Jump to content

សារមន្ទីរទួលស្លែង

ពីវិគីភីឌា

Coordinates: 11°32′58″N 104°55′04″E / 11.54944°N 104.91778°E / 11.54944; 104.91778

ទិដ្ឋភាពខាងក្រៅនៃអាគារមួយនៅសារមន្ទីរទួលស្លែង, ក្រុងភ្នំពេញ

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬសារមន្ទីរទួលស្លែង គឺជាសារមន្ទីរមួយនៅទីក្រុងភ្នំពេញ សម្រាប់ចងចាំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ទីនេះជាអតីតមន្ទីរសន្ដិសុខ២១​ (ហៅកាត់ថា «ស.២១») នៃរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយប៉ុល-ពត (ឈ្មោះដើម សាឡុតស) ពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ មន្ទីរស.២១ ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ និង សម្លាប់ក្រោយពេលបានបំពេញ សំណុំឯកសារសេចក្ដីសារភាពចប់សព្វគ្រប់។ ថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បក្សនិងរដ្ឋបានរៀបចំប្រមូលផ្ដុំវត្ថុតាងដែលមាននៅក្នុងមន្ទីរស២១ ដូចជា រូបថត ហ៊្វីល សំណុំឯកសារសេចក្ដីសារភាពជនរងគ្រោះសម្ភារៈធ្វើទារុណកម្ម ខ្នោះកងជើងនិងសាកសពជនរងគ្រោះចំនួន១៤នាក់(ក្នុងនោះមានស្រ្ដីចំនួន១នាក់)តាំងជាពិពណ៌ជូនភ្ញៀវជាតិនិងអន្ដរជាតិទស្សនា។ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានបើកទ្វារនៅថ្ងៃដែលតុលាការប្រជាជនបដិវត្តន៍កម្ពុជាបើកសវនាការកាត់ទោសមេដឹកនាំ កម្ពុជាប្រជាធិបតេយ្យ ប៉ុល-ពត អៀង-សារី និង ខៀវ-សំផន (នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ១៩៧៩)។ អតីតមន្ទីរស២១មានទំហំ៦០០មx៤០០ម មានព្រំប្រទល់ខាងជើងទល់នឹងមហាវិថីព្រះនរោត្តមសីហនុ ខាងត្បូងទល់នឹងមហាវិថីម៉ៅសេទុង ខាងកើតទល់នឹងមហាវិថីព្រះមុនីវង្ស ខាងលិចទល់នឹងផ្លូវលេខ១៦៣ ហ៊ុំព័ន្ធដោយរបងស័ង្កសីពីរជាន់រាយលួសបន្លាយ៉ាងស្អេកស្កះពីលើ។ គ្រឹះស្ថានសិក្សាពីរគឺសាលាបឋមសិក្សាទួលស្លែងនិងវិទ្យាល័យទួលស្វាយព្រៃដែលស្ថិតនៅក្នុងតំបន់នៃការហ៊ុំព័ន្ធតំបន់នោះ ពួកវាបានធ្វើរបងស័ង្កសីមានលក្ខណៈដូចគ្នាហ៊ុំព័ទ្ធគ្រឹះស្ថានទាំងពីរនេះមួយជាន់ទៀតដែលមានព្រំប្រទល់របងខាងកើតទល់នឹងផ្លូវលេខ១១៣ ខាងលិចទល់នឹងផ្លូវលេខ១៣១ ខាងជើងទល់នឹងផ្លូវលេខ៣២០ ខាងត្បូងទល់នឹងផ្លូវលេខ៣៥០។ការហ៊ុំព័ន្ធនេះធ្វើនៅក្រោយពេលបណ្ដេញប្រជាជនចេញពីភ្នំពេញ អោយទៅតំបន់ព្រៃភ្នំ ឬ ជនបទដាច់ស្រយាលរស់នៅជាភាពទាសករប្រៀបដូចជា គុកគ្មានជញ្ជាំង។ អគារទាំង៤នៃវិទ្យាល័យដែលមានបន្ទប់ថ្នាក់រៀនត្រូវបានពួកមន្ទីរស២១ ប្រែក្លាយជាបន្ទប់តូចៗដែលមានប្រវែង២មx០.៨០ម សំរាប់ឃុំឃាំងអ្នកទោសម្នាក់ៗ។ ខាងមុខអគារពាសដោយលួសបន្លាជាក្រឡាចក្រត្រង្គដើម្បីការពារកុំអោយជនរងគ្រោះធ្វើអត្តឃាតដោយលោតពីលើចុះមកក្រោម។ ដោយឡែកនៅឆ្នាំ១៩៧៧~៧៨ អគារ "ក" បានរៀបចំជាបន្ទប់ទំហំ៦មx៤មមានបង្អួចឃាំងដោយចំរឹងដែកយ៉ាងរឹងមាំ និងពាសដោយកញ្ចក់ការពារកុំអោយសំរែកឈឺចាប់នៃជនរងគ្រោះលឺចេញមកក្រៅនៅពេលធ្វើទារុណកម្មម្ដងៗ។ អគារ "ក" សំរាប់ឃុំឃាំងកម្មាភិបាលដែលត្រូវបានចោទប្រកាន់ជា អ្នកប្រឆាំង អង្គការបដិវត្តន៍មានរបបគ្រែដេក ភួយខ្នើយ កន្ទេល។ រីឯកេសដែក និង ប៊ីដុងជ័រ សំរាប់ជនរងគ្រោះប្រើប្រាស់អោយការន្ទោរបង់។ អគារ "ខ គ និង ឃ" ជាន់ខាងក្រោមខណ្ឌជាបន្ទប់តូចៗសង់ពីឥដ្ឋ ជាន់ទី២បន្ទប់អំពីឈើ ជាន់ទី៣បន្ទប់ឃុំឃាំងរួមគ្នា។

ផ្នូរសាកសពចំនួន១៤ គឺសាកសពជនរងគ្រោះ ដែលបានរកឃើញដោយកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សាកសពមានសភាពហើមរលួយមិនអាចមើលស្គាល់ឡើយ បានសែងយកមកកប់នៅខាងមុខ អគារ "ក" ។ សាកសពទាំង១៤នាក់ ក្នុងនោះមានសាកសព១នាក់គឺនារី។ ពួកស២១បានសំលាប់ជនរងគ្រោះទាំងអស់នេះជាចុងក្រោយបង្អស់មុនពេលពួកវារត់គេចភៀសខ្លួនចេញទៅ។

បង្គោលឈើសំរាប់សិស្សានុសិស្សធ្វើលំហាត់កីឡា ត្រូវបានធ្វើជាកន្លែងសំរាប់ធ្វើទារុណកម្មសួរចំលើយ ដោយចងដៃជនរងគ្រោះទាំងពីរទៅក្រោយហើយទាញឡើងខ្ពស់ទៅលើរួចទំលាក់ចុះមកក្រោមជាច្រើនលើកជាច្រើនសាររហូតជនរងគ្រោះសន្លប់បាត់ស្មារតី ទើបពួកវាយកជនរងគ្រោះជ្រមុជក្បាលចូលទៅក្នុងពាងដែលមានទឹកសំអុយដើម្បីអោយមានស្មារតីឡើងវិញរួចសួរចំលើយបន្ដទៀត។

ដើម្បីរក្សាសន្ដិសុខ និង ចាត់ចែងការងារផ្ទៃក្នុងមន្ទីរស២១ និងសាខានានា ពួកកម្ពុជាប្រជាធិបតេយ្យ បានប្រើប្រាស់កំលាំងបុគ្គលិកនៅក្នុងឆ្នាំ១៩៧៦ មានចំនួន១៦៨៤នាក់ ចែកចេញជា៣អង្គភាពគឺៈ មន្ទីរស២១(ទួលស្លែង) មន្ទីរស២១ ក(នៅតាខ្មៅ) មន្ទីរស២១ ខ(នៅព្រៃស ខាងលិចក្រុងភ្នំពេញខណ្ឌដង្កោ ខេត្តកណ្ដាល) ជាកន្លែងផលិតគ្រឿងកសិកម្មផ្ដល់អោយមន្ទីរស២១។ មន្ទីរនិងសាខាទាំងអស់នេះ ស្ថិតនៅក្រោមឪវាទក្រសួងការពារប្រទេសនិងមជ្ឈឹមបក្ស ប៉ុលពត ផ្ទាល់ដែលមានគណៈអចិន្រ្ដៃយ៍មជ្ឈឹមបក្សជាជំនួយការម្នាក់និងជាអ្នកទទួលខុសត្រូវគឺឈ្មោះ កាំងហ្គេកអ៊ាវ ហៅ ឌុច ជាតិខ្មែរ ស្រុកកំណើតនៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរសាស្រ្ដាចារ្យ។ ឈ្មោះឌុចគឺអតីតប្រធានមន្ទីរស២១។

យោងតាមការស្រាវជ្រាវទៅលើបញ្ជីឈ្មោះជនរងគ្រោះដែលចេញចូលពីឆ្នាំ១៩៧៥ មកទល់ខែមិថុនាឆ្នាំ១៩៧៨។

  • ឆ្នាំ១៩៧៥ មានចំនួន១៥៤នាក់
  • ឆ្នាំ១៩៧៦ មានចំនួន២២៥០នាក់
  • ឆ្នាំ១៩៧៧ មានចំនួន២៣៥០នាក់
  • ឆ្នាំ១៩៧៨ មានចំនួន៥៧៦៥នាក់

ចំនួននេះមិនបានរាប់បញ្ចូលកុមារតូចៗដែលពួកវាបានសំលាប់ផងទេ។ តាមការប៉ាន់ស្មានមានប្រហែល ២០ ០០០នាក់។ រយៈពេលឃុំឃាំងមាន២ខែទៅ៤ខែខ្លះទៀតដែលពាក់ព័ន្ធរឿងនយោបាយ(អ្នកទោសនយោបាយ)គឺឃុំឃាំងរហូតដល់៦ ឬ ៧ខែក៏មាន។

ដូច្នេះជាការចាំបាច់បំផុត យើងត្រូវការពារកន្លែងនេះអោយបានគង់វង្សជាពិសេសឯកសារ និងភស្ដុតាងនានាដើម្បីបញ្ជាក់និងដក់ងំក្នុងចិត្ត នូវអំពើជិះជាន់សង្កត់សង្កិននៃរបប កម្ពុជាប្រជាធិបតេយ្យ ហើយកុំអោយរបបនេះវិលត្រឡប់សារជាថ្មីក្នុងសង្គមកម្ពុជាទៀត។ កូនខ្មែរជំនាន់ក្រោយគ្រប់ៗរូបត្រូវចង់ចាំជានិច្ចនៅសោកនាដកម្មដ៏ខ្លោចផ្សានិងជូរចត់មួយនេះទុកជាបទពិសោធន៍ជីវិតសំរាប់ទៅពេលអនាគត ហើយខិតខំកសាងប្រទេសជាតិដោយដើរជៀសអោយផុតពីផ្លូវមួយនេះ។

ជាចុងបញ្ចប់សូមឧទ្ទិសអត្ថបទនេះជូនចំពោះបងប្អូនខ្មែរដែលបានបាត់បង់ជីវិតក្នុងរបបនេះ សូមបងប្អូនធ្វើដំណើរទៅកាន់សុគតិភពស្ងប់ក្នុងបរលោក។

ប្រវត្តិ

[កែប្រែ]

ដើមឡើយទីនេះគឺជាវិទ្យាល័យចៅពញ្ញាយ៉ាត តែត្រូវពួកខ្មែរក្រហមយកធ្វើជាមន្ទីរឃុំឃាំងនិងសួរចម្លើយ នៅខែសីហាឆ្នាំ១៩៧៥ គឺរយៈពេល៤ខែក្រោយពេលពួកខ្មែរក្រហមឡើងកាន់អំណាច។

មន្ទីរ​ស‑២១ ជា​មណ្ឌល​កណ្តាល​ដ៏​ធំ​មួយ​នៃ​ប្រព័ន្ធ​គុក​នៅ​ទូទាំង​ប្រទេស ហើយ​គុក​នេះ​ក៏​ជា​កន្លែង​សម្ងាត់សម្រាប់​ឃុំឃាំង សួរ​ចម្លើយ ធ្វើ​ទារុណកម្ម និង​កំទេច​អ្នក​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា “អ្នក​ទោស​នយោបាយ” របស់​របប​នេះ​។ ខ្មែរ​ក្រហម​ចាប់​យក​អ្នក​ទោស​មក​ឃុំ​ឃាំង​ទាំង​ក្រុម​គ្រួសារ ដោយ​ផ្អែក​លើ​គោល​នយោបាយ​ដាក់​កំហុស​ជា​ប្រព័ន្ធ​។ អ្នកទោសមួយចំនួនតូចត្រូវខ្មែរក្រហមដោះលែងក្រោយចាប់មកឃុំឃាំងនៅមន្ទីរស-២១ នៅក្រោមការគ្រប់គ្រងរបស់ខ្លួនចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយក្នុងចំណោមនោះមានតែជនរងគ្រោះ១២នាក់តែប៉ុណ្ណោះដែលមានជីវិតនៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបានរំដោះទីក្រុងភ្នំពេញ។ ក្នុងចំណោមជនរងគ្រោះ១២នាក់មានកុមារ៤នាក់។

ជិវិតដ៏វេទនានៅក្នុងគុក

[កែប្រែ]

ការធ្វើទារុណកម្មនិងការសំលាប់រង្គាល

[កែប្រែ]

ជនបរទេសដែលជាប់ឃុំឃាំងក្នុងគុក

[កែប្រែ]

បុគ្គលិកនៃមន្ទីរសន្ដិសុខ ២១​ (ស.២១)

[កែប្រែ]

ច្បាប់វិន័យសន្ដិសុខ

[កែប្រែ]

ការលាតត្រដាងអំពីគុកទួលស្លែង

[កែប្រែ]

សារមន្ទីរទួលស្លែងបចុប្បន្ន

[កែប្រែ]

មន្ទីរ​ឃុំ​ឃាំង​ស-២១ មាន​បុគ្គលិក​បម្រើ​ការ​ផ្ទាល់​និង​ប្រយោល​ប្រមាណ​១.៧២០នាក់​។ បុគ្គលិក​ភាគ​ច្រើន ​ជា​កម្មករ​បម្រើ​ការងារ​ទូទៅ​ដោយ​រាប់​បញ្ចូល​ទាំង​អ្នក​ដាំ​ស្ល រី​ឯ​បុគ្គលិក​មួយ​ចំនួន​ទៀត បម្រើ​ការ​ផ្ទាល់​នៅ​ផ្នែក​រដ្ឋបាល យាមកាម និង​សួរ​ចម្លើយ​អ្នក​ទោស។

មើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]

អាន-ស្រាវជ្រាវបន្ថែម

[កែប្រែ]

តំណភ្ជាប់ខាងក្រៅ

[កែប្រែ]