ឡាវ

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា

(ត្រូវបានបញ្ជូនពីទំព័រ ប្រទេសឡាវ)
ទៅកាន់៖ ទិសដៅ, ស្វែងរក
«តាតលួង»និមិត្តរូបរបស់ប្រទេសឡាវ
«តាតលួង»និមិត្តរូបរបស់ប្រទេសឡាវ

ប្រទេសឡាវមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ។​ ឡាវជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ឡាវមានព្រំដែន ខាងជើងឈៀងខាងលិចជាប់ចិន និង មីយ៉ាន់ម៉ា ខាងកើតជាប់វៀតណាម ខាងត្បូងជាប់កម្ពុជា និងខាងលិចជាប់ថៃ។ ឡាវគ្មានព្រំដែនជាប់សមុទ្រទេ។ ឡាវមានប្រវត្តិសាស្ត្រតមកពីរាជាណាចក្រឡាងសាង(រាជាណាចក្រដំរី១ពាន់)​ដែលចាប់កំនើតឡើងនៅសតវត្សរ៍ទី១៤ដល់សតវត្សរ៍ទី១៨។ បន្ទាប់ពីឆ្លងកាត់របបអាណាព្យាបាលបារាំងរួចមក ឡាវបានទទួលឯករាជ្យនៅឆ្នាំ ១៩៤៩។ បន្ទាប់មក សង្គ្រាមស៊ីវិលបានបន្តរហូតដល់ឆ្នាំ ១៩៧៥ នៅពេលចលនារបស់កុំម៉ុយនីសប៉ាថេតឡាវឡើងកាន់កាប់អំណាច។ សហគ្រាសឯកជនកើនឡើងជាលំដាប់តាំងពីមានកំនែទំរង់សេដ្ឋកិច្ចនៅទសវត្ស៩០។​ បច្ចុប្បន្ន ឡាវស្ថិតនៅក្នុងចំនោមប្រទេសអន់ថយ​ផ្នែកសេដ្ឋកិច្ច​ក៏ដូចជាផ្នែកនយោបាយ។ កំនើនសេដ្ឋកិច្ចឡាវមាន ៧,២% នៅឆ្នាំ២០០៦។ សេដ្ចកិច្ចពឹកផ្អែកលើវិស័យកសិកម្ម ដោយប្រជាជនប្រមាណ៨០%ជាកសិករ។ ឡាវមានជនជាតិភាគតិចចំរុះ ដែលក្នុងនោះ៧០%ជាជនជាតិឡាវ

មាតិកា

[កែប្រែ] ប្រវត្តិសាស្ត្រ

វាលក្រឡ ដែលជាទីស្ថានបុរេប្រវត្តិសាស្ត្រឡាវ
វាលក្រឡ ដែលជាទីស្ថានបុរេប្រវត្តិសាស្ត្រឡាវ

ប្រទេសឡាវបច្ចុប្បន្នមានឬសគល់ពីរាជាណាចក្រឡានសាង ដែលបានកកើតឡើងនៅសតវត្សរ៍ទី១៤ ដោយព្រះចៅហ្វាង៉ុម ដែលមានខ្សែស្រលាយតពីព្រះរាជាឡាវបុរាណ។ ឡានសាងរីកចំរើនរហូតមកទល់សតវត្សរ៍ទី១៨ តែក្រោយមកវាត្រូវបែកបាក់ជា៣ផ្នែក ដែលចុងក្រោយត្រូវបានសៀមត្រួតត្រា។ នៅសតវត្សរ៍ទី១៩ លួងប្រះបាងបានត្រូវដាក់បញ្ជូលក្នុងអាណាព្យាបាលបារាំងនៅឥណ្ឌូចិន។ ក្រោយបន្តិចមកតំបន់ចំប៉ាសាក់និងវៀងច័ន្ទក៏ត្រូវបានរាប់បញ្ជូលក្នុងអាណាព្យាបាលបារាំងដែរ។ បារាំងសំលឹងឃើញប្រទេសឡាវជារដ្ឋនៅចន្លោះការប្រទាញប្រទង់រវាងចក្រភពអង់គ្លេសនិងចក្រភពបារាំង។ នៅក្រោមអាណាព្យាបាលបារាំង វៀងច័ន្ទជាថ្មីម្ដងទៀតបានក្លាយជារដ្ឋធានីរបស់រដ្ឋបង្រួបបង្រួមឡាវ។ ឆ្លងកាត់ការកាន់កាប់មួយរយៈខ្លីពីសំនាក់កងទ័ពជប៉ុនក្នុងសង្គ្រាមលោកលើកទី២ រួចមក ឡាវបានប្រកាសឯករាជ្យនៅឆ្នាំ១៩៤៥។ ប៉ុន្តែបារាំងបានត្រលប់មកកាន់កាប់វិញរហូតដល់ឆ្នាំ១៩៥០គឺពេលដែលបារាំងបានផ្ដល់ ស្វ័យភាពពាក់កណ្ដាលថាជារដ្ឋចំនុះអោយសហព័ន្ឋបារាំង។ ឡាវបានទទួលឯករាជ្យបរិបូណ៌នៅឆ្នាំ១៩៥៤ រួចក្លាយជារដ្ឋកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ក្រោមលក្ខខណ្ឌលើកលែងមួយក្នុងសន្ឋិសញ្ញាហ្សឺណែវ បេសកកម្មហ្វឹកហ្វឺនយោធាបារាំងបានដើរតួនាទីគាំទ្រកងយោធពលភូមិន្ទឡាវ។ នៅឆ្នាំ១៩៥៥ ក្រសូងការពារជាតិអាមេរិកបានមកជំនួសកងទ័ពបារាំងក្នុងការគាំទ្រ​កងយោធពលភូមិន្ទឡាវ​ប្រឆាំងនឹងពួកកុំម្មុយនីសប៉ាថេតឡាវ។

ឡាវត្រូវបានអូសចូលទៅក្នុងសង្គ្រាមវៀតណាម ហើយតំបន់ភាគខាងកើតរបស់ឡាវត្រូវបានលុកលុយកាន់កាប់ពីសំនាក់កងទ័ពវៀតណាមខាងជើង​ដែលពួកនេះបានប្រើប្រាស់ដែនដីឡាវជាមូលដ្ឋានរៀបចំនិងផ្លូវដឹកជញ្ជូនសព្វាវុធនិង​ស្បៀងអាហារទៅអោយកងទ័ព តទល់នឹងកងទ័ពវៀតណាមខាងត្បូង​។ ជាការឆ្លើយតប អាមរិកបានបើកយុទ្ឋនាការទំលាក់គ្រាប់បែកប្រឆាំងនឹងវៀតណាមខាងជើង ដើម្បីគាំទ្រកំលាំងប្រឆាំងកុំម្មុយនីសក្នុងប្រទេសឡាវ និងគាំទ្រវៀតណាមខាងត្បូងក្នុងការលុកលុយប្រទេសឡាវ។ សកម្មភាពទាំងនេះបានបង្កអោយមានការធ្វើរដ្ឋប្រហារជាបន្តបន្ទាប់ ហើយទីបំផុតសង្គ្រាមស៊ីវិលឡាវ រវាងរាជរដ្ឋាភិបាលឡាវ និង ចលនាកុំម្មុយនីសប៉ាថេតឡាវ បានចាប់ផ្ដើម។

នៅក្នុងសង្គ្រាមស៊ីវិលនេះ កងទ័ពវៀតណាមខាងជើងដែលមានអាវុធទំនើបៗនិងរថក្រោះ ស្ថិតនៅពីក្រោយខ្នងពួកប៉ាថេតឡាវ។ នៅឆ្នាំ១៩៦៨ កងទ័ពវៀតណាមខាងជើងបានបើកការវាយប្រហារច្រើនភូមិភាគមកលើកងយោធពល​ភូមិន្ទឡាវ ជាហេតុធ្វើអោយមានការដាក់ពង្រាយទ័ពទ្រង់ទ្រាយធំមួយ។ បន្តមកមានការទំលាក់គ្រាប់បែកទ្រង់ទ្រាយធំពីសំនាក់អាមេរិកដើម្បីកំទេច​មូលដ្ឋានទ័ពវៀតណាមខាងជើងក្នុងប្រទេសឡាវនិងដើម្បីកាត់ផ្ដាច់ផ្លូវហូជីមិញ។ គេនិយាយថា គ្រាប់បែកអាមេរិកទំលាក់នៅឡាវពីឆ្នាំ១៩៧១ដល់១៩៧៣ ច្រើនជាងទំលាក់នៅទូទាំងពិភពលោកក្នុងកំលុងសង្គ្រាមលោកលើកទី២(១៩៣៩ដល់១៩៤៥)ទៅទៀត។ ជាសរុបមានគ្រាប់បែកជាង២លានតោនត្រូវបានទំលាក់។

នៅឆ្នាំ១៩៧៥ កងកំលាំងកុំម្មុយនីសប៉ាថេតឡាវដែលមានការគាំទ្រពី​សហព័ន្ឋរុស្សីនិងវៀតណាមខាងជើង បានទទួលជ័យជំនះលើរដ្ឋាភិបាលរាជានិយម។ ការណ៍នេះបង្ខំអោយព្រះចៅ សាវ៉ាង វឌ្ឍនា ចុះចេញពីតំនែង រួចត្រូវបានគេសំលាប់ក្រោយពីចាប់ខ្លួនបាន។ បន្ទាប់ពីកាន់កាប់ប្រទេសហើយ រដ្ឋាភិបាលប៉ាថេតឡាវបានដាក់ឈ្មោះថ្មីអោយប្រទេសឡាវថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ និងបានចុះកិច្ចព្រមព្រៀងអោយវៀតណាមដាក់ទ័ពក្នុងធ្វើជាទីប្រឹក្សាមើលការខុសត្រូវ​ប្រទេស។ នៅទសវត្សរ៍៧០ ឡាវត្រូវបានវៀតណាមបញ្ជាអោយកាត់ផ្ដាច់ទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន​ដែលកាត់ផ្ដាច់ពាណិជ្ជកម្មឡាវជាមួយបណ្ដាប្រទេសទាំងអស់លើកលែងតែវៀតណាម។ ការគ្រប់គ្រងដោយវៀតណាមនិងការធ្វើជាសង្គមនិយម បន្តិចម្ដងៗបានត្រូវជំនួសដោយការបន្ឋូរបន្ថយការដាក់កំហិតសេដ្ឋកិច្ចនៅទសវត្សរ៍៨០ និងការអនុញ្ញាតអោយចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៧។

[កែប្រែ] ភូមិវិទ្យានិងអាកាសធាតុ

ឡាវជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលគ្មានសមុទ្រ។ ក្រៅពីទីក្រុងវៀងច័ន្ទដែលជារដ្ឋធានី ឡាវមានទីក្រុងធំៗផ្សេងទៀតដូចជាលួងប្រះបាង សុវណ្ណខេត្ត និង ប៉ាក់សេជាដើម។ តំបន់ទេសភាពឡាវសំបូរដោយ​ភ្នំនិងខ្ពង់រាប។ នៅឆ្នាំ១៩៩៣ រដ្ឋាភិបាលបានដាក់ដីចំនួន២១%អោយក្លាយជាតំបន់អភិរក្សជីវចំរុះជាតិ ដែលអាចអភិវឌ្ឍជាឧទ្យានជាតិបាន។ ឡាវជាជំរករបស់សត្វព្រៃកំរៗដូចជាខ្លាឥណ្ឌូចិន ទន្សោងនិង ដំរីអាស៊ី។ ឡាវត្រូវបានគេស្គាល់ផងដែរថាជាប្រទេសនៅតំបន់ត្រីកោណមាស​ដោយមានផ្ទៃដីដាំដុះអាភៀនប្រមាណ ៣៧០០ហិកតានៅឆ្នាំ២០០៧(យោងតាមឯកសារUNODC)។ ឡាវស្ថិតនៅតំបន់ត្រូពិចហើយទទួលឥទ្វិពលខ្យល់មូសុង។ ឡាវមានរដូវ២ដាច់គ្នាស្រឡះគឺ រដូវវស្សាចាប់ពីខែឧសភាដល់ខែវិច្ឆិកា និងរដូវប្រាំងពីខែឆ្នូដល់ខែមេសា។

[កែប្រែ] ផែនទីរដ្ឋបាល

អាណាខេត្តនៅប្រទេសឡាវ
អាណាខេត្តនៅប្រទេសឡាវ

ឡាវចែកចេញជាខេត្ត(ជាភាសាឡាវថា ខ្វាង)១៦ និងមានរដ្ឋធានីនៅវៀងច័ន្ទ

1.​ខេត្តអាត់តៈពើ ​Attapeu

2.​ខេត្តបកែវ​ Bokeo

3.​ខេត្តបលីខាំសៃ​ Bolikhamxai

4.​ខេត្តចាំប៉ាស័ក​ Champasak

5.​ខេត្តហ័រផាន់​ Houaphan

6.​ខេត្តខាំម៉ន​ Khammouan

7.​ខេត្តលូងណាំថា​ Louang Namtha

8.​ខេត្តលួងផះបាង Louangphabang

9.​ខេត្តអ៊ូដុមសៃ​ Oudomxai

10.ខេត្តផុងសាលី Phongsali

11.ខេត្តសាឡៈវ៉ាន់​ Salavan

12.ខេត្តសៈវ៉ាន់ណៈខេត​ Savannakhet

13.ទីក្រុងវៀងច័ន្ទន៍​ Vientiane Capital

14.ខេត្តវៀងច័ន្ទន៍​ Vientiane

15.ខេត្តសៃញ៉ាប៊ូលី​ Xaignabouli

16.ខេត្តសៃស៊ុមប៊ូន​ Xaisomboun

17.ខេត្តសេកុង​ Xekong

18.ខេត្តសៀងខ័ង​ Xiangkhoang

[កែប្រែ] សេដ្ឋកិច្ច

វិថីមួយនៅលួងប្រះបាង
វិថីមួយនៅលួងប្រះបាង

តាំងពីឆ្នាំ១៩៨៦ រដ្ឋាភិបាលឡាវបានចាប់ផ្ដើមធ្វើវិមជ្ឍការនិងជំរុញអោយមានសហគ្រាហឯកជន។ សេដ្ឋកិច្ចឡាវពឹងផ្អែកខ្លាំងទៅលើការវិនិយោគនិងពាណិជ្ជកម្មជាមួយប្រទេសជិតខាងដែលធំជាងនិងមានជាង។ តំបន់ភាគច្រើននៃប្រទេសខ្វះខាតហេដ្ឋារចនាសម្ព័ន្ឋសមស្រប។ ឡាវគ្មានផ្លូវដែកទេ។ ផ្លូវថ្នល់សំខាន់ៗដែលតភ្ជាប់ទីក្រុងធំៗត្រូវបានជួសជុលកែលំអនាពេលថ្មីៗនេះ។ ក៏ប៉ុន្ដែភូមិស្រុកដែលនៅដាច់ឆ្ងាយពីផ្លូវធំៗ អាចចូលទៅបានតែតាមរយៈផ្លូវលំ។ ទូរគមនាគមន៍ប្រើខ្សែនៅមានកំរិតនៅឡើយ ខណៈទូរស័ព្ទដៃកំពុងត្រូវបានប្រើយ៉ាងទូលំទូលាយនៅទីក្រុង។ នៅតំបន់ជនបទ ភ្លើងអគ្គីសនីត្រូវបានផ្គត់ផ្គង់ក្នុងរយៈពេលដែលបានកំនត់ប៉ុណ្ណោះ។

ផ្សារមួយនៅលួងប្រះបាង
ផ្សារមួយនៅលួងប្រះបាង

ផលិតផលក្នុងស្រុកពាក់កណ្ដាលបានពីវិស័យកសិកម្មដែលប្រើប្រាស់ប្រជាជន៨០%របស់ប្រទេស។ ឡាវជាប្រទេសដែលមានផ្ទៃដីដាំដុះអចិន្ត្រៃយ៍តិចជាងគេនៅក្នុងមហាអនុតំបន់មេគង្គ។ ផ្ទៃដីដាំដុះមានតែ ៤,០១% ចំនែកផ្ទៃដីដាំដុះអចិន្ត្រៃយ៍មានតែ០,៣៤%ប៉ុណ្ណោះ។ ស្រូវជាដំនាំសំខាន់ជាងគេ ដែលប្រើប្រាស់៨០%នៃផ្ទៃដីដាំដុះសរុប។ ប្រហែល៧៧%នៃស្រែចំការឡាវផ្ដល់ទិន្នផលសំរាប់តែតាមគ្រួសារប៉ុណ្ណោះ។ តាមរយៈកំនែទំរង់សេដ្ឋកិច្ចរួមមានការអភិវឌ្ឍន៍ពូជស្រូវ ឡាវបានរកលំនឹងរវាងការនាំចេញនិងនាំចូលអង្ករបានជាលើកដំបូងនៅឆ្នាំ១៩៩៩។ ពីឆ្នាំ១៩៩០ដល់២០០៥ ផលិតផលអង្ករកើនឡើងពី១,៥លានតោន មក២.៥លានតោន។ ឡាវប្រហែលជាប្រទេសដែលមានពូជស្រូវច្រើនប្រភេទជាងគេក្នុងមហាអនុតំបន់មេគង្គ។ តាំងពីឆ្នាំ១៩៩៥មក រដ្ឋាភិបាលឡាវបានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវពូជស្រូវអន្តរជាតិ (International Rice Research Institute (IRRI) ) ដើម្បីប្រមែប្រមូលគំរូគ្រាប់ពូជរាប់ពាន់ប្រភេទដែលគេរកឃើញនៅប្រទេសឡាវ។

សេដ្ឋកិច្ចឡាវទទួលជំនួយពី IMF និងប្រភពអន្តរជាតិដទៃទៀត និងពីការវិនិយោគទុនពីបរទេសក្នុងវិស័យកែច្នៃអាហារនិងរ៉ែ (ជាពិសេសទង់ដែងនិងមាស) ។ វិស័យទេសចរណ៍ជាឧស្សាហកម្មរីកចំរើនលឿនជាងគេនៅឡាវ។ តែទោះជាយ៉ាងណាក្តី សេដ្ឋកិច្ចឡាវត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីបាតុភូតលំហូរចេញនៅធនធានមនុស្ស។ តាមការសិក្សាមួយនៅឆ្នាំ២០០៥ របស់ធនាគារពិភពលោក បានរាយការណ៍ថា ៣៧%នៃអ្នកចេះដឹងរបស់ឡាវរស់នៅបរទេស។

[កែប្រែ] ប្រជាជននិងសាសនា

យុវតីម្នាក់នៅក្នុងពិធីបុណ្យជួបជុំ ជនជាតិមួងនៅលួងប្រះបាង
យុវតីម្នាក់នៅក្នុងពិធីបុណ្យជួបជុំ ជនជាតិមួងនៅលួងប្រះបាង

៦៩%នៃប្រជាជនឡាវជាជនជាតិឡាវ។ ក្រុមនេះកាន់កាប់តំបន់ទំនាប និងដើរតួនាទីចំបងក្នុងវិស័យនយោបាយនិងវប្បធម៌។ ជនជាតិឡាវស្ថិតក្នុងអំបូរជនជាតិតៃ ដែលបានធ្វើដំនើរមកពីចិននៅដើមគ្រឹស្តសករាជ។ ៨%ទៀតដែលនៅតំបន់ទំនាបដែរ រួមគ្នាជាមួយជនជាតិឡាវបង្កើតជា ឡាវលូម។ អ្នកស្រុកភ្នំនិងជនជាតិភាគតិចនៅឡាវមាន ជនជាតិមួង (មាវ) ជនជាតិយ៉ាវ (មាន) ជនជាតិតៃឌុម ជនជាតិដាវ ជនជាតិសាន និងជនជាតិនិយាយភាសាទីបេភូមាជាច្រើនទៀត ឃើញមានរស់នៅតំបន់ដាច់ស្រយាលនៃប្រទេសឡាវ។ កុលសម្ព័ន្ឋភ្នំចំរុះជាតិសាសន៍ វប្បធម៌និងភាសា ឃើញមានរស់នៅភាគខាងជើង រួមមានជនជាតិលួ និង ជនជាតិខាំមូ ដែលជាជនជាតិដើមនៅឡាវ។ បច្ចុប្បន្ន ជនជាតិលួស្ថិតក្នុងសភាពជិតផុតពូជ។ ជនជាតិដើមទាំងនេះត្រូវគេដាក់ឈ្មោះថា ឡាវស៊ូង (ឡាវលើ)។ នៅភាគកណ្ដាលនិងតំបន់ភ្នំភាគខាងត្បូង ជាកុលសម្ព័ន្ឋមនខ្មែរ ដែលគេដាក់ឈ្មោះថា ឡាវថឺង។ ក្រុមជនជាតិចិននិងវៀតណាមច្រើនមាននៅទីក្រុង។

ព្រះសង្ឃនិមន្តបិណ្ឌបាត្រនៅឡាវ
ព្រះសង្ឃនិមន្តបិណ្ឌបាត្រនៅឡាវ

សាសនាចំបងនៅឡាវគឺព្រះពុទ្ឋសាសនាថេរវាទ ដែលលាយឡំជាមួយសាសនាព្រលឹងដែលត្រូវបានប្រតិបត្តិក្នុងចំនោមកុលសម្ព័ន្ឋភ្នំ។ មានអ្នកកាន់គ្រឹស្តសាសនាមួយចំនួនតូចដែរនៅក្បែរៗរដ្ឋធានីវៀងច័ន្ទ។ មូស្លីមច្រើនមាននៅតំបន់ក្បែរមីយ៉ាន់ម៉ា។

ភាសាផ្លូវការនៅឡាវគឺភាសាឡាវ ដែលស្ថិតក្នុងអំបូរភាសាតៃ។ ភាសាបារាំងដែលត្រូវបានប្រើជាទូទៅក្នុងជូររដ្ឋាភិបាលនិងពាណិជ្ជកម្ម បានចុះទន់ខ្សោយបន្ដិចម្ដងៗ ខណៈការប្រើប្រាស់ភាសាអង់គ្លេសបានកើនឡើងជាលំដាប់។

[កែប្រែ] វប្បធម៌

តន្រ្តីករគែន
តន្រ្តីករគែន

ព្រះពុទ្ឋសាសនាថេរវាទមានឥទ្ឋិពលជាចំបងដល់វប្បធម៌ឡាវ ដែលបញ្ជាក់អោយឃើញតាមរយៈភាសា វត្តអារាម សិល្បៈ អក្សរសាស្ត្រ ជាដើម។ ទោះជាបែបនេះក្ដី ធាតុផ្សំនៃវប្បធម៌ឡាវមួយចំនួន មានមុនការមកដល់នៃព្រះពុទ្ឋសាសនា។ តួយ៉ាងដូចជា គែន ដែលជាឧបករណ៍តន្ត្រីរបស់ជាតិ មានកំនើតតាំងពីបុរេប្រវត្តិមកម៉្លេះ។

ឡាវមានបេតិកភណ្ឌពិភពលោក២គឺ លួងប្រះបាងនិងវត្តភូ

ស្រូវជាអាហារចំបងនៅឡាវ។ ហេតុនេះមានពិធីសាសនានិងប្រពៃណីជាច្រើនទាក់ទិននឹងការបង្កបង្កើនផលស្រូវ ដែលកុលសម្ព័ន្ឋនានាតែងប្រតិបត្តិ។ ឧទាហរណ៍ អ្នកស្រែខាំមូនៅលួងប្រះបាងដាំស្រូវប្រភេទខាវខាំក្នុងបរិមាណតិចតួចមួយនៅក្បែរខ្ទម​ ជាការរំលឹកគុណដល់មាតាបិតារបស់គេដែលបានចែកឋានទៅ ឬក៏ដាំនៅក្បែរភ្លឺស្រែដើម្បីបញ្ជាក់ថាមាតាបិតារបស់គេនៅមានជីវិត។

[កែប្រែ] សូមមើលផងដែរ

ឧបករណ៍ផ្ទាល់ខ្លួន
ជាភាសាដទៃទៀត