Jump to content

សមុទ្រកាសព្យែន

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី សមុទ្រ កាសព្យែន)
សមុទ្រ​កាសព្យែន
សមុទ្រ​កាសព្យែន​ថត​ដោយ MODIS ពី​តារាវិថី​នៃ​តារារណប Terra
កូអរដោនេ 40° N 51° E
ប្រភេទ​បឹង Endorheic, Saline, Permanent, Natural
លំហូរចូល​ ទន្លេ​វ៉ុលកា
លំហូរចេញ​ ការ​រំហួត
តំបន់​តម្រង​ ៣,៦២៦,០០០ គីឡូម៉ែត្រការ៉េ
ប្រទេស​ពាក់ព័ន្ធ ទំព័រគំរូ:ទិន្នន័យប្រទេស អាហ្សែបែហ្សង់
 អ៊ីរ៉ង់
 កាហ្សាក់ស្ថាន
 រុស្ស៊ី
ទំព័រគំរូ:ទិន្នន័យប្រទេស តួរមិនីស្ថាន
ក្រឡាផ្ទៃ ៣៧១,០០០ គីឡូម៉ែត្រការ៉េ
ជម្រៅ​មធ្យម ១៨៤ ម៉ែត្រ
ចំណុះ ៧៨,២០០ គីឡូម៉ែត្រគុប
កម្ពស់​ផ្ទៃ​លើ -២៨ ម៉ែត្រ

សមុទ្រ​កាសព្យែន ឈ្មោះ​ជា​ភាសាអង់គ្លេស Caspian Sea គឺជា​ផ្ទៃ​ទឹក​បិទ​ធំ​ជាង​គេ​នៅ​លើ​ផែនដី​ គិត​តាម​ចំណាត់​ថ្នាក់​ផ្សេងៗ សមុទ្រ​កាសព្យែន ជា​បឹង​ធំជាង​គេ​បំផុត​។ បឹង​នេះ​ មាន​ផ្ទៃ ៣៧១០០០ គីឡូម៉ែត្រក្រឡា និង​ចំណុះ ៧៨២០០ គីឡូម៉ែត្រគុប​។ សមុទ្រ​កាសព្យែន ជា​សមុទ្រ​បិទ ពុំ​មាន​ទឹក​ហូរចេញ​ឡើយ ស្ថិត​នៅ​ខាងជើង​សហព័ន្ធ​រុស្ស៊ី និង​ខាងត្បូង​ប្រទេស​អ៊ីរ៉ង់ និង​មាន​ជម្រៅ​អតិបរមា​រហូត​ដល់ ១០២៥ ម៉ែត្រ​។

បឹង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សមុទ្រ​ដោយ​ ប្រជាជន​រស់នៅ​តាម​ឆ្នេរ​សម័យ​បុរាណ​ ព្រោះ​តែ​ជាតិ​អំបិល និង​ដោយ​មើល​ឃើញ​នូវ​វិសាលភាព​ដ៏​ល្វឹងល្វើយ​គ្មាន​កោះ​គ្មាន​ត្រើយ​ដាច់​កន្ទុយ​ភ្នែក​។ សមុទ្រ​កាសព្យែន មាន​កំហាប់​អំបិល​ប្រហែល​ ១.២% គឺ​តិច​ជាង​ទឹក​សមុទ្រ​ធម្មតា​ជិត​បី​ដង​។ ឈ្មោះ​របស់​វា ត្រូវ​បាន​ដាក់​តាម​មនុស្ស​បុរាណ​ ដែល​ហៅ​ថា​ Caspians ។

ប្រវត្តិ​ភូមិសាស្ត្រ

សមុទ្រ​កាសព្យែន ក៏​ដូច​សមុទ្រ​ខ្មៅ និង​សមុទ្រ​មេឌីទែរ៉ានេ​ដែរ ធ្លាប់​ជាប់​នឹង​មហាសមុទ្រ​។ វា​បាន​ក្លាយ​ទៅ​ជា​ផ្ទៃ​ទឹក​បិទ​ប្រហែល​ ៥.៥ លាន​ឆ្នាំ​មក​ហើយ ដោយ​សារ​ចលនា​រសាត់​នៃ​ទ្វីប​ ហើយ​កំហាប់​អំបិល​បាន​ថយ​ចុះ​ក្រោយពេល​ដាច់​ចេញ​ពី​មហាសមុទ្រ​។ នៅ​កំលុងពេល​អាកាសធាតុ​ក្ដៅ​ហួតហែង​ សមុទ្រ​បិទ​ ក៏​បាន​រីង ប៉ុន្តែ​គ្រាប់​អំបិល​ដ៏​ច្រើន​ត្រូវ​បាន​ខ្យល់​បក់​យក​ចេញ​ពី​ផ្ទៃ​សមុទ្រ​ ដែល​បាន​ស្ងួត ហើយ​ក្នុងពេលដែល​ អាកាសធាតុ​ត្រជាក់​សើម​ អាង​នៃ​សមុទ្រ​ត្រូវ​បាន​បំពេញ​ឡើងវិញ​។ ដោយសារ​លំហូរ​ទឹកសាប​នា​ពេល​បច្ចុប្បន្ន បាន​ធ្វើ​ឱ្យ​សមុទ្រ​កាសព្យែន ក្លាយ​ជា​បឹង​ទឹកសាប​នៅ​ផ្នែក​ខាងជើង​។ វា​មាន​ជាតិ​អំបិល​ខ្ពស់​នៅ​ច្រាំង​សមុទ្រ​ខាង​អ៊ីរ៉ង់ ដែល​ជា​កន្លែង​អាង​ស្តុក​ទឹក​ដែល​ធ្វើ​ឱ្យ​មាន​លំហូរ​ទឹក​សាប​តិចតួច​។ បច្ចុប្បន្ន​នេះ កំហាប់​អំបិល​នៃ​ទឹក​សមុទ្រ​កសព្យែន មាន​ប្រហែល​មួយ​ភាគ​បី​នៃ​មហាសមុទ្រ​នៅ​លើ​ផែនដី​។

ភូមិសាស្ត្រ

សមុទ្រ​កាសព្យែន គឺជា​ផ្ទៃ​ទឹក​ធំ​ជាង​គេ​បង្អស់​ស្ថិត​នៅ​ក្នុង​ដី​ទ្វីប នៅ​លើ​ពិភព​លោក​ ដោយ​មាន​ពី ៤០ ទៅ ៤៤ ភាគរយ​នៃ​ទឹក​បឹង​ទាំង​អស់​ក្នុង​លោក​។ ឆ្នេរ​សមុទ្រ​កាសព្យែន ជាប់​ទៅ​នឹង​ប្រទេស អាហ្សែបែហ្សង់ អ៊ីរ៉ង់ កាហ្សាក់ស្ថាន រុស្ស៊ី និង​តូមិននីស្ថាន​។ សមុទ្រ​កាសព្យែន ត្រូវ​បាន​ជា​តំបន់​រូបសាស្ត្រ​បី​ផ្សេង​គ្នា​គឺ​៖ តំបន់​ខាងជើង តំបន់​កណ្ដាល និង​តំបន់​ខាងត្បូង​។ ខ្សែ​បន្ទាត់​រវាង​តំបន់​ខាងជើង និង​តំបន់​កណ្ដាល គឺ ច្រក Mangyshlak ដោយ​រត់​កាត់ កោះ Chechen និង ជ្រោយ Tiub-Karagan ។ ខ្សែបន្ទាត់​រវាង​តំបន់​កណ្ដាល និង​ខាងត្បូង គឺ ច្រកApsheron (threshold) រត់​កាត់ កោះ Zhiloi និង ជ្រោយ Kuuli ។

ព្រៃស្បាត នៃ​ប្រទេស​អ៊ីរង់​

ការ​បែងចែក​រវាង​តំបន់​ទាំងបី មាន​លក្ខណៈ​ប្លែក​គ្នា​យ៉ាង​ខ្លាំង​។ តំបន់​ខាងជើង រួម​បញ្ចូល​តែ​ល្បាក់​ខាងលើ​ប៉ុណ្ណោះ មាន​ជម្រៅ​រាក់​ខ្លាំង​ត្រឹមតែ ៥ ទៅ ៦ ម៉ែត្រ ហើយ​បរិមាណ​ទឹក​មាន​ប្រហែល​ ១% នៃ​ចំណុះ​ទឹក​ក្នុង​បឹង​ទាំងមូល​ប៉ុណ្ណោះ​។ នៅ​តំបន់​កណ្ដាល​នៃ​សមុទ្រ​កាសព្យែន មាន​ជម្រៅ​មធ្យម​ប្រហែល ១៩០ ម៉ែត្រ​។ តំបន់​ខាងត្បូង គឺជា​តំបន់​ដែល​មាន​ជម្រៅ​ជ្រៅ​ជាង​គេ​គឺ​ជ្រៅ​ជាង ១០០០ ម៉ែត្រ​។ តំបន់​កណ្ដាល និង​ខាងត្បូង មាន​បរិមាណ​ទឹក​ដល់​ទៅ ៣៣% និង ៦៦% នៃ​បរិមាណ​សរុប​នៃ​សមុទ្រ​កាសព្យែន​។ ផ្នែក​ខាងជើង​នៃ​សមុទ្រ​កាសព្យែន ជា​តំបន់​កំណក​នៅ​សិសិររដូវ ហើយ​នៅ​ពេល​ត្រជាក់​បំផុត​នៃ​សិសិររដូវ ដុំទឹកកក​នឹង​កើត​ឡើង​នៅ​ភាគ​ខាងត្បូង​ផង​ដែរ​។ មាន​ទន្លេ​ច្រើន​ជាង ១៣០ ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ​កាសព្យែន ក្នុង​នោះ​ទន្លេ​វ៉ុលកា (Volga) គឺជា​ទន្លេ​ធំជាង​គេ​បង្អស់​។ សមុទ្រ​កាសព្យែន មាន​កោះ​តូចៗ​ជាច្រើន​ ដែល​ភាគ​ច្រើន​ស្ថិត​នៅ​ភាគ​ខាងជើង ហើយ​បើ​រួមបញ្ចូល​គ្នា​មាន​ជិត ២០០០ គីឡូម៉ែត្រក្រឡា​។ នៅ​ជាប់​ភាគ​ខាងជើង​នៃ​សមុទ្រ​កាសព្យែន គឺជា​ទំនាប​កាសព្យែន ជា​តំបន់​ដែល​ទាប​ជាង​នីវ៉ូ​ទឹកសមុទ្រ ២៧ ម៉ែត្រ​។ តំបន់​វាលរាប​ហួតហែង នៃ​អាស៊ី​កណ្ដាល លាត​សន្ធឹង​ឆ្លងកាត់​ឆ្នេរ​ប៉ែក​ឦសាន ឯ​ជួរភ្នំ​កាវកាស (Caucasus Mountains) បាន​ក្ដោប​យក​ច្រាំង​ខាងលិច​។ ជីវសហព័ន្ធ នៅ​ខាងជើង និង​ខាងកើត ត្រូវ​បាន​អាស្រ័យ​ដោយ​ភាព​ត្រជាក់​នៃ​វាលលំហ​ក្នុង​ដី​ទ្វីប​។ ភាព​ខុសគ្នា​រវាង​អាកាសធាតុ នៅ​ភាគ​និរតី និង ខាងត្បូង ដែល​ទទួល​កម្ដៅ​មិន​ស្មើគ្នា អាស្រ័យ​ដោយ​ តំបន់​ដី​ខ្ពស់ៗ និង​ជួរភ្នំ​ចម្រុះ​។ បម្រែបម្រួល​អាកាសធាតុ​ដ៏​គំហុក នៅ​ជុំវិញ​សមុទ្រ​កាសព្យែន បាន​នាំ​ឱ្យ​មាន​ជីវចម្រុះ​ប្លែកៗ​គ្នា​យ៉ាង​ច្រើន​ នៅ​ក្នុង​តំបន់​។

ពពួក​សត្វ

សមុទ្រ​កាសព្យែន ប្រមូលផ្ដុំ​ទៅ​ដោយ​ប្រភេទ​ត្រី Sturgeon យ៉ាង​ច្រើន ដែល​បាន​ផ្ដល់​ពង​សម្រាប់​ប្រឡាក់​។ ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយ​ការ​នេសាទ​ហួស​ប្រមាណ បាន​បណ្ដាល​ឱ្យ​បរិមាណ​ត្រី Sturgeon ធ្លាក់​រហូតដល់​ចំណុច​មួយ ដែល​ពួក​អ្នក​ការពារ​បរិស្ថាន​ចាត់​វិធានការ​ហាមឃាត់​ការ​នេសាទ​ត្រី Sturgeon រហូតដល់​ពេលណា​ដែល​បរិមាណ​ត្រី​ប្រភេទ​នេះ​កើន​ឡើង​វិញ​សិន​។ ទោះជា​យ៉ាងណា​តម្លៃ​ដ៏​ខ្ពស់​នៃ​ពងត្រី Sturgeon បាន​ជំរុញ​ឱ្យ​អ្នកនេសាទ ធ្វើការ​សូកប៉ាន់​ដល់​អាជ្ញាធរ ដោយ​មធ្យោបាយ​ផ្សេងៗ ជាហេតុ​បណ្ដាល​ឱ្យ​វិធានការ​នេះ​គ្មាន​ប្រសិទ្ធភាព​។ ពងត្រី​ដែល​ប្រមូល​បាន​ពី​ការ​នេសាទ បាន​បន្ថែម​នូវ​គ្រោះថ្នាក់​ថែមទៀត​ដល់​បរិមាណ​ត្រី​ដែល​នៅ​សេសសល់ តាំងតែពី​ត្រី Sturgeon ញី​ក្លាយ​ជា​គោលដៅ​នៃ​ការ​នេសាទ ដែល​បណ្ដាល​ឱ្យ​មាន​ការ​ថយ​ចុះ​នូវ​បរិមាណ​ត្រី​យ៉ាង​ច្រើន​។

ប្រភេទ​ឆ្មាទឹក​កាសព្យែន (Caspian seal) ដែល​មាន​តែ​នៅ​តំបន់​សមុទ្រ​កាសព្យែន​ប៉ុណ្ណោះ ជា​ប្រភេទ​មួយ​ក្នុង​ចំណោម​ប្រភេទ​ឆ្មាទឹក​ដ៏​កម្រ​បំផុត ដែល​រស់នៅ​ក្នុង​ផ្ទៃ​ទឹក​ក្នុង​ទ្វីប​ដូចជា​ប្រភេទ​ឆ្មាទឹក​បៃហ្គាល់​ជាដើម​។ តំបន់​នេះ ក៏​បាន​ផ្ដល់​កំណើត​ដល់​ប្រភេទ​បក្សី​ជាច្រើន​ដូចជា សត្វរំពេ​កាសព្យែន (Caspian gull) និង​បក្សី​មួយ​ប្រភេទ​ដែល​តូចជាង (Caspian tern) ។ មាន​ប្រភេទ​និង​អំបូរ​ត្រី​ជាច្រើន​ទៀត​ដែល​រស់​នៅ​តែ​ក្នុង​សមុទ្រ​កាសព្យែន រួមមាន​៖ Kktum (ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា ត្រី​កាសព្យែន​ស) Caspian roach, Caspian bream និង Caspian Salmon ដែល​បី​ប្រភេទ​ចុងក្រោយ​នេះ​សុទ្ធ​សឹង​ជា​អំបូរ​ត្រី​ទឹកសាប​។ Caspian Salmon កំពុង​ស្ថិតនៅ​ក្នុង​ចំណុច​គ្រោះថ្នាក់​។

លក្ខណៈ​ជលសាស្ត្រ

សមុទ្រ​កាសព្យែន មាន​លក្ខណៈ​ជា​សមុទ្រ​ផង និង​ជា​បឹង​ផង​។ ជារឿយៗ​វា​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ថា​ជា បឹង​ធំ​បំផុត​ក្នុង​លោក ថ្វីបើ​វា​ពុំ​មែន​ជា​បឹង​ទឹកសាប​ក៏ដោយ​។ សមុទ្រ​កាសព្យែន បាន​ក្លាយ​ទៅ​ជា​ផ្ទៃ​ទឹក​បិទ​ប្រហែល ៥.៥ លាន​ឆ្នាំ​មក​ហើយ ដោយសារ​ចលនា​រសាត់​នៃ​ទ្វីប​។ ទន្លេ​វ៉ុលកា (ប្រហែល​៨០% នៃ​បរិមាណ​លំហូរ​ទឹក​ចូល) និង​ទន្លេ​អ៊ូរ៉ាល់ (Ural River) បាន​ហូរចាក់​ទៅ​បំពេញ​សមុទ្រ ប៉ុន្តែ​ពុំ​មាន​លំហូរ​ទឹក​ចេញ​ជា​លក្ខណៈ​ធម្មជាតិ​ណាមួយ​ជាជាង​ការ​រំហួត​ទេ​។ លើស​ពី​នេះ​ទៅ​ទៀត ប្រព័ន្ធ​សមុទ្រ​កាសព្យែន គឺជា​អាងទឹក​បិទ ដែល​មាន​កម្ពស់​ទឹក​ផ្ទាល់​ជា​ប្រវត្តិសាស្ត្រ​មិន​អាស្រ័យ​នឹង​កម្ពស់​ទឹក​នៃ​មហាសមុទ្រ​ឡើយ​។ កម្ពស់​ទឹក​សមុទ្រ​កាសព្យែន បាន​ឡើង​ស្រក​យ៉ាង​ឆាប់​រហ័ស​ជាច្រើន​ដង ក្នុង​រយៈពេល​ច្រើន​សតវត្ស​កន្លង​មក​នេះ​។ អ្នក​ប្រវត្តិសាស្ត្រ​រុស្ស៊ី​ជាច្រើន​បាន​អះអាង​ថា ការ​ឡើង​នៅ​យុគកណ្ដាល​នៃ​កម្ពស់​ទឹក​សមុទ្រ​កាសព្យែន បាន​បណ្ដាល​ឱ្យ​ទីក្រុង​ឆ្នេរសមុទ្រ Khazaria ក៏ដូចជា Atil ដែរ​បាន​ទទួលរង​ការ​លិចលង់​។ នៅ​ឆ្នាំ ២០០៤ កម្ពស់​ទឹក​មាន -២៨ ម៉ែត្រ ឬ ២៨ ម៉ែត្រ​ក្រោម​នីវ៉ូ​ទឹក​សមុទ្រ​។

ជាច្រើន​សតវត្ស​កន្លងមក​នេះ កម្ពស់​ទឹក​សមុទ្រ​កាសព្យែន បាន​ប្រែប្រួល ស្របគ្នា​នឹង​ការ​ចាក់​បំពេញ​ដោយ​ទន្លេ​វ៉ុលកា ដែល​អាស្រ័យ​ទៅ​នឹង​កម្ពស់​ទឹកភ្លៀង​នៅ​ក្នុង​តំបន់​តម្រង​ដ៏​ធំ​។ កម្រិត​ទឹកភ្លៀង មាន​ទំនាក់ទំនង​ទៅ​នឹង​បម្រែបម្រួល​ក្នុង​តំបន់​ទំនាប​អាត្លង់ទិក​ខាងជើង ដែល​នាំ​ទឹកភ្លៀង​ទៅ​ក្នុង​ផ្ទៃ​នៃ​តំបន់​តម្រង ហើយ​រង​ឥទ្ធិពល​ដោយ​ដំណើរ​វិវដ្ដ​នៃ​តំបន់​អាត្លង់ទិក​ខាងជើង​នេះ​។ លើស​ពី​នេះ​ទៅទៀត កម្ពស់​ទឹក​សមុទ្រ​កាសព្យែន ក៏​មាន​ទំនាក់ទំនង​ទៅ​នឹង​លក្ខខណ្ឌ​សម្ពាធ​បរិយាកាស​នៅ​តំបន់​អាត្លង់ទិច​ខាងជើង​ក្នុង​ចម្ងាយ​រាប់ពាន់​ម៉ាយ​ទៅ​ខាងជើង និង​ខាងលិច​។ កត្តា​ទាំងនេះ ធ្វើ​ឱ្យ​សមុទ្រ​កាសព្យែន​ក្លាយទៅជា​កន្លែង​ដ៏​សក្ដិសម​ដល់​ការ​សិក្សា​ពី​មូលហេតុ និង​ឥទ្ធិពល​នៃ​បម្រែបម្រួល​អាកាសធាតុ​សកល​។

វដ្ដ​នៃ​កម្ពស់​ទឹក​ក្នុង​រយៈពេល​ខ្លី​ចុងក្រោយ បាន​ចាប់ផ្ដើម​ជាមួយ​ការ​ស្រក​ចុះ​អស់ ៣ ម៉ែត្រ​ពី​ឆ្នាំ ១៩២៩ ដល់​ឆ្នាំ ១៩៧៧ ហើយ​បាន​ឡើង ៣ ម៉ែត្រ​មក​វិញ​ពី​ឆ្នាំ ១៩៧៧ ដល់ ឆ្នាំ ១៩៩៥​។ ចាប់តាំងពី​ពេល​នោះ​មក ត្រូវ​បាន​ជំនួស​ដោយ​បម្រែបម្រួល​ក្នុង​ទ្រង់ទ្រាយ​តូចជាង​។

ប្រវត្តិ​ប្រជាករ

របក​គំហើញ​នៅ​ក្នុង​រូងភ្នំ​ហ៊ូតូ (the Huto cave) ក្បែរ​ក្រុង Behshar ខេត្ត Mazandaran ភាគ​ខាងត្បូង​សមុទ្រ​កាសព្យែន​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​គេ​សន្មត​ថា មាន​មនុស្ស​រស់នៅ​ក្នុង​តំបន់​នេះ តាំងតែ​ពី​សម័យ​ដើម​មក​ម្ល៉េះ គឺ​ប្រហែល ៧៥.០០០ ឆ្នាំ​មកហើយ​។

នៅ​សម័យ​បុរាណ ចំណោម​ពួក​ក្រិច និង​ពែក វា​ត្រូវ​បាន​គេ​ហៅថា Hyrocanian Ocean ។ នៅ​សម័យ​ពែក​បុរាណ (សព្វថ្ងៃ​ជា​ប្រទេស​អ៊ីរ៉ង) វា​ត្រូវ​បាន​គេ​ស្គាល់​ថា Khazar Sea ឬ Mazandaran Lake ។ នៅ​បណ្ដា​ប្រទេស​និយាយ​ភាសា​តួគី (Turkic) វា​ត្រូវ​បាន​គេ​ស្គាល់​ថា Khanzar Sea ។ ប្រភព​រុស្ស៊ី​បុរាណ បាន​ហៅ​វា​ថា Khvalyn (Khvalynian) Sea ក្រោយ​សម័យ Khvalis (ជនជាតិ​ដើម​នៃ Khvawarezmia) ។ ប្រភព​អារ៉ាប់​បុរាណ ហៅថា Bahr-e-Qazavin- the Caspian/Quazavin sea ។ ពាក្យ Caspian បាន​មកពី​ឈ្មោះ Caspi ជា​ក្រុម​មនុស្ស​បុរាណ ដែល​រស់នៅ​ភាគ​ខាងលិច​នៃ​សមុទ្រ​នៅ Transcaucasia ។ Strabo បាន​សរសេរ​ថា បណ្ដា​ប្រទេស​នៃ​អំបូរ​អាល់បានី (Albanians) ក៏​ជា​អាណាខេត្ត​ដែល​ហៅថា Caspiane ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឱ្យ​ក្រោយ​សម័យ​នៃ​កុលសម្ព័ន្ធ​កាសព្យែន (Caspian Tribe) ដូចគ្នា​នឹង​ឈ្មោះ​សមុទ្រ​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​កុលសម្ព័ន្ធ​បាន​ផ្លាស់ប្ដូរ​ហើយ​។ បន្ថែម​លើ​នេះ​ទៅ​ទៀត the Caspian Gate ដែល​ជា​ឈ្មោះ​នៃ​តំបន់​មួយ​ក្នុង​ខេត្ត Tehran ប្រទេស​អ៊ីរ៉ង់ គឺជា​បំណែក​មួយទៀត​នៃ​ភស្តុតាង ដែល​ពួកគេ​បាន​ផ្លាស់​ទីលំនៅ​ទៅកាន់​ភាគ​ខាងត្បូង​នៃ​សមុទ្រ​កាសព្យែន​។

ទីក្រុង​ជិត​សមុទ្រ

Caspian Sea shore, Türkmenbaşy, Turkmenistan.

ទីក្រុង​សំខាន់ៗ​ដែល​ស្ថិត​នៅ​ក្បែរ​សមុទ្រ​កាសព្យែន:

បណ្ដាកោះ

សមុទ្រ​កាសព្យែន មាន​កោះ​ជាច្រើន​។ ភាគច្រើន​នៃ​កោះ​ទាំងនោះ មាន​ទំហំ​តូចៗ និង​ពុំ​មាន​ប្រជាជន​ដើម​រស់នៅ​ឡើយ ដែល​ស្ថិត​នៅ​សមុទ្រ​កាសព្យែន​ខាងជើង​។ បើទោះជា កោះ​ទាំងនោះ ពុំ​មាន​ប្រជាជន​ដើម​រស់នៅ តែ​មាន​ខ្លះ​ក្នុងចំណោម​ពួកគេ បាន​បោះ​ទីលំនៅ​ទីនោះ​។ កោះ​ជាច្រើន ដែល​នៅ​ក្បែរ​អាហ្សែបែហ្សង់ ផ្ដុំ​ទៅ​ដោយ​កត្តា ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច ដ៏​សំខាន់ ដោយសារ​ធនធាន​ប្រេង​របស់​វា​។

កោះ​ប៊ូឡា (Bulla) ស្ថិតនៅ​ដាច់​ពី​ឆ្នេរ​អាហ្សែបែហ្សង់ ជា​កន្លែង​សម្បូរ​ទៅ​ដោយ​ធនធាន​ប្រេង​ដ៏​ច្រើន​។ កោះ​ពីរ៉ាឡាហ៊ី (Parallahi) ដែល​នៅ​ដាច់​ពី​ឆ្នេរ​អាហ្សែបែហ្សង់ ក៏​សម្បូរ​ប្រេង​ផង​ដែរ វា​គឺជា​កន្លែង​ទី​មួយ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រេង​នៅ​អាហ្សែបែហ្សង់ ហើយ​ក៏​ជា​កន្លែង​ទី​មួយ​ផង​ដែរ ដែល​គេ​បាន​ខួង​យក​ប្រេង​នៅ​ក្នុង​សមុទ្រ​កាសព្យែន​។ ណារហ្ស៊ីន (Nargin) ធ្លាប់​ត្រូវ​បាន​គេ​ប្រើ​ជា​មូលដ្ឋាន​ អតីត​សហភាព​សូវៀត ហើយ​គឺជា​កោះ​ធំជាង​គេ​នៅ​ក្នុង​ឈូងសមុទ្រ​បាគូ (Baku Bay) ។ Ashuradeh បាន​តាំងនៅ​ជាប់នឹង​ចុង​ខាងកើត​បំផុត នៃ​ឧបទ្វីប Miankaleh ទៅ​ប៉ែក​ឦសាន​ នៃ​ឈូង​ហ្គ័រហ្គាន (Gorgan Bay) ក្បែរ​ឆ្នេរ​របស់​អ៊ីរ៉ង់​។ វា​ត្រូវ​បាន​កាត់ផ្ដាច់​ចេញពី​ឧបទ្វីប Miankaleh ក្រោយពេល​ដែល ប្រជាជន​ដែល​រស់នៅ​លើ​កោះ បាន​បង្កើត​ច្រក​សមុទ្រ​។

កោះ​ជាច្រើន ជាពិសេស​នៅ​ជិត​​អាហ្សែបែហ្សង់ បាន​រង​នូវ​ផល​ប៉ះពាល់​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​ការ​ផលិត​ប្រេង​។ ជា​ឧទាហរណ៍ កោះ​វ៉ុល (Vulf) បាន​បាត់បង់​នូវ​ភាវៈរស់​អស់​យ៉ាង​ច្រើន ដោយសារ​ការ​ផលិត​ប្រេង​នៅ​លើ​កោះ​ក្បែរ​ខាង ទោះជា​នៅ​មាន សត្វ​ឆ្មារទឹក និង​ប្រភេទ​សត្វ​ដទៃ​ទៀត​បាន​បន្ត​រស់នៅ​ក៏ដោយ​។

ធនធាន​អ៊ីដ្រូកាបូន

ប្រវត្តិ​នៃ​ការអភិវឌ្ឍ

ផ្ទៃ​សមុទ្រ​កាសព្យែន ជា​កន្លែង​សម្បូរ​ទៅ​ដោយ​ធនធាន​ថាមពល​។ អណ្ដូង​ជាច្រើន ត្រូវ​បាន​គេ​ជីក​ជា​ដំបូង​នៅ​សតវត្ស​ទី​១០​។ រហូត​ដល់​ទសវត្ស​ឆ្នាំ ១៥០០ ពួក​អឺរ៉ុប​បាន​ដឹង​ពី​ស្រទាប់​ប្រេង និង​ឧស្ម័ន ដ៏​សម្បូរ​បែប​នេះ នៅ​ជុំវិញ​សមុទ្រ​កាសព្យែន​។ ពាណិជ្ជករ​អង់គ្លេស Thomas Bannister និង Jeffrey Duckett បាន​ពណ៌នា​អំពី​តំបន់​ជុំវិញ​ឈូងសមុទ្រ​បាគូ​ថា​៖ «វត្ថុ​ចម្លែក​ដែល​បាន​ប្រទះ នៅ​ទីនេះ បាន​បញ្ចេញ​ឱ្យ​ដឹង នូវ​បរិមាណ​ប្រេង​ក្រោម​ដី​ដ៏​អស្ចារ្យ ដែល​អាច​ផ្ដល់​ឱ្យ​ប្រទេស​ទាំងអស់​ដុត​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ​របស់​គេ»​។ ប្រេង​នេះ មាន​ពណ៌ខ្មៅ ហើយ​ហៅថា Nefte ។ ក៏​មាន​ផង​ដែរ​នូវ​ប្រភេទ​ប្រេង​ដទៃ​ទៀត ដែល​មាន​ពណ៌ស និង​មាន​តម្លៃ នៅ​ក្នុង​ក្រុង​បាគូ​។

អណ្ដូងប្រេង​ក្នុង​សមុទ្រ និង​ម៉ាស៊ីនខួង​ដំបូង​បង្អស់ ត្រូវ​បាន​ផលិត​ឡើង​នៅ​ឈូង​ប៊ីប៊ី-ហេយបាត (Bibi-Heybat Bay) អាហ្សែបែហ្សង់​។ ក្នុង​ឆ្នាំ ១៨៧៣ ការ​រុករក និង​ការអភិវឌ្ឍ​បាន​ចាប់ផ្ដើម នៅ​កន្លែង​ខ្លះ​នៃ​តំបន់​ប្រេង​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក ដែល​ត្រូវ​បាន​គេ​ស្គាល់​នា​សម័យ​នោះ ស្ថិត​នៅ​ឧបទ្វីប Absheron ក្បែរ​ភូមិ villages of Balakhanli, Sabunchi, Ramana និង Bibi Heybat ។ លទ្ធភាព​នៃ​ការ​ផ្គត់ផ្គង់​ប្រេង​នា​ពេល​នោះ មាន​ច្រើន​ជាង ៥០០ លាន​តោន​។ មកដល់​ឆ្នាំ ១៩០០ បាគូ​មាន​អណ្ដូងប្រេង​ជាង ៣០០០ ក្នុង​នោះ មាន ២០០០ ត្រូវ​បាន​ដំណើរការ​ក្នុង​កម្រិត​ឧស្សាហកម្ម​។ នៅ​ចុង​សតវត្ស​ទី​១៩ កិត្តិនាម​នៃ​បាគូ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា រាជធានី​មាស​ខ្មៅ បាន​ចែកចាយ​ប្រេង​ទៅ​ស្ទើរ​ពេញ​ពិភពលោក ដែល​បាន​ឱ្យ​កម្មករ​ជំនាញ និង​អ្នកឯកទេស​ជាច្រើន ប្រមូល​ផ្ដុំ​នៅ​ក្នុង​ទីក្រុង​។

មកដល់​សតវត្ស​ទី​២០ បាគូ​ជា​មជ្ឈមណ្ឌល​សកល សម្រាប់​ឧស្សាហកម្ម​ប្រេង​អន្តរជាតិ​។ នៅ​ឆ្នាំ ១៩២០ នៅ​ពេល​ដែល​ពួក​បុលសេវិក (Bolsheviks) បាន​គ្រប់គ្រង​អាហ្សែបែហ្សង់ ទ្រព្យសម្បត្តិ​ឯកជន​ទាំងអស់ ត្រូវ​បាន​ដកហូត ដោយ​រួមបញ្ចូល​ទាំង​អណ្ដូងប្រេង និង​រោងចក្រ​។ ក្រោយមក​ទៀត ឧស្សាហកម្ម​ប្រេង​ទាំងអស់​នៃ​សាធារណរដ្ឋ​សូវៀត​មួយ​នេះ ត្រូវ​បាន​គ្រប់គ្រង​ផ្ទាល់​ដោយ​គោលការណ៍ នៃ​សហភាព​សូវៀត ​។ នៅ​ឆ្នាំ ១៩៤១ អាហ្សែបែហ្សង់ ផលិត​បាន ២៣.៥ លាន​តោន ហើយ​តំបន់​បាគូ បាន​ផ្ដល់​ជិត ៧២% នៃ​ផលិតផល​ប្រេង​សរុប​នៃ​​សហភាព​សូវៀត ​​។

នៅ​ឆ្នាំ ១៩៩៤ កិច្ចសន្យា​សតវត្ស ត្រូវ​បាន​ចុះហត្ថលេខា ដែល​បើកផ្លូវ​ឱ្យ​មាន​ការអភិវឌ្ឍ​ជា​លក្ខណៈ​អន្តរជាតិ​ដ៏​សំខាន់ នៃ​តំបន់​ប្រេង​បាគូ​។ បំពង់​បង្ហូរ​ប្រេង Baku-Tbilisi-Ceyhan គឺជា​បំពង់​ក្រោម​ដី​ដ៏​សំខាន់​អនុញ្ញាត​ឱ្យ​អាហ្សែបែហ្សង់​បង្ហូរ​ប្រេង​ទៅ​កាន់​កំពង់ផែ​ Ceyhan នៅ​សមុទ្រ​មីឌីទែរ៉ានេ​របស់​តួគី​ ដែល​បើក​ឱ្យ​ដំណើរការ​កាលពី​ឆ្នាំ ២០០៦​។

បញ្ហា​បច្ចុប្បន្ន

ប្រេង​ដែល​មាន​នៅ​ក្នុង​សមុទ្រ​កាសព្យែន ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​អាច​មាន​តម្លៃ​រហូតដល់ ១២ ពាន់​លាន​ដុល្លារ​។ ការ​រលំរលាយ​នៃ​សហភាព​សូវៀត នា​ពេល​ថ្មីៗ​នេះ បាន​បើកផ្លូវ​ឱ្យ​មាន​ការ​វិនិយោគ និង​ការអភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា ដោយ​ក្រុមហ៊ុន​ប្រេង​អន្តរជាតិ​ជាច្រើន​។ នៅ​ឆ្នាំ ១៩៩៨ លោក Dick Cheney បាន​មាន​ប្រសាសន៍​ថា​៖ "ខ្ញុំ​មិន​អាច​គិត​សោះ នៅ​ខណៈ​មួយ​ដែល​យើង​មាន​តំបន់​ទើប​ងើប​ផុត​ថ្មីៗ​នេះ ក្លាយ​ទៅជា​គោលដៅ​ដ៏​សំខាន់​ដូច​ជា​សមុទ្រ​កាសព្យែន​នេះ​ឡើយ"​។

ដំណោះស្រាយ​ក្នុង​ការអភិវឌ្ឍ​នៅ​ក្នុង​តំបន់ គឺជា​ទស្សនវិស័យ​នៃ​សមុទ្រ​កាសព្យែន ហើយ​និង​ការ​កំណត់​ព្រំដែន​ទឹក​នៃ​រដ្ឋ​ជាប់​ដែនទឹក​ទាំង​៥​។ ជម្លោះ​បច្ចុប្បន្ន​ជុំវិញ​ព្រំដែន​ទឹក​រវាង តូមិននីស្ថាន និង​អ៊ីរង់​អាច​បណ្ដាល​ឱ្យ​ជះ​ឥទ្ធិពល​ដល់​ផែនការ​អភិវឌ្ឍ​នា​ពេល​អនាគត​។

វាទប្បដិវាទ​ទំនាស់​ជាច្រើន បច្ចុប្បន្ន​មាន​លើ​បញ្ហា​សំណើ​បង្កើត​បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន​ចេញ​ទៅ​ក្រៅ​សមុទ្រ​កាសព្យែន​។ គម្រោង​ទាំងនេះ អនុញ្ញាត​ឱ្យ​ទីផ្សារ​លោក​ខាងលិច​ងាយស្រួល​ទទួលយក​ប្រេង​ពី​កាហ្សាក់ស្ថាន និង​អាច​ឈាន​ដល់ អ៊ូបេគីស្ថាន តូមិននីស្ថាន​។ សហរដ្ឋ​អាមេរិក បាន​ផ្ដល់​ការ​គាំទ្រ​ដល់​គម្រោង​ទាំង​នេះ​។ រុស្ស៊ី បាន​ជំទាស់​ជា​ផ្លូវការ​ដោយ​សំអាង​លើ​ការ​វិភាគ​បរិស្ថាន​ក្រោម​ដី ចំណាំ​ថា បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន​ទាំងនេះ​នឹង​បំផ្លាញ​ដល់​ភាព​ផ្ដាច់មុខ​របស់​រុស្ស៊ី​ក្នុង​ការ​នាំ​អ៊ីដ្រូកាបូន​ចេញ​ឆ្ពោះ​ទៅ​ព្រំដែន​ខាងលិច​ពី​ក្នុង​តំបន់​។ ថ្មីៗ​នេះ​ទាំង​កាហ្សាក់ស្ថាន និង​តូមិននីស្ថាន បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គម្រោង​បង្កើត​បំពង់​បង្ហូរ​ប្រេង និង​ឧស្ម័ន​ទៅ​ក្រៅ​សមុទ្រ​កាសព្យែន​។

ប្រព័ន្ធ​ប្រឡាយ

ថ្វើបើ សមុទ្រ​កាសព្យែន​ពុំ​មាន​លំហូរ​ចេញ​ក៏​ពិតមែន តែ​លំហូរ​ចូល​ដ៏​សំខាន់​របស់​វា (ទន្លេ​វ៉ុលកា) ត្រូវ​បាន​ភ្ជាប់​ដោយ​ផ្លូវ​នាវាចរ​ដ៏​សំខាន់​ជាមួយ​ទន្លេ​ដុន (និង​សមុទ្រ​ខ្មៅ​ថែមទៀត) និង​ជាមួយ​សមុទ្រ​បាល់ទិក (Baltic Sea) ជាមួយ​ដៃ​ប្រឡាយ ទៅ​ភាគ​ខាងជើង Dvina និង​ទៅកាន់​សមុទ្រ​ស (the White Sea) ។ លំហូរ​ចូល​ផ្សេងទៀត​ដូចជា ទន្លេ​គូម៉ា (Kuma River) ត្រូវ​បាន​ភ្ជាប់​ដោយ​ប្រឡាយ​សម្រាប់​ស្រោចស្រព​ជាមួយ​អាងទន្លេ​ដុន​បាន​យ៉ាង​ប្រសើរ​។

ប្រឡាយ​ដែល​បាន​ស្នើ​ក្នុង​អតីតកាល

ប្រឡាយ​គោល​របស់​តូមិននីស្ថាន ដែល​បាន​គ្រោង​ចាប់​ដំណើរការ​សាងសង់​នៅ​ទសវត្ស​ឆ្នាំ ១៩៥០ អាច​នឹង​រត់​ពី Nukus នៃ​ទន្លេ Amu-Darya ទៅ Krasnovodsk នៃ​សមុទ្រ​កាសព្យែន​។ វា​នឹង​មិន​ត្រឹមតែ​ប្រើ​សម្រាប់​ការ​ស្រោចស្រព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​នាវាចរ​ផង​ដេរ ដោយ​ភ្ជាប់​ទន្លេ Amu-Darya និង​សមុទ្រ​អារ៉ាល់ ទៅ សមុទ្រ​កាសព្យែន​។ គម្រោង​ត្រូវ​បាន​គេ​បោះបង់ចោល​ភ្លាមៗ ក្រោយ​មរណភាព​របស់​ចូសែហ្វ ស្តាលីន ក្នុង​ការ​គាំទ្រ​ដល់​ប្រឡាយ Qaraqum ដែល​បាញ់​ឆ្ពោះ​ទៅកាន់​ទិស​ខាងត្បូង ដែល​បច្ចុប្បន្ន​មិន​បាន​ទៅ​ដល់​សមុទ្រ​កាសព្យែន​ទេ​។

នៅ​ទសវត្ស​ឆ្នាំ ១៩៣០ ដល់ ទសវត្ស​ឆ្នាំ ១៩៨០ គម្រោង​សម្រាប់​ប្រឡាយ Pechora-Kama ត្រូវ​បាន​គេ​ដាក់​ពិភាក្សា​ជា​ចំហ ហើយ​ការ​ពិសោធ​សាងសង់ ដោយ​ការ​បន្ទុះ​នុយក្លេអ៊ែរ​ខ្លះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ ១៩៧៩​។

សម្រាប់​គម្រោង​នេះ នាវាចរ​គឺជា​គោលដៅ​ទី​ពីរ គោលដៅ​ចម្បង​នៃ​គម្រោង​នេះ​គឺ​ការ​ទាញ​យក​ទឹក​ខ្លះ​ពី​ទន្លេ Pechora (ដែល​ហូរចាក់​ទៅ​មហាសមុទ្រ​អាកទិក) ដោយ​ឆ្លងកាត់ Kam ទៅ​ក្នុង​ទន្លេ​វ៉ុលកា​។ គោលដៅ​នេះ គឺ​មាន​ទាំង​ការ​ស្រោចស្រព និង​ការ​រក្សា​កម្ពស់​ទឹក​សមុទ្រ​កាសព្យែន ដែល​បាន​ត្រូវ​គេ​គិត​ថា​នឹង​ធ្លាក់​ចុះ​យ៉ាង​លឿន​ប្រកបដោយ​គ្រោះថ្នាក់​នៅ​ពេលណា​មួយ​។

ប្រឡាយ​អឺរ៉ាស៊ី

នៅ​ខែ មិថុនា ឆ្នាំ ២០០៧ ដើម្បី​លើកកម្ពស់​ទីផ្សារ​នៃ​ប្រទេស​ដ៏​សម្បូរ​ប្រេង​របស់​គាត់ ប្រធានាធិបតី​កាហ្សាក់ស្ថាន Nurzarbaev បាន​ដាក់​សំណើ​នូវ​ប្រឡាយ ៧០០ គ.ម ដោយ​ភ្ជាប់​ពី​សមុទ្រ​កាសព្យែន​ទៅ​សមុទ្រ​ខ្មៅ​។ ដោយ​សង្ឃឹម​ថា ប្រឡាយ​អឺរ៉ាស៊ី នឹង​នាំ​ប្រទេស​ដីគោក​កាហ្សាក់ស្ថាន និង​ប្រទេស​អាស៊ីកណ្តាល​ផ្សេងទៀត អាច​ចូល​ទៅ​កាន់​រដ្ឋ​ជាប់​ដែនសមុទ្រ ដែល​ផ្ដល់​លទ្ធភាព​ដល់​ពួកគេ​ក្នុង​ការ​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ដ៏​សំខាន់​។ នៅ​ខណៈ​ដែល​ប្រឡាយ​នឺង​ត្រូវ​ទម្លុះ​ទឹកដី​រុស្ស៊ី វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កាហ្សាក់ស្ថាន​ដោយ​ត្រូវ​ឆ្លងកាត់​ពី​កំពង់ផែ​សមុទ្រ​កាសព្យែន​របស់​ខ្លួន​។ គម្រោង​ដូចគ្នា​នេះ​សម្រាប់​ប្រឡាយ​យ៉ាង​ច្រើន ត្រូវ​បាន​គណៈកម្មាធិការ​ធនធាន​ទឹក នៃ​ក្រសួង​កសិកម្ម​កាហ្សាក់ស្ថាន និយាយ​ថា នឹង​កាត់តាម​ទំនាប Kuma-Manych ដែល​បច្ចុប្បន្ន ចំណង​រវាង​ទន្លេ​និង​បឹង​ជាច្រើន ត្រូវ​បាន​ភ្ជាប់​រួចរាល់​ហើយ ដោយ​ប្រឡាយ​សម្រាប់​ស្រោចស្រព (ប្រឡាយ Kuma-Manych) ។ ការអភិវឌ្ឍ​បន្ថែម​ទៅ​លើ​ប្រឡាយ វ៉ុលកា-ដុន នឹង​ក្លាយទៅជា​ជម្រើស​មួយ​ផ្សេងទៀត​។

ជម្លោះ​អន្តរជាតិ

ការចរចា​ពាក់ព័ន្ធ​នឹង​ការកំណត់​ព្រំដែន នៃ​សមុទ្រ​កាសព្យែន​បាន​អូសបន្លាយពេលវេលា​អស់​ជិត​មួយ​ទសវត្ស​មកហើយ​រហូតមកដល់​បច្ចុប្បន្ន រវាង​រដ្ឋ​ជាប់​ដែនទឹក​ទាំង​ប្រាំ​គឺ​៖ អាហ្សែបែហ្សង់ រុស្ស៊ី កាហ្សាក់ស្ថាន តូមិននីស្ថាន និង អ៊ីរ៉ង់​។ តួនាទី​នៃ​សមុទ្រ​កាសព្យែន គឺជា​គន្លឹះ​នៃ​ដំណោះស្រាយ​បញ្ហា​។ មាន​បញ្ហា​ចម្បង​បី ដែល​អាច​ធ្វើឲ្យ​រៀបរយ​ដោយ​តួនាទី​នៃ​សមុទ្រ​កាសព្យែន​គឺ​៖ សិទ្ធិ​ទាញយក​ធនធាន​ខនិជ (ប្រេង និង​ឧស្ម័នធម្មជាតិ) សិទ្ធិ​លើ​ការនេសាទ និង​សិទ្ធិ​ចូល​ទៅកាន់​ដែនទឹក​អន្តរជាតិ (ដោយ​ត្រូវ​ឆ្លងកាត់​ទន្លេ​វ៉ុលហ្កា​របស់ រុស្ស៊ី និង​ប្រព័ន្ធ​ប្រឡាយ​ដែល​តភ្ជាប់​ទៅកាន់​សមុទ្រខ្មៅ និង​សមុទ្រ​បាលទិក)​។ សិទ្ធិ​ក្នុង​ការឆ្លងកាត់​ទន្លេ​វ៉ុលហ្កា គឺជា​កត្តា​ដ៏​សំខាន់​សម្រាប់​រដ្ឋ​ដីគោក​ដូចជា​៖ អាហ្សែបែហ្សង់ កាហ្សាក់ស្ថាន និង តូមិននីស្ថាន​។ បញ្ហា​នេះ​អាស្រ័យលើ​ប្រទេស រុស្ស៊ី ព្រោះ​ចរាចរ​ដ៏​សំខាន់​នេះ​ស្ថិតនៅ​ក្នុង​ទឹកដីរុស្ស៊ី​។ ប្រសិនបើ ផ្ទៃទឹក​ត្រូវ​បាន​គេ​កំណត់​ថា​ជា​សមុទ្រ នោះ​នឹង​មាន​សន្ធិសញ្ញា​អន្តរជាតិ​មួយចំនួន​ចាប់​បង្ខំឲ្យ​ទទួលស្គាល់​សិទ្ធិ​ធ្វើ​នាវាចរ​សម្រាប់​នាវា​បរទេស​។ ប្រសិនបើ ផ្ទៃទឹក​ត្រូវ​បាន​គេ​កំណត់​ថា​ជា​បឹង នោះ​នឹង​ពុំមាន​សន្ធិសញ្ញា​អន្តរជាតិ​ណាមួយ ដែល​អាច​ចាប់​បង្ខំឲ្យ​ទទួលស្គាល់​សិទ្ធិ​នៃ​ការ​ធ្វើ​នាវាចរ​សម្រាប់​នាវា​បរទេស​ឡើយ​។ បញ្ហា​បរិស្ថាន ក៏​ត្រូវ​បាន​គេ​ភ្ជាប់ទៅនឹង​តួនាទី និង​បញ្ហា​ព្រំដែន​នៃ​សមុទ្រ​កាសព្យែន​ផងដែរ​។ វា​ត្រូវបាន​គេ​សម្គាល់​ឃើញថា ប្រទេស​រុស្ស៊ី​បាន​ទទួល​មរតក​យ៉ាងច្រើន​លើសលប់​ពី​កងទ័ពជើងទឹក​នៃ​សមុទ្រ​កាសព្យែន​របស់​អតីត​សហភាពសូវៀត (បច្ចុប្បន្ន​ប្រទេស​រុស្ស៊ី​នៅតែ​មាន​កងទ័ព​ខ្លាំងពូកែ​ជាងគេ​បំផុត​នៅក្នុង​សមុទ្រ​កាសព្យែន​ដដែល)​។ ទ្រព្យសម្បត្តិ​មួយចំនួន​តូច​ទៀត ត្រូវ​បាន​ប្រគល់​ទៅឲ្យ អាហ្សែបែហ្សង់ កាហ្សាក់ស្ថាន និង​ជាពិសេស​តូមិននីស្ថាន ដោយសារ​ពួកគេ​ពុំមាន​ទីក្រុង​កំពង់ផែ​សំខាន់ៗ​។

  • ដោយ​យោងតាម​សន្ធិសញ្ញា​ដែល​បាន​ចុះហត្ថលេខា​រវាង​ពែក (អ៊ីរ៉ង) និង​សហភាពសូវៀត សមុទ្រ​កាសព្យែន​គឺជា​បឹង​តាម​លក្ខណៈ​បច្ចេកទេស ហើយ​វា​ត្រូវ​បាន​ចែកជា​ពីរ​មណ្ឌល (សម្រាប់​ពែក និង​រុស្ស៊ី) ប៉ុន្តែ​ធនធាន​នានា (ពេលនោះ​សង្កត់ធ្ងន់​លើ​ផលនេសាទ) គឺ​សម្រាប់​ទាំងអស់គ្នា​។ បន្ទាត់​ព្រំដែន​រវាង​មណ្ឌល​ទាំងពីរ​ត្រូវបាន​កំណត់ជា​ខ្សែបន្ទាត់​អន្តរជាតិ​នៅក្នុង​ផ្ទៃ​បឹង​ទាំងមូល ដូចជា​ករណី​បឹងអាល់បឺត (Lake Albert) ដែរ​។ មណ្ឌល​របស់​រុស្ស៊ី​ត្រូវបាន​ចែក​ទៅជា​មណ្ឌល​រដ្ឋបាល​សម្រាប់​សាធារណរដ្ឋ​សូវៀត​ដែល​ជាប់​ដែនទឹក​សមុទ្រ​កាសព្យែន​ទាំង ០៤ ទៀត​។
  • ក្រោយ​ការរលំរលាយ​នៃ​សហភាពសូវៀត មិនមែន​រដ្ឋ​ឯករាជ្យ​ថ្មី​ទាំងអស់​សុទ្ធតែ​បាន​បន្ត​ទទួលស្គាល់​សន្ធិសញ្ញា​ចាស់​ទាំងអស់នោះ​ទេ​។ ដំបូងឡើយ ប្រទេស រុស្ស៊ី និង​អ៊ីរ៉ង់ បាន​ប្រកាស​បន្ត​ប្រកាន់យក​សន្ធិសញ្ញា​ចាស់​ដដែល (ប៉ុន្តែ​ពួកគេ​ពុំមាន​ព្រំដែន​រួម​ទៀតទេ ដូច្នេះ​សន្ធិសញ្ញា​នេះ​មិន​អាច​អនុវត្ត​បាន​ឡើយ​)​។
  • ទោះយ៉ាងណា បើ​សង្កេតមើល​ពី​ដើមហេតុ​នៃ​ជម្លោះ​នេះ ពុំ​មែន​ជា​បញ្ញា​របស់​អ៊ីរ៉ង​ទេ (ចាប់តាំងពី​អតីត​សហភាពសូវៀត បាន​បាត់បង់​ទឹកដី​ដូចជា អាហ្សែបែហ្សង់ កាហ្សាក់ស្ថាន និង​តូមិននីស្ថាន) អ៊ីរ៉ង់​ធ្លាប់​បាន​ដង្ហោយហៅ​ឲ្យ​មាន​ការបែងចែក​ស្មើភាព​គ្នា​រវាង​រដ្ឋ​ទាំងប្រាំ​គឺ​៖ អ៊ីរ៉ង់ អាហ្សែបែហ្សង់ តូមិននីស្ថាន កាហ្សាក់ស្ថាន និង​រុស្ស៊ី​។ ចាប់តាំងពី​សេចក្ដី​អំពាវនាវ​នេះ​មិន​ត្រូវ​បាន​អើពើ ហើយនិង​មាន​ការ​គំរាមកំហែង​ផ្នែក​យោធា​ពី​សំណាក់​រុស្ស៊ី​ប្រឆាំង​អ៊ីរ៉ង់ ឥឡូវនេះ​អ៊ីរ៉ង់​សុំតែ​ការ​ទទួលស្គាល់​សន្ធិសញ្ញា​ចាស់​រវាង​អ៊ីរ៉ង់-រុស្ស៊ី​ប៉ុណ្ណោះ ហើយ​បញ្ចុះបញ្ចូល​ឲ្យ​រុស្ស៊ី​ធ្វើការ​បែងចែក​ដែនទឹក​របស់ខ្លួន ៥០% ទៅ​ឲ្យ​រដ្ឋ​បី​ផ្សេង​ទៀត​មាន​៖ អាហ្សែបែហ្សង់ តូមិននីស្ថាន និង​កាហ្សាក់ស្ថាន​។

កាហ្សាក់ស្ថាន អាហ្សែបែហ្សង់ និង​តូមិននីស្ថាន បាន​ប្រកាស​ច្រានចោល​សន្ធិសញ្ញា​នេះ​។

  • ក្រោយ​តាមរយៈ​សំណើ​ខ្លះៗ​សម្រាប់​ការព្រមព្រៀង​រួមគ្នា​រវាង​រដ្ឋ​ទាំង ០៥ អំពី​ការ​កំណត់​មុខងារ​នៃ​សមុទ្រ​។
    • អាហ្សែបែហ្សង់ តូមិននីស្ថាន និង​កាហ្សាក់ស្ថាន បាន​ទទូច​ថា ការបែងចែក​មណ្ឌល​គួរតែ​កំណត់​យកតាម​ខ្សែមេដ្យាន (median line) លើសពីនេះ​ទៅទៀត​គួរតែ​ផ្ដល់​ឲ្យ​រដ្ឋ​នីមួយៗ​ទៅ​តាម​សមាមាត្រ​នៃ​ប្រវែង​ឆ្នេរ​របស់ខ្លួន​។ មណ្ឌល​ទាំងនោះ​នឹង​ក្លាយជា​ទឹកដី​អធិបតេយ្យភាព​នៃ​រដ្ឋ​នីមួយៗ (លើសពីនេះ គឺ​ការបង្កើត​ឲ្យមាន​ខ្សែព្រំដែន​អន្តរជាតិ និង​ក៏​អនុញ្ញាត​ឲ្យ​រដ្ឋ​នីមួយៗ​អាច​ទាញយក​ធនធាន​ទាំងអស់​ដែល​មាន​នៅក្នុង​មណ្ឌល​របស់ខ្លួន ដោយ​ឯកតោភាគី)​។
    • អ៊ីរ៉ង់​ទទូច​ថា ការបែងចែក​មណ្ឌល​គួរតែ​រដ្ឋ​នីមួយៗ​ទទួល​បាន​ម្នាក់ ២០% ស្មើគ្នា​នៃ​សមុទ្រ​កាសព្យែន​ទាំងមូល​។ ការ​ទាមទារ​នេះ​ផ្ដល់​អត្ថប្រយោជន៍​ដល់​អ៊ីរ៉ង់ ព្រោះតែ​អ៊ីរ៉ង់​មាន​សមាមាត្រ​នៃ​ប្រវែង​ឆ្នេរ​តូច​។
    • រុស្ស៊ី​បាន​ដាក់​សំណើ​នូវ​ដំណោះស្រាយ​ដូចជា​៖ បាតសមុទ្រ (រួមទាំង​ធនធាន​រ៉ែខនិជ) ត្រូវ​បែងចែក​ទៅតាម​ខ្សែបន្ទាត់​នៃ​មណ្ឌល (ដូច​ករណី​ទាំងពីរ​ខាងលើ)​។ ចំណែក​ផ្ទៃ​ខាងលើ (រួមទាំង​ការនេសាទ) ត្រូវ​ដាក់ជា​សម្បត្តិ​រួម​រវាង​រដ្ឋ​ទាំងអស់​។
  • ស្ថានភាព​បច្ចុប្បន្ន

ប្រទេស​រុស្ស៊ី កាហ្សាក់ស្ថាន និង តូមិននីស្ថាន បាន​ឯកភាព​គ្នា​លើ​ដំណោះស្រាយ​អំពី​ការបែងចែក​មណ្ឌល​របស់​ពួកគេ​ហើយ​។ ពុំមាន​បញ្ហាចោទ​ឡើយ​រវាង កាហ្សាក់ស្ថាន និង តូមិននីស្ថាន ប៉ុន្តែ​ក្រោយមក​ពុំ​មាន​ការចូលរួម​ឡើយ ដូច្នេះ​លែង​មាន​ការ​ឯកភាព​គ្នា​ទៀតឡើយ​។ អាហ្សែបែហ្សង់ និង​អ៊ីរ៉ង់ បាន​ទាស់ទែង​គ្នា​លើ​បញ្ហា​តំបន់​ប្រេង​ខ្លះ ដែល​រដ្ឋ​ទាំងពីរ​បាន​ទាមទារ​។ ជាច្រើន​លើក​ច្រើន​គ្រា ដែល​កងនាវាល្បាត​របស់​អ៊ីរ៉ង់​បាន​បាញ់ប្រហារ​ទៅលើ​នាវា​អាហ្សែបែហ្សង់ ដែល​បាន​ចូល​ទៅ​ធ្វើការ​រុករក​ប្រេង​នៅក្នុង​តំបន់​ទំនាស់​។ ហើយ​ក៏​មាន​ភាពតានតឹង​ស្រដៀងគ្នា​នេះ​ដែរ​រវាង អាហ្សែបែហ្សង់ និង​តូមិននីស្ថាន​។ ទំនាស់​ខ្លះទៀត​គឺ​បញ្ហា​រវាង តូមិននីស្ថាន និង​អ៊ីរ៉ង់​។ ដោយ​មិន​អើពើ​អំពី​ជម្លោះ​នៅ​ផ្នែក​ខាងត្បូង​នៃ​សមុទ្រ​កាសព្យែន កិច្ចព្រមព្រៀង​ទ្វេភាគី​បាន​ធ្វើឡើង​ជាបន្តបន្ទាប់​នៅ​សមុទ្រ​កាសព្យែន​ភាគ​ខាងជើង​ដូច​ខាងក្រោម​៖

    • រុស្ស៊ី និង កាហ្សាក់ស្ថាន បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា ដោយ​ផ្អែកតាម​អ្វី​ដែល​ពួកគេ​បាន​បែងចែក​សមុទ្រ​កាសព្យែន​ភាគ​ខាងជើង រវាង​មណ្ឌល​របស់​ពួកគេ​ទាំងពីរ ដោយ​យក​ខ្សែមេដ្យាន​។ មណ្ឌល​នីមួយៗ គឺជា​កម្មសិទ្ធិ​ដាច់ដោយឡែក​របស់​រដ្ឋ​នីមួយៗ រាប់ទាំង​ធនធាន​ទាំងអស់ រួមទាំង​បាតសមុទ្រ និង​ផ្ទៃខាងលើ​ក៏​ជា​កម្មសិទ្ធិ​ដាច់ដោយឡែក​របស់​រដ្ឋ​នីមួយៗ​ដែរ​។
    • រុស្ស៊ី និង អាហ្សែបែហ្សង់ ក៏​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ស្រដៀងគ្នា​នេះដែរ​អំពី​ព្រំដែន​រួម​របស់​ពួកគេ​។
    • កាហ្សាក់ស្ថាន និង អាហ្សែបែហ្សង់ ក៏​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ស្រដៀងគ្នា​នេះដែរ​អំពី​ព្រំដែន​រួម​របស់​ពួកគេ​។
    • អ៊ីរ៉ង់ មិន​ទទួលស្គាល់​កិច្ចព្រមព្រៀង​ទ្វេភាគី​រវាង​រដ្ឋ​ជាប់​ដែនទឹក​ទាំងនោះ​ទេ​។ អ៊ីរ៉ង់​នៅតែ​បន្ត​ទទូច​ចង់បាន​កិច្ចព្រមព្រៀង​ពហុភាគី​មួយ រវាង​រដ្ឋ​ទាំង ០៥ (ដូច​ការទាមទារ​របស់ខ្លួន​ឲ្យ​មាន​ការបែងចែក ១ ភាគ ៥ សម្រាប់​រដ្ឋ​នីមួយៗ)​។
    • ឥរិយាបថ នៃ​ប្រទេស​តូមិននីស្ថាន នៅ​មិនទាន់​ត្រូវ​បាន​គេ​ដឹង​នៅឡើយ​។

ក្រោយពី​រុស្ស៊ី​បាន​យល់ព្រម​យក​ខ្សែមេដ្យាន​ដើម្បី​បែងចែក​មណ្ឌល​រួចមក ហើយនិង​សន្ធិសញ្ញា​ចំនួន ០៣ ត្រូវ​បាន​ចុះហត្ថលេខា​រវាង​រដ្ឋ​ជាប់​ដែនទឹក​ខ្លះ​នោះ ហាក់ដូចជា​រូបមន្ត​ប្រាកដនិយម​មួយ​សម្រាប់​កំណត់​ព្រំដែន​នៃ​សមុទ្រ​កាសព្យែន​។ មណ្ឌល​របស់​រុស្ស៊ី​បាន​កំណត់​រួចរាល់​ហើយ​។ មណ្ឌល​របស់​កាហ្សាក់ស្ថាន​មិនទាន់​ត្រូវ​បាន​កំណត់​រួចរាល់​ទាំងស្រុង​នៅឡើយ​ទេ ក៏ប៉ុន្តែ​ពុំ​មាន​ជម្លោះ​ជាមួយ​រដ្ឋ​ដទៃ​ទេ​។ មណ្ឌល​របស់ អាហ្សែបែហ្សង់ តូមិននីស្ថាន និង អ៊ីរ៉ង់ នៅ​ពុំ​ទាន់​បាន​កំណត់​រួចរាល់​ទាំងស្រុង​នៅឡើយ​ទេ​។ គេ​មិន​បាន​ដឹង​ច្បាស់​ទេ ថាតើ​បញ្ហា​នៃ​សិទ្ធិ​ធ្វើនាវាចរ​ពី​អាហ្សែបែហ្សង់ និង​កាហ្សាក់ស្ថាន ឆ្លងកាត់​ទន្លេ​វ៉ុលហ្កា​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កិច្ចព្រមព្រៀង​របស់​ពួកគេ​ជាមួយ​រុស្ស៊ី​ដែរ​ឬទេ ហើយ​អ្វីទៅ​ជា​លក្ខខណ្ឌ​សម្រាប់​នាវា​ពី​តូមិននីស្ថាន និង​អ៊ីរ៉ង់​។

ការ​ជួបពិភាក្សា​រវាង​បណ្ដា​រដ្ឋ​នៃ​សមុទ្រ​កាសព្យែន​នៅ​ឆ្នាំ ២០០៧ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដែល​រារាំង​នាវា​ណាមួយ​ដែល​មិនបាន​ប្រើ​ទង់ជាតិ​របស់​រដ្ឋ​នៃ​សមុទ្រ​កាសព្យែន ពី​ការ​មកដល់​នៅ​ដែនទឹក​សមុទ្រ​កាសព្យែន​។

ការដឹកជញ្ជូន

មាន​សេវាកម្ម​នៃ​ការដឹកជញ្ជូន​តាម​នាវាចម្លង​ជាច្រើន ដែល​ដំណើរការ​នៅលើ​សមុទ្រ​កាសព្យែន​រួមមាន​៖

  • ការធ្វើដំណើរ​រវាង ទីក្រុង Turkmenbashi ប្រទេស​តូមិននីស្ថាន និង ទីក្រុង​បាគូ (Baku)
  • ការធ្វើដំណើរ​រវាង ទីក្រុង​បាគូ (Baku) និង ទីក្រុង Aktau
  • ការធ្វើដំណើរ​រវាង ទីក្រុង​ដែល​គេ​មិន​បាន​ស្គាល់ឈ្មោះ​ជាច្រើន​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ និងរុស្ស៊ី​។
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង: