សហភាពឥណ្ឌូចិន
ឥណ្ឌូចិននៃបារាំង (បារាំង៖ Indochine française) មានឈ្មោះជាផ្លូវការថា សហភាពឥណ្ឌូចិន (បារាំង៖ Union indochinoise) ពីឆ្នាំ១៨៨៧ និងមានឈ្មោះថា សហព័ន្ធឥណ្ឌូចិន (បារាំង៖ Fédération indochinoise) ពីឆ្នាំ១៩៤៧, គឺជាទឹកដីអាណានិគមរបស់ចក្រភពអាណានិគមបារាំងនៅភូមិភាគអាស៊ីអាគ្នេយ៍។ ទឹកដីរបស់សហព័ន្ធនេះរួមមាន៖ តំបន់ក្នុងប្រទេសវៀតណាមទាំងបីភូមិភាគគឺ តំបន់តុងកឹង (ជើង) អណ្ណាម (កណ្តាល) និងកូសាំងស៊ីន (ត្បូង), ប្រទេសកម្ពុជា លាវ និងទឹកដីចិនមួយភាគតូចហៅថាក្វាងចូវៀន។ រដ្ឋធានីរបស់សហព័ន្ធនេះគឺទីក្រុងហាណូយ (ជារដ្ឋធានីពីឆ្នាំ១៩០២ ដល់ឆ្នាំ១៩៤៥) និងទីក្រុងសៃហ្គន (ពីឆ្នាំ១៨៨៧ ដល់ឆ្នាំ១៩០២ និងម្តងទៀតពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៥៤)។
បារាំងបានកាត់យកទឹកដីកូសាំងស៊ីននៅឆ្នាំ១៨៦២ និងបង្កើតអាណាព្យាបាលភាពនៅកម្ពុជាក្នុងឆ្នាំ១៨៦៣។ បន្ទាប់ពីបារាំងបានកាន់កាប់តំបន់ភាគខាងជើងវៀតណាមតាមរយៈយុទ្ធនាការតុងកឹង ពួកគេក៏សម្រេចចិត្ដដាក់បញ្ចូលទឹកដីអាណានិគមខ្លួនទាំងប៉ុន្មាននៅអាស៊ីអាគ្នេយ៍ជាសហភាពតែមួយនៅឆ្នាំ១៨៨៧។ ក្រោមការគ្រប់គ្រងរបស់បារាំង ធនធានជាច្រើននៅឥណ្ឌូចិនត្រូវបានពួកគេរឹបអូសយកទុកជាផលប្រយោជន៍ខ្លួនប៉ុន្តែគេឃើញថាវិស័យអប់រំនិងសុខភាពមានការរីកចម្រើនខ្លាំងជាមុន។ ដោយសារការគ្រប់គ្រងបែបកេងប្រវ័ញ្ចរបស់បារាំងនេះហើយដែលជាហេតុធ្វើឱ្យកើតមានការបះបោរជាបន្តបន្ទាប់គ្នានៅទូទាំងឥណ្ឌូចិន។ បន្ទាប់ពីបារាំងត្រូវបានផ្តួលរលំនៅក្នុងសង្គ្រាមលោកលើកទី២ អាណានិគមឥណ្ឌូចិនក៏ធ្លាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវីចឈីហើយក្រោយបន្តិចមកក៏ស្ថិតនៅក្រោមការត្រួតត្រារបស់ចក្រភពជប៉ុនរហូតដល់ខែមីនា ឆ្នាំ១៩៤៥។ ក្រោយពីជប៉ុនបានទទួលចុះចាញ់ បក្សពួកកុម្មុយនិស្តមួយក្រុមដែលគេស្គាល់ថាវៀតមិញដែលមានការដឹកដោយលោកហូ ជីមិញបានប្រកាសឯករាជ្យឱ្យវៀតណាមតែមិនយូរប៉ុន្មាន ពួកបារាំងក៏បានត្រឡប់មកគ្រប់គ្រងជ្រោយឥណ្ឌូចិនវិញ។ ដោយការប៉ះទង្គិចគ្នាបែបនេះ សង្គ្រាមឯករាជ្យមួយដែលគេស្គាល់ថាសង្គ្រាមឥណ្ឌូចិនលើកទី១ បានផ្ទុះឡើងនៅចុងឆ្នាំ១៩៤៦ រវាងពួកបារាំងនិងកងកម្លាំងវៀតមិញ។
ដើម្បីប្រឆាំងនឹងក្រុងកុម្មុយនិស្តវៀតមិញ បារាំងក៏បានប្រកាសបង្កើតរដ្ឋមួយនៅឆ្នាំ១៩៤៩ ដែលគេស្គាល់ថារដ្ឋវៀតណាមដោយមានការដឹកនាំពីអតីតអធិរាជព្រះចៅបាវ ដាយ។ កិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួមវៀតណាមដោយបារាំងត្រូវបានទទួលបរាជ័យ។ ព្រះរាជាណាចក្រលាវនិងព្រះរាជាណាចក្រកម្ពុជាបានប្រកាសឯករាជ្យរៀងៗខ្លួននៅថ្ងៃទី២២ ខែតុលា និងថ្ងៃទី៩ ខែវិច្ឆិកានៃឆ្នាំ១៩៥៣។ បន្ទាប់ពីសន្ធិសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤បានចុះ ប្រទេសវៀតណាមក៏ត្រូវបានបែងចែកជាពីរចំណែកឯបារាំងក៏បានដកខ្លួនចេញពីឥណ្ឌូចិន, របបអាណានិគមបារាំងនៅឥណ្ឌូចិនត្រូវបានបញ្ចប់នៅឆ្នាំនោះ។
ប្រវត្តិសាស្ត្រ
[កែប្រែ]អន្តរាគមន៍បារាំងលើកទីមួយ
[កែប្រែ]ទំនាក់ទំនងបារាំង–វៀតណាមបានចាប់ផ្តើមនៅដើមសតវត្សទី១៧ នៅពេលដែលសាសនទូតគ្រិស្តសាសនាម្នាក់ឈ្មោះអាឡិចសាន់ដឺ ដឺរ៉ូតស៍ជាមួយនឹងគ្នីគ្នារបស់គាត់បានធ្វើដំណើរមកដល់ដែនដីប្រទេសវៀតណាម។ នៅពេលនោះរដ្ឋវៀតណាមបានកំពុងតែពង្រីកទឹកដីរបស់ខ្លួនទៅភាគខាងត្បូងដោយបានកាន់កាប់ដែនដីសណ្តរទន្លេមេគង្គដែលត្រូវជាផ្នែកមួយនៃអាណាចក្រខ្មែរ។[១]
ទំនាក់ទំនងរបស់ពួកអឺរ៉ុបជាមួយវៀតណាមនៅសតវត្សទី១៨ គឺភាគច្រើនផ្តោតទៅលើការធ្វើជំនួញពាណិជ្ជកម្មខណៈពេលដែលកិច្ចផ្សព្វផ្សាយសាសនារបស់ខ្លួនកំពុងតែមានការរីកចម្រើនខ្លាំង។ នៅឆ្នាំ១៧៨៧ បព្វជិតកាតូលិកជនជាតិបារាំងម្នាក់ឈ្មោះ Pierre Pigneau de Behaine បានដាក់ញត្តិទៅរដ្ឋាភិបាលបារាំងឱ្យរៀបចំកងស្ម័គ្រចិត្តយោធាមួយក្រុមទុកបញ្ជូនទៅជួយង្វៀន អាញ់ក្នុងការវាយដណ្តើមទឹកដីរបស់រាជវង្សព្រះអង្គឡើងវិញពីក្រុមតៃសឺន។ លោក Pigneau បានទទួលមរណភាពនៅវៀតណាមមែនប៉ុន្តែកងទ័ពបារាំងរបស់គាត់នូវតែបន្តប្រយុទ្ធរហូតដល់ឆ្នាំ១៨០២។
សតវត្សទី១៩
[កែប្រែ]ឥទ្ធិពលរបស់ចក្រភពអាណានិគមបារាំងនៅវៀតណាមបានកើនឡើងយ៉ាងខ្លាំងសម្បើមនៅអំឡុងសតវត្សទី១៩, ឧទាហរណ៍៖ អន្តរាគមន៍របស់បារាំងត្រូវបានធ្វើឡើងជាញឹកញាប់ដើម្បីការពារកិច្ចការងាររបស់សមាគមបេសកកម្មបរទេសប៉ារីសនៅក្នុងប្រទេសវៀតណាម។ មិនយូរប៉ុន្មាន រាជវង្សង្វៀនបានចាប់ផ្តើមមើលឃើញថាអ្នកផ្សព្វផ្សាយសាសនាកាតូលិកទាំងនោះអាចក្លាយទៅជាឧបសគ្គផ្នែកនយោបាយរបស់ប្រជាជាតិខ្លួននាពេលអនាគត។ ឧទាហរណ៍៖ ស្រីពេស្យាដែលជាក្រុមដ៏មានឥទ្ធិពលមួយនៅក្នុងប្រព័ន្ធរាជវង្សបានកើតមានការព្រួយបារម្ភចំពោះឋានៈរបស់ពួកគេនៅក្នុងសង្គមថ្មីមួយដែលតម្រូវឱ្យមានភាពជាឯកពន្ធន៍។[២]
នៅឆ្នាំ១៨៥៨ បន្ទាប់ពីរយៈពេលខ្លីបន្តិចក្រោយពីរាជវង្សង្វៀនបានបង្រួបបង្រួមប្រទេសវៀតណាមទាំងមូលហើយ មានការវាយប្រហារមួយបានប្រព្រឹត្តិធ្វើឡើងមកលើបុរីដាណាងដោយក្រុមនាវិករបស់ឧត្តមនាវីបារាំងម្នាក់ឈ្មោះសាល រីហ្គាល់ដឺជេនូលីក្រោមព្រះរាជបញ្ជាពីព្រះចៅអធិរាជណាប៉ូលេអុងទី៣។ មុនពេលការវាយប្រហារនេះ មានអ្នកការទូតបារាំងម្នាក់ឈ្មោះសាល ដឺមនទីនីបានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការរកដំណោះស្រាយដោយសន្តិវិធីប៉ុន្តែត្រូវទទួលបរាជ័យ។ ដោយមើលឃើញថាគ្មានមធ្យោបាយផ្សេងទៀត បារាំងក៏បានបញ្ជូនលោកជេនូលីក្នុងកិច្ចប្រឹងប្រែងខាងយោធាដើម្បីបញ្ចប់ការធ្វើទុក្ខបុកម្នេញនិងការបណ្តេញអ្នកផ្សព្វផ្សាយសាសនាកាតូលិកពីវៀតណាមដោយរាជវង្សង្វៀន។[៣]
សំពៅបារាំងចំនួនដប់បួនគ្រឿងជាមួយនឹងកម្លាំងទ័ពចំនួន ៣,៣០០ នាក់អមជាមួយទ័ពហ្វីលីពីនចំនួន ៣០០ នាក់ដែលឧបត្ថមដោយពួកអេស្ប៉ាញ[៤] បានបើកការវាយប្រហារលើកំពង់ផែក្រុងដាណាងដែលបណ្តាលឱ្យទីក្រុងនោះទទួលរងការខូចខាតយ៉ាងច្រើនហើយទីបំផុតក៏ធ្លាក់ក្រោមការត្រួតត្រារបស់បារាំង។ បន្ទាប់ពីប្រយុទ្ធចម្បាំងជាមួយយួនអស់រយៈពេលជាងបីខែហើយដោយមិនឃើញកងកម្លាំងខ្លួនរុលទៅមុខបាន លោកជេនូលីបានស្នើរដ្ឋាភិបាលបារាំងសុំវាយប្រហារលើទីក្រុងសៃហ្គន (ព្រៃនគរ) ហើយសំណើរបស់គាត់ក៏ត្រូវបានអនុម័តទទួលយល់ព្រមពីរដ្ឋាភិបាល។[៣][៥]
ក្រោយមក ជេនូលីជាមួយនឹងទ័ពរបស់លោកបានចេញដំណើរទៅកាន់ទីក្រុងសៃហ្គនហើយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៥៨៩ ទ័ពរបស់លោកក៏បានកាន់កាប់ទីក្រុងនោះបានសម្រេច។ ដូចមុនអញ្ចឹងដែរ ទ័ពរបស់លោកជូនេលីមិនអាចរុលទៅមុខចេញពីទីក្រុងបាននោះទេ។ ដោយហេតុនេះ សេចក្តីរិះគុនក៏កើតមានឡើងចំពោះភាពដឹកនាំរបស់លោកហើយនៅខែវិច្ឆិកា ឆ្នាំ១៩៨៩ លោកជូនេលីក៏ត្រូវបានជំនួសដោយឧត្តមនាវីឯកថ្មីម្នាក់ឈ្មោះផែកដោយលោកមានគោលដៅបង្កើតសន្ធិសញ្ញាការពារជំនឿសាសនាកាតូលិកនៅវៀតណាមខណៈពេលដែលមិនចង់បន្តឈ្លានពានទឹកដីវៀតណាមតទៅមុខទៀត។[៣][៥]
ការចរចាដោយសន្តិវិធីបានប្រព្រឹត្តិទៅតែមិនបានផលអ្វីនោះទេដូច្នេះការប្រយុទ្ធគ្នានៅទីក្រុងសៃហ្គនត្រូវបានបន្ត។ ទីបំផុតនៅឆ្នាំ១៨៦១ បារាំងបាននាំកម្លាំងបន្ថែមទៀតដើម្បីទ្រទ្រង់យុទ្ធនាការសៃហ្គនហើយលើកនេះកម្លាំងពួកគេក៏រុលទៅមុខចេញពីទីក្រុងនិងទៅកាន់កាប់ទីប្រជុំជនផ្សេងៗទៀតនៅតំបន់ដីសណ្តរទន្លេមេគង្គបានសម្រេច។ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៨៦២ ភាគីវៀតណាមបានយល់ព្រមនិងចុះហត្ថលេខាលើសន្ធិសញ្ញាសៃហ្គនដោយក្នុងនោះវៀតណាមបានចាត់ទុកថាការអនុវត្តតាមសាសនាកាតូលិកគឺជាសកម្មភាពស្របនឹងច្បាប់វិញ បើកការធ្វើពាណិជ្ជកម្មនៅតំបន់ដីសណ្តរទន្លេមេគង្គ កាត់ខេត្តចំនួនបីនិងកោះមួយនៅភាគខាងត្បូងទៅឱ្យបារាំង និងបង់សំណងខូចខាតឱ្យបារាំងដែលស្មើនឹងមួយលានដុល្លារ។[៦][៧][៨]
នៅឆ្នាំ១៨៦៤ ខេត្តចំនួនបីដែលបានលើកឡើងទៅឱ្យបារាំងត្រូវបានបង្កើតជាអាណានិគមបារាំងនៃតំបន់កូសាំងស៊ីនជាផ្លូវការ។ ក្រោយមកនៅឆ្នាំ១៨៦៧ ឧត្តមនាវីបារាំងម្នាក់ឈ្មោះព្យែរ ដឺឡាក្រង់ឌែរបានបង្ខំឱ្យវៀតណាមប្រគល់ខេត្តចំនួនបីរបស់ខ្លួនបន្ថែមទៀតមកឱ្យបារាំង។ ខេត្តទាំងប្រាំមួយខាងលើរួមទាំងកោះចំនួនមួយក៏ត្រូវធ្លាក់ក្រោមការត្រួតត្រារបស់បារាំងចាប់ពីពេលនោះមក។[៧]
នៅក្នុងឆ្នាំ១៨៦៣ ព្រះរាជាខ្មែរព្រះបាទនរោត្តមបានស្នើសុំឱ្យបារាំងដាក់អាណានិគមលើប្រជាជាតិរបស់ទ្រង់។ នៅឆ្នាំ១៨៦៧ សៀមបានលះបង់ការគ្រប់គ្រងរបស់ខ្លួននៅកម្ពុជាហើយទទួលស្គាល់ជាផ្លូវការនូវអាណានិគមកិច្ចបារាំងនៅកម្ពុជានៃឆ្នាំ១៨៦៣ ជាថ្នូរនឹងការត្រួតត្រាខេត្តបាត់ដំបងនិងខេត្តសៀមរាប (ខេត្តទាំងពីរបានប្រគល់មកប្រទេសកម្ពុជាវិញតាមរយៈសន្ធិសញ្ញាព្រំដែនរវាងបារាំងនិងសៀមនៅក្នុងឆ្នាំ១៩០៦)។
និម្មិតកម្ម
[កែប្រែ]បារាំងបានចូលកាន់កាប់លើតំបន់វៀតណាមខាងជើងបន្ទាប់ពីបានទទួលជ័យជម្នះលើចិននៅក្នុងសង្គ្រាមចិន-បារាំង (១៨៨៤-១៨៨៥)។ ឥណ្ឌូចិននៃបារាំងត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៨៧ ដោយមានតំបន់អណ្ណាម តុងកឹង កូសាំងស៊ីន (បូកចូលគ្នាក្លាយជាប្រទេសវៀតណាមសព្វថ្ងៃ) ព្រះរាជាណាចក្រកម្ពុជា ហើយទីបំផុតគឺលាវ (បានមកពីឈ្នះសង្គ្រាមបារាំង‐សៀមក្នុងឆ្នាំ១៨៩៣) ជាទឹកដីរបស់ខ្លួន។
សហព័ន្ធមួយនេះមានអត្ថិភាពរហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៥៤។ នៅក្នុងអាណានិគមរបស់ខ្លួនទាំងបួនគឺបារាំងបានចាត់ឱ្យមេដឹកនាំក្នុងស្រុកជាអ្នកគ្រប់គ្រងដោយក្នុងនោះមានអធិរាជវៀតណាម ព្រះមហាក្សត្រកម្ពុជា និងព្រះមហាក្សត្រហ្លួងព្រះបាងប៉ុន្តែតាមការពិត រាល់អំណាចទាំងអស់គឺស្ថិតនៅក្នុងដៃពួកបារាំងទាំងស្រុង។
ការបះបោរនៅវៀតណាម
[កែប្រែ]ខណៈពេលបារាំងកំពុងព្យាយាមបង្កើតការគ្រប់គ្រងរបស់ខ្លួននៅកម្ពុជា មានការបះបោរដ៏ធំមួយបានកើតឡើងនៅវៀតណាមដែលបង្កឡើងដោយចលនាកាន់វឿងដោយចលនានេះមានគោលដៅបណ្តេញបារាំងចេញនិងតម្លើងព្រះចៅអធិរាជវ័យក្មេងម្នាក់ព្រះនាមហាំម ង្គីជាមេដឹកនាំនៃរដ្ឋឯករាជ្យវៀតណាម។[៩] ចលនាមួយនេះគឺច្រើនផ្តោតប្រឆាំងទៅលើគ្រិស្តសាសនិកយួនដែលជាហេតុបណ្តាលឱ្យគ្រិស្តសាសនិកចំនួន ៤០,០០០ នាក់បានស្លាប់។[១០] ដោយខ្វះការសហការគ្នា មិនយូរប៉ុន្មាន ចលនានេះក៏ត្រូវបារាំងបង្ក្រាបបានតាមរយៈការចូលធ្វើអន្តរាគមន៍ពីក្រុមយោធា។[១១][១២][១៣]
គំនិតជាតិនិយមនៅវៀតណាមបានរីកធំឡើងជាលំដាប់នៅក្នុងនិងក្រោយសង្គ្រាមលោកលើកទី១ ប៉ុន្តែទោះជាយ៉ាងណា ការបះបោរនិងកិច្ចខិតខំប្រឹងប្រែងទាំងប៉ុន្មានគឺមិនបានផ្តល់ផលអ្វីនោះសោះដល់ប្រជាជាតិវៀតណាម។
សង្គ្រាមបារាំង-សៀម (១៨៩៣)
[កែប្រែ]ការពង្រីកវាតទឹកដីឥណ្ឌូចិនដោយបារាំងបានបង្កើតឱ្យមានជម្លោះព្រំដែនមួយចំនួនជាមួយរដ្ឋជិតខាងហើយក្នុងនោះ ជម្លោះដែលគួរឱ្យកត់សម្គាល់ខ្លាំងជាងគេគឺសង្គ្រាមបារាំង-សៀមនៃឆ្នាំ១៨៩៣។ នៅឆ្នាំ១៨៩៣ អាជ្ញាធរបារាំងនៅឥណ្ឌូចិនបានប្រើប្រាស់ជម្លោះព្រំដែនហើយបន្ទាប់មកគឺព្រឹត្តិការណ៍កងនាវានៅប៉ាកណាមដើម្បីបង្កឱ្យមានវិបត្តិយោធាជាមួយសៀម។ ក្រោយមក សំពៅបារាំងបានបង្ហាញខ្លួននៅទីក្រុងបាងកកហើយបានទាមទារឱ្យសៀមចូលកាត់តំបន់ទឹកដីលាវនៅភាគខាងកើតទន្លេមេគង្គឱ្យបារាំង។
ព្រះចៅចុល្លាង្ករណ៍បានអំពាវនាវដល់អង់គ្លេសប៉ុន្តែរដ្ឋមន្ត្រីអង់គ្លេសបានប្រាប់ព្រះអង្គថាឱ្យដោះស្រាយទៅតាមលក្ខខណ្ឌអ្វីដែលខ្លួនមានហើយទ្រង់គ្មានជម្រើសណាផ្សេងក្រៅពីធ្វើតាម។ សកម្មភាពតែមួយគត់របស់ចក្រភពអង់គ្លេសគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយបារាំងដែលធានានូវបូរណភាពទឹកដីដែលនៅសល់របស់សៀម។ ជាថ្នូរ សៀមត្រូវប្រគល់តំបន់សាននៃភាគពាយព្យប្រទេសភូមាទៅអង់គ្លេសនិងកាត់ទឹកដីលាវមកឱ្យបារាំង។
ការទន្ទ្រានបន្ថែមទៀតលើប្រទេសសៀម (១៩០៤-១៩០៧)
[កែប្រែ]ទោះជាយ៉ាងណា បារាំងបានបន្តដាក់សម្ពាធលើសៀមលុះនៅឆ្នាំ១៩០២ បារាំងបានបង្កើតឱ្យមានវិបត្តិមួយទៀត។ លើកនេះ សៀមត្រូវប្រគល់តំបន់ទឹកដីនៃច្រាងខាងលិចទន្លេមេគង្គផ្ទុយពីទឹកដីហ្លួងព្រះបាងនិងតំបន់ជុំវិញចម្ប៉ាស័កភាគខាងត្បូងប្រទេសលាវ និងព្រមទាំងភាគខាងលិចប្រទេសកម្ពុជា។ បារាំងក៏បានកាន់កាប់ប៉ែកខាងលិចនៃខេត្តចន្ទបុរីផងដែរ។
នៅឆ្នាំ១៩០៤ ដើម្បីយកចន្ទបុរីមកវិញ សៀមត្រូវតែប្រគល់ខេត្តត្រាចនិងកោះកុងមកឱ្យសហភាពឥណ្ឌូចិន។ ខេត្តត្រាចបានក្លាយកម្មសិទ្ធិរបស់ថៃវិញនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៦ ជាថ្នូរក្នុងការដោះដូរតំបន់មួយចំនួននៅភាគខាងកើតទន្លេមេគង្គដូចជាខេត្តបាត់ដំបង ខេត្តសៀមនគរ (សៀមរាប) និងខេត្តស៊ីសោភ័ណ (សិរីសោភ័ណ)។
ការបះបោររបស់ពួកយិនបៃ (១៩៣០)
[កែប្រែ]នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៣០ មានការបះបោរបង្កឡើងដោយពួកទាហានវៀតណាមនៅក្នុងយោធភូមិយិនបៃរបស់កងទ័ពអាណានិគមបារាំង។ ការបះបោររបស់ពួកយិនបៃគឺត្រូវបានគាំទ្រនិងឧបត្ថមដោយគណបក្សជាតិនិយមវៀតណាម (គ.ជ.វ.)។ ការវាយប្រហារគឺជាចលាចលដ៏ធំបំផុតដែលបន្តពីចលនាស្ដាររាជាធិបតេយ្យនិយមកាន់វឿងនៅចុងសតវត្សទី១៩។
គោលបំណងនៃការបះបោរនេះគឺដើម្បីជម្រុញឱ្យប្រជាជនទូទៅចូលគាំទ្រនិងផ្តួលរលំរបបអាណានិគមបារាំង។ កន្លងមក គ.ជ.វ.បានប៉ុនប៉ងប្រតិបត្តិសកម្មភាពសម្ងាត់ដើម្បីធ្វើឱ្យការគ្រប់គ្រងរបស់បារាំងមានភាពទន់ខ្សោយក៏ប៉ុន្តែការបង្កើនការត្រួតពិនិត្យពីភាគីបារាំងលើសកម្មភាពពួកគេបាននាំក្រុមថ្នាក់ដឹកនាំមានការប្រថុយក្នុងការបង្កើតឱ្យមានការវាយប្រហារយោធាទ្រង់ទ្រាយធំនៅដីសណ្ដទន្លេក្រហមនៅភាគខាងជើងវៀតណាម។
បក្សពួកប្រឆាំងឆ្វេងនិយមនិងការបះបោរនៅកូសាំងស៊ីននាទស្សវត្តឆ្នាំ១៩៤០
[កែប្រែ]ការគ្រប់គ្រងរបស់បារាំងនៅតំបន់កូសាំងស៊ីនគឺមានលក្ខណៈជាការត្រួតត្រាដោយផ្ទាល់ខុសពីតំបន់អាណានិគមដទៃ ដូច្នេះហើយស្ថានភាពនៅតំបន់នេះគឺងាយនឹងផ្លាស់ប្តូរទៅតាមទម្រង់នយោបាយរបស់បារាំង។ សម័យកាលផ្លាស់ប្តូរនយោបាយដ៏គួរឱ្យកត់សម្គាល់ជាងគេគឺនៅរវាងឆ្នាំ១៩៣៦ និងឆ្នាំ១៩៣៩ ជាពេលដែលរដ្ឋាភិបាលរណសិរ្សប្រជាជនបារាំងបានតែងតាំងលោកជូល ប្រេវីជាអង្គទេសភិបាលឥណ្ឌូចិន។[១៤] ក្នុងនាមជាអ្នកមានគំនិតសេរីនិយមម្នាក់ លោកប្រេវីបានព្យាយាមដោះស្រាយស្ថានការណ៍នយោបាយដ៏តានតឹងនៅកូសាំងស៊ីនដោយលើកលែងទោសអ្នកទោសនយោបាយ បន្ថយការរឹតត្បឹតលើសេរីភាពសារព័ត៌មាន គណបក្សនយោបាយ[១៤] និងសហជីព។[១៥]
នៅរដូវប្រាំងនៃឆ្នាំ១៩៣៧ ក្នុងទីក្រុងសៃហ្គន គេឃើញមានកោលាហលដែលបង្កឡើងដោយពួកពលករនៅតាមទីចតនាវានិងទីដឹកជញ្ជូន។[១៦] នៅខែមេសានៃឆ្នាំដដែលនោះ ពួកកុម្មុយនិស្តវៀតណាមនិងអ្នកទ្រុតស្គីនិយមដែលជាក្រុមប្រឆាំងបាននាំគ្នាឈរឈ្មោះបោះឆ្នោតនៅក្នុងការបោះឆ្នោតក្រុងដោយក្រុមទាំងពីរបានទទួលសម្លេងនិងអាសនៈបានច្រើនគួរសម។[១៧]
បើយោងតាមលោកប្រេវីនៅអំឡុងឆ្នាំ១៩៣៩ លោកបានសរសេរថា៖ "ពួកទ្រុតស្គីនិយមក្រោមការដឹកនាំរបស់តា ទូតាវគឺចង់ទាញយកគុណសម្បត្តិពីសង្គ្រាមដែលអាចកើតមានដើម្បីដណ្តើមឯករាជ្យឱ្យវៀតណាម។" សម្រាប់ពួកស្តាលីននិយមគឺ"វាដើរតាមគោលជំហររបស់បក្សកុម្មុយនិស្តបារាំង"ហើយនិង"ងាកស្មោះត្រង់មករកបារាំងប្រសិនបើមានសង្គ្រាមផ្ទុះឡើង"។[១៨]
នៅខែសីហា ឆ្នាំ១៩៤០ ក្រុមបក្សពួកកុម្មុយនិស្តបានទទួលបញ្ជាពីរដ្ឋធានីមូស្គូឱ្យងើបឡើងប្រឆាំងនឹងបារាំង។[១៩] នៅខែវិច្ឆិកា ឆ្នាំ១៩៤០ បក្សពួកកុម្មុយនិស្តនៅកូសាំងស៊ីនក៏ចាប់ផ្តើមបង្កើតការបះបោរ។ ការប្រយុទ្ធប្រឆាំងគ្នានៅតំបន់ដីសណ្តរទន្លេមេគង្គត្រូវបានបន្តរហូតដល់ចុងឆ្នាំ។[២០][២១]
សង្គ្រាមលោកលើកទី២
[កែប្រែ]នៅខែកញ្ញា ឆ្នាំ១៩៤០ នៅអំឡុងសង្គ្រាមលោកលើកទី២ របបបារាំងវិចឈីថ្មីបានអនុញ្ញាតឱ្យកងយោធាជប៉ុនចូលមកកាន់កាប់តំបន់តុងកឹងរួចក្រោយមកដែនដីឥណ្ឌូចិនទាំងមូលក៏ត្រូវធ្លាក់ក្រោមការត្រួតត្រារបស់ជប៉ុនរហូតដល់ចប់សង្គ្រាម។ ទាំងនេះបានផ្តល់ភាពងាយស្រួលឱ្យជប៉ុនក្នុងការវាយលុកលើប្រទេសចិននៅក្នុងសង្គ្រាមចិន–ជប៉ុនលើកទី២។
ខណៈពេលដែលអាណានិគមឥណ្ឌូចិនរបស់បារាំងកំពុងចុះអន់ខ្សោយ ថៃក៏បានឆ្លៀតឱកាសវាយយកទឹកដីទាំងប៉ុន្មានដែលខ្លួនធ្លាប់បាត់បង់មកវិញដែលជាលទ្ធផលធ្វើឱ្យសង្គ្រាមបារាំង-ថៃផ្ទុះឡើងនៅរវាងខែតុលា ឆ្នាំ១៩៤០ និងថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤១។ កងកម្លាំងថៃបានប្រយុទ្ធដោយភាពស្វាហាប់ម៉ាំមួននៅលើដីគោកប៉ុន្តែគោលដៅរបស់ពួកគេមានការកំណត់។ នៅអំឡុងខែមករា កងកម្លាំងជើងទឹកបារាំងបានយកឈ្នះលើកងកម្លាំងជើងទឹកថៃនៅក្នុងសមរភូមិកោះដំរី។ សង្គ្រាមត្រូវបានបញ្ចប់នាអំឡុងខែឧសភាបន្ទាប់ពីមានការញុះញង់ពីជប៉ុនហើយបារាំងត្រូវបង្ខំខ្លួនប្រគល់ទឹកដីទាំងប៉ុន្មានដែលខ្លួនដណ្តើមបានទៅឱ្យថៃវិញ។
នៅថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៤៥ ដោយឃើញថាប្រទេសបារាំងត្រូវបានរំដោះ អាល្លឺម៉ង់ណាស៊ីកំពុងតែចុះចាញ់ ហើយជាមួយនឹងការចូលជ្រៀតជ្រែករបស់អាមេរិកនៅតំបន់ប៉ាស៊ីហ្វិក ជប៉ុនក៏សម្រេចចិត្តកាន់កាប់តំបន់ឥណ្ឌូចិនទាំងស្រុងនិងគម្ទេចរដ្ឋបាលបារាំងចោល។ កម្ពុជា វៀតណាម និងឡាវត្រូវបានប្រកាសឯករាជ្យហើយបានក្លាយជាសមាជិកនៃសហវិបុលភាពមហាតំបន់អាស៊ីបូព៌ា។ ភាគីជប៉ុនបានបន្តរក្សាអំណាចត្រួតត្រារបស់ខ្លួននៅឥណ្ឌូចិនរហូតទាន់តែមានការប្រកាសចុះចាញ់ពីរដ្ឋាភិបាលរបស់ពួកគេនៅក្នុងខែសីហា។ ការបែកខ្ញែកនិងកង្វះការរៀបចំរដ្ឋបាលនៅតំបន់ឥណ្ឌូចិនបានធ្វើឱ្យតំបន់នេះជួបនឹងគ្រោះធម្មជាតិមួយចំនួននិងបណ្តាលឱ្យមានគ្រោះទុរ្ភិក្សនៅប្រទេសវៀតណាមក្នុងឆ្នាំ១៩៤៥។ គេបានស្ទង់មើលថាប្រជាជននៅឥណ្ឌូចិនប្រមាណពីរាប់សែននាក់ទៅមួយលាននាក់បានបាត់បង់ជីវិតដោយសារការអត់ឃ្លាននៅរវាងឆ្នាំ១៩៤៤–៤៥។
សង្គ្រាមឥណ្ឌូចិនលើកទី១
[កែប្រែ]បន្ទាប់ពីសង្គ្រាមលោកបានបញ្ចប់ បារាំងបានដាក់ញត្តិសុំជំទាស់នឹងការលុបចោលនូវសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩៣៨ ហើយប៉ុនប៉ងចូលកាន់កាប់តំបន់ឥណ្ឌូចិនឡើងវិញ ប៉ុន្តែសំណើរបស់បារាំងត្រូវបានជំទាស់ដោយវៀតមិញ ដែលជាបក្សពួកចម្រុះកុម្មុយនិស្តនិងជាតិនិយមរៀតណាមក្រោមការដឹកនាំរបស់លោកហូ ជីមិញដែលត្រូវជាអ្នកស្ថាបនិកនៃបក្សកុម្មុយនិស្តឥណ្ឌូចិន។ នៅអំឡុងសង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិកបានគាំទ្រក្រុមវៀតមិញក្នុងចលនាតស៊ូប្រឆាំងនឹងជប៉ុន ហើយក្រុមនេះបានគ្រប់គ្រងទីជនបទនៃប្រទេសវៀតណាមតាំងពីបារាំងបានបាត់បង់អំណាចទាំងស្រុងនៅខែមីនា ឆ្នាំ១៩៤៥ មកម្លេះ។
ប្រធានាធិបតីអាមេរិកលោករូសឺវេលត៍ និងឧត្តមសេនីយ៍អាមេរិកឈ្មោះស្ទីលវែលបានបញ្ជាក់យ៉ាងច្បាស់ជាសម្ងាត់ថាបារាំងនឹងមិនត្រូវត្រឡប់មកត្រួតត្រាលើតំបន់ឥណ្ឌូចិនវិញទេបន្ទាប់ពីសង្គ្រាម។ លោកបានប្រាប់រដ្ឋាលេខាធិការលោកថា តំបន់ឥណ្ឌូចិនបានទទួលរងនូវការជិះជាន់និងភាពអយុត្តិធម៌ពីបារាំងអស់ជាង ១០០ ឆ្នាំហើយ។ លោករូសឺវេលត៍បានសាកសួរប្រធានាធិបតីចិនលោកចាង កាយចៀកថាតើប្រទេសចិនមានគោលបំណងចង់គ្រប់គ្រងលើតំបន់ឥណ្ឌូចិនឬអត់។ លោកចាង កាយចៀកបានឆ្លើយតបសារទៅវិញថា"ទោះក្រោមកាលៈទេសៈណាក៏ដោយ"។[២២]
ក្រោយសង្គ្រាមបានបញ្ចប់ កងទ័ពចិនចំនួន ២០០,០០០ នាក់ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍លូ ហានដែលទទួលបញ្ជាពីលោកចាង កាយចៀក បានចូលវាយប្រហារតំបន់ឥណ្ឌូចិនភាគខាងជើងនៅលើខ្សែស្របទី១៦ ហើយបន្តឈរជើងក្នុងឥណ្ឌូចិនរហូតដល់ឆ្នាំ១៩៤៦។[២៣] កងទ័ពជាតិនិយមចិនទាំងនោះបានចងសម្ព័ន្ធភាពជាមួយគណបក្សជាតិនិយមវៀតណាមក្នុងគោលបំណងពង្រីកឥទ្ធិពលរបស់ពួកគេនៅឥណ្ឌូចិននិងដាក់សម្ពាធទៅលើខ្មាំងសត្រូវរបស់ខ្លួន។[២៤]
ចាង កាយចៀកបានគំរាមបារាំងថានឹងមានសង្គ្រាមជាមួយគ្នាបើបារាំងហ៊ានធ្វើសមយុទ្ធប្រឆាំងនឹងវៀតមិញ។ ដោយដូច្នេះ ភាគីទាំងបីក៏សម្រេចចិត្តចុះលើកិច្ចព្រមព្រៀងសន្តិភាពមួយ។ នៅខែកុម្ភៈ ឆ្នាំ១៩៤៦ លោកចាង កាយចៀកបានបង្ខំឱ្យបារាំងប្រគល់សម្បទានទាំងប៉ុន្មានរបស់ពួកគេនៅក្នុងប្រទេសចិនមកឱ្យរដ្ឋាភិបាលរបស់លោកហើយព្រមទាំងឱ្យបារាំងលុបចោលនូវសិទ្ធិពិសេសរបស់ពួកគេនៅលើទឹកដីចិនដើម្បីជាថ្នូរនឹងការដកខ្លួនរបស់ទ័ពរបស់លោកចេញពីភាគខាងជើងតំបន់ឥណ្ឌូចិននិងប្រគល់តំបន់នេះមកឱ្យបារាំងវិញចាប់ផ្តើមពីខែមីនាតទៅ។[២៥][២៦][២៧][២៨]
បន្ទាប់ពីបញ្ចុះបញ្ចូលព្រះចៅអធិរាជបាវ ដាយឱ្យដាក់រាជ្យបានសម្រេចហើយ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៤៥ ហូ ជីមិញក៏បានប្រកាសឯករាជ្យនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ ប៉ុន្តែមិនទាន់ផុតខែកញ្ញាផង កងកម្លាំងអង់គ្លេសនិងរួមជាមួយទ័ពបារាំងសេរីបានធ្វើដំណើរមកដល់ជ្រោយឥណ្ឌូចិនរួចស្តារការត្រួតត្រារបស់ខ្លួនឡើងវិញ។ ដំបូងលោកហូ ជីមិញបានយល់ព្រមចរចាជាមួយបារាំងដើម្បីទទួលបាននូវស្វ័យភាពប៉ុន្តែកិច្ចចរចានោះមិនបានផ្តល់ផលអ្វីដល់ហូ ជីមិញនិងវៀតមិញឡើយ បន្តិចក្រោយមក ការប្រយុទ្ធគ្នាដ៏ជូរចត់នៃសង្គ្រាមឥណ្ឌូចិនលើកទី១ ក៏បានផ្ទុះឡើងរវាងកងកម្លាំងវៀតមិញប្រឆាំងនឹងការត្រួតត្រារបស់បារាំង។ នៅឆ្នាំ១៩៥៤ ដើម្បីបង្កើនសត្រូវនយោបាយច្រើនបន្ថែមឱ្យហូ ជីមិញ ពួកបារាំងក៏យល់ព្រមបង្កើតនូវរដ្ឋបង្រួមមួយដែលមានឈ្មោះថារដ្ឋវៀតណាមដោយមានអតីតព្រះចៅអធិរាជបាវ ដាយជាមេដឹកនាំ។ នៅពេលនោះផងដែរ រដ្ឋកម្ពុជា ឡាវ និងវៀតណាមត្រូវបានក្លាយជារដ្ឋសមាគមនៃសហភាពបារាំងនិងត្រូវផ្តល់នូវសិទ្ធិស្វ័យភាពបន្ថែម។
នៅឆ្នាំ១៩៥០ សង្គ្រាមក៏ឈានចូលមកដល់ចំណុចរបត់មួយ។ រដ្ឋាភិបាលហូ ជីមិញត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលកុម្មុយនិស្តចិននិងសហភាពសូវៀតហើយរដ្ឋាភិបាលរបស់លោកម៉ៅសេទុងថែមទាំងបានផ្តល់ជំនួយកម្លាំងទ័ពបន្តិចបន្តួចនិងគ្រឿងសព្វាវុធជាច្រើនទៀតផង។ នៅខែតុលា ឆ្នាំ១៩៥០ កងទ័ពបារាំងបានទទួលរងនូវការបរាជ័យដ៏ធំដំបូងបង្អស់នៅក្នុងសមរភូមិផ្លូវអាណានិគមលេខ៤។ ចាប់តាំងពីពេលនោះមក កិច្ចខិតខំប្រឹងប្រែងយោធារបស់បារាំងគឺលែងសូវបានផលដូចមុនទៀតហើយ។ ចំណែកឯរដ្ឋាភិបាលនៃរដ្ឋវៀតណាមដែលខ្លួនបានបង្កើតពីមុននោះគឺមានសភាពខ្សោយនិងអស្ថេរភាព ខណៈពេលដែលរដ្ឋកម្ពុជាដែលនៅក្រោមការដឹកនាំរបស់សម្តេចព្រះបាទនរោត្តម សីហនុបានទទួលឯករាជ្យនៅខែវិច្ឆិកា ឆ្នាំ១៩៥៣។ ការប្រយុទ្ធចម្បាំងគ្នាបានអូសបន្លាយរហូតដល់ខែឧសភា ឆ្នាំ១៩៥៤ នៅពេលដែលវៀតមិញបានយកឈ្នះលើទ័ពបារាំងនៅក្នុងសមរភូមិឌៀនបៀនភូ។
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
[កែប្រែ]នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៥៤ សន្និសីទក្រុងហ្សឺណែវបានបង្កើតបានកិច្ចព្រមព្រៀងមួយរវាងវៀតណាមខាងជើង និងបារាំង។ ក្នុងកិច្ចសន្យានោះរួមមាន៖ ការគាំទ្របូរណភាពទឹកដី និងអធិបតេយ្យភាពនៃតំបន់ឥណ្ឌូចិន ផ្តល់ឯករាជ្យភាពដល់ប្រទេសទាំងបីនៅក្នុងឥណ្ឌូចិន ប្រកាសពីការបញ្ឈប់អរិភាពនិងអន្តរាគមន៍របស់បរទេសក្នុងកិច្ចការផ្ទៃក្នុងឥណ្ឌូចិន និងគូសខ្សែបន្ទាត់នៅតំបន់ដែលបែកចែកវៀតណាទៅជាភាគខាងជើងនិងខាងត្បូងហើយកងទ័ពភាគីនីមួយៗគឺត្រូវតែដកថយចេញពីតំបន់នោះ។[១]
នេះគឺជាសន្និសីទមួយដែលបារាំងឈប់អះអាងថាឧបទ្វីបឥណ្ឌូចិនគឺជាផ្នែកមួយរបស់ប្រជាជាតិខ្លួន។ សហរដ្ឋអាមេរិកនិងវៀតណាមខាងត្បូងបានច្រានចោលនូវកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវនេះហើយមិនបានចុះហត្ថលេខាលើវានោះឡើយ។ មេដឹកនាំវៀតណាមខាងត្បូងឈ្មោះឌៀមបានច្រានចោលនូវគំនិតនៃការបោះឆ្នោតនៅទូទាំងប្រទេសដូចដែលបានស្នើឡើងនៅក្នុងកិច្ចព្រមព្រៀងដោយបាននិយាយថា ការបោះឆ្នោតសេរីមិនអាចប្រព្រឹត្តិទៅរួចទេនៅទឹកដីកុម្មុយនិស្តភាគខាងជើង ហើយលោកបានបន្ថែមទៀតថា រដ្ឋាភិបាលរបស់លោកមិនត្រូវបានចងភ្ជាប់ដោយកិច្ចព្រមព្រៀងក្រុងហ្សឺណែវទេ។
ព្រឹត្តិការណ៍នៃឆ្នាំ១៩៥៤ បាននាំឱ្យមានការចូលធ្វើអន្តរាគមន៍ពីសហរដ្ឋអាមេរិកនៅប្រទេសវៀតណាមនិងរួមទាំងការផ្ទុះឡើងនៃសង្គ្រាមវៀតណាមផងដែរ។ ប្រទេសកម្ពុជា និងឡាវបានទទួលឯករាជ្យពេញលេញនៅឆ្នាំ១៩៥៤ ប៉ុន្តែក្រោយមកៗប្រទេសទាំងពីរក៏ត្រូវបានបរទេសទាញអូសឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមដ៏ព្រៃផ្សៃបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃតំបន់ឥណ្ឌូចិន។
ប្រជាសាស្ត្រ
[កែប្រែ]ប្រជាជន
[កែប្រែ]ក្រុមជនជាតិវៀតណាម លាវ និងខ្មែរគឺជាក្រុមជនជាតិដ៏ធំបំផុតនៅក្នុងសហភាពឥណ្ឌូចិន។ ជនជាតិមឿង តៃ ចាម និងចារ៉ៃត្រូវបានគេស្គាល់ជារួមថាម៉ុងតេញ៉ា (Montagnards) ហើយពួកគេភាគច្រើនមានទីលំនៅនៅតាមតំបន់ភ្នំនៃឧបទ្វីបឥណ្ឌូចិន។ ជនជាតិហាន (ចិន) ក៏មានវត្តមាននៅក្នុងសហភាពឥណ្ឌូចិនផងដែរហើយពួកគេភាគច្រើនចូលចិត្តរស់នៅតាមទីប្រជុំជនធំៗ ជាពិសេសគឺនៅផ្នែកខាងត្បូងវៀតណាមនិងប្រទេសកម្ពុជាព្រោះវាត្រូវជាតំបន់ពាណិជ្ជកម្មធំៗ។ ក្នុងឆ្នាំ១៩១៣ គេបានធ្វើការប៉ាន់ស្មានថា ប្រហែល ៩៥% នៃប្រជាជនឥណ្ឌូចិនគឺមានទីលំនៅនៅតំបន់ជនបទប៉ុន្តែតួលេខខាងលើត្រូវបានធ្លាក់ចុះបន្តិចម្តងៗនៅឆ្នាំបន្ទាប់ៗដោយសារតែការរីកចម្រើននៃនគរូបនីយកម្ម។
សាសនា
[កែប្រែ]សាសនាគ្រឹះនៅសហភាពឥណ្ឌូចិនគឺព្រះពុទ្ធសាសនាដោយនៅវៀតណាមគឺគេប្រកាន់ព្រះពុទ្ធសាសនាមហាយានរីឯនៅកម្ពុជានិងឡាវគឺប្រកាន់ព្រះពុទ្ធសាសនាថេរវាទ។ សាសនទូតកាតូលិកអឺរ៉ុបបានដើរផ្សព្វផ្សាយសាសនានៅពាសពេញឥណ្ឌូចិនហើយនៅពេលបារាំងបានដកការត្រួតត្រារបស់ខ្លួន គេបានប៉ាន់ស្មានថាប្រជាជនតំបន់តុងកឹងប្រមាណ ១០% ជាអ្នកកាន់សាសនាកាតូលិក។ កាវដាយសាសនាក៏ចាប់ផ្តើមមានប្រជាប្រិយភាពនៅអំឡុងពេលនេះផងដែរ។
ការតាំងទីលំនៅរបស់បារាំង
[កែប្រែ]ខុសពីអាណានិគមអាល់ហ្សេរី ជនជាតិបារាំងតិចតួចណាស់ដែលបានមកតាំងទីលំនៅនៅលើដែនដីឥណ្ឌូចិន។ ត្រឹមឆ្នាំ១៩៤០ មានជនជាតិបារាំងតែ ៣៤,០០០ នាក់ប៉ុណ្ណោះដែលរស់នៅក្នុងឥណ្ឌូចិនរួមជាមួយនឹងបុគ្គលិកយោធានិងបុគ្គលិករដ្ឋាភិបាលបារាំង។ មូលហេតុចម្បងដែលធ្វើឱ្យឥណ្ឌូចិនមានជនជាតិបារាំងរស់នៅតិចជាងអាណានិគមអាហ្រ្វិកខាងជើង (ដែលមានប្រជាជនបារាំងរស់នៅរហូតដល់ទៅ ១ លាននាក់ជាងឯណោះ) ព្រោះតំបន់ឥណ្ឌូចិនត្រូវបានជនជាតិបារាំងមើលឃើញថាជា colonie d'exploitation économique (អាណានិគមសេដ្ឋកិច្ច) ច្រើនជាជាង colonie de peuplement (ទឹកដីអាណានិគមដែលប្រមូលប្រជាជនបារាំងមករស់នៅដើម្បីកុំឱ្យប្រទេសបារាំងមានចំនួនប្រជាជនលើសលប់ពេក) និងមួយទៀតគឺព្រោះតែឥណ្ឌូចិនមានចម្ងាយឆ្ងាយពីប្រទេសបារាំង។
ភាសា
[កែប្រែ]នៅក្រោមការត្រួតត្រារបស់បារាំង ភាសាបារាំងគឺត្រូវជាភាសាចម្បងដែលគេលើកយកមកប្រើប្រាស់នៅក្នុងវិស័យជាច្រើនដូចជា៖ វិស័យអប់រំ រដ្ឋាភិបាល ពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានជាដើម។ ភាសាបារាំងគឺមានភាពពេញនិយមបំផុតនៅតាមទីប្រជុំជននិងក្រុងនានាហើយវាបានក្លាយជាភាសាចម្បងមួយសម្រាប់វរជននិងបញ្ញវន្តនាសម័យនោះ។ ជាពិសេសគឺនៅក្នុងតំបន់តុងកឹងនិងកូសាំងស៊ីនដែលឥទ្ធិពលភាសាបារាំងមានច្រើនចំណែកឯតំបន់អណ្ណាម កម្ពុជា និងឡាវវិញគឺមិនសូវមានប៉ុន្មានទេ។[២៩] ទោះបីជាភាសាបារាំងត្រូវបានគេប្រើប្រាស់ជាផ្លូវការនៅក្នុងវិស័យអប់រំក្តី ក៏ប្រជាជនក្នុងស្រុកនីមួយៗនូវតែនិយាយភាសាកំណើតរបស់ពួកគេដដែរ។ បន្ទាប់ពីការគ្រប់គ្រងរបស់បារាំងបានបញ្ចប់ ភាសាបារាំងគឺនូវតែគេយកមកប្រើជារឿយៗនៅក្នុងវិស័យរដ្ឋាភិបាលឯករាជ្យថ្មី, ឧទាហរណ៍៖ របបសង្គមរាស្រ្តនិយម និងសម័យសាធារណរដ្ឋខ្មែរ។ សព្វថ្ងៃ ភាសាបារាំងគឺនូវតែគេលើកមកបង្រៀបជាភាសាទីពីរឬទីបីនៅក្នុងប្រទេសនៃតំបន់ឥណ្ឌូចិនហើយត្រូវបានគេប្រើប្រាស់នៅក្នុងកិច្ចការរដ្ឋបាលមួយចំនួនផងដែរ។[២៩]
សេដ្ឋកិច្ច
[កែប្រែ]សហភាពឥណ្ឌូចិនត្រូវបានរដ្ឋាភិបាលបារាំងចាត់ទុកថាជា"អាណានិគមអាជីវកម្មសេដ្ឋកិច្ច"។ រដ្ឋាភិបាលអាណានិគមបានប្រមូលថវិកានិងមូលនិធិពីឥណ្ឌូចិនដោយការយកពន្ធពីសំណាកប្រជាជនក្នុងស្រុក។ លើសពីនេះទៅទៀត រដ្ឋាភិបាលបារាំងបានបង្កើតឱ្យមានភាពផ្តាច់មុខលើពាណិជ្ជកម្មអាភៀន អំបិល ហើយនិងស្រាសជាដើម។ រដ្ឋបាលបារាំងបានបង្កើតនូវបមាណភាគនៃការប្រើប្រាស់សម្រាប់ភូមិនីមួយៗនៅវៀតណាមដោយបង្ខំអ្នកភូមិទាំងនោះឱ្យទិញនិងប្រើប្រាស់ទំនិញផលិតផលអាជីវកម្មផ្តាច់មុខ។[៣០] នៅឆ្នាំ១៩២០ ពាណិជ្ជកម្មផលិតផលទាំងនោះគឺមានតម្លៃស្មើនឹង ៤៤% នៃថវិការរដ្ឋាភិបាលអាណានិគមសរុបប៉ុន្តែវាបានថយចុះនៅត្រឹម ២០% ក្នុងឆ្នាំ១៩៣០ ដោយសារតែអាណានិគមបានចាប់ផ្តើមធ្វើពិពិធកម្មសេដ្ឋកិច្ច។
ធនាគារដ៏សំខាន់បំផុតរបស់អាណានិគមឥណ្ឌូចិនគឺមានឈ្មោះថា ធនាគារនៃឥណ្ឌូចិន ដែលបានបង្កើតឡើងនៅឆ្នាំ១៨៧៥ ហើយមានទំនួលខុសត្រូវចំពោះការធ្វើប្រាក់កាករូបិយប័ណ្ណរបស់ឥណ្ឌូចិន។ ឥណ្ឌូចិនគឺជាអាណានិគមដែលបារាំងបានចូលវិនិយោគច្រើនជាងគេទីពីរនៅឆ្នាំ១៩៤០ បន្ទាប់ពីអាល់ហ្សេរីដោយថវិកាវិនិយោគសរុបមានចំនួនរហូតទៅដល់ ៦.៧ លានហ្វ្រង់។
នៅឆ្នាំ១៩៣០ បារាំងបានចាប់ផ្តើមធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងតំបន់ឥណ្ឌូចិនដោយបានជីករាស់ធនធានធម្មជាតិបន្ថែមដើម្បីនាំចេញទៅបរទេស។ តំបន់កូសាំងស៊ីន អណ្ណាម និងតុងកឹង (សព្វថ្ងៃប្រទេសវៀតណាម) បានក្លាយជាប្រភពនៃតែ ស្រូវ កាហ្វេ ម្រេច ធ្យូង ស័ង្កសី និងសំណប៉ាហាំង ចំណែកឯប្រទេសកម្ពុជាវិញគឺជាប្រភពចម្បងនៃដំណាំស្រូវនិងដំណាំម្រេច។ មានតែលាវទេដែលបារាំងគិតថាជាដែនដីអាណានិគមខ្វះខាតហើយលាវមានតែឈើតិចតួចប៉ុណ្ណោះសម្រាប់បារាំងយកទុកនាំចេញ។
នៅដើមសតវត្សទី២០ ការរីកចម្រើននៃឧស្សាហកម្មដោយប្រើប្រាស់គ្រឿងយន្តបានធ្វើឱ្យឧស្សាហកម្មដំណាំកៅស៊ូនៅឥណ្ឌូចិនផ្ទុះឡើងហើយចម្ការកៅស៊ូត្រូវបានគេបង្កើតឡើងនៅពាសពេញផ្ទៃឧបទ្វីបឥណ្ឌូចិនជាពិសេសគឺនៅក្នុងតំបន់អណ្ណាមនិងតុងកឹង។ មិនយូរប៉ុន្មាន ប្រទេសបារាំងបានក្លាយជាអ្នកផលិតដំណាំកៅស៊ូនាំមុខគេតាមរយៈអាណានិគមឥណ្ឌូចិនរបស់ខ្លួនហើយមិនតែប៉ុណ្ណោះដំណាំកៅស៊ូឥណ្ឌូចិនក៏បានក្លាយជាផលិតផលដ៏មានតម្លៃមួយនៅក្នុងពិភពឧស្សាហកម្មថែមទៀតផង។ ភាពជោគជ័យនៃផលិតកម្មដំណាំកៅស៊ូនៅតំបន់ឥណ្ឌូចិនបារាំងបានបណ្តាលឱ្យមានការចូលវិនិយោគពីសំណាកក្រុមហ៊ុនធំៗផ្សេងៗដូចជា មីឆែលីនជាដើម។ ការផ្ទុះឡើងនៃការវិនិយោគលើអណ្តូងរ៉ែ ដំណាំកៅស៊ូ តែ និងដំណាំកាហ្វេបានធ្វើឱ្យសហភាពឥណ្ឌូចិនចាប់ផ្តើមអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មយ៉ាងរហ័សហើយរោងចក្រជាច្រើនក៏ចាប់ផ្តើមបើកដំណើរការចាប់តាំងពីពេលនោះមក។ រោងចក្រថ្មីៗទាំងនោះគឺជាប្រភពផលិតវាយនភ័ណ្ឌ បារី ស្រាបៀរ និងស៊ីម៉ងត៍រួចត្រូវនាំចេញយកទៅទូទាំងចក្រភពបារាំងលើពិភពលោក។
ហេដ្ឋារចនាសម្ព័ន្ធ
[កែប្រែ]ខណៈពេលដែលសហភាពឥណ្ឌូចិនត្រូវបានគេចាត់ទុកថាជាអាណានិគមសេដ្ឋកិច្ចដ៏សំខាន់មួយរបស់បារាំង រដ្ឋាភិបាលបារាំងក៏បានកំណត់នូវគោលដៅថ្មីគឺចាប់អភិវឌ្ឍន៍វិស័យដឹកជញ្ជូននិងបណ្តាញគមនាគមន៍នៅឥណ្ឌូចិន។ កំពង់ផែទីក្រុងសៃហ្គនបានក្លាយជាកំពង់ផែដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍និងត្រូវជាគូប្រជែងជាមួយនឹងកំពង់ផែទីក្រុងសិង្ហបុរីរបស់អង់គ្លេស។ ត្រឹមឆ្នាំ១៩៣៧ កំពង់ផែក្រុងសៃហ្គនបានក្លាយជាកំពង់ផែមមាញឹកបំផុតទីប្រាំមួយនៅក្នុងចំណោមកំពង់ផែដ៏មមាញឹកទាំងឡាយរបស់ចក្រភពបារាំង។
នៅឆ្នាំ១៩៣៦ ខ្សែរត់ភ្លើងដែលតភ្ជាប់ពីក្រុងហាណូយទៅសៃហ្គនត្រូវបានបើកដំណើរការឡើង។ ជាមួយនឹងការកែលម្អបន្ថែមទៀតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឥណ្ឌូចិន វាបានធ្វើឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើររវាងបារាំងនិងឥណ្ឌូចិន។ ត្រឹមឆ្នាំ១៩៣៩ នាវាបារាំងត្រូវការពេលតិចជាងមួយខែតែប៉ុណ្ណោះដើម្បីធ្វើដំណើរពីទីក្រុងម៉ាកសីមកដល់ឥណ្ឌូចិននិងប្រមាណប្រាំថ្ងៃសម្រាប់ការធ្វើដំណើរតាមយន្តហោះពីប៉ារីសមកសៃហ្គន។
សូមមើលផងដែរ
[កែប្រែ]កំណត់សម្គាល់
[កែប្រែ]- ↑ as Commissioner-General
ឯកសារយោង
[កែប្រែ]- ↑ ១,០ ១,១ Kahin.
- ↑ Owen, p. 106.
- ↑ ៣,០ ៣,១ ៣,២ Tucker, p. 29.
- ↑ Chapuis (1995), p. 195.
- ↑ ៥,០ ៥,១ Chapuis (2000), p. 48.
- ↑ Chapuis, pp. 49-53.
- ↑ ៧,០ ៧,១ Llewellyn.
- ↑ Thomazi, pp. 69-71.
- ↑ Jonathan D. London Education in Vietnam, pg. 10 (2011): "The ultimately unsuccessful Cần Vương (Aid the King) Movement of 1885–89, for example, was coordinated by scholars such as Phan Đình Phùng, Phan Chu Trinh, Phan Bội Châu, Trần Quý Cáp and Huỳnh Thúc Kháng, who sought to restore sovereign authority to the Nguyễn throne."
- ↑ Fourniau, Annam–Tonkin, pp. 39–77
- ↑ Brocheux & Hémery 2004, p. 57-68.
- ↑ David Marr (1971) Vietnamese Anticolonialism, pg. 68
- ↑ Huard, pp. 1096–1107; Huguet, pp. 133–223; Sarrat, pp. 271–3; Thomazi, Conquête, pp. 272–75; Histoire militaire, pp. 124–25
- ↑ ១៤,០ ១៤,១ Lockhart & Duiker 2010, p. 48.
- ↑ Gunn 2014, p. 119.
- ↑ Daniel Hemery Revolutionnaires Vietnamiens et pouvoir colonial en Indochine. François Maspero, Paris. 1975, Appendix 24.
- ↑ Frank N. Trager (ed.). Marxism in Southeast Asia; A Study of Four Countries. Stanford, Calif: Stanford University Press, 1959. p. 142
- ↑ Ngô Văn, In the Crossfire: Adventures of a Vietnamese Revolutionary. AK Press, Oakland CA, 2010, p. 16
- ↑ Tyson, James L. (1974). "Labor Unions in South Vietnam". Asian Affairs 2 (2): 70–82. DOI:10.1080/00927678.1974.10587653.
- ↑ Chonchirdsim, Sud (November 1997). "The Indochinese Communist Party and the Nam Ky Uprising in Cochin China November December 1940". South East Asia Research. 5 (3): 269–293. doi:10.1177/0967828X9700500304. JSTOR 23746947.
- ↑ Paige, Jeffery M. (1970). "Inequality and Insurgency in Vietnam: A re-analysis" (PDF). cambridge.org. Archived from the original (PDF) on 2004-08-25. Retrieved 2018-11-09.
- ↑ Tuchman, p. 235.
- ↑ Addington, p. 30.
- ↑ Neville, p. 119.
- ↑ Duong, p. 21.
- ↑ Tønnesson, p. 41.
- ↑ Errington, p. 63.
- ↑ The Vietnam War Seeds of Conflict 1945–1960.
- ↑ ២៩,០ ២៩,១ Vietnam.
- ↑ Peters.
គន្ថនិទ្ទេស
[កែប្រែ]- Brocheux, Pierre, and Daniel Hemery. Indochina: An Ambiguous Colonization, 1858–1954 (University of California Press; 2010) 490 pages; a history of French Indochina.
- ឈែនដ្លឺរ, ឌែវីដ (២០០៧). ប្រវត្តិសាស្ត្រមួយនៃកម្ពុជា (រ.រ.ទី៤ រ.រ.). បោលដឺរ, ខូឡូរ៉ាដូ:: សារព័ត៌មានវ៉ិស្ថ៍វ្យូ. ល.ស.ប.អ. 0-8133-4363-1.
- ឌូខឺរ, វីល្លៀម (១៩៧៦). ការក្រោកឡើងនៃជាតិនិយមនៅវៀតណាម ១៩០០-១៩៤១. អ៊ិថឹខា ញូវយ៉ក: សារព័ត៌មានសាកលវិទ្យាខរនាំល. ល.ស.ប.អ. 0-8014-0951-9.
- អឹដវ៉ឺដស៍, ផឹននី (២០០៧). កាំបូជ: វប្បកម្មនៃប្រទេសជាតិមួយ, ១៨៦០–១៩៤៥. ហូណូលូលូ: សារព័ត៌មានសាកលវិទ្យាល័យហាវ៉ៃ. ល.ស.ប.អ. 0-8248-2923-9.
- អេវ៉ិន្ស៍, ហ្គ្រាន្ថ៍ (២០០២). ប្រវត្តិសាស្ត្រលាវខ្លីមួយ. សំបុកក្អែក អូស្ត្រាលី: អ៊ាំលឡឹន និង អន់វិន. ល.អ.ស.អ. B000MBU21O.
- ម៉ារ, ឌែវីដ (១៩៧១). ប្រតិអាណានិគមនិយមវៀតណាម ១៨៨៥–១៩២៥. បឺខខេលី: សារព័ត៌មានសាកលវិទ្យាល័យកាលីផ្វននៀ. ល.ស.ប.អ. 0-520-01813-3.
- ម៉ារ, ឌែវីដ (១៩៨២). ប្រពៃណីវៀតណាមលើការកាត់ក្ដី ១៩២០–១៩៤៥. បឺខខេលី: សារព័ត៌មានសាកលវិទ្យាល័យកាលីផ្វននៀ. ល.ស.ប.អ. 0-520-04180-1.
- ម៉ារ, ឌែវីដ (១៩៩៥). វៀតណាម១៩៤៥: ដំណើរស្វែងរកអំណាច. បឺខខេលី: សារព័ត៌មានសាកលវិទ្យាល័យកាលីផ្វននៀ. ល.ស.ប.អ. 0-520-07833-0.
- ម៉ខ់លីអុដ, ម៉ាខ (១៩៩១). ការឆ្លើយតបវៀតណាមចំពោះអន្តរាគមន៍បារាំង ១៨៦២–១៨៧៤. ញូយ៉ក: ភ្រែកហ្គឺរ. ល.ស.ប.អ. 0-275-93562-0.
- មួររ៉េយ, ម៉ាទីន ជែ. (១៩៨០). ការរីកចម្រើននៃមូលធននិយមនៅឥណ្ឌូចិនអាណានិគម (១៨៧០–១៩៤០). បឺខខេលី: សារព័ត៌មានសាកលវិទ្យាល័យកាលីផ្វននៀ. ល.ស.ប.អ. 0-520-04000-7.
- អសស្ប៊ាន់, មិលថឹន (១៩៦៩). វត្តមានបារាំងនៅឥណ្ឌូចិននិងកម្ពុជា: ការគ្រប់គ្រង និង ការឆ្លើយតប (១៨៥៩-១៩០៥). អ៊ិថឹខា ញូវយ៉ក: សារព័ត៌មានសាកលវិទ្យាល័យខនាំល. ល.អ.ស.អ. B000K13QGO.
- Perkins, Mandaley (2006). Hanoi, Adieu: A bittersweet memoir of French Indochina, Sydney, Harper Perennial, ISBN 978-0-7322-8197-7, ISBN 0-7322-8197-0
- ស្ទួត-ផ្វខ់, ម៉ាទីន (១៩៩៧). ប្រវត្តិសាស្ត្រមួយនៃលាវ. ខាំប៊្រីជ ស.រាជ.: សារព័ត៌មានសាកលវិទ្យាល័យខាំប៊្រីជ. ល.ស.ប.អ. 0-521-59235-6.
- ថាលលិង, និខូឡឹស (២០០១). ចក្រពត្តិនិយមនៅអាស៊ីអាគ្នេយ៍: "ដំណាក់កាលមួយឆាប់រហ័ស កន្លងទៅ". ឡុងដុង និង ញូវយ៉ក: រ៉ោតថ្លិច. ល.ស.ប.អ. 0-415-23289-9.
- ធូល្លី, ចន (២០០៣). បារាំងនៅមេគង្គ: ប្រវត្តិសាស្ត្រមួយនៃអាណាព្យាបាលនៅកម្ពុជា ១៨៦៣–១៩៥៣. ឡាន់ហ៊ែម, ម៉ារីលែនដ៍: សារព័ត៌មានសាកលវិទ្យាល័យអាមេរិក. ល.ស.ប.អ. 0-7618-2431-6.
- វូដសាយដ៍, អាឡិចស៊ែនដឺរ (១៩៧៦). សហគមន៍ និង បដិវត្តន៍នៅវៀតណាមទំនើប. បុស្តុន: ហោតថឹន មីផ្វភ្វ្លីន. ល.ស.ប.អ. 0-395-20367-8.
- ហ៊្សីណូមែន, ភីតថឺរ (២០០១). បាស្ទីលអាណានិគម: ប្រវត្តិសាស្ត្រមួយនៃការដាក់គុកនៅវៀតណាម ១៨៦២–១៩៤០. បឺខខេលី: សារព័ត៌មានសាកលវិទ្យាល័យកាលីផ្វននៀ. ល.ស.ប.អ. 0-520-22412-4.
តំណភ្ជាប់ក្រៅ
[កែប្រែ]វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: សហភាពឥណ្ឌូចិន |
- (មានជាភាសាអង់គ្លេសនិងបារាំង) The Colonization of Indochina, from around 1892
- (មានជាភាសាអង់គ្លេសនិងបារាំង) Indochina, a tourism book published in 1910
- Pierre Brocheux: Colonial Society (Indochina), in: 1914-1918-online. International Encyclopedia of the First World War.
- Annuaire général de l'Indo-Chine française - BnF (ភាសាបារាំង)
|
|
|
Coordinates: 21°02′00″N 105°51′00″E / 21.0333°N 105.8500°E
- Pages with non-numeric formatnum arguments
- Articles containing French-language text
- Pages using infobox country with unknown parameters
- Pages using infobox country or infobox former country with the flag caption or type parameters
- Pages using infobox country or infobox former country with the symbol caption or type parameters
- Articles with hatnote templates targeting a nonexistent page
- អត្ថបទវិគីភីឌាមានសញ្ញាណករស.ន.អ.ស
- អត្ថបទវិគីភីឌាមានសញ្ញាណករល.គ.ប.ស
- អត្ថបទវិគីភីឌាមានសញ្ញាណករស.ឈ.ប.អ
- អត្ថបទវិគីភីឌាមានសញ្ញាណករស.ន.ស
- អត្ថបទវិគីភីឌាមានសញ្ញាណករគ.ជ.ប
- អត្ថបទវិគីភីឌាមានសញ្ញាណករNLA
- Coordinates on Wikidata
- អតីតអាណានិគមបារាំង
- សហភាពឥណ្ឌូចិន
- អតីតប្រទេសនៅអាស៊ីអាគ្នេយ៍
- អតីតអាណានិគមរបស់បារាំង
- ចក្រភពអាណានិគមបារាំង
- ទំនាក់ទំនងកម្ពុជា–បារាំង
- ទំនាក់ទំនងបារាំង–លាវ
- ទំនាក់ទំនងបារាំង–វៀតណាម
- Pages using ISBN magic links