ឧកញ៉ាម៉ម
ឧកញ៉ាម៉ម | |
---|---|
ឧកញ៉ានៃកម្ពុជាធិបតី | |
ក្នុងការិយាល័យ ប្រ.១៥៣៦ | |
ព្រះមហាក្សត្រ | ចន្ទរាជា |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ម៉ម |
ឧកញ៉ាម៉ម ជាមេទ័ពស្រួចនៃព្រះបាទចន្ទរាជា ក្នុងសម័យលង្វែក។ ក្រោយពីចាញ់សង្គ្រាមព្រះចៅឌៀររាជាបានឱ្យពញអុងចេញទ័ពមកបង្ក្រាបព្រះចៅខ្មែរ នៅក្នុងឆ្នាំ១៥៣៦។
ចំបាំងនៅវាលព្រះម្លូ
[កែប្រែ]
"សាស្ត្រាវត្តកំពង់ត្រឡាចក្រោម ដែលយើងបានចំលងតាំងពីដើមរហូតមកដល់ត្រឹមនេះបាត់អស់មួយកណ្ឌគឺកណ្ឌទី១៧ កណ្ឌដែលសំដែងអំពីសង្គ្រាមរវាងព្រះបរមខត្តិយា មហាចន្ទរាជ នឹងព្រះចៅឌៀររាជា (ស្ដេចសៀម) និងដែលសំដែងអំពីសង្គ្រាមរវាងសម្ដេចព្រះបរមខត្តិយា មហាចន្ទរាជានិងចៅពញាអុង ដែលជាព្រះរាជបុត្រធម៌ស្ដេចសៀមទៀត។ ឯព្រះរាជពង្សាវតាររបស់ព្រះរាជបណ្ណាល័យមាននិយាយត្រង់នេះដែរ តែខ្លីណាស់ គឺគ្រាន់តែនិយាយថា ស្ដេចស្រុកសៀមឱ្យរាជសារមកសុំដំរី ទ្រង់ពុំព្រមថ្វាយ។ ស្ដេចសៀមខ្ញាល់ណាស់ លើកកងទ័ពមកច្រើន។ សម្ដេចព្រះបរមបពិត្រ ទ្រង់លើកសេនាទាហានទៅទទួលច្បាំងនៅមហានគរវត្ត។ ទ័ពសៀមបរាជ័យ រត់ខ្ចាត់ខ្ចាយអស់។ ទ័ពខ្មែរដេញតាមទាល់តែផុតដែនហើយ ទ្រង់លើកទ័ពត្រឡប់មកបន្ទាយមានជ័យវិញ។
លុះដល់ឆ្នាំវក អដ្ឋស័ក ព្រះមហាធម៌រាជា (ជាឋានន្តរនាមនៃព្រះចៅសុខោទ័យ) ព្រះចៅសុខោទ័យនឹកខ្ញាល់នឹងសម្ដេចព្រះបរមរាជាហើយទ្រង់ប្រឹក្សានឹងសេនាបតី ខ្ញុំរាជការទាំងពួងថា យើងសុំដំរីស អំពីព្រះចន្ទរាជា ព្រះចន្ទរាជាពុំព្រមឱ្យ មិនព្រមនាំរាជសារមកថ្វាយ ជាចំណុះយើង យើងឱ្យលើកកងទ័ពទៅច្បាំងក៏ចាញ់ត្រឡប់មកវិញ។ ឥឡូវឮដំណឹងថា ក្រុងកម្ពុជាកើតសឹកពុំទាន់បានរាបទាប គួរយើងឱ្យលើកទ័ពទៅម្ដងទៀតចុះទើបព្រះចៅក្រុងស្រីអយុធ្យា ត្រាស់ឱ្យហៅ ព្រះសិទ្ធានរាជាគឺចៅពញាអុង ពីស្រុកសួគ៌លោកមកគាល់ហើយត្រាស់ថា ឥឡូវនេះយើងឱ្យអ្នកលើកទ័ព ទៅវាយស្រុកខ្មែរ បើវាយបានយើងនឹងឱ្យអ្នកសោយរាជ្យនៅទីនោះ។ ចៅពញាអុងក៏ថ្វាយបង្គំទទួលអាសាគ្រប់ប្រការក្រាបថ្វាយបង្គំលាចេញមក។ ទើបព្រះចៅក្រុងស្រីអយុធ្យា ទ្រង់ឱ្យកេណ្ឌពលបាន ៩០០០០ នាក់ លុះបានឫក្សហើយ ព្រះសិទ្ធានរាជានឹងមន្ត្រី ច្រើននាក់លើកទ័ពជើងគោក ចេញពីក្រុងស្រីអយុធ្យាចូលមកក្នុងដែនក្រុងកម្ពុជាធិបតី។ ចាត់ឱ្យពញាវាំង "សាន" លើកទ័ពជើងទឹក ៥០០០០ នាក់ចូលមកកាត់ផ្លូវកំពត។ ចំណែកព្រះសិទ្ធានរាជា វេលាដែលលើកទ័ពចេញមក ស្ដេចហាមសេនាទាហានថា កុំឱ្យដំណឹងថាព្រះចៅលើកទ័ពមកព្រះអង្គឯង កុំឱ្យឮថា ឈ្មោះយើងឱ្យសោះតែនរណាមិនធ្វើតាមនឹងយកទោសដល់ជីវិត។ ឯចៅហ្វាយស្រុកទល់ដែន ជើងទឹក ជើងគោក ឮរន្ទឺថាស្ដេចសៀមលើកទ័ពមកនោះពុំបានតតាំងច្បាំងឡើយ ហើយប្រមូលគ្រួរត់ចូលព្រៃអស់ទៅ។ ទើបចាត់បំរើឱ្យនាំយកសេចក្ដីចូលមកក្រាបបង្គំទូលសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបហើយត្រាស់បង្គាប់ឱ្យ ឧកញ៉ាក្រឡាហោម "កែវ" កេណ្ឌរេហ៍ពលខែត្របាសក្ដិ ព្រះត្រពាំង ក្រមួនស និងបាទី បន្ទាយមាស បាន ៦០០០០ នាក់ចុះទូកចំបាំងទៅទទួលច្បាំងនឹងទ័ពពញារាជវាំង "សាន" ខាងជើងទឹក។ ឱ្យកេណ្ឌពលពីខែត្រត្បូងឃ្មុំ កំពង់សៀម កំពង់ស្វាយ បាភ្នំ ព្រៃវែង និង សំរោងទង បានពល ២០០០០០ នាក់ ដំរី ៥០០ និង សេះ ៥០០០។ ថ្ងៃ ៧ រោច ខែមាឃ ឆ្នាំវក អដ្ឋស័ក វេលាបានឫក្សហើយ ស្ដេចឡើងគង់ ព្រះទីនាំងគជេន្ទ្រព្រមដោយសេនានិករ លើកព្យូហយាត្រាចេញពីព្រះរាជវាំងលង្វែកតាមរយៈផ្លូវ ដរាបដល់បន្ទាយមានជ័យ ខែត្រពោធិ៍សាត់។ ស្ដេចបោះទ័ពប្រថាប់នៅក្នុងបន្ទាយនោះ។ វេលានោះមានឧប្បត្តិហេតុជាអស្ចារ្យ មានពោធិមួយដើមនៅទីនោះ ដែលសុគតយូរឆ្នាំកន្លងមកហើយត្រឡប់ជាលូតលាស់រស់ឡើងវិញ។ ក្រមការបានឃើញហេតុនេះហើយ ក៏យកសេចក្ដីទៅក្រាបបង្គំទូលតាមរឿង។ ព្រះអង្គជ្រាបហើយ ទ្រង់ព្រះសោមនស្សណាស់។ ស្ដេចយកគ្រឿងសក្ការៈទៅបូជាដើមពោធិ៍នោះ ហើយទ្រង់មានព្រះតំរាស់ត្រាស់នឹងនាយទ័ពថា: ដើមពោធិ៍ដែលសុគតយូរឆ្នាំ ហើយត្រឡប់ជារស់ឡើងវិញនេះត្រូវលើយើងជាវង្សព្រះមហាក្សត្រ ដ៏ប្រសើរក្នុងខេមរាជប្រទេស។ អា "កន" វាជ្រែករាជ្យ យើងបានដោះខ្លួនទៅនៅប្រទេសដទៃ។ យើងចូលមកវិញបានបង្ក្រាបអា "កន" សំលាប់ចោលរាបទាបហើយ។ ឥឡូវសៀមប្រើពញាអុងឱ្យលើកទ័ពមកទៀតគង់តែនឹងចាញ់បារមីយើងមិនខាន។ ពញាអុងជាព្រះរៀមយើង ពុំសូវស្ទាត់ជំនាញក្នុងការសង្គ្រាមឡើងធ្លាប់តែសុខ។ វេលានេះ យើងចង់ចេញប្រជល់ដំរីនឹងពញាអុង តែព្រះអង្គនឹងព្រះអង្គ ព្រោះជាតិជាក្សត្រដូចគ្នា តើអស់អ្នកទាំងពួង យល់ដូចម្ដេច? នាយកងទ័ពទាំងពួង ក៏យល់ព្រមតាមព្រះរាជតំរិះនេះ ទើបទ្រង់ព្រះរាជបញ្ជាព្រះសន្ធរយសឱ្យតែងព្រះសុភអក្សរទៅដល់ពញាអុងថា: ព្រះបាទសម្ដេច ព្រះបរមរាជា រាមាធិបតី សិរីសរិយោវង្ស ព្រះចៅក្រុងកម្ពុជាធិបតី ចំរើនផ្លូវព្រះរាជមេត្រីមក ព្រះសិទ្ធានរាជាជាសម្ដេចព្រះរៀម ដែលជាព្រះរាជបុត្រធម៌ស្ដេចសៀម។ ខ្ញុំជាអនុជគិតស្មានថាព្រះចៅក្រុងស្រីអយុធ្យាលើកទ័ពចេញមកនឹងព្រះអង្គឯង ខ្ញុំជាអនុជក៏ចាត់កងទ័ពមកចាំទទួល។ លុះមកដល់ទីនេះហើយ ទើបដឹងថាព្រះរៀម។ សម្ដេចព្រះរៀមយាងមកនេះគឺប្រាថ្នាយកមហាស្វេត្រឆ័ត្រ ក្រុងកម្ពុជាថ្វាយស្ដេចសៀម ប្រយោជន៍នឹងមិនឱ្យវង្សក្រស័ត្រក្រុងកម្ពុជានៅជាឯករាជ្យ ព្រោះសៀមប្រកបតែដោយនូវលោភចេតនាប្រាថ្នាឱ្យក្រុងកម្ពុជានៅក្នុងអំណាចរបស់ខ្លួន។ ឥឡូវព្រះរៀម លើកទ័ពមកនេះ បើខ្ញុំអនុជនឹងតយុទ្ធដោយនូវសេនាទាហាន បើទុកជាឈ្នះ ឬចាញ់ ក៏មិនប្រសើរដែរ ព្រោះយើងទាំងពីរជាមហាក្រស័ត្រមានវង្សតែមួយជាមួយគ្នា ហើយតាំងព្រះទ័យថានឹងយកជ័យជំនះដោយសព្វខ្លួន។ ខ្ញុំអនុជ សុំប្រជល់ដំរី តែព្រះអង្គនឹងព្រះអង្គឱ្យនាយកង នាយទ័ពមើល អំណើះតទៅគ្មានក្រស័ត្រណាហានក្លាចេញប្រជល់ដំរីដូចជាខ្ញុំអនុជ និងព្រះរៀមឡើយ។ បើព្រះរៀមមានជ័យជំនះ ខ្ញុំអនុជនឹងថ្វាយព្រះមហាស្វេតឆ័ត្រ បើព្រះរៀមបរាជ័យឱ្យថយទៅប្រាប់ស្ដេចសៀម កុំឱ្យលោភពីព្រោះក្រុងសៀម និងក្រុងកម្ពុជាធិបតីមានខ័ណ្ឌសីមាដោយឡែកពីគ្នាតាំងពីបុរាណរៀងមក។ បើសម្ដេចព្រះរៀមជ្រាបហើយ ទ្រង់ពុំសព្វព្រះទ័យនឹងប្រជល់ដំរីទេ ឱ្យស្ដេចត្រឡប់ទៅស្រុកសៀមវិញ ហើយឱ្យស្ដេចសៀមរើសនាយទ័ពក្នុងវង្សក្រស័ត្រឱ្យចេញមកប្រជល់ដំរីឱ្យឃើញថ្វីដៃ។ បើព្រះរៀម សព្វព្រះទ័យសុំឱ្យឆ្លើយកំណត់ថ្ងៃ និងវេលាទៅដល់ខ្ញុំអនុជ។ លុះរួចស្រេចហើយ ទើបទ្រង់ចាត់មន្ត្រី ៣ នាក់ និងសេនាទាហាន ៥០ នាក់ឱ្យអញ្ជើញព្រះរាជសារទៅថ្វាយព្រះសិទ្ធានរាជានៅបន្ទាយស្ទឹងដូនកែវត្រើយខាងលិច។ កងទ័ពសៀមឃើញសួរដឹងសេចក្ដីហើយទៅទូលព្រះសិទ្ធានរាជា ព្រះសិទ្ធានរាជាឱ្យនាំរាជទូតចូលគាល់ក្នុងបន្ទាយ ទ្រង់ទទួលទតព្រះរាជសារជ្រាបសេចក្ដីគ្រប់ប្រការស្ដេចខ្ញាល់ណាស់ មានព្រះបន្ទូលថា: ព្រះចន្ទរាជាមើលងាយយើងក្រែងយើងពុំហ៊ាន ឯយើងជាក្សត្រដ៏ប្រសើរ បើនឹងប្រជល់ដំរីនោះ យើងចូលចិត្តណាស់ហើយ។ ទ្រង់មិនតបរាជសារវិញទេ ផ្ដាំផ្ដែនឹងរាជទូតថា: ដែលម្ចាស់ឯង សុំប្រជល់ដំរីនោះ យើងគាប់ចិត្តណាស់ យើងមិនបានតបព្រះរាជសារទៅវិញទេ ឯងទូលម្ចាស់ឯងថាដល់ថ្ងៃ ៦ រោច ខែផល្គុន ឆ្នាំវក នេះឱ្យរៀបចុះ នឹងប្រជល់ដំរីព្រះអង្គនឹងព្រះអង្គនៅវាលព្រះម្លូក្នុងខែត្រពោធិ៍សាត់។ ឯព្រះរាជបំរើទាំងប៉ុន្មានក៏ត្រឡប់មកបន្ទាយមានជ័យវិញ ហើយក្រាបបង្គំទូលគ្រប់ប្រការ។ សម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់។ ទើបព្រះអង្គទ្រង់មានព្រះតំរាស់ត្រាស់នឹងនាយទ័ពថា: ពញាអុងគង់តែនឹងចាញ់យើង។ បន្ទាប់មក ស្ដេចឱ្យបង្ហាត់ដំរីមានថ្វីភ្លុក ថ្វីជើងស្ទាត់ជំនាញក្នុងការសង្គ្រាមបាន ៥០ ប្រដាប់ដោយគ្រឿងអាវុធ។ ស្ដេចឱ្យរៀបគជេន្ទ្រឰរាឫទ្ធិកំពស់ ៦ ហត្ថទុកសំរាប់ថ្វាយជាព្រះទីនាំងគង់ និរភិតគជាជាព្រះទីនាំងរងកំចាត់មារាជាព្រះទីនាំង ព្រះប្រដាប់ដោយស្វេតឆ័ត្រ ចាមរបៃមន សែនត្វាន់បាំងសែងសុរិយា។ ចាត់ឱ្យឧកញ៉ា "ម៉ម" កាន់ពល ៥០០០ នាក់ជាទ័ពមុខ ឧកញ៉ាក្រឡាហោម "កែវ" កាន់ពល ៥០០០ នាក់ជាទ័ពប៉ែកខាងស្ដាំ ឧកញ៉ារាជតេជៈ "សុខ" កាន់ពល ៥០០០ នាក់ជាទ័ពប៉ែកឆ្វេង។ លុះដល់ថ្ងៃកំណត់ហើយ ស្ដេចទ្រង់គ្រឿងតាមក្បួនពិជ័យសង្គ្រាមស្រេច ហោរាថ្វាយឫក្សបុរោហិតថ្វាយស្លុតជ័យមង្គល ស្ដេចចេញប្រថាប់លើកើយវេលាព្រឹកម៉ោង ៧ ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្រព្ធរាឫទ្ធិ។ ឧកញ៉ាសួគ៌ាលោក ជិះម៉ឺនពេជ្រអមស្ដាំ ឧកញ៉ាធិរាជវង្សាជិះម៉ឺនកែវអមឆ្វេង ព្រះរាជវរានុកូល ព្រះរាជភក្ដី ជិះដំរីអមក្រោយ។ មន្ត្រីក្រៅពីនោះជិះដំរីមុខក្រោយ ឆ្វេងស្ដាំជាលំដាប់លំដោយណែនណាន់តាន់តាប់។ ទើបសម្ដេចព្រះបរមបពិត្រ ទ្រង់ចាប់ព្រះសុវណ្ណភិង្គារ កុណ្ឌីមាសច្រូចទឹកស្នោទកលើផែនប្រឹថពី ទ្រង់អធិដ្ឋានថា: ខ្ញុំចេញធ្វើសង្គ្រាមនឹងពញាអុងនេះនឹងលោភក៏ទេ គឺស្ដេចស្រុកសៀមប្រកបដោយលោភចេតនា សូមឱ្យខ្ញុំមានជ័យជំនះ នឹងបានញ៉ាំងព្រះពុទ្ធសាសនាឱ្យថ្កើងរុងរឿងតទៅ សូមឱ្យទេពតា ដែលមានទិព្វសោត ទិព្វញ្ញាណជួយជាបន្ទាល់ខ្ញុំឱ្យឃើញអស្ចារ្យក្នុងគ្រានេះ។ ទើបស្ដេចឱ្យគោះគង ទូងភេរី ប្រគុំតូរ្យតន្ត្រី ៣ បទយកជ័យ ស្ដេចលើកព្យូហយាត្រាចេញពីបន្ទាយមានជ័យជាទីរុងរឿងដោយបារមី សូរសព្ទជើងពលថ្មើរជើង និងពលសេះ ដំរីខ្ទ័រផែនដី ដូចជានឹងភ្លូកប្រឹថពី ធូលីហុយត្រឡប់ ងងឹតអ័ព្ទអស់ទិសាដោយអំណាចដែលទ្រង់អធិដ្ឋាន ក៏បណ្ដាលជាអស្ចារ្យមានខ្យល់កួចធូលីនោះហុយហើរឡើងទៅលើអាកាសវេហាស៍ទៅមុខទង់ជ័យធំតូចក៏បកលឿនទៅមុខទាំងអស់។ ឯព្រះទីនាំងគជេន្ទ្រដែលស្ដេចគង់ និង ដំរីទាំងប៉ុន្មានក៏ស្រែកជញ្ជួចខ្ទ័រខ្ទារហាក់ដូចជានឹងស្ទុះបោលចូល។ ចំណែកព្រះសិទ្ធានរាជា "ពញាអុង" លុះដល់ថ្ងៃកំណត់សន្យាហើយ ស្ដេចទ្រង់គ្រឿងតាមក្បួនពិជ័យសង្គ្រាមស្រេច ស្ដេចចាត់កងទ័ព មុខក្រោយឆ្វេង-ស្ដាំ លើកចេញពីបន្ទាយស្ទឹងស្វាយដូនកែវមកប្រទះនឹងទ័ពឧកញ៉ាចក្រីជាទ័ពស្រួច។ ឧកញ៉ាចក្រីក៏នាំពលទទួលច្បាំងបានពីរបីល្បើធ្វើហាក់រាទ័ពថយចាំទ័ពហ្លួងមកដល់។ កងទ័ពសៀមស្មានថាទ័ពខ្មែរតិចថយចាំទ័ពហ្លួងមកដល់។ កងទ័ពសៀមស្មានថាទ័ពខ្មែរតិច ក៏ដេញចូលមក នោះឧកញ៉ាសួគ៌ាលោក ឧកញ៉ាធិរាជវង្សា ក៏តឿនពលឆ្វេងស្ដាំចូលប្រកាប់ប្រចាក់ពុំរួញរា។ ឯព្រះទីនាំងគជេន្ទ្រ ដែលព្រះសិទ្ធានរាជាគង់នោះ ជ្រុលហួសដល់ទ័ពហ្លួងទើបសម្ដេចព្រះបរមបពិត្រ ទ្រង់អង្រន់ព្រះទីនាំងចូលប្រជល់ដំរីនឹងព្រះសិទ្ធានរាជាព្រះសិទ្ធានរាជាក៏ញាក់ព្រះទីនាំងទទួលរងបាន ពីរបីល្បើ ពួកទាហានកាំភ្លើងបាញ់ត្រូវព្រះទីនាំងព្រះសិទ្ធានរាជា ជាដំណំស្លុតស្ទើរនឹងដួល នោះសម្ដេចព្រះបរមបពិត្រ ទ្រង់ចាក់ព្រះសិទ្ធានរាជាត្រូវឆ្អឹងជំនីរបណ្ដាលឱ្យសុគតលើដំរី កណ្ដាលរឿណរង្គ ក្នុងឆ្នាំវក អដ្ឋស័ក។ កងទ័ពសៀម ក៏បែករត់ខ្ចាត់ខ្ចាយអស់។ ទ័ពខ្មែរដេញសង្កិនសំលាប់បានពញាមហាមន្ត្រី១ ពញាពហុលទេព១ ពញាពិជ័យនរង្គ១ ពញារាមលក្សណ៌១ ពលប្រមាណជាពាក់កណ្ដាលត្រូវចាប់បានឈ្លើយ និង ដំរី សេះ ព្រមទាំងគ្រឿងឥស្សរិយយសរបស់ព្រះសិទ្ធានរាជាគឺព្រះពានមាសធំតូច និង គ្រឿងសស្ត្រាវុធជាច្រើននាំមកក្រាបបង្គំទូលថ្វាយ។ ស្ដេចចាត់នាយកងទ័ពឱ្យនាំសេនាទាហានដេញទ័ពសៀម ដែលឈររក្សា ខែត្រខាងជើងរហូតដល់រអាងសិលារត់ទៅអស់។ ក្រោយនោះ ស្ដេចធ្វើឱ្យព្រះរាជឱង្ការ ប្រាប់ទៅឧកញ៉ាក្រឡាហោមដែលទល់ទ័ពជើងទឹក សេចក្ដីថា: ពញាអុងចាញ់ព្រះបារមីយើង សុគតលើខ្នងដំរីទៅហើយឱ្យពញាក្រឡាហោមខំធ្វើការយកជ័យជំនះឱ្យបាន។ ឧកញ៉ាក្រឡាហោមបានដឹងសេចក្ដី ក៏ប្រាប់អស់នាយកងទ័ពឱ្យបានដឹងរាល់គ្នា ហើយលើកទ័ពចូលលុកពញាវាំងសានក្នុងវេលាយប់កណ្ដាលអធ្រាត្រច្បាំងគ្នារហូតដល់ភ្លឺ។ ទ័ពសៀម ក៏បែកខ្ចាត់ខ្ចាយរត់ត្រឡប់ទៅវិញខ្លះ ចាប់បានជាឈ្លើយខ្លះ ព្រមទាំងទូកចំបាំង និងគ្រឿងសស្ត្រាវុធជាច្រើន។ ឯសម្ដេចព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង កាលទ្រង់ធ្វើសង្គ្រាមនឹងចៅពញាអុងបានជ័យជំនះហើយ ស្ដេចលើកទ័ពត្រឡប់ចូលក្នុងបន្ទាយមានជ័យ ខែត្រពោធិ៍សាត់វិញ ហើយស្ដេចឱ្យបញ្ជូនសៀមឈ្លើយទាំងនោះ ទៅនៅជិតភ្នំចង្កាងក្នុងខែត្រពោធិ៍សាត់ខ្លះ នៅខែត្របរិបូណ៌ឱ្យរក្សាព្រះវិហារវត្តព្រះពុទ្ធលាយលក្ខណ៍ខ្លះ។ ទ័ពសៀមខ្លះ ដែលរត់ត្រឡប់ទៅស្រុកវិញ ក៏ទូលស្ដេចសៀមតាមរឿងគ្រប់ប្រការ។ ស្ដេចសៀមនឹករអាកោតខ្លាចព្រះចេស្ដា មិនហ៊ានឱ្យលើកទ័ពមកទៀតឡើយ។ សៀម និង ខ្មែរ ក៏ឈប់ធ្វើសង្គ្រាមនឹងគ្នា។ ក្រោយនោះ ស្ដេចឱ្យអញ្ជើញសពពញាអុងដាក់ព្រះស្ថានរួចស្ដេចឱ្យធ្វើព្រះមេរុថ្វាយព្រះភ្លើងដោយសមគួររើសអដ្ឋិធាតុដាក់កោដ្ឋមាសសាងព្រះចេតិយបញ្ចុះទុកនៅទីនោះ។ ស្ដេចទ្រង់សាងព្រះវិហារមួយនៅក្បែរដើមពោធិ៍ ទ្រង់យកព្រះពានព្រះស្រីរបស់ព្រះអង្គមួយ ព្រះពានព្រះស្រីរបស់ពញាអុងមួយសាងព្រះពុទ្ធរូប បដិមាករមាស ទ្រង់ព្រះភ្នែនជាសមាធិ ពីរព្រះអង្គប្រតិស្ថានទុកក្នុងព្រះវិហារនោះ។ ស្ដេចទ្រង់បានសាង សាលា កុដិ និមន្តព្រះភិក្ខុសង្ឃមកគង់ធ្វើបុណ្យបញ្ចុះសីមាវេរប្រគេនសង្ឃរួចស្រេច ស្ដេចទ្រង់បញ្ញត្តិឱ្យហៅថា វត្តពោធិ៍មានបុណ្យ។ វត្តនោះនៅក្នុងខែត្រពោធិ៍សាត់។ ទ្រង់តាំងចៅអធិការ ងារជាព្រះពោធិវង្ស។ ថ្ងៃក្រោយ ស្ដេចលើកពលយោធាពាលានិករត្រឡប់មកព្រះរាជវាំងលង្វែកវិញ។ ស្ដេចគង់ជាសុខសប្បាយ គ្មានសត្រូវមកបៀតបៀន ព្រះនគរបានឡើយ។ ទ្រង់ប្រកបដោយទសពិធរាជធម៌ ស្ដេចសោយរាជសម្បត្តិសំបូរ។ គ្រប់មហាជនច្រើនសាសន៍ចូលមកពឹងបារមីបានសេចក្ដីក្សេមក្សាន្ត។
(សាស្ត្រវត្តកំពង់ត្រឡាចក្រោម មានសេចក្ដីដូចតទៅ) "ពីក្រោមបែរក្បាលផ្អៀង សម្ដេចព្រះបរមរាជាធិរាជជាអម្ចាស់ជីវិតលើត្បូង ទ្រង់បានចំណាប់ស្ដេចកាប់នឹងព្រះសែងដាវត្រូវព្រះអង្សា "ស្មា" ចៅពញាអុងរាជា ព្រះអង្គសួគ៌លោកដាច់ចង្ហូតស្ពាយឆៀង ក៏ដល់ព្រះវិលាល័យក្ស័យព្រះជន្មាយុនៅនាកដំរី ព្រះទីនាំងគជេន្ទ្រ។ កាលព្រះមហាក្សត្រ ស្ដេចធ្វើការសង្គ្រាមមានជ័យហើយ សេនាបតី មន្ត្រី យោធាទាហាន ក៏មានចិត្តអំណរតាំងហ៊ោចូលច្បាំង សំរុកគ្រលុកកាប់ទ័ពសៀមឥតសំចៃដៃឡើយ។ ទ័ពសៀមក៏បាក់បែកខ្ចាត់ខ្ចាយអន្តរាយក្នុងវេលារាត្រីនោះ ទើបព្រះបរមបពិត្រមានព្រះរាជឱង្ការឱ្យចៅពញាមហាសេនា ចៅពញាយោធាសង្គ្រាម ចៅពញាសួគ៌ាលោក ចៅហ្វាយស្រុកបាត់ដំបង ចៅហ្វាយស្រុកនគរវត្ត និងចៅហ្វាយស្រុកបរិបូណ៌ឱ្យឃុំពលដេញតាមទ័ពសៀមឱ្យដល់ផុតដែនកម្ពុជា។ ព្រះបាទសម្ដេចព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ស្ដេចក៏មានជ័យជំនះដោយព្រះបញ្ញាធិការចេស្ដានុភាព។ វេលានោះទ័ពខ្មែរចាប់បានសៀមឈ្លើយ ១០០០០ ប្លាយនាក់បានដំរី ៩០ ប្លាយបានសេះ ៤៥០ បានដាវកាំភ្លើង គ្រឿងសស្ត្រាវុធ រទេះគោ គ្រឿងស្បៀងអាហារ នូវគ្រឿងបរិភោគ ឧបភោគជាច្រើន។ ឯពលសៀមស្លាប់នៅទីចំបាំង ខ្មោចរាយរៀងតាមផ្លូវប្រមាណជា ២០០០០ នាក់ប្លាយ។ ក្រោយមកសម្ដេចព្រះបរមបពិត្រ ស្ដេចឱ្យនាំព្រះសពពញាអុងដាក់លើព្រះទីនាំង ដែលពញាអុងគង់មកធ្វើសង្គ្រាម ទើបស្ដេចលើកក្បួនទ័ពចូលមកបន្ទាយមានជ័យវិញ"។ ខាងទ័ពជើងទឹក ពញាយមរាជលើកពលសៀមមកដល់ស្រុកកំពតមកដល់ច្បាំងនឹងចៅពញាពិស្ណុលោក ចៅពញាអធិកវង្សា កងទ័ពខ្មែរមានជ័យ ទ័ពសៀមបរាជ័យចាញ់រត់ទៅស្រុកសៀមវិញ។ ខ្មែរយកដាវ កាំភ្លើង គ្រឿងសស្ត្រាវុធបានជាច្រើន។ ទ័ពគោក ដែលសល់ពលប្រមាណជា ៥០០០០ ប្លាយនាក់នោះរត់វិលទៅទូលព្រះចៅក្រុងស្រីអយុធ្យាវិញ។ ស្ដេចសៀមទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ក្រែងថ្វីព្រះហស្ថ សម្ដេចព្រះបរមរាជាណាស់ស្ដេចក៏លែងលើកសឹកសង្គ្រាមទៅទៀត។