ភាសាអារ៉ាម

ពីវិគីភីឌា

ភាសាអារ៉ាម (អង់គ្លេស: Aramaic language) គឺជាភាសាអំបូរសេមីតដែលមានអាយុលើសពី ៣.០០០ ឆ្នាំ និងជាភាសាសាមញ្ញនៅតំបន់ដើមបូព៌ាក្នុងប្រហែល ៧០០ ឆ្នាំមុន គ.ស. ដល់ឆ្នាំ ៧០០ មុនពេលវាត្រូវបានជំនួសដោយភាសាអារ៉ាប់ ។ ភាសាអារ៉ាមចាស់ជាភាសាចម្បងនៃចក្រភពពែរ្ស បាប៊ីឡូន និងអាស្ស៊ីរី និងបានរីករាលដាលទៅក្រិកនិងឥណ្ឌា ។ បន្ទាប់ពីអាឡិចសាន់ឌឺមហារាជ បានបំផ្លាញចក្រភពពែរ្ស ភាសាអារ៉ាមបានក្លាយជាភាសាផ្លូវការនៃរដ្ឋសំខាន់ៗនៅសម័យនោះ ។ នៅពេលវាត្រូវបានប្រើដើម្បីនិយាយយ៉ាងទូលំទូលាយ ក៏មានភាពខុសគ្នាកើតឡើង គឺការសង្កត់សំឡេងបែបខាងលិចនិងខាងកើត ។ វាជាភាសាដំបូងនៃសៀវភៅអំពីគម្ពីរប៊ីបរបស់ដានីយ៉ែលនិងអែសរ៉ា និងជាភាសាចម្បងនៃថាល់មុដ ។ វាត្រូវបានគេជឿថាភាសាអារ៉ាមជាភាសា​កំណើតរបស់ព្រះយេស៊ូ ។ ភាសាអារ៉ាមថ្មីក៏ត្រូវបានគេប្រើជាភាសាកំណើត ជាពិសេសនៅក្រុមជនជាតិអាស្ស៊ីរី ។

ភាសាអារ៉ាមជាភាសាសំខាន់មួយនៃជនជាតិយូដា និងបានប្រាកដនៅក្រាំងសមុទ្រមរណៈ និងក៏ត្រូវបានគេប្រើនៅពិធីសួត្ររបស់សហគមន៍គ្រីស្ទាននៅស៊ីរី លីបង់ និងអ៊ីរ៉ាក់ និងក៏ត្រូវបានគេនិយាយដោយជនជាតិភាគតិចនៅអ៊ីរ៉ង់ អាមេនី ហ្សុកហ្ស៊ី ស៊ីរី និងអ៊ីរ៉ាក់ ។ ជាទូទៅ បច្ចុប្បន្នវាត្រូវបានគេសរសេរជាមួយអក្សរស៊ីរី ប៉ុន្តែអាចសរសេរជាមួយអក្សរឡាតាំង អក្សរហេប្រឺ និងអក្សរស៊ីលីរីកបាន ។