ឥណ្ឌូណេស៊ី
Republik Indonesia | |
---|---|
ទីតាំងប្រទេសឥណ្ឌូណេស៊ី (ក្រហម) នៅលើភូគោល | |
រដ្ឋធានី | នូសាន់តារ៉ា 0°58′23″S 116°42′31″E / 0.97306°S 116.70861°E |
ទីក្រុងធំបំផុត | ចាការតា 6°10′S 106°49′E / 6.167°S 106.817°E |
ភាសាផ្លូវការ | ភាសាឥណ្ឌូណេស៊ី |
ភាសាតំបន់ | ជាង ៧០០ ភាសា[៣] |
ក្រុមជនជាតិ | ជាង ១,៣០០ ក្រុម[៤] |
សាសនា (ឆ្នាំ ២០១៨) |
|
រដ្ឋាភិបាល | សាធារណរដ្ឋប្រធានាធិបតីនិយមអាស្រ័យសភាឯកភូត |
ចូកូ វីដូដូ | |
ម៉ារាហ្វ អាមីន | |
ពួន មហារ៉ានី | |
មហាម៉េដ ស្យារីហ្វូឌីន | |
នីតិបញ្ញត្តិ | រដ្ឋសភា |
ក្រុមប្រឹក្សាតំណាងតំបន់ (កតត) | |
ក្រុមប្រឹក្សាតំណាងប្រជាជន (កតប) | |
ទទួលឯករាជ្យពី | |
១៧ សីហា ១៩៤៥ | |
២៧ ធ្នូ ១៩៤៩ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១,៩០៤,៥៦៩ គ.ម២ (ទី១៤) |
- ផ្ទៃទឹក (%) | ៤.៨៥ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២១) | ២៧៣,៨៧៩,៧៥០[៥] |
- ជំរឿន (ឆ្នាំ ២០២០) | ២៧០,២០៣,៩១៧[៦] (ទី៤) |
- ដង់ស៊ីតេ | ១៤១ នាក់/គ.ម២ (ទី៨៨) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៣.៨៤២ ទ្រីលានដុល្លារ[៧] (ទី៧) |
- ក្នុងម្នាក់ | ១៣,៩៨១ ដុល្លារ[៧] (ទី៩៦) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ១.២៤៧ ទ្រីលានដុល្លារ[៧] (ទី១៦) |
- ក្នុងម្នាក់ | ៤,៥៣៨ ដុល្លារ[៧] |
ជីនី (២០១៩) | ៣៨.២[៨] មធ្យម |
HDI (២០១៩) | ០.៧១៨[៩] ខ្ពស់ · ទី១០៧ |
រូបិយវត្ថុ | រូពីឥណ្ឌូណេស៊ី (IDR) |
ល្វែងម៉ោង | UTC+៧ ទៅ +៩ (មានច្រើនទម្រង់) |
- រដូវក្តៅ (DST) | UTC+៧ ទៅ +៩ |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៦២ |
កូដ ISO 3166 | ID |
ដែនកម្រិតខ្ពស់ | .id |
ប្រទេសឥណ្ឌូណេស៊ី ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥណ្ឌូណេស៊ី (ភាសាឥណ្ឌូណេស៊ី៖ Republik Indonesia) គឺជាប្រទេសមួយស្ថិតនៅប៉ែកខាងត្បូងនៃតំបន់អាស៊ីអាគ្នេយ៍ និងតំបន់មេឡាណេស៊ី ចន្លោះរវាងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក។ ប្រទេសនេះមានកោះសរុបប្រមាណ ១៧,០០០ កោះដោយក្នុងនោះមានកោះសំខាន់ៗដូចជា៖ កោះស៊ូម៉ាត្រា ស៊ូឡាវីស៊ី ជ្វា ផ្នែកមួយនៃកោះបរនេអូ និងនូវែលគីនេ។ ឥណ្ឌូណេស៊ីគឺជាប្រទេសកោះធំជាងគេបង្អស់ តែបើគិតជាទូទៅ វាជាប្រទេសធំបំផុតទី ១៤ នៅលើពិភពលោកដោយមានក្រឡាផ្ទៃសរុបស្មើនឹង ១,៩០៤,៥៦៩ គម២។ ដោយមានប្រជាជនសរុប ២៧០ លាននាក់ ឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតទី ១៤ និងជាប្រទេសមានប្រជាជនកាន់សាសនាឥស្លាមច្រើនបំផុតផងដែរ។ ប្រជាជនឥណ្ឌូណេស៊ីជាងពាក់កណ្តាលមានទីលំនៅលើកោះជ្វា ហើយវាក៏ត្រូវជាកោះដែលមានប្រជាជនរស់នៅច្រើនបំផុតផងដែរបើប្រៀបធៀបទៅនឹងកោះផ្សេងៗនៅលើពិភពលោក។
ប្រវត្ដិសាស្រ្ដ
[កែប្រែ]នៅដើមគ្រិស្ដសតវត្សទី៦ ក្នុងពេលដែលអាណាចក្រហ្វូណនកំពុងធ្លាក់ចុះ រដ្ឋផ្សេងៗ ក្នុងក្រុមកោះឥណ្ឌូនេស៊ីមានការរីកចម្រើនយ៉ាងខ្លាំង អាណាចក្រដែលធំជាងគេគឺ ស្រីវិជ័យ សិង្ហសារីនិងមច្ឆប៉ាហិត តាមលំដាប់។ រដ្ឋទាំង ៣ នេះមានអរិយធម៌បែបហិណ្ឌូ-ជ្វា និងពុទ្ធសាសនាមហាយាន(ស្រីវិជ័យ)។
អាណាចក្រសី្រវិជ័យ
[កែប្រែ]អាណាចក្រស្រីវិជ័យជាមជ្ឈមណ្ឌលផ្លូវសមុទ្រដែលរីកចម្រើនជំនួសអាណាចក្រហ្វូណន(ផ្លូវគោក) តាំងនៅក្នុងក្រុមកោះនិងចូលគ្របដណ្ដប់លើច្រកម៉ាឡាកានិងច្រកស៊ុនដាតំាងពីគ្រិស្ដសតវត្សទី៦ ជាមជ្ឈមណ្ឌលពានិជ្ជកម្មរវាងចិននិងឥណ្ឌា ទីក្រុងកំពង់ផែសំខាន់គឺ ប៉ាឡិមប៉ាំង។
ដោយមានលក្ខណៈភូមិសាស្រ្ដល្អធ្វើឱ្យនគរស្រីវិជ័យមានឥទិ្ធពលខាងពានិជ្ជកម្មនិងនយោបាយលើដែនដីឧបទ្វីបម៉ាឡាយូត្រើយខាងកើត មានមេដឹកនាំដែលរឹងមាំជាអ្នកការទូតដ៏ឆ្លៀវឆ្លាត មានការបញ្ជូនមន្រ្ដីទូតទៅចម្រើនសម្ព័ន្ធមេត្រីជាមួយចិនក្នុងគ្រិស្ដសតវត្សទី៥ និងទី៦ ដើម្បីឱ្យចិនទទួលស្គាល់អំណាច ហើយបានបង្កើតស្ថេរភាពខាងនយោបាយឱ្យដល់អាណាចក្រ សាសនាព្រះពុទ្ធបានចម្រើនរុងរឿងជាខ្លាំង ក្នុងអាណាចក្រនេះ បានបន្សល់ភស្ដុតាងស្ថាបត្យកម្មចេតិយបរមពុទ្ធោនៅភាគកណ្ដាលនៃកោះជ្វា។
អាណាចក្រចាប់ផ្ដើមធ្លាក់ចុះដោយសារចិនធ្វើដំណើរមកធ្វើពានិជ្ជកម្មក្រៅប្រទេសកាន់តែញឹកញាប់។ ចិនប្ដូរទីក្រុងកំពង់ផែពានិជ្ជកម្មថ្មីដូចជាក្នុងកោះស៊ូម៉ាត្រា និងឈូងសមុទ្រថៃ ធ្វើឱ្យសេដ្ឋកិច្ចរបស់ស្រីវិជ័យធ្លាក់ចុះ ថែមទាំងជួបនឹងបញ្ហាពួកចូឡាក់ពីតំបន់ភាគខាងត្បូងរបស់ឥណ្ឌាចូលមករុករាន។ មូលហេតុសំខាន់បំផុតគឺ កើតអាណាចក្រថ្មីដែលមានភាពរឹងមាំទាំងខាងនយោបាយនិងសេដ្ឋកិច្ចឡើងគឺ អាណាចក្រសិង្ហសារី។
អាណាចក្រសិង្ហសារី
[កែប្រែ]ក្នុងខណៈដែលអាណាចក្រស្រីវិជ័យធ្លាក់ចុះ អាណាចក្រមួយទៀតបានរុងរឿង។ អាណាចក្រនេះនៅក្នុងបរិវេណភូមិភាគកណ្ដាលនៃកោះជ្វា គឺអាណាចក្រសិង្ហសារី (គ.ស ១២២២-១២៩២)។ ក្សត្រអង្គសំខាន់គឺ ព្រះចៅកិត្តិព្រហ្ម ព្រះអង្គទ្រង់បានពង្រីកអំណាចនិងឥទ្ធិពលរបស់អាណាចក្រទៅពាសពេញកោះជា្វដោយប្រើអំណាចខាងយោធានិងសាសនារហូតអាចគ្រប់គ្រងច្រកម៉ាឡាកា ហើយអាចឡើងមកកាន់អំណាចជំនួសអាណាចក្រស្រីវិជ័យបាន តែមិនបានយូរណាស់ណាទេ។
ដោយសារការមិនបញ្ជូនគ្រឿងសួយសាអាករទៅឱ្យចិនដូចដែលធ្លាប់ធ្វើក្នុងដំណាក់កាលដំបូង ធ្វើឱ្យក្នុងចុងសម័យនៃអាណាចក្រត្រូវចិន(ម៉ុងកូល)រុករាន ថែមទាំងកើតមានចលនាក្បត់ក្នុងស្រុកទៀត ទើបក្លាយជាមូលហេតុចម្បងដែលធ្វើឱ្យអាណាចក្រសិង្ហសារីត្រូវដួលរលំ។
អាណាចក្រមច្ឆប៉ាហិត
[កែប្រែ]អាណាចក្រចុងក្រោយក្នុងក្រុមកោះឥណ្ឌូនេស៊ីគឺ អាណាចក្រមច្ឆប៉ាហិត(គ.ស ១២៩៣-១៥២០) ចាត់ទុកជាតំណាងនៃអាណាចក្រសិង្ហសារី ក្នុងការបន្ដនយោបាយពង្រីកអាណាខេត្តទៅកោះផ្សេងៗ ក្នុងក្រុមកោះឥណ្ដូនេស៊ី ចូលមកជារដ្ឋតែមួយ។ តួអង្គសំខាន់ក្នុងការធ្វើឱ្យអាណាចក្រមានភាពចម្រើនរុងរឿងមិនមែនជាក្សត្រទេ តែជាឯកអគ្គមហាសេនាបតី គឺគជា មាតា មានស្នាដៃសំខាន់ៗ ដូចជា៖
- ប្រើកម្លាំងទាហានជាឧបករណ៍ក្នុងការបង្កើតចក្រព័ត្ដិ
- រៀបចំប្រព័ន្ធគ្រប់គ្រងខាងក្នុងជារចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពដល់ក្រុមការងារផ្សេងៗ ឱ្យមានប្រសិទ្ធភាព
- មានការរៀបចំឱ្យព្រះបរមវង្សានុវង្សធ្វើការក្នុងតំណែងផ្សេងៗ ជាការកាត់បន្ថយអំណាចនិងបញ្ចប់បញ្ហាការដណ្ដើមរាជ្យសម្បត្ដិដែលកើតមានចំពោះគ្នា។
- ធ្វើជំរឿនប្រជារាស្រ្ដ ដើម្បីរៀបឱ្យមានជាជាន់ថ្នាក់ ងាយស្រួលក្នុងការរៀបចំការងារ
- រៀបចំច្បាប់ដោយកែសម្រួលច្បាប់ជ្វាដើម ផ្សំនឹងគម្ពីរធម្មសាស្រ្ដរបស់ឥណ្ឌា
- បង្កើតសម្ព័ន្ធមេត្រីខាងពានិជ្ជកម្មជាមួយអាណាចក្រជិតខាងដូចជា អយុធ្យា ភូមា ខ្មែរ ចាម្ប៉ា វៀតណាម ចិន ឥណ្ឌា ពែក្ស ធ្វើឱ្យអាណាចក្រមច្ឆប៉ាហិតមានស្ថេរភាពខាងនយោបាយ ធ្វើឱ្យសេដ្ឋកិច្ចរបស់មច្ឆប៉ាហិតមានសភាពល្អប្រសើរជាមជ្ឈមណ្ឌលពានិជ្ជកម្មរវាងលោកខាងលិចនិងលោកខាងកើត ទំនិញសំខាន់គឺ គ្រឿងទេស ក្រណាត់សូត្រ ភ្លុកដំរី សំណប៉ាហាំង ជាដើម។
ពេលគជា មាតា អស់ព្រះជន្ម អាណាចក្រមច្ឆប៉ាហិតក៏ធ្លាក់ចុះអំណាច។ មូលហេតុសំខាន់មួយប្រការទៀតគឺ ការពង្រីកខ្លួនរបស់អាណាចក្រឥស្លាមចូលមកក្នុងក្រុមកោះឥណ្ឌូនេស៊ីខាងកើតឆៀងខាងត្បូង។ រដ្ឋតូចៗ ងាកទៅគោរពសាសនាឥស្លាមកាន់តែច្រើនឡើងដើម្បីភាពងាយស្រួលក្នុងការធ្វើពានិជ្ជកម្មជាមួយជាអារ៉ាប់និងប្រឆាំអាណាចក្រមច្ឆប៉ាហិត។
ពេលអាណាចក្រមច្ឆប៉ាហិតធ្លាក់ចុះអំណាច រដ្ឋនៃកោះផ្សេងៗ ផ្ដើមប្រកាសឯករាជ្យ។ ចាប់ពីពេលនោះមកមិនមានអាណាចក្រណានៅឥណ្ឌូនេស៊ីអាចបង្កើតអាណាចក្រធំបានទៀតឡើយ។ ក្នុងពេលនោះដែរពួកលោកខាងលិចក៏ចាប់ផើ្ដមចូលមកសន្សឹមៗ ផ្លាស់ប្ដូរគ្នាចូលមកសំឡឹងផលប្រយោជន៍ និងពង្រីកអំណាចរបស់ខ្លួនក្នុងដែនដីនេះ។
អាណាចក្រឥស្លាម
[កែប្រែ]ពេលអាណាចក្រហិណ្ឌូចាប់ផ្ដើមធ្លាក់ចុះរវាងឆ្នាំគ.ស ១៥០៧-១៥២០ អាណាចក្រមុស្លីមក៏ចាប់ផ្ដើមរុងរឿងនៅកោះជ្វាភាគកណ្ដាល ស៊ូម៉ាត្រ ស៊ូឡាវីស៊ី កាលីម៉ាន់តាន់ រហូតដល់អ៊ិរៀនខាងលិច ហើយជះឥទ្ធិពលធ្វើឱ្យភាសាម៉ាលេដែលជនជាតិមុស្លីមក្នុងបរិវេណនេះកំពុងប្រើបានផ្សព្វផ្សាយចេញទៅ ហើយក៏ក្លាយជាភាសាប្រចាំជាតិរបស់ឥណ្ឌូនេស៊ីតែម្ដង។
ក្នុងដំណាក់កាលនោះ ក្រុងចាកាតាគ្រាន់តែជាក្រុងកំពង់ផែតូចមួយនៅកោះជ្វា មានឈ្មោះថា ស៊ុនដាខេឡាប៉ា។ ក្រោយមកក្រុងនេះត្រូវបានលោកនាយពលហ្វាម៉ាទីននៃអាណាចក្រដាណឺម៉ាកវាយយកបាន ទើបឱ្យប្ដូរជាឈ្មោះចាកាតា ដែលមានន័យថា ទីកន្លែងនៃជ័យជម្នះ ព្រោះជាជ័យជម្នះលើជនជាតិព័រទុយហ្កាល់។ ក្រោយមកក្នុងឆ្នាំគ.ស ១៦២១ ហូឡង់បានចូលមកវាយដណ្ដើមគ្រប់គ្រងឥណ្ឌូនេស៊ី ហើយបានប្ដូរឈ្មោះទីក្រុងនេះទៅជា ប៉ាត់តាវៀ។ នៅសម័យធ្លាក់ជាអាណានិគមរបស់ហូឡង់ ហូឡង់បានបង្កើតក្រុមហ៊ុន United Dutch East India Company ក្នុងឆ្នាំគ.ស ១៦០២ ដើម្បីធ្វើពានិជ្ជកម្មនៅលើកោះឥណ្ឌូនេស៊ីខាងកើត ក្រៅពីការធ្វើពានិជ្ជកម្មក្រុមហ៊ុននេះនៅបានដើរតួនាទីស្វែងរកអាណានិគមឱ្យដល់ហូឡង់ទៀតផង។ នៅទីបំផុតហូឡង់បានធ្វើការវាយលុកគ្រប់គ្រងឥណ្ឌូនេស៊ីក្នុងឆ្នាំគ.ស ១៦២១ ហើយបានពង្រីកការគ្រប់គ្រងទៅទូទាំងប្រទេស ធ្វើឱ្យឥណ្ឌូនេស៊ីធ្លាក់នៅក្រោយអាណានិគមរបស់ហូឡង់នៅទីបំផុត។
ការធ្វើសង្គ្រាមប្រឆាំងនឹងហូឡង់បានចាប់ផ្ដើមឡើងក្នុងឆ្នាំគ.ស ១៦៦៦ ដោយស៊ុលតង់ហនុឌិននៃរដ្ឋកុឡា តែត្រូវទទួលបរាជ័យហើយត្រូវចុះសន្ធិសញ្ញាចាញ់សង្គ្រាមក្នុងឆ្នាំគ.ស ១៧៦៧ ។ ក្នុងចន្លោះឆ្នាំគ.ស ១៦៩០-១៨២៤ ក្រុមហ៊ុនបានបញ្ចូលទាហានចូលមកគ្រប់គ្រងម៉ូលុកាស ដើម្បីចូលគ្រប់គ្រងពានិជ្ជកម្មគ្រឿងទេស។ ក្នុងកំឡុងពេលតំណាលគ្នាក៏មានវត្ដមានជនជាតិអង់គ្លេសមកតាំងមូលដ្ឋាននៅក្រុងបេវគូលេននៅត្រើយខាងលិចនៃកោះស៊ូម៉ាត្រា ហើយមានការសាងសង់ប៉មនិងបនា្ទយឡើង ក្នុងដំណាក់កាលនេះ ជនជាតិអង់គ្លេស នៅមិនទាន់មានសកម្មភាពអ្វីធំដុំទេ។
ក្នុងឆ្នាំគ.ស ១៧៤០ ជនជាតិចិនដែលរបស់នៅក្នុងក្រុងចាកាតាបានធ្វើការប្រឆាំងនឹងជនជាតិដាណឺម៉ាក ដោយសារការមិនពេញចិត្តដែលត្រូវគេគេងចំណេញទាំងក្នុងផ្នែកសេដ្ឋកិច្ច និងក្នុងផ្នែកផ្សេងៗ។ ជនជាតិឥណ្ឌូនេស៊ីបានចូលរួមក្នុងការប្រឆាំនេះដែរ តែត្រូវបរាជ័យជាហេតុធ្វើឱ្យជនជាតិចិនត្រូវជនជាតិដាណឺម៉ាកកាប់សម្លាប់អស់ជាង ១០០០០នាក់។
ការចូលគ្រប់គ្រងរបស់អង់គ្លេសក្នុងចន្លោះរជ្ជសម័យរបស់ណាប៉ូលេអុង បារាំងបានចូលគ្រប់គ្រងហូឡង់ ទើបក្រុមហ៊ុន British East Company បានចូលគ្រប់គ្រងឥណ្ឌូនេស៊ីជំនួស(គស ១៨១៥-១៨១៦)។ ពេលណាប៉ូលេអុងអស់អំណាចក្នុងឆ្នាំគ.ស ១៨១៥ ឥណ្ឌូនេស៊ីក៏ធ្លាក់ក្រោមអាណានិគមរបស់ហូឡង់ម្ដងទៀត។ ការគ្រប់គ្រងរបស់ហូឡង់ ចាប់តាំងពីឥណ្ឌូនេស៊ីធ្លាក់ក្រោមការគ្រប់គ្រងរបស់ហូឡង់ ជនជាតិឥណ្ឌូនេស៊ីបានក្រោកឡើងប្រឆាំងហូឡង់ជាច្រើនដង តែមិនអាចទទួលជ័យជម្នះ។ ចលនាដើម្បីទាមទារឯករាជ្យ បានមានការចាត់តាំងសមាគម Budi Utom(ការតស៊ូដ៏អង់អាច) ឡើងក្នុងឆ្នាំគ.ស ១៩០៨ បានរួមគ្នាបង្កើតបក្សនយោបាយឡើងជាច្រើនបក្ស ដើម្បីតស៊ូទាមទារឯករាជ្យ ពីហូឡង់។ ឆ្នាំគ.ស ១៩២៤ ក្រុមអ្នកសិក្សាបានបង្កើតសមាគមអ្នកសិក្សាឥណ្ឌូនេស៊ី ដោយមានលោកដុកទ័រមហាម៉ាត់ អាត់តាជាមេដឹកនាំ។ ក្រោយមកក្នុងឆ្នាំ១៩២៧ លោកដុកទ័រមហាម៉ាត់ អាត់តាបានបង្កើតអង្គការសហព័ន្ធ ដោយរួបរួមបក្សនយោបាយឥណ្ឌូនេស៊ីទាំងអស់ចូលគ្នា។ ក្នុងឆ្នាំដែល លោកដុកទ័រស៊ូកាណូ និងថ្នាក់ដឹកនាំមួយក្រុមទៀតបានរួមគ្នាបង្កើតបក្សជាតិនិយមឥណ្ឌូនេស៊ីឡើង ហើយប្រើភាសាបាហាសាឥណ្ឌូនេស៊ីជាផ្លូវការសម្រាប់ទាក់ទងការងារ គាំទ្រនយោបាយណាដែលមិនផ្ដល់កិច្ចសហប្រតិបត្ដិការជាមួយថ្នាក់ដឹកនាំហូឡង់។ ចលនានេះបានទទួលការគាំទ្រយ៉ាងទូលំទូលាយពីសំណាក់យុវជន ហើយបង្កើតជាអង្គការយុវជនឡើងនៅតាមតំបន់ផ្សេងៗ ។ ក្នុងសម័យការគ្រប់គ្រងរបស់ជប៉ុន ក្នុងរវាងសង្គ្រាមមហាអាស៊ីបូព៌ា កងទ័ពជប៉ុនបានចូលគ្រប់គ្រងឥណ្ឌូនេស៊ី ចន្លោះឆ្នាំគ.ស ១៩៤១-១៩៤៤ កងទ័ពជប៉ុនព្យាយាមយកចិត្ដឥណ្ឌូនេស៊ី ដោយការដោះលែងមេដឹកនាំនយោបាយដែលត្រូវខាងហូឡង់ចាប់ដាក់គុក ការប្រកាសឯករាជ្យពេលជប៉ុនចាញ់សង្គ្រាមក្នងឆ្នាំ ១៩៤៥ ជប៉ុនបានបើកឱកាសឱ្យជនជាតិឥណ្ឌូនេស៊ីក្រោមការដឹកនាំរបស់ លោកដុកទ័រស៊ូកាណូ និងលោកដុកទ័មហាម៉ាត់ អាត់តា ប្រកាសឯករាជ្យភាពរបស់ឥណ្ឌូនេស៊ី នៅឆ្នាំ១៩៤៥។
ឥណ្ឌូនេស៊ី ប្រកបដោយក្រុមកោះដែលមានភាពចម្រើនរុងរឿងមកជាយូរហើយ តែក្រោយមកត្រូវធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ហូឡង់ប្រមាណ៣០១ឆ្នាំ។ នៅខែមករា គ.ស ១៩៤២ ដែលជាកំឡុងពេលនៃសង្គ្រាមលោកលើកទី២ ជប៉ុនបានវាយយកឥណ្ឌូនេស៊ី ហើយបណ្ដេញពួកហូឡង់ម្ចាស់អាណានិគមលើឥណ្ឌូនេស៊ីបានជោគជ័យ ទើបធ្វើឱ្យអ្នកដឹងនាំឥណ្ឌូនេស៊ីសំខាន់ៗ នៅសម័យនោះផ្ដល់ការសហការជាមួយជប៉ុន តែមិនបានផ្ដល់ទំនុកចិត្ដលើជប៉ុនណាស់ណាទេ ព្រោះមានហេតុផលមិនគួរជាទីទុកចិត្ដគឺពេលអ្នកស្នេហាជាតិឥណ្ឌូនេស៊ីរៀបចំផែនការផ្សេងៗ ជប៉ុនតែងសុំចូលរួមគ្រប់គ្រងនិងប្រតិបត្តិការជាមួយ។
ពេលជប៉ុនចាញ់សង្គ្រាម ហើយប្រកាសព្រមចាញ់បក្សសម្ព័ន្ធមិត្ត ឥណ្ឌូនេស៊ីបានឆ្លៀតឱកាសប្រកាសឯករាជ្យក្នុងឆ្នាំគ.ស ១៩៤៥ តែហូឡង់ម្ចាស់អាណានិគមដើមមិនព្រមទទួលស្គាល់ការប្រកាសឯករាជ្យរបស់ឥណ្ឌូនេស៊ី ទើបលើកកងទ័ពចូលមកបង្ក្រាប។ លទ្ធផលនៃការប្រយុទ្ធបានឱ្យឃើញថា ហូឡង់មិនអាចបង្ក្រាបកងទ័ពឥណ្ឌូនេស៊ីបានទេ។ ក្រោយមកអង់គ្លេសដែលជាសម្ព័ន្ធមិត្ដរបស់ហូឡង់បានចូលមកជួយសម្របសម្រួលដើម្បីបញ្ចប់ទំនាស់ ដោយឱ្យភាគីទាំងសងខាងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលិងកាត់យ៉ាទិ(Linggadjati Agreement) នៅឆ្នាំគ.ស ១៩៤៦ ដោយហូឡង់ព្រមទទួលស្គាល់អំណាចរដ្ឋាភិបាលរបស់ឥណ្ឌូនេស៊ីនៅកោះជ្វា និងកោះស៊ូម៉ាត្រា។ ក្រោយមកហូឡង់បានល្មើសលើកកិច្ចព្រមព្រៀង នាំទាហានចូលវាយលុកឥណ្ឌូនេស៊ី ធ្វើឱ្យប្រទេសផ្សេងៗ ដូចជា អូស្ដ្រាលី និងឥណ្ឌាបានប្ដឹងទៅក្រុមមន្រ្តីស្ថេរភាពរបស់អង្គការសហប្រជាជាតិឱ្យចូលមកដោះស្រាយ។ អង្គការសហប្រជាជាតិបានចូលមកដោះស្រាយបញ្ហា ដោយបង្កើតគណៈកម្មការ រួមមានអូស្ដ្រាលី ប៊ែលហ្សិក និងអាមេរិកដើម្បីធ្វើជាអ្នកសម្របសម្រួលហើយបានអំពាវនាវឱ្យបញ្ចប់ការវិវាទ តែហូឡង់បានចូលចាប់ខ្លួនមេដឹកនាំរបស់ឥណ្ឌូនេស៊ីគឺ ស៊ូកាណូ និងអាត់តាទៅដាក់គុក។
ក្រោយមកទាហានឥណ្ឌូនេស៊ីអាចជួយសង្គ្រោះមេដឹកនាំទាំងពីរនាក់ចេញមកបាន។ ក្នុងដំណាក់កាលនេះ គ្រប់ប្រទេសលើសកលលោកនំាគ្នារិះគន់ទង្វើរបស់ហូឡង់យ៉ាងខ្លាំង ហើយគណៈមន្រ្ដីស្ថេរភាពបានដាក់គំនាបឱ្យហូឡង់ប្រគល់ឯករាជ្យដល់ឥណ្ឌូនេស៊ី នៅថ្ងៃទី២៧ ធ្នូ ១៩៤៩។ ឥណ្ឌូនេស៊ីបានទទួលឯករាជ្យ តែបញ្ហាស្មុគស្មាញនៅមាន ដោយសារហូឡង់មិនព្រមឱ្យបង្រួបបង្រួមដែនដីអ៊ិរៀនខាងលិចចូលជាមួយឥណ្ឌូនេស៊ី ទើបភាគីទាំងពីរត្រៀមខ្លួនប្រយុទ្ធគ្នាទៀត។ លទ្ធផលចុងក្រោយ ហូឡង់ក៏ព្រមប្រគល់អំណាចឱ្យអង្គការសហប្រជាជាតិជាអ្នកគ្រប់គ្រងតំបន់អ៊ិរៀនខាងលិច ហើយឱ្យជនជាតិអ៊ិរៀនខាងលិចសម្ដែងប្រជាមតិ ថាត្រូវចូលរួមជាមួយឥណ្ឌូនេស៊ីឬអត់។ លទ្ធផលនៃការធ្វើប្រជាមតិបង្ហាញថា ជនជាតិអ៊ិរៀនខាងលិចភាគច្រើនត្រូវការចូលរួមជាមួយឥណ្ឌូនេស៊ី ទើបអង្គការសហប្រជាជាតិ ដាក់អ៊ិរៀនខាងលិចឱ្យនៅក្រោមការគ្រប់គ្រងរបស់ឥណ្ឌូនេស៊ី នៅខែឧសភា ឆ្នាំ ១៩៦៣ ។
នយោបាយ
[កែប្រែ]នយោបាយនិងការគ្រប់គ្រង
[កែប្រែ]តំបន់ដែលជាប្រទេសឥណ្ឌូនេស៊ីបច្ចុប្បន្ន ជាអាណាខេត្ដដែលកំណត់ទុក កាលពីឆ្នាំ ១៩១០ ។ កាលពីមុននោះដែនដីរបស់ឥណ្ឌូនេស៊ីខុសពីលក្ខណៈដូចបច្ចុប្បន្ន។ មុនសង្គ្រាមមហាអាស៊ីបូព៌ា ឥណ្ឌូនេស៊ីត្រូវគេស្គាល់ក្នុងនាមជាក្រុមកោះឥណ្ឌាខាងកើតរបស់ហូឡង់ ប្រកបដោយកោះផ្សេងៗ ប្រមាណ ១៣៦៧៧កោះ។ កោះដែលសំខាន់គឺ កោះជ្វា កោះស៊ូម៉ាត្រា កោះស៊ូឡាវីស៊ីឬកោះសេលេបេស មួយផ្នែកនៃកោះកាលីម៉ាន់តាន់ឬកោះបូនេអូ និងផ្នែកមួយនៃកោះអ៊ិរៀនជយា។
ជនជាតិដាណឺម៉ាកចាប់ផ្ដើមចូលមកប្រម៉ាញ់អាណានិគម លើក្រុមកោះខាងលើតាំងពីឆ្នាំគ.ស ១៦០២ ហើយចាប់ពីពេលនោះមកឥណ្ឌូនេស៊ីក៏ធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ហូឡង់ ក្នុងរយៈពេលប្រមាណជាបីសតវត្ស រហូតដល់ឆ្នាំគ.ស ១៩៤២ ចន្លោះសង្គ្រាមមហាអាស៊ីបូព៌ា ជប៉ុនបានចូលមកគ្រប់គ្រងក្រុមកោះឥណ្ឌូនេស៊ីខាងកើត។
ក្រោយពេលដែលសង្គ្រាមមហាអាស៊ីបូព៌ារលត់ ហូឡង់បានបញ្ជូនកម្លាំងទ័ពមកឥណ្ឌូនេស៊ីម្ដងទៀត ដោយបានទទួលការគាំទ្រពីកងទ័ពអង់គ្លេស ដែលចូលមកគ្រប់គ្រងឥណ្ឌូនេស៊ី។ ក្រោយពេលដេញជប៉ុនចេញពីប្រទេស ឥណ្ឌូនេស៊ីបានប្រកាសឯករាជ្យ ព្រមទាំងប្រកាសរដ្ឋធម្មនុញ្ញ ច្បាប់ឆ្នាំគ.ស ១៩៤៥ និងប្រកាសមូលដ្ឋានបញ្ចសីល។ លោកដុកទ័រស៊ូកាណូបានទទួលការជ្រើសរើសជាប្រធានាធិបតី ដែលបានធ្វើការតស៊ូដើម្បីឯករាជ្យ ប្ដូរដោយឈាមសាច់ស្រស់ និងអាយុជីវិតរបស់ជនជាតិឥណ្ឌូនេស៊ីរាប់សែននាក់។ នៅទីបំផុតឥណ្ឌូនេស៊ីក៏ទទួលបានឯករាជ្យពេញលេញក្នុងឆ្នាំ ១៩៤៩ ។
រដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៥ កំណត់ឱ្យឥណ្ឌូនេស៊ី មានប្រព័ន្ធគ្រប់គ្រងក្នុងទម្រង់តែមួយ មានរបបគ្រប់គ្រងជាលក្ខណៈរួមទូទាំងប្រទេស (United Structure) មានប្រធានាធិបតីជាប្រមុខនិងមេដឹកនាំរដ្ឋាភិបាល។ ពេលដាណឺម៉ាកប្រគល់អំណាចអធិបតេយ្យឱ្យឥណ្ឌូនេស៊ី ក្នុងឆ្នាំ ១៩៥០ ឥណ្ឌូនេស៊ីក៏មានរដ្ឋធម្មនុញ្ញច្បាប់ទី២ កំណត់ឱ្យឥណ្ឌូនេស៊ីមានការគ្រប់គ្រងបែបសាធារណរដ្ឋ (Federation) ហៅឈ្មោះប្រទេសថា សហរដ្ឋឥណ្ឌូនេស៊ី (United states of Indonesia)។
ក្រោយមកក្នុងឆ្នាំ១៩៥០ ឥណ្ឌូនេស៊ីបាននាំយករដ្ឋធម្មនុញ្ញច្បាប់ទី៣ មកប្រើក្នុងការគ្រប់គ្រងប្រទេស កំណត់ឱ្យឥណ្ឌូនេស៊ីត្រឡប់ទៅមានរបបគ្រប់គ្រងបែបរួមទូទាំងប្រទេសដូចរដ្ឋធម្មនុញ្ញច្បាប់ដំបូង។ ក្រោយមកក្នុងឆ្នាំគ.ស ១៩៥៩ ប្រធានាធិបតីឥណ្ឌូនេស៊ីក៏បានប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញច្បាប់ឆ្នាំ ១៩៤៥ ជាថ្មី។
នយោបាយប្រជាជន
[កែប្រែ]នយោបាយប្រជាជនជាផ្នែកមួយនៃចរន្ដប្រជាសង្គម (Civil society)។ បើនិយាយពីនយោបាយប្រជាជននៅឥណ្ឌូនេស៊ីក្នុងយុគសម័យបច្ចុប្បន្ន ចាំបាច់ត្រូវឈានទៅឱ្យដល់ស្ថានការណ៍ទូទៅក្នុងសម័យនៃអតីតប្រធានាធិបតីស៊ូហារតូថាបានបើកឱកាសឱ្យប្រជាជនបានចូលរួមក្នុងកិច្ចការនយោបាយដល់កម្រិតណា។ លោកប្រធានាធិបតីស៊ូហារតូ គ្រប់គ្រងប្រទេសតាំងពីថ្ងៃទី ១១ មីនា ១៩៦៦ ដោយប្រើច្បាប់ទាហានមកគ្រប់គ្រងប្រទេស មានការរឹតត្បិតចំពោះអ្នកសិក្សា បញ្ញាជន សិល្បករ ប្រព័ន្ធផ្សព្វផ្សាយ ក្រុមជនជាតិចិននិងក្រុមមុស្លីមផ្សេងៗ ធ្វើឱ្យ “របៀបថ្មី”ក្លាយជាមូលដ្ឋានសំខាន់ក្នុងប្រព័ន្ធនយោបាយរបស់ឥណ្ឌូនេស៊ីតាមតម្រូវការ ធ្វើឱ្យកើតមានអំណាចផ្ដាច់ការនៅឥណ្ឌូនេស៊ី អស់រយៈពេល៣២ឆ្នាំ គឺចាប់ពីឆ្នាំគ.ស ១៩៦៦-១៩៩៨។
ការរួបរួមបក្សនយោបាយជានយោបាយសំខាន់ដែលស៊ូហារតូប្រើដើម្បីកាត់បន្ថយបក្សនយោបាយផ្សេងៗ ដោយផ្ដល់ហេតុផលថា ប្រទេសដែលមានភាពចម្រុះខាងជនជាតិ សាសនានិងវប្បធម៌នោះ បើមានបក្សនយោបាយច្រើន ជាការមិនសមស្របក្នុងការបង្កើតស្ថេរភាពខាងនយោបាយនិងសេដ្ឋកិច្ច។
មុនដំបូងក្នុងឆ្នាំគ.ស ១៩៧០ រដ្ឋាភិបាលប្រកាសឱ្យមានការរួបរួមគ្នានៅសល់ត្រឹម ៣ ក្រុមធំៗ ដូចជា៖ ១. ក្រុមកណ្ដាលនិងជាក្រុមផ្លូវលោកហៅថា ក្រុមប្រតិបត្តិការឬក្រុមកូលកា(Golongan Karya-GOLKAR) ២. ក្រុមចិត្តវិទ្យា ដែលរួបរួមបក្សមុស្លីមទាំងអស់បញ្ចូលគ្នា ៣. ក្រុមអ្នកជាតិនិយម ដែលរួបរួមបក្សនយោបាយដែលនៅសល់បញ្ចូលគ្នា
ក្នុងពេលដែលធ្វើការកាត់បន្ថយអំណាចបក្សនយោបាយនោះ ស៊ូហារតូបាននាំយកទ្រឹស្ដី “ប្រជាជនហេលហាល” មកប្រើព្រមៗ គ្នាដែរ គឺបែបចែកប្រជាជនចេញពីកិច្ចការរបស់បក្សនយោបាយ។ ប្រជាជនទូទៅអាចចូលរួមនយោបាយបានតែក្នុងពេលបោះឆ្នោតសកល រៀងរាល់ប្រាំឆ្នាំម្ដងប៉ុណ្ណោះ ដែលស្មើនឹងការផ្ដាច់ប្រជាជនចេញពីនយោបាយនោះឯង។ សភាពសេដ្ឋកិច្ចនិងនយោបាយឥណ្ឌូនេស៊ីក្នុងសម័យនោះផ្ដល់ប្រយោជន៍តែចំពោះពួកថ្នាក់ដឹកនាំ និងក្រុមនាយទុនតែប៉ុណ្ណោះ។ ប្រជាជនភាគច្រើនមិនមានការងារធ្វើ ហើយក្រីក្រណាស់។ ការរិះគន់ផ្សេងៗ ដែលទាក់ទិននឹងភាពក្រីក្រឬវិសមភាពសេដ្ឋកិច្ច និងបញ្ហាណាក៏ដោយ ដែលអាចនាំទៅរកអស្ថេរភាពក្នុងប្រទេស ត្រូវបានរឹតត្បិតយ៉ាងតឹងរ៉ឹងពីរដ្ឋាភិបាល ជាពិសេសបំផុតនោះគឺប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ត្រូវបានគ្រប់គ្រង និងជ្រៀតជ្រែកកិច្ចការពីសំណាក់ក្រុមការងារស្ថេរភាពរបស់រដ្ឋគ្រប់ពេលវេលា ទាំងស្ថានីយ៍វិទ្យុផ្សាយសំឡេង ស្ថានីយ៍ទូរទស្សន៍ និងការសែតផ្សេងៗ របស់រដ្ឋនិងឯកជន។ បើប្រព័ន្ធផ្សព្វផ្សាយទាំងនោះចង់ផ្សាយព័ត៌មានឬព្រឹត្ដិការណ៍ផ្សេងៗ ត្រូវឆ្លងកាត់ការត្រូតពិនិត្យនិងការអនុញ្ញាតិជាផ្លូវការពីរដ្ឋជាមុន បើចចេសនឹងត្រូវទទួលទោសដោយគ្មានការលើកលែងទាំងអស់។
'===ប្រព័ន្ធនយោបាយ===
'====រចនាសម្ព័ន្ធការគ្រប់គ្រងរបស់ឥណ្ឌូនេស៊ី====
១. ថ្នាក់ជាតិ
-រដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៥
-សភាទីប្រឹក្សាប្រជាជន --- សភាតំណាងរាស្ដ្រ + សភាតំណាងភូមិភាគ
-ប្រធានាធិបតី
-គណៈរដ្ឋមន្ដ្រី
-សភាតំណារាស្ដ្រ
-សង្កាត់បក្សនយោបាយ
-បានមកពីការបោះឆ្នោត
-សភាតំណាងភូមិភាគ
-សាលាកំពូល
-សាលរដ្ឋធម្មនុញ្ញ
-អង្គការឯករាជ្យ
-គណៈកម្មការសិទ្ធិមនុស្ស
-គណៈកម្មការត្រួតពិនិត្យកិច្ចការផែនដី
-គណៈកម្មការត្រួតពិនិត្យទ្រព្យសម្បត្ដិមន្រ្ដីក្នុងតំណែងនយោបាយ
-គណៈកម្មការជាតិប្រឆំាងអំពើពុករលួយ
-គណៈកម្មការជាតិរៀបចំការបោះឆ្នោត
'២. ផ្នែកភូមិភាគ
-អភិបាលខេត្ដ
-ការគ្រប់គ្រងថ្នាក់ខេត្ត
-អភិបាលស្រុក
-មេឃុំ(មន្ដ្រីរដ្ឋការ)
-មេភូមិ(មន្រ្ដីរដ្ឋការ)
-មេភូមិ(បានមកពីការបោះឆ្នោត)
-ចំពោះក្នុងក្រុង
-ចំពោះក្នុងជនបទ
-សភាតំណាងរាស្ដ្រថ្នាក់តំបន់១
-សភាតំណាងរាស្ដ្រថ្នាក់តំបន់២
-បានមកពីការបោះឆ្នោត
ឥណ្ឌូនេស៊ីមានការគ្រប់គ្រងបែបរដ្ឋតែមួយដែលមានបាវចនាថា “ឯកភាពក្នុងពហុភាព” ដែលប្រើសម្រាប់ដាស់តឿនស្មារតីជនជាតិឥណ្ឌូនេស៊ីឱ្យចេះសាមគ្គីគ្នា ដែលជាការគ្រប់គ្រងដោយរបបសាធារណរដ្ឋ មានប្រធានាធិបតីជាប្រមុខ និងជាមេដឹកនាំខាងនីតិប្រតិបត្ដិ មានមូលដ្ឋានបញ្ចសីល ជាមូលដ្ឋានក្នុងការគ្រប់គ្រងប្រទេស ហើយប្រកបដោយ ៧ អង្គការ ដូចជា៖ ១. សភាទីប្រឹក្សាប្រជាជន ប្រកបដោយសមាជិកសភាតំណាងរាស្ដ្រ ៥៥០រូប និងសភាតំណាងភូមិភាគ ១២៨ រូប ទាំងអស់នោះបានមកពីការបោះឆ្នោត។ សភាទីប្រឹក្សាប្រជាជនមានតួនាទីសំខាន់ ៣ ប្រការគឺ កែប្រែរដ្ឋធម្មនុញ្ញ តែងតាំងប្រធានាធិបតី អនុប្រធានាធិបតី និងដកតំណែងប្រធានាធិបតី។ ២. សភាតំណាងរាស្ដ្រ ប្រកបដោយសមាជិកចំនួន ៥៥០រូប បានមកពីការបោះឆ្នោត មានតួនាទីសំខាន់ក្នុងការចេញច្បាប់ អនុម័តថវិកាជាតិ និងត្រួតពិនិត្យមើលការធ្វើការងាររបស់រដ្ឋាភិបាល មានអាណត្ដិ ៥ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ ការពិនិត្យសេចក្ដីព្រាងច្បាប់នីមួយៗ ត្រូវមានការប្រឹក្សា និងមានឯកភាពគ្នារវាងសមាជិកសភាតំណាងរាស្រ្ដ ជាមួយប្រធានាធិបតី។ សេចក្ដីព្រាងច្បាប់ណាដែលមិនបានទទួលការយល់ព្រមពីប្រធានាធិបតី នឹងមិនអាចនាំយកមកពិចារណាជាថ្មីទៀតបានឡើយ។
ដូចគ្នាដែរសេចក្ដីព្រាងច្បាប់ដែលបានទទួលការយល់ព្រមរួមពីប្រធានាធិបតី និងឆ្លងកាត់ការបោះឆ្នោតពីសមាជិកសភាតំណាងរាស្ដ្រហើយ តែប្រធានាធិបតីមិនចុះហត្ថលេខដោយហេតុផលណាក៏ដោយ ក្នុងរយៈពេល ៣០ថ្ងៃ ត្រូវចាត់ទុកថាជាផលបង្គាប់ឱ្យប្រើច្បាប់បានដោយបរិបូរណ៍។
ទាំងអស់នេះសមាជិកសភាតំណាងរាស្ដ្រមិនមានអំណាចក្នុងការសុំបើកសេចក្ដីអភិប្រាយការមិនទុកចិត្ដប្រធានាធិបតីឬអនុប្រធានាធិបតី។ ការដកតំណែងប្រធានាធិបតីឬអនុប្រធានាធិបតី ត្រូវធ្វើតាមតំណាក់ការនៃរដ្ឋធម្មនុញ្ញ គឺសមាជិកសភាតំណាងរាស្រ្ដត្រូវប្រើសំឡេង២ភាគ៣នៃអ្នករួមប្រជុំ(មានចំនួនមិនតិចជាង២ភាគ៣នៃចំនួនសមាជិកសភាតំណាងរាស្ដ្រទាំងអស់) ស្នើរបៀបវារៈការដកតំណែងជូនទៅសាលារដ្ឋធម្មនុញ្ញពិចារណា ហើយបើសាលារដ្ឋធម្មនុញ្ញពិចារណាយល់ព្រមតាមសេចក្ដីស្នើ ទើបសភាតំណាងរាស្ដ្រអាចស្នើឱ្យសភាទីប្រឹក្សាប្រជាជនពិចារណាបន្ដទៀត(អំណាចចុងក្រោយនៃការដកតំណែងប្រធានាធិបតីស្ថិតនៅលើសភាទីប្រឹក្សាប្រជាជន)។
៣. សភាតំណាងភូមិភាគ ជាស្ថាប័នថ្មីដែលមានការបោះឆ្នោតលើកដំបូងកាលពីថ្ងៃទី៥ មេសា ១៩៩៤ ដើម្បីជំនួសអ្នកតំណាងភូមិភាគនិងអង្គការសង្គម ក្រុមអាជីពដែលធ្លាប់មានពីដើម(បានមកពីការបោះឆ្នោត)។
សមាជិកសភាតំណាងភូមិភាគបានមកពីការបោះឆ្នោតជ្រើសរើសមួយខេត្ដ ៤ រូប សរុបទាំងអស់ ១២៨ រូប មានតួនាទីស្នើសេចក្ដីព្រាងច្បាប់រួមទាំងការត្រួតពិនិត្យការចំណាយថវិការបស់រដ្ឋ។
៤. សភាប្រជាជនប្រចាំតំបន់ តាមបទបញ្ញត្ដិក្នុងការកែប្រែរដ្ឋធម្មនុញ្ញឆ្នាំគ.ស ១៩០០ កំណត់ឱ្យបែងចែកលំដាប់ការគ្រប់គ្រងភូមិភាគចេញជា ខេត្ដ ស្រុក (Regency)និងឃុំ(Kota) ដោយរៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសសមាជិកសភាប្រជាជនប្រចាំតំបន់ក្នុងគ្រប់កម្រិត(ព្រមជាមួយការបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្រ្ដនិងសមាជិកសភាតំណាងភូមិភាគ)។
៥. ប្រធានាធិបតីបានមកពីការបោះឆ្នោតដោយផ្ទាល់ តាមច្បាប់រដ្ឋធម្មនុញ្ញកំណត់ឱ្យប្រធានាធិបតីជាថ្នាក់ដឹកនាំរដ្ឋាភិបាលនិងជាមេបញ្ជាការកងទ័ពដោយប្រធានាធិបតីអាចកាន់តំណែងជាប់គ្នាមិនលើសពី ២ អាណត្ដិ(មួយអាណត្ដី ៥ឆ្នាំ)។
៦. សាលាស្ថិតិយុត្ដិធម៌ រដ្ឋធម្មនុញ្ញកំណត់ឱ្យអំណាចតុលាការនៅក្រោមការឃ្លាំមើលរបស់សាលាដីកានិងសាលាកម្រិតបន្ដបន្ទាប់ រួមទាំងសាលារដ្ឋធម្មនុញ្ញ ក្នុងការតែងតាំងទីប្រឹក្សាសាលាដីកា និងគណៈកម្មាធិការតុលាការ(Judicial Commission) ជាអ្នកស្នើឈ្មោះឱ្យសភាតំណាងរាស្ដ្រទទួលស្គាល់ បន្ទាប់មកទើបស្នើបន្ដឱ្យប្រធានាធិបតី ដោយមានការយល់ព្រមពីសភាតំណាងរាស្ដ្រ។
៧. គណៈកម្មការកំពូលត្រួតពិនិត្យថវិកាជាតិ មានតួនាទីផ្ដល់របាយការណ៍ការប្រើប្រាស់ថវិកាជាតិជូនសភាតំណាងរាស្រ្ដ សភាតំណាងភូមិភាគ និងសភាប្រជាជនថ្នាក់តំបន់។ សមាជិកគណៈកម្មការកំពូលត្រូតពិនិត្យថវិកាជាតិជ្រើសតាំងដោយសភាតំណាងរាស្ដ្រដោយទទួលស្ដាប់យោបល់របស់សភាតំណាងភូមិភាគ និងតែងតាំងដោយប្រធានាធិបតី។
បំណែងចែករដ្ឋបាល
[កែប្រែ]ឥណ្ឌូនេស៊ីមានការបែងចែកតំបន់គ្រប់គ្រងជា ៣០ ខេត្ដ ២ តំបន់គ្រប់គ្រងពិសេស និង ១ តំបន់រដ្ឋធានីពិសេស ដោយមានរដ្ឋធានីឬក្រុងសំខាន់នៃខេត្ដនីមួយៗ ដូចខាងក្រោម
កោះស៊ូម៉ាត្រា
តំបន់គ្របគ្រងពិសេសអាជេ-បាន់ដាអាជេ
ខេត្តស៊ូម៉ាត្រាខាងជើង-មេដាន
ខេត្ដស៊ូម៉ាត្រាខាងត្បូង-ប៉ាឡេមបាំង
ខេត្ដស៊ូម៉ាត្រខាងលិច-ប៉ាដាំង
ខេត្តរៀវ-ប៉ឺកាន់បារូ
ក្រុមកោះរៀវ-តាន់ជុងពីណាំង
ខេត្ដចំាប៊ី-ចាំប៊ី
ក្រុមកោះបាំកាបេលីតុង-បាំងកាល់ពីណាំង
ខេត្ដបេងគូលូ-បេងគូលូ
ខេត្ដឡាំពុង-បាន់ដាឡាំពុង
កោះជ្វា
តំបន់រដ្ឋធានីពិសេសចាកាតា
ខេត្ដជ្វាកណ្ដាល-សេម៉ារ៉ាំង
ខេត្ដជ្វាខាងកើត-បាន់ឌុង
ខេត្ដជ្វាខាងលិច-ស៊ូរ៉ាបាយ៉ា
ខេត្តបាន់តេន-សេរ៉ាំង
តំបន់គ្រប់គ្រងពិសេសយ៉ក់យ៉ាកាតា
កោះបូនេអូ
ខេត្ដកាលីម៉ាន់តាន់កណ្ដាល-ប៉ាឡាំងការ៉ាយ៉ា
ខេត្ដកាលីម៉ាន់តាន់ខាងត្បូង-បាន់ចាម៉ាស៊ិន
ខេត្ដកាលីប៉ាន់តាន់ខាងកើត-សាម៉ារិនដា
ខេត្ដកាលីម៉ាន់តាន់ខាងលិច-ប៉ុនទីអាណាក់
កោះស៊ូឡាវីស៊ី
ខេត្ដកូរ៉ន់តាឡូ-កូរ៉ន់តាឡូ
ខេត្ដស៊ូឡាវីស៊ីខាងជើង-ម៉ាណាដូ
ខេត្ដស៊ូឡាវីស៊ីកណ្ដាល-ប៉ាលូ
ខេត្ដស៊ូឡាវីស៊ីខាងត្បូង-ម៉ាកាស់សា
ខេត្ដស៊ូឡាវីស៊ីខាងកើតឆៀងខាងត្បូង-កឺនដារី
ខេត្ដស៊ូឡាវីស៊ីខាងលិច-ម៉ាមូជូ
កោះញូគីនេ
ខេត្ដប៉ាពូ-ចាយ៉ាពុរ៉ាក់
ខេត្ដប៉ាពួខាងលិច-ម៉ានក្វារី
ក្រុមកោះស៊ុនដាណយ
ខេត្ដបាលី-ដេនប៉ាសា
ខេត្ដស៊ូសាតេងការ៉ាខាងកើត-ឃូប៉ាំង
ខេត្ដស៊ូសាតេងការ៉ាខាងលិច-ម៉ាតារ៉ាម
ក្រុមកោះម៉ូលុកកាក់
ខេត្ដម៉ាឡូកូ-អាំបុន
ខេត្ដម៉ាឡូកូខាងជើង-តឺណាទី
ភូមិសាស្រ្ដ
[កែប្រែ]លក្ខណៈភូមិសាស្ដ្រ
[កែប្រែ]ប្រទេសឥណ្ឌូនេស៊ីស្ថិតនៅខាងចុងនៃភូមិភាគអាស៊ីអាគ្នេយ៍ ឈ្មោះប្រទេសជាភាសាក្រិក ដែលមានន័យថា ក្រុមកោះឥណ្ឌាខាងកើត។
ប្រទេសឥណ្ឌូនេស៊ីមានក្រុមកោះច្រើនជាងគេបំផុតលើពិភពលោក ហើយដោយសារស្ថិតនៅខាងចុងនៃភូមិភាគអាស៊ីអាគ្នេយ៍ ទើបក្លាយជាចំណុចបែងចែកអាណាខេត្ដរវាងទ្វីបអាស៊ីនិងទ្វីបអូស្ដ្រាលី ហើយជាប្រទេសដែលឃាំងរវាងមហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិកទៀតផង។
ឥណ្ឌូនេស៊ី ជាប្រទេសដែលមានភ្នំភ្លើងច្រើនជាងគេបំផុតនៅលើពិភពលោក ហើយក្នុងចំនួននោះមានភ្នំភ្លើងដែលនៅមានសកម្មភាព(Active Volcano) ១២៩ កន្លែង គិតតែនៅលើកោះជ្វាមាន ៣៨ កន្លែង។ ភ្នំភ្លើងដែលខ្ពស់បំផុត គឺភ្នំភ្លើងសេម៉េរ៉ូ កម្ពស់ ៣៦៧៦ ម៉ែត្រ នៅភាគខាងកើតនៃកោះជ្វា នៅក្បែរភ្នំភ្លើងមួយកន្លែងទៀតគឺ ភ្នំភ្លើងប្រូម៉ូ កម្ពស់ ២៣៩២ ម៉ែត្រ ក្រៅពីនេះនៅមានភ្នំភ្លើងមេរ៉ាពិ ដែលមានកម្ពស់ ២៩១៤ ម៉ែត្រទៀត។
ឥណ្ឌូនេស៊ី មានលក្ខណៈភូមិសាស្ដ្រជាក្រុមកោះ មានចំនួនប្រមាណ ១៧៥០០កោះ ហើយមានភ្នំខ្ពស់ ជួរភ្នំ និងភ្នំភ្លើងជាច្រើន កោះខ្លះមានលក្ខណៈភូមិសាស្រ្ដទាំងអស់នេះនៅលើកោះតែមួយ។
ការដែលឥណ្ឌូនេស៊ីមានកោះចំនួនច្រើននេះ ធ្វើឱ្យមានបរិវេណជ្រលងទឹកជ្រៅរវាងកោះជាច្រើនកន្លែង កម្រិតជម្រៅទឹកនោះខុសគ្នាទៅតាមកន្លែងដូចជា ជម្រាលទ្វីបស៊ុនដា និងជម្រាលទ្វីបសាអ៊ូ ជាបរិវេណទីតាំងនៃកោះស៊ូម៉ាត្រា កោះជ្វា កោះបូនេអូ និងបរិវេណក្រុមកោះអ៊ីរៀនចាយ៉ា មានជ្រលងទឹកជ្រៅមិនលើសពី ២១៦ ម៉ែត្រ ខណៈដែលបរិវេណចន្លោះជម្រាលទី្វបទាំងពីរនេះ ឬបរិវេណក្រុមកោះនូសា តេងការ៉ា ស៊ូឡាវីស៊ី និងម៉ូលុកកាក់ មានកម្រិតជម្រៅទឹកប្រហែល ៤៥០០ ម៉ែត្រ។
កោះស៊ូម៉ាត្រា កោះស៊ូម៉ាត្រា (Sumatra ឬ Sumatara ឬ Sumatera idlix Archived 2023-05-10 at the វេយប៊ែខ ម៉ាស៊ីន. គឺជាកោះដែលមានទំហំធំលំដាប់ទី៦ នៃកោះធំៗ ក្នុងពិភពលោក(មានទំហំប្រមាណ ៤៧៣៦០០គម២)និងជាកោះដែលធំជាងគេរបស់ប្រទសឥណ្ឌូនេស៊ី។
បណ្ដោយដ៏វែងបំផុតរបស់កោះលាតសន្ធឹងពីទិសពាយ័ព្យទៅទិសអាគ្នេយ៍កាត់ដោយខ្សែអេក្វាទ័រ បានបែងចែកកោះនេះជា ២ តំបន់ភូមិសាស្ដ្រធំៗ គឺ ជួរភ្នំបារីសាន់(Barisan Mountains) ភាគខាងលិច និងតំបន់ទំនាបភាគខាងកើត។
ភាគអាគ្នេយ៍គឺកោះជ្វា ខណ្ឌដោយច្រកស៊ុនដា ខាងជើងគឺឧបទ្វីបម៉ាលេ ខណ្ឌដោយច្រកម៉ាឡាកា ខាងកើតគឺកោះបូនេអូ ខណ្ឌដោយច្រកការីម៉ាតា (Karimat Strait) ខាងលិចនៃកោះគឺ មហាសមុទ្រឥណ្ឌា។
ទ្រនុងខ្នងនៃកោះ គឺជួរភ្នំបារិសាន ភ្នំភ្លើងក្នុងភូមិភាគនេះធ្វើឱ្យកោះនេះមានទាំងតំបន់ដីមានជីជាតិនិងទស្សនីយភាពដ៏ស្រស់ត្រកាល ដូចជាជុំវិញបឹងតូបា(Lake Toba) ក្រៅពីនេះនៅមានរ៉ែធ្យូងថ្ម និងរ៉ែមាសទៀតផង។
នៅភាគខាងកើតមានទន្លេធំហូរយកដីល្បប់ពីកំពូលភ្នំ ធ្វើឱ្យកើតជាទំនាបធំទូលាយ ផ្ទៃដីភាគច្រើនមិនសមស្រមក្នុងការធ្វើកសិកម្មទេ តែទោះជាយ៉ាងណាក៏ដោយ ផ្ទៃដីនេះមានលក្ខណៈសំខាន់ខាងសេដ្ឋកិច្ចចំពោះប្រទេសឥណ្ឌូនេស៊ីខ្លាំងណាស់។ ស៊ូម៉ាត្រាផលិតប្រេងបានទាំងលើដីនិងក្រោមដី(from above the soil and underneath) ពោលគឺ ផលិតបានទាំងប្រេងដូងនិងប្រេងកាត។
ផ្ទៃដីមួយភាគធំនៃកោះស៊ូម៉ាត្រាធ្លាប់គ្របដណ្ដប់ដោយព្រៃក្រាស់ ជាទីអាស្រ័យនៃសត្វប្រភេទផ្សេងៗ ដូចជា ស្វាអ៊ូរ៉ង់អ៊ូតង់ និងខ្លាស៊ូម៉ាត្រា និងពូជរុក្ខជាតិដែលជាឯកលក្ខណៈ ដូចជា រ៉េហ្វើលសៀ(Rafesia) តែទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍសេដ្ឋកិច្ច រួមជាមួយអំពីពុករលួយនិងការកាប់ឈើខុសច្បាប់ ធ្វើឱ្យតំបន់នេះមានធនធានចុះខ្សោយយ៉ាងលឿន ក្រៅពីនេះតំបន់អភិរក្សក៏ទទួលរងការបំផ្លិចបំផ្លាញដែរ។
កោះជ្វា
កោះជ្វា(ឥណ្ឌូនេស៊ី :Pulau Jawa, ជ្វា :Pulo Jawa) ជាឈ្មោះដើមរបស់ក្រុមកោះដែលតាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បច្ចុប្បន្នគឺប្រទេសឥណ្ឌូនេស៊ី និងជាទីតាំងនៃរដ្ឋធានីចាកាតា ជាកោះដែលមានប្រជាជនរស់នៅច្រើនបំផុតលើពិភពលោក ហើយមានប្រជាជនច្រើនជាងទ្វីបអូស្ដ្រាលីនិងទ្វីបអង់តាក់ទិក (លំដាប់ឈ្មោះកោះតាមចំនួនប្រជាជន) មានផ្ទៃដី ១៣២០០០គម២ ប្រជាជន ១២៧លាននាក់ និងមានដង់ស៊ីតេប្រជាជន ៨៦៤នាក់ក្នុងមួយគម២ ។ បើចាត់ទុកកោះជ្វាជាប្រទេសមួយ នោះកោះនេះមានដង់ស៊ីតេប្រជាជនលំដាប់ទី២ បន្ទាប់ពីប្រទេសបង់ក្លាដេស លើកលែងតែរដ្ឋដែលមានទំហំតូច។
កោះបូនេអូ
កោះបូនេអូ (Borneo)ឬកោះកាលីម៉ាន់តាន់(Kalimantan) ជាកោះដែលមានទំហំធំលំដាប់ទី៣ នៃកោះធំៗ លើពិភពលោក បន្ទាប់ពីកោះហ្គ្រិនឡិន(លំដាប់ទី១) និងកោះញូគីនេ(លំដាប់ទី២) មានប្រទេស ៣ នៅលើកោះបូនេអូគឺ ម៉ាលេស៊ី ព្រុយណេ និងឥណ្ឌូនេស៊ី នៅបរិវេណកណ្កាលក្រុមកោះម៉ាឡាយូនិងប្រទេសឥណ្ឌូនេស៊ី។ លក្ខណៈភូមិសាស្រ្ដកោះបូនេអូជាផ្នែកមួយនៃតំបន់អាស៊ីអាគ្នេយ៍ មានធនធានប្រេងនិងឧស្ម័នធម្មជាតិច្រើនបំផុតនៅអាស៊ីអាគ្នេយ៍។
កោះបូនេអូព័ទ្ធជុំវិញដោយសមុទ្រចិនខាងត្បូងនៅទិសខាងលិចនិងពាយ័ព្យ សមុទ្រស៊ូលូនៅទិសឥសាន សមុទ្រសេលេប៊ីស និងច្រកម៉ាកាសានៅទិសខាងកើត និង សមុទ្រជា្វនិងច្រកការីម៉ាតាខាងត្បូង។
ដែនដីខាងលិចនៃកោះបូនេអូ មានដូចជា ឧបទ្វីបម៉ាឡាយូ និងកោះស៊ូម៉ាត្រា ខាងត្បូងមានដូចជា កោះជ្វា ខាងកើតមានដូចជា កោះស៊ូឡាវីស៊ី និងក្រុមកោះម៉ូលុកកាក់ ចំណែកនៅខាងទិសឥសានមានដូចជា ក្រុមកោះហ្វីលីពីន។
ចំណុចខ្ពស់បំផុតនៃកោះបូនេអូគឺ ភ្នំគីណាបាលូ ក្នុងរដ្ឋសាបា មានកម្ពស់ ៤១០១ ម៉ែត្រ លើកម្រិតកម្ពស់ទឹកសមុទ្រ។
ក្រុមកោះម៉ូលុកកាក់
ក្រុមកោះម៉ូលុកកាក់ ឬម៉ាឡូកូ (អង់គ្លេសហៅ:Maluku Islands)ជាក្រុមកោះក្នុងប្រទេសឥណ្ឌូនេស៊ី និងជាផ្នែកមួយនៃក្រុមកោះម៉ាឡាយូ ស្ថិតនៅភាគខាងជើងប្រទេសអូស្រ្ដាលី ខាងកើតកោះស៊ូឡាវីស៊ី(សេលេប៊ីស) ខាងលិចកោះញូគីណេ និងខាងជើងកោះទីម័រ កាលពីអតីតកាលជនជាតិចិននិងជនជាតិអឺរ៉ុប ហៅក្រុមកោះនេះថា ក្រុមកោះគ្រឿងទេស។
ផ្ទៃដីភាគច្រើននៃកោះជាភ្នំ កន្លែងខ្លះជាភ្នំភ្លើង ដែលកំពុងមានចលនានិងមានលក្ខណៈធាតុអាកាសសើម សំបូរពូជរុក្ខជាតិ ថ្វីបើជាកោះដែលតូចចង្អៀត និងហ៊ុំព័ទ្ធដោយសមុទ្រ តែមាន ព្រៃ សាគូ ស្រូវនិងគ្រឿងទេសផ្សេងៗ (ដូចជាផ្លែចន្ទទេស ក្លាំពូ និងផ្កាចន្ទទេស) ថ្វីបើថាជនជាតិម៉េឡានេស៊ីជាប្រជាជនភាគច្រើនតាំងពីដើម ជាពិសេសលើកោះបាន់ដា តែក៏ត្រូវបានសម្លាប់នៅកំឡុងសតវត្សទី១ មានការភាសខ្លួនចូលមករបស់ជនជាតិម៉ាលេនៅកំឡុងដើមសតវត្សទី២០ ក្នុងពេលដែលដាណឺម៉ាកកំពុងគ្រប់គ្រង និងបន្ដបន្ទាប់មក រហូតដល់សម័យដែលជាប្រទេសឥណ្ឌូនេស៊ី។
ខាងផ្នែកនយោបាយ ក្រុមកោះម៉ូលុកកាក់ ជាខេត្ដមួយរបស់ឥណ្ឌូនេស៊ី តាំងពីឆ្នាំគ.ស ១៩៥០ រហូតដល់ឆ្នាំគ.ស ១៩៩៩ ម៉ាឡូកូខាងជើង និងហាល់ម៉ាហេរ៉ាកណ្ដាល ត្រូវបែងចែកចេញជាខេត្ដមួយទៀត ដូច្នេះកោះនេះត្រូវបែបចែកចេញជា ២ ខេត្ដគឺ ម៉ាឡូកូ(Maluku)និងម៉ាឡូកូខាងជើង(North Maluku)រវាងឆ្នាំគ.ស ១៩៩៩ ដល់គ.ស ២០០២ ជាកំឡុងពេលដែលកើតវិវាទរវាងពួកមុស្លីមនិងគ្រិស្ដ តែក៏ទើបនឹងស្ងប់ស្ងាត់ទៅវិញក្នុងរយៈពេលមិនប៉ុន្មានឆ្នាំកន្លងទៅនេះ។
អាកាសធាតុ
[កែប្រែ]លក្ខណៈអាកាសធាតុត្រូពិចប្រកបដោយ ២ រដូវគឺ រដូវប្រាំង(ឧសភាដល់តុលា) និងរដូវភ្លៀង(វិច្ឆិកាដល់មេសា) ឥណ្ឌូនេស៊ីមានភ្លៀងធ្លាក់ជោកជាំពេញមួយឆ្នាំ សីតុណ្ហភាពមិនខ្ពស់ខ្លំាងទេ ដោយសារមានសណ្ឋានដីជាកោះទើបទទួលឥទ្ធិពលសមុទ្របានល្អ។
អាកាសធាតុក្ដៅហើយសើមនៅតំបន់ត្រូពិច(Tropical Moist Climates) ជាតំបន់ដែលមានអាកាសធាតុក្ដៅហើយសើម គ្រប់ខែទាំងអស់មានសីតុណ្ហភាពជាមធ្យមមិនទាបជាង ១៨ អង្សារសេ និងមានកម្ពស់ទឹកភ្លៀងច្រើនជាង ១៥០ មីលីម៉ែត្រ កណ្ដាលថ្ងៃមានសីតុណ្ហភាពមធ្យម ៣២ អង្សារសេ កណ្ដាលយប់សីតុណ្ហភាពមធ្យម ២២ អង្សារសេ កណ្ដាលថ្ងៃនិងកណ្ដាលយប់មានសីតុណ្ហភាពមិនខុសគ្នាខ្លំាងទេ ដោយសារនៅក្នុងតំបន់ជួបនឹងអាកាសតំបន់ក្ដៅ(ITCZ) ទើបមានការកកើតជាដុំពពកឃ្យូមូឡាស់ និងពពកឃ្យូមូឡូនិមបាស ធ្វើឱ្យកើតជាព្យុះភ្លៀងផ្គររន្ទះ នៅពេលរសៀលនិងល្ងាចសភាពអាកាសនឹងស្ងប់ ផ្ទៃមេឃភ្លឺថ្លាក្រោយពេលមានភ្លៀងធ្លាក់ ដោយសារសំណើមខ្ពស់ មានចំហាយទឹកក្នុងអាកាសច្រើន ទើបមានកំណកបង្កើតជាទឹកសន្សើម និងអ័ព្ទគ្របដណ្ដប់ផ្ទៃដីពេលកណ្ដាលយប់ មានបរិមាណទឹកភ្លៀងជាមធ្យម ២៥០០មីលីលីត្រក្នុងមួយឆ្នាំ។
ប្រជាសាស្ត្រ
[កែប្រែ]ឥណ្ឌូនេស៊ីមានកោះច្រើនជិត ២០០០០កោះ មានក្រុមជាតិពន្ធុផ្សេងៗ ជាង ៣០០ក្រុម មានប្រជាជនជាង ២០០លាននាក់ ភាគច្រើនគោរពសាសនាឥស្លាម ជាប្រទេសមុស្លីមដែលធំជាងគេលើពិភពលោក ក្នុងលក្ខណៈជាពហុភាព ទើបឥណ្ឌូនេស៊ីមានបាវចនា ប្រកាសឱ្យពិភពលោកស្គាល់ថាជាប្រទេសដែលមាន “ឯកភាពក្នុងពហុភាព”។ dutafilm Archived 2023-12-05 at the វេយប៊ែខ ម៉ាស៊ីន.
ប្រជាជនលើកោះជ្វា
ពួកជ្វា ជាក្រុមជាតិពន្ធុដែលមានចំនួនប្រជាជនច្រើនជាងគេក្នុងប្រទេសឥណ្ឌូនេស៊ី មានលំនៅនៅខាងភាគកណ្ដាលនិងភាគខាងកើតនៃកោះជ្វា ភាគច្រើនគោរពសាសនាឥស្លាម ពួកជ្វាបានឈ្មោះថាមានភាសារបស់ខ្លួន ដែលជាភាសាស្មុគស្មាញមានការបែងចែកជាន់ថ្នាក់សង្គមនៃការប្រើភាសា ដូចជា ភាសាដែលប្រើក្នុងរាជសំណាក់ ប្រើជាមួយអ្នកស្រុក មនុស្សចាស់ គឺមានការបែងចែកច្បាស់លាស់ អាចនិយាយបានថា ភាសាដែលសុទ្ធសឹងជាផ្លូវការ ទើបមិនជាទីនិយមនៃមនុស្សទូទៅ។
ពួកស៊ុនដា ជាក្រុមជាតិពន្ធុម្ចាស់ស្រុកនៅឥណ្ឌូនេស៊ី រស់នៅក្នុងតំបន់ភាគខាងលិចនៃកោះជ្វា មានចំនួនប្រមាណ ៣១លាននាក់ ពួកស៊ុនដាប្រើភាសាមូលដ្ឋានគឺ ភាសាស៊ុនដា ហើយគោរពសាសនាឥស្លាមភាគច្រើន ពីដើមមិញ ពួកស៊ុនដាតែងរស់នៅណែនណាន់នៅក្នុងខេត្ដជា្វខាងលិច បាន់តេន និងចាកាតា រួមទាំងតំបន់ភាគខាងលិចនៃខេត្ដជ្វាកណ្ដាល ចំពោះជ្វាកណ្ដាល និងជ្វាខាងកើតវិញ ជាទឹកដីដើម របស់ជ្វា ដែលជាក្រុមជាតិពន្ធុធំជាងគេនៅឥណ្ឌូនេស៊ី។
ប្រជាជនលើកោះបាលី បាលីជាកោះតូច មានប្រជាជនរស់នៅ ២% នៃប្រជាជនឥណ្ឌូនេស៊ីសរុប អ្នកកោះបាលីភាគច្រើនគោរពសាសនាហិណ្ឌូ មានការបែងចែកវណ្ណៈ តែមិនតឹងរ៉ឹងដូចហិណ្ឌូនៅឥណ្ឌាទេ ពោលគឺហិណ្ឌូនៅឥណ្ឌូនេស៊ី មិនបានរាំងខ្ទប់ឱកាសនៅក្នុងសង្គម មនុស្សវណ្ណៈខ្ពស់អាចមានអាជីពតូចទាបនៅក្នុងសង្គម ក្នុងខណៈដែលមនុស្សវណ្ណៈទាបអាចមានអាជីព ដែលគេធ្វើក្នុងក្រុមមនុស្សវណ្ណៈខ្ពស់ ដូចជា ពេទ្យ វិស្វករ ជាដើម។
អ្នកកោះបាលីជឿថា ពិធីកម្មដែលទាក់ទងនឹងជីវិតនិងការប្រកបមុខរបររកស៊ីផ្សេងៗ មិនមានអ្វីប្លែកគ្នាទេ អ្នកកោះបាលីប្រកបពីធីកម្មជាញឹកញាប់។
អ្នកកោះបាលីមានដុងខាងសិល្បៈ បរិយាកាសនៅកោះបាលីមានភាពស្រស់ស្អាត តាមចិត្ដវិញ្ញាណរបស់អ្នកកោះបាលី ដែលមានអារម្មណ៍វាងវៃក្នុងខ្លួន។
ប្រជាជនលើកោះស៊ូម៉ាត្រា
ពួកអាជេ នៅភាគខាងជើងនៃកោះស៊ូម៉ាត្រា មានប្រជាជនប្រហែល ១% នៃប្រជាជនសរុប ភាគច្រើនជាពួកមុស្លីមតឹងរ៉ឹង ស្រឡាញ់សេរីភាព បានទទួលការលើកតម្កើងថាជាក្រុមអ្នកតស៊ូដ៏អង់អាចក្លាហាន ប្រឆាំមហាអំណាចដាណឺម៉ាក កាលគ្រាគ្រប់គ្រងឥណ្ឌូនេស៊ីនៅសម័យអាណានិគម នាដើមសតវត្សទី២០ ជាដែនដីចុងក្រោយដែលដាណឺម៉ាកបង្ក្រាប។
ពួកបាតាក់ នៅភាគខាងជើងនៃកោះស៊ូម៉ាត្រា មានប្រជាជន ២% នៃប្រជាជនសរុប ពួកបាតាក់ភាគច្រើនគោរពសាសនាឥស្លាម មួយភាគគោរពសាសនាគ្រិស្ដ។ ពួកបាតាក់ត្រូវបានបែងចែកចេញជាក្រុមតូចៗ ច្រើនក្រុមទៀត នៅទីប្រជុំជនបាតាក់ជាស្រុកកំណើត របស់នាយទាហានលំដាប់ខ្ពស់ជាច្រើននាក់ ជាទីតាំងកងកម្លាំងខ្នាតធំ។ Mixue Archived 2023-06-02 at the វេយប៊ែខ ម៉ាស៊ីន.
ពួកមិណាំងកាក់បៅ មានចំនួនប្រជាជន ៣.៣% ភាគច្រើនគោរពសាសនាឥស្លាម ពួកមិណាំងកាក់បៅមានលក្ខណៈពិសេសច្រើនយ៉ាង ដូចជា ការរាប់ញាតិខ្សែស្រឡាយខាងម្ដាយ គាំទ្រឱ្យយុវជនចេញដំណើរស្វែងរកជោគជតានៅដែនផ្សេង ដោយការរៀបចំជាពិធីកម្មហៅថា ម៉ឺរាន់តៅ។
ពួកម៉ាលេ ជាក្រុមជនជាតិភាគតិច ដែលរស់នៅភាគអាគ្នេយ៍ នៃកោះស៊ូម៉ាត្រា គេជឿថា ពួកម៉ាលេ ជាអ្នកបង្កើតអាណាចក្រស្រីវិជ័យនៅប៉ាលេមបាំងកាលពីសតវត្សទី៧ មុនពេលដែលជនជាតិម៉ាលេក្រុមនេះប្ដូរមកគោរពសាសនាឥស្លាម។
ប្រជាជនលើកោះស៊ូឡាវីស៊ី
ពួកប៊ូគិស និងម៉ាកាសា ពួកប៊ូគិសមាន ២.៦% និងពួម៉ាកាសាមាន ១.១% នៃប្រជាជនសរុបទូទាំងប្រទេស។ ក្រុមទាំង ២ នេះក្រៅពីជាអ្នកគោរពសាសនាឥស្លាមហើយនៅជាអ្នកដើរទូក និងមានថ្មីដៃក្នុងការធ្វើទូក មានសមត្ថភាពក្នុងការធ្វើធុរកិច្ច ជាអ្នកធ្វើដំណើរស្វែងរកជោគសំណាង រហូតស្ទើរតែអាចគ្រប់គ្រងពានិជ្ជកម្មផ្លូវទឹកក្នុងភូមិភាគនេះ។
ពួកតូរ៉ាចាន់ នៅផ្នែកខាងជើងនៃកោះស៊ូឡាវីស៊ីខាងត្បូង មានចំនួនប្រមាណ ៥ សែននាក់ ភាគច្រើនគោរពសាសនាគ្រិស្ដ ភាគតិចគោរពសាសនាឥស្លាមនិងព្រលឹងខ្មោច។
ប្រជាជនលើកោះម៉ូលុកកាក់
ពួកអាំបុន នៅភាគខាងត្បូងនៃកោះម៉ូលុកកាក់ ពួកអាំបុនភាគច្រើនគោរពសាសនាគ្រិស្ដ មករស់នៅតាំងពីពេលដែលហូឡង់ចូលគ្រប់គ្រង ក្នុងសម័យនោះពួកអាំបុនជាទាហានរបស់ហូឡង់ ក្រោយមកព័រទុយហ្កាល់ចូលគ្រប់គ្រងកោះម៉ូលុកកាក់។
ពេលឥណ្ឌូនេស៊ីបានទទួលឯករាជ្យ ពួកអាំបុនចង់ទាមទារឯករាជ្យរបស់ខ្លួនឯង តែមិនបានសម្រេច សេចក្ដីព្យាយាមនៅមិនទាន់ថមថយ នៅសម័យលោកប្រធានាធិបតីស៊ូហារតូ កើតមានចរន្ដការបែងចែកទឹកដីម្ដងទៀត តែមិនបានទទួលជោគជ័យដដែល។
ពួកប៉ាពួ ឬហៅឈ្មោះម៉្យាងទៀតថា អ៊ិរៀន ចាយ៉ា នៅលើកោះប៉ាពួដែលសម្បូរទៅដោយធនធានរ៉ែ តែជីវភាពនៅមានសភាពអន់ថយ ភាគច្រើនគោរពព្រលឹងខ្មោច តែក៏មានមួយភាគដែលគោរពសាសនាឥស្លាមនិងគ្រិស្ដ ពួកប៉ាពួហាក់ដូចជាត្រូវគេកេងប្រវ័ញ្ច មានភាពឆកល្វែងខាងសង្គមនិងវប្បធម៌ ទើបមានពួកប៉ាពួមួយចំនួនចេញមកទាមទារឯករាជ្យ។
សេដ្ឋកិច្ច
[កែប្រែ]ជាសេដ្ឋកិច្ចដែលពឹងពាក់លើការនាំចេញប្រេងនិងឧស្ម័នធម្មជាតិ ឧស្សាហកម្មប្រេងជាប្រភពសំខាន់បំផុតក្នុងការរកប្រាក់ចំណូលឱ្យឥណ្ឌូនេស៊ី។ ចាប់តាំងពីសម័យក្រោយឯករាជ្យ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានយកប្រាក់ចំណូលមកអភិវឌ្ឍមូលដ្ឋានសេដ្ឋកិច្ច ជាពិសេសខាងផ្នែកដឹកជញ្ជូននិងគមនាគមន៍ បង្កើតឧស្សាហកម្មដែលមានការវិនិយោគឆ្ពោះទៅរកភាពរឹងមាំដល់ឧស្សាហកម្មរបស់ប្រទេស ដូច្នេះ ពេលកើតវិបត្ដិប្រេងលើទីផ្សារពិភពលោកក្នុងរវាងឆ្នាំគ.ស ១៩៨០-១៩៨៤ ដែលតម្លៃប្រេងក្នុងទីផ្សារពិភពលោកធ្លាក់ចុះយ៉ាងគម្ហក់ ធ្វើឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរួមរបស់ឥណ្ឌូនេស៊ី ទើបរដ្ឋាភិបាលងាកមកអភិវឌ្ឍឧស្សាហកម្មការផលិត ដើម្បីកាត់បន្ថយការពឹងពាក់ប្រាក់ចំណូលដែលបានពីប្រេងនិងឧស្ម័នធម្មជាតិ ដូចជា ឧស្សាហកម្មតម្បាញ រ៉ែលោហៈមានតម្លៃ ទំនិញឧស្សាហកម្មផ្សេងៗ រួមទាំងអភិវឌ្ឍវិស័យកសិកម្ម ដើម្បីបន្ថែមផលិតផល ធ្វើឱ្យឥណ្ឌូនេស៊ីមានស្រូវគ្រប់គ្រាន់សម្រាប់ចិញ្ចឹមខ្លួនដោយមិនចាំបាច់នាំចូលដូចមុនទៀត លើកលែងឆ្នាំខ្លះដែលផលិតស្រូវមិនបានល្អ ក្នុងពេលជាមួយគ្នាដែរ ប្រាក់ចំណូលបានមកពីការនាំចេញទំនិញផ្សេងៗ ដែលមិនមែនជាប្រេងនិងឧស្ម័នធម្មជាតិ ក៏មានការកើនឡើងជាលំដាប់ ជាពិសេសទំនិញឧស្សាហកម្ម បានក្លាយជាទំនិញនាំចេញដ៏សំខាន់ក្នុងពេលបច្ចុប្បន្ន ដោយគិតជាភាគរយគឺ ៧៥% នៃទំនិញនាំចេញ ។
ក្នុងផ្នែកឧស្សាហកម្ម ឥណ្ឌូនេស៊ីបានអភិវឌ្ឍឧស្សាហកម្មសំខាន់ៗ មានជាអាទិ ឧស្សាហកម្មនាវានៅចាកាតា សុរាបាយ៉ា សេម៉ារ៉ាំង និងអាំបយណា ឧស្សាហកម្មផលិតយន្ដហោះ ឧស្សាហកម្មតម្លើងរថយន្ដប្រភេទផ្សេងៗ ឧស្សាហកម្មអេឡិចត្រូនិច ឧបករណ៍និងគ្រឿងបន្លាស់ ឧស្សាហកម្មក្រដាស ឧស្សាហកម្មកញ្ចក់ ដើម្បីជំរុញការវិនិយោគពីបរទស រដ្ឋាភិបាលឥណ្ឌូនេស៊ីបានខិតខំកែប្រែច្បាប់ សេដ្ឋកិច្ចពានិជ្ជកម្ម ហិរញ្ញវត្ថុ ធនាគារ និងការវិនិយោគ ដើម្បីឱ្យមានសេរីភាពនិងភាពងាយស្រួលជាងមុន ការកាត់បន្ថយទម្រង់សេដ្ឋកិច្ចដែលរដ្ឋជាអ្នកគ្រប់គ្រង បើកឱកាសឱ្យក្រុមហ៊ុនឯកជនអន្ដរជាតិ ចូលមកវិនិយោគលើវិស័យផ្សេងៗ ដែលធ្លាប់តែមានកម្រិត រួមទាំងផ្នែកសាធារណូបភោគ មានជាអាទិ ការអភិវឌ្ឍប្រភពថាមពលអគ្គិសនី ផ្លូវគមនាគមន៍ ទូរគមនាគមន៍ ជាដើម ដូច្នេះហើយទើបសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី មានការរីកចម្រើនជាបន្ដបន្ទាប់ ស្ថេរភាពខាងនយោបាយ ធនធានដែលសម្បូរហូរហៀរ និងតម្លៃពលកម្មមិនសូវខ្ពស់ សុទ្ធសឹងជាបច្ច័យទាក់ទាញការវិនិយោគពីអន្ដរជាតិ។
ទោះជាយ៉ាងណាក៏ដោយ ការធ្វើការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ច្រើនជាងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការខ្ចីប្រាក់ក្នុងអត្រាការប្រាក់ទាបពីខាងក្រៅ ដើម្បីវិនិយោគលើកិច្ចការដែលមិនបង្កើតប្រាក់ចំណូល ការផលិតដែលពុំមានការប្រណាំងប្រជែង ដោយសារបានទទួលការគ្រប់គ្រងពីរដ្ឋ ធ្វើឱ្យមិនអាចប្រកួតប្រជែងនឹងអ្នកផលិតពីក្រៅប្រទេសបាន ការគ្មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រាក់ទុន ការវាយលុកតម្លៃប្រាក់ក្នុងភូមិភាគ បំណុលបរទេស ។ល។ ទំាងអស់នេះធ្វើឱ្យកើតវិបត្ដិសេដ្ឋកិច្ចនៅឥណ្ឌូនេស៊ី ។
ឥណ្ឌូនេស៊ីផ្ដល់ភាពសំខាន់លើវិស័យកសិកម្ម និងឧស្សាហកម្មអាហារ ដោយរដ្ឋាភិបាលបានលើកស្ទួយវិស័យកសិកម្មក្នុងប្រទេសយ៉ាងខ្លាំង ក្រោយពេលកើតក្ដីកង្វល់ថា ផលិតផលកសិកម្មនិងអាហារនៅឥណ្ឌូនេស៊ី អាចមិនគ្រប់គ្រាន់ចំពោះតម្រូវការរបស់ប្រជាជនក្នុងពេលអនាគត។
ប្រទេសឥណ្ឌូនេស៊ីមានផ្ទៃដីច្រើនជាង ២លានគម២ ធ្វើឱ្យមានផ្ទៃដីសម្រាប់ដាំដុះច្រើន ហើយមានសក្ដានុពលខ្ពស់ក្នុងការដាំដុះ ដោយសារមានសភាពដីនិងអាកាសធាតុដែលសមស្របក្នុងការដាំដុះ ការដាំដុះភាគច្រើនធ្វើនៅកោះជ្វា និងកោះស៊ូម៉ាត្រា ផលិតផលកសិកម្មសំខាន់គឺ ស្រូវ ដំឡូងមី កៅស៊ូ កាកាវ កាហ្វេ ប្រេងដូង សាច់ដូងហាលស្ងួត សត្វស្លាប គោ ជ្រូក។
វប្បធម៌
[កែប្រែ]ទម្រង់សង្គមនិងវប្បធម៌ ប្រជាជនឥណ្ឌូនេស៊ីប្រកបដោយច្រើនជនជាតិនិងជាតិពន្ធុ ជាតិពន្ធុនីមួយៗ មានមរតកវប្បធម៌ និងលក្ខណៈខាងសង្គមរបស់ខ្លួន ជនជាតិទាំងអស់នេះពេលត្រូវបង្រួមចូលគ្នា ក្រោមប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងការការពារប្រទេសរួមគ្នា តាមរយៈការដែលមានសភាពទីតាំងភូមិសាស្រ្ដ មានលក្ខណៈខុសគ្នាច្រើន ហើយមានអាណាខេត្ដធំទូលាយពេក ប្រជាជនពិបាកទាក់ទងគ្នា ធ្វើឱ្យភូមិភាគនីមួយៗ មានទម្រង់វប្បធម៌របស់ខ្លួន ទើបបង្កើតជាវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី និងភាសាដែលប្រើខុសប្លែកគ្នា។
នៅប្រទេសឥណ្ឌូនេស៊ី មានការកំណត់ច្បាប់ប្រពៃណីក្នុងសង្គម តាមជំនឿក្នុងសាសនា ដែលត្រូវប្រតិបត្តិយ៉ាងតឹងរ៉ឹង និងធ្វើបន្ដគ្នាមកជាយូរ មានលក្ខណៈដែលសំខាន់គឺ ទំនាក់ទំនងរវាងស្វាមីនិងភរិយា ឪពុកម្ដាយនិងកូន និងពលរដ្ឋចំពោះសង្គមដែលខ្លួនរស់នៅ ដោយប្រកាន់ខ្ជាប់ការប្រតិបត្ដិដែលហៅជាភាសាឥណ្ឌូនេស៊ីថា កូតងរ៉ូយ៉ង គឺការជួយសង្គ្រោះពឹងពាក់គ្នា ក្នុងកិច្ចការផ្សេងៗ ដូចជា ការដាំដុះ ការច្រូតកាត់ ការរៀបការ ការសង់លំនៅដ្ឋាន ការប្រើដីធ្លីរួមគ្នា នៅក្រោមការព្រមព្រៀងនិងចំណុចពិសេស។
ការស្លៀកពាក់
[កែប្រែ]ដោយសារប្រជាជនភាគច្រើនគោរពសាសនាឥស្លាម ទើបការតែងកាយមានទំនោរទៅតាមប្រពៃណីសាសនា
មនុស្សប្រុស ស្លៀកសារុង ពាក់អាវកបិទដៃវែង ពាក់មួកមូល ឬមួកសំប៉ែត ធ្វើអំពីក្រណាត់ពណ៌ខ្មៅ ជួនការគេស្លៀកសារុងជាន់លើខោប្រមាណពាក់កណ្ដាលខ្លួន ដោយប្រលែងឱ្យឃើញជើងខោ ក្នុងករណីដែលត្រូវចូលរួមពិធី អាចមានការសៀតស្នៀតដែរ បច្ចុប្បន្នបុរសឥណ្ឌូនេស៊ីភាគច្រើននិយមតែងកាយបែបសាកល តែនៅពាក់មួកដូចដើម។
មនុស្សស្រីប្រើក្រណាត់ខៃ រុំព័ទ្ធជុំវិញខ្លួន និងប្រើសម្រាប់ស្លៀកនៅផ្ទះប៉ុណ្ណោះ ក្រណាត់ខៃមានក្បាច់ស្រស់ស្អាត សាច់ល្អនិងតម្លៃថ្លៃ ដែលជាទីពេញនិយម គេហៅឈ្មោះមួយបែបទៀតថា ក្រណាត់ប៉ាទិក(Patik) ពេលស្លៀកត្រូវទុកឱ្យវែងគ្របជើង។ អាវហៅថា ខេបាចា(Kebaja) ជាអាវដែលរឹបជាប់ខ្លួន ដៃវែង សម្រាប់ស្រ្ដី អ្នកកោះស៊ូម៉ាត្រា និយមពាក់អាវរលុង វែងជិតដល់ជង្គង់ ហៅថាបាត់យូករុង និងមានប្រើក្រណាត់ផាហ៊ុំឈៀងស្មាដែរ ស្រ្ដីឥណ្ឌូនេស៊ីទុកសក់វែង ហើយបួង និងប្រើគ្រឿងតុបតែងលម្អ ដូចជា ត្បូងឬផ្កា លម្អលើក្បាល។
វប្បធម៌ក្នុងការបរិភោគ
អាហាររបស់ឥណ្ឌូនេស៊ីមានច្រើនប្រភេទ សមស្របទៅតាមភូមិសាស្ដ្រ និងប្រវត្ដិសាស្រ្ដ គឺមានទាំងមីនុយអាហារមុស្លីម ចិន ឥណ្ឌា ដាណឺម៉ាក។ ជនជាតិឥណ្ឌូនេស៊ីនិយមធ្វើអាហារតែមួយដងក្នុងពេលព្រឹក ហើយអាចញ៉ាំបានទាំងពេលថ្ងៃរហូតដល់ពេលល្ងាច លើកលែងតែមានភ្ញៀវពន្លឺមកលេង ដែលជាឱកាសពិសេស ម្ចាស់ផ្ទះត្រូវចូលចង្ក្រានធ្វើអាហារថ្មី ជាការស្វាគមន៍អ្នកមកលេង។
សាក់តិ
សាក់តិ ឬដែលជនជាតិឥណ្ឌូនេស៊ីហៅថា សាក់តេ ជាអាហារមួយប្រភេទដែលគេនិយមញ៉ាំនៅក្នុងគ្រប់គ្រួសារ ដោយមានទឹកជ្រលក់សណ្ដែកដី ជាគ្រឿងផ្សំ មានប្រើសាច់មាន់ ជ្រូក ឬសាច់គោ នៅប្រទេសផ្សេងៗ ក៏ត្រូវបានគេធ្វើញ៉ាំដែរ ជនជាតិឥណ្ឌូនេស៊ីមានចង្ក្រានសាក់តិនៅស្ទើរគ្រប់គ្រួសារ។
រ៉េនដាំង ជាអាហាររបស់អ្នកកោះស៊ូម៉ាត្រា (ពួកប៉ាដាំងឬមិណាំងកាបៅ) មានលក់ជាទូទៅនៅឥណ្ឌូនេស៊ី។ រ៉េនដំាងធ្វើអំពីសាច់គោ ជាគ្រឿងផ្សំសំខាន់ គេយកសាច់គោទៅរំងាស់ជាមួយគ្រឿងសម្ល ឱ្យយូររហូតទាល់តែគ្រឿងសម្លរីងខាប់ចូលទៅក្នុងសាច់គោ។
ណាស៊ិ គូនិង ណាស៊ិ គូនិងជាបាយលឿង បាយនេះជាធម្មតាមិនសូវឃើញនរណាញ៉ាំ ក្រៅពីក្នុងពិធីបុណ្យផ្សេងៗ របស់ជនជាតិឥណ្ឌូនេស៊ី គេដំាបាយលឿង(ដំាបាយជាមួយខ្ទិះ) ហើយធ្វើជាកន្ទោងវែងៗ ឬដែលជនជាតិឥណ្ឌូនេស៊ីហៅថា ទុមប៉ិង ក្នុងពិធីកម្មពេលដល់វេលាញ៉ាំគេមានធ្វើពិធីកាច់កន្ទោងបាយ ហើយបែងចែកគ្នាញ៉ាំ ណាស៊ិគូនិងឬបាយលឿងនេះ គេញ៉ាំរួមជាមួយអាហារផ្សេងៗ ។
វប្បធម៌ខាងភាសា ភាសាឥណ្ឌូនេស៊ី ជាភាសាផ្លូវការរបស់ប្រទេសឥណ្ឌូនេស៊ី និងជាភាសាដែលគួរឱ្យចាប់អារម្មណ៍ក្នុងច្រើនករណី ចាប់ផ្ដើមដោយការដែលជនជាតិឥណ្ឌូនេស៊ីភាគច្រើននិយាយភាសាឥណ្ឌូនេស៊ីជាភាសាទី២ និងភាគតិចដែលនិយាយជាភាសាមេ ក្នុងន័យខ្លះភាសានេះជាភាសាថ្មី ដោយសារកើតឡើងជាផ្លូវការក្នុងឆ្នាំគ.ស ១៩៤៥ និងជាភាសាដែលផ្លាស់ប្ដូរគ្រប់ពេលវេលា ដោយសារកើតពាក្យដែលខ្ចីពីភាសាផ្សេងៗ រហូត។ ការសិក្សាពីភាសាឥណ្ឌូនេស៊ីជាបទពិសោធដែលធ្វើឱ្យមានផលជះដល់ជនបរទេស ដោយសារការបញ្ចេញសំឡេងនិងវេយ្យាករណ៍ មានលក្ខណៈងាយស្រួល ចំណេះដឹងមូលដ្ឋានដែលចាំបាច់សម្រាប់ការធ្វើទំនាក់ទំនងប្រចាំថ្ងៃអាចសិក្សាបានដោយប្រើរយៈពេលមិនប៉ុន្មានសប្ដាហ៍ ឈ្មោះក្នុងស្រុករបស់ភាសាឥណ្ឌូនេស៊ីគឺ បាហាសាឥណ្ឌូនេស៊ី(Bahasa Indonesia) ហើយឈ្មោះក៏ត្រូវបានគេយកមកប្រើក្នុងភាសាអង់គ្លេសក្នុងពេលខ្លះដែរ។
-
National Museum of Indonesia in Central Jakarta
-
Wisma 46, Indonesia's tallest office building, located in the middle of Jakarta skyscraper.
-
Jalan Thamrin, the main avenue in Central Jakarta
-
A train at Gambir station in Central Jakarta
-
The Bung Karno Stadium is capable of hosting 100,000 spectators
-
ផែនទីនៃប្រទេសឥណ្ឌូណេស៊ី
-
ខេត្តនៃប្រទេសឥណ្ឌូណេស៊ី
-
Malioboro, the most famous street in Yogyakarta city
-
Trans Jogja Bus. A bus rapid transit system in Yogyakarta city
-
A selection of Indonesian food, including Soto Ayam (chicken soup), sate kerang (shellfish kebabs), telor pindang (preserved eggs), perkedel (fritter), and es teh manis (sweet iced tea)
-
An Indonesian Army infantryman participating in the U.N.'s Global Peacekeeping Operation Initiative
-
Pindad Panser "Anoa" shown during Indo Defense and Aerospace Expo 2008
-
B-25 Mitchell bombers of the AURI in the 1950s
-
GE U20C in Indonesia, #CC201-05
-
GE U20C "Full-Width Cabin" in Indonesia, #CC203-22
-
GE U20C full computer control locomotive in Indonesia, #CC204-06
មើលផងដែរ
[កែប្រែ]កំណត់សម្គាល់
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ "Indonesia". Retrieved on 3 February 2017.
- ↑ Vickers 2005, p. 117.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedethnologue
- ↑ Na'im, Akhsan; Syaputra, Hendry (2010). "Nationality, Ethnicity, Religion, and Languages of Indonesians" (PDF) (in ឥណ្ឌូណេស៊ី). Statistics Indonesia (BPS). Archived (PDF) from the original on 23 កញ្ញា 2015. Retrieved 23 September 2015.
- ↑ "273 Juta Penduduk Indonesia Terupdate Versi Kemendagri". dukcapil.kemendagri.go.id. Archived from the original on 2022-06-24. Retrieved 9 ឧសភា 2022.
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs named2020census
- ↑ ៧,០ ៧,១ ៧,២ ៧,៣ "Report for Selected Countries and Subjects". មូលនិធិរូបិយវត្ថុអន្តរជាតិ. Retrieved 11 កុម្ភៈ 2022.
- ↑ "GINI index (World Bank estimate) – Indonesia". ធនាគារពិភពលោក. Retrieved 11 កុម្ភៈ 2022.
- ↑ Human Development Report 2020 The Next Frontier: Human Development and the Anthropocene. កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 2020-12-15. pp. 343–346. ល.ស.ប.អ. 978-92-1-126442-5. http://hdr.undp.org/sites/default/files/hdr2020.pdf។ បានយកមក 11 កុម្ភៈ 2022.
- Pages using duplicate arguments in template calls
- Pages with image sizes containing extra px
- Pages with reference errors
- CS1 ឥណ្ឌូណេស៊ី-language sources (id)
- Articles with hatnote templates targeting a nonexistent page
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- ឥណ្ឌូណេស៊ី
- ប្រទេសកោះ
- ប្រទេស
- ប្រទេសនៅមេឡាណេស៊ី
- ប្រទេសនៅអាស៊ី
- ប្រជាជាតិក្រុមដប់ប្រាំ
- ប្រជាជាតិក្រុមម្ភៃ
- រដ្ឋសមាជិកអាស៊ាន
- រដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- សាធារណរដ្ឋ
- ប្រទេសតំបន់អាស៊ីអាគ្នេយ៍
- ប្រទេសឆ្លងទ្វីប