Jump to content

រាជវង្សជិនខាងលិច

ពីវិគីភីឌា
History of China
History of China
ប្រវត្តិសាស្ត្រចិន
សម័យបុរាណ
ថ្មរំលីង រ. ៨៥០០–រ. ២១០០ មគ.
រាជវង្សសៀ រ.២១០០– រ.១៦០០ មគ.
រាជវង្សសាង រ.១៦០០–រ.១០៤៦ មគ.
រាជវង្សចូវ រ.១០៤៥–២៥៦ មគ.
 ចូវខាងលិច
 ចូវខាងកើត
   សម័យផ្ការីក​និងស្លឹកឈើជ្រុះ
   សម័យនគរចម្បាំង
សម័យអធិរាជ
រាជវង្សឈិន ២២១ មគ.–២០៦ មគ.
រាជវង្សហាន ២០៦ មគ.–២២០ គស.
  ហានខាងលិច
  រាជវង្សថ្មី
  ហានខាងកើត
នគរបី ២២០–២៨០
  អ៊ួយ ស៊ូ និង អ៊ូ
រាជវង្សជិន ២៦៥–៤២០
  ជិនខាងលិច នគរ១៦
៣០៤–៤៣៩
  ជិនខាងកើត
រាជវង្សខាងត្បូងនិងខាងជើង
៤២០–៥៨៩
រាជវង្សសួយ ៥៨១–៦១៨
រាជវង្សថាង ៦១៨–៩០៧
  ( ចូវទី២ ៦៩០–៧០៥ )
រាជវង្ស៥ និង
នគរ១០

៩០៧–៩៦០
រាជវង្សលៀវ
៩០៧–១១២៥
រាជវង្សសុង
៩៦០–១២៧៩
  សុងខាងជើង សៀខាងលិច
  សុងខាងត្បូង ជិន
រាជវង្សយាន ១២៧១–១៣៦៨
រាជវង្សមិង ១៣៦៨–១៦៤៤
រាជវង្សឈិង ១៦៤៤–១៩១១
សម័យទំនើប
សាធារណរដ្ឋចិន ១៩១២–បច្ចុប្បន្ន
សាធារណរដ្ឋប្រជាមានិត
ចិន

១៩៤៩–បច្ចុប្បន្ន
សាធារណរដ្ឋ
ចិន

(តៃវ៉ាន់)
១៩១២–បច្ចុប្បន្ន

រាជវង្សជិនខាងលិច (ឆ្នាំគ.ស ២៦៥-៣១៦)

[កែប្រែ]

ឆ្នាំគ.ស ២៦៥ ស៊ឺម៉ាអៀនប្រកាសបង្កើតរាជវង្សជិនខាងលិចជំនួសរាជវង្សវុយរបស់ឆាវឆាវឬចូឆូ។ លុះដល់ឆ្នាំគ.ស ២៨០ រាជវង្សជិនខាងលិចបង្រ្កាបនគរអ៊ូបាន សភាពការបែងចែកអំណាចរបស់សាមកុកត្រូវរលាយបាត់ទៅ ផែនដីចិនមានឯកភាព កើតសន្ដិភាពបានមួយរយៈ។

រាជវង្សជិនខាងលិចជាសម័យដែលក្រុមត្រកូលអ្នកធំឈានចូលមកមានឥទ្ធិពលផ្នែកនយោបាយដល់កម្រិតកំពូល ដោយសារនយោបាយការគ្រប់គ្រងរស់ស៊ឺម៉ាអៀនឬជិនអ៊ូទីលំអៀងទៅរកផលប្រយោជន៍ត្រកូលអ្នកធំ។ ឯច្បាប់នៅផ្ដល់អភ័យឯកសិទ្ធិដល់ពួកម្ចាស់ដីមន្ដ្រីធំ ក្នុងការរៀបចំគ្រប់គ្រងដីធ្លីនិងប្រយោជន៍ផ្សេងៗ ដោយសំអាងលើលំដាប់តំណែង។ ប្រព័ន្ធបែបនេះបានបង្កឲ្យកើតជាអំណាចផ្ដាច់ការនៃត្រកូលពួកអ្នកធំទាំងអស់នោះ ធ្វើឲ្យកើតការបែកចែកលំដាប់ថ្នាក់មនុស្សក្នុងសង្គមដែលពុំធ្លាប់មាន គឺដើម្បីរក្សាអភ័យឯកសិទ្ធិនេះ រហូតដល់ថ្នាក់ចេញច្បាប់ស្អប់ខ្ពើមពុំព្រមអង្គុយរួមតុឬរៀបការឆ្លងខ្សែស្រឡាយជាមួយត្រកូលដែលពុំមានអភ័យឯកសិទ្ធិ ធ្វើឲ្យអ្នកដែលនៅក្រៅក្រុម ទោះជាបានចូលបម្រើរាជការក៏នៅតែត្រូវគេមើលថោកនិងចែកថ្នាក់ពុំឲ្យបានឡើងតំណែងឋានៈខ្ពស់។

ខណៈការបែងចែកក្រុមត្រកូលអ្នកធំចេះតែរីកធំឡើង វិវាទរវាងក្រុមត្រកូលនេះក៏កើតមានឡើងជាបន្ដបន្ទាប់ អំណាចការគ្រប់គ្រងរដ្ឋបាលក៏ចុះខ្សោយ ជាហេតុបង្កឲ្យកើតចលាចលនាពេលក្រោយមកទៀត។ ក្នុងសម័យនេះ ប្រទេសជាតិធ្លាក់ដុនដាប ក្រុមអ្នកមានអំណាចរស់នៅហ៊ឺហាចាយវាយខ្ជះខ្ជាយ ពោពេញទៅដោយវិវាទទាស់ទែងនិងអំពើពុករលួយ ខណៈដែលអ្នកក្រត្រូវបង់ភាស៊ីថ្លៃកប់ពពក ក្រុមបញ្ហាជនដែលកើតមកក្នុងសម័យនៃភាពច្របូកច្របល់នេះ គ្មានកម្លាំងនិងអស់សង្ឃឹម នាំគ្នាគេចពីការពិត មិនរួមដោះស្រាយបញ្ហាប្រទេសជាតិ ជីវិតវីវក់តែនឹងសុរានិងនិយាយតែពីរឿងគ្មានប្រយោជន៍ ឬបង្ហាញទស្សនៈមើលងាយមើលថោកអ្នកដទៃក្នុងសង្គម ជាដើម ដូច្នេះ តម្រាក្នុងការទស្សន៍ទាយនិងទស្សនៈបែបអភិនិហាមានការពេញនិយមជាខ្លាំង។

ក្នុងពេលជាមួយគ្នា ការប្រជែងដណ្ដើមអំណាចនយោបាយក្នុងរាជសំណាក់ក៏ផ្ទុះឡើងទ្វេគុណ។ អំណាចនៃការគ្រប់គ្រងរបស់រាជសំណាក់ធ្លាក់ក្នុងស្ថានភាពប្រកាសអាសន្ន។ ដោយសារស្ដេចជិនអ៊ូទីបានទទួលមេរៀនពីរាជវង្សវុយដែលពុំបានរៀបចំអំណាចឲ្យញាតិវង្ស ជាហេតុធ្វើឲ្យខ្សែរាជវង្សជិនដែលនៅក្នុងត្រកូលផ្សេងចូលប្លន់អំណាចបានដោយងាយ។ ដូច្នេះ ដើម្បីរក្សាព្រះរាជ្យអំណាចរបស់ខ្លួន ទ្រង់បានផ្ដល់យសសក្ដិដល់បណ្ដាញាតិវង្សឡើងធ្វើជាអង ផ្ដល់អំណាចក្នុងការត្រួតមើលការវិវត្ដន៍ផ្នែកយោធារបស់ក្រុមអ្នកធំក្រៅខ្សែញាតិវង្ស ធ្វើឲ្យក្រុមញាតិវង្សទាំងអស់នោះអាចបញ្ជាកម្លាំងទ័ពបានចំនួនមិនតិច។ ពេលដល់រជ្ជកាលស្ដេចជិនហ៊ុយទី ការផ្ដល់យសសក្ដិដែលពីដើមធ្វើឡើងដើម្បីរក្សាមូលដ្ឋានអំណាចរបស់រាជសំណាក់ ក្លាយជាឆ្នួននៃទំនាស់ការបែងចែកយសសក្ដិ ធ្វើឲ្យផ្ទៃក្នុងរាជសំណាក់កើតការដណ្ដើមអំណាចគ្នាយ៉ាងខ្លាំង។ បណ្ដាអងដែលស្ដេចបានប្រទានយសប្រជែងគ្នាដណ្ដើមអំណាចក្នុងនយោបាយ។ ចាប់តាំងពីឆ្នាំគ.ស ២៩១ ជារហូតមក រាជធានីលួយ៉ាង បានកើតហេតុចលាចល “៨ អងដណ្ដើមរាជបល្ល័ង្ក” អងទាំង ៨ អង្គនោះមានដូចជា អងវ៉ើយ អងលុន អងចុង អងយិង អងអ៊ី អងយ៉ុង និងអងយេវ។ អងមួយអង្គៗ លើកទ័ពវាយប្រហារគ្នាកើតជាសង្គ្រាមផ្ទៃក្នុង។ ហេតុការណ៍ជ្រួលច្របល់លើកនេះស៊ីពេលអស់ ១៦ ឆ្នាំ ទាហាននិងប្រជារាស្ដ្រស្លាប់រាប់សែននាក់ ទីក្រុងជាច្រើនត្រូវបំផ្លិចបំផ្លាយស្ទើរទាំងស្រុង ជាហេតុធ្វើឲ្យរាជវង្សជិនខាងលិចដែលពីដើមពុំមានភាពជោគជ័យផ្នែកសេដ្ឋកិច្ចស្រាប់ទៅហើយនោះ កាន់តែធ្លាក់ទៅរកភាពដុនដាបខ្លាំងឡើង ចុងក្រោយជិនហ៊ុយទីត្រូវថ្នាំពុលអស់ព្រះជន្ម បណ្ដាអងទាំងឡាយកាប់សម្លាប់គ្នាទាល់តែអស់កម្លាំងរៀងខ្លួន។

គិតចាប់តាំងពីសម័យរាជវង្សហានខាងកើតជាដើមមក ក្រុមជនជាតិភាគតិចដែលរស់នៅតាមតំបន់ជាយដែនភាគខាងលិចនិងភាគខាងជើងបានភាសខ្លួនចូលមករស់នៅក្នុងទឹកដីចិនជាបន្ដបន្ទាប់។ លុះដល់ចុងសម័យរាជវង្សវុយនិងរាជវង្សជិន ដោយសារកើតសភាពខ្វះកម្លាំងពលកម្មទើបតែងតែមានការប្រមូលក្រុមជនជាតិភាគតិចចំនួនជាច្រើនចូលមកធ្វើជាទាសករក្នុងប្រទេស។ ជនជាតិដើមផ្សេងៗ ពេលចូលមករស់នៅរយៈពេលវែងហើយ បានទទួលឥទ្ធិពលវប្បធម៌ជនជាតិហាន ផ្លាស់ប្ដូររបៀបរស់នៅដែលពីដើមធ្លាប់តែចិញ្ចឹមសត្វបែបពនេចរ បានងាកមកធ្វើស្រែចម្ការ អ្នកខ្លះក៏បានទទួលការសិក្សា ចូលបម្រើរាជការ ជាដើម។ ក្រោយមកដោយសារទទួលរងនូវការកៀបសង្កត់ពីសំណាក់ថ្នាក់ដឹកនាំនិងពួកម្ចាស់ដីជនជាតិហាន និងការតម្លើងភាស៊ីខ្លាំងពេក ធ្វើឲ្យកើតប្រេះឆាទំនាក់ទំនងគ្នាឡើង រហូតនៅទីបំផុត នាំគ្នាក្រោកបះបោរប្រឆាំងនឹងអំណាចរដ្ឋបាល ដោយក្រុមដែលចាប់ផ្ដើមមុនគេមានដូចជាក្រុមមេទ័ពរបស់ជនជាតិភាគតិចផ្សេងៗ ក្នុងកំឡុងចុងក្រោយនៃចលាចល ៨ អង។ ខណៈដែលបណ្ដាញាតិវង្សថ្នាក់ដឹកនាំម្នាក់ៗ បណ្ដាក់គ្នាស្លាប់ក្នុងសមរភូមិ មេទ័ពឈ្មោះលិវឆុង លើកទ័ពវាយរាជធានីលួយ៉ាងរបស់រាជវង្សជិនខាងលិច ចាប់ជិនហួយទីធ្វើជាឈ្លើយនិងសម្លាប់ចោលនាពេលក្រោយមកទៀត។ ញាតិវង្សនៃក្រុងឆាងអានបានដឹងដំណឹងនេះក៏បានប្រកាសលើកជិនមិនទីឡើងធ្វើជាស្ដេចបន្ដរាជវង្សជិនភ្លាម។ ប្រជាជននៅភាគខាងជើងដែលខ្លាចសង្គ្រាមបាននាំគ្នាភាសខ្លួនចុះមកភាគខាងត្បូង។ រហូតដល់ឆ្នាំគ.ស ៣១៦ កងកម្លាំងជនជាតិភាគតិចសុងនូវាយចូលនគរឆាងអាន ចាប់ជិនមិនទីដាក់ទោស រាជវង្សជិនខាងលិចក៏ដល់កាលអវសាន។ 

រាជវង្សជិនខាងលិចគ្រងអំណាចបាន ៥១ ឆ្នាំ មានក្សត្រត្រឹមតែ​ ៤ ព្រះអង្គ និងជារាជវង្សតែមួយក្នុងយុគសម័យវុយជិនជើងត្បូង (ឆ្នាំគ.ស ២២០-៥៨៩) ដែលមានការគ្រប់គ្រងផែនដីឯកភាពរបស់ចិន។