ជនជាតិមិល
by ឈូកខ្មែរ
ជនជាតិមិល មិល (នៅក្នុងវចនានុក្រមខ្មែរបោះពុម្ពឆ្នាំ១៩៦៧ សរសេរ មិលក្ខៈ) ជាជនជាតិភាគតិចមួយក្រុមដែលប្រជាជនខ្មែរភាគច្រើនស្ទើរតែមិនដឹងថា អ្នកទាំងអស់នោះកំពុងតែមានវត្តមាននៅក្នុងប្រទេសកម្ពុជាផង ។ ជនជាតិនោះហៅខ្លួនឯងថា «មិល» ។ ជនជាតិមិលគ្មានសាសនាដូចជនជាតិដទៃទេ ។ បច្ចុប្បន្នជនជាតិនេះមានចំនួន ៦១គ្រួសារ កំពុងរស់លាយឡំជាមួយប្រជាជនខ្មែរនៅក្នុងភូមិមួយចម្ងាយ ៤០គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ ។ ភូមិកំណើតរបស់ជនជាតិនេះពីដើមឡើយស្ថិតនៅភូមិឆក់ត្រាច ហៅភូមិក្លិក្លក់ ចម្ងាយប្រហែល៣០គីឡូម៉ែត្រខាងកើតភូមិអូរពោធិ៍ ខេត្តក្រចេះ ។ ដោយសារមានជំងឺអ៊ុតធំរាតត្បាតពេញភូមិ និងដោយមានព្នងមួយក្រុមចូលមកកាប់សម្លាប់ប្រជាជនក្នុងភូមិ ជនជាតិមិលបានរត់ភៀសខ្លួនមករស់នៅវាលមួយហៅថា «ស្រែចង្ហប» ។ នៅក្នុងរបបសង្គមរាស្ត្រនិយម ភូមិនេះត្រូវបានប្តូរទីតាំងមកនៅជាប់ផ្លូវជាតិវិញដើម្បីងាយស្រួលទំនាក់ទំនងជាមួយសង្គម និងដើម្បីឲ្យកុមារបានចូលរៀននៅសាលាផង ។ អំឡុងពេលសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាពីឆ្នាំ១៩៧០ ដល់១៩៧៥ និងនៅក្នុងរបបខ្មែរក្រហម បុរសមិលជាច្រើននាក់បានបម្រើបដិវត្តន៍ខ្មែរក្រហម ។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ ជនជាតិមិលមួយចំនួនបានទទួលតួនាទីខ្ពស់ មួយចំនួនត្រូវខ្មែរក្រហមសម្លាប់ចោល ហើយមួយចំនួនទៀតបាត់ខ្លួន ។
តេង ជនជាតិមិល ជាប្រធានឈ្លបនៅក្នុងរបបខ្មែរក្រហម ។ អ្នកភូមិចង្ហបបានដឹងគ្រប់ៗគ្នាថា តេង ជាមនុស្សកាចសាហាវបំផុតនៅជំនាន់នោះ ។ ប្រសិនបើប្រជាជនណាធ្វើខុស ជាពិសេសប្រជាជន១៧មេសា តេងបញ្ជាឲ្យឈ្លបមកហៅទៅ ហើយអ្នកនោះបាត់ខ្លួនរហូត ។ តេងបានសម្លាប់ប្រជាជន១៧មេសាអស់ជាច្រើននាក់ ។ នៅឆ្នាំ១៩៧៩ តេងត្រូវកងទ័ពវៀតណាមចាប់ខ្លួន និងបញ្ជូនទៅដាក់គុកនៅប្រទេសវៀតណាមអស់រយៈពេលជាងមួយឆ្នាំ ។ ក្រោយពីត្រឡប់ចូលភូមិវិញ តេងត្រូវប្រជាជន១៧មេសានៅស្រុកតាមូងព្រួតគ្នាវាយសម្លាប់នៅតាមផ្លូវ ។
កក វ៉ន ជនជាតិមិល អាយុ៥៩ឆ្នាំ ប្រាប់ថា គាត់បានបាត់កូនប្រុសម្នាក់បន្ទាប់ពីទៅបម្រើខ្មែរក្រហម ។ ក្រោយមកបានឮអ្នកស្រុកនិយាយថា កូនរបស់គាត់ត្រូវតាម៉ុកសម្លាប់ ។
សឿ ឃ្លីមសឿ ឃ្លីម អាយុ៤៥ឆ្នាំ បានចូលធ្វើកងទ័ពខ្មែរក្រហមតាំងពីអាយុ១៥ឆ្នាំ គឺនៅក្នុងឆ្នាំ១៩៧៦ ។ កាលណោះ អង្គការបញ្ជូនគាត់ទៅបម្រើការនៅខេត្តក្រចេះរយៈពេលមួយឆ្នាំ ក្រោមការដឹកនាំរបស់ឈ្មោះ យី និង កួន ។ ចុងឆ្នាំ១៩៧៧ គាត់ត្រូវអង្គការឲ្យទៅខេត្តរតនគិរីធ្វើជាយុទ្ធជននៅកងពល៩២០ ។ នៅក្នុងឆ្នាំ១៩៧៨ អង្គការលើបានចាប់ខ្លួន យី និង កួន ដោយចោទអ្នកទាំងពីរថាក្បត់បដិវត្តន៍ ។ ក្រោយពីចាប់ យី និង កួន រួច អង្គការក៏តាមចាប់ខ្លួនឃ្លីម និងយុទ្ធជនផ្សេងទៀត ។ ឃ្លីម បានរត់ទៅលាក់ខ្លួនក្នុងព្រៃរហូតដល់ឆ្នាំ១៩៨២ ទើបហ៊ានត្រឡប់ចូលភូមិវិញ ។
ជូតាំងក្រោមរបបកម្ពុជាប្រជាធិបតេយ្យ អ្នកភូមិចង្ហបទាំងអស់ត្រូវបានជម្លៀសចេញពីភូមិទៅរស់នៅសហករណ៍ស្រែចង្ហប ចំណែកផ្ទះសម្បែងត្រូវអង្គការយកធ្វើឃ្លាំងសម្រាប់ដាក់អំបិល អង្ករ និងសម្ភារផ្សេងៗ ។ យុវជនត្រូវបង្ខំឲ្យចូលធ្វើកងទ័ព ។ បុរសវ័យកណ្តាលត្រូវអង្គការឲ្យធ្វើជាជាងសាងសង់ផ្ទះ លើកទំនប់ និងធ្វើស្រែ ។ ស្ត្រីវ័យចំណាស់នៅថែរក្សាកុមារតូចនៅមណ្ឌលកុមារ ។ ខេន និង ជូតាំង បានប្រាប់ឲ្យដឹងថា គាត់ត្រូវអង្គការចាត់តាំងឲ្យសាងសង់ផ្ទះគ្រប់ទីកន្លែង ក្នុងរយៈពេលពីរបីខែទើបអង្គការអនុញ្ញាតឲ្យមកជួបក្រុមគ្រួសារម្តង ។ ក្រៅពីការងារសាងសង់ អង្គការបានបញ្ជូនគាត់ទៅលើកទំនប់នៅអូរគ្រៀង និងនៅកន្លែងផ្សេងទៀតដែលគាត់មិនចាំឈ្មោះ ។ ខេនបានប្រាប់ថា កាលជំនាន់នោះ គាត់ធ្វើស្រែ និងប្រមូលផលស្រូវបានច្រើនណាស់ ប៉ុន្តែគាត់នៅតែហូបបបររាវៗជារៀងរាល់ថ្ងៃ ។ នៅរដូវប្រមូលផលស្រូវ គាត់ឃើញមានរថយន្តមកដឹកអង្ករទៅបាត់ៗមិនដឹងថាដឹកយកទៅទុកនៅកន្លែងណាទេ ។ កម្មាភិបាលខ្មែរក្រហមនិយាយប្រាប់ប្រជាជនថា សហករណ៍ផ្សេងខ្វះអង្ករ ហើយក៏ដឹកស្រូវយកទៅ ជួនកាលដឹកចូលទៅក្នុងព្រៃបាត់ ។
ចាប់ពីឆ្នាំ១៩៧៧ សហករណ៍ចង្ហបមានសមាជិកកាន់តែច្រើនដោយសារអង្គការដឹកប្រជាជនជម្លៀសគ្រប់ជនជាតិមាន ខ្មែរ ចិន ចាម មករស់នៅលាយឡំជាមួយប្រជាជនមិល ។ ប្រជាជនទាំងអស់គ្រប់ជាតិសាសន៍មិនត្រូវបានអនុញ្ញាតឲ្យនិយាយភាសាអ្វីផ្សេងក្រៅពីភាសាខ្មែរឡើយ ។
ជូ តាំង ជនជាតិមិល អាយុ៦០ឆ្នាំ បច្ចុប្បន្នជាប្រធានភូមិចង្ហបនិយាយថា «ចិនគេអត់ឲ្យនិយាយភាសាចិន ចាមក៏គេអត់ឲ្យនិយាយភាសាចាម មិលក៏គេអត់ឲ្យនិយាយ ឲ្យនិយាយតែភាសាខ្មែរ ហើយជនជាតិចាមសាច់គោក៏អត់ឲ្យស៊ី គេបំបិទទាំងអស់ ។ ផ្ទះខ្ញុំនៅពីរគ្រួសារ កូនផ្ទះតូចមួយហ្នឹងចាមមួយគ្រួសារ ចិនមួយគ្រួសារ» ។
កូវ ខេនកូវ ខេន ជនជាតិមិល អាយុ៧៤ឆ្នាំ និយាយថា ប្រជាជនជម្លៀសស្លាប់ច្រើនណាស់កាលជំនាន់នោះ ព្រោះមិនចេះអត់ធ្មត់នឹងការងារ និងររអ៊ូរទាំច្រើន ។ ចំណែកអ្នកភូមិចង្ហបមិនសូវមានស្លាប់ដោយការសម្លាប់ទេ ភាគច្រើនស្លាប់ដោយសារជំងឺគ្មានថ្នាំព្យាបាលទៅវិញ ។
នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានរៀបគម្រោងធ្វើនំបញ្ចុក ដោយដាក់ថ្នាំបំពុលនៅក្នុងសម្លឲ្យប្រជាជនហូបនៅថ្ងៃទី៣០ ខែធ្នូ ក្នុងគោលបំណងសម្លាប់ប្រជាជនទាំងអស់នៅសហករណ៍ចង្ហប ។ ផែនការនេះត្រូវបរាជ័យទៅវិញដោយសារកងទ័ពវៀតណាមបានបណ្ដេញខ្មែរក្រហមឲ្យរត់ខ្ចាត់ខ្ចាយ ។ ខេន បានដឹងអំពីផែនការនេះដោយចៃដន្យនៅពេលគាត់ធ្វើដំណើរទៅកាន់វាលស្រែៈ «ថ្ងៃមួយខ្ញុំបានឮមេធំៗប្រជុំគ្នានៅក្រៅភូមិថា ថ្ងៃទី៣០ ទុកក្រមុំខ្មែរស្អាតៗតែមួយពាន់នាក់ទេ បង្កាត់ពូជជាមួយចិន ក្រៅពីហ្នឹងបំពុលទាំងអស់ ។ ដល់ឆ្នាំ៧៩កុំតែវៀតណាមមកទាន់កុំអីខ្មែរយើងអត់សល់ពូជទេ» ។
កែវ ណនកែវ ណន អាយុ៥៣ឆ្នាំ ជនជាតិខ្មែរដែលបានមករស់នៅភូមិចង្ហបតាំងពីឆ្នាំ១៩៦៩ ក៏បានឮអំពីគម្រោងសម្លាប់ប្រជាជនដោយដាក់ថ្នាំបំពុលក្នុងនំបញ្ចុកដែរ ។
នៅពេលបាក់ទ័ពរត់ចូលព្រៃ កងទ័ពខ្មែរក្រហមបានកៀរប្រជាជនទៅជាមួយខ្លួន ហើយថែមទាំងឃោសនាថា អ្នកណាមិនរត់នឹងត្រូវវៀតណាមអារក ។ ប្រជាជនភូមិចង្ហបខ្លះដែលភ័យខ្លាចបាននាំគ្នារត់ទៅជាមួយខ្មែរក្រហម ខ្លះទៀតត្រឡប់មកភូមិវិញ ។ ជូ តាំង បាននិយាយថា កាលណោះគាត់បានរត់ទៅរហូតដល់ស្រុកសំបូរ ហើយបានជួបក្រុមគ្រួសាររបស់គាត់នៅកំពង់ព្នៅ ។ តាំងបានប្រគល់អាវុធឲ្យកងទ័ពវៀតណាម រួចនាំប្រពន្ធ និងកូនត្រឡប់មកភូមិវិញ ។ ចំណែក ខេន ក៏ដូចជាអ្នកភូមិរបស់គាត់ដែរ បានរត់ភៀសខ្លួនរហូតដល់អូរកាច់ព្រួល ហើយបានជួបកងទ័ពវៀតណាមនៅតាមផ្លូវ ។ កងទ័ពវៀតណាមបានប្រាប់គាត់ឲ្យត្រឡប់មកស្រុកភូមិកំណើតវិញ ។
បន្ទាប់ពីឆ្នាំ១៩៧៩ ជនជាតិមិលវិលត្រឡប់មកភូមិចង្ហបវិញ ។ វៀតណាមបានចាត់តាំងមេភូមិចង្ហបដើម្បីចែកស្រូវអង្ករ អំបិល គោក្របី និងជ័យភណ្ឌ ឲ្យប្រជាជនស្មើៗគ្នា ។ ក្នុងរយៈពេលនោះ កងទ័ពខ្មែរក្រហមតែងលួចវាយឆ្មក់ចូលភូមិចង្ហបជាញឹកញាប់ ធ្វើឲ្យអ្នកភូមិមួយចំនួនត្រូវគ្រាប់ស្លាប់ ។ ម្តាយមីងរបស់ តាំង បានស្លាប់ក្នុងពេលខ្មែរក្រហមវាយឆ្មក់ចូលភូមិចង្ហប ។ តាំង និយាយថា «ខ្ញុំអត់ភ្លេចទេទាល់តែខ្ញុំស្លាប់ទើបខ្ញុំភ្លេចជំនាន់៣ឆ្នាំ ៨ខែ ២០ថ្ងៃនេះ ។ ខ្ញុំមានបានពីមុនមកក៏រលាយសូន្យ នេះខ្ញុំកសាងសាជាថ្មីទេក្រោយ៧៩ នេះអត់ភ្លេចទេ» ។
នៅពេលរំឭកដល់របបខ្មែរក្រហម ប្រជាជនមិលនៅក្នុងភូមិចង្ហបបាននិយាយថា គាត់មិនចង់ឮពីរបបនេះទៀតឡើយ ។ គាត់គ្រាន់តែចង់រស់នៅដោយសុខសាន្តដូចសង្គមសព្វថ្ងៃតែប៉ុណ្ណោះ ទោះបីមានអ្នកមកឃោសនាថា ខាងនេះល្អខាងនោះមិនល្អ ក៏គាត់មិនជឿទៀតដែរ ៕
ឯកសារយោង
[កែប្រែ]
|