ត​ផ្សេង

១១- តូច​ចិត្ត​ណាស់​ ស្តាប់

១២-​ តូច​អើយ​តូច​ស្រី

១៣- ថ្ម​គោល​ស្រមោល​ស្នេហ៍

១៤- ផ្ទះ​អូន​ក្បែរ​ភ្នំ​សំពៅ

១៥- ទាវ​អើយ​ស្រី​ទាវ

១៦- ទូក​បង​អុំ​ស្កាត់

១៧- ទេសភាព​ព្រលឹម

១៨- បោះឈូង

១៩- ភូមរា​អភ័ព្វ

២០- ម៉ា​ពី​ណោក

២១- ម្លប់​ស្នេហ៍​ដើម​ស្រឡៅ

២២- មួយ​កំផ្លៀង​អនុស្សាវរីយ៍

២៣- យប់​យន់​ទន់​ត្រជាក់

២៤- យើង​កុំ​ភ្លេច​គ្នា

២៥- រាំ​ឆា ! ឆា ! ឆា !

២៦- រាំ​កិត​ជិត​កាយ

២៧- លា​ហើយ​ស៊ូម៉ាត្រា

២៨- សន្យា​ឲ្យ​បង​ចាំ

២៩- ស្នេហា​ពិនវង្ស

៣០- ស្រណោះ​អូរ​ជ្រៅ

៣១- ស្រី​តូច​ច្រឡឹង

៣២- ស្រី​ណា​ហ៊ាន​វាយ

៣៣- អានុភាព​នៃ​ពុក​មាត់

៣៤- ឯ​ណា​ព្រហ្មចារី

៣៥- ឧត្តម​ភរិយា​ទាហាន

៣៦- ម្តេច​ហ៊ាន​សួរ​ខ្ញុំ


បទចំរៀងឆ្លងឆ្លើយជាមួយលោក អ៊ឹង យ៉េង[កែប្រែ]

  • ខ្លួនបងសព្វថ្ងៃ
  • អូនពួនទីណា
  • ឃ្មុំឡើងក្បាលទឹក

បទចំរៀងរួមជាមួយអ្នកស្រី ប៉ែន រ៉ន[កែប្រែ]

  • ទេសចរក្នុងក្តីស្រមៃ
  • ទេសភាពឋានកណ្តាល
  • មួយថ្ងៃល្អបីដង