ឝ្រីធរ
សញ្ជកឝ្រីធរ (អានថា:ស្រី-ធ រឺ ស្រី-ធៈ-រៈ) រជ្ជកាល (ត្រិភុវនាទិត្យវម៌្ម) លោកត្រូវជាសេនាជំនិត (សញ្ជក) ម្នាក់ក្នុងចំណោមសញ្ជកទាំងបួនដែលដង្ហែការពារតាមព្រះរាជបុត្រព្រះបានជយវម៌្មទី៨ ឝ្រីឥន្ទ្រកុមារ។ តាមសិលាចារឹកបន្ទាយឆ្មារអោយដឹងថា ឝ្រីឥន្ទ្រកុមារជាព្រះរាជបុត្រឆ្នើម និងសំណព្វព្រះទ័យរបស់ព្រះបាទជយវម៌្មទី៨ បានជំនួយពីសញ្ជក (សេនា) ៤ រូបគឺ ១-អជ៌ុន, ២-ទេវ, ៣-វទ្ធន, ៤-ឝ្រីធរ និងទាហានជាច្រើនទៀតបានច្បាំងនឹងរាហ៊ូដែលជាប្រផ្នូលនិមិត្ត នៃជនអាក្រក់ និងបំបះបំបោរខ្មែរ សៀមនៅចង្វាតលវបុរី (សព្វថ្ងៃនៅប្រទេសសៀមខាងលិចក្រុងបាងកក)។ រាហ៊ូបានយាយីព្រះជន្មព្រះឝ្រីឥន្ទ្រកុមារជាខ្លាំង តែត្រូវព្រះអង្គនិងសញ្ជកបង្ក្រាបបាន។ សិលាចារឹកវិមានអាកាសនៅខេត្តសៀមរាប និងប្រវត្តិប្រាសាទបន្ទាយឆ្មារស្រាវជ្រាវដោយអ្នកប្រាជ្ញបារាំងបញ្ជាក់ថា ព្រះរាជបុត្រឝ្រីឥន្ទ្រកុមារ សេនាជំនិត និងពលយោធាទទួលទិសខាងលិច នៃព្រះនគរបានបង្ក្រាបរាបទាបនូវពួកប្រជាអាណាគ្រាម និងទ័ពនៃមន្ត្រីអាក្រក់នៅខេត្តលវបុរី សព្វថ្ងៃស្ថិតនៅក្នុងប្រទេសសៀម។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
[កែប្រែ]សូមរំលឹកថា ព្រឹត្តិការណ៍អាក្រក់ ១ទៀត គឺខណៈព្រះជយវធ៌នយាងត្រលប់មកនគរពីនគរចាម្ប៉ាចំណុះនោះ មេទ័ពម្នាក់នៅនគរចាម្ប៉ាបានដឹកនាំទ័ពបះបោរ រួចរំដោះយកនគរពីក្រោមចំណុះមហានគរខ្មែរហើយ តាំងខ្លួនជាស្តេចក្នុងនាមថាព្រះបាទជយឥន្ទ្រវម៌នទី៤ ដែលជាស្តេចចងសម្ព័ន្ធមេត្រីនឹងនគរអណ្ណាមដែលថាមិនឈ្លានពានគ្នា។ បន្ទាប់មកស្តេចនេះលោភលន់ហើយដឹកនាំទ័ពមកវាយបក និងត្រួតត្រាមហានគរខ្មែរដោយ ធ្វើគត់ព្រះបាទត្រិភុវនាទិត្យវម៌្ម និងសំលាប់ប្រជារាស្ត្រសំលាប់ទ័ពខ្មែរប្លន់យកទ្រព្យសម្បត្តិរួចនាំយកទៅនគរខ្លួន។ ក្នុងពេលនោះព្រះជយវធ៌ន និងជាមេទ័ព ពលសេនាដ៏មានសេចក្តីអង់អាច រួមទាំងព្រះរាជបុត្រទ្រង់ព្រះនាមឝ្រីឥន្ទ្រកុមារផងបានប្រយុទ្ធនឹងទ័ពនៃស្តេចនគរចាម្ប៉ានោះរហូតបានឈ្នះ និងដេញខ្ចាត់ខ្ចាយហើយដាក់ នគរចាម្ប៉ាចំណុះជាថ្មីវិញ តែព្រះរាជបុត្រឝ្រីន្ទ្រកុមារទ្រង់សុគត។ ក្រោយចំបាំងបង្ហូរឈាមនោះព្រះអង្គជយវធ៌នត្រូវបានឡើងគ្រងរាជសម្បត្តិជាមហាវីរក្សត្រក្នុងនាមថាវ្រះបាទជយវម៌្មទី៨ (១១៨១-១២១៩)។ ទ្រង់សព្វហឫទ័យសោមនស្សនឹងព្រះរាជកិច្ចនគរ ប្រជារាស្ត្រ ពលសេនា មន្ត្រីក្រុមការនិងព្រះរាជវង្សានុវង្ស ហើយកសាងសមិទ្ធិផលយ៉ាងច្រើនលើសលុបក្នុងមហានគររហូតដល់ដែនសាមន្តរដ្ឋ។ ប៉ុន្តែទ្រង់នៅតែមានវិប្បយោគជាទំងន់អំពីការបាត់បង់សមាជិកគ្រួសារពីររូប គឺព្រះរាជបុត្រឝ្រីឥន្ទ្រកុមារ និងបន្ទាប់មកព្រះរាជអគ្គមហេសីជយរាជទេវីសោយទិវង្គតដោយរោគា។ ផុតពីវេលាកាន់ទុក្ខនេះ ដោយសារមានសំណើពីព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី និងប្រជារាស្ត្រទ្រង់បានអភិសេកអគ្គមហេសីថ្មី គឺព្រះនាងឥន្ទ្រទេវីទី២ជាព្រះរាជជេដ្ឋានៃព្រះនាងជយរាជទេវី។ ព្រះបាទជយវម៌្មទី៨ និងព្រះអគ្គមហេសីឥន្ទ្រទេវីបានដឹកនាំព្រះនគរបានរីកចំរើនល្បីល្បាញដល់កំពូល។ ក្នុងចំណោមសមិទ្ធិផលសន្ធឹកសន្ធាប់គ្រប់ទិសទីទ្រង់ក៏ចាត់អោយកសាងប្រាសាទបន្ទាយឆ្មារ ១ ដែរ សំរាប់ឧទ្ទិសចំពោះវីរភាព ឬជាចំណងព្រហស្ថកិត្តិយសថ្វាយចំពោះព្រះរាជបុតឝ្រីន្ទ្រកុមារ និងសញ្ជក (សេនាជំនិត) ៤ រូបពលសេនាទាំងអស់ដែលបូជាជីវិតក្នុងការបង្ក្រាបការបះបោរនៃជនក្បត់ និងចំបាំងនឹងនគរចាម។ នៅជញ្ជាំងខាងមុខនៃប្រាសាទបន្ទាយឆ្មារមានរូបចំលាក់ស្តីពីសកម្មភាពបញ្ជាទ័ពរបស់ព្រះបាទជយវម៌្មទី៨ និងសមរភូមិប្រយុទ្ធនៃកងទ័ពជើងទឹកខ្មែរច្បាំងនឹងទ័ពចាម។ ចំបាំងនោះជាញជ័យតែស្លាប់ពលសេនាយ៉ាងច្រើន។