សម្ដេចចៅពញាកែវ
សម្ដេចចៅពញាកែវ | |
---|---|
សម្ដេចចៅពញានៃកម្ពុជាធិបតី | |
ក្នុងការិយាល័យ ប្រ.គ.ស. ១៥១៦ | |
ព្រះមហាក្សត្រ | ចន្ទរាជា |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | កែវ |
សម្ដេចចៅពញាកែវ (ប្រ.គស.១៥២៥) ជាមេទ័ពនៃសម្ដេចចៅពញាចន្ទរាជា។
ការឡោមព័ទ្ធបន្ទាយស្រឡប់ដូនតីពិជ័យព្រៃនគរ (១៥២៥)
[កែប្រែ]
និយាយអំពីសម្ដេចស្រីជេដ្ឋា ព្រះអង្គគ្រងពិជ័យព្រៃនគរនោះវិញ លុះដល់ខែមិគសិរ បុស្ស ហើយទ្រង់គិតថា ទ្រង់នឹងធ្វើសង្គ្រាមយកជ័យជំនះលើសម្ដេចចៅពញាចន្ទរាជាក្នុងគ្រានេះឲ្យខាងតែបាន ទើបទ្រង់ត្រាស់បង្គាប់ចៅហ៊្វាកៅ សម្ដេចចៅពញាហែង ចៅពញាស្នងធ្នឹមព្រះនគរ ចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល និងចៅពញាលំពាំងជាសេនាបតីឲ្យកេណ្ឌរេហ៍ពលបាន ១៥០០០ នាក់មកសមហាត់ឲ្យស្ទាត់ ហើយនឹងយកទៅវាយបន្ទាយក្ដុលវិញ។ បើមានជ័យជំនះហើយ ទ្រង់នឹងលើករហូតដល់បន្ទាយមានជ័យ (ពោធិ៍សាត់) សំរេចផែនដីក្នុងឆ្នាំនេះឲ្យបាន។ សេនាបតីទាំងប្រាំមួយនាក់ ក៏ថ្វាយបង្គំលាចេញទៅចាត់សំបុត្រឲ្យកេណ្ឌមកគ្រប់គ្រាន់តាមព្រះបន្ទូលពិសេស។ សេចក្ដីដែលកេណ្ឌរេហ៍ពលមកសមហាត់នេះឮសូរសព្ទទៅដល់សម្ដេចព្រះភាគិនេយ្យោយសរាជាជាកែវនាយកទើបទ្រង់ត្រាស់ប្រឹក្សានឹងឧកញ៉ាចក្រីទេព ឧកញ៉ាសួគ៌ាលោកសុខ កូនពញាមឿង និងសម្ដេចចៅពញាកែវ ចៅពញាឧទ័យធិរាជ ចៅពញាតេជោនោះអស់នាយកងទ័ពថា ពលគេដល់ទៅ១៥០០០០ នាក់ ពលយើងមានតែ ៤០០០ នាក់ដូច្នោះនឹងគិតដូចម្ដេចកើត។ វេលានោះ ឧកញ៉ាចក្រី ចៅពញាសួគ៌ាលោកសុខ កូនពញាមឿងយកសេចក្ដីក្រាបទូលពលយើងសម្ដេចព្រះបរមបពិត្រជាអម្ចាស់ ទ្រង់ឲ្យបន្ថយអស់ទៅហើយ បើយើងនឹងទៅកេណ្ឌថែមទៀត ក្រែងពុំទាន់ តែកាលបិតាទូលព្រះបង្គំលោតអន្លង់សំលាប់ខ្លួនទៅកេណ្ឌទ័ពបិសាចឲ្យជួយធ្វើការនោះ បានផ្ដាំទុកនឹងចៅពញាចន្ទ មេស្មឹងជាភឿនថា បើម្ចាស់ផែនដីមានសេចក្ដីទ័លធុរៈដូចម្ដេច កុំឲ្យស្ដេចមានបន្ទូលផ្ទាល់ថាឲ្យមេស្មឹងនិយាយឆ្លងព្រះបន្ទូល លោកនឹងកេណ្ឌទ័ពបិសាចមកជួយឲ្យបានសំរេច។ ឥឡូវការណ៍យើងក៏ប្រទាលខ្លួនណាស់ហើយ គួរយើងធ្វើតាមបណ្ដាំនោះល្បងមើល សម្ដេចព្រះភគិនេយ្យោយសរាជាជាកែវនាយកទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឲ្យចៅពញាចន្ទ មេស្មឹង ចូលមកត្រាស់ប្រាប់ដូនកូនពញាមឿងពីរនាក់យកសេចក្ដីក្រាបបង្គំទូល។ ខណៈនោះ ពញាចន្ទ មេស្មឹងទទួលព្រះបន្ទូលពិសេសហើយក៏ឲ្យធ្វើរោងរាជវ័តិ និងឆត្រ គ្រឿងសក្ការៈបូជា ស្លៀកសស្រេចហើយ ក៏ចូលទៅក្នុងរោងរាជពិធីឧទ្ទិសដល់ខ្មោចពញាមឿងថាសុំឲ្យពញាជួយឲ្យបានសំរេចដូចជួយការណ៍ក្នុងខែត្រ ពោធិ៍សាត់។ ក្នុងគ្រានោះបិសាចពញាមឿងចូលសណ្ឋិតនឹងមេស្មឹង ហើយប្រាប់កូនទាំងពីរថាឲ្យយកចំបើងចងជារូបមនុស្សឲ្យកាន់ប្រឆេះឲ្យពួកពលចេះតែតាំងហ៊ោបាញ់កាំភ្លើងពីចំងាយទៅសុំយើងកេណ្ឌទ័ពបិសាចទៅជួយឲ្យសំរេច។ វេលានោះកូនពញាមឿងទាំងពីរនាក់ លុះដល់ពេលយប់ហើយឲ្យរេហ៍ពលយកចំបើងចងជារូបមនុស្សរួចចងប្រឆេះនៅរូបចំបើងនោះយកទៅដាក់នៅក្បាលត្រោកជុំវិញបន្ទាយព្រះស្ដេចកន។ ឯបិសាចពញាមឿងក៏កេណ្ឌឲ្យតាំងហ៊ោបីដូចគេប្លន់យកបន្ទាយ។ ទ័ពស្ដេចកនឮហើយ ក៏តាំងតែបាញ់កាំភ្លើង ធ្នូ ស្នាចោលដុំថ្មពីក្នុងបន្ទាយមកជាច្រើនរាត្រី។ សម្ដេចចៅហ៊្វាកៅធ្វើតែដូច្នោះ ១៥ រាត្រី។ កងទ័ពក្នុងបន្ទាយបាញ់អស់ព្រួញ ធ្នូ ស្នា នឹងជិតអស់ទាំងគ្រាប់រំសេវលុះដល់យប់គំរប់ ១៥ នោះស្រាប់តែឮតាំងហ៊ោទូងស្គរក្រោមដី និងលើអាកាសដូចរន្ទះ កក្រើកទាំងព្រះធរណី ធូលីក៏បក់បោកចូលភ្នែក។ អស់សេនាទាហានទ្រាំពុំបានក៏បើកទ្វារបន្ទាយខាងកើត ហើយរត់ទៅទិសអាគ្នេយ៍ប៉ងទៅខែត្ររោងដំរីដើម្បីទៅពឹងប្រទេសចាមឲ្យជួយ។ កងទ័ពបិសាចបណ្ដាលអាត្មាឲ្យឃើញកងទ័ពឈរតាំងហ៊ោតាមផ្លូវថ្នល់ដល់ទៅខែត្ររោងដំរីនោះ។ ឯព្រះស្ដេចកន សម្ដេចចៅហ៊្វាកៅ ចក្រី និងស្នងធ្នឹមព្រះនគរជាលន់នាំអ្នកម្នាងជាលែងរត់ចេញតាមទ្វារប៉មទិសឦសានដើម្បីទៅទិសខាងជើងកាត់ស្រុកលាវ។
លុះទៅដល់ព្រៃមួយអន្លើឲ្យបោះទ័ពបង្អង់នៅទីនោះ យូរទៅជាប់ឈ្មោះបង្អង់យារៗមក ហៅហូរជើងវាំង។ ទីនោះជាព្រៃគគីរមានដើមគគីរជាច្រើន ព្រះស្ដេចកនឃើញដើមគគីរមួយធំក្រៃលែងឲ្យបាំងស្រមោលវាស់លមើលឃើញ ២៤ ព្យាម សំណុំ ៩ ព្យាម ទើបព្រះស្ដេចកនប្រឹក្សានឹងអស់មន្ដ្រីនាយកងទ័ពថា ចៅពញាចន្ទរាជាមានទូកសារាយអណ្ដែតវែងតែ ១៨ ព្យាម ទើបព្រះស្ដេចកននឹងអស់មន្ដ្រីនាយកងទ័ពថា ចៅពញាចន្ទរាជាមានទូកសារាយអណ្ដែតវែងតែ ១៨ ព្យាម។ ដូច្នោះគួរយើងឲ្យកាប់ដើមគគីរធ្វើទូកឲ្យបានជាស្រេច ហើយនឹងឲ្យរាជសារទៅបបួលចៅពញាចន្ទរាជាអុំភ្នាល់ដាក់ព្រះនគរ។ បើមិនភ្នាល់ យើងនឹងឲ្យរេហ៍ពលតាំងហ៊ោចំអកចំអន់ឲ្យឈឺចិត្ដ។ បើហ៊ានអុំភ្នាល់ទូកយើងវែងជាងដល់ទៅ ៧ ព្យាមនោះគង់មានជ័យជំនះដោយងាយបាន។ គិតព្រមព្រៀងគ្នាហើយ ស្ដេចកនក៏ឲ្យរេហ៍ពលកាប់ដើមគគីរនោះចាំងលុងបានជាទូក-ងមួយវែង ២៥ ព្យាម ទទឹង ១២ ហត្ថទើបឲ្យឈ្មោះព្រៃគគីរនោះហៅថា ព្រៃគគីររៀងមក។ ឯទូកដែលកាប់បាននោះសិតពុំទាន់រួច ហើយស្ដេចកនឲ្យអូសយកទៅធ្វើនៅឯបន្ទាយសង់រោង និងសិតទូកនោះ ហើយឲ្យសាងព្រះចេតិយមួយគិតនឹងយកបន្ទាយសាងថ្មីនេះជាមហានគរ។ កំពុងតែសាងព្រះចេតិយធ្វើបន្ទាយ នឹងសិតទូកនោះ កងទ័ពបិសាចក៏តាមទៅសំដែងឫទ្ធិតាំងហ៊ោឮសូរសព្ទដូចជាស្គររន្ទះទាំងផែនប្រឹថពី។ ស្ដេចកន ចៅហ៊្វាកៅ និងអស់នាយកងទ័ពមើលមិនឃើញច្បាំងពុំកើត ឃើញប្លែកអស្ចារ្យណាស់ទ្រាំពុំបានក៏នាំគ្នារត់ពីទីនោះទៅទៀត។ ស្ដេចកន សម្ដេចកៅ សម្ដេចចៅពញាហែងរត់បែកគ្នាទៅចុងម្ខាង ឯអ្នកម្នាងជាលែង និងចក្រីនីរត់បែកផ្លូវទៅទិសខាងត្បូងទៅដល់ភូមិគោកស្រុក ហើយទីដែលបែកផ្លូវនោះជាប់ហៅភូមិនាងឃ្វាងផ្លូវយារៗមកហៅថាភូមិស៊ាងឃ្វាង។ ក្រោយមកអ្នកម្នាងជាលែងរត់ទៅទៀតចូលព្រៃលេចវាលគិតថា ក្រែងស្ដេចកនតាមរកខ្លួនពុំឃើញក៏កាត់សក់ចងនឹងមែកឈើនោះប្រាថ្នាឲ្យស្ដេចកនឃើញហើយតាមរកបានជាជាប់ហៅវាលចងសក់ដល់សព្វថ្ងៃនេះ។ តមកទៀតនាងដើរហួសទៅទៀតត្រូវថ្ងៃក្ដៅណាស់ ខណៈនោះមានសត្វខ្លែងមួយហ្វូងចំកាងស្លាប ហើរបាំងពីលើមិនឲ្យក្ដៅ លុះមានគេទៅនៅភូមិនោះក៏ជាប់ឈ្មោះហៅថា ភូមិបង្ហើរខ្លែង។ នាងដើរហួសទៅទៀត ឃើញត្រពាំងមួយទឹកថ្លាល្អ នាងក៏ចូលទៅកក់ក្បាលនៅទីនោះ លុះមានគេទៅនៅភូមិបានជាប់ឈ្មោះហៅថា ភូមិស្រែកក់រៀងមក។ នាងដើរទៅទៀតមានអូរមួយនឹងដើរឆ្លងមិនរួចនាងបន់ដល់អ្នកតាបង់បត់សុំឲ្យមានទូកឆ្លង ពេលនោះអ្នកតាបង់បត់តំណែងជាក្រពើមួយឲ្យនាងដើរជាន់ឆ្លងទៅក្រពើនោះប្រែក្លាយទៅជាក្រពើថ្មរហូតដល់សព្វថ្ងៃនេះ គេហៅថាភូមិភាគក្រពើរៀងមក។ នាងដើរហួសទៅទៀតរោយជើងដើរពុំរួចអស់កងទ័ពសុំពរនាងនៅទួលនោះ សព្វថ្ងៃនេះជាប់ហៅថា ទួលសុំពរ។ លុះដើរទៅទៀត នាងសួសជាមាតានាងជាលែង រោយជើងដើរមិនរួច ចៅពញាចក្រីនីឲ្យយកសំពត់ធ្វើអង្រឹង ហើយយកដងផ្គាក់ធ្វើស្នែង សព្វថ្ងៃនេះជាប់ឈ្មោះហៅថា ព្រែកដងផ្គាក់។ តពីនេះទៅទៀតដល់វាលមួយអន្លើ ធ្លាក់ខ្នើយនាងសួសពីអង្រឹងបានជាជាប់ឈ្មោះហៅថា វាលជ្រុះខ្នើយ។ លុះទៅដល់អូរមួយអន្លើ ចោលស្នែងដែលសែងនាងសួសនោះទៅក្នុងអូរនោះសព្វថ្ងៃគេហៅថា អូរចោលស្នែង។ ក្នុងស្រុកត្បូងឃ្មុំនោះមានអុងម៉ុងពីរ (ដូចដែលយើងបានពណ៌នារួចមកហើយក្នុងដើមនេះ) អ្នកស្រុកសន្មតហៅថា អុងម៉ុងព្រះមហោសថ។ អុងម៉ុងតូចនោះមានទំហំ ៧ ហត្ថបួនជ្រុង អុងម៉ុងធំនោះ មានទំហំ ១៣ ហត្ថបួនជ្រុង។ ទឹកដែលហូរលើអុងម៉ុងនោះធ្លាក់ទៅលើព្រែកឆ្លូងឆ្ពោះត្រង់ទៅស្រុកយួន។ លុះពេលសែងនាងទៅដល់អុងម៉ុងនោះសំរាកមួយសន្ទុះ នាងទៅពួនក្នុងហោងតូច សព្វថ្ងៃនេះគេហៅ អុងម៉ុងតូចនោះថា ហោងពលសែង។ លុះឃើញថាស្ងប់ស្ងាត់គ្មានកងទ័ពលើកតាមទេ នាងនាំបក្សពួកទៅដល់ហោងអុងម៉ុងធំនោះ នាងសួសទាំងកូន និងម្ដាយចូលទៅពួនក្នុងអុងម៉ុងនោះ សព្វថ្ងៃគេហៅថា ហោងពួន។ ពួកនេះហួសទៅខាងកើតបានជួបជុំព្រះស្ដេចកន សម្ដេចកៅ។ ស្ដេចកនជំនុំគ្នានឹងធ្វើបន្ទាយទៀត តែធ្វើមិនកើត លុះមានគេទៅនៅភូមិនោះជាប់ឈ្មោះថាភូមិស្រែបន្ទាយ។ រត់ពីនោះទៅទៀតដល់វាលមួយវែងបណ្ដោយទៅខាងកើត ក្រោយមកមានគេទៅនៅស្រែ សព្វថ្ងៃនេះជាប់ហៅឈ្មោះភូមិស្រែវែង។ រត់ទៅទៀតច្រឡំផ្លូវលោជាគេចទៅឦសានព្រៃដែលមក។ ក្រោយមកមានគេទៅនៅសព្វថ្ងៃនេះហៅថា ភូមិរលា រៀងមក។ បក្សពួកស្ដេចកននាំគ្នារត់ទៅទិសខាងកើតទៀតជួបនឹងស្វាសមួយ ស្វានោះ ក៏បេះផល្លានុផលទំលាក់មកឲ្យក្រោយមកគេទៅរានភូមិនៅសព្វថ្ងៃនេះជាប់ជាភូមិស្វាស។ រត់ទៅឯកើតទៅទៀត ដល់ចំការពោតមួយអន្លើ ម្ចាស់ចំការឈ្មោះថៅកែ យកពោតមកថ្វាយស្ដេចកន ហើយស្ដេចកនឲ្យពរថាឲ្យរកស៊ីកើតកាលវាលគុម្ព។ លុះក្រោយមកមានគេទៅនៅគេហៅថា ភូមិជីកែ រៀងមក។ រត់ទៅទិសខាងកើតស្ដេចនឹងនាងអស់កំលាំងណាស់ អស់ពួកពលឃើញថ្មមួយដុំចាំងធ្វើជាគ្រែ បណ្ដោយ ៦ ហត្ថ កំពស់ ១ ហត្ថ ទទឹង ៣ ហត្ថថ្វាយស្ដេចផ្ទុំលុះក្រោយមកមានគេទៅរាន ភូមិនៅគេហៅ ភូមិថ្មគ្រែ។ ឯសម្ដេចចៅហ៊្វាកៅ ចៅពញាចក្រីនី ចៅពញាវៀង ចៅពញាវាំង ៤ នាយនេះកាលភ័យពេកក៏រត់បែកគ្នា ចូលទៅខែត្របាភ្នំ មឿងរមាសហែកមានស្ម័គ្របក្សពួក ២០០ នាក់។ វេលានោះកងទ័ពនាយទាំង ៤ បានប្រទះនឹងចៅពញាសួគ៌ាលោកសុខ កូនពញាមឿង កងទ័ពទៅដេញរត់ទៅទៀត។ ឯស្ដេចកនឃ្លានបាយណាស់ ក៏ឈប់ឲ្យដាំបាយ តែដាំពុំទាន់ឆ្អិន ទ័ពគេទៅដល់ក៏រត់ទៅចោលបាយនៅទីនោះទាំងបាយឆៅផង។ លុះកងទ័ពចៅពញាសួគ៌ាលោកទៅដល់ក៏យកបាយឆៅនោះស៊ី ក្រោយមកទៀតមានគេទៅរានភូមិនៅគេ ហៅ ភូមិបាយឆៅរៀងមក។ ឯនាយកងទ័ពខ្មាំងទាំង ៤ នាក់ឃើញត្រឡាចផ្លែក្នុងព្រៃក៏បបួលគ្នាបេះ។ កំពុងតែបេះនោះទ័ពគេទៅដល់ចាក់កាប់សំលាប់ចៅពញាវៀង ចៅពញាវាំង ហើយទ័ពដែលនៅសល់ក៏បែករត់ទៅទៀត។ ក្រោយដែលបេះត្រឡាចនោះមកមានគេទៅនៅក៏ជាប់ហៅថា ភូមិត្រឡាច រៀងមក។ ឯសម្ដេចចៅហ៊្វាកៅ និងចក្រីនី នាំស្ម័គ្របក្សពួករត់ទៅដល់ព្រៃមួយអន្លើមានទឹកត្រពាំងល្មមពេលដាំបាយស្លស៊ីក៏ឈប់កាប់ត្រីធ្វើម្ហូប។ លុះកងទ័ពគេទៅដល់សម្ដេចចៅហ៊្វាកៅ ចៅពញាចក្រីនី ប្រថុយជីវិតចូលមកតដៃក៏កំពប់ត្រីពីចានបានជាជាប់ហៅថា ភូមិចានត្រីរៀងមក។ ឯចៅហ៊្វាកៅ ចក្រីនីនាំស្ម័គ្របក្សពួករត់ទៅទៀត ចៅពញាសួគ៌ាលោកក៏ដេញតាមទៅបន្ដិច ចៅពញាតេជោលើកទ័ពទៅដល់ក៏ចូលប្រកាប់គ្នា ចក្រីនីនឹងចៅពញាសួគ៌ាលោក សម្ដេចកៅតនឹងចៅពញាតេជោ អ្នកទាំងនោះស្ទាត់ក្នុងការកាន់អាវុធចិត្ដមុតដូចគ្នា។ ប្រយុទ្ធគ្នាពីថ្ងៃត្រង់ដល់រសៀល បិសាចពញាមឿងបណ្ដាលឲ្យចៅហ៊្វាកៅ ចក្រីនី ឮសូរដូចគេស្រែកសន្ធាប់នាំឲ្យធ្លាក់អាវុធពីដៃ។ ខណៈនោះចៅពញាសួគ៌ាលោក ចៅពញាតេជោសំលាប់បាន ហើយកាត់ក្បាលនាំមកថ្វាយសម្ដេចព្រះភគិនេយ្យាយសរាជជាកែវនាយក ទ្រង់ព្រះអំណរណាស់ ទ្រង់ប្រោសរង្វាន់តាមសមគួរ។ ឯសម្ដេចចៅពញាហែង នាងជាលែង ចៅពញាស្រាល ចៅពញាលំពាំងនោះនៅជាមួយនឹងព្រះស្ដេចកនធ្វើបន្ទាយរាយល្បាតយាមក្នុងព្រៃនោះ តែជិតកើតជាបន្ទាយកាលណាក៏ចេះតែឮសូរដូចជាកងទ័ពគេលើកទៅចោម។ ដូច្នោះហើយស្ដេចកនក៏នាំគ្នាជិះដំរីទៅជ្រកក្នុងព្រៃមួយក្រោយមកមានគេទៅនៅគេហៅ ភូមិដំរីជ្រាប។ រត់ពីនោះទៅទៀតស្ដេចកនជួបមេមត់ម្នាក់ល្បីថាឆុតណាស់ ស្ដេចកនឲ្យបញ្ជាន់សួរពីសុខឬមិនសុខ។ មេមត់នោះឆ្លើយថា ពុំសុខទេ បើចង់សុខឲ្យទៅសុំទោសហ្លួងខាងលិច ក្រោយមកនោះមានគេទៅនៅទីនោះក៏ជាប់ហៅថា ភូមិមេមត់ រៀងមក។ រត់ពីនោះទៅទៀតដល់ព្រៃមួយអន្លើ ពួកយាមគ្មានឫស្សីធ្វើត្រដោក តែឃើញផ្ទាំងថ្មមួយមានរូងពួកយាមក៏វាយថ្មនោះខ្ទ័រដូចស្គរដូច ត្រដោក។ ក្រោយមកមានគេហៅឈ្មោះភូមិនោះថា ភូមិត្រដោក។ រត់ទៅទៀតស្ដេចកនឃើញទន្លេចាមមានទឹកហូរចុះទៅស្រុកព្រៃ ក៏ឈប់ទ័ពនៅទីនោះ។ មានកំពង់ចុះងូតដងទឹកនោះដោយខ្លួន មានឈ្មោះកំពង់នាងជាលែង កំពង់ហ្លួង កំពង់សម្ដេចចៅពញាហែងរៀងមក។
លុះ នៅទីនោះយូរទៅសម្ដេចចៅពញាហែង ជំទាវសួសក៏មានជំងឺហើយអនិច្ចកម្មទៅ នៅតែមន្ដ្រីសេនាទាហានជាន់តូចៗ និងរេហ៍ពលប្រាំ ឬប្រាំមួយរយនាក់ ទើបព្រះស្រីជេដ្ឋាជំនុំនឹងរេហ៍ពលទាំងឡាយថា យើងរត់មកនោះឆ្ងាយណាស់ ស្បៀងអាហារក៏តិចណាស់ កេណ្ឌរេហ៍ពលថែមទៀតក៏ពុំបាន។ យើងយល់ថា ព្រះចន្ទរាជាទៅខែត្រពោធិ៍សាត់ទៅហើយ នៅតែពញាយសរាជានោះជាក្មួយអញបង្កើត ដូច្នោះបើទុកជាម្ដេចម្ដា ក៏ចៅពញាយសរាជាមិនយកទោសអញទេ ទ្រង់ឲ្យអញធ្វើជាសម្ដេចជាសម្ដេចចៅហ៊្វាដែរ ហើយពួកឯងរាល់គ្នាគង់បានសេចក្ដីសុខដែរ។ ការណ៍ដែលឯងមានគុណគាប់នឹងអញ អញនិងទំនុកបំរុងបានដោយងាយ។ អញយល់ថា យើងចាក់ចោលគ្រាប់រំសេវឲ្យអស់ ហើយសុំចុះចូលវិញឃើញថាបានសេចក្ដីសុខប្រសើរជាង។ អស់ពលក៏យល់ព្រមតាម សព្វថ្ងៃទីនោះហៅថា ភូមិជំនុំ រៀងមក។ ព.ស ២០៦៩, គ.ស ១៥២៥, ម.ស ១៤៤៧, ច.ស ៨៨៧ ឆ្នាំរកា សប្ដស័ក សម្ដេចព្រះស្រីជេដ្ឋាគឺព្រះស្ដេចកនបានចាក់ចោលគ្រាប់រំសេវ ហើយក៏នាំរេហ៍ពលមកដល់វត្ដគរដែលព្រះនាងជាលែងសាងនោះ។ នៅទីនោះស្ដេចកនឲ្យរេហ៍ពលជីកស្រះមួយនៅផ្នែកខាងកើតព្រះវិហារទុក ជាទីសំរាប់វត្ដ។ ក្រោយមកស្ដេចកននាំរេហ៍ពលទៅទិសខាងជើង ដល់វត្ដមួយដែលសម្ដេចចៅពញាហែង បិតាព្រះម្នាងជាលែងសាងនោះឲ្យឈ្មោះជាប់នឹងវត្ដដែលសាងនោះហៅថា វត្ដគរការទួលតាហែង តាមនាមសម្ដេចហែង។ រួចចេញទៅខាងលិចភូមិព្រះអង្គឲ្យជីកស្រះមួយបណ្ដោយប្រវែង ៥០ ព្យាម ទទឹង ២៥ ព្យាម ហើយសាងវត្ដមួយសាងព្រះពុទ្ធរូប និងដើមរកា ៥ ព្រះអង្គបានដាក់ឈ្មោះហៅថា វត្ដភូមិរកាព្រះប្រាំ រៀងមក។
ឯពញាមន្ដ្រីអរជូនកែ មេគយទទួលដំណឹងនេះហើយ ក៏កេណ្ឌពលចោមចាប់បាននាងជាលែង និងស្ដេចកន។ ស្ដេចកនស្រែករោទិ៍ជាខ្លាំងហើយថា «អញមិនគួរជាឲ្យគេចាប់បានសោះ»។ ឯពញាមន្ដ្រីអរជូនកែជាមេគយ កាលចាប់ដាក់ក្ដីស្ដេចកន និងនាងជាលែងបានហើយគិតថា បើអញនាំទៅទាំងរស់សម្ដេចព្រះភគិនេយ្យោយសរាជានោះ ត្រូវជាក្មួយស្ដេចកនផង កាលណានឹងហ៊ានសំលាប់ស្ដេចកនត្រូវជាឪពុកមា។ បើអញពុំហ៊ានសំលាប់ ហើយតែកាលណាស្ដេចលែងខ្លួនវា ចិញ្ចឹមវាឲ្យធំមុខជាយើងនឹងស្លាប់ទាំងអស់គ្នាវិញពុំខាន។ លុះគិតយល់ព្រមគ្នាវិញហើយអរជូន «កែ» ក៏កាត់យកក្បាលស្ដេចកន និងនាងលែងដាក់ជាល ព្រមទាំងឲ្យប្រហារជីវិតទាំងអស់ស្ម័គ្របក្រពួក ២៥ នាក់ទៀត។ ឯព្រៃដែលគេចោមចាប់ស្ដេចកននោះ សព្វថ្ងៃគេហៅថា ព្រៃចំណោម ហើយត្រង់កន្លែងដែលស្ដេចកនស្រែករោទិ៍នោះ សព្វថ្ងៃគេហៅថាព្រៃទំរនរោទិ៍យារៗមកគេហៅថា ព្រៃរោទិ៍។ ត្រង់កន្លែងដែលថា មិនគួរចាប់បាននោះ គេហៅថា ព្រៃមិនគួរ យារៗមកគេហៅថា ព្រៃជើងគួរ។ ឯសម្ដេចព្រះភាគិនេយ្យាយសរាជាជាកែវនាយក ព្រះអង្គមានកងទ័ព ៤០០០ នាក់ឯខាងស្ដេចកនមានកងទ័ពដល់ទៅ ៧ស្បែក គឺ ១៤០០០០ នាក់។ ស្ដេចនឹងលើកវាយបន្ទាយនោះ ពលតិចក្រែងថ្លស់ការណ៍ ដ្បិតបន្ទាយនោះធំណាស់ ហើយខ្ពស់ផង ទាំងរេហ៍ពលក៏ច្រើនណាស់ទៀត។ ព្រះអង្គឲ្យរេហ៍ពលជញ្ជូនតែរូបចំបើង និងប្រឆេះទៅអុជតាំងហ៊ោនៅក្បាលត្រោករាល់ៗយប់។ ទាហានក្នុងបន្ទាយជ័យព្រៃនគរ ក៏បាញ់កាំភ្លើង ធ្នូ ស្នា តគ្នាយូរមកទៀត ស្រាប់តែបាត់ពុំឃើញមានឮសូរកាំភ្លើងបាញ់ចេញពីក្នុងបន្ទាយទាំង ចៅពញាតេជោ ពញាសួគ៌ាលោកក៏នាំក្បាលចៅហ៊្វាកៅ និងចក្រីនី ហើយនិងក្បាលចៅពញាវៀង ចៅពញាវាំង មកថ្វាយចំណែកឧកញ៉ាចក្រី «ទេព» កូនពញាមឿងក៏ក្រាបទូលថាក្នុងដប់យប់នោះ ពុំមានទ័ពខ្មាំងបាញ់តមកពីក្នុងបន្ទាយទេគឺឃើញតែមនុស្សរត់ចេញពីក្នុងបន្ទាយទាំងយប់ទាំងថ្ងៃពុំដែលដាច់។ ខណៈនោះ សម្ដេចចៅពញាយសរាជាភគិនេយ្យាជាកែវនាយកទ្រង់ជ្រាបហើយមានព្រះបន្ទូលប្រឹក្សានឹងនាយកងទ័ពថា អ្នករាល់គ្នាចំពោះការនេះយល់ដូចម្ដេចខ្លះ? មេកងខ្លះទូលថា ការណ៍នេះគឺថា ព្រះស្ដេចកនធ្វើឧបាយកលឲ្យយើងទៅឲ្យស៊ុនខ្លួនដើម្បីគេចោមព័ទ្ធយើង។ ខ្លះថា ព្រះស្ដេចកនវាឃើញកងទ័ពយើងតិច បានជាវាបន្ថយកងទ័ពខ្លះចេញ។ ក្នុងវេលាកំពុងជំនុំគ្នានោះ បណ្ដាលឲ្យព្រះទ័យនៃព្រះអរិយបញ្ញាសាគរអាប៉ៅ ចៅអធិការដែលរក្សាវត្ដប្រាសាទក្នុងឲ្យយល់ថា អាត្មាអញនឹងនៅបង្អង់ពុំថ្វាយព័ត៌មានទៅហ្លួងខាងលិចទេ តែហ្លួងខាងលិចចូលនគរបាន ហ្លួងនឹងយកទោសដល់អាត្មាអញជាពុំខាន។ គិតយល់ដូច្នោះហើយ ព្រះអង្គឡើងគង់លើគ្រែឲ្យរេហ៍ពលសែងបាំងសម្បទានមានពលហែមុខក្រោយ ៥០០ នាក់ និងភិក្ខុសាមណេរ ១៦០ អង្គហែសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោ ចេញពីបន្ទាយពិជ័យព្រៃនគរ តំរង់ទៅបន្ទាយក្ដុល។ លុះទៅដល់ហើយលោកឲ្យភិក្ខុជាសិស្សានុសិស្សទៅប្ដឹងសេនាបតី ក្រាបបង្គំទូលសម្ដេចយសរាជាជាកែវនាយក។ ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឲ្យនិមន្ដលោកចូលទៅក្នុងព្រះពន្លា ទើបសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោ ថ្វាយព្រះពរថា ស្ដេចកនបែកបន្ទាយរត់ចោលបន្ទាយទៅ ៣ ខែហើយដោយភ័យនឹងសូរសព្ទសន្ធឹកខាងក្រោមដី លើអាកាស ដាស់ព្រះធរណី ដូចជារន្ទះជាអចិន្ដ្រៃយ៍។ ហេតុនេះអាត្មាភាពមកថ្វាយព្រះពរសូមទ្រង់ជ្រាប។ សម្ដេចព្រះយសរាជាជាកែវនាយក ទ្រង់ព្រះអំណរណាស់ ហើយទ្រង់ត្រាស់ថា ឧកញ៉ាចក្រី ចៅពញាសួគ៌ាលោក ក្រាបទូលនេះ ឃើញថាពិតណាស់។ ត្រាស់តែម្ល៉ោះហើយ ព្រះអង្គក៏លើកយោធាចូលទៅប្រថាប់ក្នុងបន្ទាយពិជ័យព្រៃនគរ ទ្រង់ទតប្រាសាទព្រះរាជវាំងសួនច្បារ ផ្កា ដំណាំ ព្រះដំណាក់ ឃ្លាំង និងរោងដំរី សេះទាំងប៉ុន្មានទ្រង់ស្ញើចទន់ព្រះហឫទ័យទ្រង់ត្រាស់សរសើរថា ព្រះស្ដេចកននេះមានបុណ្យអស្ចារ្យណាស់ ហើយត្រាស់ឲ្យរឹបរើយករបស់ទ្រព្យទាំងនោះចាត់បំរើឲ្យនាំទៅក្រាបទូលថ្វាយព្រះបរមរាជបិតុលាឯបន្ទាយខែត្រពោធិ៍សាត់ ហើយសម្ដេចព្រះយសរាជាជាកែវនាយក ទ្រង់ប្រោសឲ្យសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោឲ្យរួចទោសឲ្យគង់ទីគ្រងពលសំរាប់វត្ដដូចដើម។ ទ្រង់ចាត់នាយកកងទ័ពឲ្យលើកតាមចាប់ព្រះស្ដេចកនឲ្យបាន ហើយត្រាស់ឲ្យដាក់គយល្បាតស្ទាក់រកចាប់គ្រប់អន្លើ។ ឯពញាមន្ដ្រីអរជូន លុះធ្វើគុតស្ដេចកន និងនាងជាលែង ព្រមទាំងសេនាទាហាន ២៥ នាក់រួចហើយ ក៏ឲ្យធ្វើជាលដាក់ក្បាលទាំងអស់នាំយកទៅថ្វាយសម្ដេចព្រះភគិនេយ្យោ កែវនាយកក្នុងបន្ទាយពិជ័យព្រៃនគរ។ ឯសម្ដេចព្រះយសរាជា ជាកែវនាយកព្រះអង្គស្គាល់ហើយ ឲ្យយកក្បាលស្ដេចកន និងម្នាងជាលែងធ្វើបុណ្យបូជាព្រះភ្លើងសាងព្រះចេតិយដាក់ក្នុងវត្ដប្រាសាទដោយហេតុជាប់សាច់សាលោហិតខាងព្រះអង្គ ហើយទ្រង់ប្រោសលើកទោសអស់អាណាប្រជានុរាស្ដ្រដែលចូលក្បត់ជាមួយនឹង ស្ដេចកនទាំងប៉ុន្មានៗនោះឲ្យរួចទោសទៅរកស៊ីដូចប្រក្រតី។ បណ្ដារាស្ដ្រផងទាំងពួងក៏មានចិត្ដត្រេកអរសោមនស្សនាំគោ ក្របី ដំរី សេះរបស់ខ្លួនយកមកក្រាបទូលថ្វាយដោយស្រលាញ់ព្រះរាជហឫទ័យបុណ្យបារមីជាអនេក។ ឯពញាមន្ដ្រីអរជូនកែដែលមានគុណបំណាច់កាត់ក្បាលស្ដេចកន នាងជាលែងនោះ ទ្រង់តាំងចៅហ្វាយស្រុកខែត្រត្បូងឃ្មុំថែមជាថ្មីទៀតជាចៅពញាអរជូនចាប់បាន។
គិតពីស្ដេចកន សោយរាជ្យជាសុខ ជាសម្ដេចព្រះស្រីជេដ្ឋាមកដល់ ព.ស. ២០៦០ គ.ស. ១៥១៦ ម.ស. ១៤៣៨, ច.ស. ៨៧៨ ឆ្នាំជូត អដ្ឋស័ក ត្រូវជាបួនឆ្នាំ។ ស្ដេចកនធ្វើសង្គ្រាមនឹងព្រះអង្គចន្ទ ពីឆ្នាំជូតនោះ មកដល់ចុល្លសករាជ ៨៨៦ ឆ្នាំវក ឆស័កនេះ ត្រូវជា ១២ ឆ្នាំ បែកព្រះនគរហើយរត់ជ្រកព្រៃ តាំងពីឆ្នាំវក មកដល់ ចុល្លសករាជ ៨៨៧ ឆ្នាំរកា សប្តស័កនេះមួយឆ្នាំទៀត ត្រូវនៅក្នុងរាជសម្បត្តិបាន ១៣ ឆ្នាំ សុវណ្ណគុតដោយអាវុធ។
- ១. "ព្រះរាជពង្សាវតារភាគបី របស់ព្រះរាជបណ្ណាល័យលេខ គ. ៥៣-៣ មានសេចក្ដីថា : ព្រះចន្ទរាជា ទ្រង់ចាត់សេនាបតីឱ្យលើកទ័ព ទៅចោមបន្ទាយស្រឡប់ពិជ័យនគរទៀត ចោមព័ទ្ធ ៣ ខែ តែវាយមិនបែក ដ្បិតបន្ទាយនោះ ធំខ្ពស់ ហើយនៅលើភ្នំផង។ ទើបទ្រង់តម្រិះថា : បន្ទាយនេះ ធំខ្ពស់កាលណានឹងវាយបានងាយ មានតែធ្វើកលឧបាយទើបវាយបាន។ ទ្រង់ព្រះតម្រិះដូច្នេះហើយ ស្ដេចឱ្យចាប់រាស្ត្រអ្នកស្រុកមកសួរថា : ឯងមានញាតិសន្តាននៅក្នុងបន្ទាយខ្លះឬទេ មនុស្សទាំងនោះទូលថា : មាន។ ទ្រង់ត្រាស់ថា : បើមានចូរឯងទៅប្រាប់ញាតិរាល់គ្នាចុះថា : ស្ដេចកន វានៅមានបុណ្យតែ ៣ ថ្ងៃទៀតទេ ដល់ថ្ងៃជាគំរប់ ៤ ស្ដេចនឹងចាប់យកមកកាត់ក្បាលដោយជាបម្រាមពិតប្រាកដ ឯងរាល់គ្នាទៅប្រាប់ញាតិសន្តាននៅក្នុងបន្ទាយស្ដេចកន ជាឆាប់។ រាស្ត្រទាំងនោះ នាំគ្នាទៅប្រាប់ញាតិសន្តានជាប្រញាប់។ អ្នកទាំងនោះ បានស្ដាប់ហើយ ភិតភ័យបារម្ភណាស់ ថាយើងនឹងនៅទ្រាំចាំច្បាំងពុំបាន ក៏នាំគ្នាបើកទ្វារបន្ទាយរត់ចេញមក។ កងទ័ពហ្លួង យល់បានការណ៍ហើយ ក៏នាំគ្នាវាយទម្លាយចូលកាប់សម្លាប់អាក្បត់ ស្លាប់ពាសពេញ រួចលើកគ្រាចូលទៅក្នុងវាំង ហើយបានកាប់សម្លាប់នាយទាហានខ្មាំងច្រើន។ ឯចៅហ្វាកៅ លុះឮកលាហលជាខ្លាំង ក៏ចាប់រាវលំពែងចេញមកដល់មាត់ទ្វារជាន់ក្នុងប្រទះនឹងឧកញ៉ាចក្រី ឧកញ៉ាចក្រីបានឃើញហើយ ក៏ស្ទុះទៅកាប់នឹងដាវដាច់ក ស្លាប់មួយរំពេច។ ឧកញ៉ាវាំងនាយទាហានវាយទម្លាយទ្វារចូលទៅខាងក្នុងបាន ឃើញស្ដេចកនកំពុងអង្គុយ ជាមួយនឹងស្រីស្នំក៏ពួយនឹងលំពែង ត្រូវដើមដៃស្ដេចកន ដួល ឧកញ៉ាវាំងស្ទុះទៅចាប់ចងសេក ប្រគល់ឱ្យទាហានរក្សាទុក ក្នុងវេលាយប់នោះ។ លុះព្រឹកឡើងមេទ័ព ត្រើយខាងលិច ប្រមូលរបស់ទ្រព្យគ្រប់គ្រឿងសស្ត្រាវុធ និង ស្រីដែលជាប្រពន្ធធំតូចចំនួន ៥០០ នាក់។ លុះយកបញ្ជីស្រេចហើយ មេទ័ពទាំងនោះ ក៏លើកទ័ពនាំស្ដេចកន និងស្រី៥០០នាក់ ព្រមទាំងរបស់ទ្រព្យទាំងនោះ យកមកក្រាបបង្គំទូលថ្វាយសម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបថា ចាប់អាខ្មាំងបានហើយ ទ្រង់ព្រះអំណរពន់ប្រមាណណាស់ ស្ដេចឱ្យយកកូនប្រពន្ធស្ដេចកន និងស្ម័គ្របក្សពួក ដែលរួមគំនិតទាំងប៉ុន្មាន ប្រហារជីវិតទាំងអស់។ ឯស្ដេចកន ស្ដេចឱ្យបណ្ដើរអាក្រោស៣ថ្ងៃ រួចប្រហារជីវិតបង់ យកក្បាលវាទៅដោត នៅប្របផ្លូវទ្វារមុខបន្ទាយស្រឡប់ពិជ័យនគរ កុំឱ្យជនទាំងពួងយកបែបយ៉ាងតទៅ។" ក្រោយនោះទ្រង់ប្រកាសប្រាប់អស់បណ្ដារាស្ត្រ កុំឱ្យភ្ញាក់ផ្អើល ឱ្យទៅនៅរកស៊ីតាមភូមិលំនៅវិញ។ កាលសម្លាប់ស្ដេច កនបាននោះនៅក្នុងឆ្នាំរកាសប្តស័ក ព.ស. ២០៦៩, គ.ស. ១៥២៥។ សិរីរាជ្យសម្បត្តិស្ដេចកន បាន១៤ឆ្នាំ ព្រះជន្ម ៤២ឆ្នាំសុគត។
- ២. "សាស្ត្រាដទៃទៀត ក៏និយាយថា : ស្ដេចកន បរាជ័យ ដោយសារចាញ់សង្គ្រាមរបស់ព្រះអង្គចន្ទរាជា ប៉ុន្តែជាឧបាយកល ប្លែកពីខាងលើនេះទៅទៀត"។ ឯសម្ដេចព្រះភាគិនេយ្យោយសរាជា ជាកែវនាយកនោះ ព្រះអង្គប្រាប់ប្រាម សឹកសង្គ្រាមបានរាបទាបសព្វគ្រប់ហើយ ព្រះអង្គតាំងចៅហ្វាយស្រុក ឱ្យនៅរក្សាខែត្រខណ្ឌព័ទ្ធសីមាស្រេច ស្ដេចត្រឡប់ទ័ពទៅក្រាបបង្គំគាល់ ព្រះបរមរាជបិតុលាធិរាជ។ ព្រះបរមរាជបិតុលា ទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ទ្រង់ព្រះរាជទានរង្វាន់ សម្ដេចព្រះភាគិនេយ្យាតាមមានគុណបំណាច់។ ឯសម្ដេចព្រះភាគិនេយ្យោយសរាជាព្រះអង្គមានព្រះរាជបុត្រាមួយព្រះអង្គ ព្រះនាមជ័យជេដ្ឋាក្នុងឆ្នាំនោះ ព្រះអង្គមានព្រះជន្មវស្សា២៩ឆ្នាំ ទ្រង់ព្រះអាពាធ សុវណ្ណគតតទៅ។
- ៣. "ព្រះរាជពង្សាវតារភាគបី របស់ព្រះរាជបណ្ណាល័យថា : ព្រះភាគិនេយ្យោនេះ មានព្រះជន្មាយុ ៣៣ ឆ្នាំ មានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ព្រះនាមជា សុជាតិក្សត្រី ទ្រង់សុគតក្នុងឆ្នាំកុរ នពស័ក ព.ស. ២០៧១, គ.ស.១៥២៧។ ចំណែកឯសាស្ត្រាវត្តសិទ្ធបូរ និងវត្តកោកាក មិនបាននិយាយដល់ ព្រះអង្គយសរាជានេះទេ។
- ៤. ប៉ុន្តែមានសៀវភៅមួយទៀត របស់លោកតាឌុច លោកយាយពិន ដែលជាបិតា មាតាលោកឌុចស៊ីឌឹម និយាយថា : ព្រះយសរាជា ស្ដេចសុវណ្ណគតក្នុងសង្គ្រាម ក្នុងពេលដែលព្រះអង្គ ស្ទាក់វាយចៅហ្វា កៅ"។ សម្ដេចព្រះរាជបិតុលា ស្ដេចទ្រង់ស្ដាយពន់ប្រមាណណាស់ ទ្រង់ត្រាស់ឱ្យលើកព្រះសព តម្កល់ ក្នុងព្រះកោដ្ឋ ហើយទ្រង់ត្រាស់បង្គាប់ឱ្យមុខងារ ឱ្យទៅអញ្ជើញព្រះសពសម្ដេច តម្កល់ក្នុងព្រះកោដ្ឋហើយទ្រង់ត្រាស់បង្គាប់ឱ្យមុខងារ ឱ្យទៅអញ្ជើញព្រះសពសម្ដេច តម្កល់ក្នុងព្រះកោដ្ឋហើយទ្រង់ត្រាស់បង្គាប់ឱ្យមុខងារ ឱ្យទៅអញ្ជើញព្រះសពសម្ដេចព្រះឝ្រីឝៅគន្ធបទ អំពីស្រុកសំរោងសែន ខែត្រអាសន្ទុកមកហើយ ទ្រង់ត្រាស់ឱ្យសាងព្រះមេរុថ្វាយព្រះភ្លើង រំលាយព្រះបរមសពតាមរាជប្រវេណី។
ឯកសារយោង
[កែប្រែ]យសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ មិនស្គាល់ |
សម្ដេចចៅពញានៃកម្ពុជាធិបតី ប្រ.គស.១៥១៦ |
តដោយ មិនស្គាល់ |