Jump to content

ជំទាវសួស

ពីវិគីភីឌា
ជំទាវសួស
ជំទាវនៃស្រឡប់ដូនតីពិជ័យព្រៃនគរ
ក្នុងការិយាល័យ
ដើមសតវត្សទី១៦
ព្រះមហាក្សត្រស្រីជេដ្ឋា
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
សួស
ពន្ធភាពសម្ដេចចៅពញាហែង
កូនជាលន់ ជាលែង

ជំទាវសួស (សម័យចតុមុខ-លង្វែក) លោកស្រីជាភរិយារបស់សម្ដេចចៅពញាហែង មានកូនឈ្មោះ ជាលន់ និង ជាលែង ដែលកូនស្រីជាលែងជាម្នាងរបស់ព្រះស្ដេចកន ព្រះមហាក្សត្រនគរទិសខាងកើត ក្នុងគ្រាសម័យចតុមុខ-លង្វែក

ប្រវត្តិដកស្រង់

[កែប្រែ]

និយាយ​អំពី​សម្ដេច​ស្រីជេដ្ឋា ព្រះ​អង្គ​គ្រង​ពិជ័យ​ព្រៃនគរ​នោះ​វិញ លុះដល់​ខែ​មិគសិរ បុស្ស ហើយ​ទ្រង់​គិត​ថា ទ្រង់​នឹង​ធ្វើ​សង្គ្រាម​យកជ័យ​ជំនះ​លើ​សម្ដេចចៅពញា​ចន្ទរាជា​ក្នុង​គ្រានេះឲ្យ​ខាង​តែ​បាន ទើប​ទ្រង់​ត្រាស់​បង្គាប់​ចៅហ៊្វា​កៅ សម្ដេចចៅពញា​ហែង ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរ ចៅពញា​វៀង ចៅពញា​វាំង ចៅពញា​ស្រាល និង​ចៅពញា​លំពាំង​ជា​សេនាបតី​ឲ្យ​កេណ្ឌ​រេហ៍ពល​បាន ​១៥០០០​ នាក់​មក​សម​ហាត់​ឲ្យ​ស្ទាត់ ហើយនឹង​យក​ទៅ​វាយ​បន្ទាយ​ក្ដុល​វិញ។ បើ​មាន​ជ័យ​ជំនះ​ហើយ ទ្រង់​នឹង​លើក​រហូត​ដល់​បន្ទាយ​មានជ័យ (ពោធិ៍សាត់) សំរេចផែនដី​ក្នុង​ឆ្នាំ​នេះ​ឲ្យ​បាន។ សេនាបតី​ទាំង​ប្រាំមួយ​នាក់ ក៏​ថ្វាយបង្គំ​លា​ចេញ​ទៅ​ចាត់​សំបុត្រ​ឲ្យ​កេណ្ឌ​មក​គ្រប់គ្រាន់​តាម​ព្រះ​បន្ទូល​ពិសេស។ សេចក្ដី​ដែល​កេណ្ឌ​រេហ៍ពល​មក​សមហាត់​នេះ​ឮ​សូរសព្ទ​ទៅ​ដល់​សម្ដេចព្រះ​ភាគិនេយ្យ​យសរាជា​ជា​កែវ​នាយក​ទើប​ទ្រង់​ត្រាស់​ប្រឹក្សា​នឹង​ឧកញ៉ា​ចក្រី​ទេព ឧកញ៉ា​សួគ៌ាលោក​សុខ កូន​ពញា​មឿង និង​សម្ដេចចៅពញា​កែវ ចៅពញា​ឧទ័យធិរាជ ចៅពញា​តេជោ​នោះអស់​នាយ​កងទ័ព​ថា ពល​គេ​ដល់​ទៅ​ ១៥០០០០ ​នាក់ ​ពល​យើង​មាន​តែ ​៤០០០​ នាក់ដូច្នោះ​នឹង​គិត​ដូច​ម្ដេច​កើត។ វេលា​នោះ​ ឧកញ៉ា​ចក្រី​កែវ ចៅពញា​សួគ៌ាលោក​សុខ កូន​ពញា​មឿង​យក​សេចក្ដី​ក្រាប​ទូល​ពល​យើង​សម្ដេចព្រះ​បរមបពិត្រ​ជា​អម្ចាស់​ ទ្រង់​ឲ្យ​បន្ថយ​អស់​ទៅ​ហើយ បើ​យើង​នឹង​ទៅ​កេណ្ឌ​ថែម​ទៀត ក្រែង​ពុំ​ទាន់ តែ​កាល​បិតា​ទូលព្រះបង្គំ​លោត​អន្លង់​សំលាប់​ខ្លួន​ទៅ​កេណ្ឌ​ទ័ព​បិសាច​ឲ្យ​ជួយ​ធ្វើការ​នោះ បាន​ផ្ដាំ​ទុក​នឹង​ចៅពញា​ចន្ទ មេ​ស្មឹង​ជាភឿន​ថា បើ​ម្ចាស់ផែនដី​មាន​សេចក្ដី​ទ័ល​ធុរៈ​ដូច​ម្ដេច កុំឲ្យ​ស្ដេច​មាន​បន្ទូល​ផ្ទាល់​ថាឲ្យ​មេ​ស្មឹង​និយាយ​ឆ្លង​ព្រះ​បន្ទូល លោក​នឹង​កេណ្ឌ​ទ័ព​បិសាច​មក​ជួយ​ឲ្យ​បានសំរេច។ ឥឡូវ​ការណ៍​យើង​ក៏​ប្រទាល​ខ្លួន​ណាស់​ហើយ គួរ​យើង​ធ្វើ​តាម​បណ្ដាំ​នោះ​ល្បងមើល សម្ដេចព្រះ​ភាគិនេយ្យ​យសរាជា​ជា​កែវ​នាយក​ទ្រង់​ជ្រាប​ហើយ ទ្រង់​ត្រាស់​ឲ្យ​ចៅពញា​ចន្ទ មេ​ស្មឹង ចូល​មក​ត្រាស់​ប្រាប់​ដូន​កូន​ពញា​មឿង​ពីរ​នាក់​យក​សេចក្ដី​ក្រាប​បង្គំ​ទូល។ ខណៈនោះ ពញា​ចន្ទ ​មេ​ស្មឹងទទួល​ព្រះ​បន្ទូល​ពិសេស​ហើយ​ក៏​ឲ្យធ្វើ​រោង​រាជវ័តិ និង​ឆត្រ គ្រឿង​សក្ការៈបូជា ស្លៀក​ស​ស្រេច​ហើយ ក៏​ចូល​ទៅ​ក្នុង​រោង​រាជពិធី​ឧទ្ទិស​ដល់​ខ្មោច​ពញា​មឿង​ថាសុំ​ឲ្យ​ពញា​ជួយ​ឲ្យ​បាន​សំរេច​ដូច​ជួយ​ការណ៍​ក្នុង​ខេត្ត​ពោធិ៍សាត់។ ក្នុង​គ្រានោះ​បិសាច​ពញា​មឿង​ចូល​សណ្ឋិត​នឹង​មេ​ស្មឹង ហើយ​ប្រាប់​កូន​ទាំង​ពីរ​ថាឲ្យ​យក​ចំបើង​ចង​ជា​រូប​មនុស្ស​ឲ្យ​កាន់​ប្រឆេះ​ឲ្យ​ពួក​ពល​ចេះ​តែ​តាំង​ហ៊ោបាញ់​កាំភ្លើង​ពី​ចំងាយ​ទៅ​សុំ​យើង​កេណ្ឌ​ទ័ព​បិសាច​ទៅ​ជួយ​ឲ្យ​សំរេច។ វេលា​នោះ​កូន​ពញា​មឿង​ទាំង​ពីរ​នាក់ លុះដល់​ពេល​យប់​ហើយឲ្យ​រេហ៍ពល​យក​ចំបើង​ចង​ជា​រូប​មនុស្សរួច​ចង​ប្រឆេះ​នៅ​រូប​ចំបើង​នោះយក​ទៅ​ដាក់​នៅ​ក្បាល​ត្រោក​ជុំវិញ​បន្ទាយ​ព្រះស្ដេច​កន។ ឯ​បិសាច​ពញា​មឿង​ក៏​កេណ្ឌ​ឲ្យ​តាំង​ហ៊ោ​បីដូច​គេ​ប្លន់​យក​បន្ទាយ។ ទ័ព​ស្ដេច​កន​ឮ​ហើយ ក៏​តាំង​តែ​បាញ់កាំភ្លើង ធ្នូ ស្នាចោល​ដុំ​ថ្ម​ពី​ក្នុង​បន្ទាយ​មក​ជា​ច្រើន​រាត្រីសម្ដេចចៅហ៊្វា​កៅ​ធ្វើ​តែ​ដូច្នោះ ​១៥ ​រាត្រី។ កងទ័ព​ក្នុង​បន្ទាយ​បាញ់​អស់​ព្រួញ ធ្នូ ស្នា នឹង​ជិត​អស់ទាំង​គ្រាប់រំសេវលុះដល់​យប់​គំរប់ ​១៥ ​នោះស្រាប់តែ​ឮ​តាំង​ហ៊ោ​ទូងស្គរ​ក្រោម​ដី និង​លើ​អាកាស​ដូច​រន្ទះ កក្រើក​ទាំង​ព្រះធរណី ធូលី​ក៏​បក់​បោក​ចូល​ភ្នែក។ អស់​សេនា​ទាហាន​ទ្រាំ​ពុំ​បាន​ក៏​បើកទ្វារ​បន្ទាយ​ខាងកើត ហើយរត់ទៅ​ទិស​អាគ្នេយ៍​ប៉ង​ទៅ​ខេត្ត​រោងដំរី​ដើម្បី​ទៅ​ពឹង​ប្រទេស​ចាម​ឲ្យ​ជួយ។ កងទ័ព​បិសាច​បណ្ដាល​អាត្មា​ឲ្យ​ឃើញកងទ័ព​ឈរ​តាំង​ហ៊ោ​តាម​ផ្លូវថ្នល់​ដល់​ទៅ​ខេត្ត​រោងដំរី​នោះ។ ឯ​ព្រះស្ដេច​កន សម្ដេចចៅហ៊្វា​កៅ ចក្រី និង​ស្នង​ធ្នឹម​ព្រះ​នគរ​ជាលន់នាំ​អ្នក​ម្នាង​ជាលែងរត់​ចេញ​តាម​ទ្វារ​ប៉ម​ទិសឦសានដើម្បី​ទៅ​ទិស​ខាងជើង​កាត់​ស្រុក​លាវ។ លុះ​ទៅ​ដល់​ព្រៃ​មួយអន្លើ​ឲ្យ​បោះទ័ព​បង្អង់​នៅ​ទីនោះ យូរ​ទៅ​ជាប់​ឈ្មោះ​បង្អង់​យារៗ​មក ហៅ​ហូរ​ជើង​វាំង។ ទីនោះ​ជា​ព្រៃ​គគីរ​មាន​ដើម​គគីរ​ជា​ច្រើន ព្រះស្ដេច​កន​ឃើញ​ដើម​គគីរ​មួយ​ធំ​ក្រៃ​លែងឲ្យ​បាំង​ស្រមោល​វាស់​ល​មើលឃើញ​ ២៤ ​ព្យាម សំណុំ​ ៩​ ព្យាម ទើប​ព្រះស្ដេច​កន​ប្រឹក្សា​នឹង​អស់​មន្ដ្រី​នាយកង​ទ័ព​ថា ចៅពញា​ចន្ទរាជា​មាន​ទូក​សារាយអណ្ដែត​វែង​តែ​ ១៨ ​ព្យាម ទើប​ព្រះស្ដេច​កន​នឹង​អស់​មន្ដ្រី​នាយកង​ទ័ព​ថា ចៅពញា​ចន្ទរាជា​មាន​ទូក​សារាយអណ្ដែត​វែង​តែ​ ១៨​ ព្យាម។ ដូច្នោះ​គួរ​យើង​ឲ្យ​កាប់​ដើម​គគីរ​ធ្វើ​ទូក​ឲ្យ​បានជា​ស្រេច ហើយនឹង​ឲ្យ​រាជសារ​ទៅ​បបួល​ចៅពញា​ចន្ទរាជា​អុំ​ភ្នាល់​ដាក់​ព្រះ​នគរ។ បើ​មិន​ភ្នាល់ យើង​នឹង​ឲ្យ​រេហ៍ពល​តាំង​ហ៊ោ​ចំអកចំអន់​ឲ្យ​ឈឺចិត្ដ។ បើ​ហ៊ាន​អុំ​ភ្នាល់ទូក​យើង​វែង​ជាង​ដល់​ទៅ​ ៧ ​ព្យាម​នោះគង់​មាន​ជ័យជំនះ​ដោយ​ងាយ​បាន។ គិត​ព្រមព្រៀង​គ្នា​ហើយ ស្ដេច​កន​ក៏​ឲ្យ​រេហ៍ពល​កាប់​ដើម​គគីរ​នោះ​ចាំង​លុង​បានជា​ទូក-ង​មួយ​វែង ​២៥​ ព្យាម ទទឹង ​១២​ ហត្ថទើប​ឲ្យ​ឈ្មោះ​ព្រៃ​គគីរ​នោះ​ហៅ​ថា ព្រៃ​គគីរ​រៀង​មក។ ឯ​ទូក​ដែល​កាប់​បាន​នោះ​សិត​ពុំ​ទាន់​រួច ហើយ​ស្ដេច​កន​ឲ្យ​អូស​យក​ទៅ​ធ្វើ​នៅ​ឯ​បន្ទាយ​សង់រោង និង​សិត​ទូក​នោះ ហើយ​ឲ្យ​សាង​ព្រះចេតិយ​មួយ​គិត​នឹង​យក​បន្ទាយ​សាង​ថ្មី​នេះ​ជា​មហានគរ។ កំពុង​តែ​សាង​ព្រះ​ចេតិយ​ធ្វើ​បន្ទាយ នឹង​សិត​ទូក​នោះ កងទ័ព​បិសាច​ក៏​តាម​ទៅ​សំដែង​ឫទ្ធិ​តាំង​ហ៊ោ​ឮ​សូរសព្ទ​ដូច​ជា​ស្គរ​រន្ទះ​ទាំង​ផែន​ប្រឹថពី។ ស្ដេច​កន ចៅហ៊្វា​កៅ និង​អស់​នាយ​កងទ័ព​មើល​មិនឃើញច្បាំង​ពុំ​កើត ឃើញ​ប្លែក​អស្ចារ្យ​ណាស់ទ្រាំ​ពុំ​បាន​ក៏​នាំ​គ្នា​រត់​ពី​ទីនោះ​ទៅ​ទៀត។ ស្ដេច​កន សម្ដេច​កៅ សម្ដេចចៅពញា​ហែង​រត់​បែក​គ្នា​ទៅ​ចុង​ម្ខាង ឯ​អ្នក​ម្នាង​ជាលែង និង​ចក្រី​នីរត់​បែកផ្លូវ​ទៅ​ទិស​ខាងត្បូង​ទៅ​ដល់​ភូមិ​គោក​ស្រុក ហើយ​ទី​ដែល​បែកផ្លូវ​នោះជាប់​ហៅ​ភូមិ​នាង​ឃ្វាងផ្លូវ​យារៗ​មក​ហៅ​ថា​ភូមិ​ស៊ាងឃ្វាង។ ក្រោយមក​អ្នក​ម្នាង​ជាលែង​រត់ទៅ​ទៀតចូល​ព្រៃ​លេច​វាល​គិត​ថា ក្រែង​ស្ដេច​កន​តាម​រក​ខ្លួន​ពុំ​ឃើញ​ក៏​កាត់សក់​ចង​នឹង​មែកឈើ​នោះ​ប្រាថ្នាឲ្យ​ស្ដេច​កន​ឃើញ​ហើយ​តាម​រក​បាន​ជា​ជាប់​ហៅ​វាល​ចង​សក់​ដល់​សព្វ​ថ្ងៃនេះ។ ត​មក​ទៀត​នាង​ដើរ​ហួស​ទៅ​ទៀត​ត្រូវ​ថ្ងៃ​ក្ដៅ​ណាស់ ខណៈ​នោះ​មាន​សត្វ​ខ្លែង​មួយ​ហ្វូងចំកាង​ស្លាប ហើរ​បាំង​ពីលើ​មិន​ឲ្យ​ក្ដៅ លុះ​មាន​គេ​ទៅ​នៅ​ភូមិ​នោះ​ក៏​ជាប់​ឈ្មោះ​ហៅ​ថា ភូមិ​បង្ហើរខ្លែង។ នាង​ដើរ​ហួស​ទៅ​ទៀត ឃើញ​ត្រពាំង​មួយ​ទឹកថ្លា​ល្អ នាង​ក៏​ចូល​ទៅ​កក់​ក្បាល​នៅ​ទីនោះ លុះ​មាន​គេ​ទៅ​នៅ​ភូមិ​បាន​ជាប់​ឈ្មោះ​ហៅ​ថា ភូមិ​ស្រែ​កក់​រៀង​មក។ នាង​ដើរទៅ​ទៀត​មាន​អូរ​មួយ​នឹង​ដើរ​ឆ្លង​មិន​រួច​នាង​បន់​ដល់​អ្នកតា​បង់បត់សុំ​ឲ្យ​មាន​ទូក​ឆ្លង ពេល​នោះ​អ្នកតា​បង់បត់​តំណែង​ជា​ក្រពើ​មួយ​ឲ្យ​នាង​ដើរ​ជាន់​ឆ្លង​ទៅក្រពើ​នោះ​ប្រែ​ក្លាយទៅជា​ក្រពើ​ថ្ម​រហូត​ដល់​សព្វ​ថ្ងៃនេះ គេ​ហៅ​ថា​ភូមិភាគ​ក្រពើ​រៀង​មក។ នាង​ដើរ​ហួស​ទៅ​ទៀត​រោយ​ជើង​ដើរ​ពុំ​រួចអស់​កងទ័ព​សុំ​ពរ​នាង​នៅ​ទួល​នោះ សព្វ​ថ្ងៃនេះ​ជាប់​ហៅ​ថា​ ទួល​សុំ​ពរ។ លុះ​ដើរទៅ​ទៀត នាង​សួស​ជា​មាតា​នាង​ជាលែង រោយ​ជើង​ដើរ​មិន​រួច ចៅពញា​ចក្រី​នីឲ្យ​យក​សំពត់​ធ្វើ​អង្រឹង ហើយ​យក​ដង​ផ្គាក់​ធ្វើ​ស្នែង​ សព្វថ្ងៃ​នេះ​ជាប់​ឈ្មោះ​ហៅ​ថា ព្រែក​ដង​ផ្គាក់។ តពី​នេះទៅ​ទៀត​ដល់​វាល​មួយ​អន្លើ ធ្លាក់​ខ្នើយ​នាង​សួស​ពី​អង្រឹងបានជា​ជាប់​ឈ្មោះ​ហៅ​ថា វាល​ជ្រុះ​ខ្នើយ។ លុះ​ទៅ​ដល់​អូរ​មួយ​អន្លើ ចោល​ស្នែង​ដែល​សែង​នាង​សួស​នោះ​ទៅ​ក្នុង​អូរ​នោះ​សព្វថ្ងៃ​គេ​ហៅ​ថា អូរ​ចោល​ស្នែង។ ក្នុង​ស្រុក​ត្បូងឃ្មុំ​នោះ​មាន​អុង​ម៉ុង​ពីរ (ដូច​ដែល​យើង​បាន​ពណ៌នា​រួច​មក​ហើយ​ក្នុង​ដើម​នេះ) អ្នកស្រុក​សន្មត​ហៅ​ថា អុង​ម៉ុង​ព្រះ​មហោសថ។ អុង​ម៉ុង​តូច​នោះ​មាន​ទំហំ​ ៧ ​ហត្ថ​បួន​ជ្រុង អុង​ម៉ុង​ធំ​នោះ មាន​ទំហំ​ ១៣ ​ហត្ថ​បួន​ជ្រុង។ ទឹក​ដែល​ហូរ​លើ​អុង​ម៉ុង​នោះធ្លាក់​ទៅ​លើ​ព្រែក​ឆ្លូង​ឆ្ពោះ​ត្រង់​ទៅ​ស្រុក​យួន។ លុះ​ពេល​សែង​នាង​ទៅ​ដល់​អុង​ម៉ុង​នោះ​សំរាកមួយសន្ទុះ នាង​ទៅ​ពួន​ក្នុង​ហោង​តូច សព្វ​ថ្ងៃនេះ​គេ​ហៅ អុង​ម៉ុង​តូច​នោះ​ថា ហោង​ពល​សែង។ លុះ​ឃើញ​ថា​ស្ងប់ស្ងាត់​គ្មាន​កងទ័ព​លើក​តាម​ទេ នាង​នាំ​បក្សពួក​ទៅ​ដល់​ហោង​អុង​ម៉ុង​ធំ​នោះ នាង​សួស​ទាំង​កូន និង​ម្ដាយ​ចូល​ទៅ​ពួន​ក្នុង​អុង​ម៉ុង​នោះ សព្វថ្ងៃ​គេ​ហៅ​ថា ហោង​ពួន។ ពួក​នេះ​ហួស​ទៅ​ខាងកើត​បាន​ជួបជុំ​ព្រះស្ដេច​កន សម្ដេច​កៅ។ ស្ដេច​កន​ជំនុំ​គ្នា​នឹង​ធ្វើ​បន្ទាយ​ទៀត តែ​ធ្វើ​មិន​កើត លុះ​មាន​គេ​ទៅ​នៅ​ភូមិ​នោះ​ជាប់​ឈ្មោះ​ថា​ភូមិ​ស្រែ​បន្ទាយ។ រត់​ពី​នោះ​ទៅ​ទៀត​ដល់​វាល​មួយ​វែង​បណ្ដោយ​ទៅ​ខាងកើត ក្រោយមក​មាន​គេ​ទៅ​នៅ​ស្រែ សព្វ​ថ្ងៃនេះ​ជាប់​ហៅ​ឈ្មោះ​ភូមិ​ស្រែ​វែង។ រត់​ទៅ​ទៀត​ច្រឡំ​ផ្លូវ​លោជា​គេច​ទៅ​ឦសាន​ព្រៃ​ដែល​មក។ ក្រោយមក​មាន​គេ​ទៅ​នៅ​សព្វ​ថ្ងៃនេះ​ហៅ​ថា ភូមិ​រលា ​រៀង​មក។ បក្សពួក​ស្ដេច​កន​នាំ​គ្នារត់ទៅ​ទិស​ខាងកើត​ទៀត​ជួបនឹង​ស្វា​ស​មួយ ​ស្វា​នោះ ​ក៏​បេះ​ផល្លានុផល​ទំលាក់​មក​ឲ្យ​ក្រោយមក​គេ​ទៅ​រានភូមិ​នៅ​សព្វ​ថ្ងៃនេះ​ជាប់​ជា​ភូមិ​ស្វា​ស។ រត់​ទៅ​ឯកើត​ទៅ​ទៀត ដល់ចំការពោត​មួយអន្លើ ម្ចាស់​ចំការ​ឈ្មោះ​ថៅកែ យក​ពោត​មក​ថ្វាយ​ស្ដេច​កន ហើយ​ស្ដេច​កន​ឲ្យ​ពរ​ថាឲ្យ​រកស៊ី​កើត​កាល​វាលគុម្ព។ លុះ​ក្រោយមក​មាន​គេ​ទៅ​នៅ​គេ​ហៅ​ថា ភូមិ​ជីកែ ​រៀង​មក។ រត់​ទៅ​ទិស​ខាងកើត​ស្ដេច​នឹង​នាង​អស់កំលាំង​ណាស់ អស់​ពួក​ពល​ឃើញ​ថ្ម​មួយ​ដុំ​ចាំង​ធ្វើ​ជា​គ្រែ បណ្ដោយ​ ៦​ ហត្ថ កំពស់ ​១​ ហត្ថ ទទឹង ​៣ ​ហត្ថ​ថ្វាយ​ស្ដេចផ្ទុំ​លុះ​ក្រោយមក​មាន​គេ​ទៅ​រាន ភូមិ​នៅ​គេ​ហៅ​ ភូមិ​ថ្ម​គ្រែ។ ឯ​សម្ដេចចៅហ៊្វា​កៅ ចៅពញា​ចក្រី​នី ចៅពញា​វៀង ចៅពញា​វាំង​ ៤​ នាយ​នេះ​កាល​ភ័យ​ពេក​ក៏​រត់​បែក​គ្នា ចូល​ទៅ​ខេត្ត​បាភ្នំ មឿងរមាសហែក​មាន​ស្ម័គ្របក្សពួក​ ២០០​ នាក់។ វេលា​នោះ​កងទ័ព​នាយ​ទាំង​ ៤ ​បាន​ប្រទះ​នឹង​ចៅពញា​សួគ៌ាលោក​សុខ កូន​ពញា​មឿង កងទ័ព​ទៅ​ដេញរត់ទៅ​ទៀត។ ឯ​ស្ដេច​កន​ឃ្លានបាយ​ណាស់ ក៏​ឈប់​ឲ្យ​ដាំបាយ តែ​ដាំ​ពុំ​ទាន់​ឆ្អិន ទ័ព​គេ​ទៅ​ដល់​ក៏​រត់​ទៅ​ចោល​បាយ​នៅ​ទីនោះ​ទាំង​បាយ​ឆៅ​ផង។ លុះ​កងទ័ព​ចៅពញា​សួគ៌ាលោក​ទៅ​ដល់​ក៏​យក​បាយ​ឆៅ​នោះ​ស៊ី ក្រោយមក​ទៀត​មាន​គេ​ទៅ​រានភូមិ​នៅ​គេ ហៅ​ ភូមិ​បាយ​ឆៅ​រៀង​មក។ ឯនាយ​កងទ័ព​ខ្មាំង​ទាំង ​៤​ នាក់​ឃើញ​ត្រឡាច​ផ្លែ​ក្នុង​ព្រៃ​ក៏​បបួល​គ្នា​បេះ។ កំពុង​តែ​បេះ​នោះ​ទ័ព​គេ​ទៅ​ដល់​ចាក់​កាប់សំលាប់ចៅពញា​វៀង ចៅពញា​វាំង ហើយ​ទ័ព​ដែល​នៅ​សល់​ក៏​បែក​រត់​ទៅ​ទៀត។ ក្រោយ​ដែល​បេះ​ត្រឡាច​នោះ​មក​មាន​គេ​ទៅ​នៅ​ក៏​ជាប់​ហៅ​ថា​ ភូមិ​ត្រឡាច ​រៀង​មក។ ឯ​សម្ដេចចៅហ៊្វា​កៅ និង​ចក្រី​នី នាំ​ស្ម័គ្របក្សពួក​រត់ទៅ​ដល់​ព្រៃ​មួយ​អន្លើ​មានទឹក​ត្រពាំង​ល្មម​ពេល​ដាំ​បាយ​ស្ល​ស៊ី​ក៏​ឈប់​កាប់​ត្រី​ធ្វើ​ម្ហូប។ លុះ​កងទ័ព​គេ​ទៅ​ដល់​សម្ដេចចៅហ៊្វា​កៅ ចៅពញា​ចក្រី​នី ប្រថុយ​ជីវិត​ចូល​មក​តដៃ​ក៏​កំពប់​ត្រី​ពី​ចាន​បានជា​ជាប់​ហៅ​ថា ភូមិ​ចាន​ត្រី​រៀង​មក។ ឯ​ចៅហ៊្វា​កៅ ចក្រី​នី​នាំ​ស្ម័គ្រ​បក្សពួក​រត់ទៅ​ទៀត ចៅពញា​សួគ៌ាលោក​ក៏​ដេញ​តាម​ទៅ​បន្ដិច ចៅពញា​តេជោ​លើកទ័ព​ទៅ​ដល់​ក៏​ចូល​ប្រកាប់​គ្នា ចក្រី​នី​នឹង​ចៅពញា​សួគ៌ាលោក សម្ដេច​កៅ​ត​នឹង​ចៅពញា​តេជោ អ្នក​ទាំងនោះ​ស្ទាត់​ក្នុង​ការ​កាន់​អាវុធ​ចិត្ដមុត​ដូច​គ្នា។ ប្រយុទ្ធ​គ្នា​ពី​ថ្ងៃត្រង់​ដល់​រសៀល បិសាច​ពញា​មឿង​បណ្ដាល​ឲ្យ​ចៅហ៊្វា​កៅ ចក្រី​នី ឮ​សូរដូច​គេ​ស្រែក​សន្ធាប់​នាំ​ឲ្យ​ធ្លាក់​អាវុធ​ពី​ដៃ។ ខណៈនោះ​ចៅពញា​សួគ៌ាលោក ចៅពញា​តេជោ​សំលាប់​បាន ហើយ​កាត់​ក្បាល​នាំ​មក​ថ្វាយ​សម្ដេចព្រះ​ភគិនេយ្យា​យស​រាជ​ជា​កែវ​នាយក​ ទ្រង់​ព្រះ​អំណរ​ណាស់ ទ្រង់​ប្រោស​រង្វាន់​តាម​សមគួរ។ ឯ​សម្ដេចចៅពញា​ហែង នាង​ជាលែង ចៅពញា​ស្រាល ចៅពញា​លំពាំង​នោះ​នៅ​ជាមួយ​នឹង​ព្រះស្ដេច​កន​ធ្វើ​បន្ទាយ​រាយ​ល្បាត​យាម​ក្នុង​ព្រៃ​នោះ តែ​ជិត​កើតជា​បន្ទាយ​កាលណា​ក៏​ចេះ​តែ​ឮ​សូរដូច​ជា​កងទ័ព​គេ​លើក​ទៅ​ចោម។ ដូច្នោះ​ហើយ​ស្ដេច​កន​ក៏​នាំ​គ្នា​ជិះ​ដំរី​ទៅ​ជ្រក​ក្នុង​ព្រៃ​មួយ​ក្រោយមក​មាន​គេ​ទៅ​នៅ​គេ​ហៅ ​ភូមិ​ដំរី​ជ្រាប។ រត់​ពី​នោះ​ទៅ​ទៀត​ស្ដេច​កន​ជួប​មេមត់​ម្នាក់​ល្បី​ថា​ឆុត​ណាស់ ស្ដេច​កន​ឲ្យ​បញ្ជាន់​សួរ​ពី​សុខ​ឬ​មិន​សុខ។ មេមត់​នោះ​ឆ្លើយ​ថា ពុំ​សុខ​ទេ បើ​ចង់​សុខ​ឲ្យ​ទៅ​សុំ​ទោស​ហ្លួង​ខាងលិច ក្រោយមក​នោះ​មាន​គេ​ទៅ​នៅ​ទីនោះ​ក៏​ជាប់​ហៅ​ថា ភូមិ​មេមត់​ រៀង​មក។ រត់​ពី​នោះ​ទៅ​ទៀត​ដល់​ព្រៃ​មួយអន្លើ ពួក​យាម​គ្មាន​ឫស្សី​ធ្វើ​ត្រដោក តែ​ឃើញ​ផ្ទាំង​ថ្ម​មួយ​មាន​រូង​ពួក​យាម​ក៏​វាយ​ថ្ម​នោះ​ខ្ទ័រ​ដូច​ស្គរ​ដូច​ ត្រដោក។ ក្រោយមក​មាន​គេ​ហៅ​ឈ្មោះ​ភូមិ​នោះ​ថា ភូមិ​ត្រដោក។ រត់​ទៅ​ទៀត​ស្ដេច​កន​ឃើញ​ទន្លេ​ចាម​មាន​ទឹក​ហូរ​ចុះ​ទៅ​ស្រុក​ព្រៃ ក៏​ឈប់​ទ័ព​នៅ​ទីនោះ។ មាន​កំពង់​ចុះ​ងូត​ដងទឹក​នោះ​ដោយ​ខ្លួន មាន​ឈ្មោះ​កំពង់​នាង​ជាលែង កំពង់ហ្លួង កំពង់​សម្ដេចចៅពញា​ហែង​រៀង​មក។ លុះ ​នៅ​ទីនោះ​យូរ​ទៅ​សម្ដេចចៅពញា​ហែង ជំទាវ​សួសក៏​មាន​ជំងឺ​ហើយ​អនិច្ចកម្ម​ទៅ នៅ​តែម​ន្ដ្រី​សេនា​ទាហាន​ជាន់​តូចៗ និង​រេហ៍ពល​ប្រាំ ឬ​ប្រាំមួយ​រយ​នាក់ ទើប​ព្រះ​ស្រីជេដ្ឋា​ជំនុំ​នឹង​រេហ៍ពល​ទាំងឡាយ​ថា យើង​រត់​មក​នោះ​ឆ្ងាយ​ណាស់ ស្បៀងអាហារ​ក៏​តិច​ណាស់ កេណ្ឌ​រេហ៍ពល​ថែម​ទៀត​ក៏​ពុំ​បាន។ យើង​យល់​ថា ព្រះ​ចន្ទរាជា​ទៅ​ខេត្ត​ពោធិ៍សាត់​ទៅ​ហើយ នៅ​តែ​ពញា​យសរាជា​នោះ​ជា​ក្មួយ​អញ​បង្កើត ដូច្នោះ​បើ​ទុក​ជា​ម្ដេច​ម្ដា ក៏​ចៅពញា​យសរាជា​មិន​យកទោស​អញ​ទេ ទ្រង់​ឲ្យ​អញ​ធ្វើ​ជា​សម្ដេចជា​សម្ដេច​ចៅហ៊្វា​ដែរ ហើយ​ពួក​ឯង​រាល់គ្នា​គង់​បាន​សេចក្ដីសុខ​ដែរ។ ការណ៍​ដែល​ឯង​មាន​គុណ​គាប់​នឹង​អញ អញ​និង​ទំនុក​បំរុង​បាន​ដោយ​ងាយ។ អញ​យល់​ថា យើង​ចាក់ចោល​គ្រាប់រំសេវ​ឲ្យ​អស់ ហើយ​សុំ​ចុះចូល​វិញ​ឃើញ​ថាបាន​សេចក្ដីសុខ​ប្រសើរ​ជាង។ អស់​ពល​ក៏​យល់​ព្រម​តាម សព្វថ្ងៃ​ទីនោះ​ហៅ​ថា ភូមិ​ជំនុំ រៀង​មក។ ព.ស​ ២០៦៩, គ.ស ​១៥២៥, ម.ស​ ១៤៤៧, ច.ស ​៨៨៧ ឆ្នាំរកា​ សប្ដស័ក សម្ដេចព្រះ​ស្រីជេដ្ឋាគឺ​ព្រះស្ដេច​កនបាន​ចាក់ចោល​គ្រាប់រំសេវ ហើយ​ក៏​នាំ​រេហ៍ពល​មក​ដល់​វត្ដ​គរ​ដែល​ព្រះ​នាង​ជាលែង​សាង​នោះ។ នៅ​ទីនោះ​ស្ដេច​កន​ឲ្យ​រេហ៍ពល​ជីក​ស្រះ​មួយ​នៅ​ផ្នែក​កើត​ព្រះ​វិហារ​ទុក​ ជាទី​សំរាប់​វត្ដ។ ក្រោយមក​ស្ដេច​កន​នាំ​រេហ៍ពល​ទៅ​ទិស​ខាងជើង ដល់​វត្ដ​មួយ​ដែល​សម្ដេច​ចៅពញា​ហែង បិតា​ព្រះ​ម្នាង​ជាលែង​សាង​នោះ​ឲ្យឈ្មោះ​ជាប់​នឹង​វត្ដ​ដែល​សាង​នោះ​ហៅ​ថា វត្ដ​គរ​ការ​ទួល​តា​ហែង តាម​នាម​សម្ដេច​ហែង។ រួច​ចេញ​ទៅ​ខាងលិច​ភូមិ​ព្រះ​អង្គ​ឲ្យ​ជីក​ស្រះ​មួយ​បណ្ដោយ​ប្រវែង​ ៥០​ ព្យាម ទទឹង​ ២៥ ព្យាម ហើយ​សាង​វត្ដ​មួយ​សាង​ព្រះពុទ្ធរូប និង​ដើម​រកា ​៥ ​ព្រះ​អង្គ​បាន​ដាក់​ឈ្មោះ​ហៅ​ថា វត្ដ​ភូមិ​រកា​ព្រះ​ប្រាំ​ រៀង​មក។

ឯកសារយោង

[កែប្រែ]
  • ឯកសារមហាបុរសខ្មែរ
យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
ជំទាវនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
ដើមសតវត្សទី១៦
តដោយ
មិនស្គាល់