ល្ខោនស្បែកធំ
25 វិច្ឆិកា 2005
(18ឆ្នាំ)ល្ខោនស្បែកធំ | ||
---|---|---|
ប្រវត្តិ | ||
ឈ្មោះពេញ | ល្ខោនស្រមោលស្បែកធំ | |
រហស្សនាម | ||
ស្នាព្រះហស្ថ | ||
មានដើមកំណើត | ស.វទី ១ | |
កម្មសិទ្ធ | កម្ពុជា | |
បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក |
| |
តួសម្ដែង |
| |
តាមលំនាំរឿង | រាមកេរ្តិ៍ |
ល្ខោនស្រមោលស្បែកធំ គឺជាសិល្បៈខ្មែរមួយបែបមានកំណើតតាំងពីស.វទី ១ មកម្ល៉េះ ។ នេះជាការបញ្ជាក់អំពីសតិប្រាជ្ញាដ៏ភ្លឺស្វាង និងគំនិតច្នៃប្រឌិតដ៏កំពូល ដែលបង្កើតសិល្បៈនេះឡើង ឲ្យក្លាយទៅជាទស្សនីយភាពមួយដ៏អស្ចារ្យ ។ គេអាចនិយាយបានថា ល្ខោនស្រមោលស្បែកខាងលើនេះ គឺជាសិល្បៈមួយដែលប្រមូលផ្តុំនូវសិល្បៈទាំង ៧ ។
ហេតុនេះហើយទើបសក្ខីកម្មនៃល្ខោនស្បែកនេះ ដែលគេហៅថា ល្ខោនអាយ៉ង ត្រូវបានកត់ត្រាទុកក្នុងឯកសារមួយចំនួននាសម័យក្រោយអង្គរ ។ គេឃើញមានការសម្តែងនូវល្ខោនស្បែកធំនេះ ក្នុងពិធីបុណ្យធំៗ ជាពិសេសនៅខេត្តសៀមរាបអង្គរ ដូចជាការបួងសួងសុំសេចក្តីប្រាថ្នាអ្វីមួយ ពិធីបុណ្យសពព្រះចៅអធិការវត្តដែលសុគត ពិធីបុណ្យសុំទឹកភ្លៀង បុណ្យចំរើនព្រះជន្មាយុរបស់ព្រះមហាក្សត្រ ដោយមានមហាជនច្រើនកុះករចូលរួម ។
ក្រោយសតវត្សទី១៣ ជនជាតិជិតខាងខ្លះបានយល់ច្រឡំថា សិល្បៈស្បែកខ្មែរដែលប្រជាជនខេត្តបាត់ដំបងតែងហៅថា ណាំងស្បែក នោះគឺ មានកំណើតចេញពីប្រទេសថៃ ។
ដូចករណីនៃល្ខោនរបាំព្រះរាជទ្រព្យខ្មែរដែរ ការស្រាវជ្រាវរបស់យើង ដើម្បីឲ្យដឹងថា សិល្បៈស្បែកខ្មែរមានប្រភពចេញពីពេលណាមក បានធ្វើឲ្យមានដំណោះស្រាយជ្រះស្រឡះមួយ ។ សិល្បៈស្បែកខ្មែរនេះ ត្រូវបាននាំចូលពីឥណ្ឌានៅដើមសតវត្សទី១ នៃគ្រិស្តសករាជ ពោលគឺសិល្បៈស្បែកមានកំណើតចេញពីប្រទេសឥណ្ឌាភាគខាងត្បូង ។ កេរ្តិ៍មរតកសិល្បៈស្បែកខ្មែរនេះ មានអាយុកាលប្រមាណ២០០០ឆ្នាំមកហើយ ដែលសូម្បីតែជនជាតិខ្មែរខ្លួនឯង ក៏សឹងតែពុំបានដឹងច្បាស់នាពេលកន្លងមកផង ដោយសារតែខ្វះឯកសារ ។ ឯជនជាតិប្រទេសជិតខាងខ្លះក៏បានលើកយកមរតកសិល្បៈខ្មែរនេះ ថាជារបស់ជាតិសាសន៍របស់ខ្លួនក៏មានដូចជា ជនជាតិថៃ ឬ ជនជាតិម៉ាឡេ ជាដើម ។ តែទោះយ៉ាងណាក៏ដោយការស្រាវជ្រាវនាពេលក្រោយៗនេះ បន្ទាប់ពីស្រុកទេសបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃទៅ ទើបបានដឹងច្បាស់ថែមទៀតថា សិល្បៈស្បែកខ្មែរមានកំណើតនាដើមសតវត្សទី១ ដែលមានលំហូរចូលពីប្រភពប្រទេសឥណ្ឌាមក ។ សិល្បៈស្បែកនេះដំបូងឡើយ មាននៅប្រទេសឥណ្ឌាភាគខាងត្បូង ដែលជាសិល្បៈធ្វើឡើងសម្រាប់ជាតង្វាយដល់ព្រះអាទិទេពដ៏មាន មហិទ្ធិឫទ្ធិរបស់ឥណ្ឌា ។ តង្វាយសិល្បៈស្បែកនេះ ជាការបួងសួងសុំសេចក្តីសុខចម្រើន និងសិរីមង្គលសម្រាប់ប្រជាជនឥណ្ឌា ។ ការកកើតឡើងនូវសិល្បៈស្បែកនេះ លើទឹកនៃព្រះរាជាណាចក្រកម្ពុជាដំបូងបំផុតដោយឥណ្ឌារូបនីយកម្មនាដើម សតវត្សទី១ នៃគ្រិស្តសករាជ ។ ក្នុងពេលមានលំហូរចូលសិល្បៈស្បែកបែបនេះមកក្នុងប្រទេសខ្មែរ នៅឯប្រទេសឥណ្ឌាមានសិល្បៈស្បែកនេះពាសពេញ ដូចជាស្រុកប៉ីជបូរ, បៃលារី, ជិត្រទូគ៌ា, រីង្គាឡ័រមីស័រ, ស្សីភេគ, ម័ងឌីយ៉ា, ទុបកូរ និងស្រុកនាតកាដែលសិល្បៈស្បែកនេះមានលក្ខណៈស្រដៀងដូចសិល្បៈស្បែក ខ្មែរបច្ចុប្បន្ននេះដែរ ។ សូមជម្រាបបន្ថែមថា ភាពស្រដៀងគ្នារវាងសិល្បៈស្បែកខ្មែរ និងឥណ្ឌានេះជាការបញ្ជាក់ថា សិល្បៈស្បែកទាំងពីរនេះ សុទ្ធតែមានភាពចំណាស់នៃប្រវត្តិរបស់វានៅក្នុងប្រទេសនីមួយៗយ៉ាងពិត ប្រាកដ ហើយសិល្បៈស្បែកនេះក៏នៅតែបន្តថែរក្សារហូតមកដល់បច្ចុប្បន្ននេះ ទៀត ក្រោយពីបានជះឥទ្ធិពលលើណាំងថៃនាសម័យសុខោទ័យ និងអាយុធ្យា។ ជារួមដូចប្រទេសឥណ្ឌូនេស៊ី និង ម៉ាឡេស៊ីដែរ សិល្បៈស្បែកខ្មែរ ពិតជាមានប្រភពចេញពីឥណ្ឌាយ៉ាងប្រាកដ។[១]
ល្ខោនស្បែកធំ ឬ ល្ខោនស្រមោលស្បែកធំ គឺជាល្ខោនដែលមានវ័យចំណាស់បំផុត នៅក្នុងប្រទេសកម្ពុជា ដែលអាចជាសំណល់ ពីសម័យបុរាណ ហាក់បីដូចនៅតាមសិលាចារឹកតាមប្រាសាទ។ ល្ខោនស្រមោលស្បែកធំមានដើមកំណើត ប្រហែលកើតឡើងមុនសម័យអង្គរ ដោយសារយោងតាមសិលាចារឹកលេខ K.១៥៥ នៅគោករកា នៅក្នុងសតវត្សរ៍ទី៩។ វាគឺជាសិល្បៈសំរាប់បូជា ហើយ ដាច់ដោយឡែកពី កាព្យរាមកេរ្តិ៍ ដោយវាមានតុក្កតាស្បែកធំបង្ហាញលើផ្ទាំងក្រណាត់ផ្ទៃសនូវ ស្រមោល។ ឆ្នាំ១៩៦៨ ក្រុមល្ខោនស្បែកធំបានបង្កើតក្រុមរបាំបុរាណ ហើយបន្ទាប់មក ក៍ក្លាយជានាយកដ្ឋានវិចិត្រសិល្បៈ។ បន្ទាប់ពីឆ្នាំ១៩៧៩ សិល្បករដែលសេសសល់ ពីសម័យប៉ុលពត បានប្រមូលតុក្កតាស្បែកពីគ្រប់ទីកន្លែង ក្នុងប្រទេសដើម្បីបន្តការសម្តែងក្នុង ឆ្នាំ១៩៩១ រដ្ឋាភិបាលបារាំង បានផ្តល់ជំនួយនូវផ្ទៃស្រមោលដ៍ធំមួយទៅសាស្ត្រាចារ្យ ពេជ្រ ទុំក្រវិល ដែលជាអ្នកដកស្រង់និងតែងនិពន្ធរបាំពីរឿងរាមកេរ្តិ៍ គឺ ចំបាំងព្រះឥន្ទនិងចំបាំង សនាគកាបាស់។ ក្រសួងវប្បធម៌ និង អង្គការក្រៅរដ្ឋាភិបាលយ៉ូណេស្កូ ផ្តល់ស្បែកធំមួយឈុត ទៅឱ្យសាស្ត្រាចារ្យ ហង្ស សុត បញ្ជូនទៅកាន់ក្រុមសិល្បករខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន មានតុក្កតាស្រមោលប្រាំ សម្រាប់ក្នុងប្រទេសគឺ ពីរឈុតគ្រប់គ្រងដោយមន្ទីរសិល្បៈនៃរាជធានីភ្នំពេញ ក្នុងខេត្តសៀមរាប (ក្រុមសិល្បករ ឈៀន និងក្រុមសិល្បករវត្តបូរ) និងមជ្ឈមណ្ឌលវប្បធម៌ខេត្តបន្ទាយមានជ័យ។ ល្ខោនស្រមោលស្បែកធំត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥[២]៕
ឧបករណ៍នៃល្ខោនស្រមោលស្បែកធំ
[កែប្រែ]- ផ្ទាំងក្រណាត់ស
- ផ្ទាំងតួសម្ដែង ធ្វើអំពីស្បែកគោ ដែលឆ្លាក់ចេញជាក្បូរក្បាច់រចនាមានរូប ព្រះរាម ព្រះលក្សណ៍ ឥន្ទ្រជិត នាងសេដា
- ភ្លើងបំភ្លឺ (លលាដ៏ដូងដុត, គំនរឧស, ភ្លើងចន្លុះ)
ឯកសារយោង
[កែប្រែ]- ↑ http://www.mcfa.gov.kh/site/detail/32#.XdxsgBgxWDY/ Archived 2019-09-17 at the វេយប៊ែខ ម៉ាស៊ីន. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ↑ http://www.mcfa.gov.kh/ Archived 2008-07-23 at the វេយប៊ែខ ម៉ាស៊ីន. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ