ហ្វារេន្ទ្រលក្ឝ្មី
ហ្វារេន្ទ្រលក្ឝ្មី | |
---|---|
រាជ្យមុន | មិនស្គាល់ |
រាជ្យបន្ត | មិនស្គាល់ |
ស្វាមី/មហេសី | វ្រះបាទរាជបតិវម៌្ម |
បុត្រ | ព្រះនាងរាជេន្ទ្រទេវី |
វង្ស | កៅណ្ឌិន្យ |
សន្តតិវង្ស | សោមវង្ស |
បិតា | វ្រះបាទស្រីនរេន្ទ្រវម៌្ម |
សុគត | គ.ស សតវត្សទី៨ |
ព្រះក្សត្រីហ្វារេន្ទ្រលក្ស្មី (គ.ស ប្រហែលសតវត្សទី៨) រជ្ជកាល (គ.ស ប្រហែលសតវត្សទី៨) ព្រះនាងមានព្រះភស្ដា គឺវ្រះបាទរាជបតិវម៌្មដែលទ្រង់សោយរាជ្យនៅវ្យាធបុរ ប្រសូត្របានបុត្រីមួយអង្គគឺ ម្ចាស់ក្សត្រី រាជេន្ទ្រទេវីដែលត្រូវជាមហេសីនៃវ្រះបាទមហីបតិវម៌្ម ព្រះនាមហ្វារេន្ទ្រលក្ស្មី ដែលត្រូវជាបុត្រីនៃវ្រះបាទឝ្រីនរេន្ទ្រវម៌្ម និងព្រះនាងយសោមទិ។ ហើយទ្រង់មានបុត្រីមួយព្រះអង្គ ព្រះនាមរាជេន្ទ្រទេវី។
ពង្សាវតារ
[កែប្រែ]តាមសិលាចារឹកវ្រះបាទ បានបញ្ជាក់ថាវ្រះបាទមហីបតិវម៌្មទ្រង់មានបុត្រីមួយព្រះអង្គ គឺព្រះនាងឥន្ទ្រទេវី ដែលត្រូវជាព្រះមាតារបស់វ្រះបាទយឝោវម៌្មទី១ ក៏ប៉ុន្ដែមិនបានបញ្ជាក់ថា តើព្រះអង្គមានរាជបុត្រមួយអង្គដែរឬក៏អត់ទេ? ដូច្នេះ គ្មានរជ្ជទាយាទមួយអង្គណាទេនៅរាជបល្លង្កកម្ពុជាពេលដែលវ្រះបាទជយវម៌្មទី៣ យាងមកពីកោះជ្វា។ ប្រាកដណាស់ថារាជវង្សវ្យាធបុរ និងសម្ភុបុរ ជាគ្រួសារតែមួយ ជាងសាច់តាមខ្សែព្រះមាតា ហើយមានទំនាក់ទំនងល្អរវាងគ្នានិងគ្នា តាំងតែពីពេលដែលបែកគ្នាជាពីរមកម៉្លេះ។ ដោយហេតុនេះយើងអាចសន្និដ្ឋានថា ប្រទេសទាំងពីរបែកគ្នាអាចជាការបែងចែកទឹកដីគ្នា គ្រប់គ្រងដោយមានការយោគយល់គ្នាទៅវិញទៅមករវាងបងប្អូន ហើយបើទោះជាការបែកបាក់គ្នានេះ បណ្តាលមកពីអំពើហិង្សា ណាមួយក្តី ក៏អំពើហិង្សានោះឆាប់រលត់បាត់ទៅវិញ ព្រោះមិនបាន ២៥ ឆ្នាំផង ក្រោយពីបែកគ្នា ក្សត្រប្រទេសទំាងពីរបានរៀបចំភ្ជាប់ ចំណងអាពាហ៍ពិពាហ៍នឹងគ្នា។ សិលាចារឹកវ្រះបាទបានឲ្យដឹងថា វ្រះបាទស្រីបុឝ្ករាក្ឝដែលជាប់ខ្សែស្រឡាយជាមួយនឹងស្តេចនៃអនិន្ទិតបុរ បានក្លាយជាព្រះរាជានៃសម្ភុបុរ ហើយទ្រង់ត្រូវជាព្រះបិតារបស់វ្រះបាទរាជេន្ទ្រវម៌្មទី១។ វ្រះបាទរាជេន្ទ្រវម៌្មទី១ បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងន្ឫបតេន្ទ្រទេវីទី១ ជាព្រះរជ្ជទាយាទរបស់ព្រះរាជានៃវ្យាធបុរ ដែលប្រសូត្របានព្រះរាជឱរស មួយអង្គព្រះនាមមហីបតិវម៌្ម។ ព្រះមហីបតិវម៌្មបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងរាជេន្ទ្រទេវី និងត្រូវជាព្រះបិតា ព្រះនាងឥន្ទ្រទេវី ដែលជាព្រះមាតារបស់វ្រះបាទយឝោវម៌្មទី១។ ដូច្នេះព្រះនាងឥន្ទ្រទេវីជាបច្ឆាញាតិរបស់រាជវង្សវ្យាធបុរផង និងសម្ភុបុរផង ហើយទ្រង់ក៏ជាបច្ឆាញាតិរបស់ស្តេចអនិន្ទិតបុរ ថែមទៀត។ ព្រះនាងជាប់ខ្សែស្រឡាយខាងព្រះមាតាជាមួយនឹង ព្រាហ្មណ៍អគ្គស្សត្យ ដែលចេះចាំគម្ពីរវេទ និងវេទង្គ ព្រាហ្មណ៍នោះមានដើមកំណើតចេញមកពីអារ្យប្រទេស នៅឥណ្ឌាភាគខាងជើង ជាមួយនឹងព្រះនាងយសោមទិ ជាព្រះរាជអគ្គមហេសីនៃត្រកូលខ្ពង់ខ្ពស់ ដែលមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមថាស្រីនរេន្ទ្រវម៌្ម។ ព្រះរាជាជាម្ចាស់ពិភពលោកនេះមានបុត្រីមួយអង្គព្រះនាមថា ហ្វារេន្ទ្រលក្ស្មី។ រាជបុត្រីនេះបានរៀបអភិសេកជាមួយវ្រះបាទរាជបតិវម៌្ម ហើយប្រសូត្របានព្រះនាងរាជេន្ទ្រទេវី។ នៅក្នុងគភ៌របស់ព្រះនាងរាជេន្ទ្រទេវី ជាគភ៌ដែលផ្តល់កំនើតដល់វង្ស ស្តេចសិង្ហទាំងឡាយនេះហើយដែលវ្រះបាទមហីបតិវម៌្មបានបង្រួបបង្រួមទឹកដីទាំងពីរមកក្នុងអំណាចរបស់ព្រះអង្គ គឺបានផ្តល់កំណើតដល់ព្រះនាងឥន្ទ្រទេវីទី១ដែលល្អឥតផ្ទឹម និងមានកិត្តិនាមមូលបីដូចសមុទ្រទឹកដោះ៤។
ឯកសារយោង
[កែប្រែ]- វិគីភីឌាខ្មែរ
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ មិនស្គាល់ |
ក្សត្រីចេនឡាទឹក គ.ស សតវត្សទី៨ |
តដោយ មិនស្គាល់ |