Jump to content

តូ ឡឹម

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី តូ លិម)

តូ ឡឹម (ភាសាវៀតណាម៖ Tô Lâm; កើតថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៥៧) គឺជាអ្នកនយោបាយ និងជាមន្ត្រីនគរបាលវៀតណាមម្នាក់ ដែលសព្វថ្ងៃកំពុងបម្រើការជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម[] និងធ្លាប់ជាប្រធានាធិបតីប្រទេសវៀតណាមពីខែឧសភា ឆ្នាំ២០២៤​ ដល់ខែតុលា ឆ្នាំ២០២៤។[] មុនឡើងកាន់អំណាចនយោបាយកំពូល លោកបានប្រកបអាជីពជាមន្ត្រីនៅក្នុងកងកម្លាំងសន្តិសុខសាធារណៈអស់រយៈពេលជាង ៤០ ឆ្នាំ ដោយធ្លាប់បានបម្រើការជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចាប់ពីឆ្នាំ២០១៦ រហូតដល់ពេលដែលត្រូវគេបោះឆ្នោតជ្រើសរើសរូបលោកជាប្រធានាធិបតីនៅក្នុងឆ្នាំ២០២៤។

លោក តូ ឡឹម នៅឆ្នាំ២០២២

ក្នុងនាមជា​សមាជិក​ការិយាល័យ​នយោបាយ​នៃបក្សកុម្មុយនីស្តវៀតណាម លោកឡឺំមបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់អតីតអគ្គលេខាធិការបក្សង្វៀន ហ៊្វូចុង ដែលនាំឱ្យកើតការបោសសម្អាតមន្ត្រីជាន់ខ្ពស់ជាច្រើនរូបដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រនយោបាយវៀតណាម។​[] បន្ទាប់ពីលោកចុងបានទទួលមរណភាពនៅក្នុងខែកក្កដា ឆ្នាំ២០២៤ លោកឡឺមក៏បានក្លាយជា​ប្រមុខនៃគណៈកម្មាធិការមជ្ឈិមប្រឆាំងអំពើពុករលួយ គណៈកម្មាធិការមជ្ឈិមយោធា និងក្រុមប្រឹក្សាការពារ និងសន្តិសុខជាតិ

មានដើមកំណើតពីខេត្តហ៊ឹងអៀន លោកបានក្លាយ​ជា​សមាជិកបក្សកុម្មុយនីស្តវៀតណាម ​នៅ​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ១៩៨១។ ក្រោយពីបានបញ្ចប់ការសិក្សានៅសាលាមជ្ឈិមនគរបាល និងបណ្ឌិតសភាសន្តិសុខប្រជាជនវៀតណាម លោកបានប្រកបអាជីពនៅក្នុងកងកម្លាំងនគរបាលស្ទើរមួយជីវិតរបស់លោក​ ដោយសព្វថ្ងៃលោក​កំពុងកាន់​ឋានៈ​ជាឧត្តមសេនីយ៍ផ្កាយ​បួននៅ​ក្នុងសន្តិសុខសាធារណៈប្រជាជនវៀតណាម។ ពីមុន លោកធ្លាប់បានកាន់តំណែងជាប្រធានគណៈកម្មាធិការដឹកនាំតំបន់ខ្ពង់រាបកណ្តាល អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានសន្តិសុខទីមួយនៃក្រសួងសន្តិសុខសាធារណៈ។ លោកក៏ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមចាប់តាំងពីឆ្នាំ២០១១ និងជាសមាជិកការិយាល័យនយោបាយចាប់តាំងពីឆ្នាំ២០១៦។[] ដោយបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកនីតិសាស្ត្រ និងកាន់សញ្ញាបត្រកម្រិតខ្ពស់ផ្នែកទ្រឹស្តីនយោបាយ លោក​ត្រូវ​បានគេ​តែងតាំង​ជា​សាស្ត្រាចារ្យ​ផ្នែកវិទ្យាសាស្ត្រ​សន្តិសុខនៅក្នុង​ឆ្នាំ២០១៥។ ក្នុងនាមជាមន្ត្រីសន្តិសុខកំពូលម្នាក់ លោកត្រូវបាន​គេ​ចាត់ទុក​ថា​ជាបុគ្គលនាំមុខនៅក្នុង​យុទ្ធនាការ​បង្ក្រាបអ្នក​ប្រឆាំងនយោបាយ ​គាប​សង្កត់​លើអង្គការ​សង្គម​ស៊ីវិល រឹត​បន្តឹងពិរុទ្ធភាពលើបណ្ដាញ​អ៊ីនធឺណិត និង​ពាក់ព័ន្ធ​នឹង​រឿង​ចម្រូងចម្រាស​ផ្សេងៗទៀត។

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ លោកត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សតែងតាំងជាប្រធានាធិបតីទី១៣ នៃប្រទេសវៀតណាមបន្តពីលោកវ៉ូ វ៉ាន់ធឿង បន្ទាប់ពីអតីតប្រធានាធិបតីវៀតណាមម្នាក់នេះបានលាលែងពីតំណែងកាលពីខែមីនា ឆ្នាំ២០២៤ ដោយជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវអំពើពុករលួយ។[] រដ្ឋសភា​វៀតណាមបាន​ដក​តូ ឡឺមចេញពីតួនាទី​រដ្ឋមន្ត្រី​ទាំងប៉ុន្មានដែលលោកបានកាន់ពីំមុន​មក មុននឹងការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីបានចាប់ផ្ដើម។[][]

នៅថ្ងៃទី 3 ខែសីហា ឆ្នាំ 2024 បន្ទាប់ពីមរណភាពរបស់លោកង្វៀន ហ៊្វូចុង លោកតូ ឡឹមក៏ត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី​ 13 ជ្រើសរើសជាអគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាលេខាធិការនៃគណៈកម្មាធិការមជ្ឈិមយោធា ដែលនាំឱ្យលោកក្លាយជាមេដឹកនាំកំពូលបច្ចុប្បន្ននៃប្រទេសវៀតណាម។[]

ឯកសារយោង

[កែប្រែ]
  1. ១,០ ១,១ VnExpress. "President To Lam becomes Vietnam's Party General Secretary - VnExpress International". VnExpress International – Latest news, business, travel and analysis from Vietnam. Retrieved 2024-09-19.
  2. VnExpress. "Public security minister To Lam recommended to be Vietnam's new president - VnExpress International". VnExpress International – Latest news, business, travel and analysis from Vietnam. Retrieved 2024-05-18.
  3. "Party Congress announces CPVCC Politburo members". Government of the Socialist Republic of Vietnam. 19 January 2011. Retrieved 25 June 2012.
  4. "Tóm tắt tiểu sử Bộ trưởng Bộ Công an Tô Lâm". Chính phủ Việt Nam. Archived from the original on 2020-11-15. Retrieved 15 November 2020. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  5. VnExpress. "Public security minister To Lam recommended to be Vietnam's new president - VnExpress International". VnExpress International – Latest news, business, travel and analysis from Vietnam (in អង់គ្លេស). Retrieved 2024-05-18.
  6. "National Assembly to dismiss To Lam as public security minister ahead of presidential vote - VnExpress International". VnExpress International – Latest news, business, travel and analysis from Vietnam. Retrieved 2024-05-21.
  7. "NA to relieve To Lam from post of Minister of Public Security for election to State President". Vietnam+ (VietnamPlus). 2024-05-21. Retrieved 2024-05-21.