ពស់កេងកង
រូបភាពដែលបាត់បង់ The Snake Man | |
---|---|
ដឹកនាំដោយ | ទា លឹមគុណ |
ផលិតដោយ | ទា លឹមគុណ |
សរសេរដោយ | ទា លឹមគុណ |
ពេលចេញផ្សាយ | ១៩៧០ |
ប្រទេស | កម្ពុជា |
ភាសា | ភាសាខ្មែរ |
រឿង ពស់កេងកង ជាដំណើររឿងព្រេងបុរាណមួយដ៏ចម្លែក ដែលនិយាយអំពីស្នេហារវាងនាងនីនិងពស់កេងកង។ រឿងព្រេងបុរាណមួយនេះត្រូវផលិតករ ទា លឹមគុណ យកមកផលិតជាខ្សែភាពយន្តយ៉ាងសម្រិតសម្រាំងប្រកបដោយគុណភាពខ្ពស់ ជាមួយនឹងនិពន្ធបន្ថែមនៅសាច់រឿងបន្ត បន្ទាប់ពីប្តីនាងនី យកនាងនីទៅវះពស់ ហើយធ្លាយចេញកូនពស់រាប់រយ តែពស់ទាំងនោះត្រូវប្តីនាងនីប្រហារចោលស្ទើរគ្មានសល់ជាសំណាងនៅសេសសល់កូនពស់មួយវារួចពីការប្រហារនោះ ហើយទៅជួបព្រះមុនីឥសីហើយបន្តជីវិតជាមនុស្សវិញ ទៅរួមរស់ស្នេហាជាមួយនាងសុរិយាកូនសេដ្ឋីពោះម៉ាយ។
ខ្សែភាពយន្តនេះបានថតនៅស្ទូឌីយ៉ូរបស់ផលិតកម្មតារារដ្ឋភាពយន្ត នាតំបន់ព្រែកឯងតាំងពីដើមដល់ចប់។ ខ្សែភាពយន្តរឿងពស់កេងកងនេះ បានផលិតនៅឆ្នាំ១៩៦៩ ហើយបានបញ្ចាំងនៅចុងឆ្នាំ១៩៦៩នោះតែម្តងគឺមុនព្រឹត្តិការណ៍រដ្ឋប្រហារ១៨ មីនា ឆ្នាំ១៩៧០។ គ្រាន់តែដាក់បញ្ចាំងភា្លម កាសែតនិងទូរទស្សនាវដ្តីក្នុងស្រុកជាច្រើននាំគ្នាសរសើរដោយក្តីមោទកចំពោះស្នាដៃដ៏វិសេសវិសាលមួយនេះ។
ក្រុមព្រះសុរិយាដែលជាក្រុមមួយដែលធ្វើស្រាវជ្រាវ អភិវឌ្ឍន៍និងអភិរក្សសិល្បៈភាពយន្ត និងតន្ត្រីខ្មែរ នាទសវត្សឆ្នាំ ៦០ និង ៧០ បានរកឃើញអត្ថបទមួយក្នុងទស្សនាវដ្តីស្រ្តី ដែលបានលើកសរសើរអំពីខ្សែភាពយន្តមួយនេះផងដែរ ដោយបានរៀបរាប់ថា ខ្សែភាពយន្តនេះជាខ្សែភាពយន្តដ៏ជក់ចិត្តមួយ មានដំណើរដើមទងពីរឿងព្រេងបុរាណខ្មែរត្រូវបានផលិតករដ៏ជំនាញយកមកច្នៃឱ្យមានរសនិយមគួរអោយចង់ទស្សនាជាខ្លាំង ពិសេសគឺការសម្តែងដ៏រស់រវើក និងរូបភាពដ៏ស្រស់ស្រទន់ក្នុងភាពយន្តនេះ។ ខ្សែភាពយន្តរឿងពស់កេងកងនេះ នៅឆ្នាំ១៩៧០ លោក ទា លឹមគុណបាននាំចេញភាពយន្តនេះទៅបញ្ចាំងនៅប្រទេសថៃ ធ្វើឱ្យកក្រើក វិស័យសិល្បៈភាពយន្តនៅប្រទេសថៃ។ មកដល់នៅឆ្នាំ១៩៧១ លោក ទា លឹមគុណ បាននាំយកស្នាដៃរបស់លោកមួយនេះ មកចូលរួមក្នុងមហោស្រពភាពយន្តអាស៊ីប៉ាស៊ីហ្វិចលើកទី១៧ នាទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ហើយទទួលបានពានរង្វាន់កិត្តិយសពិសេសពីគណមេប្រយោគ។
បើយោងទៅតាមការស្រាវជ្រាវរបស់ ក្រុមព្រះសុរិយា បានឱ្យដឹងថា ភាពយន្តនេះបានបង្ហាញវត្តមាននៅលើទីផ្សារភាពយន្តនៅអាស៊ី ដោយប្រទេសធំៗជាច្រើននៅអាស៊ី បានទិញសិទ្ធិយកទៅបញ្ចាំង តួយ៉ាងដូចជា ប្រទេសថៃ , ឥណ្ឌូណេស៊ី , ម៉ាឡេស៊ី , ហុងកុង , តៃវ៉ាន់ , វៀតណាមខាងត្បូង , ឡាវ ជាដើម ដែលនេះគឺជាប្រវត្តិសាស្រ្តដ៏សំខាន់បំផុតដែលយើងត្រូវដឹងថា ភាពយន្តពស់កេងកង ជាភាពយន្តខ្មែរទី១ដែលបានបោះជំហានចូលទៅទីផ្សារភាពយន្តអាស៊ីមុនគេ។ មរតកស្នាដៃរឿងពស់កេងកងនេះ ក៏នៅតែមានឥទ្ធិពលដល់សព្វថ្ងៃ ដោយកាលពីឆ្នាំ២០១២កន្លងទៅ ភាពយន្តនេះបានដាក់បញ្ចាំងជាកិតិ្តយសក្នុងមហោស្រពអន្តរជាតិនាក្រុង ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ នៅ ឆ្នាំ២០១៦ ភាពយន្តនេះក៏បានដាក់បញ្ចាំងជាកិត្តិយសនៅក្នុងមហោស្រពភាពយន្ត ទីក្រុងតូក្យូ ប្រទេសជប៉ុនផងដែរ។ សូមជម្រាបផងដែរថាកំពូលផលិតករ ទា លឹមគុណ សព្វថ្ងៃកំពុងរស់នៅយ៉ាងស្ងៀមស្ងាត់ក្នុងប្រទេសកាណាដា ហើយលោកបានរក្សាហ្វីលនេះបានយ៉ាងល្អក្នុងគេហដ្ឋានរបស់លោក ជាមួយនិងការថែទាំជារៀងរាល់ថ្ងៃផងដែរ៕ [១]
តារាសម្តែង
[កែប្រែ]ខ្សែភាពយន្តរឿងពស់កេងកងនេះ សម្តែងដោយ តារាភាពយន្តកំពូលៗប្រាំដួងនៃកម្ពុជាគឺ
•លោកស្រី ឌី សាវ៉េត
•លោក ជា យុទ្ធថន
•លោកស្រី សាក់ ស៊ីស្បោង
•លោក ឪ អុំ
• នាងកញ្ញា សុខ កិន្នរី
និងរួមទាំងតារាកំប្លែងល្បីៗរបស់នៃ ប្រទេសកម្ពុជា
• លោក ម៉ុង ដូលីន
• លោកស្រី ម៉ែ ម៉ឺន
• លោក ប៉ី សាលួត
• លោស្រី មុត សំអឿន
• លោក កន្តុល គ្រុន
• នាង ម៉ាប់ណូយ៉ា
•លោក ឡូតូ
• នាយ ស៊ុយ
ជាដើម។
ដំណើររឿង
[កែប្រែ]កាលពីព្រេងនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពិស និង ពស់ឥតពិសទេ មានតែពស់កេងកង។ មាននិទានថា កាលពីដើមឡើយមានមនុស្សពីនាក់ប្តីប្រពន្ធ។ ប្រពន្ធឈ្មោះនាងនី មានកូនស្រីមួយ ឈ្មោះនាងអេត។ ប្តីនោះទៅជួញអង្កាំបាត់ជាយូរអងែ្វង។ ថៃ្ងមួយអស់បងប្អូនជិតខាងគេបបួលគ្នាទៅរកអុស ឯនាងនីលឺគេបបួលគ្នាក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅជាមួយផង។ លីដឹងចូលទៅក្នុងព្រៃ បានឃើញអុសមួយធំ នាងនីយកដឹងពុសអុស។ លុះពុសយូរបន្តិចទៅដឺងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់។ នាងនីមើលទៅឃើញដឹងថារន្ធពស់កេងកងក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យ។ ឯពស់កេងកងឆ្លើយឡើងថា «អើ! បើនាងឯងដោយអញធ្វើជាប្រពន្ធអញ ទើបអញឲ្យដឹង បើនាងឯងមិនដោយអញធ្វើជា ប្រពន្ធអញនោះ អញមិនឲ្យដឹងទេ»។ នាងនីលឺពស់កេងកងថាដូចេ្នះហើយ ហេតុតែជាស្រីខូចក៏ព្រម ទទួលថា «អើ! លែងតែអ្នកឯងឲ្យដឹងមកចុះចាំល្ងាចឲ្យមេអេតមកហៅ»។ ពស់កេងកងលឺនាងនីថាដូច្នោះ ក៏ឲ្យដឹងមក។ នាងនីផ្តាំថា «ដល់ល្ងាចសឹមឲ្យមេអេតមកហៅ»។ ហើយនាងនីក៏ទូលអុសទៅផ្ទះ ជាមួយនាងអេត។ លុះដល់ព្រលប់នាងនីក៏ប្រើនាងអេតជាកូនទៅហៅពស់កេងកង។ នាងអេតទៅដល់រន្ធពស់ឆ្លើយថា «ពស់កេងកង! ៗ នាងនីឲ្យហៅ»។ ឯពស់កេងកងលឺហើយចេញមក។ នាងអេតឃើញពស់ក៏ភ័យព្រឺស្ញើបអស់ទាំងខ្លួន ប៉ុនែ្តខ្លាចម្តាយព្រោះម្តាយប្រើមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះ។ ពស់នោះ ធំណាស់លូនទៅលើស្មៅបាក់រាបអស់។ ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនី។ នាងនីនិយាយនឹងពស់កេងកងថា «ខ្ញុំមានប្តី ឥឡូវនេះគាត់ទៅជួញអង្កាំពីរបីឆ្នាំមកម្តងៗ»។ ពស់កេងកងសួរថា «ប្តីនាង ឯងនៅប៉ុន្មានខែប៉ុន្មានថៃ្ងទៀតទើបមកដល់? » នាងនីឆ្លើយថា »មិនដឹងជាប៉ុន្មានខែ ប៉ុន្មានថៃ្ង ទៀតមកដល់ទេ»។ ពស់កេងកងលានាងនីទៅរូងវិញ នាងផ្តាំថា «បើប្តីខ្ញុំមក ខ្ញុំមិនឲ្យមេអេតទៅហៅទេ អ្នកកុំមក។ បើប្តីខ្ញុំមិនទាន់មកនោះខ្ញុំប្រើមេអេតឲ្យទៅហៅអ្នកសឹមអ្នកមក»។ ពស់កេងកងក៏ទៅរូងវិញទៅ។ រាល់តែល្ងាចនាងនីប្រើមេអេតឲ្យទៅហៅពស់កេងកង។ នាងអេតខ្លាចម្តាយក៏ទៅតាមពាក្យម្តាយប្រើ ប៉ុនែ្តក្នុងចិត្តខ្លាចពស់នោះណាស់ ដ្បិតពស់នោះធំហើយវែងផង មួយទៀតខឹងក្នុងចិត្តដ្បិតម្តាយ សាហាយនឹងពស់។ នាងអេតទៅដល់មាត់រូងហៅថា «ពស់កេងកង! ៗ នាងនីឲ្យហៅ» ។ ពស់កេងកង លឺក៏លូនចេញមកហើយឆ្លើយថា »អេតអើយអេត! បើអញទៅ ឱពុកអេតនឹងកាត់អញដាច់ »។
នាងអេត ឆ្លើយថា «ឱពុកអញទៅជួញអង្កាំពីរ-បីឆ្នាំមិនទាន់មកដល់»។ ពស់កេងកងបានលឺនាងអេតប្រាប់ដូច្នោះ ក៏លូនចេញពីរន្ធមក ហើយចេះតែទៅរាល់ថៃ្ង។ នាងនីសាហាយពស់កេងកងទាល់តែផើម។ ដល់យូរបនិ្តចទៅ ប្តីនាងនីមកពីជួញអង្កាំវិញឃើញនាងនីពោះធំក៏នឹកសង្ស័យ ក៏សួរនាងអេតជាកូន។ នាងអេត ប្រាប់ឱពុកថា «ម៉ែគាត់សាហាយនឹងពស់កេងកង។ តែវេលាព្រលប់កាលណាឲ្យតែខ្ញុំទៅហៅរាល់ថៃ្ង»។ ឪពុកលឺនាងអេតប្រាប់ដូច្នោះ ក៏និយាយនាងអេតថា «ដល់ល្ងាចហងឯងទៅហៅពស់នោះមកទៀត អញកាប់វា នៅមាត់ទ្វារ ហើយហងឯងកុំឲ្យម្តាយហងឯងដឹង»។ ឯនាងអេតលុះដល់ព្រលប់ក៏ទៅហៅពស់កេងកងថា »ពស់កេងកង! ៗ នាងនីឲ្យហៅ»។ ពស់កេងកងលឺហើយឆ្លើយថា »អេតអើយអេត! បើអញទៅ ឪពុកអេតនៅកាត់កអញដាច់»។ នាងអេតឆ្លើយថា «ឱពុកអញទៅជួញអង្កាំពីរ-បីឆ្នាំមិនទាន់មកដល់»។ ពស់កេងកងលឺនាងអេតប្រាប់ដូច្នោះ ស្មានថាឪពុកមិនទាន់មកពីជួញអង្កាំមែន ក៏ទៅដូចសព្វដង។ ឯឪពុក នាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់។ ពស់កេងកងលូនចូលមាត់ទ្វារបន្តិច ឪពុកនាងអេតកាត់ដាច់ ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្កាក មួយកំណាត់ខាងក្បាលយកទៅដាក់លើមែកពុទ្រា ឯកណ្តាលខ្លួនឲ្យនាងអេតយកទៅពន្លួះពន្លាត់សែ្បកចោល ហើយផ្តាំនាងអេតថា «កុំឲ្យម្តាយហងដឹង តែត្រូវទុកសាច់ស្លឲ្យម្តាយហងឯងស៊ី»។ ឪពុកនាងអេតក៏លាងឈាមពស់ជ្រះអស់មិនឲ្យមានសល់។ ឯនាងនីពុំបានដឹងថាប្តីកាប់ពស់ជាសាហាយស្លាប់ទេ ព្រោះពេលនោះនាងនីមិននៅ ទៅសួរបងប្អូននៅផ្ទះឆ្ងាយ។ លុះព្រឹកឡើងនាងអេតយកសាច់ពស់ទុកឲ្យនាងនីជាម្តាយស៊ី។ នាងនីឃើញសម្លខ្លាញ់រលើបទាំងចានឆ្នាំង ក៏សួរនាងអេតថា «បានសាច់អ្វីស្លអេត?» នាងអេតប្រាប់ថា «សាច់ជ្រូក»។ នាងនីនឹកគិតស្មានថា សាច់ជ្រូកមែនក៏ដួសសម្លយកមកស៊ីបាយ។ កាលនាងអេតដួសសម្លយកមកឲ្យនាងនីជាម្តាយស៊ី មានកែ្អកមួយវាឃើញក្បាលពស់ដាក់លើមែកពុទ្រា វាចង់ស៊ីសាច់ពស់ វាបូលថា «ក៏ឡូវៗកេ្លមក្លមលេចសាច់់ប្តីឯង នាងនីកំពុងតែស៊ីបាយលឺកែ្អកបូល ដូច្នោះក៏មើលទៅលើដើមពុទ្រាឃើញក្បាលពស់កេងកងលើមែក ហើយនាងនីនឹកអាណិតស្រក់ទឹកភែ្នក តែនាងនីពុំហ៊ាននយំ ព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នា។ ប្តីឃើញនាងនីស្រក់ទឺកភែ្នកក៏សួរថា «ហេតុមេ្តចបានជាស្រក់ទឹកភែ្នក?»។ នាងនីឆ្លើយថា «ស៊ីបាយក្តៅសម្លក្តៅរលឹកកូនចៅរលោងទឹកភែ្នក»។ ឯកែ្អកនោះចេះតែបូល »ក៏ឡូវៗ ក៏កេ្លមក្លមលេបសាច់ប្តីឯង ក្បាលដាក់លើមែកពុទ្រា កន្ទុយដាក់លើ ស្កាក»។ នាងនីមើលទៅលើស្កាកឃើញកន្ទុយពស់កេងកងនៅទីនោះ ឯប្តីនាងនីដឹងថា ប្រពន្ធសាហាយ នឹងពស់កេងកងពិតប្រាកដក៏នឹកក្នុងចិត្តខឹងចង់សម្លាប់នាងនី ប៉ុនែ្តធើ្វមិនឲ្យនាងនីដឹងខ្លួន។ ដល់នាងនីផើម ចាស់ផៃ្ទជិតនិងសំរាល ប្តីបបួលទៅកក់សក់នៅមាត់បឹង។ លុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថា «ទៅទៀត ឲ្យឆ្ងាយពីស្រុកគេយើងនិងកក់សក់លេងឲ្យសប្បាយតែពីរនាក់ម្តង»។ នាងនីមិនដឹងខ្លួនថាប្តីគិតសម្លាប់ខ្លួន ស្មានថាប្តីនាំទៅកក់សក់មែន ក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅ។ លុះឃើញកំពុងមួយរាបស្អាតវាលល្អ ប្តី ប្រាប់ប្រពន្ធថា «កំពង់នេះរាបសប្បាយយើងឈប់កក់សក់នៅនេះចុះ»។ ឯនាងនីមិនដឹងថាប្តី គិតសំលាប់ខ្លួន ក៏អង្គុយកក់សក់នៅមាត់ច្រាំង។ ប្តីនោះក៏ហូតដាវកាប់នាងពីក្រោយខ្នងមិនឲ្យដឹងខ្លួន ដាច់ពាក់កណ្តាល ខ្លួនស្លាប់ទៅ។ ពេលនោះឃើញសុទ្ធតែជាកូនពោះលូនចេញពីពោះនាងនីមក។ ប្តីនាងនីក៏កាប់កូនពស់ នឹងដាវខ្លះកាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែងដី ខ្លះមុជក្នុងទឹក ខ្លះលូនចូលក្នុងព្រៃ ព្រោះហេតុនេះ បានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះ។ [២]