ជ័យជេស្ឋាទី១
ជ័យជេស្ឋាទី១ | ||||
រជ្ជកាល | ១៥៨៤-១៥៩៣ | |||
គ្រងរាជ | ១៥៨៤ | |||
រាជសម័យ | សម័យកាលលង្វែក | |||
ព្រះនាមពេញ | ព្រះរាជឱង្ការ ព្រះជ័យជេស្ឋាធិរាជរាមាធិបតី | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | ព្រះសត្ថាទី១ | |||
រាជបន្ត | បរមរាមាទី២ | |||
សន្តិវង្ស | រាជវង្សលង្វែក | |||
ប្រសូត្រ | ១៥៧៣ | |||
បុត្រ | មិនមានកំណត់ត្រា | |||
ចូលទីវង្គត់ | ១៥៩៦ នៅវៀងច័ន្ទ | |||
ជំនឿសាសនា | សាសនាអ្នកតា ឬ វិញាណនិយម សាសនាកាតុលិក (Catholic Religion) |
ជ័យជេស្ឋាទី១ (អង់គ្លេស: Chey Chestha I) (ប្រ.ស|គ.ស ១៥៧៣-១៥៩៦) រជ្ជកាលគ្រងរាជ (គ.ស ១៥៨៤-១៥៩៣) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍នៅ រាជធានីលង្វែក ក្នុងឆ្នាំវក ព.សករាជ ២១២៨ ត្រូវនិង គ.សករាជ ១៥៨៤ ត្រូវនិង មហាសករាជ ១៥០៦ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះជ័យជេស្ឋាធិរាជរាមាធិបតី" ព្រះអង្គជាក្សត្រវ័យក្មេងដោយសោយរាជនូវព្រះជន្ម ១១ឆ្នាំ និង ព្រះអនុជរបស់ទ្រង់ ព្រះនាមពញ្ញាតន់ ដែលមានព្រះជន្មទើបតែ ៦ឆ្នាំ ប៉ុនណោះមានឋានៈ ជាមហាឧបរាជ ។ ព្រះអង្គសោយរាជដោយមិនមានអំណាចនោះទេ ត្បិតបិតាទ្រង់ ព្រះសត្ថាទី១ នៅតែកាន់កាប់រាល់កិច្ចការក្នុងព្រះនគរ ហើយទ្រង់មានឋានៈជារាជានុសិទ្ធ ។ [១]
ការលុបបំបាត់ ពុទ្ធសាសនា មហាយាន
[កែប្រែ]Elimination of Mahayana Buddhism
ក្នុងឆ្នាំ ១៥៩០ នៃគ.សករាជ មាតារបស់ព្រះជ័យជេស្ឋា ដែលជាព្រះមហេសី ព្រះសត្ថាទី១ ទ្រង់មានជំងឺឈឺជាទម្ងន់ ដោយពេទ្យហ្លួងក្នុងរាជវាំងមិនអាចព្យាបាលជំងឺនោះបាន ទើបក្រមការរាជវាំង ឱ្យកោះហៅ ព្រះសង្ឃទាំងពីរអង្គដែលជាចារកម្មមកពីនគរសៀម ដែលល្បីរន្ទឺ ក្នុងការមើលជំងឺទាក់ទងនិងការដាក់អំពើផ្លូវងងឹតផ្សេងៗ ព្រះសង្ឃទាំងពីរដែលមាននាមថា តិប្បញ្ញោ និង សុបញ្ញោ កាលបើបានមើលជំងឺមហេសី ព្រះសត្ថាហើយ ក៏ពោលថា ព្រះអគ្គមហេសី ឈឺធ្ងន់បណ្ដាលមកពីចាញ់ទស្សន៍បារមី របស់ព្រះពុទ្ធរូបអដ្ឋរស្ស ដែលមានទម្រង់ឈរ បែរខ្នងដាក់គ្នាមានព្រះភ័ក្របែរទិសទាំងបួននោះ ព្រះសង្ឃចារកម្មនោះបន្តពោលថា បើយកព្រះអង្គនោះចេញ ទើបអាត្មាភាពហ៊ានទទួលមើលជំងឺនេះ ថាបើអត្មាភាពមើលមិនជាទេអាត្មាភាពសូមថ្វាយជីវិតទាំងពីររូប ។ សម្ដេចព្រះសត្ថា ដោយព្រះអង្គទន់ខ្សោយព្រះសតិបញ្ញាពុំបានពិចារណាឱ្យវែងឆ្ងាយទ្រង់យល់ថា ដីការរបស់ភិក្ខុ ក្លែងក្លាយនោះប្រាកដជាការពិតមែនហើយ ទ្រង់ក៏ត្រាស់បង្គាប់ឱ្យសែងព្រះអដ្ឋរស្សដែលនៅវត្តត្រឡែងកែងទៅចង សណ្ដូកថ្មទំលាក់ទឹកទៅទន្លេធំនោះទៅ ។ សង្ឃក្លែងក្លាយទាំងពីរក៏ធ្វើពិធីដោះអំពើព័ន្ធនោះរហូតដល់ ព្រះអគ្គមហេសីបានធូរស្បើយមកវិញ ដោយមើលឃើញពីការព្យាបាលរបស់សង្ឃទាំងពីរ ព្រះសត្ថាក៏តែងតាំងសង្ឃក្លែងក្លាយទាំងពីរជាគណៈសង្ឃនាយកនៅក្នុងព្រះបរមរាជវាំង ដោយសារការយករូបសំណាកពុទ្ធរូប មកចោលដូចនេះ ធ្វើឱ្យប្រជានុរាស្ត្រមានការខឹងសម្បារនិងព្រះសត្ថាជាខ្លាំង ។[២]
ចម្បាំងលង្វែក
[កែប្រែ]Battle of Longvek
គ.សករាជ ១៥៩១ សៀមបានលើកទ័ពចំនួន ១៥០,០០០ (១៥មុឺននាក់) វាយបែកបន្ទាយ ខេត្តបាត់ដំបង និង ខេត្តពោធិ៍សាត់ សៀមប្រើទ័ពលឿនត្រឹមរយៈពេលតែ ៧ថ្ងៃប៉ុនណោះ វាយមកដល់ក្រុងលង្វែក ដោយសារតែព្រះសត្ថាពេលនេះយល់ឃើញថា សៀមមិនវាយចូលមកអំឡុងពេលនេះទៀតនោះទេ ត្បិតសៀមបរាជ័យលើកទី១រួចមកហើយ ទើបកងទ័ពកម្ពុជាមិនបានប្រមូលផ្ដុំនិងត្រៀមហ្វឹកហាត់នោះទេ ទើបបណ្ដាលឱ្យកងទ័ពសៀមវាយមកលឿនដូចនេះ ។ ស្ដេចសៀម នរេស្វរៈ ដែលពូកែខាងយុទ្ធសាស្ត្រសឹកសង្គ្រាម បានចេញច្បាំងដោយផ្ទាល់ និង បានបញ្ជារឱ្យកងទ័ពលើកដី ដាក់កាំភ្លើងធំបាញ់ប្រហារមកក្រុងលង្វែក ប៉ុន្តែគ្រាប់កាំភ្លើងបាញ់បានរយៈចម្ងាយជិតមិនអាចបាញ់មកដល់ក្រុងលង្វែកនោះទេ កងទ័ពសៀមត្រូវឆ្លងកាត់ការរារាំងដោយព្រៃឬស្សីដែលព័ទ្ធជុំវិញដែលមានកម្រាស ២សិន ដោយស្មើនិង ៨០ម៉ែត្រ ដើមឬស្សីធំៗដែលមានកម្ពស់ខ្ពស់ ប្រមាណជា ១៥ម៉ែត្រ ដើមឬស្សីធំៗទាំងនេះធន់និងការឆេះ ដូចនេះកាំភ្លើងធំរបស់សៀមមិនអាចធ្វើអ្វីមកលើក្រុងលង្វែកបាននោះទេ កងទ័ពសៀមជាង ១សែននាក់បានឡោមព័ទ្ធក្រុងលង្វែកអស់រយៈពេល៣ខែ ក៏ខ្វះស្បៀងសម្រាប់ផ្គត់ផ្គង់កងទ័ព ដូចនេះស្ដេចសៀមនឹកឃើញល្បិចមួយ ដោយឱ្យកងកាំភ្លើងធំច្រកប្រាក់ពត់ដួង ចំនួន ៥០០០ កញ្ចប់បាញ់បាចពាសពេញព្រៃឬស្សី រយៈពេល ៣យប់ ដោយស្ដេចសៀមយល់ឃើញថា លង្វែកប្រើប្រាសរូបបិយវត្ថុជាប្រាក់ដូចគ្នា ដូចនេះប្រជាជនដែលខ្វះខាត និង កាប់ព្រៃឬស្សីដើម្បីយកប្រាក់ដួងទាំងនេះ មុនសៀមដកទ័ពត្រឡប់ទៅវិញ ប្រាកដណាស់ថា របងព្រៃឬស្សីនិងធ្លុះធ្លាយ ។ (พดด้วง) ពត់ដួង ជាពាក្យខ្មែរដែលសៀមយកទៅប្រើ សំរាប់ហៅប្រាក់កាក់បុរាណ មានន័យថាពត់ (พด) ដង្កូវដួង (ด้วง) គឺប្រហែលជាយកប្រាក់ពត់ជារាងដង្គូវដួង ។ ពាក្យនេះគេប្រើជាយូរមកហើយតាំងពីសម័យដើមអយុធ្យាមកម្លេះ ដោយពត់ដួងមានសណ្ឋានដូចគ្រាប់កាំភ្លើងដៃផងដែរ ដែលគេប្រើជាលុយសម័យនោះ ទើបពួកអឺរ៉ុប ហៅប្រាក់នោះថាជា ប្រាក់គ្រាប់កាំភ្លើង (Bullet coins) ខ្មែរបុរាណហៅប្រាក់សៀមនេះថាប្រាក់ដួង ។[៣] [៤]
ការដួលរលំក្រុងលង្វែក
[កែប្រែ]The fall of Longvek
គ.សករាជ ១៥៩៣ ដោយសៀមដឹងថារបងព្រៃឬស្សីដែលការពារក្រុងលង្វែកត្រូវបានធ្លុះធ្លាយដោយសារប្រជានុរាស្ត្រកាប់បំផ្លាញដើម្បីយកប្រាក់ដួង អំឡុងនគរកម្ពុជាជួបវិបត្តិសេដ្ឋកិច្ច សៀមបានលើកទ័ពចំនួន ៣៤០,០០០ (ជាង៣សែននាក់) ស្ដេចសៀម នរេស្វរៈ ដែលមានព្រះនាមហៅក្រៅថា ព្រះចៅនរេ (Preah Chau Nares) បានចែកកងទ័ពជា ៣កងពល កងពលទី១ មានចំនួន ២៤០,០០០ (២៤មុឺននាក់) ដំរីសឹក ១០០០ សេះចម្បាំង ១៤០០ ជាកងទ័ពធំរបស់ស្ដេចសៀម ចូលមកតាម ខេត្តបាត់ដំបង កងពលទី២ មានចំនួន ៥០,០០០ (៥មុឺននាក់) ជាកងទ័ពជើងទឹក ចែកកងទ័ពជាពីរច្រក វាយច្រកសមុទ្រ កំពង់សោម និង ខេត្តកំពត កងពលទី៣ មានចំនួន ៥០,០០០ (៥មុឺននាក់) វាយចូល ខេត្តសៀមរាប ។ កងពលធំរបស់សៀមបានមកដល់ បាត់ដំបង ក៏ប្រមូលទ័ពបានចំនួន ៥០,០០០ (៥មុឺននាក់) បន្ថែមទៀត ដូចនេះកងទ័ពធំសៀមមានចំនួន ២៩០,០០០ (២៩មុឺននាក់) ដែលលើកមកវាយក្រុងលង្វែក ។ កងទ័ពសៀមបានបើកការវាយលុក មកដល់បន្ទាយ ខេត្តពោធិ៍សាត់ កងទ័ពកម្ពុជា មិនអាចការពារបន្ទាយបាន ក៏រត់ចោលបន្ទាយ សៀមរំកិលទ័ព មកដល់បន្ទាយ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ទើបព្រះស្រីសុរិយោពណ៌ ផ្ញើសំបុត្រមក ព្រះសត្ថា អំពីការសឹក ដោយមើលឃើញថា ទ័ពសៀមមកវាយក្រុងលង្វែកក្នុងចំនួនច្រើន ព្រះសត្ថា ក៏ចាត់ពលសេនា ឱ្យទៅសុំជំនួយទ័ព ពីព្រះរាមជើងព្រៃ ដែលត្រូវជាបងប្អូនជីដូនមួយ ជាមួយទ្រង់ ព្រះរាមជើងព្រៃសន្យាថា និង ប្រមូលទ័ព ឱ្យបាន ២សែននាក់ ទៅ ៣សែននាក់ ដើម្បីទប់ទល់និងទ័ពសៀម ក្នុងរយៈពេល ៧ថ្ងៃ ប៉ុន្តែដល់ពេលកំណត់ ព្រះរាមជើងព្រៃ មិនបានប្រគល់ទ័ពមកនោះទេ ទើបព្រះសត្ថា ត្រាសឱ្យ ជ័យជេស្ឋាទី១ ទៅសួរនាំឪពុកមារ របស់ខ្លួន ប៉ុន្តែព្រះរាមជើងព្រៃមិនខ្វល់ និងជ័យជេស្ឋានោះទេ ត្បិតទ្រង់កាន់សិទ្ធទ័ពចំនួន ២០,០០០ (មុឺននាក់) នៅស្រុកស្គន់ ខេត្តកំពង់ចាម ។ អំឡុងពេលដែលសៀមលើកទ័ព វាយបន្ទាយស្រុកបរិបូរណ៍ សៀមប្រើពេល ១៣ ថ្ងៃទើបវាយបែកបន្ទាយស្រុកបរិបូរណ៍ រួចរំកិលទ័ពមកដលក្រុងលង្វែក ព្រះសត្ថា មានការភិតភ័យជាខ្លាំង ក៏នាំគ្រួសាររាជវង្សរត់ចោលរាជវាំង ភៀសខ្លួនមកដល់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏ប្រទះ និងព្រះរាមជើងព្រៃ ដែលបានលើកទ័ពមកដេញសម្លាប់ខ្លួន ព្រះសត្ថាក៏នាំគ្រួសាររាជវង្សរត់តាម ខេត្តក្រចេះ រហូតដល់ស្រុកវៀងច័ន្ទនគរឡាវ ។ សៀមរំកិលទ័ព មកដល់បន្ទាយក្រុងលង្វែក ក្នុងអំឡុងខែមេសា ដោយមើលឃើញថា ដើមឬស្សីដែលប្រជារាស្ត្របានកាប់បំផ្លាញបានស្ងួតងាប់អស់ ដោយមើលឃើញថាខែប្រាង អាកាសធាតុក្ដៅស្ងួតល្អ ស្ដេចសៀមបញ្ជារឱ្យពលសេនា យកជ័រទឹក ដាក់ជាមួយនិងចម្បើងដុតកំពែងក្រុងឬស្សី ឆេះម៉ត់ក្នុងរយៈពេល៣ថ្ងៃ រួចប្រកាសឱ្យកងទ័ពវាយចូលក្រុងលង្វែក ។ អំឡុងពេលដែលសៀមលើកទ័ពវាយចូលក្រុងលង្វែក ព្រះស្រីសុរិយោពណ៌ បានទៅត្រួតពិន្យកាំភ្លើងធំ ស្រាប់តែឃើញព្រះសង្ឃ តិប្បញ្ញោ និង សុបញ្ញោ ដែលជាចារកម្មនគរសៀម កំពុងបង្ខូចកាំភ្លើងធំ ស្រីសុរយោពណ៌ ក៏បញ្ជារឱ្យពលសេនាតាមសម្លាប់សង្ឃទាំងពីរឱ្យបាន រហូតដល់សម្លាប់សង្ឃទាំងពីរបាននៅស្រុក ស្រីស្លាកែត (បច្ចុប្បន្នហៅថា ខេត្តស្រះកែវ) ដោយកាំភ្លើងធំមួយចំនួនខូច ព្រះស្រីសុរិយោពណ៌ ក៏អង្គុយស្រក់ទឹកភ្នែក (យំ) ទើបប្រកាសថាខ្លួននិងច្បាំងស្លាប់រស់ចុងក្រោយក្នុងក្រុងលង្វែកនេះ ហើយក្រុមមន្ត្រីកងទ័ព ក៏ស្ម័គស្លាប់ក្នុងសង្គ្រាមនេះគ្រប់ៗគ្នា កងទ័ពសៀម ២៩មុឺននាក់ ចងជណ្ដើរឬស្សី ដាក់ឡើងវាយចូលបន្ទាយក្រុងលង្វែក ដែលមានទ័ពការពារបន្ទាយត្រឹមតែ ១២០,០០០ (១២មុឺននាក់) ប៉ុនណោះ កងទ័ពសៀមវាយសម្រុកក្រុងលង្វែកពេញមួយខែ ទីបំផុតក៏វាយបែកបន្ទាយលង្វែក ក្នុងខែឧសភា ឆ្នាំ ១៥៩៣ នៃគ.សករាជ ស្ដេចសៀមក៏ចាប់បាន ព្រះស្រីសុរិយោពណ៌ ជាឈ្លើយសឹក ហើយក៍រៀបចំបញ្ជូនទ្រង់យកទៅដែនអាយុធ្យា ស្ដេចសៀមបញ្ជារឱ្យពលសេនា យកជ័រទឹក ដុតផ្ទះប្រជារាស្ត្រក្នុងក្រុងលង្វែក ផ្ទះប្រមាណជា ៥០,០០០ (៥មុឺនខ្នង) ត្រូវបានដុតបំផ្លាញ ស្ដេចសៀម ស្នាក់នៅលង្វែកតែ២ខែប៉ុនណោះ ត្រូវដកទ័ពត្រឡប់ទៅវិញ ត្បិតសៀមមានដំណឹងថា ភូមាត្រៀមលើកទ័ព ១៥មុឺននាក់ វាយចូលក្រុងអាយុធ្យា ស្ដេចសៀមបញ្ជារឱ្យរុះរើយករាជវាំងលង្វែកទៅជាមួយផង សូម្បីតែក្បឿងរាជវាំង សៀមប្រមូលយកទ្រព្យសម្បត្តិក្នុងក្រុងលង្វែក ព្រះគោសំរិទ្ធ ដែលរក្សាគម្ពីរក្បួនច្បាប់នគរកម្ពុជា បូករួមទាំងបដិមារ ព្រះកែវមរកត ដែលសាងឡើងក្នុងរាជ ព្រះលំពង្សរាជា និង បានគៀរយកប្រជានុរាស្ត្រក្នុងក្រុងលង្វែក ជាង ១សែននាក់ យកទៅដែនអាយុធ្យា ការដួលរលំក្រុងលង្វែក គឺជាការបាត់បង់ធនធានដ៏ធំក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិកម្ពុជាមកដល់បច្ចុប្បន្ននេះ ។[៥] [៦]
ចុងបញ្ចប់នៃ សម័យកាលលង្វែក
[កែប្រែ]End of Longvek period
មុនពេលដែលសៀមវាយបែក បន្ទាយក្រុងលង្វែក ក្នុងឆ្នាំ ១៥៩៣ នៃគ.សករាជ ព្រះសត្ថាទី១ បានចាត់ពលសេនា ឱ្យនាំសំបុត្រស្ដីពីស្ថានការសឹកនៅកម្ពុជា ទៅជួបលោក ឌីអុីហ្គូ បេឡូសូ (Diego Beloso) ដើម្បីចុះបេសកកម្ម ទៅជួប លោកអភិបាលអេស្ប៉ាញ ដាសម៉ារីយ៉ាស (Dasmariñas) នៅដែន ម៉ានីឡា ប្រទេសភ្វីលីពីន ដើម្បីស្នើសុំជំនួយកងទ័ពអេស្ប៉ាញ មកជួយកម្ពុជា ប៉ុន្តែដោយហេតុលោកអភិបាលអេស្ប៉ាញ ត្រូវបានស្លាប់ក្នុងទំនាស់ឈ្មួញចិន ដូចនេះ លោក បេឡូសូ ត្រូវរងចាំការតែងតាំងនូវអភិបាលអេស្ប៉ាញថ្មី នៅម៉ានីឡា ។ ក្រោយមកអភិបាលថ្មីអេស្ប៉ាញត្រូវបានតែងតាំងនៅម៉ានីឡា ដែលមានឈ្មោះថា ឡូវីស ប៉េរេស (Luis Perez) ប៉ុន្តែលោកមិនមានសេចក្ដីសម្រេចណាមួយឆ្លើយតបដោយការយល់ព្រមនោះទេ ។ ជាចុងក្រោយទើបអភិបាល អេស្ប៉ាញរូបនេះព្រមបញ្ចូនទ័ពមកកម្ពុជា ក្នុងឆ្នាំ ១៥៩៦ នៃគ.សករាជ ប៉ុន្តែការមកដល់របស់ពួកគេបានហួសពេលអស់ទៅហើយ គឺ បន្ទាយក្រុងលង្វែក ត្រូវបានសៀមវាយបែកក្នុងអំឡុងខែ ឧសភា ឆ្នាំ ១៥៩៣ ហើយស្ដេចសៀម ស្នាក់នៅរយៈពេលពីរខែទើបដកទ័ពធំត្រឡប់ទៅដែនអាយុធ្យាវិញ ដោយរក្សានៅកងទ័ពចំនួន ៧០០០ (៧ពាន់នាក់) ឱ្យកាន់កាប់ ក្រុងលង្វែក ក្រោមការដឹកនាំរបស់មេទ័ពឈ្មោះ "ចក្រី" ដែលបានដកកងទ័ពចំនួន ២០០០ (២ពាន់នាក់) ឱ្យទៅបោះជុំរំទ័ពនៅឧដុង្គ រហូតដល់អំឡុងខែធ្នូ ទើបព្រះរាមជើងព្រៃ លើកទ័ព ៣០,០០០ (៣មុឺននាក់) មកកំចាត់សៀមចេញពីក្រុងលង្វែក រួចរើធានីទៅក្រុងស្រីសន្ធរ ខេត្តកំពង់ចាម និងបានឡើងសោយរាជ ក្នុងឆ្នាំ ១៥៩៤ នៃគ.សករាជ ដែលមានព្រះនាមសម្រាប់រាជថា បរមរាមាទី២ ។[៧]
ចំណារពន្យល់
[កែប្រែ]នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។
មានមតិជាច្រើនលើកឡើងថា ហេតុអ្វីសៀមមិនប្រើជ័រទឹក ដើម្បីដុតព្រៃឬស្សី ! ដើមឬស្សីមានច្រើនជាង 1500 ប្រភេទ ដែលមានជាប្រភេទតូច រហូតដល់ធំ ដើមឬស្សីមានកម្ពស់ ចាប់ពី 10cm រហូលដល់ 40m ដើមឬស្សីធំៗអាចឆេះទៅបានក្នុងកម្រិតសីតុណ្ហភាព 204°C (អង្សារសេ) បើយោងតាមការសិក្សារបស់អ្នកជំនាញ សូមបងប្អូនបញ្ចប់ការយល់ច្រឡំនេះ ពីក្រុមបុរាណាចារ្យ ។[៨]
មានចម្ងល់ក្មេងៗជាច្រើនលើកឡើងថា សៀមហ៊ុមព័ទ្ធលង្វែកអស់រយៈពេល ៣ខែ ហើយលង្វែកការពារដោយរបងព្រៃឬស្សី តើប្រជាពលរដ្ឋចេញចូលតាមណា ? ប្រាកដណាស់ គឺប្រជាពលរដ្ឋចេញចូលតាមទ្វារ ដែលប្រើជាបន្ទះដែកធំៗ ទ័ពសៀមត្រូវបុកទម្លុះទ្វារទាំងអស់នេះទើបអាចចូលមកខាងក្នុងបាន តើកងទ័ពសៀមនិងដាក់គម្លាតទ័ពក្នុងរយៈចម្ងាយប៉ុន្មានម៉ែត្រពីរបងទ្វារ បើកងទ័ពលង្វែក មានកងព្រួញ កងកាំភ្លើងវែង រហូតដល់ កងកាំភ្លើងធំចាំបាញ់ការពារកំពែងក្រុងដែរនេះ ។
មានចម្ងល់ក្មេងៗជាច្រើនជាពិសេសក្មេងនិសិត្សជំនាន់ក្រោយមួយចំនួន តែងលើកឡើងថា ហេតុអ្វី រាស្ត្រទៅកាប់ព្រៃឬស្សីស្រួលៗ ដោយមិនមានការហាមឃាត់ពីមន្ត្រីមូលដ្ឋាន និង កងទ័ព ហើយហេតុអ្វីសៀមមិនប្រើកងទ័ពខ្លួនផ្ទាល់ដើម្បីកាប់ព្រៃឬស្សី !?
គួរបញ្ចាក់ផងដែរថា មានកត្តាច្រើនយ៉ាងដូចជា៖
- ១ វិបិត្តសេដ្ឋកិច្ចក្នុងសម័យលង្វែក ប្រជាជន់មិនមានប្រាក់ទិញម្ហូបអាហារហូបចុកប្រចាំថ្ងៃ ដូចនេះដើម្បីក្រពះត្រូវបង្ខំចិត្តកាប់ព្រៃឬស្សីយកប្រាក់ទៅទិញម្ហូប ។
- ២ សៀមក្ដោបក្ដាប់យកទីតាំងស្បៀងដ៏សំខាន់របស់កម្ពុជា នោះគឺ ខេត្តបាត់ដំបង និង ពោធិ៍សាត់ ដែលជាខេត្តសម្បូរទៅដោយជង្រុកស្រូវ ដែលជាប្រភពស្បៀងដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់ទាំងប្រជានុរាស្ត្រ និង កងទ័ព ។
- ៣ ប្រជានុរាស្ត្រដែលមកកាប់ព្រៃឬស្សីយកប្រាក់ដួងសម្រាប់ការដោះទ័លជីវីភាព សុទ្ធតែមានទំនាក់ទំនងសាច់ញាតិពួកគេ ជាមួយនិងកងទ័ព ដូចនេះហើយទើបកងទ័ពមិនហ៊ានលើកដៃវាយធ្វើបាបក្រុមសាច់ញាតិរបស់ខ្លួននោះទេ ។
- ៤ ប្រជានុរាស្ត្របាត់ការគោរពលើស្ដេចវ័យក្មេងដែលមាន ព្រះជន្មទើបតែ១១ ឆ្នាំ និង បាត់ជំនឿទៅលើព្រះសត្ថា ដែលធ្វើការផ្លាសប្ដូរសាសនារបស់រដ្ឋ ការបែកបាក់ផ្ទៃក្នុងដ៏សំខាន់នេះហើយ ទើបរុញច្រានឱ្យសៀមវាយបែកបន្ទាយក្រុងលង្វែកនេះតែម្ដង ។
- ៥ ហេតុអ្វីសៀមមិនកាប់ឬស្សីខ្លួនឯង បើសៀមប្រើទ័ពទៅកាប់ឬស្សី កងទ័ពសៀមនិងថមថយកម្លាំង ហើយ ព្រះស្រីសុរិយោពណ៌ និង ចេញទ័ពពីបន្ទាយទៅកាប់សម្លាប់កងទ័ពសៀមបានយ៉ាងងាយ នោះប្រាកដណាស់សៀមនិងចាញ់ជាលើកទី២ និង មិនមានឱ្យកាសលើកទី៣ ក្នុងការផ្ដួលកម្លាំងកងទ័ពកម្ពុជា ក្នុងពេលអនាគតទៀតនោះទេ ព្រោះសៀមខ្លាចកម្ពុជា មានការឯកភាពផ្ទៃក្នុងឡើងវិញ ។
តំណភ្ជាប់ រជ្ជកាលគ្រងរាជ
[កែប្រែ]ជ័យជេស្ឋាទី១ (គ.ស ១៥៧៣-១៥៩៦)
| ||
មុនដោយ ព្រះសត្ថាទី១ |
អាណាចក្រលង្វែក ១៥៨៤-១៥៩៣ |
តដោយ បរមរាមាទី២ |
ឯកសារយោង
[កែប្រែ]- ↑ Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
- ↑ Eng Suth (1969) Mohaboros Khmer Documents Volume 1-2, Publisher: Institut Français du Cambodge Bibliothèque Numérique Culturethèque.
- ↑ Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
- ↑ Société des études indochinoises (1950) Bulletin, Publisher: Le gérant : P. Dupont, Saigon p.98
- ↑ Société asiatique (Paris, France) (1871) Journal asiatique, Contributor: Centre national de la recherche scientifique (France), Publisher: Société asiatique., Original from National Library of the Netherlands
- ↑ Frederick P. Munson (1968) Area Handbook for Cambodia, Contributors: United States. Department of the Army, American University (Washington, D.C.). Foreign Area Studies, Publisher: U.S. Government Printing Office, Original from the University of California p.364 OCLC Number: 94376
- ↑ Ferdinand Edralin Marcos (1900) Tadhana : the history of the Filipino people, Publisher: Marcos, Manila 1976 Original from the University of Michigan
- ↑ Britannica (1998-2022) bamboo, Contributors: Encyclopedia Britannica, Website: britannica.com