Jump to content

អង្គការសហប្រជាជាតិ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី អង្គការ សហប្រជាជាតិ)
អង្គការសហប្រជាជាតិ
អង់គ្លេស៖ United Nations
បារាំង៖ Organisation des Nations unies
អេស្ប៉ាញ៖ Organización de las Naciones Unidas
ចិន៖ 联合国/聯合國
អារ៉ាប់៖ منظمة الأمم المتحدة
រុស្ស៊ី៖ Организация Объединённых Наций
រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
ទីស្នាក់ការកណ្ដាលផ្លាហ្សាអង្គការសហប្រជាជាតិ ៧៦០, ទីក្រុងញូវយ៉ក (ដែនដីអន្តរជាតិ)
ភាសាផ្លូវការភាសាចិនភាសាបារាំងភាសារុស្ស៊ីភាសាអង់គ្លេសភាសាអារ៉ាប់ភាសាអេស្ប៉ាញ[]
ប្រភេទអង្គការអន្តររដ្ឋាភិបាល
សមាជិកភាពរដ្ឋសមាជិកចំនួន ១៩៣
រដ្ឋសង្កេតការណ៍ចំនួនពីរ
មេដឹកនាំ
អង់តូនីញ៉ូ ហ្គុយទែរស៍
អាមីណា ជ. មហាម៉ាដ
អាប់ឌុលឡា សាហ៊ីដ
ខូលែន វីស៊ែន កេឡាប៉ែល
និម្មិតកម្ម
ធម្មនុញ្ញត្រូវបានចុះ
២៦ មិថុនា ១៩៤៥
- ធម្មនុញ្ញចូលជាធរមាន
២៤ តុលា ១៩៤៥
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០១៦)
៧,៤០៣,០២០,០០០
គេហទំព័រ
un.org (ទូទៅ)
un.int (បេសកកម្មអចិន្ត្រៃយ៍)
Preceded by
សង្គមប្រជាជាតិ

អង្គការសហប្រជាជាតិ (អ.ស.ប.) គឺជាអង្គការអន្តររដ្ឋាភិបាលដែលមានភារកិច្ចថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិនានា សម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការអន្ដរជាតិ និងជាមជ្ឈមណ្ឌលជំរុញឱ្យមានសាមគ្គីភាពក្នុងចំណោមរដ្ឋទាំងអស់នៅលើពិភពលោក។[] គេបានចាត់ទុក អសប ជាអង្គការដ៏ធំ និងមានប្រជាប្រិយបំផុតនៅលើសកលលោក។[] អង្គការនេះមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក និងមានការិយាល័យផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ ទីក្រុងណៃរ៉ូប៊ី ទីក្រុងវីយែន និងទីក្រុងឡាអេ

អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងនៅក្រោយសង្គ្រាមលោកលើកទី២ ជំនួសឱ្យអង្គការសង្គមប្រជាជាតិ ក្នុងគោលបំណងទប់ស្កាត់រាល់ជម្លោះសង្គ្រាមផ្សេងៗនាពេលអនាគត។[] នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៤៥ បណ្ដាប្រជាជាតិចំនួន ៥០ បានជួបប្រជុំនៅក្នុងសន្និសីទមួយនៅទីក្រុងសានហ្វ្រានស៊ីស្កូ និងបានចេញសេចក្តីព្រាងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយវាត្រូវបានចាប់អនុម័តនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៤៥ និងបានចូលជាធរមាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥។ ដោយអនុលោមតាមធម្មនុញ្ញ គោលដៅរបស់អង្គការនេះរួមមាន៖ ការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ការការពារសិទ្ធិមនុស្ស ការផ្តល់ជំនួយមនុស្សធម៌ ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការគោរពរាល់ច្បាប់អន្តរជាតិ[] នៅ​ពេល​បង្កើតដំបូង ​អង្គការ​សហប្រជាជាតិ​មាន​ប្រទេស​សមាជិក​ចំនួន ៥១ ហើយបច្ចុប្បន្ននេះ រដ្ឋសមាជិកបានកើនឡើងរហូតដល់ ១៩៣ ប្រទេស។[]

មិនយូរប៉ុន្មានក្រោយពីបង្កើតឡើងមក បេសកកម្មរក្សាសន្តិភាពពិភពលោករបស់អង្គការសហប្រជាជាតិត្រូវបានរំខានដោយសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត បូករួមទាំងសម្ព័ន្ធមិត្តរៀងៗខ្លួន។ បេសកកម្ម​ចម្បងរបស់អង្គការនេះរួមមាន៖ ​សង្កេតការណ៍​យោធាដោយមិនចាប់កាន់​អាវុធ​ ឬមានអាវុធធន់ស្រាល​បន្តិចបន្តួច រាយការណ៍ និង​ចាប់​កសាង​ទំនុក​ចិត្ត​ជា​ដើម។[] សមាជិកភាព អសប បានកើនឡើងជាលំដាប់នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ពោលជារយៈពេលនៃដំណើរដកអាណានិគមកិច្ចរបស់មហាអំណាចអឺរ៉ុបនៅអាហ្វ្រិក និងអាស៊ី។ ចាប់ពីពេលនោះមក អតីតរដ្ឋអាណានិគមចំនួន ៨០ បានទទួលឯករាជ្យ រួមទាំងដែនដីទំនុកចំនួន ១១ ដែលត្រូវស្ថិតក្រោមការត្រួតពិនិត្យដោយក្រុមប្រឹក្សាអាណាព្យាបាល[] នៅទសវត្សរ៍ឆ្នាំ១៩៧០ ថវិកាចំណាយរបស់អង្គការសហប្រជាជាតិលើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមបានកើនលើសពីការចំណាយលើការរក្សាសន្តិភាព។ បន្ទាប់ពីសង្គ្រាមត្រជាក់បានបញ្ចប់ អង្គការសហប្រជាជាតិបានផ្លាស់ប្តូរ និងពង្រីកប្រតិបត្តិការរបស់ខ្លួន ដោយអនុវត្តការងារមិស្សភាពជាច្រើន។[]

អង្គការសហប្រជាជាតិមានស្ថាប័នសំខាន់ៗចំនួនប្រាំមួយ៖ មហាសន្និបាត ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម តុលាការយុត្តិធម៌អន្តរជាតិ លេខាធិការដ្ឋានអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាអាណាព្យាបាល (អសកម្មតាំងពីឆ្នាំ១៩៩៤)។ ប្រព័ន្ធអង្គការសហប្រជាជាតិ មានភ្នាក់ងារឯកទេស មូលនិធិ និងកម្មវិធីជាច្រើនដូចជា៖ ធនាគារពិភពលោក អង្គការសុខភាពពិភពលោក កម្មវិធីស្បៀងអាហារពិភពលោក យូណេស្កូ និងយូនីសេហ្វជាដើម។ លើសពីនេះ អង្គការក្រៅរដ្ឋាភិបាល (NGOs) អាចនឹងត្រូវបានផ្តល់ឋានៈប្រឹក្សាជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម និងទីភ្នាក់ងារផ្សេងទៀត ដើម្បីចូលរួមក្នុងការងារផ្សេងៗរបស់អង្គការ។

ប្រធានរដ្ឋបាលនៃអង្គការសហប្រជាជាតិគឺ អគ្គលេខាធិការ ដែលបច្ចុប្បន្នកំពុងកាន់ដោយអ្នកនយោបាយ និងអ្នកការទូតជនជាតិព័រទុយហ្កាល់ម្នាក់ឈ្មោះអង់តូនីញ៉ូ ហ្គុយទែរស៍ដែលអាណត្តិប្រាំឆ្នាំដំបូងរបស់លោកបានចាប់ផ្ដើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ហើយត្រូវបានជាប់មួយអាណត្តិទៀតនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។ អង្គការនេះបានទទួលហិរញ្ញប្បទានដោយប្រមាណតម្លៃ និងការរួមចំណែកដោយស្ម័គ្រចិត្ត ពីរដ្ឋជាសមាជិករបស់ខ្លួន។

អង្គការសហប្រជាជាតិ រួមទាំងមន្ត្រី និងទីភ្នាក់ងាររបស់ខ្លួនបានឈ្នះរង្វាន់ណូបែលសន្តិភាពជាច្រើន ទោះបីជាត្រូវបានទទួលការរិះគន់ជុំវិញប្រសិទ្ធភាពរបស់អង្គការនេះក្ដី។ អ្នក​វិភាគ​ខ្លះ​ជឿ​ថា​អង្គការ​នេះ​ជា​កម្លាំង​ដ៏​សំខាន់​សម្រាប់​សន្តិភាព​និង​ការ​អភិវឌ្ឍ​របស់មនុស្ស​ខណៈ​មួយចំនួនទៀតបានអះអាងថា​ អង្គការ​នេះ​មិនមាន​ប្រសិទ្ធភាព​ មានភាពលម្អៀង​ និង​គ្របដណ្ដប់ដោយអំពើពុករលួយ។

ឯកសារយោង

[កែប្រែ]
  1. Official Languages Archived 12 July 2015 at the វេយប៊ែខ ម៉ាស៊ីន., www.un.org. ដក់ស្រង់នៅថ្ងៃ15 តុលា 2021.
  2. Charter of UN Chapter I". www.un.org. 17 June 2015. Archived from the original on 28 October 2017. Retrieved 22 November 2018.
  3. "International Organization". National Geographic Society. 23 December 2012. Archived from the original on 16 November 2020. Retrieved 8 មេសា 2023. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  4. "'The League is Dead. Long Live the United Nations.'". National WW2 Museum New Orleans. 19 April 2021. Archived from the original on 24 February 2022. Retrieved 8 មេសា 2023.
  5. "UN Objectives". www.un.org. Archived from the original on 22 November 2018. Retrieved 8 មេសា 2023.
  6. Cite error: Invalid <ref> tag; no text was provided for refs named UN_SouthSudan_193rd_state
  7. "UN Early years of the Cold War". peacekeeping.un.org. Archived from the original on 22 វិច្ឆិកា 2018. Retrieved 10 មេសា 2023.
  8. "UN Decolonization". www.un.org. 10 February 2016. Archived from the original on 22 វិច្ឆិកា 2018. Retrieved 10 មេសា 2023.
  9. "Post Cold War UN". peacekeeping.un.org. Archived from the original on 22 វិច្ឆិកា 2018. Retrieved 10 មេសា 2023.