រដ្ឋប្រហារកម្ពុជាឆ្នាំ១៩៩៧
រដ្ឋប្រហារកម្ពុជាឆ្នាំ១៩៧ [២][៣][៤] | ||||||||
---|---|---|---|---|---|---|---|---|
| ||||||||
ភាគីសង្គ្រាម | ||||||||
គណបក្សប្រជាជនកម្ពុជា | ហ៊្វុនស៊ិនប៉ិច | ខ្មែរក្រហម (ជម្លោះនៅភាគខាងជើងប្រទេសកម្ពុជា)[១] | ||||||
មេបញ្ជាការ និង មេដឹកនាំ | ||||||||
ហ៊ុន សែន កែ គឹមយ៉ាន |
នរោត្តម រណឫទ្ធិ ញឹក ប៊ុនឆៃ សេរី កុសល (នៅខេត្តបាត់ដំបង) |
ឈិត ជឿន | ||||||
សហេតុភាព និង ការខាងបង់ | ||||||||
គ្មានព័ត៌មាន | មន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិចប្រហែល ៤០ នាក់ត្រូវបានស្លាប់[៥] | គ្មានព័ត៌មាន |
រដ្ឋប្រហារកម្ពុជាឆ្នាំ១៩៩៧; អាចហៅបានថា "ព្រឹត្តិការណ៍ឆ្នាំ១៩៩៧" ឬ "វិបត្តិកម្ពុជាឆ្នាំ១៩៩៧" គឺជារដ្ឋប្រហារដែលរៀបចំឡើងដោយសហនាយករដ្ឋមន្រ្តីហ៊ុន សែនដើម្បីទម្លាក់សហនាយករដ្ឋមន្រ្តីនរោត្តម រណឫទ្ធិចេញពីអំណាច។ រដ្ឋប្រហារនេះបានប្រព្រឹត្តិធ្វើឡើងនៅខែកក្កដា ហើយបានបញ្ចប់ទៅវិញនៅខែកញ្ញានៃឆ្នាំ១៩៩៧។ មនុស្សយ៉ាងតិច ៣២ នាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងជម្លោះមួយនេះ។[៦]
រឿងដើម
[កែប្រែ]នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៩២, អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) ក្រោមអ្នកតំណាង អសប ឈ្មោះអាកាឝ៊ិ-យ៉ាស៊ុយឝ៊ិ និងចន ស៊ែនដឺរសុនបានចុះមកប្រទេសកម្ពុជាដើម្បីអនុវត្តផែនការដែលរៀបរាងដោយអង្គការសហប្រជាជាតិដែលបានចែងនៅក្នុងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ ការបោះឆ្នោតក៏ត្រូវបានធ្វើឡើងនៅឆ្នាំ១៩៩៣។
ក្រុមយោធាខ្មែរក្រហម ឫ គណបក្សកម្ពុជាប្រជាធិបតេយ្យ (គកប) ដែលនៅពេលនោះកំពុងកាន់កាប់ដែនដីកម្ពុជានៅភាគខាងជើងបានរារាំងប្រជាជនខ្មែរនៅតំបន់ពួកគេមិនឱ្យទៅចូលរួមក្នុងការបោះឆ្នោតឆ្នាំ១៩៩៣ (គេបានប៉ានស្មានថាពេលនោះប្រជាជនកម្ពុជាប្រមាណ ៦% គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម)។ ទោះបីជាយ៉ាងណា, ប្រជាជនកម្ពុជាចំនួន ៤ លាននាក់បានចូលរួមក្នុងការបោះឆ្នោត (ប្រមាណ ៩០% ជាអ្នកមានសិទ្ធិបោះឆ្នោត)។
គណបក្សរាជានិយមហ៊ុនស៊ិនប៉ិចក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិបានទទួលបានសម្លេងគាំទ្រងខ្ពស់ជាងគេគឺ ៤៥.៥%, បន្ទាប់គឺគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែន និងទីបីគឺគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនារបស់លោកសឺន សាន។ ទោះបីហ៊្វុនស៊ិនប៉ិចបានឈ្នះការបោះឆ្នោតក្តី ពួកគេបានចូលក្នុងកិច្ចពិភាក្សាចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះថាលោកហ៊ុន សែនមិនព្រមលះបង់និងប្រគល់អំណាចទៅឱ្យរណឫទ្ធិ។[៧]
ក្រោយពីកិច្ចពិភាក្សាបានបញ្ចប់, រាជរដ្ឋាភិបាលកម្ពុជាថ្មីក៏បានបង្កើតឡើងដែលមានព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិជានាយករដ្ឋមន្រ្តីទីមួយ និងសម្តេចហ៊ុន សែនជានាយករដ្ឋមន្រ្តីទីពីរ។
មូលហេតុ
[កែប្រែ]ព្រឹត្តិការណ៍កាលពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ បានទាញឲ្យអ្នកនយោបាយបកស្រាយផ្ទុយគ្នា។ អង្គការមិនមែនរដ្ឋាភិបាល និងគណបក្សប្រឆាំងសុទ្ធតែយល់ឃើញថា វាជាព្រឹត្តិការណ៍ដណ្ដើមអំណាចគ្នារវាងបក្សនយោបាយធំៗពីរកាលណោះ គឺគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា។ បើទោះជាមានការចោទប្រកាន់បែបនេះពីមជ្ឈដ្ឋានទូទៅ ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីក្រោមបង្គាប់របស់លោក ថ្លែងការពារថា "វាពុំមែនជាព្រឹត្តិការណ៍រដ្ឋប្រហាររបស់គណបក្សប្រជាជនកម្ពុជា ទេ ប៉ុន្តែហេតុការណ៍ដែលកើតឡើងពេលនោះ គឺគ្រាន់តែជាហេតុការណ៍ទប់ទល់សភាពការណ៍ពីកម្លាំងស្មោះត្រង់របស់ហ៊្វុនស៊ិនប៉ិច ប៉ុណ្ណោះ។"
អតីតមន្ត្រីខុទ្ទកាល័យសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ទទួលបន្ទុកផ្នែកព័ត៌មាន លោកគឹម សុខរកឃើញថាព្រឹត្តិការណ៍បង្ហូរឈាមឆ្នាំ១៩៩៧ គឺជារដ្ឋប្រហារយោធារបស់គណបក្សប្រជាជនកម្ពុជា។ លោកបន្តថា"មូលហេតុដែលនាំឲ្យកើតមានព្រឹត្តិការណ៍នេះឡើងក្រោមហេតុផលមួយចំនួនដូចជាលោកហ៊ុន សែនបារម្ភខ្លាចការចាញ់ឆ្នោតនៅឆ្នាំ១៩៩៨ ដែលជាអាណត្តិទី២។ បន្ថែមពីលើនេះ មានមន្ត្រីជាន់ខ្ពស់ដែលស្និទ្ធនឹងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ មួយចំនួនបានក្បត់នឹងព្រះអង្គ។" លោកគឹម សុខយល់ឃើញថា ស្ថិតក្រោមហេតុផលនេះហើយដែលជំរុញនាំឱ្យមានព្រឹត្តិការណ៍រដ្ឋប្រហារយោធាកាលពីឆ្នាំ១៩៩៧ កើតឡើង។[៨]
ជម្លោះរវាងក្រុមសម្ព័ន្ធនីមួយៗ
[កែប្រែ]នៅឆ្នាំ១៩៩៧, ភាពតានតឹងរវាងគណបក្សកាន់អំណាចទាំងពីរគឺបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំដោយនរោត្តម រណឫទ្ធិ និងបក្សរបស់ហ៊ុន សែន បានវិវត្តក្លាយទៅជាការប្រយុទ្ធប្រឆាំងបក្សពួកគ្នា ដែលជាលទ្ធផល បានបណ្តាលឱ្យបាត់បង់ជីវិតមនុស្សមួយចំនួន។ ព្រឹត្តិការណ៍នេះត្រូវបានស៊ើបថតដោយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិរួចហើយចាក់ផ្សាយទៅជុំវិញពិភពលោក, វិជ្ជាករមួយចំនួនបានពណ៌នាព្រឹត្តិការណ៍នេះថាជា"រដ្ឋប្រហារបង្ហូរឈាមដែលប្រព្រឹត្តិធ្វើឡើងដោយហ៊ុន សែន",[៩] ប៉ុន្តែអំណះអំណាងនេះមិនប្រាកដថាត្រឹមត្រូវ ១០០% នោះទេព្រោះថាការស៊ើបអង្កេតនិងការតាមដានគឺមានលក្ខណៈទាប។[១០] ក្នុងចំណោមមនុស្សតិចតួចបំផុតដែលបានព្យាយាមស្វែងមើលភស្តុតាងគឺឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាឈ្មោះថូនី ខេវិន,[១១] និងអ្នកសារព័ត៌មានអន្តរជាតិម្នាក់ឈ្មោះបារី-វេន ដោយលោកបានសរសេរថា, "នៅក្នុងព្រឹត្តិការណ៍ជម្លោះមួយនេះ កងកម្លាំងរបស់លោកហ៊ុន សែន... បានយកឈ្នះលើកងកម្លាំងរណឫទ្ធិនៅឯទីក្រុងភ្នំពេញ"។[១២]
ថូម៉ាស ហាំម៉ាប៊ឹក, ជាតំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិមនុស្សនៅកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងរបាយការណ៍ខែតុលា ឆ្នាំ១៩៩៧ របស់គាត់ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា គឺជា"រដ្ឋប្រហារ"ពិតៗ។[៧] រឿងជម្លោះនេះត្រូវបានគេកំណត់ថាជាព្រឹត្តិការណ៍ដ៏ឃោឃៅ: 'អំណាចទ្វេភាគី' ដែលត្រូវបានអនុលោមឱ្យអនុវត្តនៅឆ្នាំ១៩៩៣ បានអនុញ្ញាតិឱ្យបក្សប្រជាជនរក្សានូវការគ្រប់គ្រងលើរចនាសម្ព័ន្ធអំណាច; ខណៈពេលដែលហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សផ្លូវច្បាប់ បានផ្តាច់សម្ព័ន្ធភាព – រណសិរ្សរួបរួមជាតិ – ជាមួយនឹងគណបក្សសម រង្ស៊ី;[១១] បន្ទាប់ពីបក្សទាំងពីរបានចោទគ្នាទៅវិញទៅមកថា បានព្យាយាមធ្វើសមាហរណកម្មអតីតទាហានខ្មែរក្រហម (ពោលគឺទាញឱ្យខ្មែរក្រហមចូលពាក់ព័ន្ធជាមួយ)។
ដូច្នេះហើយ លោកហ៊ុន សែនបានចោទរណឫទ្ធិថា បានចូលដៃជាមួយទ័ពខ្មែរក្រហមដើម្បីទម្លាក់លោកចេញពីអំណាច (ក៏ប៉ុន្តែ នេះមិនមែនមានន័យថាហ៊ុន សែនមិនជាប់ទាក់ទងអ្វីជាមួយខ្មែរក្រហមនោះទេ ព្រោះថាកងកម្លាំងរបស់លោកហ៊ុន សែនមួយចំនួនគឺជាអតីតខ្មែរក្រហមនុះឯង)។[១៣]
នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៩៧, កងកម្លាំងរបស់បក្សប្រជាជនដែលដឹកនាំដោយលោកឧត្តមសេនីយ៍កែ គឹមយ៉ានបានឡោមព័ទ្ធយោធភូមិយោធារបស់លោកញឹក ប៊ុនឆៃនៅខេត្តកំពង់ស្ពឺ។ កែ គឹមយ៉ានបានព្យាយាមនិយាយប្រលោមឱ្យលោកប៊ុនឆៃរំសាយទ័ពរបស់លោកចោលប៉ុន្តែបានទទួលបរាជ័យ។[១៤] ខណៈពេលនោះដែរ កងរាជអាវុធហត្ថ គបក បានទៅគេហដ្ឋានរបស់ឧត្តមសេនីយ៍ហ៊្វុនស៊ិនប៉ិចម្នាក់គឺលោកចាវ សម្បត្តិ ហើយទាមទារឱ្យលោកបញ្ជាទ័ពហ៊្វុនស៊ិនប៉ិច ឱ្យទម្លាក់ចុះនូវអាវុធរបស់ពួកគេហើយទទួលចុះចាញ់។[១៥] ញឹក ប៊ុនឆៃបានឆ្លើយតបទៅវិញដោយបញ្ជាឱ្យកម្លាំងរបស់លោកប្រឆាំងទប់ទល់នឹងកងទ័ពនិងកងរាជអាវុធហត្ថ គបក[១៦] បន្ទាប់មកការប្រយុទ្ធគ្នាក៏បានផ្ទុះឡើងនៅមូលដ្ឋានយោធាតាំង ក្រសាង និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ[១៥]
ភ្លាមៗនោះលោកហ៊ុន សែនក៏បានវិលត្រលប់មកពីវិស្សមកាលរបស់លោកនៅវង់តាវ។[១៧] នៅថ្ងៃបន្ទាប់ លោកហ៊ុន សែនបានដាក់ពង្រាយកងអង្គរក្សរបស់លោកចូលទៅក្នុងកងកម្លាំង គបក ដែលកំពុងប្រយុទ្ធប្រឆាំងនឹងហ៊្វុនស៊ិនប៉ិច។ កងទ័ពហ្វ៊ុនស៊ិនប៉ិចបានផ្ដើមការប៉ុនប៉ងវាយលុកកងទ័ព គបក តែត្រូវបានកងអង្គរក្សនិងកងទ័ពប្រចាំការរបស់លោកហ៊ុន សែនវាយបណ្តេញចេញភ្លាមៗ ដែលធ្វើឱ្យខាងហ៊្វុនស៊ិនប៉ិចទទួលរងការខាតបង់ជាទម្ងន់។ ក្រោយមកទៀត កងកម្លាំងហ៊្វិនស៊ិនប៉ិចក៏បានដកថយពីទីតាំងរបស់ពួកគេ[១៨] ហើយក៏រត់ទៅអូរស្មាច់នៅឯខេត្តឧត្តរមានជ័យ។[១៩]
ទោះជាចលនាតស៊ូរាជានិយមត្រូវបានបង្ក្រាបរួចនៅភ្នំពេញមែន ប៉ុន្តែនៅភាគខាងជើងប្រទេសកម្ពុជា, កងកម្លាំងរួមហ៊្វុនស៊ិនប៉ិច-ខ្មែរក្រហមនៅតែបន្តប្រឆាំងនឹងកងកម្លាំងហ៊ុន សែនរហូតដល់ខែកញ្ញា ឆ្នាំ១៩៩៧។[១][២០]
ក្រោយពីហ៊ុន សែនបានឡើងដណ្តើមអំណាច, រណឫទ្ធិក៏បាននិរទេសខ្លួនព្រះអង្គទៅកាន់ទីក្រុងប៉ារីស។ មេដឹកនាំនិងសមាជិកជាន់ខ្ពស់ខ្លះនៃគណបក្សហ៊្វុនស៊ិនប៉ិចត្រូវបានបង្ខំឱ្យរត់ចេញចោលប្រទេសមាតុភូមិ, ចំណែកអ្នកដែលនៅត្រូវបានបាញ់សម្លាប់ចោល។ អ៊ឹង ហួតត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្រ្តីទីមួយថ្មីរហូតដល់ការបោះឆ្នោតឆ្នាំ៩៨។
មេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចក៏បានវិលត្រឡប់មកប្រទេសកម្ពុជាវិញមុនពេលការបោះឆ្នោតសភាជាតិនៃឆ្នាំ១៩៩៨។ នៅក្នុងការបោះឆ្នោតឆ្នាំនោះ គបក បានទទួលបានសម្លេងឆ្នោតគាំទ្រ ៤១% ហ៊្វុនស៊ិនប៉ិច ៣២%, និងគណបក្សសម រង្ស៊ី (គសរ) ១៣%។ អ្នកសង្កេតការណ៍អន្តរជាតិជាច្រើនបានធ្វើការវិនិច្ឆ័យការបោះឆ្នោតនេះថាមានកំហុសខុសឆ្គងច្រើនដោយអះអាងថាមានអំពើហិង្សានយោបាយ ការគំរាមកំហែង និងកង្វះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ គបក និងហ៊្វុនស៊ិនប៉ិចក៏បានបង្កើតរដ្ឋាភិបាលចម្រុះមួយទៀតដោយលើកនេះមាន គបក ជាដៃគូជាន់ខ្ពស់។
ឯកសារយោង
[កែប្រែ]- ↑ ១,០ ១,១ "Cambodge: les royalistes assiégésAidés des Khmers rouges ils défendent leur - Libération". Archived from the original on 2009-09-04. Retrieved 2009-08-26.
- ↑ Hul, Reaksmey (9 July 2015). "Opposition Marks Anniversary of 1997 Coup". Voice of America. https://www.voacambodia.com/a/opposition-marks-anniversary-of-1997-coup/2855042.html/។ បានយកមក 3 August 2019.
- ↑ Willemnys, Alex (5 July 2017). "Making of a strongman: In July 1997, Hun Sen took full control of the country – and his party". The Phnom Penh Post. https://www.phnompenhpost.com/national-post-depth-politics/making-strongman-july-1997-hun-sen-took-full-control-country-and-his/។ បានយកមក 3 August 2019.
- ↑ Hutt, David (28 June 2017). "Remembering the Cambodian Coup". The Diplomat. https://thediplomat.com/2017/06/remembering-the-cambodian-coup/។ បានយកមក 3 August 2019.
- ↑ Anatomy of a Crisis. Books.google.ee. 2000. p. 150. ល.ស.ប.អ. 9780824822385. https://books.google.com/books?id=qMBgWV5SYekC។ បានយកមក 2015-01-23.
- ↑ "A coup in Cambodia | Asia | The Economist". archive.is. 2020-12-07. Retrieved 2021-02-17.
- ↑ ៧,០ ៧,១ "Cambodia: July 1997: Shock and Aftermath | Human Rights Watch". Archived from the original on 2009-09-04. Retrieved 2009-08-26.
- ↑ មូលហេតុដែលនាំឲ្យកើតមានព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី៥-៦ ខែកក្កដា, វិទ្យុអាស៊ីសេរី
- ↑ ""Bloody coup" theory". Archived from the original on 2009-09-04. Retrieved 2009-08-26.
- ↑ "Matthew Grainger, EU media guru says Ranariddh guilty". Archived from the original on 2009-09-04. Retrieved 2009-08-26.
- ↑ ១១,០ ១១,១ Tony Kevin (21 May 1998). "U.S. Errs in Cambodia Policy, FEER" (PDF). Acic.info. Retrieved 2014-10-16.
- ↑ "Dr. Michael Vickery, The July 1997 shootout". Phnom Penh Post. Retrieved 2014-10-16.[តំណភ្ជាប់ខូច]
- ↑ "Cambodia: July 1997: Shock and Aftermath by Brad Adams". Archived from the original on 2009-09-04. Retrieved 2009-08-26.
- ↑ Peou (2000), p. 299
- ↑ ១៥,០ ១៥,១ Peou (2000), p. 300
- ↑ Widyono (2008), p. 258
- ↑ Mehta (2013), p. 255
- ↑ Mehta (2013), p. 257-8
- ↑ Widyono (2008), p. 254
- ↑ Barber, Jason (12 September 1997). "War spills over border; O'Smach stalemated". Phnom Penh Post. https://www.phnompenhpost.com/national/war-spills-over-border-osmach-stalemated។ បានយកមក 15 April 2018.