ពោធិបក្ខិយធម៌

ដោយវិគីភីឌា
ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា

DharmaWheelGIF.gif
គន្ថធុរៈ

ប្រពៃណីពុទ្ធសាសនា
ថេរវាទ · មហាយាន

ព្រះធម៌
សង្គាយនា · ឈាន
លោកុត្តរបដិច្ចសមុប្បាទ
លោកិយបដិច្ចសមុប្បាទ១២
ពោធិបក្ខិយធម៌ · អរិយសច្ច៤
បញ្ចក្ខន្ធ · អាយតនៈ
សស្សតទិដ្ឋិ · ឧច្ឆេទទិដ្ឋិ
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍
ច្បាប់នៃកម្ម · បញ្ញាព្រះពោធិសត្វ
វិសុទ្ធិមគ្គ · នីវរណធម៌
មិច្ឆត្តធម៌ · សំយោជនៈ
កិលេស · អាសវៈ
ពោជ្ឈង្គ៧ · អរិយអដ្ឋង្គិកមគ្គ
សម្បជញ្ញៈ · មហាភូតរូប
ចិត្ត៨៩ · ព្រះនិព្វាន៤ថ្នាក់

វិបស្សនាធុរៈ
អានាបានស្សតិ · សតិប្បដ្ឋាន
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍

ព្រះអភិធម្ម
វីថិចិត្ត

៣៧
ព្រះធម៌
នៃការត្រាស់ដឹង
Buddha.jpg
 
សតិបដ្ឋាន
 
 
សម្មប្បធាន

ឥទ្ធបាទ
 

ឥន្រ្ទិយ

ពលៈ
 
ពោជ្ឈង្គ
  
 
អដ្ឋង្គិកមគ្គ
 
Buddha.jpg

មាតិកា

ពោធិបក្ខិយធម៌៣៧ [កែប្រែ]

Pali:Bodhipakkhiyā dhammā EN:Bodhipakkhiyadhammā Skt. bodhipakṣa dharma

ក្នុងព្រះពុទ្ធសាសនា ពោធិបក្ខិយធម៌ Bodhipakkhiyā dhammā គឺជាគុណធម៌ដែលជាហេតុ ឬទាក់ទង (បក្ខិយ) ទៅនឹងការត្រាស់ដឹង (ពោធិ) ។ ក្នុងអដ្ឋកថាបាលី ពាក្យពោធិបក្ខិយធម៌ ត្រូវគេយកមកប្រើ ដើម្បីបង្ហាញធម៌៧យ៉ាង ដែលតែងលើកយកមករាប់រៀបដោយព្រះពុទ្ធ ក្នុងគម្ពីរបាលី ។ នៅក្នុងគុណធម៌៧ នៃការត្រាស់ដឹងនេះ មានអង្គធម៌និមួយៗទាំងអស់៣៧ប្រការ (សត្តតឹសពោធិបក្ខិយធម្មា) ។ ពោធិបក្ខិយធម៌នេះ ត្រូវបានពុទ្ធសាសនិកជន ទាំងថេរវាទនិងមហាយាន ទទួលស្គាល់ថាជា ធម៌បំពេញដល់ផ្លូវទៅកាន់ការត្រាស់ដឹង ក្នុងព្រះពុទ្ធសាសនា។ តាមកំណត់ក្នុងគម្ពីរបាលី ភាវនានុយុត្តសូត្រ (អង្គុត្តរនិកាយ៧.៦៧) ព្រះពុទ្ធមានព្រះបន្ទូលថា៖
ម្នាលភិក្ខុទាំងឡាយ! ទោះបីភិក្ខុណាមួយដែលមិន ដាក់ខ្លួនក្នុងការចំរើនសមាធិចិត្ត អាចមានបំណងយ៉ាងនេះថា ឱ! សូមឲ្យចិត្តរបស់អាត្មាអញរួចរំដោះ ពីឧបាទាន, ចិត្តរបស់ភិក្ខុនោះ នៅតែមិនរួចរំដោះ ដដែល ។ តើមកពីហេតុអ្វី? គេអាចនិយាយថា មកពី ភិក្ខុនោះ មិនធ្វើឲ្យចិត្តចម្រើនឡើង ។ តើមិនចម្រើនឡើងក្នុងអ្វី? ក្នុងសតិបដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទធម៌៤ ឥន្រ្ទិយ៥ ពលៈ៥ ពោជ្ឈង្គ៧ និងអរិយអដ្ឋង្គិកមគ្គ៨ ។ នៅកន្លែងដទៃទៀតក្នុងគម្ពីរបាលី និងគម្ពីរផ្សេងៗពីជំនាន់ដើម ធម៌៧កងដែលមាន៣៧ប្រការនេះ ដែលនាំមកនូវការត្រាស់ដឹង មានការរៀបរាប់ដូចតទៅនេះ៖

សតិបដ្ឋាន៤ [កែប្រែ]

សតិបដ្ឋានមាន៤គឺៈ

  • ១- កាយានុបស្សនា សតិរឭកពិចារណា កាយ ជាអារម្មណ៍
  • ២- វេទនានុបស្សនា សតិរឭកពិចារណា វេទនា ជាអារម្មណ៍
  • ៣- ចិត្តានុបស្សនា សតិរឭកពិចារណា ចិត្ត ជាអារម្មណ៍
  • ៤- ធម្មានុបស្សនា សតិរឭកពិចារណា ធម៌ ជាអារម្មណ៍

សតិបដ្ឋាន មកពីពាក្យ សតិ=ការរឭក ការប្រុងស្មារតី និងពាក្យ បដ្ឋាន=គ្រឹះ មូលដ្ឋាន។ ព្រះពុទ្ធបង្រៀនថា សតិបដ្ឋានជាផ្លូវមូលតែមួយ ប្រព្រឹត្តទៅដើម្បីសេចក្តី បរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីលះបង់សេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់បង់នូវទុក្ខនិងទោមនស្ស ដើម្បីបាននូវអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន (សុត្តន្តបិដក មហាវគ្គ១៧ ទំព័រ២៤៤) ។
សតិបដ្ឋានគឺជាការបដិបត្តិ ដើម្បីចម្រើន កម្មដ្ឋានទាំង២យ៉ាង គឺធ្វើអារម្មណ៍ឲ្យស្ងប់ល្អផង(សមថកម្មដ្ឋាន) និងចម្រើនបញ្ញាផង(វិបស្សនាកម្មដ្ឋាន) ។ សតិបដ្ឋានជាកិច្ចប្រតិបត្តិ នៃសម្មាសតិ និងសម្មាសមាធិ ក្នុងអរិយអដ្ឋង្គិកមគ្គ៨ ដែលដឹកនាំយោគី ទៅកាន់ ព្រះនិព្វាន ជាទីបរមសុខ ។

សម្មប្បធាន៤ [កែប្រែ]

សម្មប្បធានមាន៤គឺៈ

  • ១- សំវរប្បធាន ព្យាយាមប្រយ័ត្នមិនឲ្យ បាបកើតឡើងក្នុងសន្តាន
  • ២- បហានប្បធាន ព្យាយាមលះបាប ដែលកើតឡើងរួចហើយ
  • ៣- ភាវនាបធាន ព្យាយាមញ៉ាំងកុសល ឲ្យកើតឡើងក្នុងសន្តាន
  • ៤- អនុរក្ខនាបធាន ព្យាយាមរក្សាកុសល មិនឲ្យសាបសូន្យទៅវិញ ។

សម្មប្បធាន បានដល់សេចក្តីព្យាយាម ដ៏ឧត្តម៤យ៉ាង ដែលជាចំណែកនៃផ្លូវ ទៅកាន់ការត្រាស់ដឹង ។ សម្មប្បធានអាស្រ័យលើ ការយល់ដឹង នូវការកើតនិងការមិនកើត នៃនាមធម៌ផ្សេងៗ ក្នុងកាលវេលាដែលកន្លងទៅ ហើយនិងសតិរឭករបស់យើង ក្នុងការវៀងវៃដើម្បីធ្វើសកម្មភាពទប់ទល់ ។ សម្មប្បធានជំរុញយើងឲ្យលះបង់ ធម៌ដែលជាអកុសល ហើយធ្វើឲ្យកុសលធម៌ រីកចម្រើនឡើង ។ សម្មប្បធានគឺជា សម្មាវាយាមោ ក្នុងអរិយអដ្ឋង្គិកមគ្គ៨ ហើយនិងវិរិយិន្រ្ទិយ ក្នុងឥន្រ្ទិយ៥ ។

ឥទ្ធិបាទធម៌៤ [កែប្រែ]

ឥទ្ធិបាទធម៌ ជាគ្រឿងឲ្យសម្រេចផល មាន៤គឺៈ

  • ១- ឆន្ទៈ សេចក្តីចូលចិត្តស្រឡាញ់ ក្នុងកិច្ចការ
  • ២- វិរិយៈ សេចក្តីព្យាយាមប្រកបកិច្ចការ
  • ៣- ចិត្តៈ សេចក្តីយកចិត្តទុកដាក់ក្នុងកិច្ចការ
  • ៤- វីមំសា សេចក្តីឧស្សាហ៍ត្រិះរិះពិចារណា រកហេតុផល ក្នុងកិច្ចការ ។

ឥទ្ធិបាទធម៌ គឺគុណធម៌ជាគ្រឿង ឲ្យសម្រេចប្រយោជន៍ ។ ក្នុងព្រះពុទ្ធសាសនា ពាក្យថាឥទ្ធិសំដៅយកឬទ្ធិខាងផ្លូវចិត្ត ឬផ្លូវជំនឿសាសនា ដែលជាគ្រឹះនៃកម្លាំង ។ ក្នុងការស្វែងរកការត្រាស់ដឹង ឥទ្ធិបាទធម៌៤នេះ ជាកម្លាំងឲ្យសម្រេចផលបាន ។ ក្នុងវិរទ្ធសូត្រ (សំយុត្តនិកាយលេខ៥១.២) មានសេចក្តីថាៈ
ម្នាលភិក្ខុ! អ្នកដែលមិនខ្វល់ខ្វាយ ចំពោះឥទ្ធិបាទ គឺជាអ្នករាយមាយចំពោះ អរិយមគ្គដែលនាំផ្លូវ ទៅកាន់ទីបំផុតនៃទុក្ខ ។ អ្នកដែលទទួលយក ឥទ្ធិបាទ គឺជាអ្នកទទួលយកអរិយមគ្គ ដែលនាំផ្លូវទៅកាន់ ទីបំផុតនៃទុក្ខ ។ មូលដ្ឋាននៃឥទ្ធិបាទ ស្ថិតនៅលើការចម្រើនសមាធិលើ ឆន្ទៈ វិរិយៈ ចិត្តៈ និងវិមំសា ។ ក្នុងធម្មបរិយាយនៃគម្ពីរធម៌ជាច្រើន ឥទ្ធិបាទធម៌នេះគេចម្រើន ជាប់ជាមួយនឹងសម្មប្បធាន ដូចជាការចម្រើនសមាធិ លើឆន្ទៈជាដើម មានសេចក្តីបរិយាយថាៈ
ម្នាលភិក្ខុ! កាលណាភិក្ខុ តាំងនៅស៊ប់ក្នុងសមាធិ មានអារម្មណ៍មូលតែមួយលើឆន្ទៈ នេះហៅថាឆន្ទៈសមាធិ ។ ភិក្ខុនោះបង្កើតឆន្ទៈ ដើម្បីសភាវៈនៃអកុលសធម៌ ដែលមិនទាន់កើតឡើង មិនអាចកើតឡើងបាន ។ ភិក្ខុនោះប្រារព្ធសេចក្តីប្រឹងប្រែង បង្កើនថាមពល ពង្រឹងទឹកចិត្ត បំពេញសេចក្តីព្យាយាម ភិក្ខុនោះធ្វើឲ្យឆន្ទៈកើតឡើង ដើម្បីបោះបង់ចោល នូវសភាវៈនៃអកុសលធម៌ ដែលបានកើតឡើងហើយ...ដើម្បីសភាវៈនៃកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើងបាន...ដើម្បីរក្សាទុក នូវសភាវៈនៃកុសលធម៌ដែលបានកើតឡើងហើយ កុំឲ្យវិនាសសាបសូន្យទៅ ។ ភិក្ខុនោះប្រារព្ធសេចក្តីប្រឹងប្រែង បង្កើនថាមពល ពង្រឹងទឹកចិត្ត បំពេញសេចក្តីព្យាយាម ។ ទាំងអស់នេះហៅថា វិរិយៈសង្ខារ ។ ដូច្នេះឆន្ទៈនៃភិក្ខុនោះ និងឆន្ទៈសមាធិ និងវិរិយៈសង្ខារ ហៅថាមូលដ្ឋាន សម្រាប់ឬទ្ធិនៃចិត្ត ដែលប្រកបដោយឆន្ទៈសមាធិ និងវិរិយៈសង្ខារ ។ ធម្មបរិយាយពន្យល់អំពី ឥទ្ធិបាទ៣ទៀត តាមរបៀបដូចគ្នាដែរ ។

ឥន្រ្ទិយ៥ [កែប្រែ]

ឥន្រ្ទិយ ធម៌ជាធំមាន៥គឺៈ

  • ១- សទ្ធិន្រ្ទិយ សទ្ធាជាធំ
  • ២- វិរិយិន្រ្ទិយ វិរិយៈជាធំ
  • ៣- សតិន្រ្ទិយ សតិជាធំ
  • ៤- សមាធិន្រ្ទិយ សមាធិជាធំ
  • ៥- បញ្ញិន្រ្ទិយ បញ្ញាជាធំ ។

ឥន្រ្ទិយមានន័យថា របស់ព្រះឥន្រ្ទ ឬជាទីរីករាយរបស់ព្រះឥន្ទ ដែលជាស្តេចទេវតា នៃ ស្ថានតាវតឺង្ស ។ ក្នុងព្រះពុទ្ធសាសនា ឥន្រ្ទិយបានដល់អ្វីដែល ជាធំក្នុងការគ្រប់គ្រង ត្រួតពិនិត្យ ដូចព្រះឥន្រ្ទ ដែលមានអំណាច ជាធំលើពួកទេវតា ។ ឥន្រ្ទិយអាចមាននៅ ក្នុងក្រុមធម៌៣ប្រការ គឺក្នុងធម៌ដែលជារបស់ចិត្ត (ឥន្រ្ទិយ៥ខាងលើ) ដែលជារបស់ អាយតនៈ (ឥន្រ្ទិយ៦ មានចក្ខិន្រ្ទិយជាដើម) និងដែលជារបស់បាតុភូត (ឥន្រ្ទិយ២២) ។ ក្នុងទីនេះនិយាយតែអំពី ឥន្រ្ទិយជារបស់ចិត្ត ដែលជាផ្នែកនៃ ពោធិបក្ខិយធម៌៣៧ ។

១- សទ្ធិន្រ្ទិយ សទ្ធាជាធំ បានដល់សទ្ធាចំពោះ ការត្រាស់ដឹងនៃព្រះពុទ្ធ ។
២- វិរិយិន្រ្ទិយ វិរិយៈជាធំ បានដល់ការបំពេញ សម្មប្បធាន៤ ។
៣- សតិន្រ្ទិយ សតិជាធំ បានដល់ប្រមូលអារម្មណ៍ ទៅលើសតិបដ្ឋាន៤ ។
៤- សមាធិន្រ្ទិយ សមាធិជាធំ បានដល់ការសម្រេចឈាន៤ថ្នាក់ ។
៥- បញ្ញិន្រ្ទិយ បញ្ញាជាធំ បានដល់បញ្ញាយល់ដឹង អំពីអរិយសច្ចៈ៤ ។

ក្នុងអង្គុត្តរនិកាយ៦.៥៥ ព្រះពុទ្ធមានព្រះបន្ទូលថា បញ្ញិន្រ្ទិយ ជាចំបងគេក្នុងឥន្រ្ទិយទាំង៥នេះ ។ ព្រះអង្គមានបន្ទូល ទៅកាន់ភិក្ខុសោណៈថាៈ កាលណាខ្សែពិណរបស់អ្នកមិនតឹងពេក មិនធូរពេក រឹតតឹងល្មមនឹងសម្លេង ហើយកាលណាអ្នកដេញ តើនឹងមានសម្លេងពិរោះមែនឬទេ? បពិតព្រះអង្គដ៏ចម្រើន! ពិតដូច្នេះមែនហើយ ។ ដូចគ្នាយ៉ាងនេះដែរ ម្នាលសោណៈ ការខំប្រឹងហួសពេក នាំឲ្យច្រាសច្រាលមិនស្ងប់ ការខ្វះសេចក្តីប្រឹងប្រែង នាំមកនូវការខ្ជិល ដូច្នេះអ្នកត្រូវរើសយក សភាពតឹងល្មម ដែលត្រូវនឹងសេចក្តីប្រឹងប្រែងរបស់អ្នក អនុវត្តតាមរបៀបរបស់អ្នក ទៅលើឥន្រ្ទិយទាំង៥ ។ គម្ពីរព្រះវិសុទ្ធិមគ្គ និងអដ្ឋកថាបាលី ក្រោយគម្ពីរបិដក បានរំលឹកដាស់តឿនថា កុំឲ្យឥន្រ្ទិយណាមួយខ្លាំងហួសពេក ហើយគ្របសង្កត់ឥន្រ្ទិយ៤ទៀត ហើយជាទូទៅដាស់តឿន ឲ្យសម្រួលឥន្រ្ទិយ ដែលខ្លាំងហួសនោះ តាមរយៈធម្មវិចយៈ (ការពិនិត្យធម៌) ឬសមថសមាធិ ។ អដ្ឋកថាទាំងនោះ ថែមទាំងដាស់តឿនថា ឲ្យចម្រើនឥន្រ្ទិយ៥នេះ ដោយថ្លឹងធម៌ពីរៗ៖

  • សទ្ធាខ្លាំង បញ្ញាខ្សោយ ជាហេតុឲ្យសេចក្តីទុកចិត្ត ខ្វះទីលំនឹង ។ បញ្ញាខ្លាំង សទ្ធាខ្សោយ ខុសខាងការឆ្លាត ពិបាកនឹងកែ ដូចទាស់ព្រោះថ្នាំសង្កូវ ។ ដោយថ្លឹងសទ្ធានិងបញ្ញាឲ្យស្មើគ្នា បុគ្គលម្នាក់

មានសទ្ធា តែកាលណាសទ្ធារបស់គាត់ មានគ្រឹះមាំប៉ុណ្ណោះ (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ៤៧) ។

  • សមាធិខ្លាំង វិរិយៈខ្សោយ ព្រោះសមាធិធ្វើឲ្យ ទោរទន់ទៅកាន់ការខ្ជិល ។ វិរិយៈខ្លាំង សមាធិខ្សោយ ព្រោះវិរិយៈធ្វើឲ្យ ទោរទន់ទៅកាន់សេចក្តីមិនស្ងប់ ។ ប៉ុន្តែសមាធិដែលរួមជាមួយវិរិយៈ មិនអាចភ្លាត់ចូលក្នុងការខ្ជិល ហើយវិរិយៈដែលរួមជាមួយ សមាធិក៏មិនភ្លាត់ចូលទៅក្នុង ការច្រាសច្រាលដែរ ។ ដូច្នេះសមាធិនិងវិរិយៈ ត្រូវតែថ្លឹងឲ្យស្មើគ្នា ព្រោះថាឈានកើតឡើង ដោយសារ

ភាពស្មើគ្នានេះ (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ៤៧)។

  • បុគ្គលអ្នកធ្វើសមាធិ ត្រូវការកម្លាំងសទ្ធា ព្រោះជាមួយសទ្ធា និងសេចក្តីទុកចិត្តដែលគាត់បានមកនូវឈាន (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ៤៨) ។
  • បន្ទាប់មក ត្រូវមានភាពស្មើគ្នា នៃសមាធិនិងបញ្ញា ។ បុគ្គលអ្នកធ្វើសមាធិ ត្រូវ ការឯកកត្តាចិត្ត (អារម្មណ៍មូលតែមួយ) ព្រោះថាគាត់បាននូវឈាន របៀបនេះឯង ។ ហើយបុគ្គលដែលធ្វើវិបស្សនា ត្រូវការកម្លាំងបញ្ញា ព្រោះថាគាត់បានចូលស៊ប់ ក្នុងត្រៃលក្ខណ៍ដោយរបៀបនេះឯង ។ ប៉ុន្តែដោយការថ្លឹង សមាធិនិងបញ្ញា ឲ្យស្មើគ្នា គាត់ក៏អាចបាននូវឈានទៀតផង (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ៤៨)។
  • ចំណែកឯសតិវិញ គេត្រូវការវាគ្រប់កាលទេសៈ ព្រោះសតិជាគ្រឿងការពារ កុំ ឲ្យចិត្តភ្លាត់ចុះ ទៅក្នុងភាពច្រាសច្រាល តាមរយៈសទ្ធា វិរិយៈ និងបញ្ញា ហើយកុំឲ្យចិត្តភ្លាត់ចុះទៅក្នុងការខ្ជិល

តាមរយៈសមាធិ (គម្ពីរវិសុទ្ធិមគ្គ វគ្គទី៤ ទំព័រ៤៩) ។
ក្នុងសំយុត្តនិកាយ៤៨.៤៣ ព្រះពុទ្ធមានព្រះបន្ទូលថា ឥន្រ្ទិយ៥ គឺជាពលៈ៥ដែរ ។ ព្រះអង្គប្រៀបប្រដូច ឥន្រ្ទិយនិងពលៈ ទៅនឹងខ្សែទឺកហូរក្នុងស្ទឹង ដែលមានកោះនៅ កណ្តាល កោះនោះញែកខ្សែទឹកជា២ ប៉ុន្តែគេឃើញខ្សែទឺក មានតែមួយដដែល ។ អដ្ឋ កថាបាលីមួយចំនួន កត់សំគាល់ថា ធម៌ទាំង៥នេះជាឥន្រ្ទិយ កាលណាវាគ្រប់គ្រងអាណាចក្ររបស់វា ហើយធម៌ទាំង៥នេះជាពលៈ កាលណាវារឹងមាំ ក្នុងការទប់ទល់នឹងសត្រូវរបស់វា ។

ពលៈ៥ [កែប្រែ]

ធម៌ដែលជាកម្លាំង ហៅថាពលៈមាន៥គឺៈ

  • ១- សទ្ធាពលៈ
  • ២- វិរិយពលៈ
  • ៣- សតិពលៈ
  • ៤- សមាធិពលៈ
  • ៥- បញ្ញាពលៈ

ក្នុងសំយុត្តនិកាយ៤៨.៤៣ ព្រះពុទ្ធមានព្រះបន្ទូលថា ពលៈ៥ គឺជាឥន្រ្ទិយ៥ដែរ ។ ព្រះអង្គប្រៀបប្រដូច ឥន្រ្ទិយនិងពលៈ ទៅនឹងខ្សែទឺកហូរក្នុងស្ទឹង ដែលមានកោះនៅ កណ្តាល កោះនោះញែកខ្សែទឺកជា២ ប៉ុន្តែគេឃើញខ្សែទឺក មានតែមួយដដែល ។ អដ្ឋ កថាបាលីមួយចំនួន កត់សំគាល់ថា ធម៌ទាំង៥នេះជាពលៈ កាលណាវារឺងមាំ ក្នុងការ ទប់ទល់នឹងសត្រូវរបស់វា ។ ហើយធម៌ទាំង៥នេះជាឥន្រ្ទិយ កាលណា​វាគ្រប់គ្រងអា ណាចក្ររបស់វា ។

ពោជ្ឈង្គ៧ [កែប្រែ]

ពោជ្ឈង្គ អង្គជាធម៌នៃការត្រាស់ដឹង មាន៧គឺៈ

  • ១-សតិ សេចក្តីរឭកបាន
  • ២- ធម្មវិចយៈ សេចក្តីពិចារណា ជ្រើសរើសរកធម៌
  • ៣- វិរិយៈ សេចក្តីព្យាយាម
  • ៤- បីតិ សេចក្តីឆ្អែតចិត្ត
  • ៥- បស្សទ្ធិ សេចក្តីស្ងប់ចិត្ត
  • ៦- សមាធិ ការតំកល់ចិត្តឲ្យនឹង
  • ៧- ឧបេក្ខា ភាវៈដែលចិត្តដែលព្រងើយ ចំពោះអារម្មណ៍ ។

ក្នុងសំយុត្តនិកាយ ពោជ្ឈង្គ៧បានដល់ អង្គនៃកុសលធម៌ ដែលនាំឲ្យទៅដល់ការត្រាស់ដឹងជាលោកិយៈ ។ ក្នុងអភិធម្មនិងអដ្ឋកថាបាលីវិញ ពោជ្ឈង្គហាក់ដូចជាធម៌ ស្របគ្នាទៅនឹងការត្រាស់ដឹង ជាលោកុត្តរៈ ។ ក្នុងធម្មទេសនាមួយ ក្នុងសំយុត្តនិកាយ៤៦.៥ ភិក្ខុមួយអង្គក្រាបទូលសួរព្រះពុទ្ធថាៈ បពិតព្រះអង្គដ៏ចម្រើន! មានពាក្យថា ពោជ្ឈង្គ ពោជ្ឈង្គ ដែលហៅថាពោជ្ឈង្គនេះ មានក្នុងន័យដូចម្តេច? ព្រះពុទ្ធទ្រង់ត្រាសតបថាៈ ភិក្ខុ, ធម៌នេះនាំទៅកាន់ការត្រាស់ដឹង ទើបហៅថាពោជ្ឈង្គដូច្នេះ ។
នៅពេលចម្រើនសមាធិ បុគ្គលមា្នក់អាចពិចារណាពោជ្ឈង្គ ព្រមទាំងធម៌ដែលជាសត្រូវគឺនីវរណធម៌៥ ។ សំយុត្តនិកាយសូត្រមួយ បញ្ជាក់ថែមទៀតថា អង្គនៃពោជ្ឈង្គនិមួយៗ អាចយកមកចម្រើន ជាមួយនឹងព្រហ្មវិហារ៤ (មេត្តា ករុណា មុទិតា ឧបេក្ខា) ។ ព្រះពុទ្ធមានព្រះបន្ទូលទៀតថា សតិមានគុណប្រយោជន៍ច្រើនជានិច្ច កាលបុគ្គលណាមួយ មានចិត្តយឺតយ៉ាវ បុគ្គលនោះត្រូវចម្រើន ធម្មវិចយៈ វិរិយៈ និងបីតិ ហើយកាលណាចិត្តរបស់បុគ្គលនោះច្រាសច្រាល បុគ្គលនោះត្រូវចម្រើនបស្សទ្ធិ សមាធិ និងឧបេក្ខា ។
ក្នុងគម្ពីរព្រះវិសុទ្ធិមគ្គ ផ្នែកការពិភាក្សាដើម្បី សម្រេចឈាននិងរក្សាឈាន ឲ្យស្ថិតស្ថេរ ព្រះពុទ្ធឃោសៈបានបញ្ជាក់អំពីពោជ្ឈង្គ ដូច្នេះថាៈ

  • សតិខ្លាំងក្លា...គេត្រូវការវាគ្រប់កាលៈទេសៈ
  • កាលណាចិត្តធ្លាក់ចុះ ជាមួយការអន់ថយនៃវិរិយៈ (ជាដើម) គេត្រូវចម្រើនអង្គ៣នេះ ធម្មវិចយៈ វិរិយៈ និងបីតិ ។
  • កាលណាចិត្តច្រាសច្រាល តាមការប្រឹងប្រែងហួសកម្រឹត គេត្រូវចម្រើនអង្គ៣នេះ បស្សទ្ធិ សមាធិ ឧបេក្ខា ។

ក្នុងការធ្វើសមាធិ គេច្រើនពិសោធន៍ឃើញ ធម៌២ក្នុងនីវរណ៥ គឺថីនមិទ្ធៈ (សេចក្តីច្រអូសកាយច្រអូសចិត្ត) និងឧទ្ធច្ចកុក្កុច្ច (សេចក្តីរំខានក្រហល់ក្រហាយចិត្ត) ដែលជាហេតុមិនឲ្យចិត្តស្ងប់បាន ។ តាមសំយុត្តនិកាយ៤៦.៥៣ មានការរំឭកថា បីតិ ធម្មវិច យៈ និងវិរិយៈ ត្រូវយកមកចម្រើន កាលណាគេពិសោធន៍ឃើញថីនមិទ្ធៈ, បស្សទ្ធិ សមាធិ និងឧបេក្ខា ត្រូវយកមកចម្រើន កាលណាគេពិសោធន៍ ឃើញឧទ្ធច្ចកុក្កុច្ចៈ ។ សតិត្រូវតែមានគ្រប់ពេល ដើម្បីដឹងប្រាកដថា ការប្រែប្រួល នៃកាយនិងចិត្ត ប្រកបដោយផល ឬមិនប្រកបដោយផល ។

អរិយអដ្ឋង្គិកមគ្គ៨ [កែប្រែ]

អរិយអដ្ឋង្គិកមគ្គ ផ្លូវដ៏ប្រសើរ ប្រកបដោយអង្គ៨ប្រការគឺៈ

  • ១- សម្មាទិដ្ឋិ បញ្ញាឃើញត្រូវ
  • ២- សម្មាសង្កប្ប សេចក្តីត្រិះរិះត្រូវ
  • ៣- សម្មាវាចា វាចាត្រូវ
  • ៤- សម្មាកម្មន្ត ការងារត្រូវ
  • ៥- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ
  • ៦- សម្មាវាយាម សេចក្តីព្យាយាមត្រូវ
  • ៧- សម្មាសតិ សេចក្តីរឭកត្រូវ
  • ៨- សម្មាសមាធិ សមាធិត្រូវ

អរិយអដ្ឋង្គិកមគ្គ គឺជាខ្លឹមសារនៃការបង្រៀន របស់ព្រះពុទ្ធ ដែលព្រះអង្គទ្រង់បរិយាយថាជាផ្លូវទៅកាន់ការរំលត់ទុក្ខ ហើយនិងឲ្យសម្រេចការត្រាស់ដឹង ។ អរិយមគ្គនេះប្រើសម្រាប់ចម្រើនបញ្ញា ទៅក្នុងធម្មជាតិពិតនៃបាតុភូត (តាមសភាពពិត) ហើយផ្តាច់ឫសលោភៈទោសៈមោហៈ មិនឲ្យសេសសល់ ។ អរិយអដ្ឋង្គិកមគ្គ ជាអង្គធម៌ទី៤ នៃអរិយ សច្ច៤ ។ អង្គធម៌ទី១ក្នុងអរិយអដ្ឋង្គិកមគ្គ (សម្មាទិដ្ឋិ) គឺការយល់ច្បាស់ អំពីអរិយសច្ចៈ ។ អរិយអដ្ឋង្គិកមគ្គនេះ មានឈ្មោះម៉្យាងទៀតថា មគ្គកណ្តាល ឬផ្លូវកណ្តាល ។ អង្គនិមួយៗចាប់ផ្តើមដោយពាក្យសម្មា ដែលមានន័យថាសុក្រិត ឬដ៏ប្រសើរ ។ ក្នុងនិមិត្តរូប នៃព្រះពុទ្ធសាសនា ជាទូទៅអរិយអដ្ឋង្គិកមគ្គ មានរូបតំណាងជាធម្មចក្រ ដែលមានកាំ៨ ដែលជាតំណាងមគ្គ៨ ។

ពោធិបក្ខិយធម៌៤៣ [កែប្រែ]

ក្នុងគម្ពីរបាលីនេត្តិសូត្រ១១២និង២៣៧ ពោធិបក្ខិយធម៌៤៣ បានយកមករាប់ ដោយ មានពោធិបក្ខិយ៣៧ នៅក្នុងនោះផងៈ

  • ត្រៃលក្ខណ៍៣
១- អនិច្ចំ
២- ទុក្ខំ
៣- អនត្តា
  • បហាន (រលាស់ចោលនូវទុក្ខ)
  • វិរាគៈ (ការសូន្យទៅនៃរាគៈ) សម្រេចអរហត្ត
  • និរោធៈ (ការកំចាត់បង់នូវអាសវៈទាំងពួង) បានដល់ព្រះនិព្វាន

មហាបរិនិព្វានសូត្រ [កែប្រែ]

ក្នុងទីឃនិកាយ១០ មហានិព្វានសូត្រ ដែលរ៉ាយរ៉ាប់អំពី ថ្ងៃចុងក្រោយរបស់ព្រះពុទ្ធ ព្រះអង្គមានព្រះបន្ទូល ទៅកាន់អង្គប្រជុំថាៈឥឡូវនេះ ម្នាលភិក្ខុទាំងឡាយ! តថាគតប្រាប់អ្នកអំពី ការប្រៀនប្រដៅ របស់តថាគត ដែលតថាគតបានដឹង ដោយការពិសោធន៍ ហើយបានប្រាប់ឲ្យអ្នកដឹងហើយ- ថាការ ប្រៀនប្រដៅទាំងនោះ អ្នកគប្បីសិក្សាដោយហ្មត់ចត់ បណ្តុះបណ្តាល ធ្វើឲ្យចម្រើនឡើង បដិបត្តិជាញឹកញយ ដែលសេចក្តីបរិសុទ្ធនៃការរស់នៅ អាចសម្រេចបាន ហើយតាំងនៅយូរ ដើម្បីសុខមាលភាព និងសេចក្តីរីករាយជាច្រើន ដែលចេញមកអំពីករុណាចំពោះលោក ដើម្បីផលប្រយោជន៍ សេចក្តីសុខសាន្ត និងសេចក្តីរីករាយ នៃទេព្តានិងមនុស្ស ។
ហើយអ្វី ម្នាលភិក្ខុទាំងឡាយ! ជាការប្រៀនប្រដៅទាំងនោះ? គឺសតិបដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្រ្ទិយ៥ ពលៈ៥ ពោជ្ឈង្គ៧ ហើយនិងអរិយអដ្ឋង្គិកមគ្គ៨ ។ ធម៌ទាំងអស់នេះហើយ ម្នាលភិក្ខុទាំងឡាយ! ជាការប្រៀនប្រដៅ ដែលតថាគតបានមក ពីការការពិសោធន៍ ហើយបានប្រាប់ឲ្យអ្នកដឹងហើយ- ថាការប្រៀនប្រដៅទាំងនោះ អ្នកគប្បី សិក្សាដោយហ្មត់ចត់ បណ្តុះបណ្តាល ធ្វើឲ្យចម្រើនឡើង ហើយបដិបត្តិជាញឹកញយ...។

អដ្ឋកថា [កែប្រែ]

ក្នុងគម្ពីរព្រះវិសុទ្ធិមគ្គ ព្រះពុទ្ធឃោសៈបានរាប់រៀប ធម៌៧ក្រុមនៃពោធិបក្ខិយធម៌ ស្របជាមួយនឹងគម្ពីរសុត្តបិដក (Vism. XXII.33) ពន្យល់អំពីក្រុមធម៌និមួយៗ (Vism. XXII.34 - 38) ហើយនិងធម៌ដែលមាន ក្នុងចិត្តរបស់ព្រះអរហន្ត (Vism. XXII.39-40) ។ ព្រះពុទ្ធឃោសៈថែមទាំងបាន ដាក់ធម៌៣៧តាមរបៀបមួយ ដើម្បីបង្ហាញថាធម៌៩ យកមករាប់ត្រឹមតែមួយដង (ឆន្ទៈ ចិត្ត បីតិ បស្សទ្ធិ ឧបេក្ខា សង្កប្ប វាចា កម្មន្ត អាជីវៈ) ហើយធម៌៥ទៀត (សទ្ធា វិរិយៈ សតិ សមាធិ បញ្ញា) យកមករាប់ជាច្រើនដង ក្នុងពោធិបក្ខិយ៣៧ នេះ (Vism. XXII.41-43) ។

  ធម៌៧ក្រុម
  សតិបដ្ឋាន សម្មប្បធាន ឥទ្ធិបាទធម៌ ឥន្រ្ទិយ៥ ពលៈ៥ ពោជ្ឈង្គ៧ អរិយអដ្ឋង្គិកមគ្គ

 

ម៌



យ៉ា

 
សទ្ធា
 
      សទ្ធា សទ្ធា    
 
វិរិយៈ
 
 
សម្មប្បធាន
វិរិយៈ វិរិយៈ វិរិយៈ វិរិយៈ សម្មា
វាយាម
 
សតិ
 

សតិបដ្ឋាន
    សតិ សតិ សតិ សម្មា
សតិ
 
សមាធិ
 
      សមាធិ សមាធិ សមាធិ សម្មា
សមាធិ
 
បញ្ញា
 
    វិមំសា បញ្ញា បញ្ញា ធម្មវិចយៈ សម្មា
ទិដ្ឋិ
Table 1: ធម៌៥យកមករាប់២៨ដងក្នុងធម៌៧ក្រុមនៃពោធិបក្ខិយ៣៧(Vism. XXII.41-43).