Jump to content

វណ្ណ មូលីវណ្ណ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី Vann Molyvann)
វណ្ណ មូលីវណ្ណ

កើត ២៣ វិច្ឆិកា ១៩២៦
ស្រុករាម, ខេត្តកំពត, កម្ពុជា
មរណៈភាព ២៨ កញ្ញា ២០១៧ (អាយុ ៩០)
ក្រុងសៀមរាប, ខេត្តសៀមរាប, កម្ពុជា
សញ្ជាតិ  កម្ពុជា
ផ្នែក ស្ថាបត្យកម្ម
ការសិក្សា សាលាវិចិត្រ​សិល្បៈជាតិជាន់ខ្ពស់ (École nationale supérieure des Beaux-Arts) ប៉ារីស បារាំង
ចលនា ស្ថាបត្យកម្មខ្មែរទំនើប
ស្នាដៃល្បីៗ សាលសន្និសីទចតុមុខ វិមានឯករាជ្យ ពហុកីឡដ្ឋានជាតិអូឡាំពិក សាលមហោស្រពព្រះសុរាម្រិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានភាសាបរទេស ទីស្តីការគណៈរដ្ឋមន្រ្តីចាស់ បុរី១០០ខ្នង វិមានរដ្ឋចំការមន

លោក វណ្ណ-មូលីវណ្ណ (1926-2017) (កើតនៅថ្ងៃ២៣ វិច្ឆិកា ១៩២៦) ឈ្មោះជាឡាតាំង Vann Molyvann គឺជាស្ថាបត្យករជើងចាស់ដ៏​ល្បីល្បាញ​របស់​ប្រទេសកម្ពុជា។ លោក​បាន​រួម​ចំណែក​ជា​ច្រើន​ក្នុង​ស្ថាបត្យកម្ម​ដែល​គេ​ហៅ​ថា ស្ថាបត្យកម្ម​ខ្មែរ​ទំនើប នៅ​ក្នុង​សម័យសង្គមរាស្ត្រនិយម (១៩៥៥–១៩៧០) នៅ​ពេល​ដែល​វប្បធម៌ខ្មែរ​មាន​​ការ​រីកចម្រើន​​ក្រោម​ព្រះ​រាជ​កិច្ច​ដឹកនាំ​​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទនរោត្តម-សីហនុ

សម្ដេច នរោត្តម-សីហនុ បាន​អនុម័ត​គោល​នយោបាយ​អភិវឌ្ឍន៍​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​សំណង់ ទី​ប្រជុំជន​ថ្មីៗ ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ថាបត្យកម្ម។ លោក​ធ្លាប់​ជា​អតីត​ជើង​ចាស់​បង្អស់​នៃ​ជំនាន់​នៃ​ស្ថាបត្យកម្ម ដែល​បរិច្ចាគ​នូវ​រចនាបថ​តែ​មួយ​គត់​នៃ​ស្ថាបត្យកម្ម​ដែល​បញ្ចូល​គ្នា​កំឡុង​សម័យ​កាល​នេះ និង​ដែល​បាន​បង្កើត​ឡើង​នូវ​ស្ថាបត្យកម្មខ្មែរថ្មី

ជីវប្រវត្តិ

[កែប្រែ]

លោក វណ្ណ-មូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ លោក​បាន​ទទួល​សញ្ញាបត្រ​​ទុតិយភូមិ​​ពី​​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៤៤ ហើយ​លោក​បាន​ទទួល​អាហារូបករណ៍​ទៅ​រៀនផ្នែក​ច្បាប់​នៅ​ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុង​ឆ្នាំ​១៩៤៦។ បន្ទាប់​ពី​សិក្សា​នៅ​ទីនោះ​រយៈពេល​មួយ​ឆ្នាំ លោក​ក៏​បាន​ប្ដួរ​ទៅ​រៀន​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាលា​វិចិត្រសិល្បៈ​មួយ​នៅ​ប៉ារីស។ លោក​បាន​សិក្សា​នៅ Arretche studio ហើយ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ជាមួយ​នឹង​ចំណេះដឹង និង​ទេពកោសល្យ។ លោក​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ១៩៥៥។ មួយ​ឆ្នាំ​ក្រោយ​មក​ក៏​ត្រូវ​បាន​គេ​តែង​តាំង​ជា​​ប្រធាន​ស្ថាបត្យករ​នៅ​កម្ពុជា។ លោក​ជា​ព្រឹទ្ធបុរស​​ទីមួយ​​នៃ​​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ (ចាប់​ពី​ឆ្នាំ​១៩៦៥ ដល់ ឆ្នាំ​១៩៦៧) ។

នៅ​ទសវត្សរ៍​៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ បាន​គូរ​ប្លង់​ស្ថាបនា​​អាគារ​ល្បីៗ​ជាច្រើន​នៅ​កម្ពុជា ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ។ នៅ​ទី​នោះ ស្នាដៃ​របស់​លោក ឈរ​យ៉ាង​សង្ហា​ប្រដុំ​ប្រសង​គ្នា​ជាមួយ​នឹង​សំណង់​អាគារបុរាណៗ វត្តអារាម និង​សំណល់​ពី​សម័យអាណានិគម។ កំឡុង​សម័យ​នោះ ដែល​គេ​ស្គាល់​ថា​ជា យុគមាស ស្នាដៃ​សំខាន់ៗ​របស់​លោក​មាន សាលសន្និសីទចតុមុខ អាគារគណរដ្ឋមន្ត្រី និង​វិមានរដ្ឋ។ លោក​ក៏​បាន​គូរ​ប្លង់​វត្ត​អារាម និង​ស្ថានទូត​ខ្មែរ​នៅ​បរទេស​ជា​ច្រើន​ផង​ដែរ។

នៅ​ឆ្នាំ​១៩៦២ លោក មូលីវណ្ណ បាន​រចនា​សំណង់​កីឡដ្ឋាន​ជាតិ​ដែល​មាន​សមត្ថភាព​ផ្ទុក​មនុស្ស ៦០០០០ នាក់ ដែល​នោះ​គឺជា​សង្វៀន​ដែល​គេ​ឲ្យ​តម្លៃ​ជាង​គេ​បំផុត​នៅ​ទូទាំង​អាស៊ីគ្នេយ៍។ កីឡដ្ឋាន​ត្រូវ​បាន​សាងសង់​ទៅ​ដល់​មាត្រដ្ឋាន​អូឡាំពិក គឺ​នៅ​តែ​ជា​កន្លែង​ជួបជុំ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា។ ដំបូង​ឡើយ ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​ល្បឿន​យ៉ាង​លឿន ដើម្បី​ឲ្យ​ទាន់​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ល្បែង​កីឡា​អាស៊ី​ឆ្នាំ​១៩៦៣ តែ​ក្រោយ​មក​ត្រូវ​បាន​លុប​ចោល ហើយ​ត្រូវ​បាន​សម្ពោធ​នៅ​ឆ្នាំ១៩៦៤ អម​ដោយ​ហ្វូង​មនុស្ស​អបអរសាទ​រយ៉ាង​ច្រើន។ ពហុកីឡដ្ឋាន​នេះ​​បាន​ទទួល​ព្រឹត្តិការណ៍​សំខាន់​មួយ​ចំនួន​ដូចជា ល្បែងកីឡាក.ក.ប.ថ. និង ប្រធានាធិបតីបារាំង ទស្សនៈកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក ហ្សាលដឺហ៊្គោល នៅ​ឆ្នាំ​១៩៦៦។

នៅឆ្នាំ​១៩៦២ ដដែល​នោះ លោកក៏​បានស្ថាបនា​សាល មហោស្រពជាតិព្រះសុរាម្រិត (មហោស្រពជាតិកម្ពុជា) សាល​ពិព័រណ៍​ដែល​នៅ​ជិត​ខាង​ជាមួយ​នឹង​បទ​ពិសោធន៍​លំនៅដ្ឋាន​យ៉ាង​ទូលំទូលាយ។ ស្នាដៃ​មួយ​ដ៏​សំខាន់​ទៀត​របស់​លោក គឺ​ការ​រចនា​វិមានឯករាជ្យ ដែល​ជា​ទី​ដ៏​សំខាន់​មួយ​បង្ហាញ​នូវ​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង​វិញ​បាន​ទាំង​ស្រុង​នៅ​ឆ្នាំ១៩៥៣ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ព្រះ​បាទ នរោត្តម សីហនុ ដែល​ជា​អតីត​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

នៅ​ក្នុង​ឆ្នាំ​១៩៧០ សម័យ​សង្គមរាស្ត្រ​និយម ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​ធ្វើ​រដ្ឋប្រហារ​ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ លន់ ណុល ។ នៅឆ្នាំ ១៩៧២ លោក វណ្ណ មូលីវណ្ណ និង​គ្រួសារ​បាន​ភៀស​ខ្លួន​ទៅ​រស់​នៅ​​ឯ​ប្រទេសស៊្វីស។ លោក​បាន​ធ្វើ​ការឲ្យ UN Human Settlements Program រយៈពេល​១០​ឆ្នាំ មុន​នឹង​លោក​វិល​ត្រលប់​មក​មាតុប្រទេស​វិញ​នៅ​ឆ្នាំ​១៩៩១។ លោក​បាន​ចូល​បំរើ​ការងារ​ជា​រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ស្នាដៃចំបងៗ

[កែប្រែ]

រង្វាន់និងកិត្តិយស

[កែប្រែ]

នៅឆ្នាំ២០១៣ លោកវណ្ណ-មូលីវណ្ណបានឈ្នះរង្វាន់នីក្កេអាស៊ីឆ្នាំ២០១៣ ខាងផ្នែកវប្បធម៌ []រង្វាន់នីក្កេអាស៊ីផ្ដួចផ្ដើមដោយក្រុមហ៊ុន Nikkei Inc. នៅឆ្នាំ១៩៩៦ ហើយកម្មវិធីផ្ដល់រង្វាន់កិត្តិយសដល់​ជនអាស៊ីដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្នុង៣វិស័យ៖ ការអភិវឌ្ឍតំបន់ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្ដន៍ និង វប្បធម៌។ សូមបញ្ជាក់ផង។

ចំណាំ

[កែប្រែ]
  1. "Nikkei Asia Prizes 2013". Retrieved ៩ មិថុនា ២០១៣. {{cite web}}: Check date values in: |accessdate= (help)

តំណភ្ជាប់ក្រៅ

[កែប្រែ]
  • Fcccambodia.com Archived 2007-09-27 at the វេយប៊ែខ ម៉ាស៊ីន.
  • Khmer Architecture Tours ទេសចរណ៍ជុំវិញទីក្រុងភ្នំពេញដែលមានបង្ហាញពីអាគាររបស់ វណ្ណ មូលីវណ្ណ
  • [១] គម្រោងវណ្ណមូលីវណ្ណ ជាអង្គការមួយដែលប្ដេជ្ញាចងក្រងឯកសារស្ដីពីការងាររបស់លោក វណ្ណ មូលីវណ្ណ។