ឈាន

ពីវិគីភីឌា
ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា


គន្ថធុរៈ

ប្រពៃណីពុទ្ធសាសនា
ថេរវាទ · មហាយាន

ព្រះធម៌
សង្គាយនា · ឈាន
លោកុត្តរបដិច្ចសមុប្បាទ
លោកិយបដិច្ចសមុប្បាទ១២
ពោធិបក្ខិយធម៌ · អរិយសច្ច៤
បញ្ចក្ខន្ធ · អាយតនៈ
សស្សតទិដ្ឋិ · ឧច្ឆេទទិដ្ឋិ
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍
ច្បាប់នៃកម្ម · បញ្ញាព្រះពោធិសត្វ
វិសុទ្ធិមគ្គ · នីវរណធម៌
មិច្ឆត្តធម៌ · សំយោជនៈ
កិលេស · អាសវៈ
ពោជ្ឈង្គ៧ · អរិយអដ្ឋង្គិកមគ្គ
សម្បជញ្ញៈ · មហាភូតរូប
ចិត្ត៨៩ · ព្រះនិព្វាន៤ថ្នាក់

វិបស្សនាធុរៈ
អានាបានស្សតិ · សតិប្បដ្ឋាន
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍

ព្រះអភិធម្ម
វីថិចិត្ត

ឈាន Jhāna​ (झान) ជាពាក្យបាលី ចំណែកភាសាសំស្រ្កឹតគេហៅថា ធ្យាន (Dhyāna, ध्यान) មានន័យថា សមាធិ ឬភាវៈ នៃសមាធិ ។ ក្នុងភាវៈនៃសមាធិ ឈានមានលក្ខណៈសម្គាល់ដោយការតម្កល់ចិត្តជ្រៅក្នុងភាវនាកម្ម និងការស្ងប់អារម្មណ៍ ។ មានការពិភាក្សាអំពីឈាន ក្នុងគម្ពីរបាលីនិង ក្នុងគម្ពីរព្រះពុទ្ធសាសនាថេរវាទ បន្ទាប់ពីមានក្រិតវិន័យ របស់សាសនាមក ។ មកដល់ សព្វថ្ងៃនេះ ពុំមានការពិភាក្សាច្រើន តាមការសិក្សាបែបវិទ្យាសាស្រ្ត អំពីឈាន ទេ ។

ការ​ប្រតិបត្តិ​ឈាន​នៅ​សម័យ​បុរាណ[កែប្រែ]

ក្នុងគម្ពីរជំនាន់ដើម ឈានបានត្រូវយកមកបង្រៀនថា ជាភាវៈនៃការស្មឹងស្មាធិ៍សតិ ឲ្យមូលទៅលើកាយទាំងមូល ដែលចិត្តទៅជាមាន ថាមពលនិងស្ងប់ស្ងៀម ប៉ុន្តែមិនមែនកករឹងឡើយ ហើយក្នុងស្ថានភាពបែបនេះអាចឲ្យគេ​ពិនិត្យមើលដំណើរហូរទៅនៃការ ប្រែប្រួល ហើយបញ្ញាក៏កើតឡើង ។ ស្នាដៃ​អក្សរសិល្ប៍​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទជំនាន់ក្រោយៗ ជាពិសេសគម្ពីរព្រះវិសុទ្ធិមគ្គ រាប់រៀបឈានថាជាការជាប់នៅ ដែលអារម្មណ៍ជ្រើសរើសណាមួយ បានស្រូបយកនិងជ្រួតជ្រាប ពេញបរិបូណ៌ទៅក្នុងចិត្ត មានលក្ខណៈជាឯកគ្គតា (ចិត្តមូលតែមួយ) ។ ព្រះពុទ្ធ​ក៏បានចូលកាន់ឈាន ក្នុង​ការស្វែង​រក​សម្មាសម្ពោធិញ្ញាណ ដូចបានរៀបរាប់ក្នុងគម្ពីរដើម ។ ហើយក៏គេបានឃើញក្នុងគម្ពីរសុត្តន្ត​បិដកជារឿយៗ ឲ្យសាវ័កទាំងឡាយចម្រើនឈានជាផ្លូវបដិបត្តិដើម្បី​ការត្រាស់ដឹងនិងរំដោះទុក្ខ ។ ចំណុចសំខាន់នៃការបង្រៀនរបស់ព្រះពុទ្ធគឺថាអប្បនាសមាធិត្រូវប្រកបទៅដោយញាណនៃការរំដោះ ។

មុននឹងព្រះអង្គចូលបរិនិព្វាន ព្រះពុទ្ធបានចូលក្នុងឈានតាមវិធី អនុលោម និង បដិលោម ហើយការរលត់នៃជីវិតរបស់ព្រះអង្គ កើតឡើងបន្ទាប់ពីឈានទី ៤ ។ ការប្រៀនប្រដៅដ៏ល្បីរបស់ព្រះពុទ្ធ ចំពោះការបដិបត្តិឲ្យបានសម្រេចឈាន គឺអានាបានស្សតិ ដែលគេរកឃើញក្នុងអានាបានស្សតិសូត្រ និង​នៅ​កន្លែង​ផ្សេងៗ​ទៀត ។

ថ្នាក់នៃឈាន[កែប្រែ]

ក្នុងគម្ពីរព្រះត្រៃបិដក​ ព្រះពុទ្ធបានសម្ដែងប្រាប់ អំពីការឡើងកម្រឹតនៃឈាន ៨ ថ្នាក់ ។ ឈាន ៤ ដំបូងជាសមាធិមានរូប ហៅថារូបជ្ឈាន និង​ឈាន​ ៤ ​ទៀត​ជាសមាធិឥតរូប ហៅថាអរូបជ្ឈាន ។ ព្រះពុទ្ធមានព្រះបន្ទូលថា រូបជ្ឈាន ទាក់ទងទៅនឹងការរស់នៅ ដោយរីករាយនិងរួចខ្លួនអំពីទុក្ខ ។ ឈានគឺភាវៈនៃសមាធិ ដែលចិត្តបានរួចចាកនីវរណធម៌ ៥ (កាមច្ឆន្ទ, ព្យាបាទ, ថីនមិទ្ធ, ឧទ្ធច្ចកុក្កុច្ច និងវិចិកិច្ឆា) ហើយចាប់តាំងពីទុតិយជ្ឈាន (ឈានទី ២) ឡើងទៅ មិនអាចមានគំនិតរាយមាយឡើយ ។ ការចុះស៊ប់ក្នុងឈានអាចតាំងនៅបានជាច្រើនម៉ោង ។ ឈានធ្វើឲ្យចិត្តរបស់អ្នកចម្រើន បានរឹងមាំហើយអាចចូលជ្រៅទៅក្នុងធម្មជាតិពិត នៃវត្តមានរបស់ធម៌ ។ នៅមានការសម្រេចឈាន ៤ ថ្នាក់ទៀត ដែលជ្រៅជាងនេះ គឺបានសម្រេចអរូបភព ជួនកាលគេហៅថាអរូបជ្ឈាន​ដែល​ខុសគ្នាអំពីរូបជ្ឈាន ។ ក្នុងគម្ពីរពុទ្ធិកៈ ពាក្យឈានមិនបានយកមកប្រើ​ដើម្បីសំគាល់ថ្នាក់អរូបជ្ឈានទេ ប៉ុន្តែថ្នាក់អរូបជ្ឈាននីមួយៗ ត្រូវគេរាប់រៀងគ្នាបន្តអំពីរូបជ្ឈាន ៤ មក ។ ការត្រាស់ដឹងចំពោះស្ថានអរូប​ទាំងអស់​អាចសម្រេចបានកាលណាគេ​ឆ្លងផុតឈានទី ៨ ។

រូបជ្ឈាន[កែប្រែ]

ផ្តោតទៅលើ​សមាធិ (concentration) ។ សមាធិជ្រៅដែលហៅថា រូបជ្ឈាន (material / meditations of form, rūpa jhāna) មាន ៤ ថ្នាក់ គឺ :

១- បឋមជ្ឈាន ឬ ឈាន ទី ១:[កែប្រែ]

បឋមជ្ឈានមានអង្គ ៥ គឺ:

ក- វិតក្កៈ គឺសេចក្តីត្រិះរិះរលឹកទុកក្នុងអារម្មណ៍

ខ- វិចារៈ គឺសេចក្តីពិចារណាដុសខាត់អារម្មណ៍

គ- បីតិ សេចក្ដីឆ្អែតកាយ ឆ្អែតចិត្ត អាចញ៉ាំងកាយនិងចិត្តឲ្យពេញ

ឃ- សុខៈ គឺសេចក្តីស្រួលកាយស្រួលចិត្ត

ង- ឯកគ្គតា គឺភាពរបស់ចិត្តដែលមានអារម្មណ៍មូលតែមួយ ។

២- ទុតិយជ្ឈាន ឬឈាន ទី ២:[កែប្រែ]

ទុតិយជ្ឈានមានអង្គ ៣ គឺ:

ក- បីតិ = នៅមាន

ខ- សុខៈ = នៅមាន

គ- ឯកគ្គតា = នៅមាន ។

៣- តតិយជ្ឈាន ឬឈាន ទី ៣:[កែប្រែ]

តតិយជ្ឈានមានអង្គ ២​ គឺ:

ក- សុខៈ = នៅមាន

ខ- ឯកគ្គតា = នៅមាន ។

៤- ចតុត្ថជ្ឈាន ឬឈាន ទី ៤:[កែប្រែ]

ចតុត្ថជ្ឈានមានតែឯកគ្គតាចិត្ត

ក- ឧបេក្ខា = ចិត្តនៅជាកណ្តាល ​ ។ ​

ខ- ឯកគ្គតា = នៅមាន​

អរូបជ្ឈាន[កែប្រែ]

អរូបជ្ឈាន (immaterial / the formless jhānas, arūpajhānas) មាន ៤ ថ្នាក់ គឺ ៖

អាកាសានញ្ចាយតនៈ (Dimension of Infinite Space)[កែប្រែ]

ទំហ៊ុំអាកាសគ្មានទីបំផុត ។ អរូបជ្ឈានទី១នេះមានការដឹងដោយវិញ្ញាណនូវទំហ៊ុំគ្មានទីបំផុតនៃអាកាស ព្រមជាមួយឯកគ្គតាចិត្ត និង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ ។

វិញ្ញាណញ្ចាយតនៈ (Dimension of Infinite Consciousness)[កែប្រែ]

ទំហ៊ុំវិញ្ញាណគ្មានទីបំផុត ។ អរូបជ្ឈានទី២នេះមានការដឹងដោយវិញ្ញាណនូវទំហ៊ុំគ្មានទីបំផុតនៃវិញ្ញាណ ព្រមជាមួយឯកគ្គតាចិត្ត និង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ ។

អាកិញ្ចញ្ញាយតនៈ (Dimension of Nothingness)[កែប្រែ]

ទំហ៊ុំនៃចន្លោះទទេ ។ អរូបជ្ឈានទី៣នេះមានការដឹងដោយ វិញ្ញាណនូវទំហ៊ុំនៃចន្លោះទទេ ព្រមជាមួយឯកគ្គតាចិត្ត និង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ ។

នេវសញ្ញានាសញ្ញាយតនៈ (Dimension of Neither Perception nor Non-Perception)[កែប្រែ]

អំពីមុខងាររបស់អរូបជ្ឈានទី៤នេះ គេនិយាយថា គេចេញពីការបានសម្រេចឈាន ប្រកបដោយសតិរលឹក ។ ពេលចេញពីការសម្រេចឈាន ប្រកបដោយសតិរលឹកមក គេសំគាល់របស់ដែលពីមុន បានផ្លាស់ប្តូរនិងរលត់ទៅថា អើហ្ន៎របស់ដែលគ្មានពីមុន បានកើតឡើងយ៉ាងដូច្នេះ! របស់ដែលកើតឡើងរួចហើយ ក៏រលត់បាត់បង់ទៅវិញយ៉ាងដូច្នេះ! ។ ចំពោះរបស់នោះ គេស្ថិតនៅក្នុងភាពមិនស្រឡាញ់មិនស្អប់ សេរី មិនជាប់ជំពាក់ រួចរំដោះ មិនទាក់ទង និងប្រកបដោយការយល់ដឹងគ្មានឧបសគ្គ ។ គេយល់ដឹងថា នៅមានការរំដោះខ្លួនឆ្ងាយទៀត ហើយការតាមរកឲ្យបានការរំដោះនៅទីនោះ ពិតជាសម្រាប់ខ្លួនរបស់គេ ។

នៅក្នុងសូត្រ អរូបទាំង៤ថ្នាក់នេះ មិនបានរាប់ថាជាឈានទេ ។ តាមគម្ពីរបូរាណថា ព្រះពុទ្ធ បានសិក្សាអរូបជ្ឈាន ទី៣ និង ទី៤ អំពីគ្រូ ២ អង្គ គឺ អាឡារកលម មុនដំបូង និង ឧទ្ទករាមបុត្ត ជាចុងក្រោយ មុនពេលដែលព្រះអង្គ បានសម្រេចការត្រាស់ដឹង ។ គ្រូទាំង២អង្គនេះប្រហែលជាអ្នកបួស ក្នុងប្រពៃណីសាសនាព្រាហ្មណ៍ ។ ទោះយ៉ាងណាក៏ដោយ ព្រះពុទ្ធទ្រង់ជ្រាបថា អាកិញ្ចញ្ញាយតនៈ និង នេវសញ្ញានាសញ្ញាយតនៈ មិននាំផ្លូវទៅកាន់ព្រះនិព្វានឡើយ ហើយព្រះអង្គក៏ចាកចេញ ពីគ្រូទាំង ២ នោះទៅ ។ ព្រះពុទ្ធមានព្រះបន្ទូល ក្នុងអរិយបរិយេសនសូត្រថាៈ

"គំនិតមួយបានកើតឡើងដល់តថាគតថា ធម៌នេះមិននាំឆ្ពោះទៅកាន់ ការរួចផុតពីជាប់ជំពាក់ ការរួចទុក្ខ ការរំលត់ទុក្ខ សេចក្តីស្ងប់រំងាប់ ការដឹងប្រកដ ការត្រាស់ដឹង និងការរួចពីចំណងទេ ប៉ុន្តែធម៌នេះគ្រាន់តែឲ្យកើតជាថ្មី នៅក្នុងនេវសញ្ញានាសញ្ញាយតនៈប៉ុណ្ណោះ ព្រោះមិនជាការគួរដល់តថាគត តថាគតក៏ចាកចេញទៅ ។ "

ការសូន្យទៅនៃវេទនា និង សញ្ញា[កែប្រែ]

ព្រះពុទ្ធបានរកឃើញ ដោយព្រះអង្គឯង ផុតអំពី នេវសញ្ញានាសញ្ញាយតនៈ ទៅការសូន្យទៅនៃ វេទនា និង សញ្ញា ដែលសេចក្តីអធិប្បាយពន្យល់ធម៌ និង អក្សរសាស្រ្តរបស់អ្នកសិក្សាបានហៅថា ឈាន ទី៩ ។ ចំពោះឈាន ទី៩ នេះ មានពាក្យពោលថាៈ ឃើញដោយសេចក្តីយល់ដឹង អាសវៈទាំងឡាយរបស់គាត់ ដល់ទីបំផុតហើយ ។ ពេលចេញពីការសម្រេចឈាន ប្រកបដោយសតិរលឹកមក គេសំគាល់របស់ដែលពីមុនបានផ្លាស់ប្តូរ និង រលត់ទៅថា អើហ្ន៎របស់ដែលគ្មានពីមុន បានកើតឡើងយ៉ាងដូច្នេះ! របស់ដែលកើតឡើងរួចហើយ ក៏រលត់បាត់បង់ទៅវិញយ៉ាងដូច្នេះ! ។ ចំពោះរបស់នោះ គេស្ថិតនៅក្នុងភាពមិនស្រឡាញ់មិនស្អប់ សេរី មិនជាប់ជំពាក់ រួចរំដោះ មិនទាក់ទង និងប្រកបដោយការយល់ដឹងគ្មានឧបសគ្គ ។ គេយល់ដឹងថា គ្មានការរំដោះខ្លួនឆ្ងាយទៀតទេ ហើយការតាមរក ឲ្យបានការរំដោះនៅទីនោះ ពិតជាមិនមែនសម្រាប់ខ្លួនរបស់ គេទេ ។ អ្នកដែលបានសម្រេចដល់ថ្នាក់នេះ គឺជា ព្រះអនាគាមិ និង ព្រះអរហន្ត ។ ក្នុងសេចក្តីដកស្រង់ខាងលើនេះ ព្រះពុទ្ធបានលើកយកមកពន្យល់ថា ព្រះសារីបុត្តបានសម្រេចជាព្រះអរហន្ត ដោយសារឡើងដល់ឈាន ទី៩ នេះ ។

ការប្រើឈាន[កែប្រែ]

ព្រះយោគាវចរប្រើឈាន ដើម្បីពង្រឹងនិងធ្វើចិត្តរបស់គេឲ្យមុតថ្លា ក្នុងការតាមរកមើលធម្មជាតិពិតរបស់បាតុភូត (ធម៌) ព្រមទាំងឲ្យបានការចេះដឹងជ្រៅជ្រះ ។ កាលណាអ្នកចម្រើនឈានស្ថិតនៅ ក្នុងភាវៈនៃឈាន កាន់តែយូរទៅ ចិត្តរបស់គាត់កាន់តែខ្លាំងក្លា និងមុតថ្លាឡើង ។ ជួនកាលឈានអាចកំចាត់បង់ នីវរណធម៌ ឲ្យសានសូន្យបានជា ច្រើនថ្ងៃ ។ តាមសេចក្តីអធិប្បាយពន្យល់ ក្នុងប្រពៃណីថេរវាទជំនាន់ក្រោយ ដែល ព្រះពុទ្ធឃោសៈ បានគូសបង្ហាញ ក្នុងគម្ពីរព្រះវិសុទ្ធិមគ្គរបស់ព្រះអង្គ បន្ទាប់ពីចេញចាកឈាន ព្រះយោគាវចរស្ថិតនៅក្នុង ឧបចារសមាធិ ដែលចិត្តមានការប្រាកដនិង ខ្ជាប់ខ្ជួនបានយូរ ។ នៅពេលនេះហើយដែល ការពិចារណានិងការធ្វើវិភាគ ចំពោះបាតុ ភូតនៃធម្មជាតិ ត្រូវចាប់ផ្តើមឡើង ហើយដែលជាមួយគ្នានេះ បញ្ញានៃការយល់ដឹងអំពីលក្ខណ៍ អនិច្ចំ ទុក្ខំ អនត្តា ក៏កើតឡើង ។ អ្នកចម្រើនឈានអាចពិសោធន៍ឃើញ នូវសច្ចៈធម៌ទាំង៣នេះបាន ដែលជាបេះដូងនៃ ការប្រៀនប្រដៅរបស់ព្រះពុទ្ធ ដោយការពិសោធន៍ផ្ទាល់ខ្លួន ។ ផ្ទុយគ្នាពីនេះ សូត្រមួយដែលបរិយាយអំពី ការបដិបត្តិឈាន និយាយថា អ្នកចម្រើនឈានមិនចេញចាកឈាន ដើម្បីចម្រើនវិបស្សនាទេ ប៉ុន្តែការចម្រើនបញ្ញាធ្វើឡើង នៅក្នុងឈានទៅវិញ ។ អ្នកចម្រើនឈានត្រូវគេប្រាប់ ឲ្យចូលក្នុងឈានទី៤ ហើយស្ថិតនៅក្នុងឈានទី៤នេះ មុននឹងចាប់ផ្តើមចម្រើនបញ្ញា ដើម្បីឲ្យបានកំចាត់បង់ឫសគល់ នៃកិលេសរបស់ចិត្ត ។ ដោយការលះបង់បីតិនិងសុខៈ ដូចសេចក្តីរីករាយ និងទុក្ខព្រួយពីមុនបានរលត់ទៅ អ្នកចម្រើនចូលទៅកាន់ឈានទី៤ ហើយតាំងនៅ ក្នុងឧបេក្ខានិងសតិដ៏បរិសុទ្ធ ឥតសុខឥតទុក្ខ ។ ដោយចិត្តតាំងមាំ ក្នុងអារម្មណ៍មូលតែមួយហើយ បរិសុទ្ធនិងភ្លឺស្វាង មិនប្រឡាក់ គ្មានគ្រឿងសៅហ្មង ទន់ ងាយបត់បែន រាបស្មើរល្អ ឡើងដល់សភាពស្ងប់ឥតរំភើប ភិក្ខុតំរង់ផ្តេកចិត្តទៅរកការត្រាស់ដឹង នៃការបញ្ចប់នូវ អាសវៈ ។ អ្នកចម្រើនយល់ដឹង តាមការដែលវាកើតឡើង ថានេះជាទុក្ខ នេះជាហេតុឲ្យកើតទុក្ខ នេះជាការរលត់ទៅនៃទុក្ខ នេះជាផ្លូវឲ្យបានដល់ការរលត់ទុក្ខ នេះជាអាសវៈ នេះជាហេតុ កើតឡើងនៃអាសវៈ នេះជាការរលត់ទៅនៃអាសវៈ នេះជាផ្លូវឲ្យបានដល់ការរលត់ អាសវៈ ។ (សាមញ្ញផលសូត្រ) ។

ដោយនីវរណធម៌ ៥ សាបសូន្យទៅជាច្រើនថ្ងៃ បន្ទាប់ពីគេចូលទៅក្នុងឈាន អ្នកចម្រើន ឈាននឹងមានអារម្មណ៍ភ្លឺស្វាងល្អ មានសតិរលឹក ពេញទៅដោយមេត្តា សន្តិភាពនិង ពន្លឺ ក្រោយពេលដែលគេបាន ចម្រើនឈានរួចហើយ ។ នេះបើតាម អជហ្នព្រហ្ម អាចឲ្យគេយល់ច្រឡំថា គេបានសម្រេចការត្រាស់ដឹងហើយ ។ ភាវៈនៃឈានមិនអាចនាំទៅ ដល់ការត្រាស់ដឹងបាន ដោយខ្លួនឯងទេ ព្រោះឈាន​គ្រាន់តែកំចាត់បង់នូវកិលេស ។ អ្នកចម្រើនឈានត្រូវប្រើភាវៈនៃឈាន ជាឧបករណ៍ សម្រាប់បណ្តុះបញ្ញា និងប្រើសម្រាប់ចូលជ្រៅទៅក្នុង សេចក្តីពិតនៃបាតុភូតធម្មជាតិ តាមរយៈការយល់ដឹងផ្ទាល់ខ្លួន ដែលនឹងនាំទៅកាន់ការផ្តាច់បង់កិលេស និងសម្រេចព្រះនិព្វាន ។ ជាធម្មតាគេរៀបរាប់អំពីឈាន តាមធម្មជាតិនៃចេតសិក ដែលកើតឡើងក្នុងភាវៈរបស់ ឈានទាំងនេះ ៖

១- សកម្មភាពរបស់ចិត្តដែលឡើងកាន់អារម្មណ៍ ( វិតក្កៈ )

២- ចិត្តជាប់នៅក្នុងអារម្មណ៍ ( វិចារៈ )

៣- សេចក្តីរីករាយ ( បីតិ )

៤- សេចក្តីសុខ ( សុខៈ )

៥- ចិត្តកណ្តាលឥតសុខឥតទុក្ខ ( ឧបេក្ខា )

៦- ចិត្តមូលក្នុងអារម្មណ៍តែមួយ ។

ភាវៈនៃឈាន៤ថ្នាក់គឺៈ

១- បឋមជ្ឈាន ( វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា ) ។ នីវរណធម៌៥បានសាបសូន្យអស់ ទៅ សល់នៅតែបរមសុខដែលរឹងមាំ ។

២- ទុតិយជ្ឈាន ( បីតិ សុខៈ ឯកគ្គតា ) ។ សកម្មភាពនៃចិត្តទាំងឡាយត្រូវឈប់ នៅមានតែបរមសុខតែម៉្យាង ការអាចបង្កើតកុសលចេតនាក៏ត្រូវឈប់ដូចគ្នាដែរ ។

៣- តតិយជ្ឈាន ( សុខៈ ឯកគ្គតា ) ។ បរមសុខក៏រលត់អស់ពាក់កណ្តាល (បីតិ) ។

៤- ចតុត្ថជ្ឈាន ( ឧបេក្ខា ឯកគ្គតា ) ។ បរមសុខពាក់កណ្តាលទៀត (សុខៈ) ក៏រលត់អស់ជាហេតុឲ្យដល់នូវភាវៈឥតសុខឥតទុក្ខ ដែលព្រះពុទ្ធហៅថា សុខុមសុខពិតប្រាកដ (ប្រសើរជាងបីតិនិងសុខៈ) ។

ព្រះពុទ្ធទ្រង់រាប់រៀបអំពីឈានថា ជាជំហ៊ានរបស់ព្រះតថាគត ។ ក្នុងភាវៈនៃឈានទី៤នេះ ដង្ហើមត្រូវឈប់ស្ងៀមជាបណ្តោះអាសន្ន ។ តាមប្រពៃណី គេសំគាល់ចតុត្ថជ្ឈាននេះ ថាជាការចាប់ផ្តើមនៃអភិញ្ញា (Abhiññā) ។

គម្ពីរធម៌បានពន្យល់ថា គេមិនត្រូវរកឲ្យបានសម្រេច ឈានខ្ពស់នោះទេ ប៉ុន្តែគេត្រូវរៀនធ្វើឈានមួយ ឲ្យបានថ្នឹកសិន ទើបយកឈានបន្ទាប់ទៀត ។ ការថ្នឹកក្នុងឈានគឺ អាចចូលឈានបានតាមបំណង ហើយស្ថិតនៅក្នុងឈាន បានយូរតាមបំណង ចេញអំពីឈានបានដូចចិត្ត ពិសោធន៍ឃើញអង្គឈាននិមួយៗ( វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា ) តាមការដែលត្រូវធ្វើ ។ សេចក្តីពន្យល់ទាំងនេះ ហាក់ដូចជាប្រាប់ថា អង្គរបស់ឈានថ្នាក់ក្រោម អាចបង្ហាញខ្លួននៅក្នុឈានលើៗបាន បើសិនជាគេមិនបាន ចម្រើនឲ្យបានត្រឹមត្រូវ ។ ព្រះពុទ្ធទ្រង់ទូន្មានសាវ័ករបស់ព្រះអង្គ ឲ្យផ្ចឹតផ្ចង់ក្នុងការធ្វើឈានឲ្យមានលំនឹងមាំមួនល្អ ថែមទៀត ។

ភាវៈដំបូងនៃឈាន[កែប្រែ]

ព្រះពុទ្ធទ្រង់បានពន្យល់ អំពីសម្មាសមាធិ ក្នុងអរិយអដ្ឋង្គិកមគ្គ ថាជាឈាន៤ខាងដើម ។ តាមសេចក្តីបរិយាយក្នុងគម្ពីរបិដកបាលី មានភាវៈនៃសមាធិខ្លះ ដែលព្រះយោគាវចរ ត្រូវតែធ្វើឲ្យសម្រេចជាមុន មុននឹងចូលទៅកាន់ឈាន ។ ភាវៈនេះគឺឧបចារសមាធិ Upacāra Samādhi ។ ការគ្របសង្កត់បានលើនីវរណធម៌៥ កាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា ជាការសំគាល់ថាបាន ឧបចារសមាធិហើយ ។ ឧបចារសមាធិនេះ ជាភាវៈដែលមិនទាន់រឹងជំហរនៅឡើយ ពិតមែនតែចិត្តបានមូលលើអារម្មណ៍ ប៉ុន្តែនៅពុំទាន់បានភាវៈជាអប្បនាចិត្ត (ស៊ប់ក្នុងឈាន) នៅឡើយ ។ ភាពខុសគ្នានោះគឺ ក្នុងអប្បនាសមាធិ (ឈាន) អង្គរបស់ឈានខ្លះ មានកំរិតកម្លាំងអាចញ៉ាំងឲ្យចិត្ត កាន់តែបរិសុទ្ធ ហើយចិត្តលែងធ្វើការតាមផស្សៈ ( ការប៉ះនៃអារម្មណ៍ ) ថ្នាក់ធម្មតាទៀត ហើយ ។ ឧបចារសមាធិ មិនឃើញមាននៅក្នុង ការប្រៀនប្រដៅរបស់ព្រះពុទ្ធទេ ។ តែយ៉ាងណាក៏ដោយ មានសូត្រជាច្រើននិយាយថា បុគ្គលម្នាក់បាននូវធម្មបញ្ញា ទៅក្នុងព្រះធម៌ ដោយគ្រាន់តែបានស្តាប់ ការបង្រៀនមួយរបស់ព្រះពុទ្ធ ។ ចិត្តរបស់បុគ្គលទាំងនោះ ត្រូវបានគេបរិយាយថា បានរួចផុតអំពីនីវរណធម៌ នៅពេលដែលព្រឹត្តិ ការណ៍បែបនេះកើតឡើង ហើយខ្លះទៀតសំគាល់ថា ជាបែបនៃឧបចារសមាធិផង ។ នៅភាវៈនៃឧបចារសមាធិ អ្នកចម្រើនសមាធិខ្លះ ពិសោធន៍ឃើញរូបភាព ហៅថានិមិត្ត ដែលភ្លឺច្បាស់ដូចគ្នានឹង ការឃើញដោយភ្នែកដែរ ប៉ុន្តែក្នុងការឃើញនេះ អ្នកចម្រើនដឹងខ្លួននិងភ្ញាក់រលឹកពិតៗ ថាគេកំពុងតែឃើញរូបភាព តាមតែមនោទ្វារ ( ទ្វារចិត្ត ) ប៉ុណ្ណោះ ។ រឿងនេះបានលើកយកមក ពិភាក្សាក្នុងអត្ថបទជំនាន់ដើម ហើយមានកាន់តែច្រើនឡើង ក្នុងធម្មបរិយាយនៃថេរវាទ

ព្រះយោគាវចរផ្សេងគ្នា ពិសោធន៍ឃើញនិមិត្តផ្សេងគ្នាដែរ ហើយអ្នកចម្រើនខ្លះមិនឃើញអ្វីទាល់តែសោះ ។ អ្នកចម្រើនម្នាក់ ដែលធ្វើសមាធិច្រើនសារ ក៏អាចឃើញនិ មិត្តខុសៗគ្នាក្នុងលើកនិមួយៗ ។ និមិត្តទាំងនោះអាចជាទី សប្បាយ គួរឲ្យភ័យខ្លាច គួរឲ្យស្អប់ គួរឲ្យរន្ធត់ ឬជាធម្មតា ។ ដោយសមាធិមានកំរិតកាន់តែជ្រៅទៅ ការដឹងអំពីដង្ហើមនិងខ្លួនប្រាណ ក៏បាត់អស់រលីង សល់តែការដឹងដោយចិត្ត ប៉ុណ្ណោះ ។ ក្នុងភាវៈបែបនេះ អ្នកចម្រើនដែលខ្វះការពិសោធន៍ អាចភិតភ័យហើយគិតថា បើគេនៅតែបន្តសមាធិតទៅទៀត គេនឹងស្លាប់មិនខាន ព្រោះគេលែងដឹងអំពីដង្ហើម និងខ្លួនប្រាណរបស់គេទាំងអស់ ។ គេមិនត្រូវភិតភ័យដូច្នេះឡើយ គេត្រូវបន្តសមាធិតទៅទៀត ដើម្បីឲ្យបានសម្រេចឈាន (អប្បនាសមាធិ) ។

ការហាត់ធ្វើឈានឲ្យថ្នឹក[កែប្រែ]

យោគាវចរបន្ទាប់ពីបានឧបចារសមាធិ ត្រូវហាត់ឈានដំបូងឲ្យបានស្ទាត់ល្អ មុននឹងឡើងកាន់ឈានខ្ពស់តទៅទៀត ។ ការហាត់ឲ្យស្ទាត់ជំនាញនេះ មាន៥យ៉ាងគឺៈ

១- ថ្នឹកក្នុងការគិតរកអង្គឈាន បន្ទាប់ពីបានចេញអំពីឈាន នៅទីណា ពេលណាឬយូរយ៉ាងណា តាមតែគេចង់ធ្វើ ។
២- ថ្នឹកក្នុងការសម្រេចឈាន គេអាចចូលឈានបានឆាប់រហ័ស ។
៣- ថ្នឹកក្នុងការរក្សាទុកឈាន គេអាចទប់ឈានឲ្យនៅបានយូរ តាមចិត្តបាន ។
៤- ថ្នឹកក្នុងការចេញចាកឈាន គេអាចចេញចាកឈានបានរហ័ស គ្មានការពិបាក ។
៥- ថ្នឹកក្នុងការពិចារណាអំពីឈាន និងអង្គនៃឈាន ដោយដឹងច្បាស់មួយរំពេច ក្រោយពេលដែលគេត្រឡប់ ទៅគិតរកអង្គឈាន ។

សូត្រជំនាន់មុនបាននិយាយថា ភាពល្អបំផុតរបស់ឯកវាសី (អ្នករស់នៅឆ្ងាយពីសង្គម) នៅត្រង់ដែលអាច សម្រេចឈានមួយណាក៏បាន ហើយតស៊ូរនឹងឈាន ដោយគ្មានការពិបាក ។ ព្រះអរហន្តប្រភេទនេះ បានរួចរំដោះទាំងពីរផ្លូវ ។ ព្រះអង្គស្ទាត់ជំនាញក្នុងការធ្វើឈាន ហើយក៏យល់ដឹងច្បាស់ អំពីសេចក្តីខកចិត្តចំពោះឈានទាំងនោះ នៅ ពេលចុងក្រោយបង្អស់ដែរ បើពុំនោះសោតទេ ព្រះអង្គនឹងធ្លាក់ចុះ ទៅក្នុងបញ្ហាដដែល ដូចគ្នាក្នុងរឿងគ្រូទាំង២ ដែលព្រះពុទ្ធបានរៀនអាកិញ្ចញ្ញាយតនៈឈាន និង នេវសញ្ញានាសញ្ញាយតនៈឈាន ថាជាការសម្រេចចុងក្រោយបង្អស់នោះ ។ បញ្ហានោះស្ថិតនៅត្រង់ការឃើញអ្វីៗថាទៀង (និច្ចំ) ចំពោះអ្វីៗដែលមិនទៀងពិត (អនិច្ចំ) ។

ព្រះពុទ្ធ និង ឈាន[កែប្រែ]

ព្រះពុទ្ធពុំមែនមិនយល់ព្រម អំពីការសម្រេច ហើយនិងអំពីអរូបជ្ឈានទេ ប៉ុន្តែគឺចំពោះទ្រឹស្តីទាំងមូលរបស់គ្រូព្រះអង្គ ដោយមកពីវាមិនឲ្យសម្រេចព្រះនិព្វាន ។ ពេលនោះព្រះអង្គក៏បានធ្វើទុក្ករកិរិយាយ៉ាងខ្លាំង ដែលក្នុងទីបំផុត ព្រះអង្គនៅតែខកព្រះទ័យដដែល ។ បន្តមកទៀត ព្រះអង្គនឹកឃើញអំពីឈាន ដែលព្រះអង្គបានធ្វើ កាលពីវ័យកុមារ ហើយព្រះអង្គក៏យល់ដឹងថា នេះហើយជាផ្លូវ ទៅកាន់ការត្រាស់ដឹង ដោយពិត ។

តាមមហាសច្ចកសូត្រ ព្រះពុទ្ធទ្រង់នឹកឃើញដល់ ភាវៈនៃឈានដែលព្រះអង្គបានចូលដោយចៃដន្យ កាលពីនៅក្នុងវ័យកុមារ ហើយព្រះអង្គក៏បោះបង់ទុក្ករកិរិយា ដែលព្រះអង្គបានធ្វើនោះចោលទៅ ។ តថាគតបានរលឹកឃើញម្តងនោះកាលដែលព្រះវររាជបិតាកំពុងធ្វើពិធីច្រត់ព្រះនង្គ័ល ។ តថាគតកំពុងតែអង្គុយនៅក្រោមម្លប់ដើមព្រីង ពេលនោះ ឆ្ងាយផុតពីអារម្មណ៍ផ្សេងៗ តថាគតបានចូលកាន់បឋមជ្ឈាន ហើយតាំងនៅក្នុងឈាន បីតិ និង សុខៈកើតឡើងអំពីសេចក្តីស្ងប់ សម្បយុត្តដោយវិតក្កៈ និង វិចារៈ ។ តើឈាននេះអាចជាផ្លូវឲ្យដល់ ការត្រាស់ដឹងឬទេ? ពេលនោះដោយសារការដើរតាម ការចងចាំពីមុន ក៏បានមកនូវការសម្រេចផល “ នេះហើយជាផ្លូវត្រាស់ដឹងដ៏ពិត “ ។

តាមឧប្បក្កិលេសសូត្រ បន្ទាប់ពីរកឃើញហេតុនៃឧបសគ្គផ្សេងៗ ហើយគ្របសង្កត់ ឧបសគ្គទាំងនោះបានមក ព្រះពុទ្ធអាចឆ្លងកាត់ និមិត្ត ហើយចូលកាន់ឈាន ទី១ ដល់ ទី ៤ ។

"តថាគតបានឃើញពន្លឺ និង ឃើញរូប ទាំង ២ យ៉ាង ។ រំពេចនោះពេលដែលការឃើញពន្លឺ និង រូប បានរលត់ទៅ តថាគតគិតថា តើមានអ្វីជាហេតុជាបច្ច័យ ឲ្យពន្លឺ និង រូបរលត់ទៅ? ហើយចូរអ្នកពិចារណា ដូច្នេះថា សំណួរបានកើតឡើងដល់តថាគត ហើយដោយសារសេចក្តីសង្ស័យ កម្លាំងសមាធិក៏ធ្លាក់ចុះ ហើយកាលណាកម្លាំងសមាធិធ្លាក់ចុះ ពន្លឺ និង រូបក៏រលត់ទៅ ។ តថាគតធ្វើកុំឲ្យសំណួរកើតឡើងដល់ តថាគតទៀត តថាគតបានទប់ឲ្យនៅក្នុងការប្រឹងប្រែង ខ្លាំងក្លា បានទទួលឃើញនូវពន្លឺ និង រូប ។ រំពេចនោះបន្ទាប់ពីការឃើញពន្លឺ និង រូបបានរលត់ទៅ តថាគតគិតថា តើមានអ្វីជាហេតុជាបច្ច័យ ឲ្យពន្លឺ និង រូបរលត់ទៅ? ហើយចូរអ្នកពិចារណាដូច្នេះថា សេចក្តីមិនប្រយ័ត្ន កើតមានដល់តថាគត ព្រោះតែសេចក្តីមិនប្រយ័ត្ន និង ការចុះអន់ថយ នៃសមាធិចិត្តរបស់តថាគត ពន្លឺ និង រូបក៏រលត់បាត់ទៅ ។ តថាគតត្រូវតែប្រតិបត្តិតាមវិធីមួយដើម្បីកុំឲ្យសេចក្តីសង្ស័យ និង ការមិនប្រយ័ត្នកើតឡើងដល់តថាគតម្តងទៀត ។ "

តាមរបៀបដូចខាងលើនេះ ព្រះពុទ្ធជួបឧបសគ្គច្រើនទៀត ដែលជាហេតុឲ្យពន្លឺរលត់ទៅ ហើយព្រះអង្គបានរកឃើញផ្លូវចេញ ពីឧបសគ្គទាំងនោះបាន ។ ឧបសគ្គទាំងនោះរាប់បញ្ចូលថីនមិទ្ធៈ ការភិតភ័យ សេចក្តីរីករាយ សេចក្តីរវើយ ការប្រឹងហួស ការប្រឹងខ្វះ រាគៈ ការដឹងអារម្មណ៍ផ្សេងៗ និងសមាធិហួសកំរិតលើវិធី ។ ទីបំផុតព្រះ អង្គបានឆ្លងដល់ពន្លឺ ហើយចូលទៅក្នុងឈានបាន ។ សេចក្តីអធិប្បាយក្នុងឧបកិលេសសូត្រ បង្ហាញថែមទៀត នូវការដែលព្រះអង្គរកឃើញផ្លូវទៅដល់ឈាន ៤ ដំបូង ដែលក្រោយមកព្រះអង្គយល់ថាជា សម្មាសមាធិ ។

“ ម្នាលអនុរុទ្ធ កាលណាតថាគតដឹងថា សេចក្តីសង្ស័យជា ភាពមិនបរិសុទ្ធរបស់ចិត្ត តថាគតបោះបង់ សេចក្តីសង្ស័យចោល ភាពមិនបរិសុទ្ធរបស់ចិត្ត ។ កាលណាតថាគតដឹងថា សេចក្តីប្រមាទ ថីនមិទ្ធៈ ការភិតភ័យ សេចក្តីរីករាយ សេចក្តីរវើយ ការប្រឹងហួស ការប្រឹងខ្វះ រាគៈ ការដឹងអារម្មណ៍ផ្សេងៗ និងសមាធិហួសកំរិតលើវិធី តថាគតបោះបង់ (ដល់) សមាធិហួសកំរិតលើវិធី ភាពមិនបរិសុទ្ធនៃចិត្ត ។ ម្នាលអនុរុទ្ធ កាលណាតថាគតដឹងថា សេចក្តីសង្ស័យជា ភាពមិនបរិសុទ្ធនៃចិត្ត តថាគតបោះបង់ សេចក្តីសង្ស័យចោល ភាពមិនបរិសុទ្ធនៃចិត្ត ។ កាលណាតថាគតដឹងថា សេចក្តីប្រមាទ ថីនមិទ្ធៈ ការ ភិតភ័យ សេចក្តីរីករាយ សេចក្តីរវើយ ការប្រឹងហួស ការប្រឹងខ្វះ រាគៈ ការដឹងអារម្មណ៍ ផ្សេងៗ និងសមាធិហួសកំរិតលើវិធី តថាគតបោះបង់ (ដល់) សមាធិហួសកំរិតលើវិធី ភាពមិនបរិសុទ្ធនៃចិត្ត ដូច្នេះតថាគតគិតថា តថាគតបានបោះបង់ចោល ភាពមិនបរិសុទ្ធនៃចិត្ត ។ ឥឡូវនេះសមាធិនឹងចម្រើន ដោយវិធី៣យ៉ាង...ហើយយ៉ាងដូច្នេះអនុរុទ្ធចម្រើនសមាធិប្រកបដោយវិតក្កៈនិងវិចារៈ, ចម្រើនសមាធិគ្មានវិតក្កៈ ប៉ុន្តែប្រកបដោយវិចារៈ, ចម្រើនសមាធិគ្មានវិតក្កៈទាំងគ្មានវិចារៈ, ចម្រើនសមាធិប្រកបដោយបីតិ, ចម្រើនសមាធិមិនប្រកបដោយបីតិ, ចម្រើនសមាធិជាមួយសុខៈ,​ចម្រើនសមាធិប្រកបដោយឧបេក្ខា... ។ ម្នាលអនុរុទ្ធ កាលណាតថាគតចម្រើនសមាធិ ប្រកបដោយវិតក្កៈនិងវិចារៈ​ដល់​ការ​ចម្រើន...កាលណាសមាធិសម្បយុត្តដោយ ភាពត្រឹមត្រូវ សេចក្តីដឹងពិតឃើញពិតក៏កើតឡើងចំពោះតថាគត ការរំដោះខ្លួនរបស់តថាគត មិនរ​ង្គោះរង្គើរ​ឡើយ​នេះ​ហើយជាជាតិចុងក្រោយ របស់តថាគត ឥឡូវនេះគ្មានអ្វីគួរជាបច្ច័យទៀតទេ ។

ក្នុងសូត្រទាំងឡាយ ការសម្រេចអរូបជ្ឈាន ពុំដែលលើកមក និយាយថាជាឈានទេ ។ ការសម្រេចផ្នែកអរូបនេះ ទាក់ទងច្រើនទៅខាង ការធ្វើឲ្យរីកធំ ចំណែកឯរូបជ្ឈានវិញ ផ្តោតទៅលើការស្មឹងស្មាធ គឺសមាធិ ។ ពិតមែនតែភាវៈនៃសមាធិ ពុំមែនជាគោលបំណងចុងក្រោយ ប៉ុន្តែវាពិតជាផ្លូវដែលនាំឲ្យទៅដល់គោលបំណងនោះ ។ សេចក្តីអធិប្បាយ៣នៅក្នុងពោជ្ឈង្គសម្បយុត្ត បានប្រាប់ឲ្យដឹងថា ពួកជនដទៃក្រៅព្រះពុទ្ធសាសនាបានប្រកាសថា ពួកគេក៏បានចម្រើនការស្មឹងស្មាធ បែបដូចការបង្រៀនរបស់ព្រះពុទ្ធ រួមទាំងសមាធិផងដែរ ។ ជនទាំងនោះបានសួរព្រះពុទ្ធថា តើមានការខុសគ្នា ដូចម្តេចរវាងការបង្រៀនរបស់ពួកគេ និងការបង្រៀនរបស់ព្រះអង្គ? ព្រះពុទ្ធមិនឆ្លើយដោយការពន្យល់ ពីសម្មាទិដ្ឋិទេ ប៉ុន្តែព្រះអង្គប្រាប់ជនទាំងនោះថា ពួកគេមិនយល់គ្រប់គ្រាន់ អំពីការបដិបត្តិរបស់ សមាធិទេ ។ ពិតមែនតែព្រះពុទ្ធមិនមែនជាអ្នកទី១ ដែលបានសម្រេចអរូបជ្ឈាន ការរៀបចំកំរឹតជាន់ថ្នាក់ របស់សមាធិ ជាឈាន៤ ជារបៀបថ្មីរបស់ព្រះពុទ្ធ ។ បន្ទាប់មកគេខ្ចីរបៀបថ្មីនេះ ក្នុងភាពមិនគ្រប់គ្រាន់ ដាក់ចូលទៅក្នុងមោក្សធម៌ (Mokṣadharma) ដែលជាផ្នែកមួយនៃមហាភារត (Mahābhārata) ។ ហាក់ដូចជាក្នុងយោគៈ Yoga របស់ពួកព្រាហ្មណ៍ជំនាន់ដើម អរូបភពអាចសម្រេចបានដោយបន្តពីរូបសមាធិ (រូបជ្ឈាន) ទៅ ។ យោគៈនេះបានត្រូវយកមកបង្រៀន តាមតែការរើសយករបស់សិស្ស នៅក្នុងអត្ថបទ ផ្នែកពុទ្ធកៈជំនាន់ដើមផងដែរ ។ ម្យ៉ាងទៀតវិធីសំខាន់ ក្នុងការបង្រៀន ដើម្បីការសម្រេចអរូបជ្ឈាន ក្នុងគម្ពីរជំនាន់ចាស់ គឺបន្ទាប់ពីបានសម្រេចឈានទី៤មក គេត្រូវបន្តកិច្ចការរបស់គេ ទៅក្នុងអាកាសានញ្ចាយតនៈទៀត ។