អំបូរភាសាអូស្ត្រូអាស៊ី
| អូស្ត្រូអាស៊ី | |
|---|---|
| មន-ខ្មែរ | |
| ការចែកចាយភូមិសាស្ត្រ | អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អាស៊ីខាងកើត |
| ចំណាត់ថ្នាក់ភាសាវិទ្យា | អំបូរភាសាចម្បងមួយនៃពិភពលោក |
| ភាសាដើម | ប្រូតូ-អូស្ត្រូអាស៊ី |
| ផ្នែករង | |
| ISO 639-5 | aav |
| Glottolog | aust1305 |
ភាសាអំបូរអូស្ត្រូអាស៊ី | |
អំបូរភាសាអូស្ត្រូអាស៊ី ឬ មន-ខ្មែរ ឬ ទក្សិណាស៊ី គឺជាអំបូរភាសាដ៏ធំមួយដែលត្រូវបានគេនិយាយទូទាំងអាស៊ីអាគ្នេយ៍ដីគោក អាស៊ីខាងត្បូង និងអាស៊ីខាងកើត។ គេនិយមនិយាយភាសានៅក្នុងអំបូរនេះនៅតាមតំបន់ផ្សេងៗនៃប្រទេសថៃ នេប៉ាល់ បង់ក្លាដែស ភូមា ម៉ាឡេស៊ី ឡាវ ឥណ្ឌា និងចិនខាងត្បូង ព្រមទាំងទូទាំងប្រទេសកម្ពុជានិងវៀតណាម។ សរុបមក ភាសានៅក្នុងអំបូរនេះត្រូវបាននិយាយដោយប្រមាណ ១១៧ លាននាក់។[១] នៃភាសាទាំងនេះ មានតែភាសាខ្មែរ មន និងវៀតណាមដែលមានអក្សរសាស្ត្រពីយូរលង់ណាស់មកហើយ។ បច្ចុប្បន្នកាល មានតែភាសាខ្មែរនិងវៀតណាមដែលគេប្រើជាភាសាផ្លូវការថ្នាក់ជាតិ។ នៅប្រទេសថៃនិងភូមា ភាសាមនត្រូវបានគេទទួលស្គាល់ជាផ្លូវការថាជាភាសាជនជាតិដើមភាគតិច។ នៅប្រទេសភូមា ភាសាវ៉ាត្រូវជាភាសាផ្លូវការរបស់រដ្ឋវ៉ា។ នៅប្រទេសឥណ្ឌា ភាសាសាន់ថាលីត្រូវបានគេទទួលស្គាល់ថាជាភាសាកំណត់ (scheduled language) ដែលអាចប្រើបានជាផ្លូវការ។ ក្រៅពីនេះ ភាសានៅក្នុងអំបូរអូស្ត្រូអាស៊ីសុទ្ធតែជាភាសាដែលត្រូវបាននិយាយដោយជនជាតិដើមភាគតិចនិងមិនមានឋានៈផ្លូវការទេ។
Ethnologue បានកំណត់ថាមាន ១៦៨ ភាសានៅក្នុងអំបូរអូស្ត្រូអាស៊ី ដែលត្រូវបានបែងចែកជា ១៣ អំបូរ។ ភាសាវិទូជាច្រើនបានសន្និដ្ឋានថាអំបូរភាសានេះជាអំបូរភាសាដើមរបស់អាស៊ីអាគ្នេយ៍ដីគោក រីឯអំបូរភាសាផ្សេងៗទៀត (ដូចអំបូរក្រា-ដៃ ជាដើម) បានចូលមកក្នុងតំបន់នេះនៅពេលក្រោយ។[២]
ក្រុមទាំងនេះបង្កើតបានជាអម្បូរភាសាដែលត្រូវបានទទួលស្គាល់ចំនួន ១៣ (បូករួមទាំងភាសា Shompen ដែលអាចជាអម្បូរទី ១៤ ប៉ុន្តែមានភស្តុតាង និងទិន្នន័យច្បាស់លាស់តិចតួច) ដោយជាប្រពៃណី គេតែងតែបែងចែកពួកវាជាពីរក្រុមធំៗ គឺ ម៉ន-ខ្មែរ (Mon–Khmer) និង ម៉ុនដា (Munda)។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើចំណាត់ថ្នាក់ថ្មីៗនេះមួយបានស្នើឱ្យបែងចែកជា ៣ ក្រុម (Munda, Mon–Khmer, និង Khasi–Khmuic) ខណៈដែលការធ្វើចំណាត់ថ្នាក់មួយទៀតបានបោះបង់ការប្រើប្រាស់ពាក្យ «ម៉ន-ខ្មែរ» ជាក្រុមទោលដោយឡែក ហើយបានរាប់វាស្មើជាន័យទូលំទូលាយនៃអម្បូរភាសាទាំងមូលតែម្តង។
ជាទូទៅ អ្នកប្រាជ្ញបានកត់ត្រាកាលបរិច្ឆេទនៃភាសាដើម (បុព្វភាសា) នេះថាមានប្រភពតាំងពីប្រហែល ៣០០០ ឆ្នាំ ដល់ ២០០ ឆ្នាំមុនគ.ស ដោយមានទឹកដីកំណើតដើមនៅតំបន់អាស៊ីអាគ្នេយ៍ដីគោក ឬភាគខាងត្បូងនៃប្រទេសចិន។ លោក Sidwell (ឆ្នាំ ២០២២) បានស្នើថា ទីតាំងដើមនៃបុព្វភាសាអូស្ត្រូអាស៊ីទិក (Proto-Austroasiatic) គឺស្ថិតនៅក្នុងតំបន់ដីសណ្ដទន្លេក្រហម (Red River Delta) ចំឡោះប្រហែល ២៥០០ ឆ្នាំ ដល់ ២០០០ ឆ្នាំមុនគ.ស។
ឯកសារយោង
[កែប្រែ]- ↑ "Austroasiatic". www.languagesgulper.com (in អង់គ្លេស). Retrieved 15 ខែតុលា 2017.
- ↑ Sidwell, Paul, and Roger Blench. 2011. "The Austroasiatic Urheimat: the Southeastern Riverine Hypothesis." Enfield, NJ (ed.) Dynamics of Human Diversity, 317–345. Canberra: Pacific Linguistics.