ភូមិសាស្ត្រនយោបាយសហរដ្ឋអាមេរិក
ភូមិសាស្ត្រនយោបាយសហរដ្ឋអាមេរិក
[កែប្រែ]សហរដ្ឋអាមេរិក ៖ ជាលេខ១ ឬ មិនមែនជាលេខ១ពិភពលោក?
[កែប្រែ]នៅខែវិច្ឆិកាឆ្នាំ២០០៨ បារ៉ាក់ អូបាម៉ា បានជាប់ឆ្នោតជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក។ ដោយសារប្រាជា្ញឆ្លាតវៃ ថាមពលក្លៀវក្លា និង ដើមកំណើតជាកូនកាត់ស្បែកខ្មៅ បារ៉ាក់ អូបាម៉ា ត្រូវបានគេប្រសិទ្ធនាមថា ជាប្រធានាធិបតីទី១របស់ពិភពលោក។ ក៏ប៉ុន្តែ លោក អូបាម៉ា ឡើងមកគ្រប់គ្រងប្រទេសមួយដែលបាននិងកំពុងបន្តបាត់បង់ កិត្យានុភាពនិងមហិទ្ធិឫទ្ធិ នៅលើឆាកអន្តរជាតិ។ ជាការ ពិតណាស់ដែលថា អាមេរិកនៅតែជាសិស្សពូកែ ជាប់លេខ១ ក្នុងថ្នាក់ពិភពលោក ក៏ប៉ុន្តែបណ្តើរៗ មហាយក្សមួយនេះលែងជាមហាអំណាចផ្តាច់មុខទៀតហើយ កំពុងតែក្លាយជាប្រទេសមួយដូចគេឯងដែរ ពីព្រោះតែការលេចត្រដែតឡើងនៃមហាអំណាចថ្មីថ្មោងដទៃផ្សេងទៀត។
ក្នុងអំឡុងពេលតែមួយសតវត្សរ៍ប៉ុណ្ណោះ គឺពីចុងសតវត្សរ៍ទី១៨ដល់ចុងសតវត្សរ៍ទី១៩ សហរដ្ឋអាមេរិកបានក្លាយជាមហាអំណាចពិភពលោកទី១។ លក្ខន្តិកៈជាមហាយក្សទី១នេះត្រូវបានពង្រឹងបន្ថែមនៅលើឆាក អន្តរជាតិ ពេញមួយសតវត្សរ៍ទី២០ ដោយសារតែប្រទេសនេះបានឈ្នះសង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ និងសង្គ្រាមត្រជាក់។
នៅក្នុងសតវត្សរ៍ទី២០ សហរដ្ឋអាមេរិកបានក្លាយជាលេខ១ពិភពលោក នៅពេលដែលចក្រភពធំៗនៅអឺរ៉ុបសម្លាប់ខ្លួនឯង បាក់កម្លាំងបន្តិចម្តងៗ ដោយហេតុតែសង្គ្រាមលោកទាំងពីរ។ អ៊ីចឹងហើយបានជា អាមេរិកដែលមានឫទ្ធិខ្លាំង អាចបង្ខំពិភពលោកឲ្យទទួលយកនូវគោលគំនិតសេដ្ឋកិច្ចនិងនយោបាយសកល របស់ខ្លួនបាន ដូចជា សេរីកម្មនៃការផ្តោះប្តូរពាណិជ្ជកម្ម អភិបាលកិច្ចសកល តាមរយៈការបង្កើតអង្គការសហប្រជាជាតិ ។ល។និង។ល។
មិនតែប៉ុណ្ណោះនៅដើមសតវត្សរ៍ទី២១ សហរដ្ឋអាមេរិកថែមទាំងមានគំនិតបង្ខំបណ្តាប្រទេសកាន់អំណាចផ្តាច់ការ ឲ្យទទួលយកគំរូប្រជាធិបតេយ្យនិងគំរូពិភពភាវូបនីយកម្មរបស់ខ្លួនទៀត ផង ជាអាទិ៍តាមរយៈសង្គ្រាមនៅអៀរ៉ាក់ ក្នុងឆ្នាំ២០០៣។
ម្ល៉ោះហើយ នៅក្នុងបរិបទបែបនេះ និងតាមគោលការណ៍ អាមេរិកត្រូវខ្លាំងលើសគេ ត្រូវក្លាយជាមហាអំណាចផ្តាច់មុខដែលគ្មានគូប្រជែង នៅលើឆាកអន្តរជាតិ ។ ក៏ប៉ុន្តែ បន្តិចម្តងៗ សហរដ្ឋអាមេរិកបែរជាបាននិងកំពុងបន្តទទួលរងឥទ្ធិពលអាក្រក់នៃ ប្រព័ន្ធសេដ្ឋកិច្ចសកល និងប្រព័ន្ធនយោបាយសកល ដែលខ្លួនបានតម្រូវឲ្យពិភពលោកទទួលយកកាលពីសតវត្សរ៍មុន។ ឥទ្ធិពលអាក្រក់ដែលឡងមកត្រូវអាមេរិកខ្លួនឯងវិញ មានច្រើនយ៉ាង។
ម្យ៉ាង នៅលើវិស័យសេដ្ឋកិច្ច ការបង្កើតទីផ្សារសកល បំផុសឲ្យមាននូវការប្រកួតប្រជែងជាសកល រហូតដល់ជួយធ្វើឲ្យប្រទេសធំៗ ដូចជាចិន ឥណ្ឌា និងប្រេស៊ីលលេចត្រដែតឡើងកាន់តែលឿនរហ័ស និងកំពុងក្លាយជាគូប្រជែងរបស់អាមេរិកខ្លួនឯង។ ម្យ៉ាងទៀត នៅលើវិស័យនយោបាយ អភិបាលកិច្ចសកល តាមរយៈគំរូអង្គការសហប្រជាជាតិដែលមានមូលដ្ឋាន នៅលើគោលការណ៍ប្រជាធិបតេយ្យនិងសមភាពនៅចំពោះមុខច្បាប់ តម្រូវសហរដ្ឋអាមេរិកឲ្យគោរពករណីយកិច្ចនិងលក្ខខណ្ឌផ្សេងៗ ដូចបណ្តាប្រទេសសមាជិកធំឬតូចដទៃទៀតដែរ។
ជាការពិតណាស់ដែលថា ក្នុងនាមជាសមាជិកអចិន្រ្តៃយ៍នៃអង្គការសហប្រជាជាតិ អាមេរិកមានសិទ្ធិវេតូ(Véto) មានសិទ្ធិកាន់អាវុធនុយក្លេអ៊ែរ ស្របទៅតាមសន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរឆ្នាំ១៩៦៨។ ក៏ប៉ុន្តែ នៅក្នុងអង្គការអន្តរជាតិមួយចំនួនផ្សេង ដូចយ៉ាងអង្គការពាណិជ្ជកម្មពិភពលោកជាដើម អាមេរិកជាប្រទេសសមាជិកមួយដូចគេឯងដែរ។
ធ្ងន់ធ្ងរជាងនេះទៅទៀត គោលការណ៍អភិបាលកិច្ចសកល ដែលត្រូវបានផ្តួចផ្តើមឡើងដោយថ្នាក់ដឹកនាំអាមេរិក ក្រោយសង្គ្រាមលោកលើកទី២ កំពុងចងកសហរដ្ឋអាមេរិកខ្លួនឯង។ ឧទាហរណ៍ជាក់ស្តែង គឺតុលាការព្រហ្មទណ្ឌអន្តរជាតិដែលត្រូវបានបង្កើតឡើង នៅឆ្នាំ២០០២។ នៅថ្ងៃណាមួយ តុលាការនេះអាចនឹងអូសយកមកកាត់ទោស អតីតអ្នកដឹកនាំកំពូលៗមួយចំនួនរបស់សហរដ្ឋអាមេរិក ពីព្រោះអន្តរាគមន៍យោធាច្រើនសន្ធឹកសន្ធាប់ នៅក្នុងលោករបស់ប្រទេសមហាយក្សមួយនេះ បានធ្វើឲ្យមានការជ្រុលជ្រួស បង្កជាឧក្រិដ្ឋកម្មសង្គ្រាម ឬជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទៀតផង។
តើសហរដ្ឋអាមេរិកអាចបន្តនៅជាសិស្សពូកែជាប់លេខ១ក្នុងថ្នាក់ ពិភពលោកតទៅទៀតបានប៉ុន្មានឆ្នាំ នៅក្នុងសតវត្សរ៍ទី២១នេះ?
អ្វីដែលជាក់ច្បាស់ គឺសព្វថ្ងៃនេះ សហរដ្ឋអាមេរិកបានឡើងមកដល់ចុងកំពូលនៃមហិទ្ធិឫទ្ធិរបស់ខ្លួនហើយ ក្រោយពីបានក្លាយជាមហាអំណាចទី១នៅដើមសតវត្សរ៍ទី២០ និងបានរក្សាលក្ខន្តិកៈជាមហាអំណាចទី១នេះ ជិតមួយសតវត្សរ៍កន្លងមកហើយ គឺតាំងពីចប់សង្គ្រាមលោកលើកទី១ក្នុងឆ្នាំ១៩១៨ រហូតមកដល់ឆ្នាំ២០១០នេះ។
ជាការពិតណាស់ដែលថា អាមេរិកនៅតែជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី១ នៅតែរក្សាបានល្អការនាំមុខរបស់ខ្លួន នៅលើវិស័យសំខាន់ៗមួយចំនួន រួមមានជាអាទិ៍វិស័យអប់រំជាពិសេសថ្នាក់ឧត្តមសិក្សា វិស័យឧស្សាហកម្មឈានមុខ និងវិស័យសេវាពាណិជ្ជ។ល។និង។ល។ មិនតែប៉ុណ្ណោះ សេដ្ឋកិច្ចអាមេរិក បើប្រៀបទៅនឹងសេដ្ឋកិច្ចអឺរ៉ុប ទទួលរងមិនសូវខ្លាំងទេ ឥទ្ធិពលនៃវិបត្តិសកលបច្ចុប្បន្ន។
ក៏ប៉ុន្តែ រូបភាពរបស់មហាយក្សអាមេរិកចាប់ផ្តើមរេចរឹល នៅចំពោះមុខប្រទេសមាឌធំមួយចំនួន ដូចជាចិន ឥណ្ឌា ប្រេស៊ីល ដែលគេមានវ័យក្មេងជាង និងមានថាមពលខ្លាំងជាង។ មិនតែប៉ុណ្ណោះ មហាយក្សថ្មីថ្មោងទាំងនេះចេះស្រូបយកបានយ៉ាងលឿនរហ័សបច្ចេកវិជ្ជា ឈានមុខ និងចេះដើរស្រូតលឿនទៅមុខមិនឲ្យខាតពេលឡើយ។
ដូចគ្នាអ៊ីចឹងដែរ រូបភាពរបស់អាមេរិកចាប់ផ្តើមរេចរឹល ពីព្រោះនៅក្នុងពិភពលលោកមួយដែលមានលុយទើបទឹកមាត់ប្រៃ អាមេរិកជាប្រទេសចាយធំ ខ្ចីលុយគេចាយ និងជំពាក់លុយគេ ជាពិសេសជំពាក់លុយប្រទេសចិន។
ជាការពិតណាស់ដែលថា អាមេរិកនៅតែជាមហាអំណាចយោធាពិភពលោកទី១ នៅដើមសតវត្សរ៍ទី២១នេះ។ អាមេរិកឈ្នះសង្គ្រាមលោកលើកទី២ នៅឆ្នាំ១៩៤៥ ដោយបានប្រយុទ្ធនៅលើមហាសមរភូមិពីរដំណាលគ្នា គឺអាត្លង់ទិក(Atlantique) និងប៉ាស៊ីហ្វិក(Pacifique)។ អាមេរិកឈ្នះសង្គ្រាមត្រជាក់នៅឆ្នាំ១៩៩១ ដោយបានធ្វើឲ្យសហភាពសូវៀតរលាយនៅទីបំផុត។
ក៏ប៉ុន្តែ នៅដើមសវត្សរ៍ទី២១នេះ អាមេរិកបែរជាដោះខ្លួនចេញមិនរួចពីសង្គ្រាមពីរតូចៗ នោះគឺអៀរ៉ាក់ និងអាហ្វហ្កានីស្តង់។ ការកត់សម្គាល់ឃើញបែបនេះ ស្តែងឲ្យយល់ថាទាហាននៅតែជាកត្តាសំខាន់នៅក្នុងសង្គ្រាម មិនអាចជំនួសបានយូរទេ ដោយអាវុធនិងបច្ចេកទេសយោធាទំនើបយ៉ាងណាក៏ដោយ។ ត្រង់នេះ គួរនិយាយថា សហរដ្ឋអាមរិកខ្វះទាហាន ពីព្រោះការហាត់ទាហាន ត្រូវបានលុបចោល តាំងពីចប់សង្គ្រាមវៀតណាមមកម្ល៉េះ ជាហេតុជម្រុញអាជ្ញាធរឲ្យសន្យាថានឹងផ្តល់សញ្ជាតិអាមេរិកដល់ជន អន្តោប្រវេសន៍ណា ដែលព្រមស្ម័គ្រចិត្តចូលធ្វើទាហាន។
យ៉ាងណាក៏ដោយ ជិតមួយសតវត្សរ៍ចុងក្រោយនេះ អាមេរិកអាចដើរតួនាទីសំខាន់ នៅលើឆាកអន្តរជាតិបាន ក៏ដោយសារតែប្រទេសនេះត្រូវបានដឹកនាំដោយប្រធានាធិបតីមួយចំនួនដែល មានប្រាជ្ញាឆ្លាតវាងវៃដែរ ក្នុងនោះមានជាពិសេសផ្វ្រាំងឃ្លីន រូសស្វែល(Franklin Roosevelt)។ គឺជាប្រធានាធិបតីដែលនៅឆ្នាំ១៩៣៩ គេប្រសិទ្ធនាមឲ្យថា ប្រមុខរដ្ឋរបស់សកលលោក និងដែលបានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកឈ្នះសង្គ្រាមលោកលើកទី២ នៅឆ្នាំ១៩៤៥។
តើបច្ចុប្បន្នប្រធានាធិបតីបារ៉ាក់ អូបាម៉ា មានសមត្ថភាពគ្រប់គ្រាន់ដែរឬទេ ដើម្បីប្រឈមមុខនឹងសណ្តាប់ធ្នាប់ថ្មីនៃភូមិសាស្រ្តនយោបាយពិភពលោក សព្វថ្ងៃ?
តើអូបាម៉ាអាចពង្រឹងមហិទ្ធិឫទ្ធិរបស់អាមេរិក នៅក្នុងលោកបានឬទេ?
[កែប្រែ]នៅខែវិច្ឆិកាឆ្នាំ២០០៨ អូបាម៉ាបានជាប់ឆ្នោតជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក។ ជិតពីរឆ្នាំក្រោយមក អូបាម៉ាដែលត្រូវបានគេប្រសិទ្ធនាមថា ជាប្រធានាធិបតី ទី ១របស់ ពិភពលោកមិនទាន់បង្ហាញឲ្យឃើញនូវស្នាដៃអ្វីមួយច្បាស់ នៅលើឆាកអន្តរជាតិឡើយ។ ម្ល៉ោះហើយ តើ អូបាម៉ាអាចពង្រឹង មហិទ្ធិឫទ្ធិរបស់អាមេរិក នៅក្នុងលោកបានឬទេ?
ជិតពីរឆ្នាំក្រោយការជាប់ឆ្នោតជាប្រវត្តិសាស្ត្ររបស់ អូបាម៉ា អ្នកឯកទេសន៍នៃបញ្ហាអន្តរជាតិ នៅបន្តរកមិនទាន់ឃើញឡើយ ផ្លាកសញ្ញានៃនយោបាយការបរទេសរបស់ប្រធានាធិបតីអាមេរិករូបនេះ។ អ្នកឯកទេសភាគច្រើនវាយតម្លៃថា អូបាម៉ាជាអ្នកប្រាកដនិយម ខុសពីចច ប៊ុស្ឆ(George W.Bush) ដែលមានគំនិតរវើរវាយចង់រំលំរបបផ្តាច់ការនានា ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យគ្របដណ្តប់ទៅលើពិភពលោកទាំងមូល។
ការពិត គឺអ៊ីចឹងមែន។ អូបាម៉ាមិនសូវប្រើច្រើនពេកទេ ពាក្យលិទ្ធិប្រជាធិបតេយ្យ ឬពាក្យសិទ្ធិមនុស្សហើយក៏មិនសូវស្រែកទាមទារដែរ ឲ្យរបបផ្តាច់ការណាមួយ នៅក្នុងលោកដោះលែងអ្នកនេះ ឬឈប់គាបសង្កត់អ្នកនោះ។ អូបាម៉ាលើកឡើងជាពិសេស ពីបញ្ហាសេដ្ឋកិច្ច ឬពីបញ្ហាអាកាសធាតុហើយចៀសវាងមិនឡូឡាផ្តល់មេរៀនទៅឲ្យប្រទេសដទៃ ឡើយ។
ក៏ប៉ុន្តែ អូបាម៉ាដែលជាអ្នកប្រាកដនិយម មិនខ្វះឧត្តមគតិទេ។ ជាក់ស្តែង បីខែប៉ុណ្ណោះក្រោយពីបានឡើងធ្វើជាប្រធានាធិបតីអាមេរិក អូបាម៉ាបានបញ្ជូនសារជាច្រើនទៅកាន់មតិអន្តរជាតិ ក្នុងនោះរួមមានជាអាទិ៍ ការប៉ងប្រាថ្នាចង់បានពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ ពិភពលោកមួយដែលម្នាក់ៗមានចិត្តចង់កសាងជាងបំផ្លាញ ពិភពលោកមួយដែលគ្មានសង្គ្រាម ពិភពលោកមួយពហុភាគីនិយម និងបរិស្ថាននិយម។
យ៉ាងណាមិញ ជិតពីរឆ្នាំក្រោយពីបានក្លាយជាបុរសដែលមានអំណាចខ្លាំងជាងគេនៅ លើលោក អូបាម៉ានៅតែមិនទាន់បង្ហាញឲ្យឃើញនូវស្នាដៃអ្វីមួយច្បាស់ នៅលើឆាកអន្តរជាតិទេ។ មិនទាន់ឃើញមានទេ ដំណោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ឬក៏របស់អៀរ៉ង់។ មិនទាន់ឃើញមានទេស្រមោលនៃសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ឮតែសុន្ទរកថាប្រកបទៅដោយអត្ថរសនិងអត្ថន័យ ដែលបញ្ជាក់ហើយបញ្ជាក់ទៀតថា អាមេរិកចង់បង្កើនមិត្តភ័ក្តិជាជាងបង្កើនសត្រូវ ចង់ចរចាជាជាងប្រើធម៌ក្តៅ។ មិនទាន់ឃើញមានច្បាស់ឡើយ doctrine Obama ឬទ្រឹស្តីអូបាម៉ា។ នេះប្រហែលមកពី មកទល់ឥឡូវ អូបាម៉ារវល់តែដោះស្រាយបញ្ហាស្មុគស្មាញធំៗដែលសល់ពីរដ្ឋការប៊ុស្ឆ(Bush) ដូចយ៉ាងរូបភាពមិនល្អរបស់អាមេរិកនៅលើឆាកអន្តរជាតិ សង្គ្រាមអាហ្វហ្កានីស្តង់ និងសង្គ្រាមអៀរ៉ាក់។ អូបាម៉ាបានសន្យាថា នឹងដកទាហានអាមេរិកចេញពីអៀរ៉ាក់ មុនខែមិថុនាឆ្នាំ២០១១ និងបានបង្កើនទ័ពជិត៤០០០០នាក់ទៀតជាបន្ថែមនៅអាហ្វហ្កានីស្តង់ ក្នុងឆ្នាំ២០០៩កន្លងទៅនេះ។
ពីពេលនេះរហូតដល់ខែវិច្ឆិកាឆ្នាំ២០១២ ដែលជាឆ្នាំបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មី អូបាម៉ាត្រូវបង្ហាញស្នាដៃ នៅក្នុងសំណុំរឿងអន្តរជាតិធំៗចំនួនបី គឺអៀរ៉ង់ អ៊ីស្រាអែល និងកូរ៉េខាងជើង។
នៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីចច ដាប់បលយូប៊ុស្ឆ(George W.Bush) សហរដ្ឋអាមេរិកបានប្រជែងកម្លាំងគ្នាខ្លាំងជាមួយអៀរ៉ង់ រហូតដល់បានគំរាមថានឹងធ្វើអន្តរាគមន៍យោធាទៀតផង ប្រសិនបើរបបថេអ៊ីរ៉ង់(Téhéran) មិនព្រមបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរទេនោះ។ នយោបាយដៃភ្លើងជើងមាន់របស់ប៊ុស្ឆ(Bush) តាមរយៈសង្គ្រាមនៅអាហ្វហ្កានីស្តង់ និងក្រោយមកទៀតនៅអៀរ៉ាក់ បានធ្វើឲ្យថ្នាក់ដឹកនាំអៀរ៉ង់មានជំនឿថា ការគំរាមតាមពាក្យសំដីរបស់អាមេរិកអាចក្លាយជាការពិត ក្លាយជាអន្តរាគមន៍យោធា។
ជាមួយអូបាម៉ា ថ្នាក់ដឹកនាំអៀរ៉ង់មានការកក់ក្តៅចិត្តជាង លែងបារម្ភទៀតហើយចំពោះអន្តរាគមន៍យោធាជាយថាហេតុរបស់អាមេរិក ពីព្រោះអាទិភាពរបស់ប្រធានាធិបតីអាមេរិកថ្មី គឺបញ្ចប់សង្គ្រាមនៅអាហ្វហ្កានីស្តង់ នៅអៀរ៉ាក់ និងចៀសវាងកុំបង្កឲ្យមានសមរភូមិមួយណាថ្មី នៅក្នុងតំបន់។ អ្វីដែលរដ្ឋការអូបាម៉ា បាននិងកំពុងបន្តខ្នះខ្នែង គឺការអនុវត្តន៍ការទូតមួយ ក្នុងគោលដៅដាក់របបអៀរ៉ង់ឲ្យនៅឯកាលើឆាកអន្តរជាតិ។ នៅក្នុងន័យនេះ ជាលើកទីមួយបង្អស់ ផែនការរបស់អាមេរិកស្តីពីការបង្កើនទណ្ឌកម្មសេដ្ឋកិច្ចនិងនយោបាយទៅ លើអៀរ៉ង់ បានទទួលការបោះឆ្នោតគាំទ្រពីសំណាក់រុស្ស៊ីនិងចិន នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅខែមិថុនាឆ្នាំ២០១០នេះ។
ជាការពិតណាស់ដែលថា នេះជាជ័យជំនះមួយប្រកែកមិនបានរបស់អូបាម៉ានៅចំពោះមុខថ្នាក់ដឹកនាំ អៀរ៉ង់ ប៉ុន្តែទន្ទឹមជាមួយគ្នានេះ ទឹកមាត់របស់អូបាម៉ាមិនប្រៃទេ មកទល់ពេលនេះ នៅចំពោះមុខប្រទេសអ៊ីស្រាអែល។ ម្យ៉ាង ថ្នាក់ដឹកនាំអ៊ីស្រាអែលដែលចាត់ទុកសន្តិសុខរបស់ប្រទេសជាតិថា ជាអាទិភាពទីមួយ អាចនឹងប្រើកម្លាំងយោធាវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែររបស់ អៀរ៉ង់គ្រប់ពេលវេលា។ ម្យ៉ាងទៀត អ៊ីស្រាអែលបានចាប់ផ្តើមមិនទុកចិត្តអូបាម៉ាតាំងពីដើមឆ្នាំ២០០៨ មកម្ល៉េះ ពោលគឺតាំងពីអូបាម៉ា នៅជាបេក្ខជនមិនទាន់ក្លាយជាប្រធានាធិបតីនៅឡើយ។ មូលហេតុ គឺមកពីអ៊ីស្រាអែលសង្ស័យថា អូបាម៉ាមានសមានចិត្តទៅលើប៉ាឡេស្ទីនខ្លាំងពេក។
ថ្មីៗកន្លងទៅនេះ ការស្ទាបស្ទង់មតិមួយបង្ហាញថា ៦ភាគរយតែប៉ុណ្ណោះនៃប្រជាពលរដ្ឋអ៊ីស្រាអែលមានទំនុកចិត្តលើលោក អូបាម៉ា។ ធ្ងន់ធ្ងរជាងនេះទៅទៀត នៅឆ្នាំ២០១០នេះ រដ្ឋាភិបាលអ៊ីស្រាអែលរបស់បេនយ៉ាមិន ណេតាន់យ៉ាហ៊ូ(Benyamin Netanyahou) មិនព្រមស្តាប់រដ្ឋការអូបាម៉ាឡើយ ជាហេតុធ្វើឲ្យអភិក្រមនៃការស្វែងរកសន្តិភាពនៅភូមិភាគដើមបូព៌ា គាំងទ័លច្រក នៅមួយកន្លែង។
នៅគាំងទ័លច្រកដូចគ្នា គឺដំណោះស្រាយបញ្ហានុយក្លេអ៊ែរនៃកូរ៉េខាងជើង។ របបកុម្មុយនិស្តព្យុងយ៉ាង(Pyongyang) មិនត្រឹមតែមិនព្រមវិលមករកតុចរចា៦ភាគីវិញប៉ុណ្ណោះទេ តែបានរករឿងកាន់តែខ្លាំងនៅក្នុងឆ្នាំ២០១០នេះ។ របបព្យុងយ៉ាង(Pyongyang) បន្តកម្មវិធីនុយក្លេអ៊ែរ ក្នុងគោលដៅផលិតគ្រាប់បែកបរមាណូ។ របបព្យុងយ៉ាង(Pyongyang) បានបាញ់ពន្លិចនាវាចម្បាំងមួយគ្រឿងរបស់កូរ៉េខាងត្បូង ជាហេតុបណ្តាលឲ្យមានស្លាប់នាវិកជាច្រើនសិបនាក់។ មិនតែប៉ុណ្ណោះ របបព្យុងយ៉ាង(Pyongyang)ថែមទាំងបានគំរាមថា នឹងបញ្ឆេះឲ្យសង្គ្រាមទាំងស្រុងមួយកើតឡើងនៅក្នុងតំបន់ បើសិនជាមានការបង្កើនទណ្ឌកម្មមកលើប្រទេសខ្លួន។
សរុបមកវិញ ជិតពីរឆ្នាំក្រោយពីបានជាប់ឆ្នោតរួចមក អូបាម៉ាប្រធានាធិបតីនៃមហាអំណាចពិភពលោកទីមួយ មិនទាន់បង្ហាញឲ្យឃើញនូវស្នាដៃអ្វីមួយ នៅលើឆាកអន្តរជាតិឡើយ។ ពួកអ្នកវិភាគខ្លះ ហ៊ានរហូតដល់ទៅអះអាងថា អូបាម៉ាគ្មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រឈមមុខនឹងសណ្តាប់ធ្នាប់ថ្មី នៃភូមិសាស្រ្តនយោបាយពិភពលោកសព្វថ្ងៃទេ។ ពួកអ្នកវិភាគដដែលអះអាងទៀតថា បណ្តាមហាអំណាចថ្មីថ្មោង ជាពិសេសប្រទេសចិន កំពុងឆ្លៀតពេលនៃអណត្តិគ្រប់គ្រងរដ្ឋរបស់អូបាម៉ា នៅសហរដ្ឋអាមេរិក ដើម្បីលេចត្រដែតឡើងឲ្យកាន់តែខ្លាំងនិងឲ្យកាន់តែរហ័ស៕
ឯកសារយោង
[កែប្រែ]ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ
- http://www.khmer.rfi.fr/general/20100614-%E1%9E%9F%E1%9E%A0%E1%9E%9A%E1%9E%8A%E1%9F%92%E1%9E%8B%E2%80%8B%E1%9E%A2%E1%9E%B6%E1%9E%98%E1%9F%81%E1%9E%9A%E1%9E%B7%E1%9E%80-%E1%9F%96-%E1%9E%87%E1%9E%B6%E2%80%8B%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E2%80%8B-%E1%9E%AC-%E1%9E%98%E1%9E%B7%E1%9E%93%E1%9E%98%E1%9F%82%E1%9E%93%E2%80%8B%E1%9E%87%E1%9E%B6%E2%80%8B%E1%9E%9B%E1%9F%81%E1%9E%81%E2%80%8B%E1%9F%A1%E2%80%8B%E2%80%8B%E1%9E%96%E1%9E%B7%E1%9E%97%E1%9E%96%E1%9E%9B%E1%9F%84%E1%9E%80
- http://www.khmer.rfi.fr/general/20100719-%E1%9E%8F%E1%9E%BE%E2%80%8B%E1%9E%A2%E1%9E%BC%E1%9E%94%E1%9E%B6%E1%9E%98%E1%9F%89%E1%9E%B6%E2%80%8B%E1%9E%A2%E1%9E%B6%E1%9E%85%E2%80%8B%E1%9E%96%E1%9E%84%E1%9F%92%E1%9E%9A%E1%9E%B9%E1%9E%84%E2%80%8B%E1%9E%98%E1%9E%A0%E1%9E%B7%E1%9E%91%E1%9F%92%E1%9E%92%E1%9E%B7%E1%9E%AB%E1%9E%91%E1%9F%92%E1%9E%92%E1%9E%B7%E2%80%8B%E1%9E%9A%E1%9E%94%E1%9E%9F%E1%9F%8B%E2%80%8B%E1%9E%A2%E1%9E%B6%E1%9E%98%E1%9F%81%E1%9E%9A%E1%9E%B7%E1%9E%80-%E1%9E%93%E1%9F%85%E2%80%8B%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E2%80%8B%E1%9E%9B%E1%9F%84%E1%9E%80%E2%80%8B%E1%9E%94%E1%9E%B6%E1%9E%93%E2%80%8B%E1%9E%AC%E2%80%8B%E1%9E%91%E1%9F%81