Jump to content

ខេត្តសៀមរាប

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ខេត្ត​សៀមរាប)

ខេត្តសៀមរាប គឺជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តសៀមរាបនេះគឺ ក្រុងសៀមរាប។ ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៅសម័យលង្វែកសតវត្ស១៦។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ខេត្តសៀមរាបស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខេត្តនេះជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារខេត្តនេះមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើន។ ថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបម្រើឱ្យវិស័យទេសចរណ៍។ រមណីយដ្ឋានផ្សេងទៀតដែលនៅក្បែរក្រុងសៀមរាបមានរាជធានីអង្គរធំ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាពួន ប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយផ្សេងទៀត។ តំបន់អង្គរត្រូវបានរងការលុកលុយជាច្រើនដងពីពួកសៀម ហើយទីបំផុតរាជធានីអង្គរត្រូវបានបោះបង់នៅឆ្នាំ១៤៣១។ គួររំលឹកផងដែរថា រាជធានីរបស់ប្រទេសកម្ពុជាត្រូវបានពីប្តូរពីអង្គរទៅរាជធានីចតុមុខនៅឆ្នាំ ១៤៣២ រួចទៅបន្ទាយលង្វែក និង រាជធានីឧដុង្គ និងត្រលប់ទៅរាជធានីចតុមុខវិញនៅឆ្នាំ ១៨៦៦។ ជនជាតិបទេស ដែលបានមកដល់ប្រាសាទអង្គរវត្តមុនគេគឺអ្នករុករកជនជាតិបារាំង លោកហង់រី មូហូ ក្នុងឆ្នាំ១៨៦០(នាសម័យលង្វែកនាសតវត្សទី១៦ ក៏មានជនបរទេសបស្ចឹមលោកមកមើលប្រាសាទអង្គររួចមកហើយដែរ)[]។ តំបន់សៀមរាបអង្គរគឺជាគោលដៅចម្បងសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក ហើយក៏ជាតំបនដែលសម្បូរណ៍ទៅដោយសំណង់ប្រាសាទបុរាណតូចធំជាច្រើន ដែលជាទីស្ថានរបស់ពពួកអាទិទេពទាំងឡាយទាំងពួងផងដែរ។

ខេត្តសៀមរាប
ខេត្ត
ទិដ្ឋភាពនៃប្រាសាទអង្គរវត្តនាពេលរសៀល
ទិដ្ឋភាពនៃប្រាសាទអង្គរវត្តនាពេលរសៀល
រហស្សនាម: ប្រាសាទអង្គរវត្ត
ផែនទីកម្ពុជាបង្ហាញពីទីតាំងនៃខេត្តសៀមរាប
ផែនទីកម្ពុជាបង្ហាញពីទីតាំងនៃខេត្តសៀមរាប
កូអរដោនេ: 13°21′N 103°51′E / 13.350°N 103.850°E / 13.350; 103.850Coordinates: 13°21′N 103°51′E / 13.350°N 103.850°E / 13.350; 103.850
ប្រទេស កម្ពុជា
ទីរួមខេត្តក្រុងសៀមរាប
រដ្ឋាភិបាល
 • អភិបាល​ខេត្តប្រាក់ សោភ័ណ
ផ្ទៃក្រឡា
 • សរុប១០២៩៩ គម2 (៣៩៧៦ ម៉ាយ ការ)
ប្រជាជន (២០១៩)[]
 • សរុប១,០១៤,២៣៤
 • សន្ទភាព៩.៨×១០−៥/km2 (០.០០០២៦/sq mi)
ល្វែងម៉ោងUTC+០៧
លេខក្រមទូរស័ព្ទ+៨៥៥
ក្រមអ.ម.អ. ៣១៦៦KH-១៧
ស្រុក និង​ក្រុង១២
ឃុំ១០០
ភូមិ៩០៧

ខេត្តសៀមរាប គឺជា​ខេត្ត​ធំ​ទី​១០​ក្នុង​ប្រទេស​កម្ពុជា។ ដោយបានឈានដល់ចំនួនប្រជាជនមួយលាននាក់ក្នុងឆ្នាំ២០១៩ ដែលជាប់ចំណាត់ថ្នាក់ជាខេត្តដែលមានប្រជាជនច្រើនជាងគេទីបួនរបស់ប្រទេស។ មួយផ្នែកធំនៃព្រំដែនភាគខាងត្បូងនៃខេត្តសៀមរាបត្រូវបានជាប់ដោយបឹងទន្លេសាប ហើយដូច្នេះហើយជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួនដែលបង្កើតបានជាតំបន់បម្រុងជីវមណ្ឌលបឹងទន្លេសាប។ នាពេលបច្ចុប្បន្ន ខេត្តនេះត្រូវបានគេស្គាល់ថាជាទីតាំងនៃប្រាសាទអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ហើយក៏ជាទីតាំងប្រាសាទល្បីៗជាច្រើនទៀតក្រៅពីប្រាសាទអង្គរវត្តដូចជា ប្រាសាទបន្ទាយស្រី ទីតាំងនៃប្រាសាទបេងមាលារបស់អង្គការយូណេស្កូ និងជាទីជម្រករបស់អង្គការយូណេស្កូនៃឧទ្យានជាតិភ្នំគូលែន

ឈ្មោះនៃខេត្ត

[កែប្រែ]

អ្នក​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា បាន​ពន្យល់​ប្រហាក់​ប្រហែល​គ្នា​ថា ពាក្យ សៀម គឺ​ទាក់ទង​នឹង​ជាតិសាសន៍មួយ ដែល​បច្ចុប្បន្ន​បាន​ប្រែ​ឈ្មោះ​ទៅ​ជា​ថៃ ទៅ​ហើយ។ ឯ​ពាក្យ​ថា រាប គឺ​មាន​ន័យ​ថា ចាញ់ខ្លបខ្លាច។

អនុ​ប្រធាន​ផ្នែក​​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា លោក សំបូរ មាណ្ណារ៉ា បាន​ពន្យល់​ថា ចាប់​ពី​សតវត្ស​ទី​៩ និង​ទី​១០ នៃ​គ្រិស្ត​សករាជ ខេត្ត​សៀមរាប គេ​បាន​ប្រើ​ឈ្មោះ​ជា​ទីក្រុង​យសោធបុរៈ ដោយសារ​តែ​ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះនាមព្រះបាទ យសោ​វរ្ម័ន​ទី​១ បាន​កសាង។ ក៏ប៉ុន្តែ​ក្រោយ​មក ត្រូវ​បាន​គេ​ហៅ​ថា អាណាចក្រ​អង្គរ។ នៅ​ក្នុង​រជ្ជកាល​នៃ​ព្រះរាជា​ក្រោយៗ​មក ដែល​បាន​ប្ដូរ​រាជធានី​ទៅ​តាំង​នៅ​ភាគ​ខាង​ត្បូង និង​ទួល​បាសាន រហូត​ដល់​ចតុមុខ ជាដើម គឺ​ទីក្រុង​អង្គរ ត្រូវ​បាន​បោះ​បង់​ចោល​មួយ​រយៈ។ ជាច្រើន​ឆ្នាំ​ក្រោយ​មក ទើប​មាន​ការ​ចាប់​ផ្ដើម​គ្រប់គ្រង​ជា​រាជធានី​ឡើង​វិញ។

លោក​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បាន​ពន្យល់​ទៀត​ថា បន្ទាប់​ពី​មាន​ការ​គ្រប់គ្រង​ជា​រដ្ឋបាល​ឡើង​វិញ​នោះ គឺ​តំបន់​អង្គរ​ត្រូវ​បាន​ទ័ព​សៀមនៃ​នគរ​ស្រីអយុធ្យា ចូល​មក​លុកលុយ​ជា​ច្រើន​លើក ចាប់​តាំង​ពី​សតវត្ស​ទី​១៤ នៃ​គ្រិស្ត​សករាជ។ នៅ​ក្នុង​សតវត្ស​ទី​១៥-១៦ មាន​ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ព្រះនាម អង្គចន្ទរាជា បាន​ធ្វើ​ចម្បាំង​ជាមួយកង​ទ័ព​សៀម ដើម្បី​បណ្ដេញ​ឱ្យ​ពួកសៀមចេញ​ពី​តំបន់​អង្គរ។ ក្នុង​ការ​ធ្វើ​សង្គ្រាម​កាល​ណោះ គឺកងទ័ពខ្មែរបានជោគជ័យយ៉ាងធំំធេងហើយ​ពាក្យ​ថា សៀមរាប (អានថា:សៀមម៉ារាប) គឺ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ បន្ទាប់​ពី​ជ័យ​ជម្នះ​របស់​កងទ័ព​ខ្មែរលើពួកសៀម៖ «ពាក្យ​ថា សៀមរាប គឺ​មាន​ន័យ​ថា សៀម បាន​ខ្លបខ្លាច​លោក បាន​ចាញ់​លោក បាន​អស់​ឫទ្ធានុភាព ចាញ់រាបដលដី។ ដូច្នេះ គេ​ឱ្យ​ឈ្មោះ​ថា តំបន់​សៀមរាប នេះ​ជា​ទស្សនៈ​របស់​ជាតិ​ខ្មែរ របស់​អ្នក​តំណ​ដែល​បាន​លើក​ឡើង​ក្នុង​ដំណែល​ប្រវត្តិសាស្ត្រ​នេះ​ផង​ដែរ។ ចំណុច​នេះ​ហើយ បាន​ជា​ចាប់​ផ្ដើម​មាន​ពាក្យ​ថា សៀមរាប»

ការ​អធិប្បាយ​របស់​លោក​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា នេះ គឺ​ដូច​គ្នា​នឹង​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ផ្សេង​ទៀត។

សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​សង្ខេប​មួយ ដែល​សរសេរ​ដោយ លោក នួន សុធិមន្ត ដែល​បច្ចុប្បន្ន​ជា​មន្ត្រី​រាជការ​នៅ​ទីទីស្ដីការគណៈរដ្ឋមន្ត្រី បាន​អធិប្បាយ​ថា នៅ​ឆ្នាំ​១៥២៥ ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះនាម អង្គច័ន្ទ​រាជា​ទី​១ បាន​វាយ​បង្ក្រាប​កងទ័ព​សៀម ដែល​ឈ្លាន​ពានឱ្យ​បរាជ័យ​យ៉ាងអាម៉ាស់នៅ​តំបន់​អង្គរ។ ដូច្នេះ​ហើយ បាន​ជា​ព្រះបាទ​អង្គច័ន្ទ​រាជា​ទី​១ បាន​ដាក់​ឈ្មោះ​ថា សៀមរាប គឺ​មាន​ន័យ​ថា ទ័ព​សៀម ចាញ់​រាប​ដូចជា​កន្ទេល ឬ ទ័ពសៀមចាញ់រាបដល់ដី

បច្ចុប្បន្ន​នេះ ខេត្ត​សៀមរាប មិន​ត្រឹម​តែ​ជា​និមិត្តរូប​នៃ​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែវា​ក៏​កំពុង​នាំ​ប្រទេស​កម្ពុជាឱ្យ​ទទួល​បាន​នាម​ថ្មី​មួយ​ទៀតគឺ​ព្រះរាជាណាចក្រ​អច្ឆរិយ ដោយសារ​តែ​ភាព​ល្បីល្បាញ​ខាង​វប្បធម៌​ប្រវត្តិសាស្ត្រ។[]

ប្រវត្តិសាស្ត្រ

[កែប្រែ]

មុនសម័យអង្គរ

[កែប្រែ]
នៅឆ្នាំ៨០២ ជាឆ្នាំដែលព្រះបាទជ័យវរ្ម័នទី២ ប្រារព្ធពិធីទេវរាជនៅលើភ្នំគូលែន។ ព្រះអង្គបានបើកសករាជមួយសម្រាប់អរិយធម៌អង្គរដ៏ថ្កើនថ្កានរបស់នាសម័យអង្គរ

អ្នកស្រាវជ្រាវខាងប្រវត្តិវិទ្យា និងបុរាណវិទ្យាជាច្រើន បានអះអាងថាប្រវត្តិសាស្រ្តនៃតំបន់សៀមរាប អង្គរបានចាប់ផ្តើមឡើងនៅ ឆ្នាំ៨០២ នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ក្រោយពី ព្រះមហាក្សត្រអង្គនេះបានយាងមកពី ប្រទេសជ្វានៅឆ្នាំ៨០០ នៃគ្រិស្តសករាជ។ តាមឯកសារខាងលើបានឲ្យដឹងថា ព្រះបាទជ័យវរ្ម័នទី២ កាលក្នុងដំណាក់កាលទី២ ទ្រង់គង់នៅ ទីក្រុងឥន្រ្ទបុរៈ នៅ ខេត្តកំពង់ចាម បន្ទាប់មកគង់នៅលើ ភ្នំគូលែន និង ចុងក្រោយបំផុតទ្រង់គង់នៅ ទីក្រុងហរិហរាល័យទីក្រុងរលួស ដែលជារាជធានីដើមនា សម័យអង្គរ។ លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងថា វប្បធអង្គរបានផ្តើមឡើង នៅក្នុងឆ្នាំ៨០២ នៃគ្រិស្តសករាជ គឺនៅពេលដែល ព្រះបាទជ័យវរ្ម័នទី២ បានអភិសេកជាព្រះមហាក្សត្រ នៅលើ ភ្នំគូលែន។ ការអភិសេករបស់ទ្រង់ គឺឈរលើមូលដ្ឋាននៃពិធីទេវរាជ ដែលបានផ្តល់ចំពោះព្រះអង្គនូវមហិទ្ធិប្ញទ្ធិ ដើម្បីធ្វើការបង្រួបបង្រួមជាតិ។ ការអះអាងបានបង្អាញឲ្យដឹងទៀតថា វប្បធម៌‌សម័យបុរេអង្គរ(មុនអង្គរ)គឺឯកសារមួយចំនួនបាន ផែ្អកតាមកំណត់ហេតុចិន។ ឯកសាររបស់គេបាន សំអាងលើកំណត់ត្រាផង និង ស្ថាបត្យកម្មប្រាង្គប្រាសាទមួយចំនួនផង ។ ឯព្រឹត្តិការណ៍ ដែលគួរឲ្យកត់សម្គាល់ ជាខ្លាំងមួយទៀត គឺក្នុងអំឡុង សម័យចេនឡា នៅលើទឹកដីបវរនៃ ខេត្តសៀមរាបអង្គរ។ កំណត់ហេតុចិនបានឲ្យដឹងថា ទីក្រុងដំបូងបំផុត នៅខេត្តសៀមរាបមានឈ្មោះថា "នគរគម្ពីរ" ដែលសិ្ថតនៅរវាងបារាយណ៍ខាងលិច និងបារាយណ៍ខាងកើតនៃ តំបន់សៀមរាបអង្គរ។ សេ្តចខែ្មរដែលសោយរាជ្យសម្បត្តិនៅ នគរគម្ពីរនេះគឺ ព្រះបាទចន្រ្ទវរ្ម័ន ។ លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងបនែ្ថមទៀតថា កាលពីសម័យបុរេអង្គរនាអំឡុងឆ្នា៨០២ នេះ សេដ្ឋកិច្ច និង បរិយាកា សង្គមរបស់ តំបន់សៀមរាបអង្គរ មានការវិវឌ្ឍន៍ជាវិជ្ជមាន។ គេបានឃើញមានការរៀបចំដែនដី ឬនគរូបនីយកម្មដែនដីក្នុង តំបន់នីមួយៗនៃខេត្តនេះ យ៉ាងច្បាស់លាស់ទៅហើយ ចាប់តាំងពីចុងសតវត្សរ៍ទី៦ នៃដើមសតវត្សរ៍ទី៧ នៃគ្រិស្តសករាជ។ ជនជាតិខែ្មរក្រោមការដឹកនាំរបស់ ព្រះមហាក្សត្រ និង ពួកព្រាហ្មបុរោហិត បានចាប់ផ្តើម គម្រោងការសាងសង់ ប្រាសាទឥដ្ឋដំបូងបង្អស់ជាច្រើនមានជាអាទិ ប្រាសាទព្រៃកេ្មង ប្រាសាទពោធិ ប្រាសាទគោកតាសៀន ប្រាសាទវត្តខ្នាត និងប្រាសាទព្រៃប្រាសាទជាដើម។ រីឯវិស័យសង្គមកិច្ចវិញ គេបានដឹងថា បុព្វការីជនខែ្មរ ចូលចិត្តកសាងទីលំនៅរបស់ខ្លួននៅកែ្បរៗ ទនេ្លសាបកែ្បរអូរ ស្ទឹងធម្មជាតិជាដើម។ ការកសាងប្រាសាទក៏ដូច្នោះដែរ គឺបុព្វការីជនខែ្មរតែងតែជ្រើសរើស រកទីតាំងណាខ្ពស់មិនលិចទឹក នៅរដូវវស្សា គំនិតរបស់ខែ្មរក្នុងការជ្រើសរើសទីតាំងខ្ពស់ សម្រាប់ការកសាងសំណង់ផេ្សងៗ ជាប្រយោជន៍រួម គឺនៅតែបន្តរហូតមកទល់សព្វថៃ្ងនេះ []

សម័យអង្គរ

[កែប្រែ]
ទិដ្ឋភាពចំអិនម្ហូបរបស់ជីវភាពប្រជាជនខ្មែរនាសម័យអង្គរ
វិស័យសុខាភិបាលខ្មែរនាសម័យអង្គរ (រូបចម្លាក់លៀននៅអង្គរធំំ)
ទិដ្ឋភាពផ្សារលក់ដូររបស់ប្រជាជនខ្មែរនាសម័យអង្គរ

ខ្មែរបានជ្រើសរើសទីតាំងតំបន់អង្គរធ្វើជារាជធានីព្រោះស្ថិតនៅចំណុចកណ្ដាលនៃអាណាចក្រខ្មែរនិងទីប្រជុំនៃជំនួញទាំងពីរគឺជើងគោកជើងទឹកហើយសំបូរទៅដោយធនធានធម្មជាតិសព្វគ្រប់ដូចជា ត្រីក្នុងបឹងទន្លេសាប ព្រៃឈើ និងថ្មភក់សំរាប់សំណង់ប្រាសាទ និងដីមានជីវជាតិផងដែរ ខេត្តសៀមរាបនៅសតវត្សទី៩ ដល់សតវត្សទី១៥ បានបម្រើការរាជធានីជាមជ្ឈមណ្ឌលដ៏សំខាន់នៃអំណាចនយោបាយ វប្បធម៌ និងសាសនារបស់អាណាចក្រខ្មែរ។ ភាពថ្កើងថ្កានរបស់ទីក្រុងគឺជារាជធានីនៃអាណាចក្រខ្មែរ ដែលគ្រប់គ្រងដោយស្តេចដែលមានអំណាចបន្តបន្ទាប់គ្នា។ ខេត្តសៀមរាបមានទីតាំងយុទ្ធសាស្ត្រនៅជាំចំណុចកណ្ដាលនៃអាណាចក្រ ដែលអនុញ្ញាតឱ្យមានគ្រប់គ្រងត្រួតត្រា និងគ្រប់គ្រងទឹកដីដ៏ធំ។ ទីក្រុងនេះបានរីកចម្រើនជាទីក្រុងដែលមានភាពអ៊ូអរ បម្រើជាមជ្ឈមណ្ឌលរដ្ឋបាល សេដ្ឋកិច្ច និងសាសនានៃតំបន់។ ខេត្តសៀមរាបមានចំណុចគួរឲ្យទាក់ទាញជាច្រើនដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ជាដើម។ ប្រើទៅជាខ្មែរសម័យអង្គរបានអនុវត្តនយោបាយវាតទីទឹកដី ពង្រឹងអរិយធម៌ឲ្យរីកចម្រើន និងកសាងប្រាសាទល្បីល្បាញមួយចំនួនដែលបង្ហាញពីតម្លៃវប្បធម៌អរិយធម៌ខ្មែរ។ តំបន់សៀមរាបត្រូវបានបម្រើការជារាជធានីអស់រយៈពេល៦ សតវត្សមកហើយ។ នៅតំបន់សៀមរាបមានការអភិវឌ្ឍរីកចម្រើនរូបលាស់គ្រប់វិស័យនិងមានភាគសម្បូរសប្បាយប្រជាជនខ្មែរនៅដីទំនេរនៅអង្គរភាគច្រើនប្រកបមុខរបរកសិកម្មនិងនេសាជាធំ។ តំបន់ជុំវិញបឹងទន្លេសាបជាដីដ៏សំបូរជីវជាតិ។ គេអាចធ្វើស្រែនៅតំបន់នេះប្រហែលជាពីទៅបីដងក្នុងមួយឆ្នាំ ដូច្នេះហើយបានជាយើងឃើញមានប្រព័ន្ធធារាសាស្ត្រមួយចំនួនដែលបន្សល់ទុកតាំងពីសម័យអង្គរមកម្ល៉េះ។

សម័យក្រោយអង្គរ

[កែប្រែ]
ទិដ្ឋភាពប្រាសាទអង្គរវត្តនៅឆ្នាំ១៨៦៨

បើយោងតាមឯកសារ ក្រោយពីទ័ពខ្មែររបស់ព្រះបាទពញាអង្គច័ន្ទ ឬព្រះបរមរាជាធិរាជ បានទទួលជ័យជម្នះលើកងទ័ពសៀមឈ្លានពានជាស្ថាពរ នៅព្រះរាជនគរ គឺអង្គរធំ ពោលគឺបានវាយកម្ទេចទ័ពសៀមរាបស្មើនឹងដី បានជាខ្មែរដាក់ឈ្មោះថា ខេត្តសៀមរាប។ ស្ថានការណ៍បែបនេះបានធ្វើឱ្យយើងយល់ថាជាដើមកំណើតនៃការតាំងឈ្មោះ ខេត្តសៀមរាប តាំងពីរជ្ជកាលរបស់ព្រះអង្គច័ន្ទទល់នឹងសព្វថ្ងៃ ទោះបីជាព្រះរាជពង្សាវតារខ្មែរ ច្បាប់ឧកញ៉ាព្រះឃ្លាំង (នង) មិនបាននិយាយដោយចំហក៏ដោយ ។ប្រសិនជាយើងបើកច្បាប់ព្រះរាជពង្សាវតារខាងលើមកមើល យើងពិតជាស្លុតចិត្ត ដោយហេតុថាកងទ័ពសៀមឈ្លានពាន បានរុករានប្រទេសកម្ពុជាមិនឈប់ឈរជាច្រើនលើកច្រើនគ្រា។ ពួកគេក្រោយពីដណ្តើមបានអាណាខេត្តខ្មែរមួយចំនួន ដែលសព្វថ្ងៃបានក្លាយទៅជាទឹកដីថៃរួចទៅហើយនោះ ក៏បាននាំសង្គ្រាមចូលទៅយ៉ាងជ្រៅចំកណ្តាលបេះដូងនៃព្រះរាជាណាចក្រកម្ពុជាតែម្តង គឺទីក្រុងមហានគរ ដែលស្ថិតក្នុងខេត្តសៀមរាប តែពីមុនហៅថា ស្រុកនគរវត្ត ដែលធ្លាប់ជាសមរភូមិក្តៅពីមុនមក។ប៉ុន្តែលើកនេះពួកគេត្រូវបង្ខំចិត្តរត់ត្រឡប់ទៅ ក្រុងអយុធ្យាវិញ ក្រោយពីត្រូវចាញ់សង្គ្រាមនៅចុល្លសករាជ ៩០២ ត្រូវនឹងឆ្នាំ១៥៤១នៃគ.ស ។កាលបើពិនិត្យលើទំព័រប្រវត្តិសាស្ត្រចាស់ ដែលបានកើតឡើងនៅលើទឹកដីបវរ ដែលជាទីតាំងនៃព្រះរាជនគរ យើងដឹងថា ក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៨ និងដើមរាជ្យរបស់ ព្រះបាទស្រីឥន្ទ្រវរ្ម័ន រវាងឆ្នាំ១២៩៦ សៀមបានបើកការវាយលុកមួយដ៏ធំសម្បើម នៅខេត្តសៀមរាប ក្នុងបំណងយកប្រទេសកម្ពុជាធ្វើជាស្រុក ឬនគរចំណុះរបស់ខ្លួន ហើយមហិច្ឆតានេះ ពួកគេបានសម្រេចជាស្ថាពរ ព្រោះថាអាណាខេត្តមួយចំនួន ដែលស្ថិតក្នុងភូមិភាគកណ្តាល ដូចជាខេត្តសុខោទ័យ កំផែងផេត (កំពែងពេជ្រ) និងខេត្តរណបនៃខេត្តទាំងនោះព្រមទាំងអាណាខេត្តដទៃៗឯទៀត ដែលស្ថិតនៅជ្រលងនៃដងទន្លេមេណាម ដូចជាខេត្តអយុធ្យា និងសុផាន់បុរី ។បន្ទាប់ពីបានទទួលជោគជ័យលើខេត្តទាំងឡាយនោះ ពួកគេក៏បានពង្រឹងបណ្តាញអំណាចរបស់ខ្លួន ។សង្គ្រាមឈ្លានពានមួយ ដែលគេត្រូវកត់សម្គាល់ ដែលបានកើតឡើងជាលើកដំបូងបង្អស់ នៅលើទឹកដីខ្មែរត្រូវបានធ្វើឡើងក្នុងរាជ្យរបស់ព្រះបាទលំពង្សរាជា នៅឆ្នាំ១៣៥២ ។ចំពោះចម្បាំងនេះច្បាប់ពង្សាវតារបានបញ្ជាក់ថា គឺភាគីឈ្លានពានថៃបានទទួលជ័យជម្នះលើទ័ពខ្មែរ ដោយពួកគេបានកាន់កាប់ទីក្រុងអង្គរធំ នៅឆ្នាំ១៤៣១ ។ មុននឹងដកថយចេញ ពួកគេបានកេណ្ឌឈ្លើយសឹកខ្មែរជាច្រើនម៉ឺននាក់ នាំទៅកាន់ប្រទេសសៀម ។ក្នុងឱកាសនោះដែរ ពួកគេក៏បានលួច ប្លន់ ទ្រព្យសម្បត្តិរបស់ជាតិខ្មែរគ្រប់ប្រភេទនៅឆ្នាំ១៤៣១ គឺជាឆ្នាំដែលកំណត់នូវឱនភាពខ្មែរ ដែលប្រឈមនិងការវាតទីនិយមរបស់សៀម ដែលគ្មានទីបញ្ចប់។ ពិតណាស់ ទោះបីជាភ្លើងសង្គ្រាមឈ្លានពានបានកន្លងផុតជាច្រើនសតវត្សរ៍មកហើយក្តី ក៏ប៉ុន្តែវាបានបន្សល់ទុកនូវស្លាកស្នាមក្នុងផ្នត់គំនិតខ្មែរ ។បើតាមច្បាប់ព្រះរាជពង្សាវតារខ្មែរ គឺក្នុងរាជ្យរបស់ព្រះបាទអង្គច័ន្ទរាជា (១៥១៦ដល់ ១៥៥៥នៃគ.ស) ដែលកងទ័ពសៀមមកឈ្លានពានខ្មែរ ត្រូវបានបង្ក្រាបរាបស្មើទល់និងដីនៅត្រង់ស្ទឹងអង្គរ នៅឆ្នាំ១៥៤១ ដោយហេតុនេះហើយ បានជាព្រះអង្គត្រាស់បង្គាប់ឱ្យគេហៅតំបន់នេះជា «តំបន់សៀមរាប» ដើម្បីទុកជាការចងចាំរួមរបស់ជាតិខ្មែរ អំពីជ័យជម្នះដ៏ត្រចះត្រចង់នេះ មុនទីតាំងនេះបានក្លាយទៅជាស្រុក ហើយបន្ទាប់មកទៀតជាខេត្តនាសម័យអាណាព្យាបាលបារាំង ។ព្រឹត្តិការណ៍មួយគួរឱ្យកត់សម្គាល់ គឺស្តេចអង្គនេះបានឆ្លាក់បង្ហើយនូវចម្លាក់មួយចំនួន ដែលព្រះបាទសុរិយាវរ្ម័នទី២ មិនទាន់ឆ្លាក់រួច ។ ទោះបីជាបានទទួលបរាជ័យដ៏អាម៉ាស់មុខនេះក្តី ទ័ពសៀមក៏នៅតែទន្ទ្រានមាតុភូមិខ្មែរមិនស្រាកស្រាន្តឡើយ ហើយអំពើនេះត្រូវបានបន្តរហូតដល់សម័យលង្វែក។ នៅឆ្នាំ១៥៩៤ ទីក្រុងលង្វែកត្រូវដណ្តើមបានពីខ្មែរដោយស្តេចសៀម «ព្រះបាទនរិន្ទសួន»។ចំពោះបរាជ័យនៃកងទ័ពសៀម ដែលដឹកនាំដោយស្តេចសៀម ដែលបានយកលេសថា ដោយសារព្រះបាទអង្គច័ន្ទរាជាមិនបានប្រគល់ដំរីសមួយក្បាល បានជាមកវាយលុកទីក្រុងអង្គរធំ ។បើតាមប្រសាសន៍របស់លោកហ្គ្រោរីយេ បានបញ្ជាក់ថា ព្រះបាទអង្គច័ន្ទរាជា គឺជាព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែជាងគេបំផុតនាសម័យក្រោយអង្គរ ដោយហេតុថា ស្តេចអង្គនេះមិនគ្រាន់តែបានខិតខំស្តារប្រទេសជាតិតែប៉ុណ្ណោះទេ ក៏ប៉ុន្តែទ្រង់ថែមទាំងមានមហិច្ឆិតាវាយដណ្តើមយកខេត្តខ្មែរមួយចំនួនក្នុងប្រទេសថៃបច្ចុប្បន្ន ដូចជា៖ខេត្តនគររាជសីមា ខេត្តបុរីរម្យ ខេត្តសុរិន្ទ្រ និងខេត្តស៊ីសាកេតជាដើម ដែលសៀមបានដណ្តើមបានពីមុនមក។មានហេតុផលជាច្រើន ដើម្បីបញ្ជាក់ថា ហេតុដូចម្តេចបានជាក្នុងព្រះរាជពង្សាវតារថៃ ដូចជាច្បាប់របស់អ្នកអង្គម្ចាស់នព្វរ័ត្ន តែងឡើងនៅព.ស ២៤២០ ត្រូវនិងគ.ស ១៨៧៧ បានប្រើពាក្យ «សៀមរាដ្ឋ» ជំនួសពាក្យសៀមរាបទៅវិញ ។តាមពិតទៅការប្រើពាក្យសៀមរាដ្ឋ (សៀមរ៉ាត) ដើម្បីហៅទីប្រជុំជនមួយ ដែលពីមុនគឺជាសមរភូមិ ឬលានប្រយុទ្ធស៊ីសាច់ហុតឈាមរវាងខ្មែរ និងសៀម ស្ថិតក្នុងស្រុកនគរវត្ត គឺបណ្តាលមកពីអាជ្ញាធរថៃ ក្នុងរជ្ជកាលរបស់ព្រះបាទព្រះចៅថាយស្រះ មិនចង់រំឭកនូវបរាជ័យដ៏អាម៉ាស់មុខរបស់កងទ័ពឈ្លានពានសៀមតែប៉ុណ្ណោះ ទោះបីជាសម័យនោះទ្រង់បានត្រួតត្រាព្រះរាជាណាចក្រកម្ពុជាក៏ដោយ ។ យ៉ាងណាមិញ គឺដោយសារតែហេតុការណ៍នេះហើយ ទើបព្រះបាទព្រះចោមក្លាវចៅយូហួ ដែលបានគ្រប់គ្រងប្រទេសកម្ពុជាជាមួយឥណ្ណាម ទ្រង់ក៏បានប្រើពាក្យស្រុក ឬមឿងព្រះនគរវត្ត ជំនួសពាក្យស្រុក ឬមឿងសៀមរ៉ាតផងដែរ ។គ្មានឯកសាររបស់ថៃណាមួយ ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់អំពីការផ្លាស់ប្តូរឈ្មោះពីមឿងព្រះនគរវត្ត ទៅជាសៀមរាបទេ ហើយបើមានក៏អាចស្ថិតក្នុងដើមសម័យរជ្ជកាលទី៣ ដែលជាសម័យបាងកក ដែលគេហៅថា រតនកោសិន្ទ្រ ។ប៉ុន្តែចំពោះជនជាតិខ្មែរវិញ ឈ្មោះសៀមរាប ពិតជាត្រូវបានផ្តើមឡើងក្នុងរជ្ជកាលរបស់ព្រះអង្គច័ន្ទ យ៉ាងប្រាកដឥតក្លែងក្លាយ ទោះបីជាទឡ្ហីករណ៍មានខ្វះចន្លោះយ៉ាងណាក៏ដោយ ព្រោះថាការតាំងឈ្មោះសៀមរាបនេះ មិនមែនជារឿងចៃដន្យ ឬជំនឿលេងសើច ជាពិសេសក្នុងសម័យកាលមួយដែលខ្មែរ និងសៀមនៅច្បាំងគ្នាមិនឈប់មិនឈរ។ ដូច្នេះ ការចង់យល់ឱ្យលំអិតពីប្រវត្តិពិតនៃឈ្មោះ សៀមរាប តម្រូវឱ្យយើងស្គាល់ពីបរិបទសង្គម នយោបាយ ហើយអំពើនេះ គឺជាការចាំបាច់បំផុត ។បើតាមសៀវភៅប្រវត្តិសាស្ត្រខ្មែរ រៀបរៀងដោយ លោកនួន សុធិមន្ត អធិប្បាយថា នៅឆ្នាំ១៥២៥ នៃគ្រឹស្ដសករាជ ព្រះអង្គច័ន្ទរាជាទី១ បានវាយបង្ក្រាបកងទ័ពសៀម ដែលឈ្លានពាន ឱ្យបរាជ័យនៅតំបន់អង្គរ ។ដូច្នេះហើយបានជាព្រះបាទអង្គច័ន្ទរាជាទី១ បានដាក់ឈ្មោះថា «សៀមរាប» គឺមានន័យថា ទ័ពសៀម ចាញ់រាបដូចកន្ទេល។

ប្រជាសាស្រ្ត

[កែប្រែ]

នៅទាំងខេត្តសៀមរាបទាំងមូល មានអត្រាប្រជាជនសរុបចំនួន ៩២០,ឆ្នាំ១២៣នាក់។ ក្នអ្នកដែលរស់ក្នុងក្រុងសៀមរាបមានចំនួន ១៩៧,៣០១នាក់។ ខេត្តសៀមរាបទាំងមូលមានផ្ទៃក្រឡាចំនួន ១០,២៩៩គីឡូម៉ែត្រការ៉េ មានក្រុងចំនួនមួយ ស្រុកមានចំនួន១១ ឃុំមានចំនួន ៨៧ សង្កាត់ចំនួន ១៣ និងភូមិចំនួន ៨៧៥[]។ ប្រជាជនដែលរស់នៅក្រុងសៀមរាបភាគច្រើនជាអ្នកផ្លាស់ទីលំនៅមកពីកន្លែងផ្សេងៗរបស់ប្រទេសកម្ពុជាដូចជា រាជធានីភ្នំពេញ ខេត្តកណ ្តាល ខេត្តកំពង់ចាម បន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ជាដើម។ សៀមរាបគឺជាតំបន់គោលដៅទេសចរណ៍។

លក្ខណៈភូមិសាស្ត្រ

[កែប្រែ]

ខេត្តសៀមរាបជាខេត្តមួយស្ថិតនៅតំបន់ពាយ័ព្យ នៃប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ៦ ដែលមានចំងាយប្រវែង៣១៤គ.ម ពីរាជធានីភ្នំពេញ មានពំ្រប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ធំ និងខេត្តព្រះវិហារខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខាងជើងជាប់នឹងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ និងខាងត្បូងជាប់នឹងខេត្តបាត់ដំបង និងបឹងទន្លេសាប ។ ព្រំប្រទល់ជាប់បឹងទន្លេសាបមានប្រវែង ៨២ គ.ម ដែលស្ថិតនៅជាប់ស្រុកជីក្រែង ស្រុកសូត្រនិគម ស្រុកប្រាសាទបាគង ស្រុកសៀមរាប ស្រុកពួក និងស្រុកក្រឡាញ់។ ស្របតាមលក្ខណៈភូមិសាស្ត្រនៃតំបន់ និងនិយមនៃសីតុណ្ហភាព ការហួតហែង សំនើម ភាពរាំងស្ងួត និងជំនន់ យើងអាចបែងចែកតំបន់ទាំងនេះជាបីផ្នែកគឺ ផ្នែកខាងលើមាន ១៣ ឃុំ ផ្នែកកណ្តាលមាន៦៩ឃុំ និងផ្នែកខាងក្រោមជាប់នឹងបឹងទន្លេសាបមាន ១៨ឃុំ។ តំបន់ខាងលើសំបូរទៅដោយព្រៃភ្នំមានសណ្ឋានដូចជាដីទូលឬខ្ពង់រាប ខ្វះខាតទឹក និងជួបប្រទះគ្រោះរាំងស្ងួតញឹកញាប់តំបន់កណ្តាលជាវាលស្រែល្វឹងល្វើយ និងលំនៅឋានព្រមទាំងប្រាង្គប្រាសាទនានា និងតំបន់ក្រោមជាវាលទំនាបរងទឹកជំនន់រៀងរាល់ឆ្នាំ។ ជាតំបន់ជលវេគពេលណាមានភ្លៀងធ្លាក់ជន់លិចលង់ ពេលណាគ្មានភ្លៀងស្ងួតហួតហែង មានផ្ទៃក្រលាសរុបប្រមាណ ១២.០១៥ គ.ម២ ចែកចេញជា ១២ក្រុងស្រុក ១០០ឃុំ និង៩០៧ភូមិ ដោយមានប្រជាជនសរុប៧៣៣.៨៨២នាក់ ត្រូវជា ៦,០៩% នៃប្រជាជនសរុបទូទាំងប្រទេស។ មុខរបរសំខាន់នៃផ្នែកទាំងបីនេះមានភាពខុសៗគ្នាពោលគឺ៖

. ខាងលើធ្វើស្រូវចំការ និងរុករកអនុផលព្រៃឈើ
. កណ្តាលធ្វើស្រែនិងសេវាកម្មផ្សេងៗ
. ខាងក្រោមធ្វើស្រែនិងចំការដំនាំតាមរដូវ និងប្រកបអាជីវកម្មនេសាទ។

ជាទូទៅខេត្តសៀមរាបមានចរិតជាតំបន់ជនបទ។ ប្រជាជនប្រមាណ ៧០% រស់នៅតាមទីជនបទឆ្ងាយពីក្រុងដែលផ្អែកលើមុខរបរកសិកម្មជាអាជីព។ ប្រជាជនប្រមាណ ១៨% រស់នៅតាមតំបន់ជាប់បឹងទន្លេសាបផ្អែកលើអាជីវកម្មនេសាទនិងធ្វើចំការដំនាំផ្សេងៗ និង១២%ទៀតរស់នៅតាមទីប្រជុំជន និងក្រុងដែលមានមុខរបរពាណិជ្ជកម្ម ទេសចរណ៍ និងបុគ្គលិករដ្ឋ។ ខេត្តសៀមរាបចែកចេញជា១២ស្រុក ១០០ឃុំ និង៩០៧ភូមិ[]

កូដស្រុកនិងក្រុង ស្រុកនិងក្រុង ឈ្មោះស្រុកនិងក្រុងជាអក្សរឡាតាំង
១៧០១ អង្គរជុំ Angkor Chum
១៧០២ អង្គរធំ Angkor Thum
១៧០៣ បន្ទាយស្រី Banteay Srei
១៧០៤ ជីក្រែង Chi Kraeng
១៧០៦ ក្រឡាញ់ Kralanh
១៧០៧ ពួក Puok
១៧០៩ ប្រាសាទបាគង Prasat Bakong
១៧១០ សៀមរាប Siem Reab
១៧១១ សូទ្រនិគម Soutr Nikom
១៧១២ ស្រីស្នំ Srei Snam
១៧១៣ ស្វាយលើ Svay Leu
១៧១៤ វ៉ារិន Varin

សេដ្ឋកិច្ច

[កែប្រែ]

ទីផ្សារនៅខេត្តសៀមរាប។

តំបន់ទេសចរណ៍ខេត្តសៀមរាប

[កែប្រែ]

តាមប្រវត្តិសាស្ដ្រ ទឹកដីខេត្តសៀមរាបជាតំបន់រាជធានីរបស់ចក្រភពខ្មែរអំឡុងពីសតវត្សទី៩ដល់សតវត្សរ៍ទី១៣។ ដោយសារមូលហេតុខាងលើនេះហើយទើបរហូតមកទល់បច្ចុប្បន្ននេះគេនៅឃើញមានប្រាសាទយ៉ាងច្រើនស្អេកស្កះតំរៀបគ្នានៅក្នុងទឺកដីដ៏បវរនៃខេត្តសៀមរាប។ ប្រាសាទទាំងឡាយនៅតំបន់អង្គរ ដែលមានឈ្មោះល្បីទូទាំងពិភពលោកគឺ ស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជាក្នុងខេត្តសៀមរាប ដែលគ្របដណ្តប់ដោយផ្ទៃក្រលា ៦០០ គ.មការ៉េ។ សព្វថ្ងៃប្រាសាទចំនួនជាង១០០ត្រូវបានរកឃើញ។ ប្រាសាទទាំងឡាយ ត្រូវបានកសាងឡើងរវាងសតវត្សទី៩ និងទី១៣។ កម្មវិធីកសាងឥតឈប់ឈរត្រូវបានប្រកាន់ដោយព្រះរាជាខ្មែរជាបន្តបន្ទាប់ អាចប្រៀបធៀបបានទៅនឹងសំនង់រាងជាពីរ៉ាមីតដោយព្រះចៅផារ៉ាអុងក្នុង ប្រទេសអេហ្សីប។ ព្រះរាជាខ្មែរបានសាងសង់ប្រាសាទទាំងនេះ ដោយប្រើកំលាំងទាសករយ៉ាងច្រើន តាមការប៉ាន់ស្មាន ការធ្វើសំនង់ថ្មីនីមួយៗអាចប្រើមនុស្សប្រហែល ៧៥០.០០០នាក់ ក្នុងអំឡុងសតវត្សទី១២ និង១៣។ ទោះបីជាបន្សល់ទុកនូវ ប្រាសាទជាច្រើនក៏ដោយ សព្វថ្ងៃនេះគឺមានភស្តុតាងបន្តិចបន្តួចចំពោះមនុស្សដែលរស់នថាប្រាកដជាទីក្រុងមួយដែលជាងគេនៅលើផែនដីនាពេលនោះ។ អ្នកដំនើរព័រទុយហ្គាល់ត្រូវបានគេជឿថាជាជនស្ចឹមប្រទេសដំបូងគេដែលបានសំលឹងមិនដាក់ភ្នែកទៅលើភាពអស្ចារ្យនៃប្រាសាទអង្គរ នាពេលទស្សនាក្នុងអំឡុងសតវត្សទី១៦។ ទោះបីយ៉ាងណាក៏ដោយ កិត្តិយសធំបំផុតចំពោះការរកឃើញអង្គរបានធ្លាក់ទៅអ្នកភូមិសាស្ដ្រជនជាតិបារាំងឈ្មោះ ហង់រី មូហូត (Henri Mouhot) ដែលបានមកទស្សនាអង្គរឆ្នាំ១៨៦០ ដែលបានតំកល់ទុកនូវឯកសារនាទីក្រុងប៉ារីសក្រាយមរណភាពក្នុងឆ្នាំ១៨៦៨។ ក្នុងសតវត្សទី ១៩និង២០ បេសកកម្មរបស់បារាំងជាច្រើនបានមកទស្សនាប្រាសាទ និង ធ្វើការកាប់ឆ្ការសំអាតព្រៃពីប្រាសាទ ហើយដែលបានប្រមូលនូវឯកសារយ៉ាងច្រើនបំផុត។ ក្នុងឆ្នាំ ១៩០៧ ប្រទេសថៃ បានប្រគល់ទឹកដីអង្គរមកអោយខ្មែរគ្រប់គ្រងវិញ ហើយនៅក្នុងនាំនោះហើយដែលភ្ញៀវទេសចរបានមកទស្សនាជាលើកដំបូង។ ប្រសិនបើពេលមានកំនត់អ្នកទស្សនាអាចជ្រើសរើសតាមវង់តូចដែលរួមមានទីក្រុងរបស់ស្តេច គឺអង្គរធំដែលមានប្រាសាទជាច្រើន ប្រាសាទអង្គរវត្ត ស្រះស្រង់ និងរមណីយដ្ឋានជាច្រើនទៀត។ ការបន្តដំនើរទស្សនាទៅវង់ធំគេនឹងបានឃើញប្រាសាទមួយចំនួនផ្សេងទៀតនិងបារាយណ៍នៅសម័យអង្គរ។ ប្រសិនបើពេលវេលាអនុញ្ញាតិ ភ្ញៀវទេសចរអាចទស្សនាប្រាសាទល្បីឈ្មោះដូចជាប្រាសាទបន្ទាយស្រីប្រាសាទបន្ទាយសំរ៉ែ ដែលស្ថិតនៅឆ្ងាយពីប្រាសាទនៅតំបន់អង្គរបន្តិច។

ឯកសារពិគ្រោះ

[កែប្រែ]
  1. ដកស្រង់ចេញពីសៀវភៅជនជាតិខ្មែរសតវត្សទី១៥-១៩៥៣ (ភាគទី២)
  2. "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.
  3. "អត្ថន័យ​នៃ​ឈ្មោះ​ខេត្ត​សៀមរាប". www-rfa-org.cdn.ampproject.org. Retrieved 2023-03-16. {{cite web}}: zero width space character in |title= at position 8 (help)
  4. អត្ថបទដកស្រង់ពីកាសែតរស្មីកម្ពុជា
  5. ព័ត៌មានរបស់ក្រសួងទេសចរណ៍នៅដើមឆ្នាំ២០១៣
  6. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2009-04-16. Retrieved 2008-08-29.