ចិត្ត៨៩
ផ្នែកមួយនៃ ព្រះពុទ្ធសាសនា |
ព្រះធម៌ |
វិបស្សនាធុរៈ |
ព្រះអភិធម្ម |
ចិត្ត៨៩ ឬ ចិត្ត១២១
[កែប្រែ]- កាមាវចរចិត្ត៥៤ + រូបាវចរចិត្ត១៥ + អរូបាវចរចិត្ត១២ + លោកុត្តរចិត្ត៨ = ៨៩
កាមាវចរចិត្ត
[កែប្រែ]- កាមាវចរចិត្ត៥៤ = អកុសលចិត្ត១២ + អហេតុកចិត្ត១៨ + សោភណៈចិត្ត២៤
- - អកុសលចិត្ត១២ = លោភៈចិត្ត៨ + ទោសៈចិត្ត២ + មោហៈចិត្ត២
- - អហេតុកចិត្ត១៨ = អកុសលវិបាកចិត្ត៧ + កុសលវិបាកចិត្ត៨ + កិរិយាចិត្ត៣
- - សោភណៈចិត្ត២៤ = កុសលចិត្ត៨ + វិបាកចិត្ត៨ + កិរិយាចិត្ត៨
រូបាវចរចិត្ត
[កែប្រែ]- រូបាវចរចិត្ត១៥ (មហគ្គតៈឈាន) = កុសលចិត្ត៥ + វិបាកចិត្ត៥ + កិរិយាចិត្ត៥
អរូបាវចរចិត្ត
[កែប្រែ]- អរូបាវចរចិត្ត១២ = កុសលចិត្ត៤ + វិបាកចិត្ត៤ + កិរិយាចិត្ត៤
លោកុត្តរចិត្ត
[កែប្រែ]- លោកុត្តរចិត្ត៨ = មគ្គចិត្ត៤ + ផលចិត្ត៤
ចិត្តទាំងអស់ដែលរាប់រៀបខាងលើនេះ មានចំនួន៨៩ ។ ប៉ុន្តែបើរាប់តាមឈាន លោកុត្តចិត្តមានទាំងអស់៤០ (មិនមែនមានត្រឹមតែ៨ទេ) គឺថាលោកុត្តរឈានមាន៥ ហើយមគ្គចិត្ត៤ និងផលចិត្ត៤ គុណនឹងឈាន៥ ត្រូវជា មគ្គចិត្ត២០ និង ផលចិត្ត២០ ត្រូវជា៤០ ។
- កាមាវចរចិត្ត៥៤ + រូបាវចរចិត្ត១៥ + អរូបាវចរចិត្ត១២ + លោកុត្តរចិត្ត៤០ = ចិត្ត១២១
ជាធម្មតា គេតែងរាប់ចិត្ត៨៩ សេចក្តីនេះមិនមែនមានន័យថា បុគ្គលម្នាក់ ៗ មានចិត្ត ៨៩នោះឡើយ ព្រោះចិត្តមិនកើតឡើងឯង ៗ នោះទេ យោគាវចរទាំងឡាយបណ្តុះចិត្ត មានរូបាវចរចិត្តជាដើម ឲ្យកើតឡើង តាមការបំពេញឈាន គឺសមាធិ និង វិបស្សនាកម្មដ្នាន ។ ហេតុដូច្នេះហើយ បានជាសមាធិនិងវិបស្សនា ជាវិធីសំខាន់បំផុត ក្នុងការបដិបត្តិព្រះធម៌ ។ បុគ្គលដែលធ្វើតែសីលនិងទាន គ្មានសមាធិ-វិបស្សនា មានត្រឹមតែ
កាមាវចរចិត្ត ដែលឲ្យសត្វកើតក្នុងឋានមនុស្សនិងឋានសួគ៌ មិនអាចកើតក្នុងឋានរូប ព្រហ្ម, អរូបព្រហ្ម ឬសម្រេចព្រះនិព្វានបានឡើយ ។
រូបាវចរចិត្ត ឲ្យសត្វទៅកើតក្នុងឋានរូបព្រហ្ម អរូបាវចរចិត្ត ឲ្យសត្វទៅកើតក្នុងឋានអរូបព្រហ្ម ។
លោកុត្តរចិត្ត ជាចិត្តបរិសុទ្ធ រួចចាកអាសវៈកិលេសទាំងពួង ឥតមានសេសសល់ ។ ព្រះយោគាវចរដែលបានសម្រេចអរហត្តផលពេញបរិបូណ៌ មិនវិលត្រឡប់ កើតក្នុងភព៣ទៀតឡើយ ព្រះអង្គចូលទៅកាន់ព្រះនិព្វាន ដែលជាស្ថានបរមសុខ ។
ព្រះយោគាវចរដែលបានសម្រេចមគ្គចិត្ត - ផលចិត្ត តែមិនទាន់ដល់អរហត្តផល នឹង ទៅកើតក្នុងឋានព្រហ្ម មានវេហប្ផលព្រហ្មជាដើម ។
រីឯភពទាំង៣ ឬត្រៃភព គឺ កាមាវចរភព (កាមភព) ១, រូបាវចរភព (រូបភព) ១ និងអរូបាវចរភព (អរូបភព) ១ សូមលើកយកមកអធិប្បាយដោយខ្លី ៗ ដូចតទៅ៖
កាមាលោក
[កែប្រែ]កាមាលោក មាន ១១ឋាន គឺ អបាយភូមិ៤, ឋានមនុស្ស១ និងឋានសួគ៌៦ ។
- ១- អបាយភូមិ៤ គឺ នរក១, តិរច្ឆាន១, ប្រេត១ និងអសុរកាយ១ ។ ជនដែល បានប្រព្រឹត្តនូវអកុសលកម្ម មានពៀរ៥យ៉ាងគឺៈ សម្លាប់សត្វ១ លួចទ្រព្យគេ១ ប្រព្រឹត្តខុសក្នុងកាម១ ភូតកុហក១ និងផឹកសុរានិងមេរ័យ្យ១ ជនទាំងនោះទៅកើតក្នុងភពនរក តិរច្ឆាន ប្រេត អសុរកាយ បើបានកើតជាមនុស្ស ក៏មនុស្សនោះរងទុក្ខវេទនាជាខ្លាំង ។
- ២- ឋានមនុស្ស គឺជនដែលវៀរចាកពៀរ៥យ៉ាងដូចពោលមកខាងលើ មកកើតក្នុងឋានមនុស្ស ដែលសុខនិងទុក្ខនៅលាយឡំគ្នា ។ សត្វដែលរួចផុតកម្មអំពីអបាយភូមិ ក៏អាចមកកើតក្នុងឋានមនុស្សដែរ ។ ទេវតាដែលអស់បុណ្យអំពីឋានសួគ៌ ក៏មកកើតក្នុងឋានមនុស្ស តែទេរតាអស់បុណ្យទាំងនោះ មិនទទួលរងទុក្ខខ្លាំងដូចជនដែល ជាប់កម្មក្នុងពៀរ៥យ៉ាងនោះឡើយ ។ ព្រះពោធិសត្វក៏មកកើត ជាមនុស្សមុននឹងបានត្រាស់ជាព្រះពុទ្ធ ។ មនុស្សជាអ្នកមានឧប្បនិស្ស័យខ្ពង់ខ្ពស់ ព្រោះថាអាចកើតទាន់សាសនាព្រះពុទ្ធ ហើយប្រតិបត្តិធម៌ សីល- សមាធិ- បញ្ញា រហូតដល់សម្រេចព្រះនិព្វានបាន ។
- ៣- ឋានសួគ៌៦ជាន់ គឺ៖
- - ចាតុម្មហារាជជិកៈ ជាឋានរបស់មហារាជទាំង៤គឺ គន្ធព្វ (ទេវតារាំច្រៀង)១, យក្ខ១, នាគ១, គ្រុឌ១ ។ ទេវតាទាំងនេះ មានអាយុកំរិត៥០០ឆ្នាំទិព្វ ។ ១ថ្ងៃ១យប់នៅឋានសួគ៌ ស្មើនឹង៥០ឆ្នាំនៅឋានមនុស្ស ។ ៥០០
ឆ្នាំទិព្វស្មើនឹង៩,០០០,០០០ឆ្នាំមនុស្ស ។
- - តាវតឹង្សៈ ទេវតាឋានតាវតឹង្ស មានអាយុកំរិត ១,០០០ឆ្នាំទិព្វ ។
- - យាមៈ ទេវតាឋានយាមៈ មានអាយុកំរិត ២,០០០ ឆ្នាំទិព្វ ។
- - តុសិតៈ ទេវតាឋានតុសិត មានអាយុកំរិត៤,០០០ ឆ្នាំទិព្វ ។
- - និម្មានរតិ ទេវតាឋាននិម្មានរតី មានអាយុកំរិត៨,០០០ ឆ្នាំទិព្វ ។
- - បរនិម្មិត្តវសវត្តិ ទេវតាឋានបរនិម្មិត្តវសវត្តី ជាឋានខ្ពស់ជាងគេក្នុងកាមាសួគ៌ មានអាយុកំរិត ១៦,០០០ ឆ្នាំទិព្វ ។
ទេវតាដែលរក្សាមនុស្សលោក គឺពពួកគន្ធព្វទេវតាពីឋានចាតុម្មហារាជិកៈ ។ ជនដែលរក្សានូវសីលមិនឲ្យដាច់ បូជាចំពោះព្រះរតនត្រៃ ព្រះពុទ្ធ- ព្រះធម៌- ព្រះសង្ឃ ធ្វើទាន ភាវនាសំអាតចិត្ត គោរពមាតាបិតារបស់ខ្លួន លុះស្លាប់ទៅ នឹងទៅកើតក្នុងឋានសួគ៌ ខ្ពស់ទាបទៅតាមអំណាចនៃកុសលកម្មរៀងខ្លួន ។
ទេវតានៃឋានបរនិម្មិត្តវសវត្តី ជាព្រះអាទិទេព ដែលគ្រប់គ្រងលើអាទិទេពដទៃឯ ទៀត ។ ទេវតាទាំងឡាយតែងមាន ការគោរពចំពោះព្រះព្រហ្ម ដែលមានឋានៈនិងអំណាចខ្ពង់ខ្ពស់ជាង ។
រូបលោក
[កែប្រែ]រូបលោក គឺឋានរបស់ព្រះព្រហ្មដែលមានរូប (ខ្លួន- ប្រាណ) ។ ជនដែលធ្វើនូវមហគ្គតៈឈាន គឺថាបានដល់នូវការសម្រេចឈាន ក្នុងការធ្វើកម្មដ្នានណាមួយ ក្នុងកម្មដ្នាន៣៦ មានកសិណ១០, អសុភ១០, អនុស្សតិ១០, ព្រហ្មវិហារ៤, សញ្ញា១, វវដ្នាន១ ជននោះក្រោយពេលអស់អាយុអំពីលោកនេះទៅ នឹងទៅកើតក្នុងឋានរូបព្រហ្ម ដែល រាប់រៀបតាមឈានដូចតទៅ៖
- បឋមជ្ឈានភូមិ (ឈានទី១)
- - ព្រហ្មបរិសជ្ជា អាយុព្រហ្មមានកំរិត១ភាគ៣នៃអសង្ខេយ្យកប្ប ។
- - ព្រហ្មបុរោហិតៈ អាយុព្រហ្មមានកំរិតកន្លះនៃអសង្ខេយ្យកប្ប ។
- - មហាព្រហ្មា អាយុព្រហ្មមានកំរិត១អសង្ខេយ្យកប្ប ។
- បឋមជ្ឈានភូមិ (ឈានទី១)
(រយៈពេលចាប់តាំងពីមនុស្សអាយុបានតែត្រឹម១០ឆ្នាំស្លាប់ ដល់ពេលមនុស្សមានអា យុវែងមិនកំណត់ រហូតដល់មនុស្សួអាយុបានតែត្រឹម១០ឆ្នាំស្លាប់វិញ ១ជុំនេះហៅថា ១អន្តរកប្ប ។ ២០អន្តរកប្បស្មើនឹង១អសង្ខេយ្យកប្ប ។ ៤អសង្ខេយ្យកប្បស្មើនឹង១មហាកប្ប)
- ទុតិយជ្ឈានភូមិ (ឈានទី២)
- - បរិត្តាភា អាយុព្រហ្មមានកំរិត២មហាកប្ប ។
- - អប្បមាណាភា អាយុព្រហ្មមានកំរិត៤មហាកប្ប ។
- - អាភស្សរា អាយុព្រហ្មមានកំរិត៨មហាកប្ប ។
- តតិយជ្ឈានភូមិ (ឈានទី៣)
- - បរិត្តាសុភៈ អាយុព្រហ្មមានកំរិត១៦មហាកប្ប ។
- - អប្បមាណសុភៈ អាយុព្រហ្មមានកំរិត៣២មហាកប្ប ។
- - សុភកិណ្ហៈ អាយុព្រហ្មមានកំរិត៦៤មហាកប្ប ។
- ចតុត្ថជ្ឈានភូមិ និងបញ្ចមជ្ឈានភូមិ ហៅ សុទ្ធាវាស (ឈានទី៤ ទី៥)
- - វេហប្ផលៈ អាយុព្រហ្មមានកំរិត៥០០មហាកប្ប ។
- - អសញ្ញសត្តៈ អាយុព្រហ្មមានកំរិត៥០០មហាកប្ប ។
- - អវិហា អាយុព្រហ្មមានកំរិត១,០០០មហាកប្ប ។
- - អតប្បា អាយុព្រហ្មមានកំរិត២,០០០មហាកប្ប ។
- - សុទស្សា អាយុព្រហ្មមានកំរិត៤,០០០មហាកប្ប ។
- - សុទស្សី អាយុព្រហ្មមានកំរិត៨,០០០មហាកប្ប ។
- - អកណិដ្នា អាយុព្រហ្មមានកំរិត១៦,០០០មហាកប្ប ។
- ទុតិយជ្ឈានភូមិ (ឈានទី២)
ព្រះសោតាបន្ន និងព្រះសកទាគាមិ ដែលសម្រេចឈានទី៥ ទៅកើតក្នុងឋានវេហប្ផលព្រហ្ម ។ ព្រះអនាគាមិ និង ព្រះអរហន្ត កើតក្នុងសទ្ធាវាសព្រហ្មនេះរហូត ដល់បានសម្រេចអរហត្តផល ពេញបរិបូណ៌ ហើយក៏ចូលទៅកាន់បរិនិព្វានទៅ ។
អរូបលោក
[កែប្រែ]អរូបលោក ជាឋានរបស់ព្រះព្រហ្មឥតរូប គឺថាមានតែចិត្ត មិនមានខ្លួនប្រាណឡើយ ។ អរូបលោកនេះជាឋានខ្ពស់ជាងគេបំផុត មាន៤ថ្នាក់គឺៈ
- - អាកាសានញ្ចាយតនៈ អាយុព្រហ្មមានកំរិត២០,០០០មហាកប្ប ។
- - វិញ្ញាណញ្ចាយតនៈ អាយុព្រហ្មមានកំរិត៤០,០០០មហាកប្ប ។
- - អាកិញ្ចញ្ញាយតនៈ អាយុព្រហ្មមានកំរិត៦០,០០០មហាកប្ប ។
- - នេវសញ្ញានាសញ្ញាយតនៈ អាយុព្រហ្មមានកំរិត៨៤,០០០មហាកប្ប ។
ព្រះយោគាវចរដែលចំរើន អារុប្បជ្ឈាន៤ ទៅកើតក្នុងអរូបលោកនេះ រហូតដល់បានសម្រេច អរហត្តផលក៏បរិនិព្វានទៅ ។ អរុប្បជ្ឈាន៤នោះគឺ៖
- ១- អាកាសានញ្ចាយតនៈ យកអាកាសក្នុងបដិភាគនិម្មិតដែលកើតពី កសិណ ជាអារម្មណ៍ ។
- ២- វិញ្ញាណញ្ចាយតនៈ ស្រាវយកអរូបវិញ្ញាណទី១ ដែលផ្សាយទៅមិន មានទីបំផុត ជាអារម្មណ៍ ។
- ៣- អាកិញ្ចញ្ញាយតនៈ កំណត់យកអរូបវិញ្ញាណទី២ ដែលផ្សាយទៅ មិនមានកង្វល់តិចតួចមកជាអារម្មណ៍ ។
- ៤- នេវសញ្ញានាសញ្ញាយតនៈ កំណត់យកសេចក្តីល្អិត របស់អរូប វិញ្ញាណទី៣ ដែលមានស្ទើរតែនឹងមិនមាន មកជាអារម្មណ៍ ។
ព្រះអរហន្តដែលមិនទាន់សម្រេច អរហត្តផលពេញបរិបូណ៌ ហើយបានចំរើន អរុប្បជ្ឈាន ទៅកើតក្នុងអរូបលោកនេះ លុះដល់សម្រេច អរហត្តផលពេញបរិបូណ៌ ហើយក៏បរិនិព្វានទៅ ។ បរិនិព្វាន មានន័យថា ស្លាប់ទៅលែងកើតទៀតក្រោយដែលបានសម្រេចអរ ហត្តផលពេញបរិបូណ៍ហើយ ។ សូមកុំច្រឡំ បរិនិព្វាន នឹង និព្វាន ។
និព្វាន
[កែប្រែ]ព្រះនិព្វានជា លោកុត្តរធម៌ (ចេញផុតត្រៃលោក) ។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ត្រាស់ហៅថានិព្វាននោះ ព្រោះចេញចាកតណ្ហា ដែលជាគ្រឿងដោតក្រង ។ ព្រះនិព្វានមាន២យ៉ាងគឺៈ
- ១- សឧបាទិសេសនិព្វាន រលត់តែកិលេស តែបញ្ចក្ខន្ធនៅមិនទាន់អស់ ។
- ២- អនុបាទិសេសនិព្វាន រលត់កិលេសផង រលត់ទាំងបញ្ចក្ខន្ធផង ។
លោកុត្តរចិត្ត កើតឡើងដោយការចំរើននូវវិបស្សនា គឺការបណ្តុះបញ្ញា ។ មុននឹងចំរើនវិបស្សនាបាន ព្រះយោកាវចរត្រូវតែចំរើនសមាធិ មានអនាបនស្សតិជាដើម ឲ្យបានបរិបូណ៌សិន គឺថាត្រូវបាននូវបឋមជ្ឈាន ឬឈានខ្ពស់ជាងនេះ ជាមុនទើបចាប់ផ្តើម ចំរើនវិបស្សនាជាក្រោយ ។ ឯវិបស្សនានោះមាន៧ ហៅថា អនុបស្សនា៧ គឺ:
- ១- អនិច្ចានុបស្សនា,
- ២- ទុក្ខានុបស្សនា,
- ៣- អនត្តានុបស្សនា,
- ៤- និព្វទានុបស្សនា,
- ៥- វិរាគានុបស្សនា,
- ៦- និរោធានុបស្សនា,
- ៧- បដិនិស្សគ្គានុបស្សនា ។
លោកុត្តរចិត្ត ឬ លោកុត្តរញាណ មាន៨គឺ មគ្គញាណ៤ និង ផលញាណ៤ កើតឡើងដោយសារការចំរើន នូវអនុបស្សនា៧ខាងលើនេះ ។ មគ្គញាណ- ផលញាណ មាន៤ថ្នាក់ពីទាបទៅខ្ពស់ដូចតទៅ៖
មគ្គញាណ៤
[កែប្រែ]- ១- សោតាបត្តិមគ្គញាណ ញាណសម្បយុត្តដោយមគ្គ គឺកិរិយាស្វែងរកព្រះ និព្វាននៃបុគ្គលដល់ហើយក្នុងដើមនៃធម៌ ដូចជាខ្សែឈ្មោះថាសោតៈ ។
- ២- សកទាគាមិមគ្គញាណ ញាណសម្បយុត្តដោយមគ្គ គឺកិរិយាស្វែងរកព្រះ និព្វាននៃបុគ្គលដែលមកកាន់មនុស្សលោកនេះ អស់វារៈម្តងទៀត ដោយអំណាចនៃបដិសន្ធិ ។
- ៣- អនាគាមិមគ្គញាណ ញាណសម្បយុត្តដោយមគ្គ គឺកិរិយាស្វែងរកព្រះ និព្វាននៃបុគ្គលដែលមិនមកកាន់កាមធាតុ ឰដ៏ខាងក្រោម ដោយអំណាចបដិសន្ធិឡើយ ។
- ៤- អរហត្តមគ្គញាណ ញាណសម្បយុត្តដោយមគ្គ គឺកិរិយាស្វែងរកព្រះ និព្វាននៃបុគ្គលដែលមានកិរិយាធ្វើនូវបាបកម្ម ក្នុងទីស្ងាត់មិនមាន ។
ផលញាណ៤
[កែប្រែ]- ១- សោតាបត្តិផលញាណ ញាណសម្បយុត្តដោយផល គឺកិរិយាសម្រេចនូវ ព្រះនិព្វាននៃបុគ្គលដល់ហើយក្នុងដើមនៃធម៌ ដូចជាខ្សែឈ្មោះថា សោតៈ ។
- ២- សកទាគាមិផលញាណ ញាណសម្បយុត្តដោយផល គឺកិរិយាសម្រេចនូវ ព្រះនិព្វាននៃបុគ្គល ដែលមកកាន់មនុស្សលោកនេះ អស់វារៈម្តងដោយអំណាចនៃបដិសន្ធិ ។
- ៣- អនាគាមិផលញាណ ញាណសម្បយុត្តដោយផល គឺកិរិយាសម្រេចនូវ ព្រះ និព្វាននៃបុគ្គល ដែលមិនមកកាន់កាមធាតុ ឰដ៏ខាងក្រោមដោយអំណាចបដិសន្ធិ ឡើយ ។
- ៤- អរហត្តផលញាណ ញាណសម្បយុត្តដោយផល គឺកិរិយាសម្រេចនូវព្រះ និព្វាននៃបុគ្គលដែលមានកិរិយាធ្វើនូវបាបកម្ម ក្នុងទីស្ងាត់មិនមាន ។
សេចក្តីដូចបានអធិប្បាយមកខាងលើ គ្រាន់តែជាសេចក្តីពន្យល់ខ្លី ៗ ដើម្បី បង្ហាញថាតើបុគ្គលប្រតិបត្តិធម៌អ្វី នឹងទៅកើតក្នុងភពណា ហើយថាតើបុគ្គលប្រតិបត្តិធម៌អ្វី ដើម្បីឲ្យបានរួចចាកផុត អំពីការកើតស្លាប់ ៗ ក្នុងភព៣ សម្រេចមគ្គនិងផល ទៅកាន់ទីឧត្តមឋានគឺព្រះនិព្វាន ដែលជាឋានបរមសុខ ។ អ្នកប្រតិបត្តិធម៌ ប្រៀបធៀបដូចជា អ្នកអុំទូកបញ្រ្ចាសទឹកហូរ តែកាលណាបន្ធូរដៃ ទូកមុខជានឹងរសាត់ថយក្រោយ ជាមិនខាន ។ ជនណាឃើញដោយបញ្ញាចក្ខុ នូវហេតុដែលនាំឲ្យកើតទុក្ខ ឃើញនូវផ្លូវដែល នាំទៅកាន់ការរំលត់ទុក្ខ ហើយរលាស់ខ្លួនចេញអំពីទុក្ខ ជននោះជាអ្នកឈ្នះនូវកម្លាំង ទឹកហូរបាន ។ បុគ្គលត្រូវតែខំស្វែងរកធម៌ ព្រោះធម៌ពិតគេរកឃើញដោយកម្រ ។ ធម៌ពិតដែលគេរកឃើញ ដោយកម្រនោះគឺ សីល- សមាធិ- បញ្ញា ។ សីល- សមាធិ- បញ្ញានោះគឺ សេចក្តីបរិសុទ្ធ៧យ៉ាង ហៅថា វិសុទ្ធិ៧នោះឯង ។ រីឯវិសុទ្ធិ៧នោះចែកជាពីរគឺ ធម៌ជាឫសគល់ (សីលវិសុទ្ធិ១និងចិត្តវិសុទ្ធិ១) និងធម៌ជាតួវិបស្សនា (ទិដ្និវិសុទ្ធិ១, កង្ខាវិតរណវិសុទ្ធិ១, មគ្គាមគ្គញាណទស្សនវិសុទ្ធិ១, បដិបទាញាណទស្សនវិសុទ្ធិ១ និងញាណទស្សនវិសុទ្ធិ១) ។ សីលវិសុទ្ធិ ជាសីល ។ ចិត្តវិសុទ្ធិ ជាសមាធិ ។ ទិដ្និវិសុទ្ធិ១, កង្ខាវិតរណវិសុទ្ធិ១, មគ្គាមគ្គញាណទស្សនវិសុទ្ធិ១, បដិបទាញាណទស្សនវិសុទ្ធិ១ និងញាណទស្សនវិសុទ្ធិ១ ទាំង៥នេះជាបញ្ញា ។
- ១- សីលវិសុទ្ធិ សេចក្តីបរិសុទ្ធនៃសីល ។
- ២- ចិត្តវិសុទ្ធិ សេចក្តីបរិសុទ្ធនៃចិត្ត (សមាធិចិត្ត) ។
- ៣- ទិដ្និវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការឃើញ ។
- ៤- កង្ខាវិតរណវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការយល់ឃើញច្បាស់កន្លងសេចក្តី សង្ស័យបាន ។
- ៥- មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃដឹងពិត ស្គាល់ពិតថានេះជាផ្លូវ នេះមិនមែនជាផ្លូវ ។
- ៦- បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃការដឹងច្បាស់ឃើញច្បាស់ នូវផ្លូវប្រតិបត្តិ ដែលជាហេតុឲ្យអរិយមគ្គកើតឡើង ។
- ៧- ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធនៃការឃើញនូវករណីយកិច្ចដែលជាចំ ណែកនៃលោកុត្តរៈ គឺឃើញក្នុងមគ្គ៤ដោយជាក់ច្បាស់តាមលក្ខណៈនិងសភាវៈ មិន វង្វេងទៅតាមសម្មុតិលោកវោហារថា ជាសត្វជាបុគ្គលយើង- គេ ឡើយ ដែលជាតួទិដ្និវិសុទ្ធិ ទាំងជាហេតុនិងជាបច្ច័យ កន្លងកង្ខាក្នុងកាលទាំង៣ចេញបាន គឺមិនសង្ស័យថា យើងច្យុតមកពីទីណា ? យើងជាអ្វី ? យើងនឹងទៅកើតក្នុងទីណា ? ទេវបុត្តទេវតាមាន ឬមិនមាន ? ដែលជាតួកង្ខាវិតរណវិសុទ្ធិ ។
សង្ខារទាំងឡាយជារបស់មិនទៀង ។ របស់ឯណាមិនទៀង តែកើតឡើងហើយ រលត់បាត់បង់ទៅវិញ របស់នោះជាទុក្ខពិត ។ បើរបស់ណាជាទុក្ខ របស់នោះជាអនត្តា មិនគួរបើនឹងប្រកៀកប្រកាន់ ថាជារបស់ខ្លួន ដោយអំណាចតណ្ហា ឧបាទាន មានៈ និងទិដ្និ (យល់ខុស) ឡើយ ។