Jump to content

ស័ង្ខរង្សី

ពីវិគីភីឌា
ស័ង្ខរង្សី
ប្រភេទសេះ
ភេទឈ្មោល
កើតក្បាលកោះសូទិន
កន្លែងអាស្រ័យរោងសេះ
តួនាទីសំខាន់សេះសឹក
រយៈពេលសកម្ម១៥១២ - ១៥២៥
ម្ចាស់ព្រះបាទស្រីជេដ្ឋា
កំពស់១០ ហត្ថធ្នាប់
អាការៈសំបុរស៊ីសាំ

ព្រះ​ទីនាំង​ស័ង្ខរស្មី ជាព្រះទីនាំងអស្សតររបស់ព្រះស្ដេចកន។ ​កាលណោះ ព្រះអង្គបាន​លើកទ័ព​ដេញ​ព្រះឝ្រីឝៅគន្ធបទ​ដល់​ទៅ​ក្បាល​កោះសូទិន​ទាំង​យប់​ ក៏​មាន​ឈ្មោះ​ចៅ​ឥន្ទ​យក​សេះ​នោះ​មក​ថ្វាយ​មាន​កំពស់ ​១០ ​ហត្ថ ​៤ ​ធ្នាប់ មាន​កំលាំង​ហែល​ទឹក​សន្ធឹក​ដូច​រន្ទះ។ បន្ទាប់ពីចាញ់សង្គ្រាមរត់ភៀសព្រះកាយកាត់ឆ្លងទឹកព្រះទីនាំងនេះក៏បានសុគតស្លាប់បាត់ទៅ ដែលជាសញ្ញានៃជោគជាតារបស់ស្ដេចកនក៏ជិតអស់ទៅដែរ។ រយៈពេលបំរើការចាប់ពីឆ្នាំគ.ស ១៥១២-១៥២៥។

ប្រវត្តិក្នុងសឹកសង្គ្រាមជ័យ

[កែប្រែ]

សមរភូមិលង្វែក គ.ស. ១៥១៦

[កែប្រែ]

ព្រះស្រីជេដ្ឋាតាំងខ្លួនជាម្ចាស់ផែនដីលុះដល់មកឆ្នាំ ជូតអដ្ឋស័ក ព.ស. ២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស. ៨៧៨ សម្ដេចព្រះស្រីជេដ្ឋា ព្រះអង្គសោយរាជ្យបាន ៤ ឆ្នាំ។ លុះទ្រង់ជ្រាបថា "សម្ដេចចៅពញាចន្ទរាជា វាយយកខែត្រខាងលិច ប៉ែកខាងជើងបានហើយ ហើយបានសំលាប់ចៅហ្វាយស្រុកជាច្រើនផង មិនតែប៉ុណ្ណោះ ទាំងពញាចក្រីកែវក៏ស្លាប់ ទាំងសម្ដេចចៅហ្វាកៅជាមា ក៏មានរបួសជាទំងន់ទៀត។" ទ្រង់មានព្រះវិតក្កទុក្ខទោមនស្សណាស់ រហូតដល់ទ្រង់ព្រះកន្សែងសោកស្ដាយជាខ្លាំង។ លុះស្វាយសោកហើយ ទ្រង់មានព្រះតំរិះពីការសង្គ្រាម សព្វប្រការ ទើបទ្រង់ត្រាស់បង្គាប់ មុខមន្ត្រី ឱ្យចេញទៅកេណ្ឌទ័ព។ លុះមន្ត្រីកេណ្ឌបានរេហ៍ពល ត្រើយខាងកើត ១២០០០០ នាក់ហើយ ទ្រង់ចាត់បំរើសេះឱ្យទៅតាមកងទ័ពចៅពញាឧទ័យធិរាជថ្មី ដែលឱ្យទៅស្កាត់ផ្លូវ សម្ដេចចៅពញាចន្ទរាជាពីផែនបាត់ដំបងនោះឱ្យនាំកងទ័ពត្រឡប់មកវិញ " ចៅពញាឧទ័យធិរាជ នាំរេហ៍ពល ៥០០០០ នាក់ទៅជួបជុំគ្នានឹងមេទ័ពឯទៀតនៅបន្ទាយភ្នំពេញ ហើយក៏ចាត់ចែងតែងដាក់រេហ៍ពលឱ្យផ្លាស់ប្ដូរគ្នានៅរក្សាទីបន្ទាយ។ ចៅពញាតេជោកុយ ចៅហ្វាយស្រុក ខែត្រសំរោងទង និង ចៅពញាវង្សាអនុជិតយស ចៅហ្វាយស្រុកថ្មី ខែត្របាទី មានរេហ៍ពលមួយម៉ឺននាក់ជាកងក្រវែលរួមទាំងអស់ត្រូវជា ១៩០០០០ នាក់។

ព្រះស្រីជេដ្ឋា ទ្រង់ចាត់កងទ័ពទាំង ១៩០០០០ នាក់នោះជាពីរផ្លូវ។ ក្នុងមួយផ្លូវៗ ទ្រង់តាំងដូចមានខាងក្រោមនេះ៖

១. ផ្លូវទី១

២. ផ្លូវទី២ ក្រោយដែលឧកហ្លួងសូរ លើកទ័ពចេញទៅនោះ សម្ដេចព្រះស្រីជេដ្ឋាព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរ ស្ដេចកនរើសយកក្មួយម៉ែបាន ៤ នាក់ មកតាំងជាសេនាបតីគឺ៖

ឯព្រះអង្គឯង (ព្រះស្រីជេដ្ឋា) ឃុំពល ៣០០០០ នាក់ ជាទ័ពហ្លួង។ ឯអស់ចៅហ្វាយស្រុកទាំងពួង ទ្រង់ចាត់ឱ្យធ្វើជាបល័ដ្ឋទ័ព យោក្បាត់ទ័ព ជាកងក្រវែល ១៥ កង សឹងឱ្យកាន់ទង់ជ័យពណ៌ដែលមានរូបខុសៗគ្នា ដើម្បីនឹងមិនឱ្យច្រឡូកច្រឡំគ្នាឡើយ។

ព្រះស្រីជេដ្ឋានេះ មានបុណ្យអស្ចារ្យណាស់ ទ្រង់មានព្រះទីនាំងគជេន្ទ្រភ្លុកធំ ១ កំពស់ ១០ ហត្ថ ឈ្មោះ "ព្រះគជេន្ទ្រយាវុធ" មានសេះព្រះទីនាំងសំបុរស៊ីសាំ កំពស់ ៣ ហត្ថ ៤ ធ្នាប់ មានកំលាំងបោលក្នុងមួយថ្ងៃកំណត់ ២០៥០ សិន ហែលទឹកលឿនបីដូចរន្ទះរូបល្អបីដូចរូបរាជសីហ៍ ឈ្មោះ "ព្រះទីនាំងស័ង្ខរង្ស៊ី"។

សេនា សេនីយ៍ ដែលទ្រង់ចាត់ហើយនោះបានមកគ្រប់មុខងារគឺអ្នកកាន់ស្វេតច្ឆ័ត្រអភិរម្យសែនត្វាន់ចាម៉រ បាយមន តូរ្យតន្ត្រីតាមលំដាប់ព្រះមហាក្សត្រ។ លុះដល់ពេលមានជោគជ័យបើកហើយ បុរោហិតផ្លុំត្រែស័ង្ខ ពួកតូរ្យតន្ត្រីក៏ប្រគំនូវរគាំងស្គរស្នែង ដែលតាក់តែងសំរាប់បង្គាប់ទ័ព។ ព្រះស្រីជេដ្ឋា ជាម្ចាស់ផែនដីស្រឡប់ពិជ័យព្រៃនគរ ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្របវររតនមង្គលលើករេហ៍ពលចេញទៅសូរសព្ទរេហ៍ពលនិសូរសព្ទរទេះ សេះ ដំរី ព្រមទាំងសូរសព្ទតូរ្យតន្ត្រីនោះនាំឱ្យព្យុះហៈយាត្រាកងទ័ពជាឧត្តមរងំ ខ្ទ័រខ្ទារ ទាំងព្រៃព្រឹក្សាក្រឡាមហាប្រថពី។

លុះ​ទៅ​ដល់​ស្ទឹង​ក្រាំងពន្លៃ (សព្វថ្ងៃ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ក្បែរ​ផ្សារ​ឧដុង្គ) ហើយ​ព្រះ​អង្គ​ទ្រង់​តាំង​បន្ទាយ​ទ័ព​ធំ​នៅ​ស្ទឹង​ក្រាំងពន្លៃ​នោះ ទ្រង់​ត្រាស់​បង្គាប់​ចៅពញាយមរាជព្រាបជា​មេទ័ព​មុខ​ឲ្យ​ឃុំ​ពល​ ៤៥០០០​ នាក់លើក​ទៅ​ចោម​វាយ​បន្ទាយ​ខេត្ត​លង្វែក។ ចៅហ្វាយស្រុក​ខេត្ត​លង្វែក ក៏​ដេញ​ពល​តតាំង​ច្បាំង​គ្នា​ជា​មាំមួន។ ខណៈនោះ សម្ដេចចៅពញា​ចន្ទរាជា ទ្រង់​ជ្រាប​ថា “កងទ័ព​សត្រូវ​មក​ចោម​បន្ទាយលង្វែក​ហើយ” ព្រះ​អង្គ​ក៏​ប្រើ​ទ័ព​សេះ​ឲ្យទៅ​ប្រាប់​ចៅហ្វាយខេត្ត​លង្វែក​ថា “ឲ្យ​ក្លែង​ធ្វើ​ជា​ចាញ់​ទ័ព​សត្រូវ ហើយ​រត់​តាម​ផ្លូវ​ទៅ​ទិស​ខាងជើង” ។ ក្រោយ​បំរើ​សេះ​ចេញ​ទៅ​នោះ ព្រះ​អង្គ​លើក​កងទ័ព ​៤៥០០០​ នាក់ស្រូតរូត​ទៅ​ជួយ​ចៅ​ស្រុក​ខេត្ត​លង្វែក។ លុះ​ស្ដេច​ទៅ​ដល់​ព្រៃ​មួយ​ធំ ទ្រង់​ឮ​សូរកាំភ្លើង​ច្បាំង​គ្នា​ជា​ឱឡារិក​ណាស់ ទើប​ព្រះ​អង្គ​បង្កប់​រេហ៍ពល​នៅ​ទីនោះ។ ឯ​ចៅហ្វាយស្រុក​រលាប្អៀរ​បានដឹង​ឧបាយកល​ដោយ​បំរើសេះ ហើយ​ក៏​ឲ្យ​កងទ័ព​ទាំងនោះ​ថយ​តាម​ព្រះរាជ​បញ្ជា។ ចៅពញា​យមរាជ និង​នាយកង​ទ័ព​មុខក្រោយ ឆ្វេង​ ស្ដាំ​ ៥​ កងខាង​ព្រះ​ស្រីជេដ្ឋា​យល់​ថា “មាន​ជ័យ​ជំនះ​ហើយ” ក៏​មានចិត្ដ​កំរើកកងទ័ព​ដេញ​ជិត​ប្រកិត​តាម​ទៅ​រហូត​ដល់ទី​ដែល​សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​បង្កប់ទ័ព​ចាំ​នោះ។ មួយ​រំពេច​នោះ​សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​បរ​ព្រះ​ទីនាំង​គជេន្ទ្រ​ពិជ័យនាំ​សេនាទាហាន​រេហ៍ពល​លើក​ចេញ​ដេញ​ទៅ​វាយ​ខ្ចប់​សំលាប់​កងទ័ព​សត្រូវ​ពីក្រោយ ដោយ​ទ័ព​សត្រូវ​ពុំ​ដឹងខ្លួន។ កងទ័ព​ត្រូវ​ស្លាប់​ដោយ​ក្របី​វ័ធ ដំរី​ជល់​ព្រេច និង​ដោយ​អាវុធ​វែង​ខ្លី​ស្លាប់​អស់​ជាង ​៣០០០ ​នាក់ឈាម​ក្រហម​ដាល​ច្រាល​ទាំង​ព្រៃ​វាល​ចាប់​បាន​ចៅពញា​យមរាជ និង​នាយកង​នាយ​ទ័ព​ទាំង​ ១០​ នាក់​ទៀត។

សមរភូមិលង្វែក គ.ស. ១៥២៥

[កែប្រែ]

សម្ដេចព្រះ​ស្រីជេដ្ឋា​អម្ចាស់​ត្រើយ​ខាងកើត ស្ដេច​គង់នៅ​ព្រះរាជវាំង​ស្រីសឈរ ទ្រង់​ត្រាស់​ឲ្យ​កេណ្ឌ​កងទ័ព​ ១៤០០០០​ នាក់ ទ្រង់​ឲ្យ​ចៅហ៊្វាទឡ្ហៈ​កៅ និងចៅពញាមោងនៅ​រក្សា​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃនគរ ហើយ​ទ្រង់​ចាត់​ឲ្យ​ចៅពញា​ចក្រី​ឃុំ​ពល ​៣០០០០​ នាក់​ជា​ទ័ព​មុខ ចៅពញា​ក្រឡាហោម ឃុំ​ពល​ ២០០០០​ នាក់ជា​ទ័ព​ស្ដាំ ចៅពញា​វៀងឃុំ​ពល ​២០០០០ ​នាក់ជា​ទ័ព​ឆ្វេង ចៅពញា​វាំងឃុំ​ពល ​២០០០០ ​នាក់ជា​ទ័ព​ក្រោយ ចៅពញា​ស្រាលឃុំ​ពល​ ១០០០០​ នាក់ជា​ទ័ព​ក្រវែល​ខាងស្ដាំ ចៅពញា​លំពាំងឃុំ​ពល​ ១០០០០​ នាក់ ជា​ទ័ព​ក្រវែល​ខាងឆ្វេង ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរ​ឃុំ​ពល​ ១០០០០ ​នាក់ជា​ទ័ព​ក្រវែល​ខាង​មុខ ​ព្រះ​អង្គ​ស្រីជេដ្ឋា​ឯងឃុំ​ពល ​៣០០០០​ នាក់ជា​ទ័ព​ហ្លួងឆ្លង​មក​ដល់​ស្រុក​ភ្នំពេញ ហើយ​លើកទ័ព​គ្រប់​កង ព្រម​ដោយនូវ​ស្វេតច្ឆត្រ​អភិរម្យ សែនត្វាន់ឡើង​គង់​ព្រះ​ទីនាំង​ស័ង្ខ​រស្មីលើកទ័ព​តំរង់​ទៅ​ខេត្ត​បរិបូណ៌។ ឯ​សេះ​ល្បាត​ខាង​ព្រះ​បរមខត្តិយា​ចន្ទរាជា​ឃើញ​ហើយ ក៏​ឃ្មាតខ្មី​យក​សេចក្ដី​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​បរម​បពិត្រ។ លុះ​ទ្រង់​ជ្រាប​គ្រប់​ប្រការ​ហើយ ទ្រង់​ត្រាស់​ឲ្យ​សម្ដេច​ព្រះ​ភិគនេយ្យយសរាជា​ឡើង​ជាទី​នាយក និង​មន្ដ្រី​ខាងជើង​ទឹក​លើកទ័ព​ទូកគង់​ព្រះ​ទីនាំង​ចក្រពត្ដិ​សារាយអណ្ដែត​នាំ​ទូក​ចំបាំង ៤០០ ហើយ​ទ្រង់​ចាត់​ទ័ពជើងគោក​ថែម​ទៀត។ ទ្រង់​ត្រាស់​ឲ្យ​ឧកញ៉ា​ចក្រី​ទេព កូន​ពញា​មឿងឃុំ​ពល ​២០០០ ​នាក់ជា​មេទ័ព​មុខឲ្យ​ចៅពញា​សួគ៌ាលោក​ “សុខ” កូន​ពញា​មឿងឃុំ​ពល ​១០០០០ ​នាក់ជា​ទ័ព​ស្ដាំ​ឲ្យ​ចៅពញា​ឧទ័យធិរាជ​សូរ ឃុំ​ពល ​១០០០០ ​នាក់​ជា​ទ័ព​ឆ្វេងឲ្យ​ឧកញ៉ា​រាជតេជៈ ឃុំ​ពល ​១០០០០​ នាក់ជា​ទ័ព​ក្រោយ​ឲ្យ​ឧកញ៉ា​វង្សាអគ្គរាជឃុំ​ពល​ ១០០០០​ នាក់ជា​កង​ជន្លឲ្យ​ឧកញ៉ា​នរិន្ទ្រាធិបតី​ ចៅពញា​មនោមេត្រី ចៅពញា​ស្រែន្យាធិបតី ចៅពញា​ស្រែន្យសេនាឃុំ​ពល​ម្នាក់ៗ​ ៣០០០​ នាក់ទៅ​បង្កប់​សងខាង​ផ្លូវ​ឲ្យ​សម្ដេចព្រះ​សុខត្ដ​ ឃុំ​ពល​ដំរី ​៣០០០ ទៅ​បង្កប់​ក្នុង​ព្រៃ​ខាងលិច​វាល​ស្រាប​អង្កាមឲ្យ​ឧកញ៉ា​ដ៏រុងសេនា ឃុំ​ពល​សេះ​ ៥០០ ជា​កង​ជន្ល​ទី​២។ លុះ​បាន​ឫក​ជា​ពេលា​ល្អ​ហើយ បុរោហិត​ក៏​តាំង​ផ្លុំត្រែ​ស័ង្ខ​ហោរា​ថ្វាយ​ឫក្ស​រួច​ហើយ ព្រះ​បរមបពិត្រ​មហា​ខត្តិយា​ចន្ទរាជា​ទ្រង់គ្រឿង​កកុធភ័ណ្ឌសំរាប់​ រាជយុទ្ធ​ឡើង​គង់​ព្រះ​ទីនាំង​ពិជ័យ​រាជ​កុញ្ជរ លើក​អស់​និករ​ចេញ​ទៅ។ ឯ​ឧកញ៉ា​វង្សាអគ្គរាជ​ជា​កង​ជន្ល​ទី​១ លើកទ័ព​ទៅ​ដល់​ស្ទឹង​ក្រាំងពន្លៃ​ជួបនឹង​ទ័ព​ព្រះ​ស្រីជេដ្ឋា (ព្រះស្ដេច​កន) ហើយ​បាន​តតាំង​ច្បាំង​គ្នា​នៅ​ទីនោះ​យូរ​បន្ដិច ឧកញ៉ា​វង្សាអគ្គរាជ​ក៏​នាំ​ពល​រត់​ថយ​ក្រោយមក​ដល់​ខាងលិច​ភូមិ​ឈូកស ខេត្ត​លង្វែក។ ខណៈនោះ​ឧកញ៉ា​នរិន្ទ​សេនា​ឃុំ​ពល​ទាហាន​សេះ​ ៤០ ​នាក់​កាល់​ពល​ខ្លួន និង​ពល​ឧកញ៉ា​វង្សាអគ្គរាជ​ឲ្យ​ចូល​តតាំង​ច្បាំង​គ្នា​ទៀត ហើយ​បណ្ដែតទូក​ថយក្រោយ។ មេទ័ព​ខាង​ព្រះស្ដេច​កន​ឃើញ​ហើយ​យល់​ថា ខ្លួន​មាន​ជ័យ​ជំនះ​ក្នុង​សង្គ្រាម​ពីរ​ដង​ហើយ ក៏​បរពល​សំរុក​គ្រលុក​តាម​ដល់​ស្ទឹង​ជ្រៃ។ ឧកញ៉ា​ចក្រី​ទេពជា​កង​ជន្ល​ទី​៣ ​ក៏​ចេញពី​ក្នុង​ព្រៃ​បរពល​ចូល​មួយ​ស្របក់ ក៏​នាំ​ពល​គេច​រត់​ថយក្រោយ​ទៅ​ទៀត។ ខណៈនោះ​នាយកង​នាយ​ទ័ព​ខាង​ព្រះស្ដេច​កន​ស្រែក​ក្រាបទូល​ថា ចក្រី​បាក់ទ័ព​ទៀត​ហើយ ឯ​កងទ័ព​គ្រប់​កង​ខាង​ព្រះស្ដេច​កន​ឮ​ថា​ចក្រី​បាក់ទ័ព​ទៀត ហើយ​ក៏​រឹត​តែ​មានចិត្ដ​ជោរ​ឡើង ក៏​ដេញ​តាម​ទៅ​ត្រាតែ​ជួបនឹង​ទ័ព​ក្រឡាហោម​ដែល​បង្កប់​ចាំ​នៅ​វាល​ស្រាប​អង្កាម​នោះ។ ឧកញ៉ា​ក្រឡាហោម ក៏​ទទួល​ច្បាំង​ជា​មាំមួន សម្ដេចព្រះ​សុទត្ដ​ដែល​ឃុំ​ពលដំរី​ច្បាំង​ ៣០០ ​នោះបាន​ឫក​ហើយ ក៏​បរដំរី​ជល់​ជាន់​ពីក្រោយ។ ឯ​កងទ័ព​ដែល​បង្កប់​សងខាង​នោះ ក៏​ប្រសព្វ​ពីឆ្វេង​ពីស្ដាំទាំង​ព្រះ​បរមបពិត្រ​ក៏​បែរ​ព្រះ​ទីនាំង​រាជ​កុញ្ជរចូលលុក​លុយ​កាប់​ចាក់​ប្រសព្វ​គ្នា​មកបណ្ដាល​ឲ្យ​ស្លាប់​ពល​ខាង​ព្រះស្ដេច​កន​ប្រមាណ​២០០០០ ​នាក់។ លុះ​មក​ដល់​មុខ​ព្រះស្ដេច​កន ព្រះ​ទីនាំង​ពិជ័យ​រាជ​កញ្ជរ​ដែល​ចេះ​កាន់​នូវ​អាវុធ​គ្រវែង​ចាក់​សំលាប់ពលព្រះ​ស្ដេច​កន​បណ្ដាល​ឲ្យ​ស្លាប់​ជា​ច្រើន។ ព្រះស្ដេច​កនទ្រាំ​មិន​បាន​ក៏​បែក​ទ័ព​រត់​កាត់​ព្រៃ​មក​ដល់​ចុង​ព្រែក​រលាប្អៀរ​ខាងស្ដាំ ចោល​ទ័ព​អស់ជាប់​តែ​ខាង​ទាហាន​ស្ម័គ្រចិត្ដ​ប្រមាណ​ ១០០​ នាក់ ហើយ​មក​ជួបជុំ​នឹង​ទ័ព​ឧកញ៉ា​សួគ៌ាលោក ឧកញ៉ា​មនោមេត្រី ឧកញ៉ា​ឧទ័យធិរាជ​ដែល​បង្កប់​ក្នុង​ព្រៃ។ ទ័ព​ទាំងនោះ​ក៏​ស្ទុះ​ចេញ​មក​ក៏​តាំង​ហ៊ោ​ដេញ​ទ័ព​ព្រះស្ដេច​កន​ខ្ចាត់ខ្ចាយទៅ​ទៀត។ ស្ដេច​កន​នៅ​សល់​តែ​ទាហាន​១០០​ នាក់​រត់​តាម​លុះ​ទៅ​ដល់​ចុង​ភូមិ​តាជេស ខេត្ត​លង្វែក កងទ័ព​ទាំង​ ១០០​ នាក់​នោះ​ពុំ​ចេះ​ហែល​ទឹក​ទាំងអស់​គ្នា​ទេចេះ​តែ ​២០​ នាក់​ប៉ុណ្ណោះ។ អ្នកចេះ​ហែល​ទឹក​ក៏​រត់​ទៅ​លើ​កោះ​តូចនាំ​គ្នា​តោង​សេះ​ព្រះ​ទីនាំង​ស័ង្ខរស្មី​នោះ​ឆ្លង​ទៅ​ស្ទឹង​ស្ងួត​ជើងព្រៃ​ជា​ត្រើយ​ខាងកើត។ លុះ​កងទ័ព​ឧកញ៉ាយមរាជ ឧកញ៉ា​សួគ៌ាលោក​ដេញ​ទៅ​ដល់​ឃើញ​ទ័ព​សត្រូវ​កំពុង​ហែល ក៏​ស្រែក​ហៅ​កងទ័ព​ជើងទឹក​ឲ្យ​តាម​ចាប់។ សូរសព្ទ​ដែល​បង្កូក​ហៅ​ទ័ពជើងទឹក​តែ​មួយ​ម៉ាត់​ម្នាក់​ក៏​លាន់​ដូច​គេ​ស្រែក ​ហ៊ោ (ព្រោះហេតុនេះ​ហើយ​បានជា​កោះ​តូច​នោះ ប្រែ​ឈ្មោះ​ថា កោះ​ហ៊ោ រៀង​មក)។ ឯ​ម៉ឺន​ពិភក្ដី​លិខិត ម៉ឺន​ជំនិត​ស ទ្រង់​ម៉ឺន​បំរុងអក្ខរា​ទាំង ​៣ ​នាយ​ជា​អាល័ក្ស ជា​មន្ត្រី​ព្រះស្ដេច​កន​ជាប់​បាវ​ប្រាំមួយ​ប្រាំពីរ​នាក់ស្ពាយ​ត្រា​ជា​សំរាប់​រាជ្យ​របស់​សម្ដេច​កន​នោះរត់​បែក​ទៅ​ដល់​ចុង​ភូមិ​កំពង់ម្ដា ខេត្ត​រលាប្អៀរ ក៏​ចាប់​យក​កូន​ទូក​អ្នកស្រុក​នោះ​ចុះ​ចែវ​តាម​ស្ដេច​កន​ទៅ។ ខណៈ​នោះ​មាន​ខ្យល់ព្យុះ​រលក​បោកបក់​ខ្លាំងទូក​លិចលង់​ទាំង​ត្រា​សំរាប់​រាជ្យ​នោះ​បាត់​នៅ​ក្នុង​ព្រះធរណី​បាតទន្លេ​ នៅ​ទីនោះ​ក៏​ស្រុត​ទៅ​ជ្រៅ​ពន់ប្រមាណ។ នាយ​អាល័ក្ស​ទាំង ​៣ ​យក​ផ្ដៅ​ពីរ​បន្ទះ​មក​ត​តែ​មួយសំយុង​ទៅ​ត្រង់​កន្លែង​ដែល​លិច​ត្រា​នោះ​ក៏​ពុំ​ដល់នឹង​រក​មនុស្ស​ឲ្យ​មុជ​ទៅ​តាមមនុស្ស​ផង​ឃើញ​ជ្រៅ​ណាស់​ពុំ​ហ៊ាន​មុជ​តាម។ នាយ​ទាំង ​៣​ នាក់​ខ្លាច​ខុស​នឹង​ព្រះស្ដេច​កន​ក៏​នាំ​គ្នា​មុជទឹក​ទៅ​តាម​ត្រា​នោះលុះដល់​ស្លាប់​ទាំង ​៣ ​នាក់ “ព្រោះហេតុនោះ​បានជា​ទីនោះ​ហៅ​អន្លង់​ត្រារាជ្យយារៗ​មក​ហៅ​តំបន់​អន្លង់រាជ្យ ទ្រង់​ស្រូត​ព្រះ​ទីនាំង​ចក្រពត្ដិ​សារាយអណ្ដែត​ជ្រួស​តាម​ទៅ​ដល់​កៀន​តាធឹង។ ឯ​សម្ដេចព្រះ​ស្រីជេដ្ឋា​ទត​ពីលើ​ខ្នង​សេះ​ព្រះ​ទីនាំង​ទៅ​ឃើញ ក៏​បរសេះ​ព្រះ​ទីនាំង​នោះ​នាំ​ទាហាន​រួមចិត្ដ​មក​ដល់​ចុង​ភូមិ​កំពង់ចាម ក៏​បរសេះ​ព្រះ​ទីនាំង​នោះ​ហែល​ឆ្លង​ទឹក​តំរង់​ទៅ​តំបន់​ដូនម៉ៅ​ត្រើយ​ខាងកើត ព្រមទាំង​ទាហាន​រួមចិត្ដ ​២០ ​នាក់ក៏​ហែល​តោង​សេះ​នោះ​ទៅ​ដល់​ច្រាំង​ទន្លេ​ម្ខាង សេះ​នោះ​ក្លាយជា​នាគ​មុជទឹក​បាត់​ទៅ។

ព្រះស្រីជេដ្ឋាអស់បុណ្យ

[កែប្រែ]

​សម្ដេច​ចៅហ៊្វា​កៅ​ដែល​ចាំ​រក្សា​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃនគរ​នោះ ​ ៣​ ថ្ងៃមុនព្រះស្ដេចកនបែកទ័ព ​យល់សប្ត​ឃើញ​ខ្យល់​កំបុតត្បូង​កួច​ទង់ជ័យ​សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​ភ្លើង​ឆេះ​អណ្ដែត​កណ្ដាល​អាកាស ហើយ​ធ្លាក់​នៅ​កំពង់ចាម។ លុះ​ភ្ញាក់​ឡើង​ភ័យ​ណាស់​និយាយ​ប្រាប់​និមិត្ដ​នោះ​ឲ្យ​សម្ដេចចៅពញាហែង ជា​បិតាក្មេក​សម្ដេចព្រះ​ស្រីជេដ្ឋា​ស្ដាប់ ហើយ​ហៅ​ហោរា​មក​ប្រាប់​ហេតុ​ឲ្យ​ទាយ។ ហោរា​ពិនិត្យ​ទៅ​ឃើញ​ថា យល់សប្ដិ​ថ្ងៃ​អង្គារ​ជា​ភ្លើង ហើយ​ឃើញ​ឆេះ​ទង់ជ័យ​នោះ ទំនាយ​ថាទ័ព​ហ្លួង​បរាជ័យ​ហើយត្រង់​ដល់​ឃើញ​ខ្យល់កំបុតត្បូង​កួច​នាំ​ទៅ​កណ្ដាល​អាកាស​នោះ ថា​បុណ្យ​បារមី​នៅ​មាន​ទេវតា​នាំ​ឲ្យ​រួច​ពី​ចំណោម​ត្រង់​ដែល​ភ្លើង​ធ្លាក់ទឹក​នៅ​កំពង់ចាម​នោះ ថា​ហ្លួង​នឹង​រត់ទៅ​ដល់ទី​នោះ។ សម្ដេច​ចៅហ៊្វា​កៅ​ឮ​ហើយ​ភ័យ​ណាស់ ក៏​ឲ្យ​សម្ដេចចៅពញា​ហែង​នៅ​រក្សា​បន្ទាយ រួច​ផ្ដាំ​ថាឲ្យ​ខិតខំ​កេណ្ឌ​រេហ៍ពល​ទុក​បំរុងឲ្យ​បាន​ច្រើន។ ឯ​ខ្លួន​សម្ដេចចៅហ៊្វា​កៅ​នាំខ្មាន់​ធ្នូ និង​ទាហាន​កាំភ្លើង ​១០០០​ នាក់ និង​ព្រះ​ទីនាំង​គជេន្ទ្រ​យុទ្ធ​ទៅ​បោះទីតាំង​នៅ​ដូនម៉ៅ​ជា​ត្រើយ​ខាងកើត។ លុះ​ឃើញ​សម្ដេចព្រះ​ស្រីជេដ្ឋា​គង់​លើ​សេះ​នាំ​ទាហាន​ហែល​ឆ្លង​មក​ដល់​ច្រាំង​ហើយ សេះ​នោះ​ក៏​លិច​វិនាស​ទៅ​ក្នុង​ទឹក​ទៅចៅហ៊្វា​កៅ​ក៏​ស្ទុះ​ទៅ​ទទួល​យក​រួច​តែ​សម្ដេចព្រះ​ស្រីជេដ្ឋា និង​ទាហាន​រួម​មិត្ដ​ ២០​ នាក់​នោះ​ដល់​ទៅ​មាត់ច្រាំង​ល្មម​ព្រះ​ទីនាំង​ចក្រពត្ដិ​នោះ​ត្រឡប់​មក​ដល់សម្ដេចចៅហ៊្វា​កៅ​ឲ្យ​ទាហាន​បាញ់​ធ្នូ បាញ់​កាំភ្លើង កុំឲ្យ​ព្រះ​ភាគិនេយ្យ​យសរាជា​ឡើង​តាម​មក​ទាន់។ ព្រះ​យសរាជា​ក៏​ត្រឡប់​ព្រះ​ទីនាំង​មក​រក​ទ័ព​ទូក​ដែល​តាម​មក​ពីក្រោយ​នោះ​វិញ លុះ​ជួប​ហើយ​ស្ដេច​ឲ្យ​ឈប់​នៅ​ទី​មួយអន្លើ។ ជួន​ជា​ពេល​នោះ​មាន​ខ្យល់ព្យុះ​ខ្លាំង​ណាស់ ស្ដេច​ត្រាស់​ឲ្យ​យក​អាវុធ​សឹក​ទុក​សិន ហើយ​ចូល​ទូក​ចំបាំង​ទៅ​ឈប់​ក្នុង​បឹង​មួយអន្លើ។ ទ្រង់​ឲ្យ​សាង​វត្ដ​មួយ​នៅ​ទីនោះ​ទុកជា​ព្រះ​កេរ្ដិ៍ ហេតុនេះ​ហើយ​បានជា​ជាប់​ឈ្មោះ​ថា វត្ដ​ព្រែកហ្លួង​រៀង​មក​ដល់​សព្វ​ថ្ងៃនេះ។ ឯ​សម្ដេចចៅហ៊្វា​កៅ​កាល​បាន​ទទួល​សម្ដេចព្រះ​ស្រីជេដ្ឋា​រួច​ហើយ ជួន​ជា​វេលា​យប់​ក៏​យាង​ស្ដេចផ្ទុំសំរាកកំលាំង​​នៅ​ក្នុង​ព្រៃ​ដូនម៉ៅ​ នោះ​ទៅតែ​ទីនោះ​មាន​មូស​ខ្លាំង​ណាស់​ទ្រាំ​ពុំ​បាន ទើប​សម្ដេចព្រះ​ស្រីជេដ្ឋា​ទ្រង់​ផ្សង​មិន​ឲ្យ​មាន​មូស មូស​ក៏​គ្មាន​ក្នុង​ទីនោះ​រៀង​មក។ លុះ​ព្រឹក​ឡើង​សម្ដេចចៅហ៊្វា​កៅ​យាង​សម្ដេច​ព្រះ​ស្រីជេដ្ឋា​ឡើង​គង់​ព្រះ​ទីនាំង​ពិជ័យ​គជ​យុទ្ធ​នាំ​រេហ៍ពល​ទាំង ​១០២០ ​នាក់​ស្រូត​រូត​ទៅ​ដល់​ភូមិ​ដំរី​ស ព្រះ​ទីនាំង​ពិជ័យគជ​យុទ្ធ​នោះ​ឈឺ​ស្រុត​នៅ​ទីនោះ​ទៅព្រះស្ដេច​កន​ទ្រង់​ធ្វើបុណ្យ​ហើយ​ឲ្យ​កប់​ដំរី​នៅ​ទីនោះបានជា​ជាប់​ហៅ​ ទួល​កប់​ព្រះ​ដំរី​រៀង​មក។ សម្ដេច​ស្រីជេដ្ឋា​ទ្រង់​ពិនិត្យ​ពី​ព្រះ​ទីនាំង​ពិជ័យគជ​យុទ្ធ និង​ព្រះ​ទីនាំង​ស័ង្ខ​រស្មី​កាលណា ទ្រង់​សង្ស័យ​នឹង​បុណ្យ​បារមី​ជា​ពន់ពេក ទ្រង់​នឹក​ថា កាលណា​ខ្លួន​អញ​នឹង​មានបុណ្យត្រូវ​បាន​ព្រះ​ទីនាំង​ពិជ័យ​គជ​យុទ្ធ​នោះគឺ​បាន​ក្នុង​កាល​កសាង​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃនគរ​ដែល​កាលនោះ​មាន​ហ្ម​ម្នាក់​ឈ្មោះ​ផៃ​នាំ​យក​ដំរី​មក​ថ្វាយ​មាន​កំពស់ ១០ ​ហត្ថ។ ថ្វាយ​រួច​ហើយ​ហ្ម​ផៃ​នោះ​ត្រឡប់​ទៅ​វិញ​បាត់មិនដឹង​ជា​នៅ​ស្រុក​ណា ភូមិ​ណា​ទេ រកតែ​ខ្លួន​នឹង​ឲ្យ​រង្វាន់​ពេញចិត្ដ​ក៏​រក​ពុំ​ឃើញ។ ឯ​ព្រះ​ទីនាំង​ស័ង្ខរស្មី​ទៀត កាល​អញ​លើកទ័ព​ដេញ​ព្រះឝ្រីឝៅគន្ធបទ​ដល់​ទៅ​ក្បាល​កោះសូទិន​ទាំង​យប់​នោះ ក៏​មាន​ឈ្មោះ​ចៅ​ឥន្ទ​យក​សេះ​នោះ​មក​ថ្វាយ​មាន​កំពស់ ​១០ ​ហត្ថ ​៤ ​ធ្នាប់ មាន​កំលាំង​ហែល​ទឹក​សន្ធឹក​ដូច​រន្ទះ​នឹង​ឲ្យ​រង្វាន់​ក៏​រក​ពុំ​ឃើញ​ដែរ។ ព្រះ​ទីនាំង​ទាំង​ពីរ​នេះ​ដូច​ជា​ទេវតា​និម្មិត​ថ្វាយ ឥឡូវ​វិនាស​អស់ទាំង​ពីរ​ទៅ​ហើយដូច្នេះ​ឃើញ​ថាបុណ្យ​បារមី​អញ​មិន​យឺនយូរ​ប៉ុន្មាន​ឡើយ។

ឯកសារយោង

[កែប្រែ]