Jump to content

កាល់ ម៉ាក្ស

ពីវិគីភីឌា
កាល់ ម៉ាក្ស
រូបលោកកាល់ ម៉ាក្ស, ថតនៅក្នុងឆ្នាំ១៨៧៥
កើតកាល់ ហ៊ែនរីច ម៉ាក្ស
៥ ឧសភា ១៨១៨
ទ្រីអ៊ឺរ, ព្រុស, សហព័ន្ធអាល្លឺម៉ង់
ស្លាប់១៤ មីនា ១៨៨៣ (អាយុ ៦៤)
ទីក្រុងឡុងដ៍, អង់គ្លេស
សញ្ជាតិ
ការអប់រំសាកលវិទ្យាល័យប៊ុន
សាកលវិទ្យាល័យប៊ែរឡាំង
សាកលវិទ្យាល័យជេណា (បណ្ឌិតទស្សនវិជ្ជា, ១៨៤១)
គណបក្ស​នយោបាយ
គណៈកម្មាធិការតថានុរូបកុម្មុយនិស្ត (ត្រឹមឆ្នាំ១៨៤៧)
សម្ព័ន្ធកុម្មុយនិស្ត (១៩៤៧–១៩៥២)
សមាគមពលករអន្តរជាតិ (១៨៦៤–១៨៧២)
ពន្ធភាពជេននី វ៉ន វេសផាលិន
(រ.ក ១៨៤៣; ស. ១៨៨១)
កូន៧ នាក់
សាច់ញាតិ
ហត្ថលេខា

កាល់ ហ៊ែនរីច ម៉ាក្ស (៥ ឧសភា ១៨១៨ – ១៤ មីនា ១៨៨៣) គឺជាទស្សនវិទូ សេដ្ឋវិទូ អ្នកកាសែត ប្រវត្តិវិទូ សង្គមវិទូ ទ្រឹស្តីវិទូនយោបាយ និងជាអ្នកបដិវត្តន៍សង្គមនិយមជនជាតិអាល្លឺម៉ង់ម្នាក់។ ម៉ាក្សបានចាប់កំណើតក្នុងទីក្រុងទ្រីអ៊ឺរនៃប្រទេសអាល្លឺម៉ង់ ហើយបានចាប់ផ្តើមរៀនវិជ្ជាច្បាប់និងទស្សនវិជ្ជានៅឯសាកលវិទ្យាល័យប៊ុននិងប៊ែរឡាំង។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយសកម្មជននយោបាយម្នាក់ឈ្មោះជេននី វ៉ន វេសផាលិននៅក្នុងឆ្នាំ១៨៤៣។ ដោយសារតែសកម្មភាពបោះពុម្ភផ្សព្វផ្សាយរឿងនយោបាយរបស់គាត់ ម៉ាក្សត្រូវក្លាយជាបុគ្គលគ្មានសញ្ជាតិហើយបានទៅរស់នៅនិរទេសក្រៅស្រុកជាមួយភរិយានិងកូនៗរបស់គាត់នៅទីក្រុងឡុងដ៍អស់ជាច្រើនទសវត្ស។ ទោះបីរស់បែបនិរទេសក្តី ម៉ាក្សនៅតែបន្តការនិពន្ធជាមួយនឹងទស្សនវិទូអាល្លឺម៉ង់ម្នាក់ទៀតឈ្មោះហ្វ្រ៊ីឌ្រិច អង់ហ្គែល ហើយអ្នកទាំងពីរក៏ចាប់ផ្តើមនិពន្ធសៀវភៅរួមគ្នាដែលភាគច្រើនជាសៀវភៅទាក់ទងនឹងសេដ្ឋកិច្ចនិងសង្គម។ ស្នាដៃដ៏មានប្រជាប្រិយភាពបំផុតរបស់ម៉ាក្សគឺ គោលគំនិតកុម្មុយនីស្ត (១៨៤៨) និងដាសកាពីតាល់ (១៨៦៧–១៨៨៣)។ ទស្សនៈនយោបាយរបស់ម៉ាក្សបានជះឥទ្ធិពលយ៉ាងខ្លាំងលើបញ្ញវ័ន សេដ្ឋកិច្ច និងប្រវត្តិសាស្ត្រនយោបាយនៅជំនាន់ក្រោយៗ។

ទ្រឹស្តីនិងគំនិតរបស់ម៉ាក្សអំពីសង្គម សេដ្ឋកិច្ច និងនយោបាយត្រូវបានគេស្គាល់ថាម៉ាក្សនិយម ឬ"លទ្ធិម៉ាក្ស"។ ទ្រឹស្តីរបស់គាត់ក៏ជាការរិះគន់នឹងសង្គមមនុស្សកាលពីសម័យនោះផងដែរដោយពោលថាសង្គមមនុស្សបានអភិវឌ្ឍន៍ទៅមុខតាមរយៈជម្លោះនៃវណ្ណៈ។ នៅក្នុងសង្គមមូលធន វណ្ណៈដឹកនាំ (ឬវណ្ណៈគហបតី) គឺជាអ្នកគ្រប់គ្រងលើមធ្យោបាយផលិតកម្ម រីឯវណ្ណៈកម្មករ (ឬវណ្ណៈពលជីវី) គឺជាអ្នកលក់កម្លាំងកាយឱ្យទៅគេដើម្បីទទួលបានប្រាក់ឈ្នួលមកវិញ។[] ម៉ាក្សបានទាយថា មូលធននិយមកំពុងបង្កើតឱ្យមានភាពតានតឹងផ្ទៃក្នុងដូចជាប្រព័ន្ធសង្គមសេដ្ឋកិច្ចមុនៗអញ្ចឹងដែរហើយយូរៗទៅវានឹងវិនាសរលាយដោយសារខ្លួនឯងនិងត្រូវជំនួសមកវិញនូវប្រព័ន្ធថ្មីហៅថាផលិតកម្មសង្គមនិយម។ ចំពោះម៉ាក្ស ការប្រឆាំងនឹងថ្នាក់វណ្ណៈក្រោមរបបមូលធននឹងបង្កបង្កើតឱ្យមានវិបត្តិនិងអស្ថិរភាពសេដ្ឋកិច្ចខ្ពស់បន្ទាប់មកវានឹងពង្រឹងស្មារតីអ្នកវណ្ណៈពលជីវី កម្មករ ទាសករ ហើយមិនយូរប៉ុន្មាន ស្មារតីក្នុងការឡើងកាន់កាប់អំណាចនយោបាយនឹងជ្រាបចូលរួចទីបំផុតសង្គមកុម្មុយនីស្តដែលគ្មានការបែងចែកថ្នាក់វណ្ណៈនឹងត្រូវបានបង្កើតឡើង។[] ម៉ាក្សតែងតែជម្រុញឱ្យវាកើតមានឡើងដោយលើកយកហេតុផលថា វណ្ណៈកម្មករគួរតែចាប់អនុវត្តសកម្មភាពបដិវត្តន៍ដើម្បីផ្តួលរំលំមូលធននិយមនិងនាំមកនូវការរំដោះសេដ្ឋកិច្ចសង្គម។[]

ម៉ាក្សត្រូវបានគេចាត់លោកថាជាបុគ្គលម្នាក់ដែលមានឥទ្ធិពលបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សលោកហើយស្នាដៃនិងការងាររបស់គាត់ត្រូវបានទទួលទាំងការកោតសរសើរផងនិងការរិះគន់ផង។[] ការងាររបស់គាត់នៅក្នុងផ្នែកសេដ្ឋកិច្ចបានម្តល់មូលដ្ឋានគ្រឹះសម្រាប់ការយល់ដឹងជាច្រើននៃកម្លាំងពលកម្មបច្ចុប្បន្ននិងទំនាក់ទំនងរបស់វាទាក់ទងនឹងមូលធននិងគំនិតសេដ្ឋកិច្ចជាបន្តបន្ទាប់។[][][] បញ្ញវ័ន សហជីព សិល្បករ និងគណបក្សនយោបាយជាច្រើនទូទាំងពិភពលោកបានប្រកាន់យកនូវគំនិតរបស់ម៉ាក្សជាគោលដោយកែប្រែឬសម្របសម្រួលគំនិតរបស់គាត់បន្តិចបន្តួច។ ជាធម្មតា ម៉ាក្សត្រូវបានគេលើកឡើងថាជាស្ថាបត្យករសំខាន់ម្នាក់នៃវិទ្យាសាស្ត្រសង្គមទំនើប។[][]

ជីវប្រវត្តិ

[កែប្រែ]

កុមារភាព និងការសិក្សាដំបូងៗ៖ ១៨១៨–១៨៣៦

[កែប្រែ]

កាល់ ហ៊ែនរិច ម៉ាក្សបានកើតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៨១៨ នៅទីក្រុងទ្រីអ៊ឺរក្នុងរាជាណាចក្រព្រុស[១០] ម៉ាក្សមានដើមកំណើតជាជនជាតិជីហ្វិមែនប៉ុន្តែគាត់មិនបានកាន់សាសនាជីហ្វីឬសាសនាអ្វីផ្សេងនោះទេ។ ជីតាខាងម្តាយរបស់ម៉ាក្សគឺជាគ្រូបង្រៀនផ្នែកច្បាប់ម្នាក់ដែលមានសញ្ជាតិជីហ្វិកាត់ហុល្លង់ហើយគាត់បានមកបង្រៀនច្បាប់នៅទីក្រុងទ្រីអ៊ឺរចាប់តាំងពីឆ្នាំ១៧២៣ មកម្លេះ, ឈ្មោះរបស់គាត់គឺ ម៉ៃអ៊ឺរ ហាលេវី ម៉ាក្ស។[១១] ឪពុករបស់ម៉ាក្សគឺជាបុគ្គលដំបូងក្នុងត្រកូលគ្រួសារគាត់ដែលបានចាប់ការសិក្សាតាមបែបសាសនា។ គាត់បានក្លាយជាមេធាវីម្នាក់ដែលទទួលបានប្រាក់ចំណូលមធ្យម (វណ្ណៈកណ្តាល) មិនត្រឹមតែប៉ុណ្ណោះ ឪពុករបស់ម៉ាក្សក៏ជាម្ចាស់ចម្ការទំពាំងបាយជូរម៉ូសែលផងដែរ។

ទីកន្លែងកំណើតរបស់ម៉ាក្ស, ដែលឥឡូវត្រូវបានស្គាល់ថា Brückenstraße 10។ គ្រួសាររបស់ម៉ាក្សជាម្ចាស់បន្ទប់ចំនួនពីរនៅជាន់ផ្ទាល់ដីនិងបន្ទប់ចំនួនបីនៅជាន់ទីមួយ។[១២] អគារមួយនេះត្រូវបានលក់ទៅឱ្យគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់នៅឆ្នាំ១៩២៨ ហើយបច្ចុប្បន្ន បានដំណើរការជាសារមន្ទីរ។[១៣]

ហ៊ែនរីច ម៉ាក្ស (ឪពុកកាល់ ម៉ាក្ស) គឺជាបុគ្គលដែលមានចំណេះដឹងដ៏ខ្ពង់ខ្ពស់ម្នាក់ ហើយគាត់បានចាប់អារម្មណ៍ទៅនឹងគំនិតទស្សនៈរបស់ទស្សនវិទូមួយចំនួនដូចជា អេម៉ានុយអែល កង់ និងវ៉ុលទែរ។ ក្នុងនាមជាអ្នកសេរីនិយមម្នាក់ គាត់បានចូលរួមញុះញង់ឱ្យមានការធ្វើកំណែទម្រង់នឹងរដ្ឋធម្មនុញ្ញនៅក្នុងរាជាណាចក្រព្រុសដែលកាលនុះត្រូវជារដ្ឋប្រកាន់របបរាជាធិបតេយ្យផ្តាច់ការ។[១៤] នៅឆ្នាំ១៨១៥ ហ៊ែនរីច ម៉ាក្សបានចាប់ផ្តើមប្រកបរបរជាមេធាវីហើយនៅក្នុងឆ្នាំ១៨១៩ គាត់និងគ្រួសារបានផ្លាស់ប្តូរទីលំនៅទៅនៅផ្ទះដប់បន្ទប់ក្បែរព័រតានីក្រា[១៥] ភរិយារបស់គាត់ឈ្មោះហេនរីត ប្រេស៍ប៊ឺក (ម្តាយកាល់ ម៉ាក្ស) គឺជាស្ត្រីជនជាតិជីហ្វិកាត់ហុល្លង់ម្នាក់មកពីគ្រួសារអ្នកជំនួញដ៏ស្តុកស្តម្ភមួយ។ ប្អូនស្រីរបស់គាត់ឈ្មោះសូហ្វីយ៉ា ប្រេស៍ប៊ឺកបានចូលរៀបការជាមួយលោកលីអង ហ្វីលីព។ លីអង ហ្វីលីពគឺជាម្ចាស់ក្រុមហ៊ុនផលិតតូបាកូនិងជាអ្នកជំនាញឧស្សាហកម្មជនជាតិហុល្លង់ដ៏ស្តុកស្តម្ភម្នាក់ ហើយគាត់ក៏ជាអ្នកដែលផ្តល់ប្រាក់កម្ចីទៅឱ្យម៉ាក្សខណៈពេលដែលម៉ាក្សកំពុងស្នាក់នៅក្នុងទីក្រុងឡុងដ៍។[១៦]

ប្រវត្តិលម្អិតអំពីកុមារភាពរបស់ម៉ាក្សគឺមិនសូវមានអ្នកដឹងឮនោះទេ។[១៧] គាត់គឺជាកូនទីបីក្នុងចំណោមបងប្អូនចំនួនប្រាំបួននាក់ហើយម៉ាក្សបានក្លាយជាកូនច្បងគេនៅពេលដែលបងប្រុសរបស់ម៉ាក្សឈ្មោះម៉ូរីតស៍បានទទួលអនិច្ចកម្មនៅក្នុងឆ្នាំ១៨១៩។[១៨] ដំបូងឡើយ ម៉ាក្សត្រូវបានអប់រំបង្ហាត់បង្រៀនដោយឪពុករបស់គាត់ផ្ទាល់មុនពេលត្រូវបានបញ្ជូនទៅរៀននៅវិទ្យាល័យទ្រីអ៊ឺរក្នុងឆ្នាំ១៨៣០ ដែលមាននាយកសាលាឈ្មោះហ៊ូកូ វីថិនប៉ាកជាមិត្តរបស់ឪពុកគាត់។ ដោយបានជ្រើសយកអ្នកសេរីនិយមធ្វើជាគ្រូបង្រៀនភាគច្រើននៅក្នុងសាលាខ្លួន រដ្ឋាភិបាលអភិរក្សនិយមក្នុងតំបន់នោះក៏ចាប់ផ្តើមមានការសង្ស័យនិងខ្លឹងជាខ្លាំងជាមួយវីថិនប៉ាក។ នៅឆ្នាំ១៨៣២ ក្រុមនគរបាលបានចុះមកត្រួតពិនិត្យសាលានោះហើយបានរកឃើញថាគ្រូៗភាគច្រើនបានបង្ហាត់បង្រៀនសិស្សឱ្យស្រឡាញ់លទ្ធិសេរីនិយម។ ដោយឃើញបែបនេះ អាជ្ញាធរបានតែងតាំងគ្រូបង្រៀនថ្មីៗជាច្រើននាក់ឱ្យចូលជំនួសអ្នកសេរីនិយមទាំងអស់នោះ។[១៩]

នៅខែតុលា ឆ្នាំ១៨៣៥ ក្នុងវ័យ ១៧ ឆ្នាំ ម៉ាក្សបានទៅចុះឈ្មោះនៅសាកលវិទ្យាល័យប៊ុនដោយមានបំណងចង់រៀនពីវិជ្ជាអក្សរសាស្ត្រនិងទស្សនវិជ្ជាប៉ុន្តែត្រូវបានឪពុកខ្លួនបង្ខំឱ្យចូលរៀនវិជ្ជាច្បាប់ទៅវិញ។[២០] ដោយសារតែមានកាយលក្ខណៈមួយដែលគេច្រើនសម្តៅទៅថា"ខ្សោយដង្ហើម"[២១] ម៉ាក្សក៏បានគេចរួចផុតពីកាតព្វកិច្ចយោធានៅពេលឆ្លងចូលអាយុ ១៨ ឆ្នាំ។ អំឡុងពេលនៅសាកលវិទ្យាល័យប៊ុន ម៉ាក្សបានចូលរួមជាមួយក្រុមនិស្សិតនយោបាយមូលវិវដ្តមួយដែលមានឈ្មោះថា"ក្លិបកវី" ដោយក្រុមនេះត្រូវទទួលរងការឃ្លាំមើលយ៉ាងស្អិតជាប់ពីសំណាក់ក្រុមនគរបាល។[២២] ម៉ាក្សក៏បានចូលរួមជាមួយក្រុមមួយទៀតដែលមានឈ្មោះថា Landsmannschaft der Treveraner ដែលគំនិតជាច្រើនត្រូវបានបោះពិភាក្សាវិភាគទៅវិញទៅមកដោយសមាជិកក្រុមហើយមានគេបាននិយាយថាម៉ាក្សបានធ្វើជាអនុប្រធាននៃក្លិបនោះថែមទៀតផង។[២៣][២៤] ម៉ាក្សក៏បានជួបនូវបញ្ហាជម្លោះដ៏ធ្ងន់ធ្ងរមួយចំនួនផងដែរ ឧទាហរណ៍៖ នៅអំឡុងខែសីហា ឆ្នាំ១៨៣៦ ម៉ាក្សបានចូលវាយគ្នាមួយស្មើជាមួយនឹងសមាជិកម្នាក់មកពីក្រុមបូរ៉ូស៊ាក័ប[២៥] ចំណាត់ថ្នាក់លេខនៃការសិក្សារបស់ម៉ាក្សដំបូងគឺមានលក្ខណៈល្អប្រសើរប៉ុន្តែយូរៗទៅ វាក៏ចាប់ផ្តើមធ្លាក់ចុះ, ដោយហេតុនេះហើយ ឪពុករបស់ម៉ាក្សក៏ត្រូវបង្ខំចិត្តបញ្ជូនម៉ាក្សទៅរៀនបន្តនៅឯសាកលវិទ្យាល័យប៊ែរឡាំង[២៦]

ហេហ្គែលនិយម និងអាជីពជាអ្នកសារព័ត៌មានដំបូង៖ ១៨៣៦–១៨៤៣

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. Cite error: Invalid <ref> tag; no text was provided for refs named manifesto
  2. Karl Marx: Critique of the Gotha Program Archived 27 October 2007 at the វេយប៊ែខ ម៉ាស៊ីន..
  3. Cite error: Invalid <ref> tag; no text was provided for refs named Calhoun2002-23-24
  4. Cite error: Invalid <ref> tag; no text was provided for refs named Manchester
  5. Roberto Mangabeira Unger. Free Trade Reimagined: The World Division of Labor and the Method of Economics. Princeton: Princeton University Press, 2007.
  6. John Hicks, "Capital Controversies: Ancient and Modern." The American Economic Review 64.2 (May 1974) p. 307: "The greatest economists, Smith or Marx or Keynes, have changed the course of history ..."
  7. Joseph Schumpeter Ten Great Economists: From Marx to Keynes. Volume 26 of Unwin University books. Edition 4, Taylor & Francis Group, 1952 ISBN 0-415-11078-5, 978-0-415-11078-5
  8. Little, Daniel. "Marxism and Method". Archived from the original on 10 December 2017. Retrieved 10 December 2017.
  9. Kim, Sung Ho (2017). "Max Weber".
  10. Nicolaievsky & Maenchen-Helfen 1976, ទ. 7; Wheen 2001, ទទ. 8, 12; McLellan 2006, ទ. 1.
  11. Nicolaievsky & Maenchen-Helfen 1976, ទទ. 4–5; Wheen 2001, ទទ. 7–9, 12; McLellan 2006, ទទ. 2–3.
  12. McLellan 2006, ទ. 178, Plate 1.
  13. Wheen 2001. pp. 12–13.
  14. Nicolaievsky & Maenchen-Helfen 1976, ទទ. 5, 8–12; Wheen 2001, ទ. 11; McLellan 2006, ទទ. 5–6.
  15. Nicolaievsky & Maenchen-Helfen 1976, ទ. 7; Wheen 2001, ទ. 10; McLellan 2006, ទ. 7.
  16. Wheen 2001, chpt. 6
  17. Nicolaievsky & Maenchen-Helfen 1976, ទ. 12; Wheen 2001, ទ. 13.
  18. McLellan 2006, ទ. 7.
  19. Nicolaievsky & Maenchen-Helfen 1976, ទទ. 12–15; Wheen 2001, ទ. 13; McLellan 2006, ទទ. 7–11.
  20. Nicolaievsky & Maenchen-Helfen 1976, ទទ. 15–16; Wheen 2001, ទ. 14; McLellan 2006, ទ. 13.
  21. Wheen 2001, ទ. 15.
  22. Nicolaievsky & Maenchen-Helfen 1976, ទ. 20; McLellan 2006, ទ. 14.
  23. Wheen 2001, ទ. 16; McLellan 2006, ទ. 14.
  24. Holmes, Rachel. "Karl Marx: the drinking years". The Times. Retrieved 14 October 2017.(subscription required)
  25. Nicolaievsky & Maenchen-Helfen 1976, ទទ. 21–22; McLellan 2006, ទ. 14.
  26. Nicolaievsky & Maenchen-Helfen 1976, ទ. 22; Wheen 2001, ទទ. 16–17; McLellan 2006, ទ. 14.