Jump to content

ភ្នំឧដុង្គ

ពីវិគីភីឌា
ភ្នំឧដុង្គ

ភ្នំព្រះរាជទ្រព្យ

ភ្នំអដ្ឋរស្ស
ទេសភាពភ្នំឧដុង្គ
ទេសភាពភ្នំឧដុង្គ
ទេសភាពភ្នំឧដុង្គ
ភ្នំឧដុង្គ is located in កម្ពុជា
ភ្នំឧដុង្គ
ទីតាំងភ្នំឧដុង្គ
កូអដោនេ: 11°48′N 104°45′E / 11.800°N 104.750°E / 11.800; 104.750
ប្រទេស  កម្ពុជា
ខេត្ត ខេត្តកណ្តាល
ស្រុក ស្រុកពញាឮ
ឃុំ ឃុំផ្សារដែក ​និង ឃុំភ្នំបាត
ភូមិ ភូមិភ្នំជ័យឧត្តម ភូមិស្រះពោធិ៍ ភូមិពោធិ៍រ៉ាល់ ភូមិត្រពាំងស្លែង និង ភូមិស្រះពោធិ៍
បានបង្កើតឡើង ១៦១៨
ល្វែងម៉ោង កម្ពុជា (ម.ស.ស.+7)

ទីតាំងភូមិសាស្រ្ត

[កែប្រែ]

ភ្នំឧដុង្តមានទីតាំងស្ថិតនៅក្បែររាជធានីឧដុង្គមានជ័យដែលជាអតីតរាជធានីខ្មែរនាសតវត្សរ៍ទី ១៧(ពីឆ្នាំ ១៦១៨ ដល់ឆ្នាំ ១៨៦៦) ហើយត្រូវបានបោះបង់ចោលដោយព្រះបាទនរោត្តមនៅក្នុងឆ្នាំ ១៨៦៦ ដោយធ្វើការផ្លាស់ប្តូរាជធានីទៅកាន់រាជធានីចតុមុខវិញរហូតដល់សព្វថ្ងៃ។ភ្នំឧដុង្តមានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីភាគពាយ័ព្យនៃរាជធានីភ្នំពេញ។ភ្នំឧដុង្គគឺជាខ្សែភ្នំមួយដែលលាតសន្ធឹងពីជើងទៅត្បូងប្រវែង ១៥០០ ម៉ែត្រនិងទទឹង ៧០០ ម៉ែត្រ។ទីកន្លែងនេះមានការទាក់ទាញជាថ្មីបន្ទាប់ពីការកសាងព្រះសក្យមុនីចេតិយដែលជាទីតម្កល់ព្រះសារីរិកធាតុរបស់ព្រះពុទ្ធដ៏ធំនិងព្រះពុទ្ធបដិមាតូចៗជាង ៣០០០ អង្គនៅលើកំពូលភ្នំឧដុង្គជ្រុងខាងជើងដែលមើលទៅឃើញធំខ្ពស់និងមានភាពស្រស់បំព្រង។ភ្នំនេះមានកំពូល ០៥ គឺកំពូលចេតីយ៍ទន្ទឹម កំពូលត្រៃត្រឹង្គ កំពូលភ្នំចេតីយ៍កំពូលបួន ព្រះអង្គចូលបរិនិព្វាន្ត និង កំពូលភ្នំអរិយកាស្សប។ភ្នំឧដុង្តសព្វថ្ងៃមានទីតាំងស្ថិតនៅក្នុងភូមិភ្នំជ័យឧត្តម ភូមិស្រះពោធិ៍ដែលភូមិទាំង ០២ នេះស្ថិតនៅក្នុងឃុំផ្សារដែកនិងភូមិពោធិ៍រ៉ាល់ ភូមិត្រពាំងស្លែង ភូមិស្រះពោធិ៍ដែលភូមិទាំង ០៣ នេះស្ថិតនៅក្នុងឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាលនិងមានចម្ងាយផ្លូវប្រមាណជា ៥១ គីឡូម៉េត្រពីទីរួមខេត្ត។ទេសភាពនៅលើកំពូលភ្នំនៅពេលយើងឡើងដល់កំពូលនៃភ្នំហាក់បីដូចជាខ្លួនយើងកំពុងជិះលើយន្តហោះព្រោះមើលទៅឃើញដើមត្នោត ផ្ទះសម្បែង ស្រែចម្ការរបស់អ្នកស្រុកព័ទ្ធជុំវិញហើយបើមើលទៅទិសខាងលិចឃើញភ្នំស្ទុងៗនៅឆ្ងាយសន្លឹមមើលទៅទិសខាងកើតឃើញដៃទនេ្លសាបនិងភូមិអ្នកស្រុកកំពង់ហ្លួងមើលទៅទិសខាងជើងឃើញភូមិវាំងចាស់និងផ្សារឧដុង្គនិងមើលទៅទិសខាងត្បូងឃើញផ្លូវជាតិលេខ ០៥ ទៅកាន់រាជធានីភ្នំពេញយ៉ាងវែងអន្លាយហាក់បីដូចខែ្សពួរមួយចង្វាយដែលគេរាយអញ្ចឹង។ភ្នំឧដុង្គមានទីកន្លែងសម្រាប់ជាទីសក្ការៈបូជារបស់ពុទ្ធសាសនិកកនែ្លងសម្រាប់អង្គុយលំហែមើលទេសភាពដ៏ស្រស់ត្រកាលពីលើកំពូលភ្នំមានលក់ភេសជ្ជៈម្អូបចំណីអាហារសម្បូរបែបជាច្រើនប្រភេទនិងមានលក់របស់វត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផងដែរជូនដល់ភ្ញៀវទេសចរណ៍ទាំងនៅក្នុងស្រុកនិងក្រៅស្រុកគ្រប់ៗរូបដែលបានទៅទស្សនាកម្សាន្ត។ភ្នំឧដុង្គឬជាភ្នំព្រះរាជ្យទ្រព្យនិងខ្លះទៀតហៅថាភ្នំអដ្ឋរស្សគឺជាអតីតរាជធានីរបស់ប្រទេសកម្ពុជាយើងនាសតវត្សរ៍ទី ១៧។ភ្នំនេះគឺជាទីកនែ្លងសម្រាប់បញ្ចុះព្រះអដ្ឋិធាតុនៃព្រះរាជវង្សានុវង្សនិងជាទីកនែ្លងដែលព្រះរាជាទ្រង់ព្រះរាជានុញ្ញាតឲ្យសាងសង់វត្តនិងព្រះវិហារ។ការដែលគេហៅភ្នំព្រះរាជ្យទ្រព្យដោយសារព្រះមហាក្សត្រជំនាន់នោះទ្រង់ឈ្វេងយល់ថាភ្នំនេះមិនខ្ពស់ពេកហើយស្ថិតនៅកែ្បរក្រុងឧដុង្គដែលជាព្រះបរមរាជវាំងស្រាប់ទៀតនោះទើបព្រះរាជាទ្រង់ចាត់ឲ្យកសាងព្រះចេតិយធំៗនិងមានចម្លាក់លម្អសម្រាប់បញ្ចុះព្រះបរមអដ្ឋិធាតុនិងព្រះអដ្ឋិធាតុនៃព្រះរាជវង្សានុវង្សដោយចាប់សាងបូជនីយដ្ឋាននោះដោយកម្លាំងព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គទើបសន្មតហៅថាភ្នំព្រះរាជទ្រព្យ។បើគេធ្វើដំណើរ ឡើងលើភ្នំតាមជណ្តើរខាងជើងដែលទើបធ្វើថ្មីនោះមានចំនួន ៥០៩ កាំដំបូងនោះគេនឹងបានឃើញព្រះសក្យមុនីចេតិយដ៏ធំនិងស្រស់ស្អាតមានកម្ពស់ ៤០ ម៉ែត្រ។ព្រះសក្យមុនីចេតិយចាប់បញ្ចុះបឋមសិលានាថៃ្ងព្រហស្បតិ៍ ០៩ រោច ខែទុតិយាសាធ ឆ្នាំជូត អដ្ឋស័ក ពុទ្ធសករាជ ២៥៤០ ដែលត្រូវនឹងថៃ្ង ០៨ ខែសីហា ឆ្នាំ ១៩៩៦។

ប្រវត្តិនៃក្រុងឧដុង្គ

[កែប្រែ]

បើតាមឯកសារប្រជុំរឿងព្រេងខែ្មរភាគទី ០៥ របស់ក្រុមជំនុំទំនៀមទម្លាប់ខែ្មរបានបញ្ជាក់ថាទីក្រុងឧដុង្គចាប់ផ្ដើមកសាងឡើងនៅក្នុងសតវត្សរ៍ទី ១៧ ក្នុងរជ្ជកាលព្រះបាទព្រះជ័យជេដ្ឋាទី ២។នៅក្នុងពុទ្ធសករាជ ២១៦៤ នៃគ្រិស្តសករាជ ១៦២០ ព្រះបាទជ័យជេដ្ឋាទី ២ សេ្តចគង់នៅព្រះបរមរាជវាំងល្វាឯមទ្រង់បាននាំសេនាបតីនិងនាមឺនសព្វមុខមន្រ្តីចុះព្រះរាជទីនាំងនាវាសេ្តចយាងទៅប្រពាតនៅតំបន់អូរក្រុងលាយនៅក្នុងខេត្តសំរោងទងទ្រង់ប្រថាប់នៅព្រះពន្លាជាយូរថៃ្ងរួចសេ្តចយាងទៅក្រសាលនៅតាដុងយាយជ័យទ្រង់ក៏ទតឃើញទីទួលមួយនៅតំបន់ស្រះកែវជាទីមានទេសភាពល្អក៏ទ្រង់ចាប់ព្រះទ័យហើយទ្រង់មានព្រះតម្រាស់ជាមួយមន្រ្តីមានហោធិបតីជាដើមថា"យើងចង់សាងព្រះរាជវាំងគង់នៅទីនេះតើអស់អ្នកទាំងពួងយល់ថាមេ្តច?"ឧកញ្ញ៉ាហោរាធិបតីមុំគន់គូរពិនិត្យមើលទីដីនោះដោយក្បួនហោរាសាស្រ្តហើយក្រាបបង្គំទូលថា"ទីនេះជាទីជ័យភូមិល្អណាស់ត្រូវតាមក្បួនទាយថានឹងមានឬទ្ធីតេជៈឈ្នះអស់សត្រូវទាំង ០៨ ទិស"ព្រះរាជាទ្រង់ជ្រាបដូច្នោះហើយក៏ចាត់ឲ្យឧកញ៉ាក្រឡាហោមកែវជានាយកចាត់ការកសាងព្រះបរមរាជវាំងនៅតំបន់ស្រះកែវនេះនៅថៃ្ង ០៥ កើត ខែផល្គុន ឆ្នាំវក ទោស័ក ពុទ្ធសករាជ ២១៦៤ នៃគ្រិស្តសករាជ ១៦២០ សេ្តចបានតាំងព្រះនាមព្រះនគរ(ទីក្រុង)ថ្មីនោះថាព្រះបរមរាជវាំងមហានគរឧដុង្គមានជ័យបុរីរម្យឧត្តមរាជនិវេសនដ្ឋានដែលហៅខ្លីៗថាក្រុងឧដុង្គមានជ័យ

ព្រះចេតិយត្រៃត្រិង្ស

[កែប្រែ]

ស្ថិតនៅខាងឆេ្វងដៃកែ្បរព្រះសក្យមុនីចេតិយទើបធ្វើថ្មីនោះយើងឃើញមានចេតិយធំៗ ០២ នៅកែ្បរគ្នានៅក្នុងនោះចេតិយខាងជើងមានឆ្លាក់រូបដំរីលេចក្បាលធ្លោឡើងប៉ុនដំរីមែនទែនគេហៅថាចេតិយសាមពាន់ត្រូវបានកសាងឡើងតាំងពីគ្រិស្តសករាជ ១៦២៣ ដោយព្រះបាទជ័យជេដ្ឋាទី ២ ដើម្បីបញ្ចុះព្រះបរមអដ្ឋិធាតុរបស់ព្រះបាទស្រីសុរិយោពណ៌ជាព្រះវររាជបិតាមានលម្អដោយក្បាច់និងចម្លាក់ក្បាលដំរីព័ទ្ធជុំវិញចំនួន ៣២ ហើយក៏មានចារឹកអក្សរ ០១ ផ្ទាំងនៅខាងមុខផងដែរថា«ពុទ្ធសករាជ ២១៦៦ មហាសករាជ ១៥៤៥ ចុល្លសករាជ ៩៨៥ ឆ្នាំកុរ បញ្ចស័ក គ្រិស្តសករាជ ១៦២៣ ព្រះបាទសម្ដេចព្រះជ័យជេដ្ឋាព្រះចៅក្រុងកម្ពុជាធិបតីទ្រង់សាងព្រះចេតិយត្រ័យត្រឹង្សលើភ្នំព្រះរាជទ្រព្យខេត្តសំរោងទងធ្វើបុណ្យបញ្ចុះព្រះបរមអដ្ឋិព្រះបាទសម្ដេចព្រះស្រីសូរិយោពណ៌ព្រះចៅក្រុងកម្ពុជាធិបតីព្រះវរាជបិតាប្រសូត្រឆ្នាំវក​សំរិទ្ធិស័កគ្រិស្តសករាជ ១៥៤៩ សុវណ្ណគតនៅឆ្នាំមមែឯកស័ក»អក្សរចារឹកនោះនៅមានបន្តទៀតប៉ុន្តែដោយសារតែរងនូវការខូចខាតរលុបបាត់ខ្លះៗទៅហើយនោះទើបមិនអាចមើលដឹងថាមានខ្លឹមសារបែបណានិងសរសេរបង្ហាញបន្តទៀតបានឡើយ។ផ្ទាំងអក្សរចារឹកខាងលើនេះត្រូវបានព្រះបាទព្រះសុីសុវត្ថិទ្រង់ត្រាស់បង្គាប់ឲ្យមន្ត្រីក្រមការធ្វើឡើងនៅក្នុងឆ្នាំម្សាញ់ នព្វស័ក គ្រិស្ដសករាជ ១៩១៧ ដើម្បីឲ្យប្រជានុរាស្ត្រខ្មែរបានដឹងគ្រប់ជំនាន់។ចេតិយខាងត្បូងជាប់គ្នានោះកសាងឡើងនៅក្នុងគ្រិស្តសករាជ ១៨៩១ ដោយព្រះបាទនរោត្តមដើម្បីបញ្ចុះព្រះបរមអដ្ឋិធាតុរបស់ព្រះបាទអង្គឌួងជាព្រះវររាជបិតាមានលម្អដោយក្បាច់និងអក្សរចារឹក ០១ ផ្ទាំងនៅខាងមុខនោះផងដែរថា«ពុទ្ធសករាជ ២៤៣៤ មហាសករាជ ១៨១៣ ចុល្លសករាជ ១២៥៣ ឆ្នាំថោះត្រីស័កគ្រិស្តសករាជ ១៨៩១ ព្រះបាទសម្ដេចព្រះនរោត្តមព្រះចៅក្រុងកម្ពុជាធិបតីកសាងព្រះចេតិយនេះនៅលើកំពូលភ្នំព្រះរាជទ្រព្យដើម្បីបញ្ចុះព្រះបរមអដ្ឋិព្រះបាទសម្ដេចព្រះហរីរក្សរាមាព្រះបាទអង្គឌួងព្រះចៅក្រុងកម្ពុជាធិបតីជាព្រះវររាជបិតាប្រសូតនៅឆ្នាំរោងអដ្ឋស័កសោយរាជ្យបាន ១៤ ឆ្នាំនិងទ្រង់សុវណ្ណគតឆ្នាំវកទោស័ក គ្រិស្តសករាជ ១៧៩៦ ព្រះជន្មាយុ ៦៥ ឆ្នាំនិងសម្ដេចព្រះរាជនីបរមបពិត្រប្រសូតនៅឆ្នាំកុរសព្វស័កសុវណ្ណគតឆ្នាំមមែនព្វស័កគ្រិស្តសករាជ ១៨៩៥ ក្នុងព្រះជន្មាយុ ៨១ ឆ្នាំនិងឆ្នាំម្សាញ់នព្វស័កថ្ងៃពុធ ០២ រោជខែអស្សុជគ្រិស្តសករាជ ១៩១៧ ព្រះបាទសម្ដេចព្រះសុីសុវត្ថិចោមចក្រពង្សព្រះចៅក្រុងកម្ពុជាធិបតីទ្រង់បានចាត់ព្រះរាជពិធីបញ្ចុះព្របរមអដ្ឋិសម្ដេចព្រះវរាជនីជាព្រះវរាជមាតាប្រសូត្រក្នុងឆ្នាំរោងទោស័កគ្រិស្ដសករាជ ១៨២០»។រីឯព្រះចេតិយធំ ០១ ទៀតស្ថិតនៅជួរជាមួយគ្នានោះដែរតែនៅឃ្លាតឆ្ងាយបន្តិចពីព្រះចេតិយទាំង ០២ ខាងលើនោះគឺព្រះចេតិយបញ្ចុះព្រះអដ្ឋិធាតុរបស់ព្រះបាទសុីសុវត្ថិ មុនីវង្សមានលម្អដោយក្បាច់ចម្លាក់និងមានរំលេចដោយចម្លាក់ព្រហ្មមុខ ០៤ នៅលើកំពូលតំណាងឲ្យព្រហ្មវិហារធម៌និងសេចក្ដីរីកចម្រើនរុងរឿងហើយក៏មានចារឹកជាអក្សរនៅខាងមុខព្រះចេតិយនោះផងដែរ។ចេតិយធំៗទាំង ០៣ ស្ថិតលើកំពូលភ្នំឧដុង្គជ្រុងខាងជើងត្រូវបានគេហៅថាព្រះចេតិយត្រៃត្រិង្ស

ចេតិយព្រះបាទច័ន្ទរាជា

[កែប្រែ]

នៅលើកូនភ្នំមួយប៉ែកអាគ្នេយ៍នៃភ្នំអដ្ឋរស្សដែលអាចទៅដល់ដោយចូលតាមវត្តធម្មកេរ្តិ៍មានព្រះចេតិយមួយគឺជាចេតិយរបស់ព្រះបាទព្រះច័ន្ទរាជាដែលជាក្សត្រមួយអង្គដែលមានស្នាព្រះហស្ថជាច្រើរួមមានការកសាងទីក្រុងលង្វែកនិងបន្តការងារចម្លាក់នៅជ្រុងខាងត្បូងនៃប្រាសាទអង្គរវត្តដែលឆ្លាក់មិនទាន់រួចជាដើម។នៅជិតនោះមានដុំថ្មដែលជាចម្លាក់ព្រះបាទនិងវិហារមួយដែលធ្លាប់រងនូវការទម្លាក់គ្រាប់បែកនៅក្នុងសម័យសង្គ្រាមផងដែរ។ចេតិយព្រះបាទចន្ទរាជាស្ថិតនៅពីមុខព្រះពុទ្ធចូលនិព្វានកសាងឡើងតាំងពីគ្រិស្តសករាជ ១៥៦៧ ដោយព្រះបាទបរមិន្ទរាជាទ្រង់សាងសម្រាប់បញ្ចុះព្រះអដ្ឋិធាតុនៃព្រះបាទច័ន្ទរាជាជាព្រះវររាជបិតា។ចេតិយនេះបែរមុខទៅទិសខាងជើងកសាងពីឥដ្ឋតាន់បូកបាយអ។

ចេតិយព្រះបាទសត្ថាទី ១ និង ព្រះបាទអង្គអេង

[កែប្រែ]

ទីកនែ្លងបែ្លកៗលើភ្នំឧត្តុង្គ

[កែប្រែ]

ចុះតាមជណ្តើរថ្មទៅខាងត្បូងបានបន្តិចមានកនែ្លងមួយដែលអ្នកស្រុកប្រាប់ថាជាមាត់រូងប៉ុនែ្តពុំឃើញមានរូងឡើយកាលពីសម័យដើមគឺមានរូងធំមួយតែងត្រូវបានព្រះសង្ឃធុតុង្គនិមន្តចេញចូលតាមរូងនេះដោយគេនិយាយថារូងនោះចូលទៅដល់ភ្នំប្រសិទ្ធិឯណោះ។តែចំណេរក្រោយមកពុំដឹងមូលហេតុអ្វីទេក៏ស្រាប់តែមានការបិទមាត់រូងនោះសន្ធប់ចោលរហូតមកបន្តដំណើរទៅខាងត្បូងទៀតគេនឹងឃើញគុហាជញ្ជាំងថ្មបាយកៀ្រមមួយតូចមានតម្កល់ព្រះពុទ្ធរូបមួយអង្គហៅថាលោកតាដំបងដែកដែលអ្នកស្រុកនៅទីនោះប្រាប់ថាគេតែងទៅធ្វើការបន់ស្រន់នៅទីនោះព្រោះល្បីថាពូកែស័ក្តិសិទ្ធិណាស់។នៅលើភ្នំនេះមានព្រះវិហារព្រះពុទ្ធសាសនាដែលអ្នកស្រុកហៅថាព្រះវិហារអដ្ឋរស្សខ្ពស់ត្រដែតស្ថិតនៅប៉ែកខាងត្បូងដែលព្រះវិហារនេះបែរមុខទៅរកទិសខាងជើងខុសប្លែកពីព្រះវិហារនៅតាមទីវត្តអារាមទាំងអស់ដែលបែរមុខទៅទិសខាងកើត។ដោយសារព្រះពុទ្ធរូបមានកម្ពស់ដល់ទៅ ១៨ ហត្ថទើបអ្នកស្រុកសន្មតនាមព្រះវិហារនេះថាវិហារអដ្ឋរស្សដែលមានន័យសំដៅព្រះពុទ្ធរូបកម្ពស់ ១៨ ហត្ថជាភាសាបាលីគឺ ១៨ នេះឯង។ព្រះវិហារនេះបានទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងដំណំនៅក្នុងអំឡុងសង្គ្រាមស៊ីវិលក្នុងទសវត្សរ៍ទី ៧០។បច្ចុប្បន្នព្រះវិហារនេះនៅសល់តែសសរធំៗ ០៨ រីឯដំបូលវិញត្រូវបានបំផ្លិចបំផ្លាញនៅសម័យខ្មែរក្រហមនៅក្នុងឆ្នាំ ១៩៧៧។បើទោះបីជាមានសង្គ្រាមបានបំផ្លិចបំផ្លាញយ៉ាងណាក៏ដោយក៏ភ្នំឧដុង្គនៅតែមានសម្រស់ធម្មជាតិ ទេសភាពដ៏ស្រស់ត្រកាល និង ជំនោរខ្យល់បរិសុទ្ធដែលអាចទាក់ទាញភ្ញៀវទេសចរណបានយ៉ាងច្រើន។

រូបភាព

[កែប្រែ]

ឯកសារយោង

[កែប្រែ]