Jump to content

ពស់កេងកង

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ភាពយន្ត រឿងពស់កេងកង)
រូបភាពដែលបាត់បង់
The Snake Man
ដឹកនាំដោយទា លឹមគុណ
ផលិតដោយទា លឹមគុណ
សរសេរដោយទា លឹមគុណ
ពេលចេញផ្សាយ១៩៧០
ប្រទេសកម្ពុជា
ភាសាភាសាខ្មែរ

រឿង ពស់កេងកង ជាដំណើររឿងព្រេងបុរាណមួយដ៏ចម្លែក ដែលនិយាយអំពីស្នេហារវាងនាងនីនិងពស់កេងកង។ រឿងព្រេងបុរាណមួយនេះត្រូវផលិតករ ទា លឹមគុណ យកមកផលិតជាខ្សែភាពយន្តយ៉ាងសម្រិតសម្រាំងប្រកបដោយគុណភាពខ្ពស់ ជាមួយនឹងនិពន្ធបន្ថែមនៅសាច់រឿងបន្ត បន្ទាប់ពីប្តីនាងនី យកនាងនីទៅវះពស់ ហើយធ្លាយចេញកូនពស់រាប់រយ តែពស់ទាំងនោះត្រូវប្តីនាងនីប្រហារចោលស្ទើរគ្មានសល់ជាសំណាងនៅសេសសល់កូនពស់មួយវារួចពីការប្រហារនោះ ហើយទៅជួបព្រះមុនីឥសីហើយបន្តជីវិតជាមនុស្សវិញ ទៅរួមរស់ស្នេហាជាមួយនាងសុរិយាកូនសេដ្ឋីពោះម៉ាយ។

ខ្សែភាពយន្តនេះបានថតនៅស្ទូឌីយ៉ូរបស់ផលិតកម្មតារារដ្ឋភាពយន្ត នាតំបន់ព្រែកឯងតាំងពីដើមដល់ចប់។ ខ្សែភាពយន្តរឿងពស់កេងកងនេះ បានផលិតនៅឆ្នាំ១៩៦៩ ហើយបានបញ្ចាំងនៅចុងឆ្នាំ១៩៦៩នោះតែម្តងគឺមុនព្រឹត្តិការណ៍រដ្ឋប្រហារ១៨ មីនា ឆ្នាំ១៩៧០។ គ្រាន់តែដាក់បញ្ចាំងភា្លម កាសែតនិងទូរទស្សនាវដ្តីក្នុងស្រុកជាច្រើននាំគ្នាសរសើរដោយក្តីមោទកចំពោះស្នាដៃដ៏វិសេសវិសាលមួយនេះ។

ក្រុមព្រះសុរិយាដែលជាក្រុមមួយដែលធ្វើស្រាវជ្រាវ​ អភិវឌ្ឍន៍និងអភិរក្សសិល្បៈភាពយន្ត និងតន្ត្រីខ្មែរ នាទសវត្សឆ្នាំ ៦០ និង ៧០ បានរកឃើញអត្ថបទមួយក្នុងទស្សនាវដ្តីស្រ្តី ដែលបានលើកសរសើរអំពីខ្សែភាពយន្តមួយនេះផងដែរ ដោយបានរៀបរាប់ថា ខ្សែភាពយន្តនេះជាខ្សែភាពយន្តដ៏ជក់ចិត្តមួយ មានដំណើរដើមទងពីរឿងព្រេងបុរាណខ្មែរត្រូវបានផលិតករដ៏ជំនាញយកមកច្នៃឱ្យមានរសនិយមគួរអោយចង់ទស្សនាជាខ្លាំង ពិសេសគឺការសម្តែងដ៏រស់រវើក និងរូបភាពដ៏ស្រស់ស្រទន់ក្នុងភាពយន្តនេះ។ ខ្សែភាពយន្តរឿងពស់កេងកងនេះ នៅឆ្នាំ១៩៧០ លោក ទា លឹមគុណបាននាំចេញភាពយន្តនេះទៅបញ្ចាំងនៅប្រទេសថៃ ធ្វើឱ្យកក្រើក វិស័យសិល្បៈភាពយន្តនៅប្រទេសថៃ។ មកដល់នៅឆ្នាំ១៩៧១ លោក ទា លឹមគុណ បាននាំយកស្នាដៃរបស់លោកមួយនេះ មកចូលរួមក្នុងមហោស្រពភាពយន្តអាស៊ីប៉ាស៊ីហ្វិចលើកទី១៧ នាទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ហើយទទួលបានពានរង្វាន់កិត្តិយសពិសេសពីគណមេប្រយោគ។

បើយោងទៅតាមការស្រាវជ្រាវរបស់ ក្រុមព្រះសុរិយា បានឱ្យដឹងថា ភាពយន្តនេះបានបង្ហាញវត្តមាននៅលើទីផ្សារភាពយន្តនៅអាស៊ី ដោយប្រទេសធំៗជាច្រើននៅអាស៊ី បានទិញសិទ្ធិយកទៅបញ្ចាំង តួយ៉ាងដូចជា ប្រទេសថៃ , ឥណ្ឌូណេស៊ី , ម៉ាឡេស៊ី , ហុងកុង , តៃវ៉ាន់ , វៀតណាមខាងត្បូង , ឡាវ ជាដើម ដែលនេះគឺជាប្រវត្តិសាស្រ្តដ៏សំខាន់បំផុតដែលយើងត្រូវដឹងថា ភាពយន្តពស់កេងកង ជាភាពយន្តខ្មែរទី១ដែលបានបោះជំហានចូលទៅទីផ្សារភាពយន្តអាស៊ីមុនគេ។ មរតកស្នាដៃរឿងពស់កេងកងនេះ ក៏នៅតែមានឥទ្ធិពលដល់សព្វថ្ងៃ ដោយកាលពីឆ្នាំ២០១២កន្លងទៅ ភាពយន្តនេះបានដាក់បញ្ចាំងជាកិតិ្តយសក្នុងមហោស្រពអន្តរជាតិនាក្រុង ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ នៅ ឆ្នាំ២០១៦ ភាពយន្តនេះក៏បានដាក់បញ្ចាំងជាកិត្តិយសនៅក្នុងមហោស្រពភាពយន្ត ទីក្រុងតូក្យូ ប្រទេសជប៉ុនផងដែរ។ សូមជម្រាបផងដែរថាកំពូលផលិតករ ទា លឹមគុណ សព្វថ្ងៃកំពុងរស់នៅយ៉ាងស្ងៀមស្ងាត់ក្នុងប្រទេសកាណាដា ហើយលោកបានរក្សាហ្វីលនេះបានយ៉ាងល្អក្នុងគេហដ្ឋានរបស់លោក ជាមួយនិងការថែទាំជារៀងរាល់ថ្ងៃផងដែរ៕ []

តារាសម្តែង

[កែប្រែ]

ខ្សែភាពយន្តរឿងពស់កេងកងនេះ សម្តែងដោយ តារាភាពយន្តកំពូលៗប្រាំដួងនៃកម្ពុជាគឺ

•លោកស្រី ឌី សាវ៉េត

•លោក ជា យុទ្ធថន

•លោកស្រី សាក់​​ ស៊ី​ស្បោង​​

•លោក ឪ អុំ

• នាងកញ្ញា សុខ កិន្នរី

និងរួមទាំងតារាកំប្លែងល្បីៗរបស់នៃ ប្រទេសកម្ពុជា

• លោក ម៉ុង ដូលីន

• លោកស្រី ម៉ែ ម៉ឺន

• លោក ប៉ី សាលួត

• លោស្រី មុត សំអឿន

• លោក កន្តុល គ្រុន

• នាង ម៉ាប់ណូយ៉ា

•លោក ឡូតូ

• នាយ ស៊ុយ

ជាដើម។

ដំណើររឿង

[កែប្រែ]

កាលពីព្រេងនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពិស និង ពស់ឥតពិសទេ មានតែពស់កេងកង។ មាននិទានថា កាលពីដើមឡើយមានមនុស្សពីនាក់ប្តីប្រពន្ធ។ ប្រពន្ធឈ្មោះនាងនី មានកូនស្រីមួយ ឈ្មោះនាងអេត។ ប្តីនោះទៅជួញអង្កាំបាត់ជាយូរអងែ្វង។ ថៃ្ងមួយអស់បងប្អូនជិតខាងគេបបួលគ្នាទៅរកអុស ឯនាងនីលឺគេបបួលគ្នា​ក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅជាមួយផង។ លីដឹងចូលទៅក្នុងព្រៃ បានឃើញអុសមួយធំ នាងនីយកដឹងពុសអុស។ លុះពុសយូរបន្តិចទៅដឺងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់។ នាងនីមើលទៅឃើញដឹងថារន្ធពស់កេងកងក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យ។ ឯពស់កេងកងឆ្លើយឡើងថា «អើ! បើនាងឯងដោយអញធ្វើជាប្រពន្ធអញ ទើបអញឲ្យដឹង បើនាងឯងមិនដោយអញធ្វើជា ប្រពន្ធអញនោះ អញមិនឲ្យដឹងទេ»។ នាងនីលឺពស់កេងកងថាដូចេ្នះហើយ ហេតុតែជាស្រីខូចក៏ព្រម ទទួលថា «អើ! លែងតែអ្នកឯងឲ្យដឹងមកចុះចាំល្ងាចឲ្យមេអេតមកហៅ»។ ពស់កេងកងលឺនាងនីថាដូច្នោះ ក៏ឲ្យដឹងមក។ នាងនីផ្តាំថា «ដល់ល្ងាចសឹមឲ្យមេអេតមកហៅ»។ ហើយនាងនីក៏ទូល​អុសទៅផ្ទះ ជាមួយនាងអេត។ លុះដល់ព្រលប់នាងនីក៏ប្រើនាងអេតជាកូនទៅហៅពស់កេងកង។ នាងអេតទៅដល់រន្ធពស់ឆ្លើយថា «ពស់កេងកង! ៗ នាងនីឲ្យហៅ»។ ឯពស់កេងកងលឺហើយចេញមក។ នាងអេតឃើញពស់ក៏ភ័យព្រឺស្ញើបអស់ទាំងខ្លួន ប៉ុនែ្តខ្លាចម្តាយព្រោះម្តាយប្រើមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះ។ ពស់នោះ ធំណាស់លូនទៅលើស្មៅបាក់រាបអស់។ ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនីនាងនីនិយាយនឹងពស់កេងកងថា «ខ្ញុំមានប្តី ឥឡូវនេះគាត់ទៅជួញអង្កាំពីរបីឆ្នាំមកម្តងៗ»។ ពស់កេងកងសួរថា «ប្តីនាង ឯងនៅប៉ុន្មានខែប៉ុន្មានថៃ្ងទៀតទើបមកដល់? » នាងនីឆ្លើយថា »មិនដឹងជាប៉ុន្មានខែ ប៉ុន្មានថៃ្ង ទៀតមកដល់ទេ»។ ពស់កេងកងលានាងនីទៅរូងវិញ នាងផ្តាំថា «បើប្តីខ្ញុំមក ខ្ញុំមិនឲ្យមេអេតទៅហៅទេ អ្នកកុំមក។ បើប្តីខ្ញុំមិនទាន់មកនោះខ្ញុំប្រើមេអេតឲ្យទៅហៅអ្នកសឹមអ្នកមក»។ ពស់កេងកងក៏ទៅរូងវិញទៅ។ រាល់តែល្ងាចនាងនី​ប្រើមេអេតឲ្យទៅហៅពស់កេងកង។ នាងអេតខ្លាចម្តាយក៏ទៅតាមពាក្យម្តាយប្រើ ប៉ុនែ្តក្នុងចិត្តខ្លាចពស់នោះណាស់ ដ្បិតពស់នោះធំហើយវែងផង មួយទៀតខឹងក្នុងចិត្តដ្បិតម្តាយ សាហាយនឹងពស់។ នាងអេតទៅដល់មាត់រូងហៅថា «ពស់កេងកង! ៗ នាងនីឲ្យហៅ» ។ ពស់កេងកង លឺក៏លូនចេញមកហើយឆ្លើយថា »អេតអើយអេត! បើអញទៅ ឱពុកអេតនឹងកាត់អញដាច់ »។

នាងអេត ឆ្លើយថា «ឱពុកអញទៅជួញអង្កាំពីរ-បីឆ្នាំមិនទាន់មកដល់»។ ពស់កេងកងបានលឺនាងអេតប្រាប់ដូច្នោះ ក៏លូនចេញពីរន្ធមក ហើយចេះតែទៅរាល់ថៃ្ង។ នាងនីសាហាយពស់កេងកងទាល់តែផើម។ ដល់យូរបនិ្តចទៅ ប្តីនាងនីមកពីជួញអង្កាំវិញឃើញនាងនីពោះធំក៏នឹកសង្ស័យ ក៏សួរនាងអេតជាកូន។ នាងអេត ប្រាប់ឱពុកថា «ម៉ែគាត់សាហាយនឹងពស់កេងកង។ តែវេលាព្រលប់កាលណាឲ្យតែខ្ញុំទៅហៅរាល់ថៃ្ង»។ ឪពុកលឺនាងអេតប្រាប់ដូច្នោះ ក៏និយាយនាងអេតថា «ដល់ល្ងាចហងឯងទៅហៅពស់នោះមកទៀត អញកាប់វា នៅមាត់ទ្វារ ហើយហងឯងកុំឲ្យម្តាយហងឯងដឹង»។ ឯនាងអេតលុះដល់ព្រលប់ក៏ទៅហៅពស់កេងកងថា »ពស់កេងកង! ៗ នាងនីឲ្យហៅ»។ ពស់កេងកងលឺហើយឆ្លើយថា »អេតអើយអេត! បើអញទៅ ឪពុកអេតនៅកាត់កអញដាច់»។ នាងអេតឆ្លើយថា «ឱពុកអញទៅជួញអង្កាំពីរ-បីឆ្នាំមិនទាន់មកដល់»។ ពស់កេងកងលឺនាងអេតប្រាប់ដូច្នោះ ស្មានថាឪពុក​មិនទាន់​មក​ពីជួញអង្កាំមែន ក៏ទៅដូចសព្វដង។ ឯឪពុក នាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់។ ពស់កេងកងលូនចូលមាត់ទ្វារបន្តិច ឪពុកនាងអេតកាត់ដាច់ ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្កាក មួយកំណាត់ខាងក្បាលយកទៅដាក់លើមែកពុទ្រា ឯកណ្តាលខ្លួនឲ្យនាងអេតយកទៅពន្លួះពន្លាត់សែ្បកចោល ហើយផ្តាំនាងអេតថា «កុំឲ្យម្តាយហងដឹង តែត្រូវទុកសាច់ស្លឲ្យម្តាយហងឯងស៊ី»។ ឪពុកនាងអេតក៏លាងឈាមពស់ជ្រះអស់មិនឲ្យមានសល់។ ឯនាងនីពុំបានដឹងថាប្តីកាប់ពស់ជាសាហាយស្លាប់ទេ ព្រោះពេលនោះនាងនីមិននៅ ទៅសួរបងប្អូននៅផ្ទះឆ្ងាយ។ លុះព្រឹកឡើងនាងអេតយកសាច់ពស់ទុកឲ្យនាងនីជាម្តាយស៊ី។ នាងនីឃើញសម្លខ្លាញ់រលើបទាំងចានឆ្នាំង ក៏សួរនាងអេតថា «បានសាច់អ្វីស្លអេត?» នាងអេតប្រាប់ថា «សាច់ជ្រូក»។ នាងនីនឹកគិតស្មានថា សាច់ជ្រូកមែនក៏ដួសសម្លយកមកស៊ីបាយ។ កាលនាងអេត​ដួសសម្លយកមកឲ្យនាងនីជាម្តាយស៊ី មានកែ្អកមួយវាឃើញក្បាលពស់ដាក់លើមែកពុទ្រា វាចង់ស៊ីសាច់ពស់ វាបូលថា «ក៏ឡូវៗកេ្លមក្លមលេចសាច់់ប្តីឯង នាងនីកំពុងតែស៊ីបាយលឺកែ្អកបូល ដូច្នោះក៏មើលទៅលើដើមពុទ្រាឃើញក្បាលពស់កេងកងលើមែក ហើយនាងនីនឹកអាណិតស្រក់ទឹកភែ្នក តែនាងនីពុំហ៊ាននយំ ព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នា។ ប្តីឃើញនាងនីស្រក់ទឺកភែ្នកក៏សួរថា «ហេតុមេ្តចបានជាស្រក់ទឹកភែ្នក?»។ នាងនីឆ្លើយថា «ស៊ីបាយក្តៅសម្លក្តៅរលឹកកូនចៅរលោងទឹកភែ្នក»។ ឯកែ្អកនោះចេះតែបូល »ក៏ឡូវៗ ក៏កេ្លមក្លមលេបសាច់ប្តីឯង ក្បាលដាក់លើមែកពុទ្រា កន្ទុយដាក់លើ ស្កាក»។ នាងនីមើលទៅលើស្កាកឃើញកន្ទុយពស់កេងកងនៅទីនោះ ឯប្តីនាងនីដឹងថា ប្រពន្ធសាហាយ នឹងពស់កេងកងពិតប្រាកដក៏នឹកក្នុងចិត្តខឹងចង់សម្លាប់នាងនី ប៉ុនែ្តធើ្វមិនឲ្យនាងនីដឹងខ្លួន។ ដល់នាងនីផើម ចាស់ផៃ្ទជិតនិងសំរាល ប្តីបបួលទៅកក់សក់នៅមាត់បឹង។ លុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថា «ទៅទៀត ឲ្យឆ្ងាយពីស្រុកគេយើងនិងកក់សក់លេងឲ្យសប្បាយតែពីរនាក់ម្តង»។ នាងនីមិនដឹងខ្លួនថាប្តីគិតសម្លាប់ខ្លួន ស្មានថាប្តីនាំទៅកក់សក់មែន ក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅ។ លុះឃើញកំពុងមួយរាបស្អាតវាលល្អ ប្តី ប្រាប់ប្រពន្ធថា «កំពង់នេះរាបសប្បាយយើងឈប់កក់សក់នៅនេះចុះ»។ ឯនាងនីមិនដឹងថាប្តី គិតសំលាប់ខ្លួន ក៏អង្គុយកក់សក់នៅមាត់ច្រាំង។ ប្តីនោះក៏ហូតដាវកាប់នាងពីក្រោយខ្នងមិនឲ្យដឹងខ្លួន ដាច់ពាក់កណ្តាល ខ្លួនស្លាប់ទៅ។ ពេលនោះឃើញសុទ្ធតែជាកូនពោះលូនចេញពីពោះនាងនីមក។ ប្តីនាងនីក៏កាប់កូនពស់ នឹងដាវខ្លះកាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែងដី ខ្លះមុជក្នុងទឹក ខ្លះលូនចូលក្នុងព្រៃ ព្រោះហេតុនេះ បានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះ។ []

សូមមើលផងដែរ

[កែប្រែ]

ភាពយន្ត រឿងពស់កេងកងភាគទី ២

ភាពយន្ត រឿងរបាំអប្សរា

ឯកសារយោង

[កែប្រែ]
  1. យោងទៅតាមក្រុមព្រះសុរិយា
  2. យោងទៅតាម ប្រជុំរឿងព្រេងខ្មែរ