ង៉ូ ឌិញឌៀម
ង៉ូ ឌិញយៀម | |
---|---|
ប្រធានាធិបតីនៃសាធារណរដ្ឋវៀតណាមទីមួយ | |
ក្នុងការិយាល័យ ២៦ តុលា ១៩៥៥ – ២ វិច្ឆិកា ១៩៦៣ | |
អនុប្រធាន | ង្វៀន ង៉ុកធឺ |
មុន | តំណែងបានបង្កើតឡើង បាវ ដាយជាប្រធានរដ្ឋវៀតណាម |
បន្ទាប់ | សឿង វ៉ាន់មិញ (ជាប្រធានក្រុមប្រឹក្សាបដិវត្តន៍យោធា) |
នាយករដ្ឋមន្ត្រីនៃរដ្ឋវៀតណាមទីប្រាំមួយ | |
ក្នុងការិយាល័យ ១៦ មិថុនា ១៩៥៤ – ២៦ តុលា ១៩៥៥ | |
ប្រមុខរដ្ឋ | បាវ ដាយ |
មុន | ប៊ូ លាវ |
បន្ទាប់ | តំណែងត្រូវបានលុបចោល |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ៣ មករា ១៩០១ ក្វាងប៊ិញ, ឥណ្ឌូចិនបារាំង |
ស្លាប់ | ២ វិច្ឆិកា ១៩៦៣ (៦២ ឆ្នាំ) សៃហ្គន, វៀតណាមខាងត្បូង |
កន្លែងបញ្ចុះសព | ទីស្មសានម៉ាកឌិញឈី (ត្រឹមឆ្នាំ១៩៨៣) ទីស្មសានឡៃធៀវ |
គណបក្សនយោបាយ | កិនលាវ |
ទំនាក់ទំនងនយោបាយ ផ្សេងទៀត | សង្គមបុនវុឌ្ឍិសិល្បៈដាយវៀត |
សាច់ញាត្តិ | បងប្អូនប្រុស៖ ង៉ូ ឌិញខយ ង៉ូ ឌិញធុក ង៉ូ ឌិញញូ ង៉ូ ឌិញកិន ង៉ូ ឌិញលុយាត |
ឪពុកម្តាយ(s) | ង៉ូ ឌិញខា (ឪពុក) |
ការអប់រំ | សាកលវិទ្យាល័យរដ្ឋមីឈីហ្គេន |
ហត្ថលេខា | |
សេវាយោធា | |
ភក្ដីភាព | វៀតណាមខាងត្បូង |
សមរភូមិ/សង្គ្រាម | សង្គ្រាមវៀតណាម |
ង៉ូ ឌិញឌៀម (ភាសាវៀតណាម៖ Ngô Đình Diệm, ៣ មករា ១៩០១ – ២ វិច្ឆិកា ១៩៦៣) គឺជាអ្នកនយោបាយវៀតណាមខាងត្បូងមួយរូប។ លោកជានាយករដ្ឋមន្ត្រីចុងក្រោយបង្អស់នៃរដ្ឋវៀតណាម (១៩៥៤–១៩៥៥) ហើយក្រោយមកបានបម្រើការជាប្រធានាធិបតីទីមួយនៃវៀតណាមខាងត្បូង (សាធារណរដ្ឋវៀតណាម) ចាប់ពីឆ្នាំ១៩៥៥ រហូតដល់ត្រូវគេចាប់ខ្លួននិធ្វើឃាតក្នុងអំឡុងរដ្ឋប្រហារយោធាឆ្នាំ១៩៦៣។
លោកបានកើតក្នុងគ្រួសារកាតូលិក ដោយមានឪពុកជាមន្ត្រីរាជការជាន់ខ្ពស់ម្នាក់ឈ្មោះង៉ូ ឌិញខា។ លោកបានទទួលការអប់រំនៅសាលាបារាំង ហើយបានពិចារណារកដើរតាមបងប្រុសរបស់គាត់ចូលសមណភាព ប៉ុន្តែជាចុងក្រោយលោកក៏បានសម្រេចចិត្តជ្រើសយកអាជីពជាមន្ត្រីរាជការវិញ។ ក្រោមរជ្ជកាលព្រះចៅបាវ ដាយ តំណែងរបស់ឌៀមបានហក់ស្ទុះឡើងយ៉ាងលឿនដោយបានក្លាយជាអភិបាលខេត្តប៊ិញថ្វឹននៅក្នុងឆ្នាំ១៩២៩ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅឆ្នាំ១៩៣៣។ បានកាន់ត្រឹមរយៈពេលបីខែ លោកក៏បានលាលែងពីតំណែងជារដ្ឋមន្ត្រី ហើយបានចេញបរិហារព្រះចៅអធិរាជជាសាធារណៈថាជា ឧបករណ៍នយោបាយរបស់បារាំង។ ឌៀមបានសម្តែងការគាំទ្រមនោគមវិជ្ជាជាតិនិយមវៀតណាម ដោយបានផ្សព្វផ្សាយពីជំហរប្រឆាំងលទ្ធិកុម្មុយនីស្ត និងអាណានិគមនិយមពោលគឺប្រឆាំងនឹងអធិរាជបាវដាយ និងមេដឹកនាំកុម្មុយនីស្តហូជីមិញ។ លោកបានបង្កើតគណបក្សនយោបាយមួយឡើងដោយមានឈ្មោះថា កិនលាវ នៅឆ្នាំ១៩៥៤។
បន្ទាប់ពីនិរទេសទៅក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំ លោកបានត្រឡប់មកមាតុប្រទេសវិញនៅខែកក្កដា ឆ្នាំ១៩៥៤ ហើយត្រូវបានព្រះចៅបាវដាយតែងតាំងជានាយករដ្ឋមន្ត្រី។ សន្និសីទទីក្រុងហ្សឺណែវត្រូវបានចុះភ្លាមៗបន្ទាប់ពីគាត់បានចូលកាន់តំណែងដោយប្រទេសវៀតណាមត្រូវបែងចែកជាពីរផ្នែកតាមរយៈខ្សែស្របទី១៧។ មិនយូរប៉ុន្មាន លោកបានបង្រួបបង្រួមអំណាចនយោបាយនៅវៀតណាមខាងត្បូង ដោយមានជំនួយពីបងប្រុសរបស់គាត់ឈ្មោះង៉ូ ឌិញញូ។ បន្ទាប់ពីការធ្វើប្រជាមតិក្នុងឆ្នាំ១៩៥៥ លោកបានប្រកាសបង្កើតសាធារណរដ្ឋវៀតណាមឡើង ដោយមានខ្លួនលោកផ្ទាល់ជាប្រធានាធិបតី។ រដ្ឋាភិបាលរបស់លោកបានទទួលការគាំទ្រដោយប្រទេសប្រឆាំងកុម្មុយនីស្តមួយចំនួន ជាពិសេសគឺសហរដ្ឋអាមេរិក។ លោកឌៀមបានបន្តគម្រោងកសាងប្រទេសជាតិដោយផ្តោតទៅលើការអភិវឌ្ឍន៍ឧស្សាហកម្ម និងជនបទ។ ប៉ុន្តែនៅឆ្នាំ១៩៥៧ លោកត្រូវប្រឈមនឹងសកម្មភាពបះបោរកុម្មុយនីស្តនិយមដែលគាំទ្រដោយវៀតណាមខាងជើង ហើយក្រុមបះបោរនោះក៏ត្រូវបានគេស្គាល់ថា វៀតកុង។ លោកបានគេចផុតពីការប៉ុនប៉ងធ្វើឃាត និងរដ្ឋប្រហារជាច្រើនលើកច្រើនសារ ហើយនៅឆ្នាំ១៩៦២ ក៏បានបង្កើតកម្មវិធីភូមិយុទ្ធសាស្ត្រក្នុងគោលបំណងបង្ក្រាបរាល់ការបះបោរណាដែលតម្រង់មករកលោក។
អំឡុងពេលកាន់អំណាច ឌៀមមាននិន្នាការទៅរកកាតូលិកនិយមទាំងដែលប្រទេសខ្លួនមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាព្រះពុទ្ធ ហើយជាលទ្ធផល វិបត្តិព្រះពុទ្ធសាសនាឆ្នាំ១៩៦៣ ក៏កើតឡើង។ អំពើហឹង្សាក្រោមរបបឌៀមបានប៉ះពាល់ទៅដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀតយ៉ាងធ្ងន់ធ្ងរ ហើយប្រជាប្រិយភាពរបស់គាត់ក្នុងជួរកងទ័ពក៏ធ្លាក់ចុះផងដែរ។ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៦៣ ឧត្តមសេនីយ៍កំពូលៗក្នុងប្រទេសបានចេញធ្វើរដ្ឋប្រហារទម្លាក់លោកឌៀមដោយមានជំនួយពី សេអ៊ីអា។ ជាដំបូង ឌៀម និងបងប្រុសលោកឈ្មោះញូបានព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានចាប់ខ្លួនវិញនៅថ្ងៃបន្ទាប់ ហើយត្រូវធ្វើឃាតតាមបញ្ជាពីឧត្តមសេនីយ៍សឿង វ៉ាន់មិញ។ លោកឌៀមគឺជាបុគ្គលប្រវត្តិសាស្ត្រដ៏ចម្រូងចម្រាសមួយរូបនៅក្នុងប្រវត្តិសាស្ត្រនៃសង្គ្រាមវៀតណាម។ ប្រវត្តិវិទូខ្លះបានចាត់ទុកគាត់ថាជាឧបករណ៍នយោបាយរបស់សហរដ្ឋអាមេរិក ខណៈពេលដែលអ្នកផ្សេងទៀតបានមើលឃើញគាត់ជារូបតំណាងនៃប្រពៃណីជាតិវៀតណាម។ នៅពេលត្រូវគេធ្វើឃាត មនុស្សជាច្រើនបានចាត់ទុករូបលោកថាជាជនផ្តាច់ការពុករលួយ។[១]
ឯកសារយោង
[កែប្រែ]- ↑ Słowiak, Jerema (2017). "Role of the Religion and Politico-Religious Organizations in the South Vietnam During Ngo Dinh Diem Period". Nauki Społeczne (16): 109–124. ISSN 2082-9213.
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |