លោកិយបដិច្ចសមុប្បាទ១២

ដោយវិគីភីឌា
Jump to navigation Jump to search
ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា

DharmaWheelGIF.gif
គន្ថធុរៈ

ប្រពៃណីពុទ្ធសាសនា
ថេរវាទ · មហាយាន

ព្រះធម៌
សង្គាយនា · ឈាន
លោកុត្តរបដិច្ចសមុប្បាទ
លោកិយបដិច្ចសមុប្បាទ១២
ពោធិបក្ខិយធម៌ · អរិយសច្ច៤
បញ្ចក្ខន្ធ · អាយតនៈ
សស្សតទិដ្ឋិ · ឧច្ឆេទទិដ្ឋិ
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍
ច្បាប់នៃកម្ម · បញ្ញាព្រះពោធិសត្វ
វិសុទ្ធិមគ្គ · នីវរណធម៌
មិច្ឆត្តធម៌ · សំយោជនៈ
កិលេស · អាសវៈ
ពោជ្ឈង្គ៧ · អរិយអដ្ឋង្គិកមគ្គ
សម្បជញ្ញៈ · មហាភូតរូប
ចិត្ត៨៩ · ព្រះនិព្វាន៤ថ្នាក់

វិបស្សនាធុរៈ
អានាបានស្សតិ · សតិប្បដ្ឋាន
វិបស្សនាកម្មដ្ឋាន · ត្រៃលក្ខណ៍

ព្រះអភិធម្ម
វីថិចិត្ត

អត្ថន័យទូទៅ[កែប្រែ]

ពាក្យ​ក្នុង​ភាសា​បាលី​ថា បដិច្ចសមុប្បាទ (paṭiccasamuppāda) ឬ ​នៅ​ក្នុង​ភាសា​សំស្ក្រឹត​ថា ប្រដីដ្យសមុដ្បាទ (Pratītyasamutpāda) មាន​អត្ថន័យ​ថា ​ដើម​កំណើត​​នៃ​អ្វីមួយ​ពឹង​ផ្អែក​លើ​អ្វី​មួយ​ទៀត (dependent origination) ឬ ការ​កើត​ឡើង​នៃ​អ្វី​មួយ​ត្រូវ​ពឹង​លើ​ការ​កើត​ឡើង​នៃ​អ្វី​មួយ​ទៀត​ជាមុន (dependent arising) ។ ន័យ​ម្យ៉ាង​ទៀត បដិច្ចសមុប្បាទ សង្កត់​ធ្ងន់​ទៅ​លើ​ទស្សនៈ​ថា គ្មាន​វត្ថុ​អ្វី​មួយ (ទោះ​ជា​មាន​រូប​ក្តី ឥត​រូប​ក្តី មាន​ជីវិត​ក្តី ឥត​ជីវិត​ក្តី) មាន​វត្តមាន​ដោយ​ឯកឯង ឬ ស្ថិតស្ថេរ​ជា​និច្ច​និរន្តរ៍ បាន​ទេ ពោល​គឺ​ វត្ថុ​នោះ​​ត្រូវ​​ពឹង​ផ្អែក​លើ​វត្ថុ​កើត​មុន​វា​​ដើម្បី​ឲ្យ​វា​អាច​កើត​ឡើង​បាន ។ ចំណែក​វត្ថុ​ដែល​កើត​មុន​នោះ​ ក៏​ត្រូវ​ពឹង​លើ​វត្ថុ​ដែល​កើត​មុន​វា​មួយ​ទៀត​ដើម្បី​ឲ្យ​វត្ថុ​នោះ​កើត​ឡើង​បាន ។ ​យោង​តាម​ទ្រឹស្តី​ពុទ្ធសាសនា បដិច្ចសមុប្បាទ​ មាន​អត្ថន័យ​ពីរ​យ៉ាង​ ៖

  1. ក្នុង​ន័យ​ទូទៅ បដិច្ចសមុប្បាទ សំដៅ​ទៅ​ដល់​សញ្ញាណ​​ដែល​ជា​ខ្លឹម​សំខាន់​នៅ​ក្នុង​ប្រពៃណី​ពុទ្ធសាសនា ពោល​គឺ វត្ថុ​គ្រប់​យ៉ាង​កើត​ឡើង​​ដោយ​ពឹង​ទៅ​លើ​មូលហេតុ (causes) និង លក្ខខណ្ឌ​ (conditions) ដ៏​ច្រើន​សន្ធឹក ។
  2. ក្នុង​ន័យ​ជាក់​លាក់ បដិច្ចសមុប្បាទ សំដៅ​ទៅ​ដល់​ការ​អនុវត្តន៍​ជាក់ស្តែង​នៃ​គោលការណ៍​ទូទៅ​ខាង​លើ​នេះ ពោល​គឺ ភាព​ជាប់​ទាក់ទង​គ្នា (សម្ព័ន្ធ) ចំនួន ១២ តំណ នៃ​ដើម​កំណើត​នៃ​អ្វី​មួយ​ពឹង​ផ្អែក​លើ​អ្វី​មួយ​ទៀត (twelve links of dependent origination) ។

សញ្ញាណ​នៃ​បដិច្ចសមុប្បាទ (ទាំង​ន័យ​ទូទៅ និង ន័យ​ជាក់លាក) គឺ​ជា​មូលដ្ឋាន​សម្រាប់​យល់​សញ្ញាណ​គន្លឹះ​​ដទៃ​ទៀត​នៅ​ក្នុង​ពុទ្ធសាសនា ឧទាហរណ៍ ទ្រឹស្តី​អំពី​កម្ម និង ការ​បដិសន្ធិ​ជា​ថ្មី (karma and rebirth), ការ​កើត​ឡើង​នៃ​ទុក្ខ (dukkha ឬ suffering), និង លទ្ធភាព​នៃ​ការ​រំដោះ​ខ្លួន​​តាម​រយៈ​ការ​យល់​ដឹង​ថា​គ្មាន​ខ្លួន ឬ អនត្តា (no-self ឬ anatman) ។ គោលគំនិត​ទូទៅ​នៃ​បដិច្ចសមុប្បាទ (អ្វីៗ​គ្រប់យ៉ាង​សុទ្ធ​តែ​​ពឹង​ផ្អែក​លើ​អ្វីៗ​ដទៃ​ទៀត) គឺ​ជា​ផ្នែក​មួយ​សម្រាប់​បំពេញ​ឲ្យ​សញ្ញាណ (គំនិត) នៃ​ទ្រឹស្តី សុញ្ញតា (ភាព​ទទេ ឬ សូន្យ) (concept of emptiness ឬ sunyata) ។

ធម៌​សូត្រ[កែប្រែ]

អវិជ្ជា បច្ចយា សង្ខារា, សង្ខារា បច្ចយា វិញ្ញាណំ, វិញ្ញាណ បច្ចយា នាមរូបំ, នាមរូប បច្ចយា សឡាយតនំ, សឡាយតន បច្ចយា ផស្សោ, ផស្ស បច្ចយា វេទនា, វេទនា បច្ចយា តណ្ហា, តណ្ហា បច្ចយា ឧបាទានំ, ឧបាទាន បច្ចយា ភវោ, ភវ បច្ចយា ជាតិ, ជាតិ បច្ចយា ជរា មរណំ សោក បរិទេវ ទុក្ខ ទោមនស្សុបាយាស សម្ភវន្តិ

សេចក្តី​ប្រែ ៖ អវិជ្ជាជាបច្ច័យ ឲ្យកើតសង្ខារ, សង្ខារជាបច្ច័យ ឲ្យកើតវិញ្ញាណ, វិញ្ញាណជាបច្ច័យ ឲ្យកើតនាមរូប, នាមរូបជាបច្ច័យ ឲ្យកើតអាយតនៈ, អាយតនៈ​ជាបច្ច័យឲ្យកើតផស្សៈ, ផស្សៈជាបច្ច័យ ឲ្យកើតវេទនា, វេទនាជាបច្ច័យ ឲ្យកើតតណ្ហា, តណ្ហាជាបច្ច័យ ឲ្យកើតឧបាទាន, ឧបាទានជាបច្ច័យ ឲ្យកើតភព, ភពជាបច្ច័យ ឲ្យកើតជាតិ, ជាតិជាបច្ច័យ ឲ្យកើតជរា មរណៈ សោក ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ជាច្រើនអនេក ។ ការជាប់ប្រទាក់គ្នា ១២ កងនេះ ឈ្មោះថា បដិច្ចសមុប្បាទ

ចតុរារិយសច្ច ឬ​ សេចក្តីពិត​ ៤ យ៉ាង[កែប្រែ]

ព្រះពុទ្ធ​ទ្រង់បាន​ត្រាស់សម្តែង​ទុក​ថា ៖ “ ម្នាលភិក្ខុទាំងឡាយ, ក្នុងកាលកន្លង មកហើយក្តី ក្នុងកាលជា អនាគតក្តី ឬក្នុងពេល បច្ចុប្បន្ននេះក្តី តថាគត បង្រៀនអ្នកតែអំពី សេចក្តីទុក្ខ, អំពីហេតុនៃសេចក្តីទុក្ខ, អំពីការរំលត់ទុក្ខ និង ​ផ្លូវទៅកាន់ការរំលត់ទុក្ខ ។ ធម៌ដែលតថាគត ត្រាស់ដឹង មានច្រើនជាអនេក ប៉ុន្តែតថាគត មិនបង្រៀនអ្នក នូវធម៌ដ៏ច្រើន ទាំងនោះទេ ព្រោះមិននាំមក នូវប្រយោជន៍ មិននាំមក នូវសេចក្តីស្ងប់ មិននាំមកនូវ ការត្រាស់ដឹង មិននាំមក នូវព្រះនិព្វាន “។

ព្រះពុទ្ធ​បាន​បង្រៀន អំពីសេចក្តីពិត ៤​ យ៉ាងនេះ គឺធម្មជាតិនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី ១ ហៅថា ទុក្ខអរិយសច្ចៈ ។ ហេតុនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី ២ ហៅថាទុក្ខ សមុទយ អរិយសច្ចៈ ។ ការរលត់ទៅនៃទុក្ខ ហៅថា ទុក្ខនិរោធ អរិយសច្ចៈ ជាសេចក្តី ពិតទី៣ ។ ផ្លូវប្រតិបត្តិ ដែលនាំឲ្យបានដល់ ការរំលត់ទុក្ខ ហៅថា ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ ជាសេចក្តីពិតទី ៤ ដែលមាននាមថា អរិយអដ្ឋង្គិកមគ្គ ប្រកបដោយអង្គ ៨ ប្រការ ។ អរិយសច្ចៈ ៤ នេះ ជាខ្លឹមសារ នៃការប្រៀនប្រដៅរបស់ព្រះពុទ្ធ ។ អ្នកកាន់ ព្រះពុទ្ធសាសនា ត្រូវតែសិក្សា ហើយយល់ច្បាស់ នូវអរិយសច្ចៈ ដើម្បីប្រតិបត្តិធម៌ រំដោះខ្លួន ឲ្យរួចចាកផុត អំពីទុក្ខ ក្នុងសង្សារវដ្តនេះ ។


ដើម្បីពន្យល់ អំពីសេចក្តីទុក្ខ និងហេតុនៃសេចក្តីទុក្ខ ព្រះពុទ្ធទ្រង់លើកយក បដិច្ចសមុប្បាទ ១២ មកពន្យល់ប្រាប់ ដូចតទៅនេះ៖

ជាតិ គឺការកើតឡើងនៃ នាម និង រូប គឺ បញ្ចក្ខន្ធ (រូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ) ។​ បើ​នៅ​​មាន​ជាតិ (កំណើត) នោះ​បញ្ចក្ខន្ធ (ឬ​ខន្ធ ៥) ក៏កើតឡើង ។ បើមាន បញ្ចក្ខន្ធ នោះ​ទុក្ខ ១២ កងក៏កើតឡើង (ទុក្ខព្រោះរូប​ ៤ និងទុក្ខព្រោះនាម ៨) ។

ទុក្ខ ​ទាំង ១២ កងនេះ មានជាតិជា បច្ច័យ ទើបកើតឡើង ។ ជាតិមានភព ជាបច្ច័យ ឲ្យកើតឡើង ។

ភព គឺ បដិសន្ធិចិត្ត ដែលកម្មសង្ខារ តាក់តែងឲ្យ ទៅកើតជា នរក ប្រេត អសុរកាយ តិរច្ឆាន មនុស្ស ទេវតា ឬព្រហ្ម តាមផលកម្មរបស់ខ្លួន ។ ភពមានឧបាទាន ការជាប់ជំពាក់ដោយកម្មជា កុសលនិងអកុសល ជាបច្ច័យឲ្យកើតឡើង ។

ឧបាទាន ការជាប់ជំពាក់ ដោយការធ្វើ កម្ម មានតណ្ហាជាបច្ច័យ ឲ្យកើតឡើង ។

តណ្ហា គឺសេចក្តី ប្រាថ្នា៣យ៉ាង ចង់ឲ្យបាន នូវអារម្មណ៍តាមទ្វារ ៦ ដែលជាទីត្រេកអរ គឺកាមតណ្ហា ចង់ឲ្យអ្វីៗ ដែលជាទីត្រេកអរ នៅ ស្ថិតស្ថេរជានិច្ច មិនបាត់បង់ គឺភវតណ្ហា ចង់ឲ្យអ្វីៗ ដែលរលត់ទៅ មិនកើតទៀត គឺ វិភវតណ្ហា តណ្ហានេះមានផស្សៈ ការដែលអារម្មណ៍ តាមទ្វារ ៦ មកពាល់ត្រូវ ជាបច្ច័យឲ្យកើតឡើង ។

ផស្សៈ មានអាយតនៈ គឺ វិញ្ញាណ ៦ និង អារម្មណ៍ ៦ ជាបច្ច័យ ឲ្យកើតឡើង ។

អាយតនៈ មាននាមរូប ជាបច្ច័យឲ្យកើតឡើង ។ នាមរូបមានវិញ្ញាណ គឺបដិសន្ធិចិត្តជាបច្ច័យឲ្យកើតឡើង ។ វិញ្ញាណមានសង្ខារ គឺការប្រជុំ តាក់តែងនៃកម្ម ជាបច្ច័យ ឲ្យកើតឡើង ។ សង្ខារមានអវិជ្ជា សេចក្តីមិនដឹងមិនយល់ ជាបច្ច័យ ឲ្យកើតឡើង ។ សេចក្តីពន្យល់ខាងលើនេះ ឃើញថាអវិជ្ជាជាដើមហេតុ មានសេចក្តីទុក្ខ មួយគំនរធំ នៅខាងចុង ដូចជាខ្សែច្រវាក់មួយ ដែលមានកង ១២ ប្រទាក់ជាប់គ្នា ។

ទុក្ខទាំង ១២ កង គឺទុក្ខរបស់រូប ៤ និងទុក្ខរបស់នាម ៨ កើតឡើងក៏ព្រោះ តែមានរូបនិងនាម ។ បើគ្មានរូប និងនាម ទុក្ខក៏គ្មានដែរ ។ ឧបមាដូចជា ជនដែលឈរ នៅក្បែរភ្លើង ទទួលទុក្ខព្រោះក្តៅ ហើយចង់ពន្លត់ ភ្លើងដើម្បីឲ្យបាត់ក្តៅ ដរាបណាគេ នៅតែបន្ថែមប្រេង ទៅឲ្យភ្លើងទៀត នោះភ្លើងនៅតែឆេះ គេនៅតែក្តៅដដែល ឥតស្រាកស្រាន្តឡើយ ។ យ៉ាងណាម៉ិញ គេ ចង់កំចាត់បង់ទុក្ខ ហើយបើគេ នៅតែបង្កើតអវិជ្ជា នោះគេនៅតែ មានទុក្ខដដែល ឥត ឈប់ឈរឡើយ ។ ការបំបាត់អវិជ្ជា ខាងដើម ជាកិច្ចឲ្យទុក្ខទាំងឡាយខាងចុង រលត់ទៅអស់ព្រោះមិនមាន រូបនិងនាម តទៅទៀត ។ ដូច្នេះកិច្ចដែលត្រូវធ្វើ គឺកំចាត់បង់ នូវអវិជ្ជា ជាការស្រេច ។ ប៉ុន្តែគេត្រូវសិក្សា ឲ្យយល់ច្បាស់ នូវបដិច្ចសមុប្បាទនេះ ជាមុនសិន ។ បដិច្ចសមុប្បាទនេះ ដែលមានអវិជ្ជាខាងដើម និងសេចក្តីទុក្ខខាងចុង ជារបស់ ត្រៃភព ព្រោះវាចងសត្វលោក ឲ្យជាប់ក្នុងភពទាំង៣ មានឈ្មោះថា លោកិយបដិច្ចសមុប្បាទ ។ រីឯលោកុត្តរបដិច្ចសមុប្បាទ ដែលមានសទ្ធាខាងដើម និងអាសវក្ខេយេញាណ ជាខាងចុង ជារបស់ព្រះនិព្វាន ព្រោះជាផ្លូវកំចាត់បង់ នូវអវិជ្ជា ។

សត្វលោកកើតស្លាប់ ៗ ក្នុងត្រៃភព ព្រោះនៅមានអវិជ្ជា ហើយបច្ច័យក៏កើតតៗគ្នា តាមខ្សែរង្វង់ អវិជ្ជា សង្ខារ វិញ្ញាណ នាមរូប សឡាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ (ទុក្ខរបស់រូប ៤ និង ទុក្ខរបស់នាម ៨) រួចត្រឡប់ទៅកាន់ អវិជ្ជាវិញ ហើយរត់តាម ខ្សែរង្វង់ដដែលនេះ ឥតឈប់ឈរ លុះត្រាតែអវិជ្ជារលត់ ។ ខ្សែរង្វង់ បដិច្ចសមុប្បាទនេះ ជារបស់កាលទាំង៣ គឺរបស់អតីតកាល២ (អវិជ្ជា និងសង្ខារ) របស់បច្ចុប្បន្នកាល៨ (វិញ្ញាណ នាមរូប អាយតន១២ ផស្សៈ វេទនា តណ្ហាឧបាទាន និងភព) របស់អនាគត២ (ជាតិ និងជរាមរណៈ) ។

បច្ចុប្បន្នកាល ៨ - ដោយមានអវិជ្ជា-សង្ខារ អំពីអតីតកាល ជាបច្ច័យដល់វិញ្ញាណ គឺបដិ សន្ធិចិត្ត ឲ្យសត្វកើតជាថ្មីទៀត ក្នុងបច្ចុប្បន្នកាលនេះ ។ នាមរូបក៏កើតឡើង អាស្រ័យ ដោយវិញ្ញាណជាបច្ច័យ ។ អាយតនៈ ១២ ក៏កើតឡើង អាស្រ័យដោយនាមរូប ជាបច្ច័យ ។ ផស្សៈក៏កើតឡើង អាស្រ័យដោយ អាយតនៈ១២ ជាបច្ច័យ។ វេទនាក៏កើតឡើង អាស្រ័យដោយផស្សៈ ជាបច្ច័យ ។ តណ្ហាក៏កើតឡើង អាស្រ័យដោយ វេទនាជាបច្ច័យ ។ ឧបាទានក៏ កើតឡើង អាស្រ័យដោយ តណ្ហាជាបច្ច័យ។ ភពក៏កើតឡើង អាស្រ័យ ដោយឧបាទាន ជាបច្ច័យ ។ វិញ្ញាណ នាមរូប អាយតនៈ ១២ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព បដិច្ចសមុប្បាទ៨នេះ ជារបស់បច្ចុប្បន្នគឺបញ្ចក្ខន្ធជាផលដែល យើងបានមក ព្រោះ អវិជ្ជាពីអតីតកាល ។ ព្រោះមានបញ្ចក្ខន្ធ ទុក្ខទាំង១២កង គឺរូបទុក្ខ៤ មានជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និងមរណៈទុក្ខ ហើយនិងនាមទុក្ខ៨ គឺសោកទុក្ខ បរិទេវៈទុក្ខ ទុក្ខទុក្ខ (ទុក្ខព្រោះទុក្ខផ្ទួនគ្នា) ទោមនស្សទុក្ខ ឧបាយាសៈទុក្ខ បិយេហិវិប្បយោគទុក្ខ អប្បិយេហិសម្បយោគទុក្ខ យម្បិច្ឆំនលភតិតម្បិទុក្ខ ក៏កើតឡើង ឲ្យយើងរង សេចក្តីឈឺចាប់ឥតស្រាកស្រាន្ត ។ បើមិនមានអវិជ្ជា ជាដើមហេតុទេនោះ យើងក៏គ្មានទុក្ខ ១២កងនេះ ដែរ ។ វេទនាគឺការសោយអារម្មណ៍ គឺការដឹង៥យ៉ាង គឺដឹងសេចក្តីឈឺចាប់ ដឹងសេចក្តី សុខស្រួល ដឹងសេចក្តីទោមនស្ស ដឹងសេចក្តីសោមនស្ស ឬដឹងថាឥតសុខឥតទុក្ខ ។ បើគេដឹងសេចក្តីឈឺចាប់ ឬទោមនស្សតាមផ្លូវចិត្ត គេមិនចង់បាន អារម្មណ៍ទាំងនេះទេ ។ តណ្ហាគឺសេចក្តីប្រាថ្នា កុំឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ បើគេដឹងសេចក្តីសុខស្រួល ឬសោមនស្សតាមផ្លូវចិត្ត គេចង់បានអារម្មណ៍ ទាំងនេះទៀត ហើយតណ្ហាគឺសេចក្តីប្រាថ្នា ឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ តណ្ហាដែលកើតឡើងក៏បានជាបច្ច័យ ដល់ឧបាទាន គឺការជាប់ជំពាក់ ក្នុងតណ្ហានោះៗ ហើយធ្វើប្រតិកម្ម ដោយអំពើតាម កាយវាចាចិត្ត ។ សេចក្តីស្រឡាញ់និងស្អប់ ក៏ចេះតែកើតឡើងបន្តបន្ទាប់គ្នា។ គេក៏ប្រតិកម្មដោយ លោភៈនិងទោសៈ គឺធ្វើអំពើជាកុសល និងអកុសល ដែលជាហេតុឲ្យ កម្មសង្ខារកើតឡើង ហើយតាក់តែងនូវភព សម្រាប់ អនាគតជាតិ ។ បើកម្មជាកុសល គេនឹងបានសុគតិភព មានទេវលោក និងព្រហ្មលោកបើកម្មជាអកុសលវិញ គេនឹងបានអបាយភូមិ មាននរកប្រេត តិរច្ឆានជាដើម ។ ដរាបណាគេនៅតែមានតណ្ហានិងឧបាទាន គេនឹងបាននូវភព ដែលជាបច្ច័យ ឲ្យមានជាតិនិងសេចក្តីទុក្ខយ៉ាងច្រើន ក្នុងអនាគតកាល ។

កាលវេលាចេះតែរត់ ទៅមុខជានិច្ច ។ អនាគតកាល ក្លាយជាបច្ចុប្បន្ន ។ បច្ចុប្បន្នក្លាយជាអតីត ។ ជាតិជរាមរណៈ នៃអនាគត គឺជានាមរូបនិងទុក្ខ ១២ កងនៃបច្ចុប្បន្ន ។ បច្ច័យរបស់ជាតិ គឺតណ្ហាឧបាទានភព ដែលកើតក្នុងបច្ចុប្បន្ន ។ បច្ច័យរបស់ នាមរូបបច្ចុប្បន្ន គឺអវិជ្ជាសង្ខារវិញ្ញាណ ដែលកើតក្នុងអតីត ។ ជាតិមានន័យថា បញ្ចខន្ធ ជាពាក្យហៅសម្រាប់ អនាគតកាល ឯនាមរូប(គឺបញ្ចខន្ធដូចគ្នា) ជាពាក្យហៅ សម្រាប់បច្ចុប្បន្នកាល ។ កាលណាកាលវេលា រត់ពីបច្ចុប្បន្ន ទៅអតីត តណ្ហាឧបាទានភព ក៏ទៅជា អវិជ្ជាសង្ខារវិញ្ញាណ ដែលឲ្យ បញ្ចខន្ធ កើតឡើង ។ ដូច្នេះអវិជ្ជា គឺតណ្ហានេះឯង ។ ដើម្បីរំលត់នូវ បញ្ចខន្ធ ត្រូវកំចាត់បង់តណ្ហា ក្នុងបច្ចុប្បន្នជាតិនេះ កុំឲ្យមានអវិជ្ជា តទៅទៀត ។ ព្រោះតែមានតណ្ហា ទើបមានការធ្វើនូវកម្ម (ឧបាទាន) ហើយសត្វក៏ជាប់ក្នុង សង្សារវដ្ត គឺការវិលកើតវិលស្លាប់ ក្នុងភព ៣ អស់កាលរាប់កប្ប អសង្ខេយ្យមិនអស់ ។ លោកិយបដិច្ចសមុប្បាទ១២ ឃុំសត្វទុកក្នុងវដ្តសង្សារ យ៉ាងនេះឯង! ។

ធម៌ ១១ យ៉ាងទៀត ដែលកើតឡើង ហើយបច្ច័យតៗគ្នា ដូចលោកិយបដិច្ចសមុប្បាទដែរ មានឈ្មោះថា លោកុត្តរបដិច្ចសមុប្បាទ១១លោកុត្តរបដិច្ចសមុប្បាទនេះ ជាច្រកចេញ អំពីរង្វង់សង្សារវដ្ត គឺការកើតស្លាប់ៗ ទៅកាន់ទីរំលត់ទុក្ខ គឺ និព្វាន

ចំណង១២មានតាមលំដាប់[កែប្រែ]

ចំណង១២មានតាមលំដាប់គឺ៖ ១.អវិជ្ជា(Ignorance) នាំឲ្យកើតសង្ខារ(volitional activities) ២.សង្ខារ នាំឲ្យកើត វិញ្ញាណ(consciousness) ៣.វិញ្ញាណ នាំឲ្យកើតនាមរូប(Mind and matter) ៤. នាមរូប នាំឲ្យកើត សឡាយតន (sixfold sense bases) ៥. សឡាយតន នាំឲ្យកើត ផស្សៈ (contact) ៦. ផស្សៈ នាំឲ្យកើត វេទនា(feeling) ៧. វេទនា នាំឲ្យកើត តណ្ហា(craving) ៨. តណ្ហា នាំឲ្យកើត ឧបាទាន (grasping, clinging or attachment) ៩.ឧបាទាន នាំឲ្យកើត ភព (becoming) ១០. ភព នាំឲ្យកើត ជាតិ(Birth) ១១. ជាតិ នាំឲ្យកើត ជរា(old age), មរណៈ (death), សុខៈ( sorrow), បរិទេវៈ(lamentation), ទុក្ខ(pain), ទោមនស្ស ឧបយសៈ(grief and despair)។

វាប្រសើរបំផុតដែលធម៌(doctrine)នេះ ត្រូវបានរៀនជាភាសាបាលីដោយអស់ពីចិត្ត អ្នកទាំងឡាយដែលមិនទាន់បានចងចំានូវធម៌នេះ គួរតែស្រវ៉ាទន្ទេញមើលតាមដែលអាចធ្វើទៅបាន ពីព្រោះធម៌នេះអាចជួយឲ្យអ្នកទាំងអស់គ្នាយល់នូវអត្ថន័យធម៌។ មនុស្សមួយចំនួនបានសូត្រ ធម៌នេះក្នុងពេលដែលគោរពបូជាព្រះសម្មាសម្ពុទ្ធ។ ពួកគេអាចសូត្រវាឡើង ប្រសិនបើពួកគេត្រូវការសូត្រវន្ទាព្រះពុទ្ធ។ ប៉ុន្តែគ្រាន់តែការសូត្រដោយគ្មានដឹងពីសារៈសំខាន់ និងគោលបំណងរបស់ធម៌នេះសោះឡើយ ហើយនឹងមិនអាចធ្វើឲ្យពួកគេកំចាត់បង់នូវទិដ្ឋិទាំងឡាយដែលជាប្រភពគ្រោះថ្នាក់នៃការធ្លាក់ទៅកាន់ទុគ្គតិ (woeful abode)បានដែរ។

វាមានភាពងាយស្រួលក្នុងការចងចាំ ធម៌នេះគ្មានទ្រង់ទ្រាយទេ ប៉ុន្តែខ្លួនអ្នកផ្ទាល់ ខ័ន្ធរបស់អ្នកផ្ទាល់ នាមរូបជាដើម ហើយវានៅមានច្រើនជាងនេះទៀត។វាបង្ហាញពីតណសម្ព័ន្ធហេតុ របស់អ្នកខ្លួនឯង ក្នុងការកើត ហើយនិង រលត់ទៅវិញ នៃនាម និងរូប តាមលំដាប់សុខ និងទុក្ខ គ្មានទីបញ្ចប់។

បដិច្ចសមុប្បាទនេះ ជាវដ្តកើត និង រលត់នៃធម៌ ឬខ័ន្ធ។ សភាវៈធម៌ចាស់ឲ្យការកើត ទៅកាន់សភាវៈធម៌ថ្មីទៀត គ្មានទីបញ្ចប់។ សភាវៈធម៌កើត រលត់ៗបែបនេះ ហៅថា បដិច្ចសមុប្បាទ និង បដិច្ចសមុប្បន្ន ដែលមានងារគ្មានអ្នកបង្កើត ឬគ្មានព្រះជាម្ចាស់ណាអាចបង្កើត ហើយបញ្ឈប់វាបានដែរ។ ការធ្វើមុខងារនេះ គឺជាការចងឡើងវិញនៃ បដិច្ចសមុប្បាទ។ មគ្គផលជាធម៌តែមួយគត់ ដែលអាចកាត់ផ្តាច់ចំណងបដិច្ចសមុប្បាទបាន ហើយ នៅពេលមិនមានការចងឡើងវិញនៃបដិច្ចសមុប្បាទនេះ ហៅថា និព្វាន។

ដំណើរការនេះ គឺមានតែកើត និងការរលត់ទៅនៃខ័ន្ធតែប៉ុន្នោះ។ នាមរូប និងសភាវៈផ្សេងទៀត មានដំណើរទៅតាមច្បាប់ហេតុ និងផលរបស់វា ដែលមានលក្ខណៈខុសៗគ្នា ដោយត្រូវបានយកមកសំគាល់ថាជា ខ្ញុំ របស់ខ្ញុំ ឬអាត្មាអញ។ វាគ្មានអ្វីទេ លើកលែងតែការកើត និងការរលត់ទៅវិញនៃខ័ន្ធ នាមរូប ឬអាយតនៈ ប៉ុនោះ។

១. ផ្លូវនៃ សម្មតិសច្ចៈ(conventional truth) មាន បុរស ស្រ្តី មនុស្សទាំងឡាយ សត្វលោក ឬសត្វទាំងឡាយឯទៀត គឺត្រូវបានគេស្គាល់ និងហៅឈ្មោះជាសាកលបាន រីឯ ធម៌បដិច្ចសមុប្បាទ សឲ្យឃើញថា អវិជ្ជា និង តណ្ហាជាប្រភពដើមនៃសង្សារ។ វាមិនមែនជាប្រភពដើមរបស់ សត្វបុគ្គល ទំនៀមទំលាប់ ឬហេតុការណាមួយទេ។ ក្នុងបរមត្ថសច្ច(Ultimate Truth) មិនមានមនុស្ស ឬមនុស្សជាតិ ឬសត្វទាំងឡាយណាមួយទេ ហើយទីបំផុតវាត្រឹមតែត្រឡប់ទៅជាធម៌វិញទាំងអស់ មានន័យថា អវិជ្ជា និងតណ្ហាជាប្រភពដើមនៃសង្សារ។ ២. វាសបង្ហាញឲ្យឃើញផងដែរថា ដំណើរការបន្ត និងគ្មានទីបញ្ចប់ នៃការកើត និងរលត់ទៅខ័ន្ធនេះ ហៅថាសត្វលោក ជាធម្មតាគេហៅថា សម្មតិសច្ចៈ ជា បុរស ស្រ្តី និង សត្វទាំងឡាយ។ ៣. ចូរចងចាំទុកថា បរមត្ថសច្ចៈ មិនមាន បុរស មិនមានស្រ្តី ឬសត្វទាំងឡាយ ណាទេ។ វាជាច្បាប់ដែលបង្ហាញថា "កាលណាមាននេះ នោះកើតឡើង ដោយការកើតឡើងនេះ នោះមាន កាលណានេះមិនមាន នោះក៏មិនកើតឡើង"។

៤. វាជាចំណងរវាងសង្ខារ​(Sankhara) និង វិញ្ញាណ​(Vinnana) និងកាមភព (Kammabhava) និងជាតិ( Jati)។

៥. វាបង្ហាញជុំវិញការកើតមិនចេះចប់ ដែលនាំឲ្យមានជាតិ ភាពជរា ការមានជម្ងឺ និងមរណៈក្នុងទីបំផុត។មួយវិញទៀត ការកើត ការមានជម្ងឺ ភាពជរា និង មរណៈ គឺវិលកើតគ្មានទីបញ្ចប់ ដូចជាដើមឈើដែលឲ្យផលជាផ្លែឈើ ហើយផ្លែឈើឲ្យផលជាដើមឈើវិញ ហើយដើមឈើឲ្យផលជាផ្លែម្តងទៀត បន្តទៅមុខដូច្នេះគ្មានទីបញ្ចប់។

៦.​ វាបង្ហាញថាដំណើរនៃការកើត និងការរលត់ទៅវិញគ្មានអ្វីសេសសល់ ក្រៅពីកងសុខ និងទុក្ខទេ។

៧.​ វាមានសភាពដូចជាគំនរប្រេង និងភ្លើង កាលណាប្រេង ត្រូវបានអុចដោយភ្លើង នោះភ្លើងប្រាកដជាឆេះសន្ធោសន្ធៅ បើយើងនៅតែដាក់ប្រេង ភ្លើងក៏នៅតែបន្តឆេះទៅទៀត គ្មានទីបញ្ចប់ឡើយ។

៨.​ ចំពោះ ប្រភេទអរិយសច្ចៈ ជាដំណើរការកើតឡើងវិញតែម្យ៉ាងនៃ ទុក្ខសច្ចៈ និងសមុទយសច្ចៈ មិនមានទីបំផុត។

៩. ចំពោះប្រភេទនៃវដ្ត(round)ដែលមិនមានទីបំផុត មានបីវដ្តគឺ កិលេសវដ្ត​ (Kilesa Vatta) កម្មវដ្ត(Kamma Vatta ) និងវិបកវដ្ដ(Vipaka Vatta)។ ដោយសារតែកិលេសវដ្ដនោះ កើតបានជាកម្មវដ្ត ហើយកម្មវដ្តកើតបានជា វិបកវដ្ត។

១០. មានត្រឹមតែរយៈកាលនៃ អតីត បច្ចុប្បន្ន និងអនាគតប៉ុនោះ។ វានឹងធ្វើឲ្យយើងដឹងជាក់ស្តែងថា បច្ចុប្បន្នជាអនាគតរបស់អតីតកាល ដែលប្រែក្លាយមកជាបច្ចុប្បន្នម្តងទៀត។ ដូច្នេះដំណើរការបន្តទៅគ្មានទីបញ្ចប់នៃសង្សារវដ្ដនៅតែបន្តគ្មានទីបំផុតឡើយ។

​Sections, Links, Factors And Periods[កែប្រែ]

ក. នៅក្នុងក្មុងផ្លូវកណ្តាលមាន អវិជ្ជា​(Ignorance) និងតណ្ហា(craving)ដែលគេហៅថាជាឬសគល់(Roots)

ខ. មានសច្ចៈពីគឺ ទុក្ខសច្ចៈ និងសមុទយសច្ចៈមគ្គ និងនិរោធ បិទបាំងដោយអវិជ្ជា

គ. មាន ៤ចំណែកគឺ៖

        ១. ប្រភេទអតីតហេតុ Past Causal Coutinuum,
        ២.  ផលបច្ចុប្បន្នហេតុ Present Causal Resultant,
        ៣. ប្រភេទបច្ចុប្បន្នហេតុ Present Causal Continuum,
         ៤. ផលអនាគតហេតុ Future Causal Resultant

ឃ. មាន ២០ កត្តាគឺ៖-

        ១. កត្តាអតីតហេតុ (Past Causal Factors) មាន អវិជ្ជា សង្ខារ តណ្ហា ឧបាទាន និង ភព
         ២. កត្តាបច្ចុប្បន្នផល (Present Result Factors)  វិញ្ញាណ នាមរូប សឡាយតនៈ       ផស្សៈ និង វេទនា
        ៣. កត្តាបច្ចុប្បន្នហេតុ (Present Causal Factors) មាន តណ្ហា ឧបាទាន ភព អវិជ្ជា   និងសង្ខារ
         ៤. កត្តាផលអនាគត់ហេតុ​ (Future Causal Resultant Factor) មាន វិញ្ញាណ នាមរូប សឡាយតនៈ  ផស្សៈ និងវេទនា

ង. មានចំណង១២គឺ៖

         ១. អវិជ្ជា (Avijja =Ignorance)
        ២. សង្ខារ (Sankhara =volitional activities)
       ៣. វេទនា (Vinnana=consciousness)
        ៤. នាមរូប (Namarupa =Mind and matter)
        ៥. សឡាយតនៈ( Salayatana =sixfold sense bases)
        ៦. ផស្សៈ (Phassa=contact)
        ៧. វេទនា (Vadana =feeling)
        ៨. តណ្ហា (Tanha=craving)
        ៩. ឧបាទាន (Upadana =grasping, clinging or attachment)
       ១០. ភព (Bhava=becoming)
       ១១. ជាតិ (Jati =Birth)
       ១២. ជរា (Jara =old age)
       ១៣. មរណៈ (Marana =death)

ច. មានកាល៣គឺ៖

       ១. អតីតកាល
       ២. បច្ចុប្បន្នកាល
       ៣. និងអនាគតកាល

ឆ. មានបីវដ្តគឺ៖

       ១. កិលេសវដ្ត Kilesa Vatta
      ២. កម្មវដ្ត Kamma Vatta
       ៣. វិបកវដ្ត Vipaka Vitta

'ជ. មានទំនាក់ទំនងនឹងគ្នាបីយ៉ាងគឺ៖

        ១. ហេតុអតីត និងផលបច្ចុប្បន្ន Past Cause and Present Resultant
       ២. ហេតុបច្ចុប្ប និងផលបច្ចុប្បន្ន Present Cause and Present Resultant
       ៣. ហេតុបច្ចុប្ប និងផលអនាគត Present Cause and Future Resultant

ព្រះពុទ្ធបរមគ្រូបានបង្រៀន បដិច្ចសមុបាទធម៌ (Paticcasamuppada)អាស្រ័យដោយខ័ន្ធ(Khandhas) ក្រោយពីការពិនិត្យអង្គេតការរលត់បាត់ភ្លាមៗ ឬការរលត់បាត់ទៅវិញដូចគ្នា ដែលផ្តល់ការកើតទៅសភាវៈមួយទៀតកើតឡើងបាន ឬ ពាក្យមួយទៀតអាស្រ័យដោយច្បាប់ហេតុផលដោយការរលត់ ឬ ការបញ្ចប់ទៅជាបន្តបន្ទាប់។


អតីតព្រះមហាថេរៈ មូកូសាយ៉ាដាវ(Mogok Sayadaw) ក្រោយពីបានធ្វើការពិនិត្យអង្គេតខ័ន្ធដោយប្រុងប្រយ័ត្នមក ក៏បានគូរដ្យាក្រាមនេះភ្ជាប់គ្នាមួយៗ ហើយបង្ហាញថាការអនុវត្តន៍ធ្វើបែបយូគី និងអាចធ្វើឲ្យយល់ច្បាស់ថាបដិច្ចសមុបាទធម៌មិនមានទេ បើមិនមានខ័ន្ធរបស់គាត់ផ្ទាល់ ហើយខ័ន្ធនេះឯងក៏មិនមានដែរ បើគ្មានដំណើរនៃការកើត និងរលត់ទៅវិញ។​ ហើយដំណើរនៃការកើត និងរលត់ទៅវិញរមែងមិនមាន បើគ្មានសុខ និងទុក្ខ​ ហើយសុខ និងទុក្ខនេះក៏មិនមានដែរ បើគ្មានទុក្ខសច្ចៈ។


នេះគឺជាអ្វីៗទៅតាមធម្មជាតិរបស់ខ័ន្ធ ដែលគួរតែត្រូវបានយល់ច្បាស់ គឺស្គាល់តាមរយៈចំណេះដឹងវិបស្សនា។ មានតែតាមរយៈការយល់ និងការស្គាល់នៃខ័ន្ធនេះឯង ទើបអាចដកចោលនូវសស្សតទិដ្ឋិ​(Sassata) ឧច្ឆេទទិដ្ឋិ(Uccheda )និង សកាយទិដ្ឋិ(Sakkaya Ditthis)ទាំងនេះបាន។ ដូច្នេះគ្រប់យូគីទាំងឡាយត្រូវបានជំរុញឲ្យមានការព្យាយាម និងយល់នូវអ្វីដែលខ័ន្ធសម្តែងបង្ហាញ បង្ហាញឲ្យឃើញ ឲ្យសញ្ញា និង ចង្អុលប្រាប់។

ឯកសារ​យោង[កែប្រែ]

The Doctrine of Paṭiccasamuppāda (The Law of Dependent Origination) Most Venerable Mogok Sayadaw Bhadanta Vimala (Vipassanā Master from Myanmar)