អនុមោទនារក្ខាយាចនគាថា
អនុមោទនារក្ខាយាចនគាថា
[កែប្រែ]អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ សាសនំ ។
អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ រាជា នោ ។
អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ មាតា បិតា រោ ។
អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ គ្រូឧបជ្ឈា អាចារិយោ ។
អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ ញាតិយោ ។
អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ បាណិនោ ។
អាកាសដ្ឋា ច ភូម្មដ្ឋា ទេវា នាគា មហិទ្ធិកា បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ នោសទា ។
ប្រែជាភាសាខ្មែរ
[កែប្រែ]រីទេវតានិងនាគ ស្ថិតនៅនាភូមិផែនដី នៅលើ អាកាសក្តី មានសិរីដ៏ឧត្តម ។
សូមអនុមោទនា នូវបុណ្យជារបស់ខ្ញុំ ហើយសូមជួយថែទាំង នូវសាសនាអស់កាលវែង ។
រីទេវតានិងនាគស្ថិតនៅនាភូមិផែនដី នៅលើអាកាសក្តី មានសិរីដ៏ឧត្តម ។
សូមអនុមោទនានូវបុណ្យជារបស់ខ្ញុំហើយសូម ជួយថែទាំ នូវរាជា អស់កាលវែង ។
រីទេវតានិងនាគ ស្ថិតនៅនាភូមិផែននៅលើអាកាសក្តី មានសិរីដ៏ឧត្តម ។
សូមអនុមោទនានូវបុណ្យជារបស់ខ្ញុំហើយសូម ជួយថែទាំងនូវពួក ញាតិ អស់កាលវែង ។
រីទេវតានិងនាគស្ថិតនៅនាភូមិផែននៅលើអាកាសក្តី មានសិរីដ៏ឧត្តម ។
សូមអនុមោទនានូវបុណ្យជារបស់ ខ្ញុំហើយសូម ជួយថែទាំ នូវពួក សត្វអស់កាលវែង ។
រីទេវតានិងនាគ ស្ថិតនៅនាភូមិផែននៅលើអាកាសក្តី មានសិរីដ៏ឧត្តម ។
សូមអនុមោទនានូវបុណ្យជារបស់ខ្ញុំហើយសូមជួយថែទាំ នូវយើងខ្ញុំ អស់កាលវែង ។
(គិហិបតិបត្តិពិសេស)
កំណត់សម្គាល់អំពីប្រវត្តិនៃការកែប្រែ
[កែប្រែ]អត្ថបទចម្រៀងសរសើរតម្កើង នៅក្នុងពុទ្ធសាសនាត្រូវបានសរសេរដោយក្រុមពុទ្ធសាសនិកជន ដើម្បីច្រៀងសរសើរព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និង ព្រះរាជា ។ អត្ថបទចម្រៀងទាំងនោះ ត្រូវបានកែប្រែពីជំនាន់មួយទៅជំនាន់មួយទៀត ដើម្បីឲ្យសមស្របទៅតាមរបបនយោបាយរបស់ប្រទេសនីមួយៗ នាសម័យកាលនោះ ។ បទចម្រៀង "អាកាសដ្ឋា" ក៏ត្រូវបានកែប្រែនៅសម័យកាលដែលរបបគ្រប់គ្រងប្រទេសបែបរាជានិយម បាត់បង់ប្រជាប្រិយភាព ហើយប្រជាជនខ្មែរស្អប់ខ្ពើមស្តេច និង ពូជពង្សស្តេច ដែលជិះជាន់ និង កេងប្រវ័ញ្ចប្រជាជន ដើម្បីប្រយោជន៍បក្សពួកមួយក្តាប់តូចរបស់ខ្លួន ។ នៅក្នុងសម័យកាលដែលប្រទេសខ្មែរ ស្ថិតនៅក្រោមការគ្រប់គ្រងតាមប្រព័ន្ធសាធារណៈរដ្ឋ (រាស្ត្រជាធំ) ពោលគឺនៅក្នុងរបប លន់ ណុល (១៩៧០ ដល់ ១៩៧៥) ពាក្យ "រាជា" ត្រូវបានប្រជាជន និង រដ្ឋាភិបាល ស្អប់ខ្ពើម ហេតុនោះហើយទើបក្រសួងធម្មការបានសម្រេចចេញសេចក្តីប្រកាសកែប្រែបទចម្រៀងនោះ ត្រង់ពាក្យថា "រាជានោ" ទៅជា "រដ្ឋកេ" ។ សូមអានអត្ថបទខាងក្រោម ។
ផ្នែកកំណត់ - ប្រវត្តិការណ៍
ក្រសួងធម្មការ សាធារណរដ្ឋខ្មែរ
លេខ. ១ ក.ធ. សារាចរ
ប្រញាប់បំផុត អ្នកឧកញ៉ាពិភក្តិសាសនៈ
រដ្ឋមន្ត្រីក្រសួងធម្មការ
សូមនមស្ការព្រះតេជព្រះគុណ មេគណ អនុគណ គ្រប់ក្រុង ខេត្ត អនុខេត្ត ចៅអធិការគ្រប់វត្ត ទាំងពីរគណៈ ក្នុង
សាធារណរដ្ឋខ្មែរ
កម្មវត្ថុ : សេចក្ដីកែគាថា ១ វគ្គ ក្នុងធម៌ អាកាសដ្ឋា ។
ដើម្បីឲ្យបានស្របតាមការវិវត្តន៍នៃរបបសាធារណរដ្ឋខ្មែរ គណៈកម្មការមួយដែលតែងតាំងឡើង ដោយដីកាចាត់ក្រសួងធម្មការ លេខ ២៣០ – ប ចុះថ្ងៃទី ២៨ – ១០ – ៧០ បានធ្វើការប្រជុំមួយ កាលពីថ្ងៃចន្ទទី ២ វិច្ឆិកា ១៩៧០ បានសម្រេចប្ដូរពាក្យបាលីក្នុងគាថាមួយ នៃធម៌ អាកាសដ្ឋា ផ្សាយក្នុងសៀវភៅឈ្មោះ "គហិបដិបត្តិសង្ខេប" របស់វិជ្ជាស្ថានពុទ្ធសាសនបណ្ឌិត្យ ត្រង់ទំព័រ ១២៩ ដល់ ១៣០ ដែលថា : "រាជានោ" នោះថាជា "រដ្ឋកេ" វិញ គឺត្រង់គាថានេះត្រូវសូត្រថា :
“អាកាសដ្ឋា ច ភុម្មថា
ទេវា នាគា មហិទ្ធិកា
បុញ្ញំនោ អនុមោទន្តុ
ចីរំ រក្ខន្តុ រដ្ឋកេ ។
ឯសេចក្ដីប្រែជាភាសាខ្មែរ គឺត្រូវប្រែថា :
“ទេវតាទាំងឡាយស្ថិតនៅឰដ៏អាកាសក្ដី ស្ថិតនៅលើផែនដីក្ដី នាគទាំងឡាយមានឫទ្ធានុភាពក្ដី ចូរអនុមោទនានូវបុណ្យនៃយើងទាំងឡាយ ចូររក្សានូវមហាជនក្នុងរដ្ឋទាំងឡាយ ឲ្យបានសុខចម្រើនអស់កាលជាយូរអង្វែងទៅ" ។
ចំពោះសេចក្ដីកែគាថានេះ សម្ដេចព្រះសង្ឃនាយកទាំងពីរគណៈ ព្រះអង្គសព្វព្រះហឫទ័យយល់ព្រមហើយ ។
ដូច្នេះសូមព្រះតេជព្រះគុណ មេគណ អនុគណ និង ចៅអធិការគ្រប់វត្តទាំងពីរគណៈ ចាត់ផ្សាយដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ឲ្យអនុវត្តន៍តាមសេចក្ដីកែគាថានេះតទៅ ។
សារាចរធ្វើនៅក្រសួងធម្មការ ចុះថ្ងៃទី ១ ខែ មីនា ១៩៧១
ជ. រដ្ឋមន្ត្រីក្រសួងធម្មការ
អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ទទួលបន្ទុកក្រសួងធម្មការ
ហត្ថលេខា : ឌី - ទូច