ព្រះបាទសុទ្ធោទន
ព្រះបាទសុទ្ធោទនៈគឺជាឧបាសកម្នាក់ក្នុងព្រះពុទ្ធសាសនា។ ព្រះអង្គបានសម្រេចនូវអរហត្តផលនៅក្នុងបច្ឆិមវ័យហៀបនឹងទីវង្គត។
ជីវប្រវត្តិ
[កែប្រែ]ព្រះបាទសុទ្ធោទនៈជាសាក្យវង្ស សោយរាជនៅក្នុងនគរកបិលវត្ថុទ្រង់មានព្រះបិតាព្រះនាម សីហហនុ និង ព្រះមាតាព្រះនាម កញ្ចនា។ ព្រះបាទសីហហនុ និងព្រះនាងកញ្ចនា មានព្រះរាជបុត្រ៤ព្រះអង្គទៀតគឺ ព្រះសុក្កោទនៈ១ ព្រះអមិតោទនៈ១ ព្រះធោតោទនៈ១ និង ព្រះខណិតោទនៈ១ មានព្រះរាជបុត្រី២ព្រះអង្គ គឺ ព្រះនាង អមិតា១ និង ព្រះនាង បមិតា១។ ក្រោយពីព្រះបាទសីហហនុសោយទីវង្គត់ ព្រះបាទសុទ្ធោទនៈក៏ឡើងស្នងរាជ្យបន្ត។ ព្រះអង្គបានរៀបអភិសេកជាមួយព្រះនាងមហាមាយា មានបុត្រមួយព្រះអង្គព្រះនាម សិទ្ធត្ថៈដែលជាព្រះបរមគ្រូនៃយើង។ ក្រោយពេលព្រះអគ្គមហេសី ព្រះនាងមាយាសោយទីវង្គតមិនយូរប៉ុន្មាន ដោយមានការជ្រោមជ្រែងពីពពួកព្រះញាតិវង្ស ព្រះបាទសុទ្ធោទនមហារាជបានរៀបអភិសេកជាមួយនឹងព្រះនាងបជាបតិគោតមីដែលជាព្រះកន្និដ្ឋារបស់ព្រះនាងមហាមាយា និងជាព្រះមាតុច្ឆាព្រះសុទ្ធត្ថកុមារ។
ការដល់នូវត្រៃសរណៈ
[កែប្រែ]ក្រោយពេលបានដំណឹងថា ព្រះសុទ្ធត្ថៈដែលជាបុត្ររបស់ព្រះអង្គបានត្រាស់ជាព្រះពុទ្ធ ព្រះបាទសុទ្ធោទនៈបានបញ្ជូនពួកអាមាត្យព្រមទាំងបវិវារទៅនិមន្តព្រះសម្ពុទ្ធអស់វារៈ៩ដង។ (ហេតុដែលព្រះបាទសុទ្ធោទនៈបញ្ជូនអាមាត្យទៅរហូតដល់៩លើក ព្រោះពួកអាមាត្យទាំងនោះ ក្រោយពេលស្តាប់ព្រះធម៌ទេសនារបស់ព្រះមានព្រះភាគហើយ ក៏មានចិត្តជ្រះថ្លាសុំបព្វជ្ជាពីព្រះសាស្តា ហើយក៏ភ្លេចភារកិច្ចរបស់ខ្លួនដែលនឹងមកនិមន្តព្រះអង្គចូលព្រះនគរ)។ បន្ទាប់ពីព្រះសម្ពុទ្ធយាងមកព្រះនគរបាន៣ថ្ងៃ ព្រះអង្គបានសម្តែងធម្មទេសនា ញុំាងអោយព្រះវរបិតាបានសម្រេចដល់សកទាគាមិផល។ នៅថ្ងៃទី៤បន្ទាប់ពីសម្រេចភត្តហើយ ព្រះសម្ពុទ្ធក៏សម្តែងធម្មទេសនាអំពីធម្មបាលជាតកដែលនិយាយអំពីអានិស្សងនៃការមានធម៌ក្នុងខ្លួន ធម៌រមែងរក្សាអ្នកដែលប្រព្រឹត្តធម៌។ ក្រោយពីបានព្រះសណ្តាប់ព្រះធម្មទេសនានេះហើយ ព្រះបាទសុទ្ធោទនមហារាជក៏បានសម្រេចអនាគាមិផល។ ក្រោយពីបានបំបួសព្រះនន្ទ និងរាហុលកុមាររួចមក ព្រះសម្ពុទ្ធទ្រង់យាងចេញពីកបិលវត្ថុទៅកាន់ក្រុងសាវត្ថី គង់នៅជេតពនវិហារដែលអនាថបណ្ឌិកសេដ្ឋីកសាងថ្វាយ។ រំលងបានច្រើនឆ្នាំ ព្រះបាទសុទ្ធោទនមហារាជមានជំងឺយ៉ាងធ្ងន់ធ្ងរ។ ព្រះពុទ្ធយ៉ាងមកសួរសុខទុក្ខម្តងទៀតមុនពេលព្រះវរបិតាអស់ព្រះជន្មាយុ។ ព្រះអង្គបានសម្តែងព្រះធម្មទេសនាចុងក្រោយដល់ព្រះវរបិតា។ ក្រោយពីបានស្តាប់ហើយ ព្រះបាទសុទ្ធោទនមហារាជក៏បានសម្រេចអរហត្តផល ហើយក៏បរិនិព្វាន។
ឯកសារយោង
[កែប្រែ]ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ > សីលក្ខន្ធវគ្គ > អម្ពដ្ឋសូត្រ ទី ៣ (សៀវភៅភាគ ១៤ ទំព័រទី ២១៥)
សៀវភៅ ផ្លូវព្រះនិព្វាន រៀបរៀងដោយ យិន គឹមវាណ (១១ មិថុនា ២០០៩)