ភូមិសាស្ត្រនយោបាយអឺរ៉ុប
ភូមិសាស្ត្រនយោបាយអឺរ៉ុប
[កែប្រែ]ទ្រឹស្តីអាចក្លាយជាការពិត តែមិនមែនជាការពិតទេ
[កែប្រែ]សម័យណាក៏ដូចសម័យណា តែងតែមានទ្រឹស្តីជាសកលមួយ ដែលចង្អុលបង្ហាញថាស្ថានភាពនៅលើលោកបច្ចុប្បន្ន វាមានលក្ខណៈយ៉ាងនេះ ហើយវានឹងវិវឌ្ឍទៅយ៉ាងនោះ នាពេលខាងមុខ។ ក៏ប៉ុន្តែ សម្រេចសម្រួចទៅ ការពិតមិនដូចទ្រឹស្តីសោះ ពីព្រោះ មានកត្តាច្រើន និងច្រើនប្រភេទ ដែលនៅទីបំផុតបានមកកែប្រែ ឬធ្វើឲ្យស្មុគស្មាញ ឬក៏ធ្វើឲ្យក្រឡាប់ចាក់តែម្តង ស្ថានការណ៍និងទិដ្ឋភាពដើម។
ប៉ុន្មានឆ្នាំមុននេះសោះ គឺក្រោយពីសហភាពសូវៀតបានរលាយ និងសង្គ្រាមត្រជាក់បានចប់ សហរដ្ឋអាមេរិកត្រូវបានគេវាយតម្លៃថាជាមហាអំណាចផ្តាច់មុខ ពីព្រោះគ្មានគូប្រជែង យូរឆ្នាំតទៅមុខ នៅលើគ្រប់វិស័យ នយោបាយ យោធា វប្បធម៌ វិទ្យាសាស្ត្រ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា ជាមហាប្រទេសជើងឯក ខាងលទ្ធិប្រជាធិបតេយ្យ និងខាងសេដ្ឋកិច្ចសេរី។ ហើយគេបាននិយាយទៀតថា គំរូនយោបាយ និងសេដ្ឋកិច្ចតាមបែបអាមេរិកនេះ ច្បាស់ជានឹងគ្របដណ្តប់ មិនយូរមិនឆាប់ទៅលើពិភពលោកទាំងមូល។
នៅទីបំផុត ស្ថានភាពមិនបានវិវឌ្ឍទៅ ដូចការគ្រោងទុកឡើយ។ នៅថ្ងៃទី១១កញ្ញាឆ្នាំ២០០១ ភេរវជនអត្តឃាតមួយក្រុមបើកយន្តហោះបុកទម្លាយអគារភ្លោះ នៅញូ យ៉ក(New York) សហរដ្ឋអាមេរិក បណ្តាលឲ្យមានអ្នកស្លាប់៣ ០០០នាក់ និងកំទេចជាស្ថាពរទ្រឹស្តីដែលថាសហរដ្ឋអាមេរិកជាមហាអំណាចខ្លាំង ផ្តាច់មុខ គ្មានគូប្រជែង។
ក្រោយមកទៀត សង្គ្រាមអាហ្វហ្កានីស្តង់(Afghanistan) និងសង្គ្រាមអៀរ៉ាក់(Irak) បំផុសឲ្យមាននូវទ្រឹស្តីសកលមួយថ្មី នោះគឺសតវត្សរ៍ទី២១ ជាសតវត្សរ៍នៃសង្គ្រាមរវាងអ៊ីស្លាមជ្រុលនិយម និងបស្ចិមលោក។ ពួកអ្នកឯកទេសខាងភូមិសាស្រ្តនយោបាយ នាំគ្នាបញ្ចេញផែនទី លាតត្រដាងចំណុចក្តៅៗនៃអធិករណ៍ សមរភូមិពិត និងសមរភូមិជាយថាហេតុ ព្រមទាំងជំរំរបស់ពួកភេរវជននិយមសង្គ្រាមសាសនា នៅអាស៊ី នៅភូមិភាគដើមបូព៌ា នៅអាហ្វ្រិក នៅតំបន់ម៉ាហ្ក្រិប(Magreb) និងនៅអឺរ៉ុប។
ប៉ុន្តែ ទ្រឹស្តីថ្មីនេះ មិនបាននៅគង់វង្សយូរឡើយ។ នៅឆ្នាំ២០០៨-២០០៩ វិបត្តិហិរញ្ញវត្ថុនិងសេដ្ឋកិច្ចសកល ផ្ទុះឡើង ញ៉ាំងក្រុមអ្នកសង្កេតការណ៍ឲ្យបំភ្លេចគ្រោះថ្នាក់អ៊ីស្លាមជ្រុល និយម និងឲ្យមើលឃើញកាន់តែច្បាស់នូវបាតុភាពមួយដែលបានកើតចេញជារូបរាង ជាច្រើនឆ្នាំកន្លងមកហើយ។ បាតុភាពនោះ គឺការលេចត្រដែតឡើងកាន់តែលឿននិងកាន់តែច្បាស់ នៃមហាអំណាចថ្មីថ្មោងមួយចំនួន ដូចជាប្រទេសចិន ឥណ្ឌា ប្រេស៊ីល ។ល។និង។ល។ និយាយបែបផ្សេង សសរទ្រូងនៃភូមិសាស្រ្តនយោបាយពិភពលោក បានចល័តចេញពីមហាសមុទ្រអាត្លង់តិក(Atlantique) ទៅមហាសមុទ្រប៉ាស៊ីហ្វិក(Pacifique)។ បានន័យថាពីអំណើះតទៅ តំបន់អាស៊ីនិងប៉ាស៊ីហ្វិក គឺជាឆាកអន្តរជាតិសំខាន់ជាងគេ គឺជាអនាគតរបស់ពិភពលោក។ បានន័យទៀតថា បស្ចិមលោក ទាំងអឺរ៉ុប ទាំងសហរដ្ឋអាមេរិក កំពុងតែដាំក្បាល អស់ឫទ្ធិ និងខ្សោយទៅៗ។
នៅចំពោះមុខទ្រឹស្តីសកលថ្មីនេះដែលចង្អុលបង្ហាញឲ្យឃើញកាន់តែច្បាស់ស្រមោលរបស់ប្រទេសមហាយក្សថ្មីថ្មោងក្រុមអ្នកសង្កេតការណ៍ចាប់ផ្តើមអះអាងថាជើងឯកនៃសតវត្សរ៍ទី២១គឺមិនមែនសហរដ្ឋអាមេរិកទៀតឡើយតែគឺប្រទេសចិនទៅវិញទេ តើ។
ទ្រឹស្តីសកលថ្មីនេះអះអាងថាចិននឹងក្លាយជាមហាអំណាចធំជាងគេនាពេល អនាគតដោយសារតែកត្តាច្រើនយ៉ាង។ ទីមួយគឺចំនួនច្រើនសន្ធឹកសន្ធាប់នៃ ប្រជាជន។ ទីពីរគឺម៉ាស៊ីនសេដ្ឋកិច្ចដែលខ្ជាក់ចេញនូវកំណើនច្រើនលើស លុបជាហេតុធ្វើឲ្យអាមេរិកអឺរ៉ុប និងជប៉ុនលួចច្រណែន។ ទីបីគឺ បច្ចេកវិជ្ជាបានន័យថាចិនមិនមែនគ្រាន់តែចេះផលិតរបស់របរកំប៉ិក កំប៉ុកប៉ុណ្ណោះទេ ចិនក៏ចេះធ្វើដែររថយន្តរទេះភ្លើងល្បឿនខ្លាំង និងមិនយូរឡើយយន្តហោះព្រមទាំងយានអវកាស។ ទីបួនគឺយោធាជាមួយនឹង ការកើនឡើងជាលំដាប់នៃប្រាក់ចំណាយសម្រាប់វិស័យការពារជាតិ។ និងទី ប្រាំគឺគំរូដឹកនាំប្រទេសតាមបែបចិនបានន័យថាអំណាចផ្តាច់ការផ្គួប នឹងសេដ្ឋកិច្ចទីផ្សារសេរីដែលប្រទេសចិនបានអនុវត្តតាំងពីឆ្នាំ ១៩៧៩មកម៉្លេះកំពុងក្លាយជាគំរូសម្រាប់អ្នកដឹកនាំច្រើនឡើងៗនៅ ក្នុងលោក។
ក៏ប៉ុន្តែទ្រឹស្តីសកលថ្មីនេះដែលចង្អុលបង្ហាញនូវការលេចត្រដែតឡើងនៃមហាអំណាច ថ្មីថ្មោងដូចយ៉ាងចិនជាដើមក៏មិនបា្រកដថានឹងក្លាយជាការពិតដែរ ដោយហេតុតែមានច្រើនណាស់ភាពចៃដន្យនៃប្រវត្តិសាស្រ្ត។ ថ្នាក់ដឹកនាំ ចិនខ្លួនឯងច្បាស់ជាយល់ដឹងថាការអភិវឌ្ឍន៍សេដ្ឋកិច្ចមិនមែនជា ផ្លូវមួយត្រង់ភ្លឹងនោះទេតែជាផ្លូវវៀចកាត់ស្ទឹងទន្លេ និងជ្រោះ ភ្នំ។
តើនៅក្នុងពិភពលោកសព្វថ្ងៃប្រទេសណាខ្លះទៅដែលជាមហាអំណាច? តើអ្វីទៅអធិករណ៍ និងចំណោទសំខាន់ៗដែលបាននិងកំពុងបន្តចោទឡើង សម្រាប់មនុស្សជាតិ? និងតើអ្វីទៅ គ្រោះថ្នាក់ធំៗ នាពេលអនាគត?
ឯកសារយោង
[កែប្រែ]ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ