Jump to content

ក្រសួងបរិស្ថាន

ពីវិគីភីឌា

ក្រសួង​បរិស្ថាន​បាន​ចាប់​បដិសន្ធិ​ក្នុង​ឆ្នាំ១៩៩៣ និង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រគល់​បេសកកម្ម​អោយ​ដឹកនាំ និង​គ្រប់គ្រង​វិស័យ​បរិស្ថាន​នៃ​ព្រះរាជាណាចក្រកម្ពុជា។

​មុខងារ និង​ភារកិច្ច​

[កែប្រែ]
  • អនុវត្ត​នយោបាយ​បរិស្ថាន​ដោយ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការអភិវឌ្ឍ​ប្រទេស​ប្រកប​ដោយ​និរន្តរភាព និង​ភាពស្ថិតស្ថេរ​ព្រមទាំង​រៀបចំ​សំណើ​ស្តីពី​ផែនការ​បរិស្ថាន​ជាតិ និង​ផែនការ​បរិស្ថាន​តំបន់​ដោយ​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ។
  • រៀបចំ និង​អនុវត្ត​បរិធាន​ច្បាប់​បរិស្ថាន​នានា​ដើម្បី​ជំរុញ និង​ធានា​អោយ​មាន​ការអភិវឌ្ឍ​ប្រទេស​ប្រកប​ដោយ​និរន្តរភាព និង​ភាពស្ថិតស្ថេរ។
  • អង្កេត​ពិនិត្យ និង​ផ្តល់​យោបល់​លើ​ការវាយតំលៃ​ហេតុប៉ះពាល់​បរិស្ថាន​របស់​គំរោង និង​សកម្មភាព​របស់​ឯកជន ឬ​សាធារណៈ​ដែល​ស្នើ​ឡើង​មាន​ស្រាប់ និង​កំពុង​ដំណើរការ​ព្រមទាំង​រៀបចំ​សំណើ​ស្តីពី​បែបបទ​នៃ​កិច្ច​ដំណើរការ​រៀបចំ និង​ពិនិត្យ​ឡើង​វិញ​នូវ​ការវាយតំលៃ​ហេតុប៉ះពាល់​បរិស្ថាន។
  • ផ្តល់​យោបល់​ដល់​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ធានា​ការអភិរក្ស ការអភិវឌ្ឍន៍ និង​ការគ្រប់គ្រង​ប្រើប្រាស់​ធនធាន​ធម្មជាតិ​រួមមាន ដីធ្លី ទឹក អាកាស ខ្យល់ ភូគព្ភសាស្ត្រ ប្រព័ន្ធ​អេកូឡូស៊ី រ៉ែ ថាមពល ប្រេងកាត និង​ឧស្ម័ន ថ្ម និង​ខ្សាច់ ត្បូងថ្ម ព្រៃឈើ និង​អនុផល​ព្រៃឈើ ពពួក​សត្វ​ព្រៃ មច្ឆាជាតិ ធនធាន​ជលផល ដោយ​សមហេតុ​សមផល​ប្រកប​ដោយ​និរន្តរភាព និង​ភាពស្ថិតស្ថេរ។
  • គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ​នានា ដោយ​សហការ​ជា​មួយ​ស្ថាប័ន​ពាក់ព័ន្ធ ដូច​មាន​ចែង​នៅ​ក្នុង​ព្រះរាជក្រឹត្យ​ស្តីពី​ការបង្កើត​តំបន់​ការពារ​ធម្មជាតិ ចុះ​ថ្ងៃ​ទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ និង​លើក​សំណើ​ស្តីពី​ការបង្កើត​តំបន់​ការពារ​ធម្មជាតិ​ថ្មីៗ​បន្ថែម​ទៀត។
  • ចងក្រង​បញ្ជី​សារពើភ័ណ្ឌ​ដែល​បញ្ជាក់​ពី​ប្រភព ប្រភេទ និង​បរិមាណ​នៃ​សំណល់​រឹង រាវ សារធាតុ​បំពុល សារធាតុ​ពុល សារធាតុ​ប្រកប​ដោយ​គ្រោះ​ថ្នាក់ ផ្សែង សំលេង និង​រំញ័រ ព្រមទាំង​តាក់តែង​វិធានការ​ទប់ស្កាត់ កាត់បន្ថយ និង​ត្រួត​ពិនិត្យ​ការបំពុល​បរិស្ថាន​ដោយ​សហការ​ជា​មួយ​ស្ថាប័ន​ពាក់ព័ន្ធ។
  • រៀបចំ​នីតិវិធី​នៃ​ការ​ធ្វើ​អធិការកិច្ច​លើ​ប្រភព​បំពុល និង​ការធ្វើ​របាយការណ៍​ស្តីពី​បទល្មើស​ជូន​ស្ថាប័ន​មាន​សមត្ថកិច្ច​ព្រមទាំង​សហការ​ជា​មួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​ការធ្វើ​អធិការកិច្ច​លើ​ប្រភព​បំពុល និង​ធ្វើ​របាយការណ៍​ស្តីពី​បទល្មើស​ជូន​ស្ថាប័ន​មាន​សមត្ថកិច្ច។ អនុវត្ត​ការផាក​ពិន័យ​អន្តរការណ៍ និង​បទបញ្ញត្តិ​នានា​ដូច​មាន​ចែង​ក្នុង​ជំពូក​ទី ៩ នៃ​ច្បាប់​ស្តីពី​កិច្ចការពារ​បរិស្ថាន និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ។
  • ប្រមូល វិភាគ និង​គ្រប់គ្រង​ទិន្នន័យ​បរិស្ថាន និង​រៀបចំ​ចងក្រង​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​ស្ថានភាព​បរិស្ថាន​នៅ​ព្រះរាជាណាចក្រកម្ពុជា។ ផ្តល់​ពត៌មាន​ស្តីពី​សកម្មភាព​របស់​ខ្លួន និង​ពត៌មាន​ដែល​ទាក់ទង​ទៅ​នឹង​កិច្ចការពារ​បរិស្ថាន ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ឬ​ស្ថានភាព​បរិស្ថាន​ជូន​សាធារណជន ព្រមទាំង​លើក​ទឹកចិត្ត​អោយ​មាន​ការចូលរួម​ពី​សាធារណជន​ក្នុង​កិច្ចការពារ​បរិស្ថាន និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ។
  • តាក់តែង និង​អនុវត្ត​កម្មវិធី​អប់រំ​បរិស្ថាន​សំរាប់​គ្រប់​ស្រទាប់​នៃ​សង្គម​ដោយ​សហការ​ជា​មួយ​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ និង​អន្តរជាតិ។
  • លើក​សំណើ​ជូន​រាជរដ្ឋាភិបាល​លើ​ការចូលរួម​ក្នុង​កិច្ចព្រមព្រៀង អនុសញ្ញា និង​ពិធីសារ​អន្តរជាតិ​នានា​ស្តីពី​កិច្ចការពារ​បរិស្ថាន​ព្រមទាំង​បំពេញ​ កិច្ចការ​ជំនាញ​ពាក់ព័ន្ធ​សំរាប់​ជា​មូលដ្ឋាន​អោយ​រាជរដ្ឋាភិបាល បំពេញ​កាតព្វកិច្ច និង​ការទទួល​ខុសត្រូវ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង អនុសញ្ញា និង​ពិធីសារ​អន្តរជាតិ​ទាំង​នោះ។
  • ជំរុញ​លើក​ទឹកចិត្ត​ការវិនិយោគទុន​ក្នុង​វិស័យ​ការពារ​បរិស្ថាន និង​ការអភិរក្ស​ធនធាន​ធម្មជាតិ ព្រមទាំង​រៀបចំ និង​គ្រប់គ្រង​មូលនិធិ​ទាយជ្ជទាន​បរិស្ថាន​សំរាប់​កិច្ចការពារ​បរិស្ថាន និង​ការអភិរក្ស​ធនធាន​ធម្មជាតិ។
  • សហការ​ជា​មួយ​អង្គការ​ជាតិ អង្គការ​អន្តរជាតិ អង្គការ​ក្រៅ​រដ្ឋាភិបាល សហគមន៍​មូលដ្ឋាន និង​បណ្តា​ប្រទេស​នានា សំដៅ​ធានា​កិច្ចការពារ​បរិស្ថាន​នៅ​ព្រះរាជាណាចក្រកម្ពុជា។

រចនាសម្ពន្ធ័គ្រប់គ្រងក្រសួង

[កែប្រែ]

សូមមើលនៅទីនេះ Archived 2011-10-25 at the វេយប៊ែខ ម៉ាស៊ីន.។

ឯកសារយោង

[កែប្រែ]