ប្រាសាទកោះកេរ
ប្រាសាទកោះកេរ្តិ៍ គឺជាទីតាំងបុរាណវត្ថុដែលដាច់ស្រយាលមួយនៅភាគខាងជើង នៅខេត្តព្រះវិហារ នៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីខេត្តសៀមរាប និងជារមណីយដ្ឋានអង្គរ។ ជាតំបន់ពោលពេញទៅដោយព្រៃជាច្រើនអនេកដែលមានប្រជាជនរស់នៅតិចតួច។ ជម្រកជាង១៨០ ត្រូវបានរកឃើញនៅក្នុងតំបន់ការពារដែលមានផ្ទៃដី ៨១គីឡូម៉ែត្រការ៉េ ។ តំបន់មិនទាន់ត្រូវបានដោះមីនទាំងស្រុងនោះទេ។
ប្រាសាទកោះកេរ្តិ៍ | |
---|---|
ទិដ្ឋភាពនៃប្រាសាទកោះកេរ្តិ៍ | |
ឈ្មោះ: | ប្រាសាទកោះកេរ្តិ៍ |
អ្នកកសាង: | ជ័យវរ្ម័នទី៤ |
កាលបរិច្ឆេទកសាង: | ៩២១ |
ឧទ្ទិសថ្វាយ: | ព្រាហ្មណ៍សាសនា |
រចនាបថ: | រចនាប័ទ្មខ្មែរ |
ស្ថាបត្យកម្ម: | រចនាប័ទ្មខ្មែរ |
ទីតាំង: | ភូមិស្រយ៉ង់ជើង,ឃុំស្រយ៉ង់, ស្រុកគូលែន,ខេត្តព្រះវិហារ,ប្រទេសកម្ពុជា |
កូអរដោនេ: | 13°46′30″N 104°32′50″E / 13.77500°N 104.54722°ECoordinates: 13°46′30″N 104°32′50″E / 13.77500°N 104.54722°E |
ប្រាសាទកោះកេរ្តិ៍ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះ (ឆោកគគ៌្យរ) ឬផៃ្ទដីគោកគគីរ នៃអតីតរាជធានីលិង្គបុរៈ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរ្ត៍ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។ កោះកេរ ជាឈ្មោះទំនើបសម្រាប់ទីក្រុងដ៏សំខាន់មួយរបស់អាណាចក្រខ្មែរ។ នៅក្នុងសិលាចារឹក ទីក្រុងនេះត្រូវបានរៀបរាប់ថាជា លិង្គបុរៈ ឬ ឆោកគគ៌្យរ ។ កោះកេរ្តិ៍ ឬឆោកគគ៌្យរ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ឆោកគគ៌្យរ ជាពាក្យខ្មែរបុរាណ បើនិយាយតាមសព្វថ្ងៃ គឺបឹងគគីរ ឬស្រះគគីរ។ ពាក្យឆោកគគ៌្យរនេះហើយដែលក្លាយមកជាពាក្យ កោះកេរ្តិ៍។ រមណីយដ្ឋានកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
ប្រវត្តិសាស្ត្រ
[កែប្រែ]ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែលសិលាចារិកជាភាសាខ្មែរថា "កម្រតែងដ៏រាជា" ជាអាទិទេពធំ ឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរិ៍្ដ មានទំហំផ្ទៃដី១៦X១៦គីឡូម៉ែត្រ ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ នៅតំបន់កោះកេរ្តិ៍ក្នុងផ្ទៃដីចំនួន៩គីឡូម៉ែត្រ ៤ជ្រុងសព្វថ្ងៃនូវប្រាសាទប្រមាណ១០០ប្រាសាទ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។ អតីតទីតាំងរាជធានីរបស់ខ្មែរ មានអាយុកាលជាង១០០០ឆ្នាំ។ នៅក្នុងឆ្នាំ៩២១ ព្រះបាទជ័យវរ្ម័នទី៤ បានយាងចេញពីរាជធានីយសោធរបុរៈ (អង្គរ) ទៅកសាងរាជធានីផ្ទាល់ខ្លួននៅតំបន់ឆោកគគ៌្យរ (កោះកេរសព្វថ្ងៃ)។ ព្រះអង្គបាននាំយកទៅជាមួយនូវកម្រតេង ជគតតរាជ ដែលជាវត្ថុសំខាន់សម្រាប់រាជ្យ។ ចំពោះមូលហេតុច្បាស់លាស់នៃការយាងចេញនេះ មិនទាន់មានអ្នកណាអាចបកស្រាយបានឡើយ។ មានរឿងមួយដែលយើងមានការឯកភាពគ្នាបាន គឺប្រហែលជាព្រះអង្គ (ជ័យវរ្ម័នទី៤) មានបញ្ហា (ទំនាស់រាជបល្ល័ង្គ?) ជាមួយនឹងក្មួយទាំងពីររបស់ទ្រង់ ដែលជាបុត្ររបស់ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០)គឺព្រះបាទ ហស៌វរ្ម័៍នទី១ (៩១០-៩២៣) និងព្រះបាទ៌ឥសានវរ្ម័នទី២ (៩២៣-៩២៨) ពេលដែលបិតាសោយទីវង្គត់។ នៅពេលដែលទៅដល់ទីកន្លែងថ្មី (កោះកែរ) ព្រះបាទជ័យវរ្ម័នទី៤ បានចាប់ផ្តើមរៀបចំទីក្រុង នឹងបានកសាងប្រាសាទធំ (ឧទ្ទឹសដល់បុព្វការីជន) និងប្រាសាទប្រាង្គ (៧ថ្នាក់) សម្រាប់រាជ្យ និងឧទ្ទឹសដល់អទិទេព ត្រីភូវនេស្វរៈ (ព្រះឥសូរ) កសាងរ៉ាហាល (បារាយណ៍) និងហេត្ថរចនាសម្ព័ន្ធជាច្រើនសម្រាប់ជាប្រយោជន៍សាធារណៈ។
បើតាមសិលាចារឹកប្រាសាទនាងខ្មៅ (ស្រុកសំរោង ខេត្តតាកែវ) និងសិលាចារឹកស្តុកកក់ធំ ព្រះបាទជ័យវរ្ម័នទី៤ បានប្រកាសខ្លួនជាសេ្តចគ្រប់គ្រងប្រទេសនៅក្នុងឆ្នាំ៩២៨។យើងរកឃើញសំណង់ប្រាសាទនៅកោះកែរមានចំនួនជាង ៧០ ប្រាសាទ (រាប់ទាំងទីទួលបុរាណ)។ យោងតាមការសិក្សាស្ថាបត្យកម្ម ប្រាសាទដែលចាស់ជាងគេភាគច្រើនគឺប្រាសាទឥដ្ឋ (កសាងក្នុងចន្លោះឆ្នាំ៩២១-៩២៨) បន្ទាប់គឺប្រាសាទថ្មភក់(ប្រហែលចាប់ផ្តើមកសាងនៅឆ្នាំ៩២៨) និងប្រាសាទថ្មបាយក្រៀម (កសាងរវាងចន្លោះឆ្នាំ៩៣០ រហូតដល់ការបញ្ចប់នៃរាជ្យនៅឆ្នាំ ៩៤១)។ នៅក្នុងឆ្នាំ ៩៤៤ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បានរើរាជធានីមកតាំងនៅតំបន់អង្គរវិញ ដោយបានកសាងប្រាសាទប្រែរូប (សម្រាប់រាជ្យ) និងប្រាសាទមេបុណ្យខាងកើត (សម្រាប់បុព្វការីជន)។ បើទោះបីជាកោះកែរស្ថិតនៅជារាជធានីរបស់ខ្មែរក្នុងរយៈពេលតែជាង២០ឆ្នាំក៏ដោយ ការកសាង និងការអភិវឌ្ឍន៍នៅទីនេះហាក់បីដូចជាមានការគ្រោងទុកជាមុន និងមានប្លង់ច្បាស់លាស់ ទាំងការសាងសង់ពង្រីកទីក្រុង ការជ្រើសរើសទីតាំងសាងសង់បូជនីយដ្ឋាន និងទីកន្លែងជាច្រើនទៀត សម្រាប់ឧទ្ទឹសដល់ព្រះឥសូរ វិស្ណុ ព្រហ្ម គណេស និងទេពដ៏ទៃទៀតក្នុងជំនឿព្រហ្មញ្ញសាសនា ជាពិសេសគឺការកសាងប្រាសាទលឹង្គដែលមានទំហំធំៗ។ដោយឆ្លងកាត់នូវសង្រ្គាមជាច្រើនសតវត្សរ៍ ប្រាសាទកោះកេរ្តិ៍ បានរងនូវការបំផ្លិចបំផ្លាញពីធម្មជាតិ និងពីមនុស្សយ៉ាងដំណំ។ តំបន់កោះកេរ្តិ៍ ធ្លាប់ជាសមរភូមិប្រយុទ្ធ នៅក្នុងសម័យសង្គ្រាមស៊ីវិលជាង៣០ឆ្នាំ (១៩៧០-១៩៩៨) រីឯការលួចវត្តុបុរាណ ការបំផ្លាញចំពោះសម្បត្តិបេតិកភណ្ឌជាតិ បានកើតឡើងយ៉ាងអនាធិបតេយ្យ និងមានសភាពធ្ងន់ធរបំផុត ដែលធ្វើអោយប្រាសាទមួយចំនួនធំ ត្រូវបានបាក់រលំធា្លក់ដល់ដី។ ចាប់ពីឆ្នាំ១៩៧០នៅតំបន់កោះកេរ្តិ៍ ត្រូវបានស្ថិតនៅក្នុងការកាន់កាប់របស់កងទ័ពខ្មែរក្រហម។ រហូតដល់ឆ្នាំ១៩៩៨ ក្រោយពីធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហមមកក្នុងរាជរដ្ឋាភិបាល តំបន់កោះកេរ្តិ៍ ត្រូវបានបើកជាសាធារណៈឡើងវិញ តែនៅមានគ្រាប់មីនកប់ក្រោមដីស្ថិតនៅរាយប៉ាយពេញតំបន់ប្រាសាទនៅឡើយ។[១]
ភូមិសាស្ត្រ
[កែប្រែ]ប្រាសាទកោះកេរស្ថិតនៅក្នុងភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ចំណែកឯចម្ងាយពីរាជធានីភ្នំពេញមានចម្ងាយ ៤៦០គីឡូម៉ែត្រ។
គេអាចធ្វើដំណើរទៅកាន់ប្រាសាទកោះកេរតាមរយៈមធ្យោបាយដូចខាងក្រោម៖
- ចេញដំណើរពីទីរួមខេត្តព្រះវិហារ ឆ្ពោះទៅកាន់ប្រាសាទកោះកេរតាមផ្លូវលេខ៦៤
សព្វថៃ្ងនេះ យ៉ាងហោចណាស់ក្នុងមួយថៃ្ង មានភ្ញៀវទេសចរណ៍បរទេស ពី២០ ទៅ៤០នាក់ ដែលបានទៅទស្សនាតំបន់ប្រវត្តិសាស្រ្តកោះកេរ្តិ៍ នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បន្ទាប់ពីក្រុមហ៊ុនខាំសូមេធបានវិនិយោគទុនធ្វើផ្លូវល្អស្អាតរួចមក។ កំណើនភ្ញៀវទេសចរណ៍ ទៅកាន់តំបន់ប្រាសាទកោះកេរ្តិ៍ខាងលើនេះ មិនបាននិយាយពីភ្ញៀវទេសចរណ៍ក្នុងស្រុកផងទេ។ លោកខេង សុមេធ នាយកក្រុមហ៊ុនខាំសូមេធ ដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាធ្វើការអភិវឌ្ឍនៅតំបន់ប្រាសាទកោះកេរ្តិ៍ ខេត្តព្រះវិហារ នោះបាននិយាយថា ផ្លូវប្រវែង ១០៥គីឡូម៉ែត្រចេញពីរង្វង់មូល ភ្នំគូលែនទៅដល់ ប្រាសាទកោះកេរ្តិ៍ គឺបានធ្វើរួចរាល់ហើយ។ តាមរយៈផ្លូវដ៏ស្អាតនោះ ធ្វើឲ្យចំនួនភ្ញៀវទេសចរណ៍បរទេស និងភ្ញៀវទេសចរណ៍ក្នុងស្រុក មានការកើនឡើងជាលំដាប់ លោកបាននិយាយថា ទោះបីជាផ្លូវនោះល្អហើយក្តី ក៏ក្រុមហ៊ុននៅតែកែសម្រួលជារៀងរាល់ថៃ្ង ដើម្បីឲ្យបានកាន់តែប្រសើរឡើងសម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ បានប្រកបដោយសុវត្ថិភាព ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់មានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ពីតំបន់មួយទៅតំបន់មួយផងដែរ។
ឯកសារយោង
[កែប្រែ]- ↑ https://www.preahvihear.gov.kh/detail/4820 (រដ្ឋបាលខេត្តព្រះវិហារ)