ល្បែងបាយខុំ

ពីវិគីភីឌា

ល្បែងបាយខុម ត្រូវលេងដោយមនុស្សពីរនាក់។ បាយខុំ មាន១០រន្ធ និងគ្រាប់ចំនួន៤២គ្រាប់។ មួយប៉ែក ឬមួយស្រុក មាន៥រន្ធ។ ដំបូង គេ​ដាក់​គ្រាប់​៥​គ្រាប់ ក្នុងរន្ធក្បាលមឿង និងដាក់៤គ្រាប់ ក្នុងរន្ធធម្មតា។ អ្នកដើរមុន ត្រូវចាប់គ្រាប់ពីរន្ធណាមួយ ក្នុងប៉ែករបស់ខ្លួន ហើយទម្លាក់ម្ដងមួយគ្រាប់ៗ ក្នុង​១​រន្ធ។ បើអស់គ្រាប់នៅត្រង់រន្ធណា គេត្រូវយកគ្រាប់នៅរន្ធបន្ទាប់ រួចដើរបន្តទៅទៀត។ លុះដើរអស់គ្រាប់ត្រង់រន្ធណា ហើយរន្ធបន្ទាប់នោះ ជារន្ធទទេ គេ​នឹងស៊ីគ្រាប់នៅរន្ធបន្ទាប់ពីរន្ធទទេនោះ។ បើគេដើរអស់គ្រាប់ ហើយជួបនឹងរន្ធទទេពីរជាប់គ្នា គេហៅថាឃ្វាង។ ពេលនោះ អ្នកទីពីរត្រូវដើរម្ដង។ អ្នកណាស៊ីបានគ្រាប់ច្រើន អ្នកនោះជាអ្នកឈ្នះ។

សម្ភារៈ[កែប្រែ]

រន្ធបាយខុម[កែប្រែ]

រន្វបាយ​ខុំ​មាន​១០។ អ្នកលេង​ម្នាក់​មាន​៥រន្ធ ឬ ហៅថា មួយស្រុក។ ជាទូទៅ រន្ធធម្មតា​បួន​នៅខាង​មុខ​អ្នកលេង ហើយ​រន្ធធំមួយហៅថា​ក្បាលមឿង នៅចន្លោះរន្ធធម្មតា​ទាំងពីរជួរ ហើយ​ខិត​ទៅខាង​ស្ដាំ (សូមមើលរូប)។ ជាទូទៅ នៅ​ជនបទ​គេកាយ​រន្ធបាយខុំ​លើ​ដី។ គេ​ក៏អាច​ធ្វើខួង​រន្ធបាយ​ខុំ​លើ​ក្ដារ​បន្ទះ​ដែរ។ គេអាចហៅក្ដារ​នោះថា​ក្ដារ​បាយខុំ។

ពណ៌លឿង​ជា​ស្រុក​មួយ ពណ៌ស្លាទុំជា​ស្រុក​មួយ។ រន្ធពីរ​នៅសងខាង​ហៅថា​ក្បាល​មឿង រន្ធ៨ទៀត​ជារន្ធធម្មតា។ រូប​នេះបង្ហាញ​ការ​ប្រើគ្រាប់​៤២​គ្រាប់​។

គ្រាប់បាយខុម[កែប្រែ]

អាស្រ័យនឹង​ ជីវភាព គេ​អាច​យក​អ្វី​មក​ធ្វើ​ជា​គ្រាប់បាយខុំ​ក៏បាន​ ស្រេច​តែនឹង​ងាយ​លេង។ គ្រាប់បាយ​ខុំ​អាច​ជាគ្រាប់​អំពិល ឬ គ្រាប់​គ្រួស ជាដើម។ ជាធម្មតា​គេ​ប្រើ​គ្រាប់​ ៤២គ្រាប់ គឺ រន្ធធម្មតា ៤គ្រាប់​ក្នុង​មួយ​រន្ធ និង ក្បាល​មឿង​ ៥គ្រាប់​ក្នុង​មួយ​រន្ធ។ ក៏ប៉ុន្តែ គេ​អាច​ដាក់​គ្រាប់​ច្រើន​ជាង​នេះក៏បាន ស្រេចតែអ្នក​លេង​ទាំងពីរ​អ្នក​ព្រមព្រៀងគ្នា​សន្មតយក ឬ មិនដូច្នោះទេ​អាស្រ័យទៅតាម​តំបន់ ឬ ទម្លាប់​ដែល​ចេះចាំតមក​ពីដូនតា។

របៀបលេង[កែប្រែ]

របៀបដើរទូទៅ[កែប្រែ]

ដំបូង ​គេ​រាយ​គ្រាប់​ក្នុង​រន្ធនីមួយៗតាម​ទម្លាប់។ បន្ទាប់​មក គេរក​អ្នក​ចាប់​ផ្ដើម​លេង។ តាមទម្លាប់ គេ​ត្រូវ​ប៉ាវ ហើយ​អ្នកឈ្នះចាប់ផ្ដើម​ដើរ​មុន។

របៀបដើរគឺ អ្នក​ដើរ​ត្រូវ​ចាប់​យក​គ្រាប់​ពីរន្ធណាមួយ​ក៏បាន​ក្នុង​ស្រុករបស់ខ្លួន ហើយ​រាយ​គ្រាប់​ម្ដងមួយគ្រាប់ៗ ក្នុង​រន្ធបន្តបន្ទាប់ (ទៅខាងណា​ក៏បាន) រហូត​ដល់​អស់គ្រាប់។ កាល​បើ​អស់​គ្រាប់ពីដៃ អាចមាន​ករណីបីយ៉ាង។

ទី១៖ បើរន្ធបន្ទាប់​ពីរន្ធដែល​គេ​ទម្លាក់ចូល​ចុង​ក្រោយ​មានគ្រាប់ គេត្រូវ​ចាប់គ្រាប់ក្នុង​រន្ធនោះទាំងអស់ ហើយ​ដើរ​ទៅមុខ​ទៀត រហូត​ដល់ ស៊ី ឃ្វាង

ទី២៖ បើ​រន្ធបន្ទាប់ពីរន្ធដែល​គេ​ទម្លាក់​ចូល​ចុង​ក្រោយមួយទទេគ្មានគ្រាប់ ហើយ​រន្ធបន្ទាប់មួយទៀតមានគ្រាប់ អ្នកដែល​កំពុង​ដើរ​នោះ ដក​យក​គ្រាប់​ក្នុង​រន្ធទីពីរនោះទុកទាំងអស់​ រួច​ហើយ​ ដល់​វេន​អ្នក​ម្ខាង​ទៀតដើរ។ នេះហៅថា​ស៊ី

ទី៣៖ បើរន្ធបន្ទាប់ពីរន្ធដែល​គេទម្លាក់​ចូលចុង​ក្រោយទទេ២រន្ធបន្តបន្ទាប់​គ្នា គេ​ហៅថាឃ្វាង។ អ្នក​ដែល​កំពុង​ដើរ​ត្រូវឈប់​ហើយ ដល់វេនអ្នកម្ខាង​ទៀតដើរវិញ។

ស៊ីបន្តបន្ទាប់ ឬ ខួងស៊ីៗ[កែប្រែ]

ករណីដែល ​គេស៊ីពីរន្ធណាមួយ ហើយ​រន្ធទី១បន្ទាប់ពីរន្ធនោះទទេ តែរន្ធទី២មានគ្រាប់ គេដកគ្រាប់ក្នុង​រន្ធទី២ បន្ទាប់ពីរន្ធស៊ី​លើមុនទៀត។ ពេលស៊ីដូច្នេះ តាមទម្លាប់ មុននឹង​គេ​ស៊ីរន្ធទីពីរ​នោះ គេយក​ដៃទៅវីក្នុង​រន្ធទីមួយ​ដើម្បីបញ្ជាក់ថា​គ្មានគ្រាប់​ហើយនិយាយ​ថា ខួង ទើបគេដកយកគ្រាប់ក្នុង​រន្ធទីពីរហើយនិយាយ​ថា ស៊ី។ ដូច្នេះហើយទើបគេហៅថា ខួងស៊ីៗ យ៉ាង​នេះ។ ជាទូទៅ គេ​ខួង​ស៊ីប៉ុន្មានដង​ក៏បានដែរឱ្យ​តែរន្ធបន្តពីរន្ធដែល​ស៊ីទទេ ហើយ​រន្ធខាង​មុខ​មួយ​ទៀតមានគ្រាប់។

ករណីអស់គ្រាប់ពីស្រុក[កែប្រែ]

សូមចងចាំថា គេដើរ​បាន​តែកាលណា​មាន​គ្រាប់ក្នុង​ស្រុក​ខ្លួនប៉ុណ្ណោះ។ បើកាល​ណា​ដល់វេនអ្នក​ម្ខាង​ណា​​ដើរ​ហើយអ្នកនោះគ្មាន​គ្រាប់​ក្នុង​ស្រុក​សោះ អ្នក​ម្ខាង​ទៀត​មាន​សិទ្ធីដើរ ហើយ​ដើរ​រហូត​ទាល់តែអ្នក​ដែល​គ្មាន​គ្រាប់ក្នុង​ស្រុក​មាន​គ្រាប់​ដើរ​វិញ។

បញ្ចប់[កែប្រែ]

កាលណា ​នៅសល់​គ្រាប់​តិច (៤គ្រាប់​ចុះក្រោម) អ្នកទាំង​សង​ខាង​អាចព្រម​ព្រៀង​ចែក​គ្រាប់​គ្នា​តាម​ស្ថានភាពជាក់​ស្ដែង។ ជួនកាល អាច​មាន​អ្នកម្ខាង​ខួងស៊ី រហូត​ដល់​អស់គ្រាប់​រលីង​តែម្ដង។

កំណត់ឈ្នះចាញ់[កែប្រែ]

គេអាច​កំណត់ឈ្នះចាញ់​បាន​យ៉ាង​ហោចណាស់ពីរ​របៀប។

ទីមួយ​គឺចប់​មួយ​ក្ដារ​ គេ​រាប់​គ្រាប់ អ្នាក​បាន​គ្រាប់​ច្រើន​ជាអ្នក​ឈ្នះ។

ទីពីរ គេ​លេង​ជុំ​ថ្មី ម្ដង​ហើយ​ម្ដង​ទៀត​រហូត​ដល់​មាន​អ្នក​ម្នាក់​នៅសល់គ្រាប់​តិច​ជាង​ចំនួន​គ្រាប់​ក្នុង​មឿង។ ដើម្បី​លេង​របៀប​ទីពីរ​នេះ គឺ​គេ​ចាប់​ផ្ដើម​ជុំ​ថ្មីដោយ​ប្រើ​គ្រាប់​ដែល​ស៊ី​បាន​ក្នុង​ជុំ​មុនដាក់​ក្នុង​ស្រុក​ខ្លួន។ អ្នក​មាន​គ្រាប់​លើស​ រក្សាគ្រាប់លើសនោះទុក។ អ្នក​ខ្វះគ្រាប់​ត្រូវដាក់​ ក្បាល​មឿង​មុន​ហើយ​ទុក​រន្ធធម្មតា​ឱ្យ​សល់ រន្ធដែល​ខ្វះគ្រាប់នោះ ហៅថា រន្ធស្អុយ។ គេ​ចាត់​ទុក​រន្ធស្អុយ​នេះថា​មិន​មាន ពោល​គឺមិន​រាយគ្រាប់​ចូល ហើយ មិន​គិត​ថាជា​រន្ធទទេ​ដើម្បីស៊ីទេ។ រន្ធស្អុយ​ហើយ​គឺស្អុយ​រហូត។ កាល​ណា​អ្នក​ណាមាន​រន្ធ​ស្អុយ​រហូត​ដល់​ក្បាល​មឿង អ្នក​នោះជាអ្នកចាញ់។

ពិន័យ[កែប្រែ]

អ្នក​ចាញ់​ត្រូវ​ពិន័យផ្សេងៗតាម​កំណត់។ របៀបពិន័យម្យ៉ាង​គឺគេ​ដាក់​គ្រាប់​ក្នុង​រន្ធធម្មតា ហើយឱ្យ​អ្នក​ចាញ់​នោះផ្លុំ​គ្រាប់​ទាំងនោះចេញ​ពីរន្ធឱ្យ​អស់​ទើប​លេង​បន្ត​បាន។