និទានសុន្ទរីនន្ទាភិក្ខុនី
ព្រះត្រៃបិដក > វិន័យបិដក > ភិក្ខុនីវិភង្គ > បារាជិកកណ្ឌ> បារាជិក ទី ២ > និទានសុន្ទរីនន្ទាភិក្ខុនី
(សៀវភៅលេខ ៥ ទំព័រទី ១៧)
[១២] សម័យនោះ ព្រះសព្វញ្ញូពុទ្ធដ៏មានជោគគង់នៅវត្តជេតវនរបស់អនាថបិណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថី ។ សម័យនោះឯង សុន្ទរីនន្ទាភិក្ខុនីមានគភ៌ដោយសាឡ្ហជាចៅមិគារមាតា ។ កាលគភ៌ខ្ចីនៅឡើយ ក៏អាចបិទបាំងទុកបាន ។ លុះគភ៌ (នោះ) ចាស់ (ជិតគ្រប់ខែ) ភិក្ខុនីនោះក៏សឹកទៅហើយសម្រាលកូន ។ ភិក្ខុនីទាំងឡាយបាននិយាយពាក្យនេះនឹងថុល្លនន្ទាភិក្ខុនីថា បពិត្រលោកម្ចាស់ សុន្ទរីនន្ទា សឹកទៅមិនទាន់បានយូរប៉ុន្មានក៏សម្រាល (កូនភ្លាម) សុន្ទរីនន្ទានោះ មានគភ៌តាំងអំពីនៅជាភិក្ខុនីនៅឡើយទេឬ ។ ថុល្លនន្ទាភិក្ខុនីឆ្លើយតបថា យ៉ាងហ្នឹងហើយ លោកម្ចាស់ ។ ពួកភិក្ខុនីអម្បាលនោះ ក៏និយាយថា បពិត្រលោកម្ចាស់ (បើ) លោកម្ចាស់ដឹងថា ភិក្ខុនីត្រូវអាបត្តិបារាជិកហើយ ចុះហេតុដូចម្តេចបានជាលោកម្ចាស់មិនចោទដោយខ្លួនឯង និង មិនប្រាប់ដល់ពួកគណៈ ។ ឯថុល្លនន្ទាភិក្ខុនីក៏និយាយថា ទោសណាដែលកើតឡើងដល់សុន្ទរីនន្ទានោះ ទោសនោះនឹងមានដល់ខ្ញុំ កេរ្តិ៍អាក្រក់ណាដែលកើតឡើងដល់សុន្ទរីនន្ទានោះ កេរ្តិ៍អាក្រក់នោះនឹងមានដល់ខ្ញុំ សេចក្តីអាប់យសណាដែលកើតឡើងដល់សុន្ទរីនន្ទានោះសេចក្តីអាប់យសនោះនឹងមានដល់ខ្ញុំ សេចក្តីសូន្យលាភណាដែលកើតឡើងដល់សុន្ទរីនន្ទានោះ សេចក្តីសូន្យលាភនោះនឹងមានដល់ខ្ញុំ (មិនខាន) បពិត្រលោកម្ចាស់ (បើដូច្នេះ) ខ្ញុំនឹងប្រាប់ទោសរបស់ខ្លួន កេរ្តិ៍អាក្រក់របស់ខ្លួន សេចក្តីអាប់យសរបស់ខ្លួន សេចក្តីសូន្យលាភរបស់ខ្លួនដល់ពួកជនដទៃដូចម្តេចបាន ។ ពួកភិក្ខុនីណាដែលមានសេចក្តីប្រាថ្នាតិច ។បេ។ ពួកភិក្ខុនីអម្បាលនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ដឹងថា ភិក្ខុនីត្រូវអាបត្តិបារាជិកហើយ មិនគួរនឹងមិនចោទដោយខ្លួនឯង និង មិនប្រាប់ដល់ពួកគណៈសោះ ។ លំដាប់នោះពួកភិក្ខុនីអម្បាលនោះ ដំណាលរឿងនោះដល់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយក៏ក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភាគ ។ ព្រោះរឿងនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ត្រាស់ប្រជុំភិក្ខុសង្ឃទ្រង់សំដែងធម្មីកថា ហើយទ្រង់សួរបញ្ជាក់ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនីដឹងថា ភិក្ខុនីត្រូវអាបត្តិបារាជិកហើយ មិនចោទដោយខ្លួនឯង និង មិនប្រាប់ដល់ពួកគណៈ ពិតមែនឬ ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន ។ ព្រះសម្ពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ថុល្លនន្ទាភិក្ខុនីដឹងថា ភិក្ខុនីត្រូវអាបត្តិបារាជិកហើយ មិនគួរនឹងមិនចោទដោយខ្លួនឯង និង មិនប្រាប់ដល់ពួកគណៈទេ នែភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា និង មិនមែននាំឲ្យរឹតតែជ្រះថ្លាដល់ពួកជនដែលជ្រះថ្លាហើយនោះទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះច្បាស់ជានាំបណ្តាលឲ្យមនុស្សពួកខ្លះដែលមិនទាន់ជ្រះថ្លាឲ្យខានជ្រះថ្លា និងនាំបណ្តាលពួកមនុស្សខ្លះដែលជ្រះថ្លាហើយឲ្យត្រឡប់ជាទាស់ចិត្តបាត់ជ្រះថ្លាទៅវិញ ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនីចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយដឹងថា ភិក្ខុនីផងគ្នាត្រូវអាបត្តិបារាជិក ហើយមិនចោទដោយខ្លួនឯង និង មិនប្រាប់ដល់ពួកគណៈ កាលណាបើភិក្ខុនីនោះស្ថិតនៅក្តី ច្យុតហើយក្តី វិនាសហើយក្តី ចៀសទៅកាន់លទ្ធិដទៃហើយក្តី ទោះភិក្ខុនីដែលដឹងរឿងនោះ និយាយយ៉ាងនេះក្នុងកាលជាខាងក្រោយថា បពិត្រលោកម្ចាស់ ខ្ញុំបានដឹង (រឿង) ភិក្ខុនីនោះថា នាងនោះមានសភាពយ៉ាងនេះមួយ យ៉ាងនេះមួយ ក្នុងកាលមុនដែរ ប៉ុន្តែខ្ញុំមិនបានចោទចំពោះខ្លួនឯង និង មិនបានប្រាប់ដល់ពួកគណៈទេ ដូច្នេះភិក្ខុនីនេះ ក៏ត្រូវអាបត្តិបារាជិក ឈ្មោះវជ្ជបដិច្ឆាទិក (ព្រោះជួយបិទបាំងទោសគេ) ជាស្រីមិនមានសំវាស ។
[១៣] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី ១ នៃបារាជិកកណ្ឌនេះ ។ ដែលហៅថា ដឹង គឺភិក្ខុនីដឹងខ្លួនឯងក្តី មានពួកអ្នកដទៃមកប្រាប់ដល់ភិក្ខុនីនោះក្តី ភិក្ខុនីដែលត្រូវបារាជិកនោះប្រាប់ក្តី ។ ពាក្យថា ត្រូវអាបត្តិបារាជិក អធិប្បាយថា បណ្តាបារាជិកទាំង ៨ (ដឹងថា) ត្រូវបារាជិកណាមួយ ។ ពាក្យថា មិនចោទដោយខ្លួនឯង គឺមិនប្តឹង (ជំនុំសង្ឃ) នឹងខ្លួនឯង ។ ពាក្យថា មិនប្រាប់ដល់ពួកគណៈ គឺមិនប្រាប់ដល់ពួកភិក្ខុនីឯទឿត ។
[១៤] ត្រង់ពាក្យថា កាលណាបើភិក្ខុនីនោះស្ថិតនៅក្តី គឺដែលហៅថា ស្ថិតនៅបានដល់ភិក្ខុនីស្ថិតនៅក្នុងភេទនៃខ្លួនដដែល ។ ដែលហៅថា ច្យុត គឺធ្វើកាលកិរិយាស្លាប់ទៅហើយ ។ សឹកខ្លួនឯងក្តី ពួកភិក្ខុនីឯទៀតឲ្យវិនាសក្តី ហៅថា វិនាសហើយ ។ ចៀសទៅកាន់លទ្ធិតិរ្ថិយ ហៅថា ចៀសទៅកាន់លទ្ធិដទៃ ។
[១៥] ត្រង់ពាក្យថា ទោះភិក្ខុនីដែលដឹងរឿងនោះនិយាយយ៉ាងនេះក្នុងកាលជាខាងក្រោយថា បពិត្រលោកម្ចាស់ ខ្ញុំបានដឹង (រឿង) ភិក្ខុនីនោះថា នាងនេះមានសភាពយ៉ាងនេះមួយ យ៉ាងនេះមួយ ក្នុងកាលមុនដែរ ប៉ុន្តែខ្ញុំមិនបានចោទចំពោះខ្លួនឯង សេចក្តីថា ខ្ញុំមិនបានប្តឹង (ជំនុំសង្ឃ) នឹងខ្លួនឯង ។ ពាក្យថា ខ្ញុំមិនបានប្រាប់ដល់ពួកគណៈ អធិប្បាយថា ខ្ញុំមិនប្រាប់ដល់ពួកភិក្ខុដទៃឡើយ ។
[១៦] ត្រង់ពាក្យថា ភិក្ខុនីនេះក្តី តថាគតពោលប្រៀបផ្ទឹមនឹងពួកភិក្ខុនីដែលត្រូវអាបត្តិបារាជិកមុនៗ ។ ពាក្យថា ត្រូវអាបត្តិបារាជិក អធិប្បាយថា ធម្មតាស្លឹកឈើទុំដែលជ្រុះផុតអំពីទងហើយ មិនគួរលូតលាស់ឡើងវិញបាន មានគួរនាយ៉ាងណាមិញ ភិក្ខុនីដែលដឹងថា ភិក្ខុនីផងគ្នាត្រូវអាបត្តិបារាជិកហើយ គ្រាន់តែដាក់ធុរៈថា អញមិនចោទចំពោះខ្លួនឯង អញមិនប្រាប់ដល់ពួកគណៈដូច្នេះ ក៏មិនមែនជាសមណី មិនមែនជាធីតារបស់ព្រះពុទ្ធជាសក្យត្រកូលឡើយ ព្រោះហេតុនោះ ភិក្ខុនីនោះបានជាតថាគតហៅថា ត្រូវអាបត្តិបារាជិក ។ ពាក្យថា មិនមានសំវាស អធិប្បាយថា ដែលហៅថា សំវាស (នោះ) គឺ សង្ឃកម្មជាមួយគ្នាឧទ្ទេសជាមួយគ្នា សភាពជាបុគ្គលមានសិក្ខាស្មើគ្នា នេះហៅថា សំវាស សំវាសនោះមិនមានជាមួយនឹងភិក្ខុនីនោះ ព្រោះហេតុដូច្នោះ បានជាតថាគត ហៅថា ជាភិក្ខុនីមិនមានសំវាស ។