មហីបតិវម៌្ម

ពីវិគីភីឌា
Jump to navigation Jump to search
មហីបតិវម៌្ម
វ្រះបាទ
រជ្ជកាល គ.ស ៧៨១-៧៨៨
រាជ្យមុន វ្រះបាទជយវម៌្ម (៧៧០-៧៨១)
រាជ្យបន្ត វ្រះបាទជយវម៌្មទី២
ស្វាមី/មហេសី ព្រះនាងរាជេន្ទ្រទេវី
បុត្រ ព្រះនាងឥន្ទ្រទេវី
វង្ស កៅណ្ឌិន្យ
សន្តតិវង្ស សោមវង្ស
បិតា វ្រះបាទរាជេន្ទ្រវម៌្មទី១
មាតា ព្រះនាងន្ឫបតីន្ទ្រទេវីទី១
ប្រសូត ឝម្ភុបុរ
សុគត គ.ស ៧៨៨
ឝម្ភុបុរ

វ្រះបាទមហីបតិវម៌្ម (គ.ស ប្រហែល ?-៧៨៨) រជ្ជកាល (គ.ស ៧៨១-៧៨៨) ព្រះ​មហីបតិវម៌្ម ទ្រង់​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ព្រះ​នាងរាជេន្ទ្រទេវី និង​ត្រូវជា​ព្រះ​បិតា​ព្រះ​នាងឥន្ទ្រទេវី ដែល​ជា​ព្រះ​មាតា​របស់​វ្រះបាទ​យឝោវម៌្មទី១

វង្សត្រកូល[កែប្រែ]

តាម​សិលា​ចារឹកវ្រះបាទ​ បាន​បញ្ជាក់​ថាវ្រះបាទ​មហីបតិវម៌្ម​ទ្រង់​មាន​បុត្រី​មួយ​ព្រះ​អង្គ គឺ​ព្រះ​នាងឥន្ទ្រទេវី ដែល​ត្រូវជា​ព្រះ​មាតា​របស់​វ្រះបាទ​យឝោវម៌្មទី១ ​ក៏​ប៉ុន្ដែ​មិន​បាន​បញ្ជាក់​ថា​ តើ​ព្រះ​អង្គ​មាន​រាជបុត្រ​មួយ​អង្គ​ដែរ​ឬ​ក៏​អត់​ទេ? ដូច្នេះ គ្មាន​រជ្ជទាយាទ​មួយ​អង្គ​ណា​ទេ​នៅ​រាជបល្លង្ក​កម្ពុជា​ពេល​ដែល​វ្រះបាទ​ជយវម៌្មទី២ យាង​មក​ពី​កោះ​ជ្វា?។ ប្រាកដណាស់ថារាជវង្សវ្យាធបុរ និងឝម្ភុបុរ ជាគ្រួសារតែមួយ ជាងសាច់តាមខ្សែព្រះមាតា ហើយមានទំនាក់ទំនងល្អរវាងគ្នានិងគ្នា តាំងតែពីពេលដែលបែកគ្នាជាពីរមកម៉្លេះ។​ ដោយហេតុនេះយើងអាចសន្និដ្ឋានថា ប្រទេស​ទាំងពីរបែកគ្នាអាចជាការបែងចែកទឹកដីគ្នា គ្រប់គ្រងដោយមានការយោគយល់គ្នាទៅវិញទៅមក​រវាងបងប្អូន ហើយបើទោះជាការបែកបាក់គ្នានេះ បណ្តាលមកពីអំពើហិង្សា ណាមួយក្តី ក៏អំពើហិង្សានោះ​ឆាប់រលត់បាត់ទៅវិញ ព្រោះមិនបាន ២៥ ឆ្នាំផង ក្រោយពីបែកគ្នា ក្សត្រប្រទេសទំាងពីរបានរៀបចំភ្ជាប់ ចំ​ណងអាពាហ៍ពិពាហ៍នឹងគ្នា។ សិលាចារឹកវ្រះបាទបានឲ្យដឹងថា វ្រះបាទឝ្រីបុឝ្ករាក្ឝដែលជាប់ខ្សែស្រ​ឡាយជាមួយនឹងស្តេច នៃ អនិន្ទិតបុរ បានក្លាយជាព្រះរាជានៃឝម្ភុបុរ ហើយទ្រង់ត្រូវជាព្រះបិតារបស់​វ្រះបាទរាជេន្ទ្រវម៌្មទី១។ វ្រះបាទរាជេន្ទ្រវម៌្មទី១ បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងន្ឫបតីន្ទ្រទេវីទី១ ជាព្រះ​រជ្ជទាយាទរបស់ព្រះរាជានៃវ្យាធបុរ ដែលប្រសូត្របានព្រះរាជឱរស មួយអង្គព្រះនាមមហីបតិវម៌្ម។ ព្រះមហីបតិវម៌្មបានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងរាជេន្ទ្រទេវី និងត្រូវជាព្រះបិតា ព្រះនាងឥន្ទ្រទេវី ដែលជាព្រះមាតារបស់វ្រះបាទយឝោវម៌្មទី១។ ដូច្នេះព្រះនាងឥន្ទ្រទេវីជាបច្ឆាញាតិរបស់រាជវង្សវ្យាធបុរផង ​និង​ឝម្ភុបុរផង ហើយទ្រង់ក៏ជាបច្ឆាញាតិរបស់ស្តេចអនិន្ទិតបុរ ថែមទៀត។ ព្រះនាងជាប់ខ្សែស្រ​ឡាយខាងព្រះ​មាតា​ជាមួយនឹង ព្រាហ្មណ៍អគ្គស្សត្យ ដែលចេះចាំគម្ពីរវេទ និងវេទង្គ ព្រាហ្មណ៍នោះ​មានដើមកំណើតចេញមកពីអារ្យទេស នៅឥណ្ឌាភាគខាងជើង ជាមួយនឹងព្រះនាងយសោមទិ ជាព្រះរាជ​អគ្គមហេសីនៃត្រកូលខ្ពង់ខ្ពស់ ដែលមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមថាស្រីនរេន្ទ្រវម៌្ម។ ព្រះរាជាជា​ម្ចាស់ពិភពលោកនេះមានបុត្រីមួយអង្គព្រះនាមថា ហ្វារេន្ទ្រលក្ឝ្មី។ រាជបុត្រីនេះបានរៀបអភិសេកជាមួយ​វ្រះបាទរាជបតិវម៌្ម ហើយប្រសូត្របានព្រះនាងរាជេន្ទ្រទេវី។ នៅក្នុងគភ៌របស់ព្រះនាងរាជេន្ទ្រទេវី ជាគភ៌​ដែលផ្តល់កំនើតដល់វង្ស ស្តេចសិង្ហទាំងឡាយនេះហើយដែលវ្រះបាទមហីបតិវម៌្មបានបង្រួបបង្រួមទឹក​ដី​ទាំងពីរមកក្នុងអំណាចរបស់ព្រះអង្គ គឺបានផ្តល់ កំណើតដល់ព្រះនាងឥន្ទ្រទេវីដែលល្អឥតផ្ទឹម និងមានកិត្តិ​នាមមូលបីដូចសមុទ្រទឹកដោះ៤

ការឈ្លានពានរបស់ជ្វា[កែប្រែ]

នៅ​អំឡុង​សតវត្សរ៍ទី​៨​ ប្រទេស​ខ្មែរ​ (ចេនឡា)​ ហាក់​ដូច​ជា​គ្មាន​ស្ថេរភាព​ខាង​នយោបាយ​ដោយ​សារ​តែ​មាន​សង្រ្គាម​ដណ្តើម​កាន់​កាប់​ទឹក​ដី​រវាង​គ្នា​ និង​គ្នា​បញ្ហា​នេះ​ធ្វើ​ឲ្យ​តំបន់​ ឬ​រដ្ឋ​តូចៗ​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​ បណ្តាល​ឲ្យ​មាន​ការ​ឈាន​ទៅ​រក​ជំលោះ​និង​បែក​បាក់​ផ្ទៃ​ក្នុង​។​ ការ​បែកបាក់​គ្នា​នេះ​ធ្វើ​ឲ្យ​ឫទ្ធានុភាព​ និង​អំណាច​ដែល​ធ្លាប់​មាន​ពី​មុន​នោះ​ត្រូវ​​ចុះ​ទន់ខ្សោយ​ចំពោះ​មុខ​ជនបរទេស​ ធ្វើ​ឲ្យ​ពួក​បរទេស​មើល​ងាយ​ និង​ហ៊ាន​ចូល​លុកលុយ​រាតត្បាត​តាម​តែ​អំពើ​ចិត្ត​ ដែល​ក្នុង​នោះ​មាន​ដូច​ជា​ពួក​ជ្វា​ ឝ្រីវិជយ​នៃ​រាជ្យវង្ស​សៃលេន្រ្ទ​នៅ​កោះជ្វា​​ ហើយ​ដែល​ជា​រាជវង្ស​ស្ថាបនិក​ប្រាសាទ​បូរូបូ​ឌួ​ ដែល​ល្បី​ល្បាញ​ផ្សព្វផ្សាយ​ឥទ្ធិពល​របស់​ខ្លួន​នៅ​លើ​អាស៊ី​អាគ្នេយ៍​ទាំង​មូល​។​ នៅ​ឆ្នាំ​៧៧៤​ ពួក​​​ជ្វា​ក្រោយ​ពី​វាយ​បាន​កោះ​ត្រឡាច​បាន​​តាំង​​មូលដ្ឋាន​នៅ​ទី​នោះ​។​ ឆ្នាំ៧៨៧​ ពួកចោរ​សមុទ្រ​ជ្វា​ក៏​បាន​លើក​ទ័ព​មក​រាតត្បាត​នៅ​តាម​ឆ្នេរ​សមុទ្រ​អណ្ណាម​ និង​ចាម្ប៉ា​។​ បន្ទាប់​មក​ទៀត​ពួក​នេះ​ក៏​បាន​បន្ត​ដំណើ​រចូល​​មក​ដល់​ពាម​​ និង​តាម​ទន្លេ​មេគង្គ​ឡើង​ទៅ​ដល់​ក្រុង​ឝម្ភុបុរ ហើយ​បាន​ធ្វើ​ការ​ឆក់​ប្លន់​ដុត​បំផ្លាញ​ទីក្រុង​ និង​កាប់​សម្លាប់​ប្រជាជន​តាម​តែ​អំពើ​ចិត្ត​។​ កំឡុង​ពេល​នោះ​ពួក​ជ្វា​ក៏​ចាប់​យក​ប្រជាជន​ខ្លះ​ និង​បាន​កាត់​ព្រះ​សិរ​ព្រះរាជា​ខ្មែរ​ ព្រះ​នាម​ មហីបតិវម៌្ម​ យក​ទៅ​ស្រុក​ជ្វា​ទៀត​ផង​។ ក្រោយ​​មក​ទៀត​ ​ពួក​ជ្វា​ក៏​បាន​ដាក់​ការ​ត្រួតត្រា​លើ​ប្រទេស​ខ្មែរ ​(ចេនឡា​) រហូត​ដល់​មាន​ការ​រំដោះប្រទេស​ជាតិ​បាន​វិញ​ ឲ្យ​ផុត​ពី​ការ​ត្រួត​ត្រា​របស់​ពួក​នេះ​ ដោយ​ព្រះ​រាជា​ខ្មែរ​មួយ​អង្គ​គឺ​វ្រះបាទជយវម៌្មទី២​ នៅ​គ.ស​ ៨០២។​

ពង្សាវលី[កែប្រែ]

ឯកសារយោង[កែប្រែ]

  • វិគីភីឌាខ្មែរ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
វ្រះបាទជយវម៌្ម (៧៧០-៧៨១)
ក្សត្រចេនឡាទឹក
គ.ស ៧៨១-៧៨៨
តដោយ
វ្រះបាទជយវម៌្មទី២