Jump to content

ឱកញាឱង

ពីវិគីភីឌា
ឱង
ឱកញា
ស្វាមី/មហេសីបុត្រីស្ដេចចក្រពត្រាធិរាជ
ព្រះនាមពេញ
​សំតេជឱកញាសួគ៌ាលោកឱង
វង្សស្រីរាជា
សន្តតិវង្សអង្គជ័យ
បិតាស្រីរាជា
មាតាអ្នកព្រះបរមចន្ទារពិសេស
ប្រសូតចតុម្មុខ
សុគតគ.ស ១៤៨៦
ពោធិ៍សាត់
ព្រះសុសានលង្វែក
ឱកញាឱង
ព្រះរាមពោធិ៍សាត់
ក្នុងការិយាល័យ
ក្នុងតំណែង គ.ស ឆ្នាំ១៥៥៧
មុនសួគ៌ាលោកទេព
បន្ទាប់សួគ៌ាលោកសុខ
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
ឱង

ឱកញាឱង មានងារជាសួគ៌ាលោកដែលជាព្រះរាមពោធិ៍សាត់ ឱកញាជាបុត្ររបស់ព្រះបាទស្រីរាជាជាបងប្អូនជីដូនមួយនឹងព្រះបាទចន្ទរាជា

ប្រវត្តិ

[កែប្រែ]

សិលាចារឹក

[កែប្រែ]

សិលាចារឹកនគរវត្តលេខ៤ នៅសហសម័យនោះ បាននិយាយថា ពេលឱកហ្លួងអភ័យរាជ ចាប់ផ្ដើមកសាងព្រះវិហារស្បាតមួយ នៅប្រាសាទអង្គរវត្ត ពេលនោះតំបន់មហានគរឥន្ទ្រប្រស្ត កំពុងស្ថិតក្រោមការគ្រប់គ្រង់របស់ << ឱកញាឱង>>។ តាមពិតឧកញ៉ារូបនេះ គឺបុត្រាព្រះបាទស្រីរាជា។ ក្រោយពីទ្រង់ទទួលបានការតែងតាំងធ្វើជា<<ឧកញាសួគ៌ាលោក>> ស្ដេចត្រាញ់ខេត្តពោធិ៍សាត់រាមពោធិ៍សាត់ ក្នុងនាមជាអ្នកអាចមានសិទ្ធិសោយរាជ្យបានដែរនេះទ្រង់បានបះបោរដណ្ដើមកាន់កាប់អាណាខេត្តភាគខាងជើង ហើយប្រឆាំងនឹងព្រះបាទចន្ទរាជានៅលង្វែក ប្រហែលនៅឆ្នាំ ១៥៥៤។ បើតាមភស្តុតាងទាំងនេះ ប្រទេសកម្ពុជាចាប់ពីអំឡុងភាគទី២នៃសតវត្សទី១៥ដល់ពាក់កណ្ដាលសតវត្សទី១៦ អាចមានរាជាណាចក្រជាច្រើននៅដាច់ពីគ្នា គ្មានឈ្មោះស្ដេចមជ្ឈិមពិតប្រាកដជាញឹកញាប់។ ដោយសារមានសង្គ្រាមច្រើនលើកពេក នាំឱ្យបាត់ឯកសារប្រវត្តិដើមអស់ទើបកើតជាការតាក់តែងឡើងវិញ ចាប់ពីចុងសតវត្សទី១៨។ ការចងចាំរបស់មនុស្សតែងភ្លាំងភ្លាត់ អ្នកធ្លាប់កាន់កាប់អំណាចធ្លាប់មានច្រើន ដោយឡែកៗពីគ្នានាំឱ្យបន្សល់ទុកនូវរឿងនិទានប្រវត្តិជាច្រើនដែរ។ ម៉្លោះហើយពេលចងក្រងឡើងវិញ ក៏ប្រមូលចំណេះ និងការចងចាំបែបរឿងអក្សសិល្ប៍និទានប្រវត្តិទាំងនោះមកសរសេរដែរ។ ដូច្នោះហើយ ទើបលោក ម៉ៃឃើល វិកឃើរីបានចាត់ទុកព្រះនាមព្រះមហាក្សត្រទាំងឡាយរបស់ខ្មែរចាប់ពីនិព្វានបទ រហូតដល់ពញាយ៉ាតថាជា <<ព្រះនាមសិប្បនិមិត្ត>> គឺនាមស្ដេចទាំងឡាយមុនព្រះបាទចន្ទរាជាថា មិនច្បាស់លាស់លើកលែងតែផ្នែកដែលនិយាយអំពីព្រះបាទពញាយ៉ាត។ ហើយព្រះរាជាដែលបានបង្កើតឯកភាពទឹកដីឡើងវិញនោះ គឺព្រះបាទចន្ទរាជា ឬអង្គចន្ទទី១ នោះឯង ទើបនាំឱ្យអ្នកសរសេរពង្សាវតារចាត់ទុកព្រះអង្គជាស្ដេចធំមួយអង្គ និងជាមហាក្សត្រសំខាន់ជាងគេ។[]

និរទេស

[កែប្រែ]

ខណៈនោះ ព្រះចៅចក្រពត្តិទទួលព្រះសេរីរាជាមេត្រីភាព ទ្រង់ក្រាបទូលស្តេចខ្មែរថា៖ “ខ្ញុំជាអនុជលើកទ័ពមកនេះ ព្រោះព្រះរៀម និងព្រះភាគិនេយ្យោ ទ្រង់ធ្វើសង្គ្រាមយូរឆ្នាំមកហើយ ពុំសំរេច ដូច្នេះសូម កុំឲ្យទ្រង់តូចព្រះទ័យឡើយ សូមតាំងព្រះទ័យជួយព្រះពុទ្ធសាសនាបំបាត់ទុក្ខប្រជារាស្ត្រឲ្យបាននៅសុខក្សេមក្សាន្ត ខ្ញុំសុំ អញ្ជើញស្តេចទៅគង់ក្រុងទេពបុរីជាមួយគ្នា ឯចំណែកពញាអុងជាបុត្រព្រះអង្គ ខ្ញុំសុំជាបុត្រធម៌នឹងទំនុកបំរុង ឲ្យដូចជារាជបុត្របង្កើតរបស់ទូលបង្គំ ឯមុខមន្រ្តីបណ្តាជាខ្ញុំនឹងចង់ទៅតាមប៉ុន្មានក៏ទៅតាមស្ម័គ្រចិត្តចុះ” ស្តេចសៀមត្រាស់ចប់សព្វគ្រប់ហើយទ្រង់យាងចូលពន្លាជ័យតែព្រះអង្គឯងទុកឲ្យនាយកងទ័ពសៀម ដែលបានទទួល ណាត់កិច្ចការទាហាននោះ ឃុំសម្តេចសេរីរាជា ពញាអុង និងខ្ញុំរាជការទុកសិន។ បន្ទាប់មក ព្រះចៅចក្រពត្តិឲ្យរាជទូត ទៅអញ្ជើញព្រះស្រីសុរិយោទ័យអំពីត្រើយខាងកើតដើម្បីចរចារៀបចំឲ្យព្រះនគរឲបានសុខសាន្តឡើងវិញ។

ព្រះចៅចក្រពត្តិ ស្ដេចព្រះរាជដំណើរទ័ព ទៅតាមផ្លូវពោធិសាត់ បាត់ដំបង មង្គលបូរី ឫស្សីសាញ់ បាត្រង់។ ព្រះអង្គបញ្ឈប់ទ័ពនៅទីនោះ ៣ ថ្ងៃ។ ឯសម្ដេចព្រះស្រីរាជា ព្រះអង្គតូចព្រះទ័យណាស់ទ្រង់ពុំសោយពុំស្រង់សោះ ទ្រង់អស់ព្រះកាយពលទាល់តែទ្រង់ព្រះអាពាធជាទំងន់ណាស់។ ព្រះចៅចក្រពត្តិ ស្ដេចទៅសួរព្រះអាការរោគ ព្រះបាទសម្ដេចព្រះសិរីរាជា។ ព្រះសិរីរាជា ទ្រង់ផ្ដាំផ្ញើរពញាអុងនិងព្រះចៅចក្រពត្តិហើយទ្រង់សុវណ្ណគតទៅ។ ព្រះចៅក្រុងទេពសៀមរៀបចំតំកល់សពស្រេចស្ដេចលើក ពញាអុង ជាព្រះរាជបុត្រធម៌របស់ព្រះអង្គ។ ទ្រង់ថ្វាយព្រះនាមជា ព្រះសទ្ធានរាជាទុកជាបុត្រច្បង។ ស្រេចហើយស្ដេចលើកទ័ពចូលទៅក្រុងទេពបូរីវិញ។ លុះដល់ទៅក្រុងទេពបូរីបញ្ឈប់ទ័ពបាន ១៥ ថ្ងៃ សម្ដេចព្រះសិរីសុរិយោទ័យ ស្ដេចទ្រង់អាពាធជាទំងន់ ហើយទ្រង់សុវណ្ណគតទៅ។ ព្រះចៅចក្រពត្តិស្ដេចឲ្យរៀបសង់ព្រះមេរុ ថ្វាយព្រះភ្លើងរើសព្រះធាតុបញ្ចុះស្រេចហើយ ទ្រង់ប្រោសពញាអុង "ព្រះសុទ្ធានរាជា"ឲ្យទៅគ្រងស្រុកសុវណ្ណខកលោក។ ទ្រង់ប្រោសព្រះរាជទាន ព្រះរាជបុត្រីបង្កើត ឲ្យជាព្រះជាយា និងព្រះស្នំក្រមការផងទាំងពួង។


[]

មន្ត្រីនៅអយុធ្យា

[កែប្រែ]

នៅគ.ស.១៥១៦ មុននឹងចេញបំពេញបេសកកម្មទាក់ដំរីនោះ ព្រះចន្ទរាជា ទ្រង់បានយាងទៅជួបជាសំងាត់ជាមួយនឹង ពញាអុងហើយបបួលព្រះអង្គអោយវិលត្រឡប់ចូលប្រទេសវិញ ។ កាលណោះពញាអុង ជាបុត្រធម៌របស់ព្រះចៅសៀម ហើយត្រូវបានតែងតាំងអោយកាន់តំណែងជាចៅហ្វាយខេត្តសួគ៌ាលោកថែមទៀត ព្រះអង្គទ្រង់បានប្រកែកពុំព្រមវិលចូលមាតុប្រទេសទេ ដោយទ្រង់យល់ថា បានសុខសាន្ត និងបានយសសក្ដិគ្រប់សព្វណាស់ទៅហើយ។ ដោយមិនអាចទាក់ទាញពញាអុងអោយធ្វើតាមព្រះអង្គទេ ព្រះចន្ទរាជា ទ្រង់បញ្ជាទ័ពអោយធ្វើដំណើរឆ្ពោះទៅទិសខាងកើត ធ្វើហាក់ដូចជាខំតាមដំរីស ហើយនៅទីបំផុតបានទៅដល់ព្រំដែនប្រទេសខ្មែរ។ ព្រះចន្ទរាជា ទ្រង់ចាត់អោយគេនាំសារទៅថ្វាយព្រះចៅសៀមថា សុំទ័ពជាបន្ថែមទៀត។ ប៉ុន្តែ ពញាអុង បានទៅចូលថ្វាយពីល្បិចកិច្ចកលគ្រប់សព្វរបស់ព្រះចន្ទរាជា ព្រះចៅសៀមទ្រង់ខ្ញាល់ណាស់ហើយទ្រង់បញ្ជា​អោយលើកទ័ពទៅនាំព្រះចន្ទរាជាមកវិញ។ ក្នុងកំឡុងពេលនោះ ព្រះចន្ទរាជាបានលើកទ័ពចូលទៅក្នុងទឹកដីខ្មែររួចជាស្រេចបាត់ទៅហើយ។

ចំបាំងព្រះញាតិវង្សឯង

[កែប្រែ]

លុះដល់ឆ្នាំវក អដ្ឋស័ក ព្រះធម្មរាជា ព្រះចៅក្រុងស្រីអយុធ្យានឹកខ្ញាល់នឹងសម្ដេចព្រះបរមរាជាហើយទ្រង់ប្រឹក្សានឹងសេនាបតី ខ្ញុំរាជការទាំងពួងថា យើងសុំដំរីស អំពីព្រះចន្ទរាជា ព្រះចន្ទរាជាពុំព្រមឱ្យ មិនព្រមនាំរាជសារមកថ្វាយជាចំណុះយើង យើងឱ្យលើកកងទ័ពទៅច្បាំងក៏ចាញ់ត្រឡប់មកវិញ។ ឥឡូវឮដំណឹងថាក្រុងកម្ពុជាកើតសឹកពុំទាន់បានរាបទាប គួរយើងឱ្យលើកទ័ពទៅម្ដងទៀតចុះទើបព្រះចៅក្រុងស្រីអយុធ្យា ត្រាស់ឱ្យហៅ ព្រះសិទ្ធានរាជាគឺចៅពញាអុង ពីស្រុកសួគ៌លោកមកគាល់ហើយត្រាស់ថា ឥឡូវនេះយើងឱ្យអ្នកលើកទ័ព ទៅវាយស្រុកខ្មែរ បើវាយបានយើងនឹងឱ្យអ្នកសោយរាជ្យនៅទីនោះ។ ចៅពញាអុងក៏ថ្វាយបង្គំទទួលអាសាគ្រប់ប្រការក្រាបថ្វាយបង្គំលាចេញមក។ ទើបព្រះចៅក្រុងស្រីអយុធ្យា ទ្រង់ឱ្យកេណ្ឌពលបាន ៩០០០០ នាក់លុះបានឫក្សហើយ ព្រះសិទ្ធានរាជានឹងមន្ត្រី ច្រើននាក់លើកទ័ពជើងគោក ចេញពីក្រុងស្រីអយុធ្យាចូលមកក្នុងដែនក្រុងកម្ពុជាធិបតី។ ចាត់ឱ្យពញាវាំង "សាន" លើកទ័ពជើងទឹក ៥០០០០ នាក់ចូលមកកាត់ផ្លូវកំពត។ ចំណែកព្រះសិទ្ធានរាជា វេលាដែលលើកទ័ពចេញមក ស្ដេចហាមសេនាទាហានថា កុំឱ្យដំណឹងថាព្រះចៅលើកទ័ពមកព្រះអង្គឯង កុំឱ្យឮថា ឈ្មោះយើងឱ្យសោះតែនរណាមិនធ្វើតាមនឹងយកទោសដល់ជីវិត។ ឯចៅហ្វាយស្រុកទល់ដែន ជើងទឹក ជើងគោក ឮរន្ទឺថាស្ដេចសៀមលើកទ័ពមកនោះពុំបានតតាំងច្បាំងឡើយ ហើយប្រមូលគ្រួរត់ចូលព្រៃអស់ទៅ។ ទើបចាត់បំរើឱ្យនាំយកសេចក្ដីចូលមកក្រាបបង្គំទូលសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបហើយត្រាស់បង្គាប់ឱ្យ ឧកញ៉ាក្រឡាហោម "កែវ" កេណ្ឌរេហ៍ពលខែត្របាសាក់ ព្រះត្រពាំង ក្រមួនស និងបាទី បន្ទាយមាស បាន ៦០០០០ នាក់ចុះទូកចំបាំងទៅទទួលច្បាំងនឹងទ័ពពញារាជវាំង "សាន" ខាងជើងទឹក។ ឱ្យកេណ្ឌពលពីខែត្រត្បូងឃ្មុំ កំពង់សៀម កំពង់ស្វាយ បាភ្នំ ព្រៃវែង និង សំរោងទង បានពល ២០០០០០ នាក់ ដំរី ៥០០ និង សេះ ៥០០០។ ថ្ងៃ ៧ រោច ខែមាឃ គ.ស.១៥៣៦ ឆ្នាំវក អដ្ឋស័ក វេលាបានឫក្សហើយ ស្ដេចឡើងគង់ ព្រះទីនាំងគជេន្ទ្រព្រមដោយសេនានិករ លើកព្យូហយាត្រាចេញពីព្រះរាជវាំងលង្វែកតាមរយៈផ្លូវ ដរាបដល់បន្ទាយមានជ័យ ខែត្រពោធិ៍សាត់។ ស្ដេចបោះទ័ពប្រថាប់នៅក្នុងបន្ទាយនោះ។ វេលានោះមានឧប្បត្តិហេតុជាអស្ចារ្យ មានពោធិ៍មួយដើមនៅទីនោះ ដែលសុគតយូរឆ្នាំកន្លងមកហើយត្រឡប់ជាលូតលាស់រស់ឡើងវិញ។ ក្រមការបានឃើញហេតុនេះហើយ ក៏យកសេចក្ដីទៅក្រាបបង្គំទូលតាមរឿង។ ព្រះអង្គជ្រាបហើយ ទ្រង់ព្រះសោមនស្សណាស់។ ស្ដេចយកគ្រឿងសក្ការៈទៅបូជាដើមពោធិ៍នោះ ហើយទ្រង់មានព្រះតំរាស់ត្រាស់នឹងនាយទ័ពថា: ដើមពោធិ៍ដែលសុគតយូរឆ្នាំ ហើយត្រឡប់ជារស់ឡើងវិញនេះត្រូវលើយើងជាវង្សព្រះមហាក្សត្រ ដ៏ប្រសើរក្នុងខេមរាជប្រទេស។ អា "កន" វាជ្រែករាជ្យ យើងបានដោះខ្លួនទៅនៅប្រទេសដទៃ។ យើងចូលមកវិញបានបង្ក្រាបអា "កន" សំលាប់ចោលរាបទាបហើយ។ ឥឡូវសៀមប្រើពញាអុងឱ្យលើកទ័ពមកទៀតគង់តែនឹងចាញ់បារមីយើងមិនខាន។ ពញាអុងជាព្រះរៀមយើង ពុំសូវស្ទាត់ជំនាញក្នុងការសង្គ្រាមឡើងធ្លាប់តែសុខ។ វេលានេះ យើងចង់ចេញប្រជល់ដំរីនឹងពញាអុង តែព្រះអង្គនឹងព្រះអង្គ ព្រោះជាតិជាក្សត្រដូចគ្នា តើអស់អ្នកទាំងពួង យល់ដូចម្ដេច? នាយកងទ័ពទាំងពួង ក៏យល់ព្រមតាមព្រះរាជតំរិះនេះ ទើបទ្រង់ព្រះរាជបញ្ជាព្រះសន្ធរយសឱ្យតែងព្រះសុភអក្សរទៅដល់ពញាអុងថា: ព្រះបាទសម្ដេច ព្រះបរមរាជា រាមាធិបតី សិរីសរិយោវង្ស ព្រះចៅក្រុងកម្ពុជាធិបតី ចំរើនផ្លូវព្រះរាជមេត្រីមក ព្រះសិទ្ធានរាជាជាសម្ដេចព្រះរៀម ដែលជាព្រះរាជបុត្រធម៌ស្ដេចសៀម។ ខ្ញុំជាអនុជគិតស្មានថាព្រះចៅក្រុងស្រីអយុធ្យាលើកទ័ពចេញមកនឹងព្រះអង្គឯង ខ្ញុំជាអនុជក៏ចាត់កងទ័ពមកចាំទទួល។ លុះមកដល់ទីនេះហើយ ទើបដឹងថាព្រះរៀម។ សម្ដេចព្រះរៀមយាងមកនេះគឺប្រាថ្នាយកមហាស្វេត្រឆ័ត្រ ក្រុងកម្ពុជាថ្វាយស្ដេចសៀម ប្រយោជន៍នឹងមិនឱ្យវង្សក្រស័ត្រក្រុងកម្ពុជានៅជាឯករាជ្យ ព្រោះសៀមប្រកបតែដោយនូវលោភចេតនាប្រាថ្នាឱ្យក្រុងកម្ពុជានៅក្នុងអំណាចរបស់ខ្លួន។ ឥឡូវព្រះរៀម លើកទ័ពមកនេះ បើខ្ញុំអនុជនឹងតយុទ្ធដោយនូវសេនាទាហាន បើទុកជាឈ្នះ ឬចាញ់ ក៏មិនប្រសើរដែរ ព្រោះយើងទាំងពីរជាមហាក្រស័ត្រមានវង្សតែមួយជាមួយគ្នា ហើយតាំងព្រះទ័យថានឹងយកជ័យជំនះដោយសព្វខ្លួន។ ខ្ញុំអនុជ សុំប្រជល់ដំរី តែព្រះអង្គនឹងព្រះអង្គឱ្យនាយកង នាយទ័ពមើល អំណើះតទៅគ្មានក្រស័ត្រណាហានក្លាចេញប្រជល់ដំរីដូចជាខ្ញុំអនុជ និងព្រះរៀមឡើយ។ បើព្រះរៀមមានជ័យជំនះ ខ្ញុំអនុជនឹងថ្វាយព្រះមហាស្វេតឆ័ត្រ បើព្រះរៀមបរាជ័យឱ្យថយទៅប្រាប់ស្ដេចសៀម កុំឱ្យលោភពីព្រោះក្រុងសៀម និងក្រុងកម្ពុជាធិបតីមានខ័ណ្ឌសីមាដោយឡែកពីគ្នាតាំងពីបុរាណរៀងមក។ បើសម្ដេចព្រះរៀមជ្រាបហើយ ទ្រង់ពុំសព្វព្រះទ័យនឹងប្រជល់ដំរីទេ ឱ្យស្ដេចត្រឡប់ទៅស្រុកសៀមវិញ ហើយឱ្យស្ដេចសៀមរើសនាយទ័ពក្នុងវង្សក្រស័ត្រឱ្យចេញមកប្រជល់ដំរីឱ្យឃើញថ្វីដៃ។ បើព្រះរៀម សព្វព្រះទ័យសុំឱ្យឆ្លើយកំណត់ថ្ងៃ និងវេលាទៅដល់ខ្ញុំអនុជ។ លុះរួចស្រេចហើយ ទើបទ្រង់ចាត់មន្ត្រី ៣ នាក់ និងសេនាទាហាន ៥០ នាក់ឱ្យអញ្ជើញព្រះរាជសារទៅថ្វាយព្រះសិទ្ធានរាជានៅបន្ទាយស្ទឹងដូនកែវត្រើយខាងលិច។ កងទ័ពសៀមឃើញសួរដឹងសេចក្ដីហើយទៅទូលព្រះសិទ្ធានរាជា ព្រះសិទ្ធានរាជាឱ្យនាំរាជទូតចូលគាល់ក្នុងបន្ទាយ ទ្រង់ទទួលទតព្រះរាជសារជ្រាបសេចក្ដីគ្រប់ប្រការស្ដេចខ្ញាល់ណាស់ មានព្រះបន្ទូលថា: ព្រះចន្ទរាជាមើលងាយយើងក្រែងយើងពុំហ៊ាន ឯយើងជាក្សត្រដ៏ប្រសើរ បើនឹងប្រជល់ដំរីនោះ យើងចូលចិត្តណាស់ហើយ។ ទ្រង់មិនតបរាជសារវិញទេ ផ្ដាំផ្ដែនឹងរាជទូតថា: ដែលម្ចាស់ឯង សុំប្រជល់ដំរីនោះ យើងគាប់ចិត្តណាស់ យើងមិនបានតបព្រះរាជសារទៅវិញទេ ឯងទូលម្ចាស់ឯងថាដល់ថ្ងៃ ៦ រោច ខែផល្គុន ឆ្នាំវក នេះឱ្យរៀបចុះ នឹងប្រជល់ដំរីព្រះអង្គនឹងព្រះអង្គនៅវាលព្រះម្លូក្នុងខែត្រពោធិ៍សាត់។ ឯព្រះរាជបំរើទាំងប៉ុន្មានក៏ត្រឡប់មកបន្ទាយមានជ័យវិញ ហើយក្រាបបង្គំទូលគ្រប់ប្រការ។ សម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់។ ទើបព្រះអង្គទ្រង់មានព្រះតំរាស់ត្រាស់នឹងនាយទ័ពថា: ពញាអុងគង់តែនឹងចាញ់យើង។ បន្ទាប់មក ស្ដេចឱ្យបង្ហាត់ដំរីមានថ្វីភ្លុក ថ្វីជើងស្ទាត់ជំនាញក្នុងការសង្គ្រាមបាន ៥០ ប្រដាប់ដោយគ្រឿងអាវុធ។ ស្ដេចឱ្យរៀបគជេន្ទ្រព្ធរារឹទ្ធិកំពស់ ៦ ហត្ថទុកសំរាប់ថ្វាយជាព្រះទីនាំងគង់និរភិតគជាជាព្រះទីនាំងរងកំចាត់មារាជាព្រះទីនាំង ព្រះប្រដាប់ដោយស្វេតឆ័ត្រ ចាមរបៃមន សែនត្វាន់បាំងសែងសុរិយា។ ចាត់ឱ្យឧកញ៉ា "ម៉ម" កាន់ពល ៥០០០ នាក់ជាទ័ពមុខ ឧកញ៉ាក្រឡាហោម "កែវ" កាន់ពល ៥០០០ នាក់ជាទ័ពប៉ែកខាងស្ដាំ ឧកញ៉ារាជតេជៈ "សុខ" កាន់ពល ៥០០០ នាក់ជាទ័ពប៉ែកឆ្វេង។ លុះដល់ថ្ងៃកំណត់ហើយ ស្ដេចទ្រង់គ្រឿងតាមក្បួនពិជ័យសង្គ្រាមស្រេច ហោរាថ្វាយឫក្សបុរោហិតថ្វាយស្លុតជ័យមង្គល ស្ដេចចេញប្រថាប់លើកើយវេលាព្រឹកម៉ោង ៧ ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្រព្ធរារឹទ្ធិ។ ឧកញ៉ាសួគ៌ាលោក ជិះម៉ឺនពេជ្រអមស្ដាំ ឧកញ៉ាធិរាជវង្សាជិះម៉ឺនកែវអមឆ្វេង ព្រះរាជវរានុកូល ព្រះរាជភក្ដី ជិះដំរីអមក្រោយ។ មន្ត្រីក្រៅពីនោះជិះដំរីមុខក្រោយ ឆ្វេងស្ដាំជាលំដាប់លំដោយណែនណាន់តាន់តាប់។ ទើបសម្ដេចព្រះបរមបពិត្រ ទ្រង់ចាប់ព្រះសុវណ្ណភិង្គារ កុណ្ឌីមាសច្រូចទឹកស្នោទកលើផែនប្រឹថពី ទ្រង់អធិដ្ឋានថា: ខ្ញុំចេញធ្វើសង្គ្រាមនឹងពញាអុងនេះនឹងលោភក៏ទេ គឺស្ដេចស្រុកសៀមប្រកបដោយលោភចេតនា សូមឱ្យខ្ញុំមានជ័យជំនះ នឹងបានញ៉ាំងព្រះពុទ្ធសាសនាឱ្យថ្កើងរុងរឿងតទៅ សូមឱ្យទេពតា ដែលមានទិព្វសោត ទិព្វញ្ញាណជួយជាបន្ទាល់ខ្ញុំឱ្យឃើញអស្ចារ្យក្នុងគ្រានេះ។ ទើបស្ដេចឱ្យគោះគង ទូងភេរី ប្រគុំតូរ្យតន្ត្រី ៣ បទយកជ័យ ស្ដេចលើកព្យូហយាត្រាចេញពីបន្ទាយមានជ័យជាទីរុងរឿងដោយបារមី សូរសព្ទជើងពលថ្មើរជើង និងពលសេះ ដំរីខ្ទ័រផែនដី ដូចជានឹងភ្លូកប្រឹថពី ធូលីហុយត្រឡប់ ងងឹតអ័ព្ទអស់ទិសាដោយអំណាចដែលទ្រង់អធិដ្ឋាន ក៏បណ្ដាលជាអស្ចារ្យមានខ្យល់កួចធូលីនោះហុយហើរឡើងទៅលើអាកាសវេហាស៍ទៅមុខទង់ជ័យធំតូចក៏បកលឿនទៅមុខទាំងអស់។ ឯព្រះទីនាំងគជេន្ទ្រដែលស្ដេចគង់ និង ដំរីទាំងប៉ុន្មានក៏ស្រែកជញ្ជួចខ្ទ័រខ្ទារហាក់ដូចជានឹងស្ទុះបោលចូល។ ចំណែកព្រះសិទ្ធានរាជា "ពញាអុង" លុះដល់ថ្ងៃកំណត់សន្យាហើយ ស្ដេចទ្រង់គ្រឿងតាមក្បួនពិជ័យសង្គ្រាមស្រេច ស្ដេចចាត់កងទ័ព មុខក្រោយឆ្វេង-ស្ដាំ លើកចេញពីបន្ទាយស្ទឹងស្វាយដូនកែវមកប្រទះនឹងទ័ពឧកញ៉ាចក្រីជាទ័ពស្រួច។ ឧកញ៉ាចក្រីក៏នាំពលទទួលច្បាំងបានពីរបីល្បើធ្វើហាក់រាទ័ពថយចាំទ័ពហ្លួងមកដល់។ កងទ័ពសៀមស្មានថាទ័ពខ្មែរតិចថយចាំទ័ពហ្លួងមកដល់។ កងទ័ពសៀមស្មានថាទ័ពខ្មែរតិច ក៏ដេញចូលមក នោះឧកញ៉ាសួគ៌ាលោក ឧកញ៉ាធិរាជវង្សា ក៏តឿនពលឆ្វេងស្ដាំចូលប្រកាប់ប្រចាក់ពុំរួញរា។ ឯព្រះទីនាំងគជេន្ទ្រ ដែលព្រះសិទ្ធានរាជាគង់នោះ ជ្រុលហួសដល់ទ័ពហ្លួងទើបសម្ដេចព្រះបរមបពិត្រ ទ្រង់អង្រន់ព្រះទីនាំងចូលប្រជល់ដំរីនឹងព្រះសិទ្ធានរាជាព្រះសិទ្ធានរាជាក៏ញាក់ព្រះទីនាំងទទួលរងបាន ពីរបីល្បើ ពួកទាហានកាំភ្លើងបាញ់ត្រូវព្រះទីនាំងព្រះសិទ្ធានរាជា ជាដំណំស្លុតស្ទើរនឹងដួល នោះសម្ដេចព្រះបរមបពិត្រ ទ្រង់ចាក់ព្រះសិទ្ធានរាជាត្រូវឆ្អឹងជំនីរបណ្ដាលឱ្យសុគតលើដំរី កណ្ដាលរឿណរង្គ ក្នុងឆ្នាំវក អដ្ឋស័ក។ កងទ័ពសៀម ក៏បែករត់ខ្ចាត់ខ្ចាយអស់។ ទ័ពខ្មែរដេញសង្កិនសំលាប់បានពញាមហាមន្ត្រី១ ពញាពហុលទេព១ ពញាពិជ័យនរង្គ១ ពញារាមលក្សណ៌១ ពលប្រមាណជាពាក់កណ្ដាលត្រូវចាប់បានឈ្លើយ និង ដំរី សេះ ព្រមទាំងគ្រឿងឥស្សរិយយសរបស់ព្រះសិទ្ធានរាជាគឺព្រះពានមាសធំតូច និង គ្រឿងសស្ត្រាវុធជាច្រើននាំមកក្រាបបង្គំទូលថ្វាយ។ ស្ដេចចាត់នាយកងទ័ពឱ្យនាំសេនាទាហានដេញទ័ពសៀម ដែលឈររក្សា ខែត្រខាងជើងរហូតដល់រអាងសិលារត់ទៅអស់។ ក្រោយនោះ ស្ដេចធ្វើឱ្យព្រះរាជឱង្ការ ប្រាប់ទៅឧកញ៉ាក្រឡាហោមដែលទល់ទ័ពជើងទឹក សេចក្ដីថា: ពញាអុងចាញ់ព្រះបារមីយើង សុគតលើខ្នងដំរី​ទៅហើយឱ្យពញាក្រឡាហោមខំធ្វើការយកជ័យជំនះឱ្យបាន។ ឧកញ៉ាក្រឡាហោមបានដឹងសេចក្ដី ក៏ប្រាប់អស់នាយកងទ័ពឱ្យបានដឹងរាល់គ្នា ហើយលើកទ័ពចូលលុកពញាវាំងសានក្នុងវេលាយប់កណ្ដាលអធ្រាត្រច្បាំងគ្នារហូតដល់ភ្លឺ។ ទ័ពសៀម ក៏បែកខ្ចាត់ខ្ចាយរត់ត្រឡប់ទៅវិញខ្លះ ចាប់បានជាឈ្លើយខ្លះ ព្រមទាំងទូកចំបាំង និងគ្រឿងសស្ត្រាវុធជាច្រើន។ ឯសម្ដេចព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង កាលទ្រង់ធ្វើសង្គ្រាមនឹងចៅពញាអុងបានជ័យជំនះហើយ ស្ដេចលើកទ័ពត្រឡប់ចូលក្នុងបន្ទាយមានជ័យ ខែត្រពោធិ៍សាត់វិញ ហើយស្ដេចឱ្យបញ្ជូនសៀមឈ្លើយទាំងនោះ ទៅនៅជិតភ្នំចង្កាងក្នុងខែត្រពោធិ៍សាត់ខ្លះ នៅខែត្របរិបូណ៌ឱ្យរក្សាព្រះវិហារវត្តព្រះពុទ្ធលាយលក្ខណ៍ខ្លះ។ ទ័ពសៀមខ្លះ ដែលរត់ត្រឡប់ទៅស្រុកវិញ ក៏ទូលស្ដេចសៀមតាមរឿងគ្រប់ប្រការ។ ស្ដេចសៀមនឹករអាកោតខ្លាចព្រះចេស្ដា មិនហ៊ានឱ្យលើកទ័ពមកទៀតឡើយ។ សៀម និង ខ្មែរ ក៏ឈប់ធ្វើសង្គ្រាមនឹងគ្នា។ ក្រោយនោះ ស្ដេចឱ្យអញ្ជើញសពពញាអុងដាក់ព្រះស្ថានរួចស្ដេចឱ្យធ្វើព្រះមេរុថ្វាយព្រះភ្លើងដោយសមគួររើសអដ្ឋិធាតុដាក់កោដ្ឋមាសសាងព្រះចេតិយបញ្ចុះទុកនៅទីនោះ។ ស្ដេចទ្រង់សាងព្រះវិហារមួយនៅក្បែរដើមពោធិ៍ ទ្រង់យកព្រះពានព្រះស្រីរបស់ព្រះអង្គមួយ ព្រះពានព្រះស្រីរបស់ពញាអុងមួយសាងព្រះពុទ្ធរូប បដិមាករមាស ទ្រង់ព្រះភ្នែនជាសមាធិ ពីរព្រះអង្គប្រតិស្ថានទុកក្នុងព្រះវិហារនោះ។ ស្ដេចទ្រង់បានសាង សាលា កុដិ និមន្តព្រះភិក្ខុសង្ឃមកគង់ធ្វើបុណ្យបញ្ចុះសីមាវេរប្រគេនសង្ឃរួចស្រេច ស្ដេចទ្រង់បញ្ញត្តិឱ្យហៅថា វត្តពោធិ៍មានបុណ្យ។ វត្តនោះនៅក្នុងខែត្រពោធិ៍សាត់។ ទ្រង់តាំងចៅអធិការ ងារជាព្រះពោធិវង្ស។ ថ្ងៃក្រោយ ស្ដេចលើកពលយោធាពាលានិករត្រឡប់មកព្រះរាជវាំងលង្វែកវិញ។ ស្ដេចគង់ជាសុខសប្បាយ គ្មានសត្រូវមកបៀតបៀន ព្រះនគរបានឡើយ។ ទ្រង់ប្រកបដោយទសពិធរាជធម៌ ស្ដេចសោយរាជសម្បត្តិសំបូរ។ គ្រប់មហាជនច្រើនសាសន៍ចូលមកពឹងបារមីបានសេចក្ដីក្សេមក្សាន្ត។

(សាស្ត្រវត្តកំពង់ត្រឡាចក្រោម មានសេចក្ដីដូចតទៅ) "ពីក្រោមបែរក្បាលផ្អៀង សម្ដេចព្រះបរមរាជាធិរាជជាអម្ចាស់ជីវិតលើត្បូង ទ្រង់បានចំណាប់ស្ដេចកាប់នឹងព្រះសែងដាវត្រូវព្រះអង្សា "ស្មា" ចៅពញាអុងរាជា ព្រះអង្គសួគ៌លោកដាច់ចង្ហូតស្ពាយឆៀង ក៏ដល់ព្រះវិលាល័យក្ស័យព្រះជន្មាយុនៅនាកដំរី ព្រះទីនាំងគជេន្ទ្រ។ កាលព្រះមហាក្សត្រ ស្ដេចធ្វើការសង្គ្រាមមានជ័យហើយ សេនាបតី មន្ត្រី យោធាទាហាន ក៏មានចិត្តអំណរតាំងហ៊ោចូលច្បាំង សំរុកគ្រលុកកាប់ទ័ពសៀមឥតសំចៃដៃឡើយ។ ទ័ពសៀមក៏បាក់បែកខ្ចាត់ខ្ចាយអន្តរាយក្នុងវេលារាត្រីនោះ ទើបព្រះបរមបពិត្រមានព្រះរាជឱង្ការឱ្យចៅពញាមហាសេនា ចៅពញាយោធាសង្គ្រាម ចៅពញាសួគ៌ាលោក ចៅហ្វាយស្រុកខែត្របាត់ដំបង ចៅហ្វាយស្រុកខែត្រនគរវត្ត និងចៅហ្វាយស្រុកខែត្របរិបូណ៌ឱ្យឃុំពលដេញតាមទ័ពសៀមឱ្យដល់ផុតដែនកម្ពុជា។ ព្រះបាទសម្ដេចព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ស្ដេចក៏មានជ័យជំនះដោយព្រះបញ្ញាធិការចេស្ដានុភាព។ វេលានោះទ័ពខ្មែរចាប់បានសៀមឈ្លើយ ១០០០០ ប្លាយនាក់បានដំរី ៩០ ប្លាយបានសេះ ៤៥០ បានដាវកាំភ្លើង គ្រឿងសស្ត្រាវុធ រទេះគោ គ្រឿងស្បៀងអាហារ នូវគ្រឿងបរិភោគ ឧបភោគជាច្រើន។ ឯពលសៀមស្លាប់នៅទីចំបាំង ខ្មោចរាយរៀងតាមផ្លូវប្រមាណជា ២០០០០ នាក់ប្លាយ។ ក្រោយមកសម្ដេចព្រះបរមបពិត្រ ស្ដេចឱ្យនាំព្រះសពពញាអុងដាក់លើព្រះទីនាំង ដែលពញាអុងគង់មកធ្វើសង្គ្រាម ទើបស្ដេចលើកក្បួនទ័ពចូលមកបន្ទាយមានជ័យវិញ"។ ខាងទ័ពជើងទឹក ពញាយមរាជលើកពលសៀមមកដល់ស្រុកកំពតមកដល់ច្បាំងនឹងចៅពញាពិស្ណុលោក ចៅពញាអធិកវង្សា កងទ័ពខ្មែរមានជ័យ ទ័ពសៀមបរាជ័យចាញ់រត់ទៅស្រុកសៀមវិញ។ ខ្មែរយកដាវ កាំភ្លើង គ្រឿងសស្ត្រាវុធបានជាច្រើន។ ទ័ពគោក ដែលសល់ពលប្រមាណជា ៥០០០០ ប្លាយនាក់នោះរត់វិលទៅទូលព្រះចៅក្រុងស្រីអយុធ្យាវិញ។ ស្ដេចសៀមទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ក្រែងថ្វីព្រះហស្ថ សម្ដេចព្រះបរមរាជាណាស់ស្ដេចក៏លែងលើកសឹកសង្គ្រាមទៅទៀត។ លុះដល់ថ្ងៃក្រោយ សម្ដេចព្រះមហាក្សត្រាធិរាជជាអម្ចាស់ជីវិតលើត្បូង ស្ដេចចេញជួបជុំអគ្គមហាសេនា ពលទ័ពធំតូចទ្រង់ត្រាស់ព្រះរាជបរិហារថា: ព្រះសពចៅពញាអុងរាជានេះ តើយើងត្រូវធ្វើដូចម្ដេច? ទើបអស់មុខមន្ត្រីធំតូច ក្រាបបង្គំទូលព្រះករុណាថា: ចៅពញាអុងរាជាជាសម្ដេចព្រះរៀមក៏មែន តែព្រះអង្គនាំទ័ពសៀមមកបំផ្លាញក្រុងកម្ពុជា ខេមរាប្រទេសឱ្យទៅជាឈ្លើយសៀម ឥឡូវនេះទ្រង់បរាជ័យក្ស័យព្រះជន្មទៅហើយ ដូច្នេះទូលព្រះបង្គំយល់ថា: គួរតែបញ្ចុះព្រះសពនេះ ឱ្យតែសមគួរបានហើយ។ ទើបព្រះករុណាពិសេស បរមរាជាធិរាជ ជាម្ចាស់ជីវិតលើត្បូង ទ្រង់មានព្រះរាជឱង្ការថា: បំណាច់ជាខត្តិយត្រកូលរៀងប្រយូរវង្ស យើងត្រូវធ្វើតាមទំនៀមសមគួរចុះ។ ទើបទ្រង់ព្រះរាជដំណើរទៅស្រង់ព្រះសព ចៅពញាុងដាក់ក្នុងព្រះផែនរតនាស្រេច ហើយទ្រង់ត្រាស់ឱ្យកេណ្ឌខ្ញុំក្រោមល្អងធូលីព្រះបាទមកធ្វើព្រះមេរុខ្នាតតូចតំកល់ព្រះសព។ លុះស្រេចហើយ ព្រះបរមបពិត្រសិតសាងព្រះអារាមឱ្យកេណ្ឌមនុស្សកាប់ឈើប្រុងគ្រឿងព្រះវិហារ ទើបទ្រង់ត្រាស់នឹងអស់ខ្ញុំរាជការថា: យើងធ្វើសង្គ្រាមម្ដងនេះ ជាការធំលើសលែងសព្វគ្រារហូតដល់ស្ដេចចេញសមយុទ្ធនឹងហត្ថីប្រជល់ដំរី ដូច្នេះ ស្ដេចនឹងសាងព្រះវិហារទុកជាព្រះកេរ្តិ៍ ព្រះយសតទៅ។ ទ្រង់ត្រាស់ឱ្យជាងទង យកព្រះពានព្រះស្រីធំទៅសាងជាព្រះពុទ្ធបដិមាមួយអង្គឱ្យយកព្រះពានព្រះស្រីធំជារបស់ចៅពញាអុង ដែលរើសបាននៅព្រះទីនាំងគជេន្ទ្រ កាលសុគតនោះឱ្យធ្វើជាព្រះពុទ្ធរូបមួយអង្គ ហើយទ្រង់ឱ្យរៀបរាជពិធីសង្គ្រាមាជយាសេដ្ឋា។ លុះដល់ភ្នាក់ងាររៀបចំស្រេចព្រះមហារាជគ្រូ ក៏អញ្ជើញសម្ដេច ស្ដេចព្រះបរមក្សត្រវិសុទ្ធមកុដ កម្ពុជាធិបតី គង់លើមហាពិជ័យមណ្ឌលថ្នាក់បន្ទាប់សម្ដេចព្រះបរមរាជបុត្រាធិរាជ ថ្នាក់ក្រោមជាន់ទីបី សេនាបតី ឯរាជសេវកាមាត្យជាន់ក្រោមរៀបចតុរង្គកាស។ លុះបានឫក្សជាពេលាល្អ ព្រះមហារាជគ្រូបុរោហិត ហោរាចារ្យ ក៏គោះគង ទូងស្គរតូរ្យតន្ត្រី ថ្វាយទឹកក្លស់ ទឹកស័ង្ខ មុទ្ធាភិសេក ស្រេចតាមកិច្ចព្រះរាជពិធីជាសុវត្ថិមង្គលាការតាមការប្រាបអរិន្ទរាជសត្រូវ មានជ័យហើយ ហើយប្រទានរង្វាន់សេនាទាហានរាល់ខ្លួនស្រេច ស្ដេចចូលព្រះពន្លាវិញ។ ថ្ងៃក្រោយមានសំបុត្រមកថាទ័ពទឹកមានជ័យជំនះ។ ស្ដេចទ្រង់ជ្រាប ទ្រង់ព្រះសោមនស្ស ប្រីតាភិរម្យណាស់ សប្បាយយ៉ាងឆ្អែតឆ្អន់បាត់ឃ្លានបាយ។ វេលានោះ ជាងសាងព្រះវិហាររួចស្រេច ប្រក់ស្បូវអំបែងបិទមាសជហ្វាដងក្ដារ ជញ្ជាំងក្ដារព្រមទាំងសាលាកុដិ។ ឯព្រះពោធិ៍ ដែលស្លាប់ហើយរស់វិញ នៅមុខព្រះវិហារនោះ ទ្រង់ឱ្យលើកខឿន បិទមាសដើមពោធិព្រឹក្ស លុះស្រេចការព្រះវិហារមែនទែនហើយ ស្ដេចនិមន្តព្រះសង្ឃមកគង់ ទ្រង់ឱ្យរៀបក្បួនដង្ហែព្រះពុទ្ធរូបទាំងពីរព្រះអង្គ ចូលប្រតិស្ឋានទន្ទឹមគ្នាក្នុងព្រះវិហារ។ ទ្រង់ត្រាស់ឱ្យយកស្វេត្រច្ឆ័ត្រ ៩ ជាន់ ដែលតាំងលើព្រះទីនាំងគជេន្ទ្រសំរាប់ទ្រង់មកបាំងថ្វាយព្រះពុទ្ធរូបផង។ ព្រះអង្គឱ្យយកស្វេត្រច្ឆ័ត្រ ៥ ជាន់ដែលតាំងនៅលើព្រះទីនាំងចៅពញាអុងរាជាមកបាំងថ្វាយព្រះពុទ្ធរូប ដែលយកពានចៅពញាអុងសាងនោះ ដាក់ខាងឆ្វេង ហើយហែព្រះសព ចៅពញាអុងរាជាចូលមេរុ ស្ដេចធ្វើបុណ្យសាងព្រះរាជកុសលឆ្លងព្រះវិហារ អភិសេកព្រះតាមព្រះពុទ្ធានុញ្ញាតហើយ ទ្រង់សន្មតដើមពោធិ៍ជា បូព៌និមិត្តនោះឱ្យឈ្មោះថា: ព្រះពោធិ៍មានបុណ្យ។ ទ្រង់ព្រះរាជទានភ្លើងបូជាព្រះសពចៅពញាអុងរាជាជាព្រះរៀមអយ្យកោមួយ ហើយបញ្ចុះព្រះអដ្ឋិទៅក្នុងព្រះចេតិយនៅក្នុងវត្តនោះ ទ្រង់ឱ្យកេណ្ឌពលជាសំរាប់សំរេចការ។ ទ្រង់ត្រាស់ឱ្យត្រួតត្រៀមក្បួនទ័ពកៀរឈ្លើយសៀមនឹងត្រឡប់ចូលមកក្នុងព្រះនគរលុះដល់ថ្ងៃកំណត់ ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្រចងកញ្ចោងចតុម្មុខចេញក្បួនទ័ពពីបន្ទាយមានជ័យ ខែត្រពោធិ៍សាត់។ ស្ដេចយាងដល់ខែត្រក្រគរ ស្ដេចមានព្រះឱង្ការត្រាស់ថា: កាលយើងធ្វើចំបាំងនឹងអាកននោះបានលើកទ័ពមកបោះតាំងបន្ទាយនៅខែត្រពោធិ៍សាត់រៀងមកដល់ឧដុង្គ។ ឥឡូវនេះគួរយើងចាត់ឱ្យធ្វើព្រះវិហារ ជាគុល និង ជាកេរ្តិ៍តទៅអនាគតដែរ ទើបទ្រង់ត្រាស់ឱ្យសាងព្រះវិហារគ្រឿងឈើប្រក់ស្បូវជញ្ជាំងក្ដារ និមន្តព្រះសង្ឃមកគង់ចាំព្រះវស្សា ទ្រង់ប្រទាននាមវត្តនោះហៅថាវត្តហ្លួង ក្នុងខែត្រក្រគរ ទ្រង់ប្រគេនឈ្លើយ ៤០ នាក់ជាពល។ លុះអភិសេកស្រេច ស្ដេចយាងមកដល់ខែត្រក្រង ទ្រង់ឱ្យសាងព្រះវិហារមួយទៀត នៅទីដែលកាលទ្រង់តាំងបន្ទាយកទ័ពធ្វើដោយគ្រឿងឈើសុទ្ធ ប្រក់ស្បូវ ជញ្ជាំងក្ដារ និមន្តព្រះសង្ឃមកគង់ចាំវស្សា ឱ្យហៅថា វត្តហ្លួងទ្រង់ប្រគេនឈ្លើយ ៣០ នាក់ជាពលសំរាប់វត្ត។ លុះអភិសេកឆ្លងស្រេច ស្ដេចយាងមកដល់ស្រុកខ្លុង។ នៅទីនេះ ទ្រង់សាងព្រះវិហារមួយទៀត។ លុះឆ្លងរួចស្រេចហើយ ស្ដេចចំលងទ័ពមកដល់ស្រុកបរិបូណ៍ នៅទីនេះប្រគេនឈ្លើយ ៥០ នាក់ជាពលសំរាប់ប្រតិបត្តិ វត្តព្រះពុទ្ធលាយល័ក្ខណ៍ សារាយអណ្ដែត ចង្ហាន់ហុយ។

ឯកសារយោង

[កែប្រែ]
យសស័ក្ដិខ្មែរ
មុនដោយ
សួគ៌ាលោកទេព
សម្ដេចឱកញាឱង រឺ​ ព្រះរាមពោធិ៍សាត់
ក្នុងតំណែង ប្រ.គ.ស ១៥៥៧
តដោយ
សួគ៌ាលោកសុខ
  1. សៀវភៅសិលាចារឹកនៃប្រទេសកម្ពុជាសម័យកណ្ដាល ទំព័រ ១៥ ដោយសាស្ត្រាចារ្យសិលាចារឹក និងប្រវត្តិសាស្ត្រខ្មែរ វង់-សុធារ៉ា
  2. "គេហទំព័រ OP-Sangha". Archived from the original on 2019-09-30. Retrieved 2015-06-28.