Jump to content

រាជវង្សឈីង

ពីវិគីភីឌា

រាជវង្សឈិង “ឆេង” រាជវង្សចុងក្រោយនៃផែនដីចិន (ឆ្នាំគ.ស ១៦៤៤-១៩១១)

[កែប្រែ]

ឆ្នាំគ.ស ១៦៤៤ អ៊ូសានគុយបើកច្រកសាន់ហៃកួនឲ្យកងទ័ពឈិងវាយគ្រប់គ្រងផែនដីចិន។ ស្ដេចមិងស៊ឺចុងធ្វើអត្ដឃាត។ រាជវង្សមិងរាជវង្សចុងក្រោយរបស់ជនជាតិហានចូលដល់កាលអវសាន។ ក្នុងឆ្នាំនេះដែរតួអឺគុន មេទ័ពធំរបស់ម៉ាន់ជូបានលើកស៊ុនជឺឲ្យឡើងគ្រងរាជ្យបង្កើតរាជវង្សឈិងនៅក្រុងប៉េកាំង។

តែកាលនោះ កងកម្លាំងតាមិង និងកងទ័ពប្រជាជនប្រឆាំងកងទ័ពម៉ាន់ជូមាននៅពាសពេញផ្ទៃប្រទេស ធ្វើឲ្យរាជសំណាក់ឈិង ត្រូវរួមដៃជាមួយអតីតមន្ដ្រីរាជវង្សមិងដែលព្រមចុះចូល​ មានដូចជា អ៊ូសានគុយ កឺងចុងមិង សាំងខឺលី ខុងយ៉ូវតឺ ផ្ដុំកម្លាំងបង្ក្រាបកងកម្លាំងភាគខាងត្បូងមានដូចជា ហ្វូអង លូអង ថាងអង គុយអងនិងកងកម្លាំងផ្សេងៗ ដែលនៅសេសសល់។

ឆ្នាំគ.ស ១៦៤៥ ក្នុងពេលដែលកងទ័ពម៉ាន់ជូវាយក្រុងយ៉ាងចូវ ស៊ឺខឺហ្វាមេទ័ពការពារក្រុងបាននាំទាហានចិនចំនួនតិចតួចប្រយុទ្ធតទល់ ៧ ថ្ងៃ ៧ យប់។ ពេលត្រូវវាយបែកក្រុង ស៊ឺខឺហ្វាត្រូវប្រហារជីវិត ហើយតួអឺគុនបានចេញបញ្ជាឲ្យសម្លាប់រង្គាលអ្នកស្រុកយ៉ាងចូវ ដោយក្នុង “កំណត់ត្រាដប់ថ្ងៃនៅយ៉ាងចូវ” របស់វ៉ាំងស៊ិនឈូ អ្នកសំណាងល្អបានរួចជីវិត បានសសេរថាការសម្លាប់អ្នកស្រុកយ៉ាងចូវប្រព្រឹត្ដិទៅក្នុងរយៈពេល ១០ ថ្ងៃឥតឈប់។

ក្នុងពេលនោះដែរ ទាហានម៉ាន់ជូវាយដណ្ដើមយកក្រុងណាននិង បន្ដទៅ ស៊ូចូវ ហាំងចូវ សុងចៀង ឆាងចូវ រហូតចុងក្រោយអាចបង្រាបក្រុមប្រឆាំងបានទាំងអស់ សល់តែក្រុមរបស់ចឺងឆឺងកុង ដែលដឹកនាំអ្នកប្រឆាំងកងទ័ពម៉ាន់ជូទៅតាំងមូលដ្ឋាននៅសៀម៉ឺន ជិនម៉ឺន។ក្រោយមកបានបណ្ដេញជនជាតិហូឡង់ចេញពីតៃវ៉ាន់ វាយដណ្ដើមកោះតៃវ៉ាន់ជាមូលដ្ឋានទ័ពចាំធ្វើសង្គ្រាមដើម្បីសង្គ្រោះរាជវង្សមិងពីកណ្ដាប់ដៃរាជវង្សឈិងអស់រយៈពេលជាងដប់ឆ្នាំទៀង។

ឆ្នាំគ.ស ១៦៦២ ក្រោយពេលបិតានិងប្អូនប្រុសជាច្រើននាក់របស់ចឺងឆឺនកុង ត្រូវខាងម៉ាន់ជូប្រហារជីវិត ទើបពួកសម្ព័ន្ធមិត្ដនិងញាតិសន្ដានចាប់ផ្ដើមមិនយល់ស្របចំពោះការប្រឆាំងនេះ។ ដោយសារយល់ឃើញថាគ្មានផ្លូវទទួលជោគជ័យ ចុងក្រោយពេលទល់ច្រក ចឺនឆឺនកុងក៏សម្រេចចិត្ដធ្វើអត្ដឃាត។ ក្រោយមកចឺងជិង បុត្រារបស់ចឺងឆឺងកុងបានស្នងតំណែងដឹកនាំក្រុមកងទ័ពប្រឆំាងនេះ ហើយពេលចឺងជិងស្លាប់ឆ្នាំគ.ស ១៦៨១ តំណែងនេះបានធ្លាក់មកលើចឺងខឺសួង។ ចឺងខឺសួងប្រយុទ្ធចាញ់ទាហានឈិងក្នុងឆ្នាំគ.ស ១៦៨៣ ទើបកងទ័ពនេះព្រមស្វាមីភក្ដិ និងធ្វើឲ្យតៃវ៉ាន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនម្ដងទៀត។

យុទ្ធសាស្ដ្រឈើទន់ -- ឈើរឹង

[កែប្រែ]

ការចូលមកក្នុងផែនដីចិនរបស់ជនជាតិម៉ាន់ជូជាដានប្រវត្ដិសាស្ដ្រម្ដងទៀតបន្ទាប់ពីសម័យរាជវង្សយួន ដែលជនជាតិហានត្រូវគ្រប់គ្រងដោយជនជាតិផ្សេងដែលចូលមកលុកលុយ។ តាមរយៈមេរៀនរបស់រាជវង្សយួនដែលប្រើតែកងកម្លាំងនិងភាពរឹងកញ្ជ្រឹសក្នុងការគ្រប់គ្រង ធ្វើឲ្យរាជវង្សមានអាទិភាពមិនបានដល់មួយរយឆ្នាំ ទើបបណ្ដាមេដឹកនាំជនជាតិម៉ាន់ជូជ្រើសរើសវិធីគ្រប់គ្រងបែបប្រើអំណាចនិងគុណសម្បត្ដិ។

មុននឹងវាយដណ្ដើមគ្របគ្រងផែនដីចិនទាំងមូលបាន កងទ័ពឈិងបានប្រើយុទ្ធសាស្ដ្រឲ្យតម្លៃចំពោះមន្ដ្រីឬមេទ័ពជនជាតិហាន មើលថែមន្រ្តីស្វាមីភក្ដិយ៉ាងល្អ ថែមទាំងលើកសរសើរមន្ដ្រីរាជវង្សមិងដែលមានភក្ដីភាពហ៊ានបូជាជីវិត ទោះជាការបូជាជីវិតនោះដើម្បីរាជវង្សមិងក៏ដោយ។ ក្រោយមកពេលវាយរាជធានីប៉េកាំងបាន ជនជាតិម៉ាន់ជូបានរៀបចំពិធីសពនិងសង់ផ្នូរថ្វាយមិងស៊ឺចុង ស្ដេចអង្គចុងក្រោយរបស់រាជវង្សមិងនិងមហេសី និងមានការរៀបចំប្រឡងដើម្បីស្វែងរកបណ្ឌិតចូលបម្រើរាជការ និងកាត់បន្ថយភាស៊ីតាមតំបន់ផ្សេងៗ ដែរ។

តែដើម្បីគ្រប់គ្រងឲ្យជនជាតិហានព្រមចំណុះក្រោមអំណាចគ្រប់គ្រងថ្មី រាជវង្សឈិងបានប្រើអំណាចដាច់ខាត និងសាហាវចំពោះក្រុមដែលប្រឆាំង ដូចជាក្នុងហេតុការណ៍សម្លាប់រង្គាលដប់ថ្ងៃនៅយ៉ាងចូវ ចេញបញ្ជាហាមមានការរួមក្រុម ជាពិសេសចេញបញ្ជាឲ្យជនជាតិហានទូទាំងប្រទេសកោរសក់ពាក់កណ្ដាលក្បាលទុកសក់ក្រងតាមបែបជនជាតិម៉ាន់ជូ ដោយចេញសេចក្ដីប្រកាសថា “មានក្បាលមិនមានសក់ (ឲ្យកោរខាងមុខទុកសក់ក្រងខាងក្រោយ) មានសក់មិនមានក្បាល” ដែលធ្វើឲ្យជនជាតិហានត្រូវបង្ហូរឈាមប្ដូរជីវិតអស់រាប់សែននាក់។

សម័យដើមរាជវង្ស - ការបង្ក្រាបក្រុមសក្ដិភូមិទាំងបី

[កែប្រែ]

បឋមក្សត្ររាជវង្សឈិង អាយស៊ីនចៀឡឺ ហ្វូលិន ឬហង់តេស៊ុនជឺ ដែលជាបុត្រាអង្គទី ៩ របស់ហួថៃជី ក្រោយពេលហួងថៃជីសុគត់ ក្រោមការជួយគាំទ្រពី សៀវចួងវ៉ើនហងហៅ ធ្វើឲ្យហ្វូលិនបានឡើងគ្រងរាជ្យក្នុងព្រះជន្ម ៦​ វស្សា ហើយសៀវចួងក៏ឡើងឋានៈជាថៃហៅ ដោយមានតួអឺគុន ដែលមានឋានៈជាព្រះបិតុលាជាអ្នកសម្រេចរាជការ និងមានចឺងឈិនវ៉ាំងជាជំនួយការ។ តួអឺគុនបានព្យាយាមក្ដោមអំណាចដែលមានស្រាប់ និងតែងតាំងខ្លួនជាព្រះរាជបិតា គ្រប់គ្រងកងទ័ព ៣ កងពល ក្នុងខណៈដែលហង់តេគ្រប់គ្រងកងទ័ពត្រឹមតែ ២ កងពល។

ឆ្នាំគ.ស ១៦៥០ ពេលតួអឺគុនស្លាប់ ស៊ុនជឺចាប់ផ្ដើមរួមផុតពីភាពជាស្ដេចអាយ៉ង បានប្រកាសរាជឱង្ការបញ្ចប់តំណែង បណ្ដាសក្ដិ និងរឹបអូសទ្រព្យសម្បត្ដិទាំងអស់របស់តួអឺគុន ជាការដាក់ទោសក្នុងបទចោទប្រើអំណាចហួសព្រំដែនក្នុងពេលមានជីវិត។ ក្រៅពីនោះគេនិយាយតៗ គ្នាថាមានការជីកគាស់យកសពតួអឺគុនមកវាយដោយឈើ និងវាយដោយខ្សែតីទៀតផង។

ក្រោយមក ដើម្បីឲ្យហង់តេមានអំណាចពិតប្រាកដវិញ ស៊ុនជឺបានទម្លាក់តំណែងញាតិវង្សជាច្រើនអង្គដែលធ្លាប់កាន់កាប់តួនាទីក្រសួងផ្សេងៗ និងដើម្បីកាត់បន្ថយការទាស់ទែងគ្នារវាងជនជាតិ ទ្រង់ចេញបញ្ជាឲ្យបញ្ឃប់ការរឹបអូសដីធ្លីប្រជារាស្ដ្រ កាត់បន្ថយច្បាប់ស្ដីអំពីជនគេចវេស ជម្រុញវប្បធម៌ហានដើម្បីឲ្យជនជាតិហាននិងជនជាតិម៉ានជូអាចរស់នៅរួមគ្នាបាន។ តែការនេះបង្កឲ្យមានវិវាទជាមួយមន្ដ្រីមិនតិចឡើយ។

ភាពខកបំណងលើផ្នែកនយោបាយ ធ្វើឲ្យស៊ុនជឺងាកមកចាប់អារម្មណ៍ស្នេហាលើអ្នកម្នាងតុងអឺ ដោយគេនិយាយថា អ្នកម្នាងតុងអឺ ដើមឡើយជាប្អូនថ្លៃរបស់ស៊ុនជឺ ជាភរិយារបស់ប៉មូប៉កួអឺ តែជិនស្និទ្ធនឹងស៊ុនជឺខ្លាំណាស់។ ក្រោយពេលប៉កួអឺស្លាប់ ក្នុងឆ្នាំទី​១៣ នៃរាជសម្បត្ដិ ស៊ុនជឺតែងតាំងនាងជាអ្នកម្នាងរបស់ខ្លួន។ ក្រោយពេលបានក្លាយជាអ្នកម្នាងរបស់ស៊ុនជឺបានមួយឆ្នាំ អ្នកម្នាងតុងអឺបានផ្ដល់កំណើតបុត្រាមួយអង្គ ដែលបម្រុងតែងតាំងជារជ្ជទាយាទ តែបុត្រាអង្គនេះបានស្លាប់នៅអាយុ ៣ ខែ ធ្វើឲ្យអ្នកម្នាងតុងអឺគ្រំាចិត្ដអស់ព្រះជន្ម និងផ្ដល់យសតាមក្រោយពីសៀវចួងហងថៃហៅ មកជាសៀវសៀនហងហៅ។

ហង់តេស៊ុនជឺគ្រងរាជដល់ឆ្នាំទី ១៨ (ឆ្នាំគ.ស ១៦៦១) ក៏សុគត់ក្នុងព្រះជន្ម ២៤ វស្សា។ តែការសុគត់របស់ព្រះអង្គក្លាយជាប្រស្នាអាថ៌កំបាំង ដោយអ្នកខ្លះថាព្រះអង្គខូចព្រះទ័យបាត់បង់មហេសីនិងព្រះរាជបុត្រ ធ្វើឲ្យប៉ះពាល់សុខភាពផ្លូវកាយនិងចិត្ដ និងអ្នកខ្លះថាជាការសុគត់ដោយសារជំងឺបូស។ កំណត់ត្រាអ្នកស្រុកថា ព្រះអង្គមានសទ្ធាក្នុងព្រះពុទ្ធសាសនាក៏ចេញសាងផ្នួសនៅភ្នំអ៊ូថៃ។ ចំណែអ្នកប្រវត្ដិសាស្ដ្រខ្លះថា ព្រះអង្គត្រូវគ្រាប់សុគត់ពេលដឹកនាំទ័ពទៅបង្ក្រាបកងកម្លាំងចឺនឆឺងកុងនៅតៃវ៉ាន់។

ក្រោយពេលស៊ុនជឺសុគត់ បុត្រាអង្គទីបីនាម អាយស៊ិនចៀវឡ ស្វៀនយៀ ដែលមានព្រះជន្មត្រឹម ៨ វស្សាឡើងគ្រងរាជ្យជាហង់តេខាំងស៊ី។ តាមវិន័យកម្មរបស់ស៊ុនជឺ បានឲ្យមន្ដ្រីធំបួននាក់ជួយបម្រើរាជកិច្ច។ ម្នាក់ក្នុងចំណោមបួនមានឈ្មោះអៅប៉ៃ កាន់កាប់អំណាចទាហាន និងតែងតែប្រើអំណាចកម្ចាត់មន្ដ្រីដែលប្រឆាំងនឹងខ្លួន។

ក្រៅពីនេះ ចាប់តាំងពីទាហានតាឈិងចូលក្នុងផែនដីចិនមក បានធ្វើការរឹបអូសដីកសិកម្មចំនួនជាច្រើន ដើម្បីបែងចែកឲ្យមន្ដ្រីថ្នាក់ខ្ពស់មកពី ៨ កងពល។ ក្រោយពេលអៅប៉ៃបានក្ដោបអំណាច មិនត្រឹមតែរឹបអូសដីធ្លីមកធ្វើជាសម្បត្ដិរបស់ខ្លួនទេ ថែមទាំងប្រើអំណាចគម្រាមប្ដូរដីរបស់ខ្លួនយកដីមានជីរជាតិជាច្រើនកន្លែង និងប្រហារជីវិតមន្ដ្រីដែលប្រឆាំងនឹងខ្លួន។

ពេលហង់តេខាំងស៊ីព្រះជន្ម ១៤ វស្សា ទ្រង់ចាប់ផ្ដើមប្រើអំណាចគ្រប់គ្រងដោយព្រះអង្គឯង។ ក្នុងខណៈនោះជាកំឡុងពេលដែលមន្ដ្រីម្នាក់ក្នុងចំណោមមន្ដ្រីដែលជួយក្នុងរាជកិច្ចឈ្មោះស៊ូខឺសាហា មានវិវាទជាមួយអៅប៉ៃ និងត្រូវអៅប៉ៃទម្លាក់កំហុសថ្វាយដីកាដល់ហង់តេដើម្បីដាក់ទោសប្រហារជីវិត តែខាំងស៊ីមិនព្រម។ អៅប៉ៃខឹងខ្លាំងដល់ថ្នាក់ប្រកែកតវ៉ាជាមួយខាំងស៊ី តែចុងក្រោយដោយសារពេលនោះអៅប៉ៃនៅមានឥទ្ធិពលខ្លាំង ទើបខាំងស៊ីស៊ូទ្រាំនិងប្រហារជីវិតស៊ូខឺសាហា។

រហូតដល់ថ្ងៃមួយ ខាំងស៊ីចេញបញ្ជាឲ្យអៅប៉ៃចូលគាល់តែម្នាក់ឯង ទ្រង់ប្រើមនុស្សជំនាន់ថ្មីដែលបានហ្វឹកហាត់រួមមកចាប់ខ្លួនអៅប៉ៃ រួចចេញបញ្ជាឲ្យយកទៅដាក់គុក និងឲ្យមន្ដ្រីផ្សេងៗ ពិនិត្យមើលកំហុស ឃើញថា អៅប៉ៃប្រឌិតបញ្ហាគម្រាមគេឯង សម្លាប់មនុស្សគ្មានកំហុស និងមានកំហុសធ្ងន់ធ្ងរជាច្រើន ទើបត្រូវដកបណ្ដាសក្ដិនិងប្រហារជីវិតចោល។

ក្រោយពេលកម្ចាត់អៅប៉ៃ មន្ដ្រីធំទំាងឡាយពុំមានអ្នកណាម៉ាក់ងាយឬមិនខ្លាចហង់តេវ័យក្មេងនេះទៀតឡើយ។ ពេលខាំងស៊ីបានអំណាចគ្រប់គ្រង ទ្រង់ចាប់ផ្ដើមគាំទ្រការផលិតនិងការដំាដុះ ដាក់ទោសមន្ដ្រីពុករលួយ ធ្វើឲ្យរាជវង្សដែលទើបបង្កើតឡើងរឹងមាំឡើងជាសន្សឹមៗ ។

តែក្នុងពេលនោះ ថ្វីបើអ្នកប្រឆាំងពីភាគខាងត្បូងត្រូវបង្ក្រាបអស់ហើយ តែក៏នៅមានមេសក្ដិភូមិបីនាក់ទៀតដែលបានទទួលព្រះរាជទានឲ្យគ្រប់គ្រងតំបន់សំខាន់ៗ នៅសម័យដែលតាឈិង ទើបតែស្ថាបនារាជវង្សក្នុងប្រទេសចិន ដោយសារបុគ្គលទំាងនោះជាអ្នកមានគុណសម្បត្ដិក្នុងការចូលដៃជាមួយតាឈិង និងបង្ក្រាបទាហានតាមិងចាស់ដែលងើបបះបោរ មានដូចជា អ៊ូសានគុយ ដែលគ្រប់គ្រងខេត្ដយុនណានជាមួយ គុយចូវ បូកជាមួយដែនដីមួយផ្នែកខ្លះរបស់ខេត្ដហ៊ូណាននិងសេឆួន សាំងខឺស៊ីគ្រប់គ្រងដែនដីខេត្ដក្វាងទុង និងផ្នែកខ្លះនៃខេត្ដក្វាងស៊ី និងកឺងចុងមិងដែលគ្រប់គ្រងនៅខេត្ដហ្វូចៀន (ហុកកៀន) ដោយទំាងបីនាក់នេះមានអំណាចស្មើនឹងស្ដេចនៃនគរមួយ គឺមានអំណាចបញ្ជាកងយោធា ប្រជារាស្ដ្រ និងមានអំណាចប្រមូលភាស៊ីព្រមទាំងគ្រប់គ្រងពានិជ្ជកម្មផ្ដាច់មុខទាំងអស់។ ថ្វីបើដូ​ច្នេះក្ដី ស្ដេចចក្រព័ត្ដិទាំងបីនាក់នៅតែទារប្រាក់ពីរាជសំណាក់ ដោយសំអាងលេសចំណាយលើវិស័យយោធា ជាពិសេសអ៊ូសានគុយ ដែលបានតែងតាំងជាភិងស៊ីអង បានទារប្រាក់ចំនួនដល់ទៅ ៩ លានតម្លឹង។

ខាំងស៊ីទ្រង់ជ្រាបយ៉ាងច្បាស់ថា មេសក្ដិភូមិទាំងបីនេះជាឧបសគ្គក្នុងការគ្រប់គ្រងប្រទេសឲ្យមានឯកភាព ទើបមានតម្រិះចង់កាត់បន្ថយអំណាចឬបញ្ចប់អំណាចរបស់មេសក្ដិភូមិទំាងនេះចោល។ ជួនជាពេលនោះជាពេលដែលសាំងខឺស៊ីមានអាយុកាន់តែច្រើនត្រូវការត្រឡប់ទៅស្រុកកំណើតនៅលៀវតុង ទើបបានធ្វើដីកាដើម្បីសុំឲ្យបុត្រាសាំងជឺស៊ិនបន្ដតំណែងអងនៅក្វាងស៊ី។ ខាំងស៊ីបានអនុញ្ញាតឲ្យសាំងខឺស៊ីត្រឡប់ទៅស្រុក តែបែរជាពុំព្រមឲ្យបុត្រាសាមងជឺស៊ិនបន្ដតំណែងឡើយ។ ហេតុការណ៍នេះធ្វើឲ្យអ៊ូសានគុយ និងកឺងជិងចុងចៅរបស់កឺងចុងមិងនៅពុំសុខ ចង់ស្ទង់ទឹកព្រះទ័យស្ដេចខាំងស៊ី ដោយការក្លែងសុំអង្វរឲ្យខាំងស៊ីដកបណ្ដាសក្ដិ និងសុំត្រឡប់ទៅភូមិភាគខាងជើងវិញ។

ពេលសំណើរខាងលើបញ្ជូនមកដល់រាជសំណាក់ ខាំងស៊ីទ្រង់កោះប្រជុំពួកមន្ដ្រី ដែលមន្ដ្រីភាគច្រើនយល់ឃើញថា សំណើរខាងលើនេះគ្រាន់ជាល្បិចសាកចិត្ដបុណ្ណោះ និងពេលណាដែលខាំងស៊ីអនុញ្ញាត អ៊ូសានគុយនឹងបង្កើតចលនាក្បត់ភ្លាម។ តែខាំងស៊ីបែរជាសម្រេចព្រះទ័យយ៉ាងដាច់ខាត ដោយត្រាស់ថា “អ៊ូសានគុយមានចិត្ដក្អេងក្អាង បើទម្លាក់គាត់នឹងកើតចលនាក្បត់ បើមិនទម្លាក់មុននឹងក្រោយគង់តែក្បត់ បើមិនចាត់ការមុនទេយើងនឹងចាញ់ប្រៀប”។ ក្រោយមកទ្រង់ស្របតាមសំណើរសុំដកបណ្ដាសក្ដិ និងអំណាចការគ្រប់គ្រងដែនដីរបស់អ៊ូសានគុយ ធ្វើឲ្យអ៊ូសានគុយដែលយល់ថាខ្លួនជាមន្ដ្រីដែលចូលរួមចំណែកកសាងផែនដីតាឈិន ត្រឡប់ជាត្រូវដកបណ្ដាសក្ដិដោយស្ដេចវ័យក្មេងមួយអង្គនេះ និងចុងក្រោយក៏បានបង្កើតចលនាក្បត់មែន។

ឆ្នាំគ.ស ១៦៧៣ អ៊ូសានគុយបានបរទ័ពពីខេត្ដយុនណាន ប្ដូរមកពាក់ឯកសណ្ឋានទាហានរាជវង្សមិងវិញ ដោយសំអាងថាចង់សងសឹកឲ្យរាជវង្សមិងដែលដួលរលំទៅហើយ តែប្រជាជននៅចាំបានយ៉ាងច្បាស់ថាអ៊ូសានគុយជាអ្នកបើកច្រកសានហៃកួន បើកដៃឲ្យសត្រូវចូលស្រុក ទើបលេសនេះពុំមាននរណាជឿ។ អ៊ូសានគុយបរទ័ពទៅយ៉ាងរលូន កងទ័ពក្បត់ឈ្នះជាបន្ដបន្ទាប់ វាយលុករហូតដល់ខេត្ដហ៊ូណាន។ ក្រោយមកបញ្ជូនមនុស្សឲ្យទៅទាក់ទងសាំងជឺស៊ិនជាមួយកឺងជិងចុងចូលរួមចលនាក្បត់របស់ខ្លួន។ អ្នកប្រវត្ដសាស្ដ្រហៅព្រឹត្ដិការណ៍នេះថា “ចលនាក្បត់ស្ដេចសក្ដិភូមិទាំងបី”។

ចលនាក្បត់ស្ដេចសក្ដិភូមិទាំងបី អាចវាយដណ្ដើមគ្រប់គ្រងតំបន់ភាគខាងត្បូងរបស់ចិនបាន តែខាំងស៊ីក៏ពុំព្រមប្ដូរចិត្ដ បានជ្រើសរើសមេទ័ពនាយកងបន្ថែម ផ្ដុំកងទ័ពតបតវិញ និងបញ្ឈប់ការដកបណ្ដាសក្ដិរបស់សាំងជឺស៊ិន និងកឺងជិងចុងជាមុន រហូតធ្វើឲ្យអ៊ូសានគុយក្លាយជាអ្នកចាញ់ប្រៀបវិញ។ ចុងក្រោយកម្លាំងកងកម្លាំងក្បត់ទាំងពីរព្រមចុះចាញ់រាជសំណាក់។

ថ្វីបើដំណាក់កាលដំបូងអ៊ូសានគុយទទួលបានជ័យជម្នះជារហូត តែទាហានឈិងបែរជាមានច្រើននិងរឹងមាំឡើងជាលំដាប់។ ក្នុងខណៈដែលកងកម្លាំងរបស់អ៊ូសានគុយចេះតែធ្លាក់ចុះជាលំដាប់ អ៊ូសានគុយចាប់ផ្ដើមដឹងថាមិនអាចទប់ទល់បានតទៅទៀត និងចុងក្រោយធ្លាក់ខ្លួនឈឺស្លាប់បាត់ទៅ។ ឆ្នាំគ.ស ១៦៨១ កងទ័ពតាឈិនបានបែងកងកម្លាំង ៣ មុខព្រួញវាយយកក្រុងគុនមិងនៅយុនណាន។ អ៊ូស៊ឺហ្វានចៅប្រុសរបស់អ៊ូសានគុយធ្វើអត្ដឃាត ទើបកងទ័ពតាឈិនអាចវាយឈ្នះដណ្ដើមដែនដីភាគខាងត្បូងត្រឡប់មកវិញ។

សម័យរុងរឿងនៃរជ្ជកាលខាំង - ឆៀន

[កែប្រែ]

សម័យរុងរឿងនៃរជ្ជកាលខាំង-ឆៀន ជាសម័យរុងរឿងចុងក្រោយក្នុងប្រវត្ដិសាស្ដ្ររាជវង្សចិន ដោយនិយាយអំពីរជ្ជកាលហង់តេខាំងស៊ី ហង់តេយ៉ុងចឺង និងហង់តេឆៀនឡុង សរុបជារយៈពេលជាង ១៣០ ឆ្នាំ។ ក្នុងកំឡុងពេលខាងលើ ដោយសារការគ្រប់គ្រងប្រព្រឹត្ដទៅក្នុងលំនាំតែមួយ អាចកាត់បន្ថយទំនាស់រវាងជនជាតិផ្សេងៗ និងជាតិហាន។ គោលនយោបាយប្រទេសមួយជនជាតិច្រើន ផ្ដោតលើវិស័យសេដ្ឋកិច្ចនិងសង្គម ធ្វើឲ្យសង្គមមានសុខសន្ដិភាពអស់រយៈពេលរាប់រយឆ្នាំ។

ក្រោយពេលខាំងស៊ីទទួលបានអំណាចពេញលេញក្នុងការគ្រប់គ្រង ក្រៅពីបញ្ចប់អំពើរឹបអូសដីធ្លី បន្ធូរបន្ថយភាស៊ីហើយ ដើម្បីការពារកុំឲ្យមានមន្ដ្រីពុករលួយ អាវស៊ិនចៀឡឺស្វៀនយៀ ឬខាំងស៊ីតែងតែចេញត្រួតការងារដើម្បីស្វែងយល់ពីដំណើរជីវិតប្រចាំថ្ងៃរបស់ប្រជាជន និងតាមដានលទ្ធផលនយោបាយគ្រប់គ្រងក្នុងទម្រង់ផ្សេងៗ ដែលគេដឹងជាទូទៅគឺទ្រង់ចេញត្រួតការភាគខាងត្បូង ៦ ដង ភាគខាងកើត ៣ ដង ភាគខាងលិច ១ ដង ត្រួតការក្នុងរាជធានីនិងម៉ុងកូលរាប់រយដង។ ក្រៅពីនេះនៅមានការធ្វើដំណើរដើម្បីពិនិត្យផ្លូវទឹកនៃទន្លេហួងហូនិងត្រួតពិនិត្យការងារសាងសង់ផងដែរ។

ខាំងស៊ីផ្ដល់ភាពសំខាន់លើបញ្ញាជនជនជាតិហានយ៉ាងខ្លាំង ផ្ដល់ការលើកតម្កើងចំណេះដឹងយូចៀ (លទ្ធិខុងជឺ) ជាពិសេស លីសៀវ របស់អ្នកប្រាជ្ញជូស៊ី។ ព្រះអង្គទ្រង់ធ្លាប់យាងទៅឈីហ៊្វូ ដើម្បីទៅសក្ការៈអារាមខុងជឺនាទីនោះដែរ។

ស្នាដៃមួយដែលចាប់កំណើតឡើងក្នុងយុគសម័យនេះគឺ “វចនានុក្រមខាំងស៊ី”។ មានរាជបណ្ឌិតចេញពីរាជតំណាក់វ៉ើនហួយ៉ាងចាងអ៊ីវស៊ូ ជាមួយរាជ្យបណ្ឌិតពីតំណាក់វ៉ើនយួន នាមឆឺនថឹងជិង ជាស្នូលក្នុងការរៀបរៀង ដោយបានធ្វើត្រួតពិនិត្យមើលអក្ខរវិធីអក្សរចិនដែលប្រើក្នុងសម័យរាជវង្សមិង និងជាតម្រាដែលត្រូវបានបោះពុម្ពយូរយារតាំងពីរជ្ជកាលខាំងស៊ីឆ្នាំទី ៥៥ ឬឆ្នាំគ.ស ១៧១៦ មករហូតដល់បច្ចុប្បន្ន។ ហង់តេខាំងស៊ីបានចេញបញ្ជាឲ្យរៀបរៀងវចនានុក្រមខាងលើក្នុងខែ ៣ ឆ្នាំគ.ស ១៧១០ ប្រើពេលរៀបរៀងដល់ទៅ ៦ ឆ្នាំ មានទាំងអស់​ ៤៧ ០៣៥ អក្សរ បែងជា ១២ ឈុត ឈុតនីមួយៗ មាន ៣ ផ្នត់ ដោយមានពាក្យអធិប្បាយអំពីអក្សរជាពាក្យសូរដូច តែន័យខុសគ្នា ឬអក្សររូបដូចគ្នាតែន័យខុសគ្នា ដែលក្រោយមកត្រូវបានយកមកប្រើជាមាត្រដ្ឋានដែលប្រើក្នុងការប្រឡងរាជការក្នុងរាជវង្សឈិង និងត្រូវបានផ្សព្វផ្សាយនាពេលក្រោយមកទៀត។ 

រជ្ជទាយាទអ៊ិនរ៉ឺង ចុះចេញពីតំណែងជាលើកដំបូង ដោយសារទ្រប់ដឹងថាមានប្រតិកម្មដែលនិយមភេទប្រុសដូចគ្នា និងចូលចិត្ដធ្វើបាបមន្ដ្រី ដោយក្នុងដំណើរការនៃការជ្រើសរើសរជ្ជទាយាទអង្គថ្មី អ៊ីនចឺន ឬហង់តេយ៉ុងចឺងក្នុងពេលក្រោយមកបានគាំទ្រឲ្យប្រគល់តំណែងទៅអ៊ិនរ៉ឺងវិញ រហូតដល់ឆ្នាំក្រោយមក ទើបមានការប្រគល់តំណែងឲ្យរជ្ជទាយាទដើម តែមកដល់ឆ្នាំគ.ស ១៧១២ ខាំងស៊ីទ្រង់បានទម្លាក់អ៊ិនរ៉ឺងចេញពីតំណែងរជ្ជទាយាទម្ដងទៀត និងមិនមានការតែងតាំងឬជ្រើសរើសរជ្ជទាយាទបន្ដឡើយ ធ្វើឲ្យក្នុងចំណោមព្រះរាជបុត្រកើតការទាស់ទែងគ្នាជាអាថ៌កំបាំងនិងបើកចំហយ៉ាងសាហាវ។

ក្នុងខណៈដែលអ៊ិនចឺន ខាងក្រៅបង្ហាញឲ្យឃើញថាខ្លួនមិនចាប់អារម្មណ៍ក្នុងការដណ្ដើមអំណាចជារជ្ជទាយាទ លះបង់គ្រប់យ៉ាងលើព្រះពុទ្ធសាសនា ដោយដាក់នាមខ្លួនឯងថា “អ្នកទំនេរលំដាប់ទីមួយនៃផែនដី” ព្យាយាមឲ្យមានសាមគ្គីភាពជាមួយព្រះរាជបុត្រអង្គផ្សេងៗ តែខាងក្រោយខ្នងបានផ្សំគំនិតជាមួយកឺងយ៉ៅ និងលូខឺតួបង្កើតកងកម្លាំងដ៏រឹងមាំរបស់ខ្លួនឡើង។ ក្រៅពីនោះ តាមរយៈការមានស្នាដៃក្នុងការដោះស្រាយបញ្ហាគ្រោះធម្មជាតិតាំងពីក្នុងកំឡុងចុងសម័យរាជវង្សមិងមក ធ្វើឲ្យមានការទុកព្រះទ័យពីស្ដេចខាំងស៊ីជាខ្លាំង។

តែក្នុងកំឡុងចុងរជ្ជកាល ហង់តេខាំងស៊ីសសើរបុត្រាទី​ ១៤ នាមអ៊ិនធី ថែមទាំងតែងតាំងជាមេទ័ពធំឲ្យធ្វើដំណើរទៅភូមិភាគខាងលិចឆៀងខាងជើង ធ្វើឲ្យពេលនោះមានការប៉ាន់ស្មានថា អ៊ិនធី អាចក្លាយជាទាយាទដែលខាំងស៊ីចង់ឲ្យបន្ដតំណែងរាជ្យបល្ល័ង្ក។

រហូតមកដល់រជ្ជកាលស្ដេចខាំងស៊ីឆ្នាំទី ៦១ ឬឆ្នាំគ.ស ១៧២២ ពេលខាំងស៊ីសុគត់ គួបជួនជាកំឡុងពេលដែលអ៊ិនចឺន បានទទួលព្រះរាជបញ្ជាឲ្យទៅធ្វើពីធីសក្ការៈមេឃា ធ្វើឲ្យត្រឡប់មកមិនទាន់ កំឡុងពេលដែលឡុងខឺតួកំពុងប្រកាសអ្នកបន្ដតំណែង ដែលក្នុងកំណត់ត្រាឲ្យអ៊ិនចឺនឡើងជាហង់តេតាឈិងបន្ដ។

អ៊ិនចឺនឡើងគ្រងរាជ្យជាហង់តេយ៉ុងចឺនក្នុងព្រះជន្ម ៤៥ ព្រះវស្សា ដំណើរការការឡើងគ្រងរាជរបស់ព្រះអង្គនៅជាប្រស្នារហូតមកដល់បច្ចុប្បន្ននេះ ដោយមានការនិយាយតគ្នាច្រើនបែបយ៉ាង ដោយកំណត់ត្រាប្រវត្ដិសាស្ដ្ររាជវង្សឈិងបានសរសេរថា ក្នុងឆ្នាំគ.ស ១៧២២ ហង់តេខាំងស៊ីទ្រង់ប្រឈួនរហូតសុគត់នាក្រុងប៉េកាំង ដោយមុនពេលសុគត់បានត្រាស់បញ្ជាឲ្យព្រះរាជ្យបុត្រា ៧ អង្គចូលគាស់ ក្រោយមកក៏ចេញរាជបញ្ជាឲ្យមេទ័ពជើងគោកលូខឺតួជាអ្នកផ្សព្វផ្សាយរាជសារ ឲ្យបុត្រាអង្គទី ៤ នាមអ៊ិនចឺន ដែលមានគុណសម្បត្ដិល្អ សមស្របក្នុងការបន្ដរាជបល្ល័ង្ក។

តែក្នុងកំណត់ត្រារបស់អ្នកស្រុក បានសសេរថា ដើមឡើងព្រះរាជសារច្បាប់ខាងលើនេះសសេរថាបន្ដតំណែងឲ្យព្រះរាជបុត្រអង្គទី ១៤ តែដោយសារមានការដែអក្សរលេខដប់ (十) ឲ្យទៅជាអក្សរពាក្យថា “ឲ្យទៅ” (于) ទើបចេញជាពាក្យថាផ្ទេរតំណែងឲ្យទៅព្រះរាជបុត្រទី ៤ ជំនួសវិញ។ ទោះជាយ៉ាងណាក៏ដោយ នាពេលក្រោយមកមានកំណត់សំណេរថា ព្រះពិន័យកម្មរបស់ខាំងស៊ី ត្រូវមានច្បាប់ដែលសសេរជាភាសាម៉ាន់ជូអមជាមួយ ដូច្នេះទោះជាអាចកែអក្សរហានក៏ដោយ ក៏ពុំអាចកែអក្សរក្នុងច្បាប់អក្សរម៉ាន់ជូដោយរបៀបខាងលើនេះបានដែរ គួបផ្សំនឹងសម័យនោះនៅពុំទាន់មានអក្សរកាត់ ដូច្នេះពាក្យថា “ឲ្យទៅ” ដែលត្រឹមត្រូវទើបគួរជាអក្សរ (於) ពុំមែនអក្សរ (于) ទេ។ ក្រៅពីនេះនៅមានពាក្យនិយាយតៗ គ្នាទៀតថា តាមពិតការដែលហង់តេខាំងស៊ីលើកឲ្យយ៉ុងចឺងជាអ្នកបន្ដរាជបល្ល័ង្ក គឺដោយសារព្រះអង្គមានចេតនាចង់ឲ្យរាជបល្ល័ង្គនាពេលអនាគតធ្លាក់ក្នុងដៃបុត្រារបស់យ៉ុងចឺងព្រះនាមហុងលី ឬហង់តេឆៀនឡុង ក្នុងរជ្ជកាលក្រោយមកទៀតនោះឯង។

ក្នុងកំឡុងរជ្ជកាលស្ដេចយ៉ុងចឺង ថ្វីបើទ្រង់ធ្វើទង្វើសាហាវលើបណ្ដាបងប្អូនរបស់ខ្លួន តែក៏ជាហង់តេដែលយកចិត្ដទុកដាក់ក្នុងកិច្ចការរាជកិច្ចយ៉ាងខ្លាំង។ ទ្រង់តែងភ្នាក់ពីបន្ទំមុនពេលព្រឹក និងត្រួតកិច្ចការរាជកិច្ចរហូតដល់យប់ជ្រៅ ទ្រង់រួមអំណាច រៀបចំប្រព័ន្ធប្រមូលភាស៊ី ហិរញ្ញវត្ថុរាជការ និងកម្ចាត់មន្ដ្រីពុករលួយរហូតឈានទៅរកសម័យរុងរឿងដល់ដំណាក់កាលកំពូលក្នុងរជ្ជកាលហង់តេឆៀនឡុង។

ក្រោយពេលស្ដេចយ៉ុងចឺនសុគត់ដោយសារការបំពេញរាជកិច្ចហួសពេក អាយស៊ិនចៀវឡហុងលី ឡើងគ្រងរាជជា ឆៀនឡុងហង់តេ។ ការគ្រប់គ្រង់រាជសម្បត្ដិរបស់ឆៀនឡុង ដំណើរការទៅដោយរលូន​ ដោយសារស្ដេចយ៉ុងចឺនខ្លាចកើតមានការដណ្ដើមរាជសម្បត្ដិរវាងព្រះរាជបុត្រដូចសម័យរបស់ខ្លួន ទើបប្រើសសេរឈ្មោះរជ្ជទាយាទហើយប្រថាបត្រា ក្រោយមកបែងជា ២ ឈុត មួយឈុតទុកក្នុងហិបដែកបោះត្រា និងមួយឈុតទៀតទុកដោយព្រះអង្គឯង ដោយចេញបញ្ជាឲ្យយកមកអានតំណាលគ្នាក្រោយពេលទ្រង់សុគត់។

ក្នុងរជ្ជកាលរបស់ឆៀនឡុងជាយុគមាសរបស់រាជវង្សឈិង តាមរយៈការធ្វើបដិវត្ដន៍នយោបាយប្រមូលពន្ធចំណូល ចំណាយ នយោបាយហិរញ្ញវត្ថុរបស់យ៉ុងចឺង បានធ្វើឲ្យសល់មាសប្រាក់ក្នុងរាជឃ្លាំងមកដល់រជ្ជកាលស្ដេចឆៀនឡុងយ៉ាងច្រើន។ គួបផ្សំនឹងប្រទេសជាតិគ្មានសង្រ្គាមក្នុងរយៈពេលយ៉ាងយូរ ការផលិតកើនឡើង ធ្វើឲ្យរាជការមានសម្បត្ដិច្រើន និងមានការរីកចម្រើនលើវិស័យផ្សេងៗ យ៉ាងច្រើន។

ព្រះអង្គបានចេញបញ្ជាឲ្យសើរើរឿងក្ដីទាមទារភាពស្អាតស្អំដល់មន្ដ្រីតាមិងឈ្មោះ យួនឆុងហួន ជាថ្មី។ ទ្រង់ខិតខំយកគំរូតាមព្រះអយ្យកោខាំងស៊ី ដោយការចេញត្រួតការរាជការនៅភាគខាងត្បូង ៦ ដង និងអភិវឌ្ឍន៍ប្រព័ន្ធធារាសស្ដ្រការពារគ្រោះធម្មជាតិ។ ការត្រួតការរាជការនេះ ជាយុទ្ធសាស្ដ្ររក្សាស្ថេរភាពនយោបាយក្នុងប្រទេស និងជាការបង្កើនសម្ព័ន្ធភាពរវាងជនជាតិម៉ាន់ជូនិងជនជាតិហានផងដែរ។

ឆុងចឺនបានដាក់ទោសប្រហារជីវិតយួនឆុងហួនដោយការព្រលះសាច់ទំាងរស់ក្នុងបទចោទផ្សំគំនិតជាមួយជនជាតិម៉ាន់ជូបង្កចលនាក្បត់ ដោយក្នុងកំណត់ត្រាហង់តេឈិងកៅចុង ឬហង់តេឆៀនឡុងបានសសេរថា “ថ្វីបើយួនឆុងហួនជាមេទ័ពតាមិង រារាំងទ័ពតាឈិងឲ្យពិបាកយកជ័យជម្នះ តែគាត់ជាបុគ្គលមានភក្ដីភាពចំពោះតួនាទីរបស់ខ្លួន។ គាត់មានម្ចាស់គ្មានសតិបញ្ញា មិនត្រឹមតែមិនសងគុណ តែបែរជាដាក់ទោសប្រហារជីវិតទៅវិញ ជារឿងគួរឲ្យសង្វេកខ្លាំងណាស់”។

ឆ្នាំគ.ស ១៧៧២ ឬរជ្ជកាលឆៀនឡុងឆ្នាំទី ៤៩

ស្នាដៃមួយទៀតដែលគេទទួលស្គាលមកទល់បច្ចុប្បន្នគឺ “ស៊ឺឃូឆ្វៀនស៊ូ” ឬចតុឃ្លាំងគម្ពីរ ជាសៀវភៅឈុតធំជាងគេបំផុតក្នុងពិភពលោក (បន្ទាប់គឺបទានុក្រមយ៉ុងឡឺក្នុងសម័យរាជវង្សមិង) ដោយប្រើពេលសម្អាតគម្ពីរនិងតម្រាផ្សេងៗ យូរដល់ទី ៩ ឆ្នាំ រួបរួមតម្រាបានទាំងអស់ ៣ ៥០៣ ប្រភេទ រៀបរៀងជា ៣៦ ៣០៤ ក្បាល ៧៩ ៣៣៧ មាត្រា មានចំនួនជិត ២​ ៣០០ ០០០ ទំព័រ មានអក្សរប្រមាណ ៨០០​ លានតួអក្សរ ដោយជាការរួបរួមគម្ពីរសំខាន់តាំងពីសម័យបុរាណ ដែលសៀវភៅខ្លះធ្លាប់ត្រូវកត់ចំណាំជាគម្ពីរត្រូវហាមក្នុងសម័យរាជវង្សឈិន គ្របដណ្ដប់លើវិជ្ជាច្រើនផ្នែកស្ទើរគ្រប់ប្រភេទក្នុងប្រទេសចិន។

ក្រៅពីសមត្ថភាពដ៏ប៉ិនប្រសប់លើច្រើនផ្នែកហើយ ហង់តេឆៀនឡុងជាប់ឈ្មោះជាហង់តេស្រឡាញ់ប្រជាជន និងមានសេចក្ដីព្យាយាមក្នុងការប្រតិបត្ដិរាជកិច្ចយ៉ាងខ្លាំង ធ្វើឲ្យមានមន្ដ្រីស្មោះត្រង់ជួយការងារគ្រប់គ្រងប្រទេសជាតិយ៉ាងច្រើន ដោយព្រះអង្គប្រឆាំងនឹងពួកមន្ដ្រីទារពន្ធយកទៅធ្វើមានបានផ្ទាល់ខ្លួន។

ក្នុងសម័យរជ្ជកាលខាំងឆៀន ជាសម័យរុងរឿងបំផុតក្នុងប្រវត្ដិសាស្ដ្រជិត ៣០០ ឆ្នាំនៃរាជវង្សឈិង ជាកំឡុងពេលរុងរឿងជាងគេរបស់ចិន មានផ្ទៃដីកសិកម្ម ចំនួនការផលិត ចំនួនប្រជាជនអ្នកមានមានច្រើនពិបាននឹងរកសម័យកាលណាមកប្រៀបបាន។ តាមរយៈកំណត់ត្រាស្ថិតិក្នុងរជ្ជកាលស្ដេចខាំងស៊ីឆ្នាំទី ២៤ ទូទាំងប្រទេសចិនមានផ្ទៃដីកសិកម្មដល់ទៅ ៦០០ លានរ៉ៃចិន។ មកដល់ចុងរជ្ជកាលស្ដេចឆៀនឡុងចិនមានផ្ទៃដាំដុះសរុប ១ ០៥០ លានរ៉ៃចិន។ ផលិតផលកសិកម្មទូទាំងប្រទេសកើនឡើងយ៉ាងលឿនដល់ទៅ ២០៤ ០០០ លានជញ្ជីង រហូតក្លាយជាប្រទេសដែលមានផលិតផលខ្ពស់បំផុតក្នុងពិភពលោកនាសម័យនោះ។ ចំនួនប្រជាជនកើនឡើងពី ១៥០ លាននាក់ (ឆ្នាំគ.ស ១៧០០) កើនឡើងដល់ ៣១៣ លាននាក់ (ឆ្នាំគ.ស ១៧៩៤) ស្មើនឹង ១ ភាគ ៣ នៃប្រជាជនពិភពលោកនាពេលនោះ។

ក្រោយរាជវង្សឈិងបានឆ្លងកាត់យុគសម័យរុងរឿងដល់ចំណុចកំពូលហើយ អ្វីគ្រប់យ៉ាងក៏ត្រូវប្រព្រឹត្ដិទៅតាមកង់ប្រវត្ដិសាស្ដ្រ ពីចម្រើនរុងរឿងទៅចុះអន់ថយ។ មិនថាយុគសម័យណា ប្រទេសជាតិចម្រើនរុងរឿងដោយសារបុគ្គល ចុះខ្សោយទៅវិញក៏ដោយសារបុគ្គលដូចគ្នាដែរ។ ពេលណាដែលប្រទេសជាតិចាប់ផ្ដើមចុះថយ ក៏ជាចំណុចចាប់ផ្ដើមនៃការឆ្លៀតឱកាសញាំញីពីសំណាក់បរទេសដែរ។

ព្រះអាទិត្យនាពេលថ្ងៃកន្លងផុត

[កែប្រែ]

ថ្វីបើហង់តេឆៀនឡុងមានសេចក្ដីព្យាយាមក្នុងរាជកិច្ចគ្រប់គ្រងប្រទេស តែសម័យរុងរឿងរបស់ឆៀនឡុងក៏ប្រដូចនឹងព្រះអាទិត្យនាពេលថ្ងៃ ពេលរះរួចហើយក៏ឈានចូលមកដល់សម័យកាលធ្លាក់ចុះ។ ក្នុងកំឡុងពេលក្រោយរជ្ជកាលស្ដេចឆៀនឡុង មានការលេចឡើងមន្ដ្រីពុករលួយមានឈ្មោះល្បីក្នុងប្រវត្ដិសាស្ដ្រគឺមន្ដ្រីឈ្មោះ ហឺសឺន មាននាមដើមសានប៉ៅ ចេះ ៤ ភាសាគឺ ភាសាម៉ានជូ ហាន ម៉ុងកូល និងទីបេ។

ពេលចូលបម្រើរាជការដំបូង ហឺសឺនជាកូនទាហានធម្មតាម្នាក់ ទទួលតួនាទីកាន់ទង់ជ័យ។ ក្រោយមកបានសម្ដែងសមត្ថភាពចំពោះព្រះភ័ក្ត្រស្ដេចឆៀនឡុង ទើបស្ដេចឆៀនឡុងប្រោសប្រណីនិងតម្លើងតំណែងជាបន្ដបន្ទាប់ ដោយតម្លើងតំណែងជារាជអង្គរក្ស។ ក្រោយមកតម្លើងជាមេបញ្ជាការរងកងពលទង់ខៀវ ដោយក្នុងកំឡុងពេលនៃការចូលបម្រើរាជការ ២០ ឆ្នាំ បានទទួលការតម្លើងតំណែងដល់ទៅ ៤៧ ដង។ ធ្លាប់កាន់តួនាទីជាជំនួយការប្រមូលប្រាក់នៅច្រកទ្វារក្រុងឆុងវ៉ើន គ្រប់គ្រងឃ្លាំងសម្បត្ដិផ្ទាល់របស់ព្រះរាជា និងឃ្លាំងហ្លួង។ ដំបូងឡើយហឺសឺនជាមន្ដ្រីសុច្ចរិតស្មោះត្រង់ និងមានសមត្ថភាព ចេះរកវិធីរកប្រាក់ចូលឃ្លាំងហ្លួងដែលស្រុតស្រកឲ្យមានច្រើនឡើងវិញល្មមអាចទប់ទល់នឹងគ្រោងការធំៗ ក្នុងប្រទេសដូចជា គ្រោងការយោធា គ្រោងការជួសជុលប្រព័ន្ធធារាសាស្ដ្រ គ្រោងការសាងសង់ផ្នូរស្ដេចជាដើម។

មិនរាប់បញ្ចូលស្នាដៃផ្សេងៗ ជាច្រើនទៀតដូចជាការសម្របសម្រួសរឿងក្ដីនៅយុនណាន ការពិនិត្យបញ្ជីនៅសានទុង និងការបង្កើតឆ្នាំងភ្លើងដាក់អាហារ ដែលធ្វើឲ្យពិធីជប់លៀងដែលមានភ្ញៀវជាង ៥៣០ តុរបស់ស្ដេចឆៀនឡុងអាចមានអាហារក្ដៅគ្រប់ពេលវេលា។ ដោយសារជាមន្រ្តីសំណប់របស់ស្ដេចឆៀងឡុង ហឺសឺនធ្លាប់ទទួលការគ្រប់គ្រងមុខតំណែងដល់ទៅជាង ៦០ មុខតំណែងក្នុងពេលតែមួយ ថែមទាំងបានទទួលព្រះរាជទានព្រះធីតាពៅឲ្យអភិសេកជាមួយកូនប្រុសរបស់ហឺសឺន ធ្វើឲ្យហឺសឺនដែលជាមន្ដ្រីធំស្រាប់បានក្លាយជាញាតិវង្សមានអំណាចយ៉ាងលឿនរហ័ស។

ក្រោយមកហឺសឺនចាប់ផ្ដើមពង្រីកអំណាច ប្រើតំណែងតួនាទីរបស់ខ្លួនក្នុងការរកមាសប្រាក់ ដូចជា ការបើកហាងបញ្ជាំ បើកហាងប្ដូរប្រាក់ អណ្ដូងរ៉ែ និងការងារលក់ដូរជាច្រើនផ្សេងទៀត នៅមិនទាន់រាប់អំពើពុករលួយ បែងចែកបក្សពួក ប្រើអំណាច រហូតមានសសេរក្នុងកំណត់ត្រាសម័យក្រោយមកថា “រជ្ជកាលស្ដេចឆៀនឡុងនៃរាជវង្សតាឈិង ហឺសឺនធំលើសផែនដី មានអំណាចលើសរាជសំណាក់ បណ្ដាមន្ដ្រីអែបអប កៀបសង្កត់ ពុករលួយដោយចំហ បោះបង់មន្ដ្រីបក្សពួកផ្សេង ធ្វើឲ្យប្រព័ន្ធគ្រប់គ្រងធូរលុង មន្ដ្រីប្រព្រឹត្ដិអំពើពាល”។

ក្រោយមកក្នុងខែតុលា ឆ្នាំគ.ស ១៧៩៥ ហង់តេឆៀនឡុងបានប្រកាសថានឹងផ្ទេររាជសម្បត្ដិឲ្យព្រះរាជបុត្រក្នុងរដូវស្លឹកឈើលាស់នាឆ្នាំបន្ទាប់ ដោយសារពុំចង់គ្រងរាជ្យយូរជាងព្រះអយ្យកោខាំងស៊ី ធ្វើឲ្យឆៀនឡុងហង់តេប្រកាសដាក់រាជសម្បត្ដិក្នុងឆ្នាំគ.ស ១៧៩៦ ដើម្បីឲ្យខ្លួននៅក្រោមតំណែងខាំងស៊ីមួយឆ្នាំ។

តែក្រោយពេលផ្ទេររាជ្យសម្បត្ដិឲ្យហង់តេចៀឈិងហើយ ព្រះអង់នៅតែជាអ្នកក្ដោបអំណាចពិតដោយអាស្រ័យតំណែង “ថៃសួហួង” ឬព្រះរាជបិតាហ្លួង ជាបន្ដរហូតដល់ ៣ ឆ្នាំក្រោយមកទៀតទើបស្ដេចចូលទីវង្គត់។

ថ្ងៃទី ១៣ ខែមគសិរ ឆ្នាំគ.ស ១៧៩៩ ឬក្រោយពេលស្ដេចឆៀនឡុងសុគត់បានមួយថ្ងៃ ហង់តេចៀឈិងក៏ចេញព្រះរាជឱង្ការប្រកាសកំហុសរបស់ហឺសឺន ២០ ចំណុច និងចេញបញ្ជាឲ្យចាប់ដាក់ឃុំឃាំង ដកហូតតំណែង និងរឹបអូសទ្រព្យសម្បត្ដិទាំងអស់ចូលឃ្លាំងហ្លួង។

តាមកំណត់ត្រាបានសសេរថា ការរឹមអូសទ្រព្យសម្បត្ដិរបស់ហឺសឺនក្នុងគ្រានោះមានប្រាក់ទាំងអស់ ៨០០ លានតម្លឹង ក្នុងខណៈដែលប្រាក់ទូទាំងប្រទេសដែលបានមកពីភាស៊ីក្នុងខណៈនោះមានត្រឹមតែ ៧០ លានតម្លឹងក្នុងមួយឆ្នាំ ពោលគឺគ្រាន់តែប្រាក់របស់ហឺសឺនដែលបានមកពីអំពើពុករលួយគឺស្មើនឹងប្រាក់ទូទាំងប្រទេសដល់ទៅជាង ១០ ឆ្នាំទៅហើយ នៅមិនទាន់បូករួមភស្ដុតាងផ្សេងដែលរកឃើញមានដូចជាចានគោមធ្វើអំពីមាសសុទ្ធ ៤ ២៨៨ ថូប្រាក់ ៦០០ ចានមាស ១១៩ មាសសុទ្ធ ៥ ៨០០ ០០០ តម្លឹង ប្រាក់ស្នូក ៥០ ០០០ ដុំ និងពេជ្រនិលចិន្ដា ក្រណាត់សូត្រ របស់មានតម្លៃផ្សេងៗ ជាច្រើនទៀត។ ដូច្នេះក្រោយពេលរឹបអូសទ្រព្យសម្បត្ដិហើយ នាពេលក្រោយមកទៀតកើតមានពុំនោលនិយាយថា “ហឺសឺនដួលភីង ចៀឈិងឆ្អែតពោះ”។

ក្រោយពេលឃុំខ្លួនហឺសឺនបាន ១០ ថ្ងៃ ហង់តេចៀឈិងបានព្រះរាជទានក្រណាត់សឲ្យទៅហឺសឺន ដើម្បីជានិមិត្ដរូបជំនួសការប្រហារជីវិតដោយការពន្លះសាច់ទាំងរស់។ ចំណែកបុត្រច្បងហឺសឺន ដោយសារបានរៀបអភិសេកជាមួយអង្គម្ចាស់ស្រីហឺសៀវ ធ្វើឲ្យរួចផុតពីការដាក់ឃុំឃាំង។ ចំណែកកូនចៅហឺសឺនដែលនៅសេសសល់ត្រូវនិរទេសទៅនៅភូមិដែលនៅភាគខាងត្បូងនៃក្រុងហាប៊ិន ចម្ងាយ ៦០ គីឡូម៉ែត្រនៃខេត្ដហាប៊ិន។ ក្នុងដំណាក់កាលចុងក្រោយ មុនពេលរឹតកខ្លួនឯងធ្វើអត្ដឃាតនោះ ហឺសឺនបានសសេរកំណាព្យចុងក្រោយថា “ហាសិបឆ្នាំយប់ថ្ងៃដូចសុបិន ឥឡូវលើកដៃលាលោកា ថ្ងៃក្រោយពេលវារីលិចនាគ តាមពពកអ័ព្ទកើតថ្មី” បង្ហាញពីក្ដីរន្ធត់និងគំនុំដែលខ្លួនមាន មានន័យថា ថ្ងៃណាមួយមានអ្នកត្រឡប់មកគ្រប់គ្រងហង់តេ អ្នកនោះគឺជាហឺសឺនដែលចាប់ជាតិ។ ការនេះមានគេជឿថា ជាស៊ូស៊ីថៃហៅ ដែលកើតក្នុងឆ្នាំគ.ស ១៨៣៥ នៅទន្លេហួងហូដែលកើតគ្រោះទុរ្ភឹក។

** ភាពមានបានរបស់ហឺសឺននេះ ត្រូវបានកាសែតវើលស្ទ្រីតចួណល កាលពីខែមេសា ឆ្នាំគ.ស ២០០៧ ចាត់តំណាត់ថ្នាក់ជាបុគ្គលអ្នកមានម្នាក់ក្នុងចំណោមបុគ្គល ៥០ នាក់ដែលមានទ្រព្យសម្បត្ដិច្រើនបំផុតក្នុងពិភពលោកក្នុងសហសវត្ស ដោយកាលពីមុននេះបានចាត់ចំណាត់ថ្នាក់ជាអ្នកមានបំផុតក្នុងសតវត្សទី ១៨។

អំពើទុច្ចរិតរបស់មនុស្សឆ្លាតនិងមានសមត្ថភាពដូចហឺសឺន មិនត្រឹមតែធ្វើឲ្យព្រះរាជឃ្លាំងបាត់បង់ប្រាក់ចំណូលប៉ុណ្ណោះទេ តែក៏ជាហេតុធ្វើឲ្យកើតអំពោះពុករលួយជាទូទៅក្នុងរង្វង់អ្នករាជការ ស្មើនឹងការបំផ្លាញប្រព័ន្ធការគ្រប់គ្រងដ៏តឹងរឹង ដែលបានចាក់គ្រឹះដោយព្រះរាជានិងមន្ដ្រីសុច្ចរិតពីជំនាន់មុន។

សង្គ្រាមអាភៀនលើកទី ១

[កែប្រែ]

ទោះបីជារាជវង្សឈិងមានអំណាចខ្លាំងក្លាយយ៉ាងណាក៏ដោយ កន្លងមកធ្លាប់ប្រកាសបិទប្រទេសមិនធ្វើពានិជ្ជកម្មជាមួយប្រទេសផ្សេង។ រហូតដល់ឆ្នាំគ.ស ១៧៥៧ ឬក្នុងរជ្ជកាលស្ដេចឆៀនឡុងឆ្នាំទី ២២ បានកំណត់ឲ្យក្រុងក្វាងចូវជាក្រុងកំពង់ផែតែមួយដែលអនុញ្ញាតឲ្យទាក់ទងជាមួយបរទេស ដែលរាប់ចាប់តាំងពីចុងសតវត្សទី​១៨ ជាដើមមក អង់គ្លេសបាននាំចូលស្លឹងតែ ចាន គ្រឿងជ្រលក់ពណ៌ និងក្រណាត់សូត្រពីចិនចំនួនយ៉ាងច្រើន ក្នុងខណៈពេលដែលទំនិញនាំចេញមកចិនមានត្រឹមតែតិចតួចប៉ុណ្ណោះ ធ្វើឲ្យអង់គ្លេសចាញ់ប្រៀបតុល្យការទំនិញជាមួយចិនយ៉ាងមហាសាល។

រហូតដល់រជ្ជកាលស្ដេចឆៀនឡុងឆ្នាំទី ២៨ ឬឆ្នាំគ.ស ១៧៧៣ ដើម្បីមានប្រៀបលើការនំាចូលទំនិញ។ អង់គ្លេសបានចាប់ផ្ដើមនាំចេញអាភៀនមកលក់នៅចិន ដែលដើមឡើយសម្រាប់ជនជាតិចិន ចាប់តាំងពីសតវត្សទី ៨ ជាដើមមក អាភៀនត្រូវបានប្រើត្រឹមជាឱសថរុក្ខជាតិមួយប្រភេទប៉ុណ្ណោះ។ តែក្រោយពេលដែលអង់គ្លេសចូលគ្រប់គ្រងឥណ្ឌា និងបានប្រគល់សិទ្ធផ្ដាច់មុខលក់ឲ្យទៅក្រុមហ៊ុនអ៊ីសឥណ្ឌា អាភៀនត្រូវបាននាំចូលមកចិនយ៉ាងច្រើន។ ក្រៅពីនេះពួកជនជាតិអាមេរិក បារំាង និងរុស្សីក៏បានយកអាភៀនពីទួគី និងអាស៊ីកណ្ដាលមកលក់នៅចិនដូចគ្នាដែរ។

ក្នុងកំឡុងពេលនោះ តម្លៃអាភៀនមួយខាំស្មើនឹង ៥ តម្លឹងមាស។ ក្នុងកំឡុង ៤០ ឆ្នាំមុនពេលសង្គ្រាមអាភៀនបានផ្ទុះឡើង អង់គ្លេសបានជញ្ជូនអាភៀនចូលមកលក់នៅចិនដល់ទៅ ៤០០ ០០០ ឡាំង អាចប្រមូលប្រាក់ពីចិនប្រមាណ ៣០០ ទៅ ៤០០ លានប្រាក់ស្នូក រហូតធ្វើឲ្យខ្វះប្រាក់ស្នូកចាយក្នុងប្រទេស និងធ្វើឲ្យតម្លៃប្រាក់ស្នូកឡើងថ្លៃមួយជាពីរ ធ្វើឲ្យប្រជាជននិងប្រទេសជាតិធ្លាក់ចុះក្រ។ ជាសន្សឹមៗ អ្នកជក់អាភៀនកាន់តែកើនចំនួន មិនត្រឹមតែមន្ដ្រីប៉ុណ្ណោះទេ សូម្បីបណ្ដាពួកម្ចាស់ដី អ្នកជំនួញ បណ្ឌិត និងអ្នកស្រែចម្ការ កម្មករ ទាហានក៏គេចមិនផុតដែរ។

ឆ្នាំគ.ស ១៨២១ ហង់តេចៀឈិង ស្ដេចសុគត់ ព្រះរាជបុត្រអង្គទី ២ ឡើងគ្រងរាជ្យមានព្រះនាមថា ហង់តេតៅកួង។ ក្នុងពេលនោះជាកំឡុងពេលដែលរាជសំណាក់ឈិងធ្លាក់ចុះ កម្លាំងទាហានចុះទន់ខ្សោយ កើតមានចលនាបះបោរជាច្រើន និងអ្វីដែលសំខាន់នោះគឺការជក់អាភៀនត្រូវបានរីករាលដាលពាសពេញប្រទេស។

លុះដល់ឆ្នាំគ.ស ១៨៣៨ មានប្រជាជនចំនួន ២ ០០០ ០០០ នាក់ញៀនអាភៀន។ អាភៀនបានធ្វើឲ្យប្រាក់ស្នូករបស់ចិនត្រូវបាត់បង់ និងបានបំផ្លាញសុខភាពផ្លូវកាយផ្លូវចិត្ដជនជាតិចិនយ៉ាងខ្លាំង។ ក្នុងឆ្នាំជាមួយគ្នានេះ មានក្រុមមន្ដ្រីសុច្ចរិតថ្វាយដីកាបង្ហាញមុនមន្ដ្រីជួញដូរអាភៀន និងជម្រុញឲ្យបញ្ឈប់ការប្រើប្រាស់អាភៀន ដាក់ទោសអ្នកជក់អាភៀនយ៉ាងធ្ងន់ធ្ងរ។ ក្រោយមកលិនចឺស៊ី អ្នកត្រួតការហ៊ូក្វាងបានថ្វាដីកា ៣ ដងទៅហង់តេតៅកួង ដោយសសេរថាបើមិនបំបាត់អាភៀនក្នុងប្រទេសចិនទេ ក្នុងរយៈពេលដប់ឆ្នាំខាងមុខទៀតនឹងមិនសល់ទាហានសម្រាប់ធ្វើចម្បាំង មិនមានសល់ប្រាក់ប្រើទៀតឡើយ រហូតធ្វើឲ្យហង់តេតៅកួងមានព្រះរាជតម្រិះចង់បង្ក្រាបអាភៀនយ៉ាងពិតប្រាកដ។

ឆ្នាំគ.ស ១៨៣៩ លិនចឺស៊ីបានត្រៀមមនុស្ស និងទាហាន ធ្វើដំណើរចេញពីប៉េកាំងយ៉ាងមិនអធិកអធម្ម។ ពេលជួបអ្នកធ្វើខុសច្បាប់ចាប់ដាក់ទោសភ្លាមៗ និងពេលធ្វើដំណើរដល់ក្វាងចូវបានស៊ើបការយ៉ាងសម្ងាត់ ដឹងពីចរន្ដនៃការជួញដូរអាភៀន ចេញបញ្ជាឲ្យក្រុមឈ្មួញអន្ដរជាតិប្រគល់អាភៀនមករាជការទាំងអស់ ធ្វើកិច្ចសន្យាមិននាំអាភៀនចូលប្រទេសចិន បើពុំអនុវត្ដតាមនឹងត្រូវរឹបអូសនិងចាប់ខ្លួនអនុវត្ដតាមច្បាប់។

លិនចឺស៊ីបោសសម្អាតអាភៀន​ដោយការបង្កើតច្បាប់ចាប់ដាក់គុកអ្នកពាក់ព័ន្ធនឹងអាភៀន។ អ្នកជួញដូរអាភៀនត្រូវកាត់ក្បាលដោតឆ្កាង។ អ្នកញៀនអាភៀនត្រូវបញ្ជូនទៅមណ្ឌលកែប្រែ។ អ្នកផ្ដាច់អាភៀនបាននឹងត្រូវប្រកាសលើកតម្កើងជាជនគំរូ។ លិនចឺស៊ីកំណត់ពេល ៣ ថ្ងៃឲ្យអ្នកដែលមានអាភៀនប្រគល់អាភៀនទាំងអស់ជូនរាជការ។ ដល់ពេលកំណត់ រាជការទទួលបានអាភៀន ១ ០៣៧ ឡាំង។ ពេលឃើញដូច្នោះ បានចេញបញ្ជាឲ្យឡោមព័ទ្ធហាងលក់អាភៀន បញ្ចប់ជំនួញរវាងចិននិងអង់គ្លេស មិនអនុញ្ញាតឲ្យហាងទំនិញផ្សេងៗ ទាក់ទងជាមួយនាវាជួញដូរអាភៀន ដាក់ទោសនិងទម្លាក់តំណែងជនជាតិចិនណាដែលធ្វើការជាមួយមេឈ្មួញអន្ដរជាតិ និងនាំកងកម្លាំងឡោមព័ទ្ធឃ្លាំងទំនិញ ដោយមានតំណាងអ្នកត្រួតពិនិត្យទំនិញពានិជ្ជកម្មអង់គ្លេស ឆាលអេលៀត នៅជាមួយផង។ ក្នុងពេលនោះ ឆាលអេលៀតមិនមានកម្លាំងក្នុងដៃ និងខ្លាចអ្នកជំនួញអង់គ្លេសរបស់ខ្លួនត្រូវគេសម្លាប់ ក៏យល់ព្រមប្រគល់អាភៀនជាង ២០ ២៨៣ ឡាំងចេញពីទូកចំនួន ២០ គ្រឿងជូនរាជការចិន។

ក្នុងថ្ងៃដែលធ្វើការបំផ្លាញអាភៀន មានប្រជាជនចំនួនជាច្រើនមកតាមដាននិងសង្កេតមើល។ លិនចឺស៊ីបានឲ្យគេជីករណ្ដៅធំ ២ នៅបរិវេណមាត់ឆ្នេរហ៊ូម៉ើន និងដុតបំផ្លាញអាភៀនចំនួន ២ ០០០ ០០០ ជញ្ជីង និងប្រើពេលដុតបំផ្លាញដល់ទៅ ៣ សប្ដាហ៍។

ក្រោយមកសភាតំណាងរាស្ដ្រអង់គ្លេសបានប្រគល់អំណាចឲ្យ ឆាលអេលៀត នាំទូកជាង ៤០ គ្រឿង ទាហានជាង ៤០០០ នាក់មកនៅតំបន់ម៉ាកាវ និងធ្វើសង្គ្រាមជាមួយចិនដែលបានត្រៀមខ្លួនរួចជាស្រេច ធ្វើឲ្យមានការស្លាប់ទាំងសងខាង ជាចំណុចចាប់ផ្ដើមនៃសង្គ្រាមអាភៀន។

ជួនជាពេលនោះគូលីទូកជនជាតិអង់គ្លេសមួយក្រុមស្រវឹងស្រាអួទីណួសម្លាប់ជនជាតិចិននៅកៅលូន ស្លាប់ម្នាក់ ឆាលអេលៀត ពុំព្រមប្រគល់ឃាតករឲ្យទៅរាជការចិន ធ្វើឲ្យអារម្មណ៍ជាសត្រូវជាមួយជនជាតិអឺរ៉ុបមានការកើនឡើង។ ឆ្នាំគ.ស ១៨៤០ កងនាវាចម្បាំងអង់គ្លេសក្រោមបញ្ជាការរបស់ឧត្ដមសេនីយឯកចចអេលៀត ធ្វើដំណើរមកដល់ប្រទេសចិន ប្រើកងកម្លាំងមួយផ្នែកបិទកំពង់ផែ។ ក្រោយមកបញ្ជូនកងកម្លាំងមួយចំនួនធំឡើងទៅជើងវាយដណ្ដើមក្រុងទិងហៃ យកធ្វើជាមជ្ឈមណ្ឌលបញ្ជាការ។ ខែសីហាឆ្នាំដដែល អង់គ្លេសបើកនាវាទៅក្បែរបរិវេណប៉មតាគូ នៅធៀនជិន កៀកក្បែរទីក្រុងប៉េកាំងជាលំដាប់។

ពេលឃើញស្ថានការណ៍ដូច្នេះ ហង់តេតៅកួងខ្លាចរអាអានុភាពកងទ័ពអង់គ្លេស គួបផ្សំនឹងមានពាក្យញុះញង់ឲ្យព្រមចរចាសន្ដិភាព ទើបប្ដូរព្រះទ័យបញ្ជូនមន្ដ្រីត្រួតការឈ្មោះឈីសានទៅក្រុងធៀនជិន ដើម្បីសុំចរចា ដោយឈីសានបានស្នើលក្ខខណ្ឌមុនចរចាថានឹងមានការទម្លាក់និងដាក់ទោសលិនចឺស៊ី និងប្ដូរមន្ដ្រីថ្មីទៅក្វាងចូវ និងទទួលស្ដាប់ការតវ៉ារបស់អ្នកជំនួញជនជាតិអង់គ្លេស។

ខណៈនោះជាកំឡុងពេលឈានចូលទៅរដូវស្លឹកឈើជ្រុះ ជំងឺរាតត្បាតកើតឡើង ធ្វើឲ្យទាហានអង់គ្លេសបោះបង់ចោលទីក្រុងទិងហៃ និងងាកទៅចរចាគ្នានៅក្វាងចូវក្នុង។  “សេចក្ដីព្រាងសន្ធិសញ្ញាឆួនពី” នេះមានខ្លឹមសារថាចិនត្រូវប្រគល់កោះហុងកុង និងកំពង់ផែឲ្យអង់គ្លេស សងប្រាក់ខូចខាតឲ្យរដ្ឋាភិបាលអង់គ្លេសចំនួន ៦ ០០០ ០០០ តម្លឹងប្រាក់ បើកកំពង់ផែក្វាងចូវជាកំពង់ផែពានិជ្ជកម្ម ដោយអង់គ្លេសព្រមដកកងកម្លាំងចេញពីសាចៀវ ប៉មកំាភ្លើងតាចៀវត្រឡប់ទៅទិងហៃវិញ។

សន្ធិសញ្ញាខាងលើ ជាលទ្ធផលការងាររបស់ឈីសាន បណ្ដាលឲ្យហង់តេតៅកួងខឹងយ៉ាងខ្លាំង ទើបចេញបញ្ជាឲ្យទម្លាក់តំណែងនិងដាក់ទោសឈីសាន។ ក្រោយមកបញ្ជូនអ៊ីសាន ដែលជាមន្ដ្រីរាជអង្គរក្ស នាំកងកម្លាំងជាងមួយម៉ឺននាក់ទៅខេត្ដក្វាងទុងដើម្បីប្រឆាំងនឹងអង់គ្លេស ដែលពេលនោះកំពុងគ្រប់គ្រងកោះហុងកុងនិងទិងហៃ។

ទាហានអង់គ្លេស ក្រោយពេលដណ្ដើមបានប៉មកំាភ្លើងធំជាច្រើនកន្លែងហើយ បាននាំកងកម្លាំងវាយយកក្វាងចូវ ធ្វើឲ្យទាហានចិនត្រូវគេចចូលបន្ទាយក្រុងទាំងអស់។ មេទ័ពអ៊ីសានបានស្នើឲ្យមានការចរចាសន្ដិភាព។ សន្ធិសញ្ញាក្វាងចូវតម្រូវឲ្យស្ដេចតួកួងសងថ្ងៃខូចខាតជាទឹកប្រាក់ ៦ ០០០ ០០០ តម្លឹងនិងអនុញ្ញាតឲ្យទ័ពអង់គ្លេសចេញពីក្រុង តែប្រជាជនមួយចំនួនមិនសុខចិត្ដទើបចាប់អាវុធប្រឆាំងនឹងអង់គ្លេសនៅក្វាងចូវ បណ្ដាលឲ្យទ័ពអង់គ្លេងរាប់សិបនាក់ត្រូវស្លាប់។

រដ្ឋាភិបាលអង់គ្លេសមិនពេញចិត្ដនឹងសន្ធិសញ្ញារបស់ឆាលអេលៀត បានទម្លាក់តំណែងឆាលអេលៀត ដាក់សឺហេនរីប៉ត់ទិងចឺជំនួស។ ឆ្នាំគ.ស ១៨៤១ ប៉ត់ទិងចឺនាំទូក ៣៧ គ្រឿង​និងទាហាន ២ ៥០០ នាក់ចេញពីហុងកុង វាយយកសៀម៉ើន។ មួយខែក្រោយមកវាយបានទិងហៃ។ កឺយុនហ្វើយមេទ័ពការពារក្រុងត្រូវបាត់បង់ជីវិត។ ក្រោយមកវាយយកចឺនហៃ និងប៉ និងវាយលុកបន្ដដោយមិនចាប់អារម្មណ៍នឹងការសុំចរចាពីភាគីចិន រហូតវាយយកបានប៉ៅសាន សៀងហៃ និងទៅដល់ច្រកខាងត្បូងក្រុងណានជិង (ណាងគិង) ធ្វើឲ្យចិនត្រូវព្រមចរចាក្រោមលក្ខខណ្ឌមិនយុត្ដិធម៌ ហៅថា “សន្ធិសញ្ញាណានគិង” ជាសន្ធិសញ្ញាអាប់យសរបស់ចិន ដោយមានលក្ខខណ្ឌដោយរួមគឺ៖

១. រដ្ឋាភិបាលតាឈិងត្រូវសងប្រាក់សរុប ២១ លានតម្លឹង ដោយបែងជាថ្លៃខូចខាតក្នុងសង្គ្រាម ១២ លានតម្លឹង ថ្លៃខូចខាតរបស់ឈ្មួញអង់គ្លេស ៣ លានតម្លឹង និងថ្លៃខូចខាតអាភៀន ៦ លានតម្លឹងទៀត ដោយចំនួននេះមិនរាប់រួមជាមួយ ៦ លានតម្លឹងដែលចាយពីមុនឡើយ។

២. ត្រូវប្រគល់កោះហុងកុងឲ្យអង់គ្លេស

៣. បើកក្រុងកំពង់ផែទាំង ៥ ដូចជា ក្វាងចូវ សៀម៉ើន ហ៊្វូចូវ និងសៀងហៃជាក្រុងកំពង់ផែពានិជ្ជកម្ម។

៤. ភាស៊ីនាំចេញនាំចូលរបស់ឈ្មួញអង់គ្លេសត្រូវធ្វើតាមការចរចាទ្វេភាគី ដែលក្រោយមកមួយឆ្នាំទៀតចិនបានចុះសន្ធិសញ្ញាថ្មីបន្ថែមទៀតដោយកំណត់ឲ្យអង់គ្លេសមានសិទ្ធិចេញក្រៅអាណាខេត្ដ គឺជនជាតិអង់គ្លេសមិននៅក្រោមច្បាប់ប្រទេសចិន ពេលធ្វើខុសឬត្រូវប្ដឹង ត្រូវកាត់ទោសរកខុសត្រូវដោយកុងស៊ុលប្រទេសរបស់ខ្លួន។ អង់គ្លេសត្រូវតែជាប្រទេសដែលទទួលផលប្រយោជន៍ច្រើនបំផុត ពោលគឺមានសិទ្ធិពិសេសខាងពានិជ្ជកម្ម ដំណើរនាវាចរ ភាស៊ី ឬការគ្រប់គ្រងផ្នែកច្បាប់ក្នុងប្រទេសណា អង់គ្លេលទទួលសិទ្ធិនោះជាមួយគ្នា។ សន្ធិសញ្ញាណានគិងនេះ ជាការបញ្ជាប់សង្រ្គាមអាភៀនលើកទី ១ ។

ចលនាក្បត់ថៃភិងធៀនកួ

[កែប្រែ]

ក្រោយពេលរាជវង្សតាឈិងចាញ់សង្គ្រាមអាភៀន បានបណ្ដាលឲ្យកើតទំនាស់ក្នុងសង្គមចិនយ៉ាងធ្ងន់ធ្ងរ។ រដ្ឋាភិបាលតាឈិងបានចំណាយប្រាក់ក្នុងសង្គ្រាមលើកនេះដល់ទៅ ៧០ លានតម្លឹង បូកនឹកការសងថ្លៃខូចខាតទៅទាហានបរទេសតាមសេចក្ដីព្រាងសន្ធិសញ្ញាណានគិង ២១ លានតម្លឹងទៀត។ ចំណាយទាំងអស់នេះជះផលប៉ះពាល់ដល់ប្រជារាស្ដ្រទូទៅ បូកបន្ថែមនឹងការត្រូវមន្ដ្រីពុករលួយធ្វើបាប កៀបសង្កត់ ភាស៊ីច្រើនលើសពីច្បាប់កំណត់ ទំនិញឡើងថ្លៃ គ្រោះធម្មជាតិ ប្រជារាស្ដ្រធ្លាក់ខ្លួនក្រទុក្ខជាន់លើទុក្ខ។

ចលាចលក្នុងសង្គម និងភាពក្រីក្ររបស់ប្រជារាស្ដ្រជម្រុញឲ្យកើតចលនាបះបោរឡើងនៅចុងសម័យរាជវង្សឈិង ដោយក្រុមចលនាក្បត់នេះបានដាក់ឈ្មោះខ្លួនឯងថា “ថៃភិងធៀនកួ” មានន័យថាអាណាចក្រស្ថានសួគ៌សន្ដិភាព ដែលមេដឹកនាំក្រុមនេះមានឈ្មោះថា ហុងស៊ិវឆ្វៀន ដែលធ្លាប់ជាបណ្ឌិតប្រឡងធ្លាក់ច្រើនសម័យកាល។ ឆ្នាំគ.ស ១៨៤៣ ហុងស៊ិវឆ្វៀន បានអូសទាញ ហ្វើងយុនសាន ដែលជាមិត្ដភក្ដិសម័យរៀនជាមួយគ្នានិងបងប្អូនជីដូនមួយឈ្មោះ ហុងរ៉ើនកាន ណាត់គ្នាលោតទឹកជ្រោះជម្រះកាយជានិមិត្ដរូបនៃការធ្វើពិធី “ប្រើទឹកជាសាក្សី” តាមបែបសាសនាគ្រិស្ដ។ ក្រោយមកអ្នកទាំងបីបានឯកភាពគ្នាដោយសម្ងាត់ក្នុងការបង្កើត “សមាគមអ្នកគោរពព្រះជាម្ចាស់” ឡើង និងប្រកាសថាខ្លួនជាបុត្របន្ទាប់របស់ព្រះជាម្ចាស់ ឬជាប្អូនប្រុសរបស់ព្រះយេស៊ូ។

ក្រោយពេលបង្កើតសមាគមហើយ ហុងស៊ិវឆ្វៀននិងហ្វើងយុនសានធ្វើដំណើរទៅក្វាងទុង។ ក្នុងរយៈពេលជាង ២ ឆ្នាំដំបូងដែលធ្វើការផ្សព្វផ្សាយសាសនា បានសសេរសៀវភៅស្ដីអំពីការជម្រុញឧត្ដមគតិស្មើភាពគ្នានៃពួកអ្នកស្រែ។ ក្នុងពេលនោះ ហ្វើងយុនសានអាចប្រមូលសមាជិកបានជាច្រើនពាន់នាក់។ ឆ្នាំគ.ស ១៨៥០ ហង់តេតៅកួងទ្រង់សុគត់ ព្រះរាជបុត្រឈិងវ៉ើនចុង ឬហៅតាមឈ្មោះរជ្ជកាលថាហង់តេសៀនហ្វឺងឡើងគ្រងរាជ្យបន្ដ។ ក្នុងពេលនោះសមាគមអ្នកគោរពព្រះជាម្ចាស់រួបរួបមនុស្សបានជាង ២០ ០០០ នាក់ ដោយសមាជិកភាគច្រើនជាអ្នកស្រែក្រីក្រ។ ក្នុងខែមិថុនានិងកក្កដាឆ្នាំដដែល សមាជិកម្នាក់បានយកទ្រព្យសម្បត្ដិមានតម្លៃរបស់ខ្លួនមកដាក់រួមគ្នាបង្កើតជាមូលនិធិ “សម្បត្ដិសក្ដិសិទ្ធិ” រួចបង្កើតក្រុមចម្បាំងបុរសនិងស្ដ្រី ដោយបំបែកបន្ទាយទាហានបុរសនិងស្ដ្រីចេញពីគ្នា និងមានវិន័យតឹងរឹងដូចជា ហាមទុច្ចរិត ហាមជក់អាភៀន ហាមរំលោភស្ដ្រីបើល្មើសមានទោសប្រហារជីវិត។ ក្រៅពីនេះបានបញ្ជាឲ្យសមាជិកបុរសកាត់សក់ក្រងចោល ដោយកំណត់ថាសក់ក្រងជាទាសករម៉ានជូ ហើយឲ្យទុកសក់វែងជំនួសវិញ។

ក្នុងកំឡុងដើមឆ្នាំគ.ស ១៨៥១ សមាគមអ្នកគោរពព្រះជាម្ចាស់មានសមាជិក ៣០ ០០០ នាក់មានការប្រកាសស្ថាបនាអាណាចក្រ “ថៃភិងធៀនកួ” ឡើង ដោយហុងស៊ិវឆ្វៀនតាំងខ្លួនជា “ធៀនវ៉ាំង” ឬក្សត្រស្ថានសួគ៌។ ក្រោយមកតែងតាំងយ៉ាងស៊ិវឈិន ជាតុងវ៉ាំង ឬស្ដេចបូព៌ា តែងតាំងសៀវឆៅគុយជាស៊ីក្វាង ឬស្ដេចបស្ចិម តែងតាំងហ្វើងយុនសានជាណានវ៉ាំង ឬស្ដេចទក្សិណ វ៉ើយឆាំងហ៊ុយជាស្ដេចឧត្ដរ និងស៊ឺតាខៃជាអ៊ីវ៉ាំង ឬស្ដេចស្លាបទ័ព ចាប់ប្រតិបត្ដិការអស់រយៈពេល ១៤ ឆ្នាំ។

ក្រោយមកកងទ័ពខ្លួនក៏ចាប់ផ្ដើមប្រយុទ្ធជាមួយកងកម្លាំងរាជវង្សឈិង ដោយវាយសម្រុកទៅគុយលិន ព័ទ្ធក្រុងឆាងសា ដណ្ដើមយកអ៊ីចូវ និងយកឈ្នះនៅអ៊ូឆាំង ដណ្ដើមបានទូករាប់ម៉ឺនគ្រឿង អាវុធ និងកាំភ្លើងចំនួនជាច្រើន។ មានការបង្កើតកងទ័ពជើងទឹកឡើង រហូតអាចវាយដណ្ដើមយកក្រុងណានជិង (ណានគិង)។ ឆ្នាំគ.ស ១៨៥៣ ចលនាក្បត់ថៃភិងធៀនកួមានសមាជិកប្រមាណ ៥០០ ០០០ នាក់។

ក្រោយពេលវាយបានណានគិង ប្ដូរឈ្មោះក្រុងជាធៀនជិង តាំងជារាជធានីនៃអាណាចក្រ ក្រុមចលនាក្បត់បានបញ្ជូនកងទ័ពពីរខ្សែវាយទៅទិសខាងជើងនិងខាងលិច ដោយខ្សែខាងជើងវាយដណ្ដើមទៅដល់ធៀនជិន ចំណែកខ្សែខាងលិចវាយតាមដងទន្លេឆាងចៀងឆ្ពោះទៅអ៊ូឆាង ហានយ៉ាង និងហានខូវ។ ក្នុងរយៈពេល ៣ ឆ្នាំ ដែលភាគច្រើនទទួលជ័យជម្នះ ចលនាក្បត់វាយដណ្ដើមគ្រប់គ្រងដែនដីភាគខាងកើតនៃខេត្ដហ៊ូប៉ើយ ចៀងស៊ី និងអានហ៊ុយ ជាកំឡុងពេលរុងរឿងបំផុតនៃអាណាចក្រ។

ប្រជាជននៃអាណាចក្រថៃភិងធៀនកួមានរាប់លាននាក់ បានបង្កើតប្រាក់ចាយដោយខ្លួនឯង និងបានកំណត់នយោបាយគ្រប់គ្រងសំខាន់ៗ ឡើង ដូចជា ប្រព័ន្ធរៀបចំដីធ្លីធៀនឆៅ កំណត់ដីធ្លីទូទាំងប្រទេសជាសម្បត្ដិសាធារណៈ។ ប្រជារាស្ដ្រមានសិទ្ធិក្នុងការគ្រប់គ្រងស្មើភាពគ្នា និងមាន “ជង្រុងស្រូវកណ្ដាល” សម្រាប់ប្រមូលផលិតផល និងរៀបចំឲ្យមានតាមលំដាប់ជាន់ថ្នាក់ គាំទ្រភាពស្មើគ្នានៃបុរសស្ដ្រី ឲ្យស្ដ្រីមានសិទ្ធិប្រឡងចូលបម្រើរាជការ ហាមឃាត់ការជួញដូរអាភៀន អនុញ្ញាតឲ្យឈ្មួញបរទេសលក់ដូរដោយស្មើភាពគ្នា ថែមទាំងមានលះបង់ការប្រតិបត្ដិប្រពៃណីផ្សេងៗ ដូចជា ការចងជើងស្ដ្រី ឲ្យរុះរើខ្ពមអ្នកតា ហាមបូជាដោយការក្រាបសំពះ បញ្ឈប់ការរៀបការដោយការទិញដូរ និងការហាមទិញទាសករជាដើម។

ថ្វីបើក្រុមក្បត់ថៃភិងធៀនកួអាចស្ថាបនាអាណាចក្រដ៏អស្ចារ្យរបស់ខ្លួនបានមែន តែចុងក្រោយ ដោយសារសមាជិកមេដឹកនាំចលនាក្បត់កើតវិវាទនឹងគ្នា ដោយយ៉ាងស៊ិវស៊ិងបំបែកខ្លួនចេញពីក្រុម។ ក្រោយមកហុងស៊ិវឆ្វៀន បានបញ្ជាឲ្យវ៉ើយឆាំងហ៊ុយទៅសម្លាប់យ៉ាងស៊ិវស៊ិង តែចុងក្រោយវ៉ើយឆាំងហ៊ុយត្រូវហុងស៊ិវឆ្វៀនប្រហារ។ ក្នុងខណៈដែលស៊ឺតាខៃនាំទាហានរបស់ខ្លួនរត់គេច កងទ័ពចាប់ផ្ដើមចុះខ្សោយ គួបផ្សំនឹងរាជសំណាក់ឈិងនាពេលនោះ បានសុំឲ្យកងទ័ពអង់គ្លេសដែលមានអាវុធទាន់សម័យរួមដៃជាមួយកងទ័ពហ្វៃរបស់លីហុងចាង និងកងទ័ពហ៊ូណាន របស់ចាងកួហ្វាន វាយកម្ចាត់កងទ័ពថៃភិងធៀនកួឲ្យគ្មានកន្លែងជ្រកជារឿយៗ។ រហូតដល់ឆ្នាំគ.ស ១៨៦៣ ក្នុងរជ្ជកាលថុងជឺឆ្នាំទី ២ ទាហានឈិងអាចឡោមព័ទ្ធក្រុងធៀនជិង (ណានគិង) តែហុងស៊ិវឆ្វៀនមិនព្រមបោះបង់ចោលរាជធានីដើម្បីទៅតាំងទីថ្មី រហូតដល់ហុងស៊ិវឆ្វៀនដែលកំពុងធ្លាក់ខ្លួនឈឺបានចេញបញ្ជាឲ្យប្រជាជនញ៉ាំស្មៅជំនួសបាយ ដោយខ្លួនបានចាប់ផ្ដើមញ៉ាំស្មៅមុនគេ រហូតធ្វើឲ្យអាការជំងឺកាន់តែទុ្រឌទ្រោម គួបផ្សំនឹងគ្មានថ្នាំព្យាបាលទើបស្លាប់បាត់បង់ជីវិតទៅ។ តម្រាខ្លះនិយាយថា ហុងស៊ិវឆ្វៀនធ្វើអត្ដឃាត តែក្នុងពេលនោះទាហានថៃភិងធៀនកួរាប់សែននាក់ក្នុងក្រុងធៀនជិង នៅតែតស៊ូប្រយុទ្ធដោយពុំព្រមចុះចាញ់ រហូតចុងក្រោយទាហានរាជវង្សឈិងវាយបែកក្រុង អាណាចក្រថៃភិងធៀនកួត្រូវបញ្ចាប់ដោយទន្លេលោហិត។

គ្រោះកម្មនៅតែតាមលងបន្លាចរាជវង្សឈិងដោយមិនចេះចប់។ នាពេលក្រោយមកទៀត ក្នុងឆ្នាំគ.ស ១៨៥៦ បានកើតសង្គ្រាមអាភៀនលើកទី ២ ឡើង ដោយស៊ីពេលអស់ ៤ ឆ្នាំ ដោយមូលហេតុមកពីក្រោយពេលកើតចលនាក្បត់ថៃភិងធៀនកួ អង់គ្លេស បារាំង សហរដ្ឋអាមេរិក រុស្សីចេះតែចង់កើបប្រយោជន៍ពីប្រទេសចិនកាន់តែខ្លាំងឡើង។

ស៊ូស៊ីថៃហៅ - បរទេសចាំជញ្ជក់ឈាម

[កែប្រែ]

អង់គ្លេស​ បារាំង អាមេរិច រុស្សីស្នើឲ្យមានការបើកស្ថានទូតនៅក្រុងប៉េកាំង និងស្នើបើកកំពង់ផែផ្សេង ៗ​ ទៀត​ តែរាជសំណាក់មិនបានឆ្លើយតប។ ជួនជាពេលនោះអជ្ញាធរចិនបានចាប់ខ្លួនកម្មករក្នុងទូកអ៊ែរ៉ូក្នុងបទចោទជាចោរលួចរបស់ខុសច្បាប់ ភាគីអង់គ្លេសប្រើជាលេសតវ៉ាប្រឆាំងនឹងអជ្ញាធរក្រុងក្វាងចូវ។ ពេលអជ្ញាធរក្រុងព្រមដោះលែងមនុស្ស តែមិនព្រមសុំទោស ទាហានអង់គ្លេសក៏បញ្ជូនទាហានវាយដណ្ដើមយកបន្ទាយផ្សេង ៗ ហើយក្នុងពេលនោះដែរមានអ្នកផ្សាយសាសនាជាតិបារាំងម្នាក់ត្រូវជនជាតិចិនសម្លាប់ រដ្ឋាភិបាលស្ដេចណាប៉ូឡេអុងទី ៣ ក៏បញ្ជូនកងកម្លាំងមកសន្ធប់និងទាហានអង់គ្លេស។ ក្រោយមកក៏វាយយកក្រុងក្វាងចូវ ចាប់ខ្លួនមេបញ្ជាការទាហាននៅក្វាងចូវ។

ក្រោយមកកងកម្លាំងបារាំងនិងអង់គ្លេសបានវាយលុកទៅភូមិភាគខាងជើង ដណ្ដើមបន្ទាយកាំភ្លើងធំតាគូ វាយជន្លក្រុងធានជិន ពេលនោះហង់តេសៀនហ្វឺងចេញបញ្ជាឲ្យមហាបណ្ឌិតគុយលៀងនិងចៅក្រមហ្វាសាណាមកធ្វើសន្ធិសញ្ញាធានជិន ដោយមានខ្លឹមសារឲ្យបើកកំពង់ផែនិវចួង តឺងចូវ ត៉ៃវ៉ាន់ តាន់ស៊ុយ ឆៅចូវ ជិងចូវ ហាន់ខូវ ជិវចៀង ចៀងនិង ចឺនចៀងជាកំពង់ផែពានិជ្ជកម្ម អនុញ្ញាតឲ្យទូកអ្នកជំនួញបរទេសចូលមកលក់ដូរទំនិញនិងចូលតាមដងទន្លេយ៉ង់សេ ជនបរទេសអាចចូលដើរលេង ធ្វើពានិជ្ជកម្ម​ ផ្សព្វផ្សាយសាសនាបានយ៉ាងសេរី អនុញ្ញាតឲ្យកុងស៊ុលបារាំងចូលពិភាក្សាក្ដីពេលជនជាតិបារាំងមានទំនាស់ សងប្រាក់ឲ្យអង់គ្លេស​ ៤ លានតម្លឹង បារាំង ២​​ លានតម្លឹង និងយល់ព្រមឲ្យមានការលក់អាភៀនស្របច្បាប់។

ក្រៅពីនោះ ក្នុងពេលដែលអង់គ្លេងវាយយកបន្ទាយតាគូ រុស្សីដែលដឹងនាំដោយមន្ដ្រីធំប្រចាំនៅស៊ីបេរីខាងកើត នាមខៅមូរ៉ាវៀហ្វវាយដណ្ដើមយកដែនដីត្រើយខាងឆ្វេងនិងខាងជើងទន្លេហឺយឡុងចៀង។ ក្រោយមកគម្រាមឲ្យធ្វើសន្ធិសញ្ញាអៃគុន ឲ្យរុស្សីមានសិទ្ធិអំណាចក្នុងតំបន់ទន្លេអាស់ស៊ូរីទៅភាគខាងកើតរហូតដល់សមុទ្រជប៉ុន។

ឆ្នាំ គ.ស ១៨៥៩ កើតមានទំនាស់ការកែប្រែសន្ធិសញ្ញា។ រហូតដល់ឆ្នាំ គ.ស ១៨៦០ រជ្ជកាលហង់តេសៀនហ្វឺងឆ្នាំទី ១០ កងទ័ពសម្ព័ន្ធមិត្ដអង់គ្លេសបារាំងជាង ១០ ០០០ នាក់បានឡើងគោកនៅប៉ើយថាង វាយដណ្ដើមយកថាងគូ បន្ទាយកំាភ្លើងធំតាគូ។ ក្នុងពេលដែលកំពុងវាយដណ្ដើមយកធានជិនមកវិញ រាជការឈិងបានបញ្ជូនមហាបណ្ឌិតគុយលៀងនិងជំនួយការទៅចចារ តែទាហានបរទេសទាមទារច្រើនពេក ធ្វើឲ្យការចចារមិនទទួលបានជោគជ័យ។ ពេលទាហានបារាំងអង់គ្លេសវាយមកដល់ធុងចូវ ទាហារឈិងបានមកទទួលសឹកនៅស្ពានប៉ាលី ប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាមអស់រយៈពេលបីបួនម៉ោង។

ចុងក្រោយកងទ័ពឈិងចុះចាញ់ កងទ័ពបារាំងអង់គ្លេសវាយដល់ប៉េកាំង ពួកមន្ដ្រីទូលសុំឲ្យហង់តេសៀនហ្វឺងភាសព្រះកាយទៅតំបន់រ៉ឺហឺ កងទ័ពសម្ព័ន្ធមិត្ដវាយឆ្ពោះទៅព្រះរាជឧទ្យានយួនមិងយួន ដែលជារាជវាំងសំខាន់ សាងសង់ឡើងដោយប្រើរចនាបថអឺរ៉ុបផ្សំអាស៊ី ជាឃ្លាំងផ្ទុកមរតកវប្បធម៌ដ៏សម្បូរបែប ស្ថិតនៅផ្នែកខាងលិចក្រៅក្រុងប៉េកាំង ហើយបានប្លន់ដណ្ដើមយកទ្រព្យសម្បត្ដិអស់យ៉ាងច្រើន រួចដុតបំផ្លាញឆេះរាលដាលអស់ក្នុងផ្ទៃដី ១០ ម៉ាយការេ ក្នុងរយៈពេល ២ ថ្ងៃ ធ្វើឲ្យផ្ទៃមេឃនាក្រុងប៉េកាំងនាពេលនោះឡើងខ្មៅងងឹតអស់រយៈពេល ៣ ថ្ងៃ ៣ យប់។

ព្រះរាជឧទ្យានយួនមិងយួន ដើមឡើយជាតំបន់ឧទ្យានដែលហង់តេខាំងស៊ីធ្លាប់ព្រះរាជទានឲ្យហង់តេយ៉ុងចឺនក្នុងសម័យដែលនៅជាអង្គម្ចាស់ទីបួន ហើយការដែលទ្រង់ព្រះរាជទានព្រះនាមយួនមិង ប្រែថា “ចិត្ដវិញ្ញាណនៃវិញ្ញូជន” និង “ការប្រើមនុស្សយ៉ាងមានសតិបញ្ញា” ។ ក្រោយមកពេលហង់តេយ៉ុងចឺនគ្រងរាជ្យ ទ្រង់បានជួសជុលពង្រីកឲ្យធំទូលាយជាងមុន រហូតចប់សព្វគ្រប់ក្នុងរជ្ជកាលហង់តេឆៀនឡុង និងមានអាយុជាង ១៥០ ឆ្នាំ ក្រោយមកត្រូវរងការដុតបំផ្លាញដោយកងទ័ពបារាំងអង់គ្លេស។

ក្នុងពេលដែលហង់តេសៀនហ្វឺងភាសព្រះកាយ ទ្រង់ប្រគល់ឲ្យកុងឈិនវ៉ាំង អ៊ីស៊ិន និងឆុនឈិនវ៉ាំង អ៊ីស្វៀនជាអ្នកតំណាងព្រះអង្គ ដឹកនាំក្រុមការងារទៅចចារសន្ដិភាព រហូតទទួលបានសន្ធិសញ្ញាមិនយុត្ដិធម៌មួយទៀត មានឈ្មោះថា “សន្ធិសញ្ញាប៉េកាំង” ដោយកំណត់ឲ្យចិនសងថ្លៃខូចខាតក្នុងសង្គ្រាមឲ្យទៅបារាំងនិងអង់គ្លេសមួយប្រទេស ៨ លានតម្លឹង លើកកៅលូនឲ្យទៅអង់គ្លេស បើកធានជិនជាកំពង់ផែពានិជ្ជកម្ម ឲ្យអ្នកផ្សាយសាសនាចូលមកទិញដីធ្លីនិងអាចសាងសង់ស្ដូបបាន អនុញ្ញាតឲ្យជនជាតិបរទេសជួលជនជាតិចិនទៅធ្វើការនៅបរទេសបាន។

ក្រោយពេលចុះសន្ធិសញ្ញាជាមួយបារាំងនិងអង់គ្លេសហើយ ទើបមានការទូលអញ្ជើញហង់តេសៀនហ្វឺងឲ្យត្រឡប់មករាជធានីវិញ។ តែហង់តេសៀនហ្វឺនមិនទាន់យល់ព្រមត្រឡប់មកភ្លាម ៗ​ ដែរ រហូតដល់ឆ្នាំ គ.ស ១៨៦១ ហង់តេសៀនហ្វឺងទ្រង់សុវណ្ណគត់ដោយទាន់ហន់ ក្នុងជន្មាយុ ៣១ ព្រះវស្សា ក្នុងពេលនោះហងហៅឆឺអាន់ពុំមានព្រះរាជឱរស មានតែហងហៅខាងលិចឆឺស៊ី ហៅថាស៊ូស៊ី ដែលមានព្រះរាជឱរសព្រះនាមថាចៃឆុន ដែលខណៈនោះមានព្រះជន្មត្រឹមតែ ៥ ព្រះវស្សា ហើយបានឡើងគ្រងរាជ្យជាហង់តេបន្ដ។

ចំណែកហង់ហៅទំាំង ២ ក្រោយពេលចៃឆុនឡើងគ្រងរាជ្យជាហង់តេឈិងមូចុង ឬហង់តេថុងជឺកំពុងជូនដំណើរសព្វព្រះបិតាសៀនហ្វឺត្រឡប់មកប៉េកាំង ស៊ូស៊ី ដែលខណៈនោះបានឡើងជាថៃហូង ឬថៃហៅ ក្នុងនាមជាព្រះមាតានៃហង់តេ បានរួមដៃជាមួយកុងឈិនវ៉ាំងធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីមន្ដ្រីគ្រប់គ្រងរាជការទាំង ៨ ដោយចោទថាធ្វើព្រះរាជសារក្លែងក្លាយក្នុងការតែងតាំងអ្នកសម្រេចរាជការ។ 

ចាប់ពីពេលនោះមក ព្រះនាងស៊ូស៊ីថៃហៅ ជាមួយព្រះនាងឆឺអាន់បានរួមដៃគ្នាគ្រប់គ្រងរាជការ ដោយធ្វើជាអ្នកនៅពីក្រោយអំណាចហង់តេ ឬដែលភាគច្រើនហៅថាគ្រប់គ្រងអំណាចក្រោយឆាក។ ក្រោយមក ពេលស៊ូស៊ីថៃហៅមានអំណាចកាន់តែខ្លាំង អាចគ្រប់គ្រងអំណាចបានទាំងស្រុង ទើបគេហៅព្រះនាងថាគ្រប់គ្រងអំណាចក្រោយវាំងននដែក។

ព្រះនាងស៊ូស៊ីថៃហៅ ជាស្ដ្រីដែលដណ្ដើមគ្រប់គ្រងអំណាចរាជសំណាក់ឈិងយ៉ាងពេលលេញអស់រយៈកាល ៤៧ ឆ្នាំរហូតដល់អស់ព្រះជន្មដោយពុំមានអ្នកណាអាចផ្ដួលរំលំបាន។ ដើមឡើយព្រះនាងជាបុត្រីរបស់នាយទាហានម៉ាន់ជូរីថ្នាក់ទាប កើតក្នុងត្រកូលយៀហឺណាឡា ឬយេហូណាឡាក្នុងឆ្នាំ គ.ស ១៨៣៥ និងថ្វាយខ្លួនចូលមកក្នុងរាជវាំងក្នុងខែឧសភា ឆ្នាំ គ.ស ១៨៥២ ក្នុងជន្មាយុ ១៦ ឆ្នាំ។ ក្រោយមកពេលបានផ្ដល់កំណើតឲ្យព្រះរាជបុត្រនិងបានទទួលការតែងតាំងជាស្នំក្នុងឆ្នាំ គ.ស ១៨៥៦ ពេលហង់តេសៀនហ្វឺងសុគត់។ ព្រះនាងបានចេញបញ្ជាប្រហារជីវិតមន្ដ្រីរាជការទាំង ៨ អាចគ្រប់គ្រងអំណាចក្នុងរាជសំណាក់ក្នុងព្រះជន្ម ២៦ ឆ្នាំ។

ចលនាបែបលោកខាងលិច

[កែប្រែ]

ក្រោយធ្វើសន្ធិសញ្ញាប៉េកាំង រាជសំណាក់ចិនគិតថា បណ្ដាពួកអឺរ៉ុបដែលចិនធ្លាប់មើលរំលងនោះ ជាពួកជនជាតិដែលមានអានុភាពផ្នែកយោធាខ្លាំងជាងចិនខ្លាំងណាស់ ទើបធ្វើឲ្យគំនិតដែលធ្លាប់គិតថា ការដែលអាចធ្វើឲ្យប្រទេសចិនក្លាយជាប្រទេសរឹងមាំនោះ ចាំបាច់ត្រូវពង្រឹងអានុភាពដូចពួកលោកខាងលិចដែរ។

តាមពិតទៅគំនិតខាងលើនេះ មានតាំងពីសម័យវីរបុរសបង្ក្រាបអាភៀននាមលិនចឺស៊ី ដែលធ្លាប់ចង្អុលបង្ហាញថាប្រការដែលត្រូវរៀនសូត្រពីពួកអឺរ៉ុបនោះគឺការអភិវឌ្ឍវិស័យនាវាចរនិងកាំភ្លើងដ៏ទាន់សម័យនិងមានប្រសិទ្ធិភាព។ តែគំនិតនេះមិនត្រូវបានយកមកអនុវត្ដ ហើយត្រូវបានស្នើឡើងជាថ្មីម្ដងទៀត និងយកមកអនុវត្ដក្នុងកំឡុងឆ្នាំ គ.ស ១៨៦០-១៨៩០ ដោយមានកុងឈិនវ៉ាំង អ៊ីស៊ិនជាអ្នកពង្រឹងក្នុងក្រុង និងតាមខេត្ដមាន ចឺងកួហ្វាន និងអ្នកផ្សេងទៀតដែលជិតស្និទ្ធិនឹងគាត់មានដូចជាលីហុងចាង សិស្សរបស់ចឺងកួហ្វាន និងកូនចៅរបស់ចឺងកួហ្វានឈ្មោះ ចួចុងថាំង និងលោកបណ្ឌិតចាងជឺតុងជាដើម។

ចលនាបែបលោកខាងលិចមានគោលគំនិតសំខាន់ដោយមានការចាត់តាំងទីស្នាក់ការរាជការសម្រាប់ទាក់ទងជាមួយប្រទេសក្រៅដោយចំពោះ ដែលគេហៅថា “ចុងលីយ៉ាម៉ឺន”។ មានការកែសម្រួលកម្លាំងយោធា រៀបចំទិញអាវុធ ចាត់តាំងក្រុមការងារបង្ហាត់បាញ់កាំភ្លើង បង្កើតអង្គភាពទ័ពជើងទឹកប៉ើយយ៉ាង និងកងទ័ពជើងទឹកហ្វូចៀន (ហុកកៀន)។ មានការបង្កើតរោងចក្រអាវុធនៅធានជិន សៀងហៃ និងណានគិង។ ផ្នែកអប់រំមានបង្កើតសាលាបង្រៀនភាសាបរទេស ថុងវ៉ើនកួន ដើម្បីបើកបង្រៀនភាសានិងចំណេះដឹងអន្ដរជាតិ បង្កើតធនធានអ្នកបកប្រែភាសា បញ្ជូននិស្សិតទៅសិក្សានៅបរទេស និងចាប់ផ្ដើមធ្វើឧស្សាហកម្មរ៉ែ ការបង្កើតនាវាពានិជ្ជកម្ម។

នាពេលក្រោយមកទៀត ជប៉ុនបានចាប់ផ្ដើមអភិវឌ្ឍប្រទេសរបស់ខ្លួនឲ្យខ្លាំងក្លាឡើង។ កាលនោះអ្នកកោះរិវគិវធ្លាយនាវាធ្វើដំណើរអណ្ដែតទៅកោះតៃវ៉ាន់តែត្រូវពួកអ្នកស្រុកព្រៃនៅតៃវ៉ាន់សម្លាប់។ ឆ្នាំ គ.ស​ ១៨៧២ ជប៉ុនយកលេសនេះវាយយកកោះរិវគិវ រួចបន្ដវាយយកកោះតៃវ៉ាន់។ ចុងក្រោយជប៉ុនប្រកាសថាកោះរិវគិវជារបស់ខ្លួនទាំងអស់ ឯរាជការម៉ាន់ជូមិនបានប្រឆាំងនឹងហេតុការណ៍នេះឡើយ ទើបទទួលបានសន្ដិភាពមួយរយៈ។

ក្រោយមកពេលមើលឃើញពីសារៈសំខាន់នៃនាវាចម្បាំង ទើបចិនខិតខំអភិវឌ្ឍនិងបង្កើតកងទ័ពជើងទឹកឲ្យកាន់តែទាន់សម័យ ដោយចាត់តាំងឲ្យមានកងកម្លាំងប៉ើយយ៉ាង ឬកងកម្លាំងខាងជើង និងកងកម្លាំងណាន់យ៉ាង ឬកងកម្លាំងខាងត្បូង កងទ័ពជើងទឹកក្វាងទុង កងទ័ពជើងទឹកហុកកៀន។ ពេលចាត់តាំងបង្កើតដំបូងមានធនធានគ្រប់គ្រាន់ តែក្រោយមកត្រូវខ្វះខាតទៅវិញដោយសារព្រះនាងស៊ូស៊ីថៃហៅប្រើប្រាស់ប្រាក់រាជការសម្រាប់តែកិច្ចការផ្ទាល់ខ្លួនពេក គឺបើកប្រាក់ដោយប្រើឈ្មោះ “ប្រាក់បង្កើកងទ័ពជើងទឹក” ធ្វើឲ្យប្រាក់ប្រើប្រាស់ទៅមិនដល់ពលទាហាន។ ស៊ូស៊ីថៃហៅបានយកប្រាក់ទាំងនោះទៅសង់ព្រះរាជវាំងរដូវក្ដៅជំនួសព្រះរាជវាំងយួនមិងយួនដែលត្រូវដុតបំផ្លាញដោយកងទ័ពអង់គ្លេសនឹងបារាំង។ នេះមិនទាន់គិតលើប្រាក់ដែលយកទៅចំណាយក្នុងពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះនាងដែលចាយអស់ដល់ទៅ ២ លានតម្លឹង។ សរុបប្រាក់ដែលព្រះនាងយកទៅប្រើប្រាស់ផ្ទាល់ខ្លួននោះមានរហូតដល់ទៅ ២៦ លានតម្លឹង។

លទ្ធផលនៃទង្វើខាងលើនេះបង្ហាញឲ្យឃើញច្បាស់ក្នុងសង្គ្រាមរវាងចិននិងជប៉ុនដែលកើតឡើងម្ដងទៀតក្នុងជម្លោះស្ដីអំពីប្រទេសកូរ៉េ។ កងទ័ពជើងទឹកប៉ើយយ៉ាងរបស់ចិន ប្រយុទ្ធជាមួយកងទ័ពជើងទឹកជប៉ុនដែលមានចំនួនស្មើគ្នា តែទូកចិនត្រូវលិចទាំងអស់។ នេះបង្ហាញឲ្យឃើញថាប្រាក់ដែលត្រូវដកហូតចេញពីគ្រោងការអភិវឌ្ឍកងទ័ពជើងទឹកនោះ បានបំផ្លាញកងទ័ពជើងទឹកចិន និងធ្វើឲ្យចិនចុះខ្សោយមួយតំណាក់កាលទៀត។

ក្នុងកំឡុងពេល ១០០ ថ្ងៃនៃការធ្វើបដិវត្ដ ខាំងយ៉ូវវ៉ើយនិងក្រុមការងារបានស្នើឲ្យមានការធ្វើបដិវត្ដច្បាប់ផ្សេង ៗ ធ្វើឲ្យកួងស៊ីឈប់ប្រើច្បាប់ចាស់ ហើយប្រកាសប្រើច្បាប់ថ្មីជាង ១០០ ច្បាប់។ តែគំនិតបដិវត្ដនេះត្រូវបានជំទាស់ដោយក្រុមអ្នកកាន់អំណាចចាស់យ៉ាងធ្ងន់ធ្ងរ ដោយច្បាប់ដែលប្រកាសថ្មីនោះ ក្នុងដើមខែឧសភាចែងតែអំពីរឿងសេដ្ឋកិច្ច យោធា​ ការសិក្សាប៉ុណ្ណោះ តែដល់ចុងខែមិថុនាមានចែងទៅដល់រឿងអំណាចគ្រប់គ្រង ដោយមានចែងអំពីការដកតំណែងមន្ដ្រីរាជការ ផ្លាស់ប្ដូររចនាសម្ព័ន្ធការងារដែលស្មុគស្មាញ អនុញ្ញាតឲ្យមន្ដ្រីតូចធំនិងប្រជារាស្ដ្រអាចថ្វាយដីកា។ តែច្បាប់ថ្មីទាំងអស់នេះ ក្រៅពីមន្ដ្រីធំនៅហ៊ូណានយកទៅប្រើយ៉ាងម៉ត់ចត់នោះ មន្ដ្រីធំ ៗ នៅតំបន់ផ្សេង ៗ បែរជាយកទៅប្រើបែប​ប្រឡាំប្រកូវ។ ចំណែកមន្ដ្រីថ្មីដែលទើបនឹងចាត់តាំងឡើងនោះត្រូវបានពួកមន្ដ្រីចាស់​ ៗ ចាប់ដាក់ឃុំ ធ្វើឲ្យច្បាប់ថ្មីនេះត្រូវបរាជ័យក្នុងពេលយកទៅអនុវត្ដ។

ការព្យាយាមធ្វើបដិវត្ដច្បាប់ថ្មីនេះក៏បានធ្វើឲ្យព្រះនាងស៊ូស៊ីថៃហៅមិនពេញព្រះទ័យជាខ្លាំង ដោយសារទ្រង់គិតថាអំណាចរបស់ទ្រង់ត្រូវរង្គោះរង្គើ ធ្វើឲ្យកើតការប្រឆាំងនឹងក្រុមបដិវត្ដដែលដឹងនាំដោយហង់តេកួងស៊ី។ ការប្រឆាំងពីសំណាក់ស៊ូស៊ីថៃហៅ បានធ្វើឲ្យក្រុមបដិវត្តន៍ដែលគ្មានកម្លាំងយោធាក្នុងដៃភ័យញាក់សាច់ ហើយងាកទៅសុំជំនួយពីយួនស៊ឺខាយដែលក្ដាប់អំណាចទាហានជើងគោក ដើម្បីទប់ទល់នឹងស៊ូស៊ីថៃហៅ។ តែពេលដល់ថ្ងៃទី ១ ខែសីហា កួងស៊ីចេញបញ្ជាសម្ងាត់ឲ្យយួនស៊ឺខាយដឹកនាំទ័ពកម្ចាត់ស៊ូស៊ីថៃហៅ តែយួនស៊ឺខាយត្រឡប់ក្លាយជាមនុស្សក្បាលពីរក្បត់ក្រុមបដិវត្ដន៍ ជួយស៊ូស៊ីថៃហៅក្នុងការធ្វើរដ្ឋប្រហារ និងចាប់កួងស៊ីទៅឃុំនៅអ៊ិងថៃ លុបចោលច្បាប់បដិវត្ដន៍ទាំងអស់ លើកលែងតែច្បាប់បង្កើតសាកលវិទ្យាល័ប៉េកាំង ចេញបញ្ជាឲ្យចាប់ឃាត់ខ្លួនតំណាងទាំង ៦ នាក់របស់ក្រុមបដិវត្ដន៍ ឬក្នុងប្រវត្ដិសាស្ដ្រគេហៅថា “៦ វិញ្ញូជននៃហេតុការអ៊ូស៊ី” ទៅប្រហារគម្រាមនាកណ្ដាលក្រុងប៉េកាំង។

ក្រោយបរាជ័យលើកនេះ ចិនត្រូវបញ្ជូនលីហុងចាងទៅចចារសន្ដិភាពនៅជប៉ុនក្នុងសន្ធិសញ្ញឈិម៉ូណូសេគិ ដែលចិនត្រូវទទួលស្គាល់ការគ្រប់គ្រងខ្លួនឯងរបស់កូរ៉េ ឬក្នុងន័យមួយទៀតគឺត្រូវទទួលស្គាល់ការគ្រប់គ្រងរបស់ជប៉ុនលើកូរ៉េ និងថែមទាំងប្រគល់សមុទ្រលៀវតុង តៃវ៉ាន់ ក្រុមកោះផឺងហ៊ូ (ផេស្កាដឺរេស) ឲ្យជប៉ុន ថែមទាំងសងថ្លៃខូចខាតពេលធ្វើសង្គ្រាមជាសាច់ប្រាក់ ២៣០ លានតម្លឹង បើកកំពង់ផែសាស៊ឺ ឆុងឈិង ស៊ូចូវ និងហាំងចូវជាកំពង់ផែពានិជ្ជកម្ម និងកំពង់ផែរបស់ចិនត្រូវអនុញ្ញាតឲ្យជប៉ុនចូលមកលក់ដូរ ធ្វើឧស្សាហកម្ម ហត្ថកម្មក្នុងកំពង់ផែនបាន។

រដ្ឋប្រហារអ៊ូស៊ី

[កែប្រែ]

ក្រោយពេលចប់សង្គ្រាមចិនជប៉ុន ឬហៅតាមឈ្មោះឆ្នាំថាសង្គ្រាម “ចៀអ៊ូ” រហូតចិនត្រូវអនុវត្ដតាមសន្ធិសញ្ញាឈិម៉ូណូសេគិហើយ កំឡុងពេលនេះជាកំឡុងពេលដែលប្រព័ន្ធមូលធននិយមបរទេសចាប់ផ្ដើមលុកលុយចូលមក ធ្វើឲ្យហង់តេកួងស៊ីកើតក្ដីកង្វល់យ៉ាងខ្លាំង។

ឆ្នាំ គ.ស ១៨៩៨ ឬក្នុងរជ្ជកាលស្ដេចកួងស៊ីឆ្នាំទី ២៤ ក្រោយពេលទទួលដីកាពីយ៉ាងសឺនស៊ិវ ស៊ីជឺជិង និងខាំងយ៉ូវវ៉ើយ ធ្វើឲ្យស្ដេចកួងស៊ីសម្រេចព្រះទ័យថា ត្រូវតែធ្វើបដិវត្ដច្បាប់ឲ្យបាន។ ដូច្នេះនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំដដែលទ្រង់ចេញបញ្ជាឲ្យខាំងយ៉ូវវ៉ើយចូលគាល់ដើម្បីសាកសួរពីផែនការសម្អិត និងក្រោយមកទៀតទ្រង់ប្រគល់សិទ្ធិក្នុងការថ្វាយដីកាដោយត្រង់ទៅខាំងយ៉ូវវ៉ើយទៀតផង។

ចលនាអ៊ីហឺថួន-សង្គ្រាមសម្ព័ន្ធមិត្ដប្រាំបីជនជាតិ

[កែប្រែ]

ក្រុមអ៊ីហឺថួនចាប់កំណើតពីសំណាក់ក្បាច់គុណអ៊ីហឺនៅស្រុកឈិងភិង ខេត្ដសានទុង។ កាលនោះក្រុមជនជាតិបរទេសដែលអាចចូលទៅដល់ផែនដីខាងក្នុងរបស់ចិនបានគឺមានតែក្រុមអ្នកផ្សាយសាសនាតែប៉ុណ្ណោះ។ តែក្រោយមកមានការរីករាលដាលកាន់តែធំឡើង បូកផ្សំនឹងបញ្ហាទំនាស់ផ្នែកទស្សនៈនិងឧត្ដមគតិ ដែលបណ្ដាអ្នកផ្សព្វផ្សាយសាសនាជនជាតិបរទេសបានបង្រៀនកុំឲ្យគោរពសាសនាក្រាបសំពះបុព្វការី និងក្សត្រ ធ្វើឲ្យបណ្ដាស្ដ្រីដែលចូលគោរពសាសនាក៏ត្រូវគេមើលឃើញថាជាពួកប្រព្រឹត្ដិខុសទំនៀមទម្លាប់ដែរ។ ការមិនពេញចិត្ដលើជនបរទេសលើច្រើនប្រការ បានជម្រុញឲ្យសំណាក់ក្បាច់គុណអ៊ីហឺក្រោកបះបោរឡើង បំផ្លាញវិហារគ្រិស្ដ ប្រឆាំងសាសនាបរទេសក្នុងឆ្នាំ គ.ស ១៨៩៨ និងកាន់តែរីករាលដាលធំឡើង។

បើចលនាអ៊ីហឺថួនគ្រាន់តែជាចលនារំសាយកំហឹងរបស់ប្រជាជននោះ ប្រហែលជាមិនបង្កឲ្យកើតជាមហន្ដរាយធ្ងន់ធ្ងរប៉ុន្មានឡើយ តែចលនានេះបានប្រែក្លាយជាឧបករណ៍នយោបាយ ទើបធ្វើឲ្យបញ្ហាកើតកាន់តែធ្ងន់ធ្ងរឡើង។

កាលនោះជួនជាពេលនៃបរាជ័យនៃចលនាបដិវត្ដអ៊ូស៊ី តាមពិតទៅពេលនោះព្រះនាងស៊ូស៊ីថៃហៅទ្រង់មិនពេញព្រះទ័យដល់ថ្នាក់ចង់តែងតាំងហង់តេអង្គថ្មី តែត្រូវអាកខានដោយសារបណ្ដាអ្នកការទូតអន្ដរជាតិពេញចិត្ដនឹងនយោបាយបើកទូលាយរបស់ស្ដេចកួងស៊ី ទើបប្រមូលផ្ដុំគ្នាប្រឆាំង ធ្វើឲ្យស៊ូស៊ីថៃហៅបានត្រឹមឃុំខ្លួនកួងស៊ីប៉ុណ្ណោះ។ ក្នុងពេលនោះតួនអង បានចូលមកទូលស្នើថាក្នុងពេលនេះមានក្រុមអ៊ីហឺថួន ដែលមានសមត្ថភាពកាប់មិនមុតដុតមិនឆេះ មិនខ្លាចកាំភ្លើងរបស់បរទេស ធ្វើឲ្យមានមន្ដ្រីជាច្រើននាក់គាំទ្រឲ្យប្រើក្រុមអ៊ីហឺថួនដើម្បីប្រឆាំងបរទេស ធ្វើការកាប់សម្លាប់ជនបរទេសនិងជនជាតិចិនដែលគោរពសាសនាគ្រិស្ដជាការព្រមាន។ ពេលនោះមានជនបរទេសចំនួន ២៧១ នាក់ត្រូវបានសម្លាប់ និងជនជាតិចិនគោរពសាសនាគ្រិស្ដចំនួនជាង ២៣​ ០០០ នាក់ទៀតក៏ត្រូវបានសម្លាប់ដែរក្នុងរដូវក្ដៅនាឆ្នាំដដែល។

ក្រោយមករាជការចិនបានប្រកាសទទួលស្គាល់ក្រុមអ៊ីហឺថួន ជាក្រុមស្របច្បាប់ ដោយក្រុមអ៊ីហឺថួននេះក៏ប្រកាសថានឹងគាំទ្ររាជវង្សឈិង និងរួមគ្នាកម្ចាត់ជនបរទេសចេញពីប្រទេសចិនដែរ។ លុះដល់ឆ្នាំ គ.ស ១៩០០ ស៊ូស៊ីថៃហៅបានសម្រេចចិត្ដប្រកាសសង្គ្រាមជាមួយជនបរទេស និងចេញបញ្ជាឲ្យទាហានរួមកម្លាំងគ្នាជាមួយក្រុមអ៊ីហឺថួនវាយលុកស្ថានទូតបរទេសក្នុងក្រុងប៉េកាំង ធ្វើឲ្យអង់គ្លេស អាមេរិក អាល្លឺម៉ង បារាំង រុស្សី ជប៉ុន អ៊ីតាលី និងអូស្ដ្រាលីរួមកម្លាំងគ្នាជាសម្ព័ន្ធមិត្ដប្រាំបីជនជាតិ វាយទប់ទល់នឹងរាជការចិន។ ក្រុមចលនាអ៊ីហឺថួនដែលអួតខ្លួនថាកាប់មិនមុតដុតមិនឆេះនោះ ពេលទាហានសម្ព័ន្ធមិត្ដមកដល់ បែរជាមិនដឹងខ្លួន គិតតែពីដុតបំផ្លាញវិហារ កាប់សម្លាប់អ្នកផ្សព្វផ្សាយសាសនាក៏ត្រូវទាហានសម្ព័ន្ធមិត្ដប្រាំបីជនជាតិបង្ក្រាបខ្ចាត់ខ្ចាយអស់។

ចំណែកព្រះនាងស៊ូស៊ីថៃហៅ ពេលដឹងថាទាហានបរទេសវាយចូលដល់ក្រុងប៉េកាំង បាននាំខ្លួនហង់តេកួងស៊ី រាជវង្សានុវង្ស មន្ដ្រីតូចធំមួយចំនួនបន្លំខ្លួនជាជនសាមញ្ញហើយគេចខ្លួនទៅស៊ីអាន ដោយប្រគល់អំណាចទាំងស្រុងឲ្យលីហួងចាងធ្វើការចចារជាមួយកងទ័ពសម្ព័ន្ធមិត្ដ។ ដើម្បីបញ្ចប់សង្គ្រាមជាមួយទ័ពសម្ព័ន្ធមិត្ដ រដ្ឋាភិបាលឈិងសុខចិត្ដក្បត់ក្រុមអ៊ីហឺថួនដោយប្រកាសថាក្រុមនេះជាក្រុមចោរ និងអនុញ្ញាតឲ្យទាហានឈិងរួមដៃជាមួយទ័ពសម្ព័ន្ធមិត្ដកាប់សម្លាប់ ដោយមុនការចចារបានសម្រេចក៏មានការនិរទេសតួនអង និងប្រហារមេក្រុមសំខាន់ ៗ ជាច្រើននាក់របស់ក្រុមអ៊ីហឺថួន ដើម្បីធ្វើជាស្វាស៊ីបាយលាបមាត់ពពែ។

ឆ្នាំក្រោយមកទៀត ទ័ពសម្ព័ន្ធមិត្ដប្រាំបីជនជាតិបានគ្រប់គ្រងប៉េកាំង និងចុះសន្ធិសញ្ញាស៊ិនចូវជាមួយ ៨ ប្រទេសសម្ព័ន្ធមិត្ដនិង ៣ ប្រទេសផ្សេងទៀត ដូចជា​ ហូឡង់ អេស្បាញ និងបែលស៊ិក ដោយឲ្យចិនសងថ្លៃខូចខាតពេលប្រតិបត្ដិការសង្គ្រាមសុរបជាទឹកប្រាក់ ៤៥០ លានតម្លឹង ដែលជាចំនួនស្មើនឹងចំនួនប្រជាជនចិននាពេលនោះ ដោយឲ្យបែងចែកសងព្រមជាមួយការប្រាក់សរុបជិត ១ ០០០ លានតម្លឹង​ និងត្រូវសងឲ្យអស់នៅឆ្នាំ គ.ស ១៩៤០ ។ ក្រៅពីនេះបានបង្ខំឲ្យចិនរើបន្ទាយកាំភ្លើងធំនៅតាគូ និងតាមបណ្ដោយផ្លូវពីប៉េកាំងទៅធានជិន ព្រមទាំងអនុញ្ញាតឲ្យទាហានអឺរ៉ុបច្រើនប្រទេសចូលមកបោះជំរុំនៅប៉េកាំង ធានជិន និងសាន់ហៃកួន និងលក្ខខណ្ឌលម្អិតជាច្រើនទៀតដូចជា ចិនត្រូវបញ្ឈប់ការនាំចូលអាវុធ ២ ឆ្នាំ បញ្ជូនមន្ដ្រីធំទៅដើម្បីធ្វើការសុំទោសនៅជប៉ុនក្នុងករណីធ្វើឲ្យមន្ដ្រីទូតជប៉ុនស្លាប់ និងថ្ងៃអនាគតចិនត្រូវដាក់ទោសបុគ្គលឬអង្គការណាដែលប្រឆាំងនឹងបរទេសជាដើម និងក្រោយពេលចុះសន្ធិសញ្ញាហើយ ទើបស៊ូស៊ីថៃហៅ ហង់តេកួងស៊ី និងក្រុមអ្នកភាសខ្លួនធ្វើដំណើរត្រឡប់មកក្រុងប៉េកាំងវិញឆ្នាំ គ.ស ១៩០២។

ថ្វីបើចលនាអ៊ីហឺថួន ត្រូវគេហៅថាជាចលនាក្បត់ក្ដី តែជេន ឆេសណូវ (Jean Chesneaux) ប្រវត្ដិវិទូជនជាតិបារាំងមើលឃើញថា “នៅសម័យសតវត្សទី ២០ នេះ ចលនាអ៊ីហឺថួនជាក្រុមចលនាប្រឆាំងពួកអាណានិគមដំបូងគេ ដែលបង្ហាញឲ្យឃើញពីភាពរឹងមាំនៃលទ្ធិជាតិនិយមរបស់ចិន។ ពេលប្រឈមនឹងការប្រឆាំងដ៏សាហាវរបស់ពួកគេ មហាអំណាចលោកខាងលិចក៏ត្រូវសុខចិត្ដបោះបង់គំនិងចង់បែងចែកទឹកដីចិនជាចំណែក ៗ ដើម្បីគ្រប់គ្រង” ។

ប្រវត្ដិសាធារណរដ្ឋ

[កែប្រែ]

ចាប់តាំងពីសង្គ្រាមអាភៀន រហូតមកដល់ក្រោយពេលដែលប្រាំបីជនជាតិចូលមកលុកលុយចិន ធ្វើឲ្យស្ថានភាពប្រទេសចិននាពេលនោះមានសភាពជាប្រទេសពាក់កណ្ដាលអាណានិគម។ រដ្ឋាភិបាលចិនចាប់ផ្ដើមឈានចូលក្នុងសភាពទន់ខ្សោយនិងគ្មានសមត្ថភាព រហូតធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនរងទុក្ខលំបាកគ្រប់ទីកន្លែង។ ក្នុងពេលនោះដែរ ស៊ុនចុងសាន់ ឬស៊ុយ៉ាត់សេនក៏បានងើបប៉ះបោរឡើង និងជ្រើសរើសយកវិធីជម្រុញបដិវត្ដន៍ដើម្បីរំលំអំណាចរាជវង្សឈិង។

ស៊ុនចុងសាន់ ចាប់កំណើតនៅខេត្ដក្វាងទុង និងបានធ្វើដំណើរតាមមាតាទៅកោះហាវ៉ៃ ធ្វើឲ្យបានឃើញភាពអស្ចារ្យនៃនាវាចំហាយទឹក និងភាពធំធេងនៃមហាសមុទ្រ។ ការធ្វើដំណើរលើកនោះធ្វើឲ្យស៊ុនចុងសាន់បានទទួលការសិក្សាបែបសម័យនិយម មានដូចជា ភាសាអង់គ្លេស ប្រវត្ដិសាស្ដ្រអង់គ្លេស គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា។ ក្រោយមកបានធ្វើដំណើរទៅហុងកុង និងបានចូលទៅសិក្សារហូតបានចប់មុខជំនាញពេទ្យ។ ក្រោយមកបានបើកគ្លីនិកព្យាបាលអ្នកជំងឺនៅម៉ាកាវ និងក្វាងទុង។

មួយរយៈកាលដំបូងស៊ូចុងសាន់ក៏ពុំបាននិយាយអំពីប្រវត្ដិរបស់ខ្លួនទេ លុះមកដល់ឆ្នាំ គ.ស ១៨៩៤ បានសាកល្បងផ្ញើសំបុត្រទៅលីហុងចាង ដែលក្នុងនោះមានសំណើទម្រង់បដិវត្ដន៍ជាច្រើនប្រការ តែសំបុត្រនោះត្រូវលីហុងចាងបដិសេធ។ ដោយក្ដីអស់សង្ឈឹម ធ្វើឲ្យស៊ុនចុងសាន់បានចាត់តាំងសមាគមន៍ស៊ិនចុងនៅហុងកុង ជម្រុញឲ្យមានចលនា “ការបណ្ដេញអនារ្យជន ស្ដារប្រទេស បង្កើរដ្ឋបាលមហាជន” ឡើង។

ឆ្នាំ គ.ស ១៩០៥ ដែលត្រូវនឹងរជ្ជកាលរបស់ហង់តេកួងស៊ីឆ្នាំទី ៣០ មានការរៀបចំប្រជុំនៅតូក្យូ ហើយក្នុងទីប្រជុំនោះស៊ុនយ៉ាត់សេនបានស្នើឲ្យមានការចាត់តាំងសហព័ន្ធដើម្បីបដិវត្ដន៍ឡើង។ ក្រោយការប្រឹក្សាយោបល់ សហព័ន្ធថុងម៉ឺងត្រូវបានបង្កើតឡើង។

ក្រោយមកស៊ុនយ៉ាត់សេនបានស្នើគោលការណ៍ ៣ ប្រការសម្រាប់ប្រជាជន ឬដែលគេហៅថា លទ្ធិត្រៃរាស្ដ្រ ដែលមានគោលការណ៍សំខាន់ដូចជា គោលការណ៍ប្រជាជាតិ ឬការផ្ដួលរំលំអំណាចគ្រប់គ្រងរបស់រាជវង្សម៉ាន់ជូ ឲ្យគ្រប់ជនជាតិនៅប្រទេសចិនមានសិទ្ធិស្មើភាពគ្នា។ គោលការណ៍ប្រជាសិទ្ធិ គឺឲ្យប្រជាជនមានលិទ្ធិ មានអំណាចផ្ទាល់ក្នុងការគ្រប់គ្រងខ្លួនឯង និងគោលការណ៍ប្រជាជីព គឺផ្ដល់ភាពស្មើគ្នានៃកម្មសិទ្ធិដីធ្លីនិងសង្គមកិច្ច។

ការចាប់កំណើតនៃសហព័ន្ធថុងម៉ឺង ដែលបានចាប់អាវុធក្រោកឡើងប្រឆាំងនឹងរាជសំណាក់ឈិង បណ្ដាលឲ្យរង្គោះរង្គើរបបគ្រប់គ្រងរបស់រាជសំណាក់ឈិងយ៉ាងខ្លាំង។ រហូតក្នុងខែមេសា ឆ្នាំ គ.ស ១៩១១ មានការងើបបះបោរឡើងនៅទីទួលផ្កាលឿងក្នុងខេត្ដក្វាងចូវ បណ្ដាលឲ្យមេដឹកនាំសំខាន់ៗ និងសមាជិកសហព័ន្ធស្លាប់អស់ជាច្រើននាក់។ មានការប្រមូលរួបរួមសាកសព ៧២ នាក់ទៅកប់ក្នុងរណ្ដៅតែមួយ ដោយអ្នកប្រវត្ដិសាស្ដ្របានហៅថាជា ៧២ វីរបុរសទួលផ្កាលឿង (ក្រោយមកមានការសិក្សាបន្ថែមនិងរកឃើញថាចំនួនវីរជននោះមានដល់ទៅ ៨៦ សាកសព)។ ទោះជាការងើបបះបោរនេះទទួលបរាជ័យក៏ពិតមែន តែឈាមស្រស់និងជីវិតរបស់វីរជនទាំងអស់នេះបណ្ដុះចលនាផ្ដួលរំលំរាជវង្សឈិងឲ្យផុសផុលកាន់តែខ្លាំងឡើង។

ហង់តេអង្គចុងក្រោយ-អវសាននៃរាជវង្សឈិង

[កែប្រែ]

ឆ្នាំ គ.ស ១៩០៨ ត្រូវនឹងរជ្ជកាលហង់តេកួងស៊ីឆ្នាំទី ៣៤ ហង់តេកួងស៊ីបានធ្លាក់ខ្លួនឈឺជាទម្ងន់ រហូតដល់ខែតុលា រាជសំណាក់ឈិងចេញរាជបញ្ជាតែងតាំងចៃហ្វឺង ឲ្យសម្រេចរាជការផែនដី រហូតដល់ថ្ងៃទី ២១ ខែតុលា ហង់តេកួងស៊ីស្ដេចសុគត់។

ព្រះនាងស៊ូស៊ីថៃហៅ មានរាជឱង្ការតែងតាំងបុត្ររបស់ចៃហ្វឺនាមអាស៊ិនចៀឡ ភូអ៊ី ឬពូយីដែលមានព្រះជន្មត្រឹមតែ ៣ វស្សាឡើងគ្រងរាជ្យ មានឈ្មោះរជ្ជកាលថាស្វៀនថុង​ តែដោយសារព្រះអង្គជាហង់តេអង្គចុងក្រោយនៃរាជវង្សរបស់ចិន ដូច្នេះទើបគេតែងតែហៅថាងហង់តេអង្គចុងក្រោយ ឬចក្រព័ត្ដិអង្គចុងក្រោយ ក្នុងខណៈនោះដែរព្រះនាងស៊ូស៊ីថៃហៅក៏សុគត់ដែរក្នុងវេលាមិនបានប៉ុន្មានថ្ងៃក្រោយចេញរាជបញ្ជាតែងតាំងភូអ៊ី។

ក្នុងកំឡុងពេលដែលភូអ៊ីបានគ្រងរាជ្យមិនបានដល់ ៣ ឆ្នាំ ក្រោយយុទ្ធនាការទួលផ្កាលឿង ក្រុមមេដឹកនាំសហព័ន្ធថុងម៉ឺនបានសម្រេចចិត្ដប្ដូរមជ្ឈមណ្ឌលប្រតិបត្ដិការរបស់ខ្លួនទៅឯតំបន់ទំនាបទន្លេយ៉ង់សេ។ ថ្ងៃទី ១០ ខែតុលា កើតមានស្ថានការណ៍ប្រែប្រួលនៅអ៊ូឆាំង ធ្វើឲ្យកងទ័ពបដិវត្ដន៍ទីនោះចាំបាច់ត្រូវងើបក្រោកឡើងបង្កចលាចលមុនកាលកំណត់ វាយដណ្ដើមយកក្រុងអ៊ូឆាំង។ ក្រោយមកនៅថ្ងៃបន្ទាប់ក្រុមបដិវត្ដន៍នៅហាន់យ៉ាង និងហាន់ខូវដែលបានទទួលដំណឹងក៏ងើបបះបោរឡើងវាយយកក្រុងទាំងពីរ​ រហូតធ្វើឲ្យក្រុមបដិវត្ដន៍អាចគ្រប់គ្រងទីក្រុងទាំងបីនៅអ៊ូហាន់បានទាំងអស់។

ការងើបបះបោរទទួលបានជោគជ័យនៅអ៊ូឆាំង បានបណ្ដុះចលនារំលំរបបរាជវង្សឈិងកាន់តែរីករាលដាលឡើង និងធ្វើឲ្យរង្គោះរង្គើក្នុងរាជសំណាក់តាឈិងយ៉ាងខ្លាំង ហើយក្រោយមកមានប្រកាសឯករាជ្យ និងចាត់តាំងរដ្ឋាភិបាលយោធានៅហ៊ូប៉ើយឡើង។ ក្រោយមកទៀតនៅហ៊ូណាន ​សានស៊ី សាន់ស៊ី យូណាន ចៀងស៊ី គុយចូវ ចៀងស៊ូ ក្វាងស៊ី អានហ៊ុយ ហ៊្វូចៀន ក្វាងទុង ឈឺឆួនក៏បានបន្ដកន្ទុយគ្នាប្រកាសឯករាជ្យ ផ្ដួលរំលំរាជវង្សឈិង ដែលប្រវត្ដិសាស្ដ្របានហៅចលនាបដិវត្ដន៍នេះថា ចលនាបដិវត្ដន៍ស៊ិនហៃ តាមឆ្នាំដែលហេតុការណ៍នោះកានកើតឡើង។

ពេលដល់ខែមករា ឆ្នាំ គ.ស ១៩១២ សមាគមថុងម៉ឺងបានប្រជុំប្រឹក្សាគ្នានៅណានគិង និងចាត់តាំងរដ្ឋាភិបាលបណ្ដោះអាសន្នឡើង ហើយដាក់ឈ្មោះប្រទេសជាសាធារណរដ្ឋចិន។ ក្រោយមកក្នុងខែបន្ទាប់ក៏បានបង្ខំឲ្យហង់តេនៃរាជវង្សឈិងចុះចេញពីតំណែង ចាត់ទុកជាការបើកសករាជថ្មីនៃផែនដីចិន និងចាត់ទុកជាទីបញ្ជប់នៃរាជវង្សឈិងដែលមានអាយុជាង ២០០ ឆ្នាំ និងជាការបិទឆាករបបគ្រប់គ្រងបែបរាជានិយមជាង ២​ ០០០ ឆ្នាំរបស់ចិន។

ចំណែកភូអ៊ី ឬពូយី ក្រោយពេលដាក់រាជ្យសម្បត្ដិហើយ ក្នុងឆ្នាំ គ.ស ១៩១៧ ត្រូវបានចាងស្វិនដែលជាអ្នកជម្រុញបដិវត្ដន៍និងការស្ដាររាជវង្សឈិងជាថ្មី លើកតំកើងឲ្យត្រឡប់មកធ្វើហង់តេសារជាថ្មី។ តែហេតុការនេះត្រូវទទួលការជំទាស់ពីគ្រប់ភាគី។ ក្នុងស្ថានការណ៍ដ៏តានតឹងនេះ ក្នុងរយៈពេល ១២ ថ្ងៃក្រោយមកទៀត ធ្វើឲ្យចាងស្វិនប្រកាសចុះចាញ់ និងចាំបាច់ត្រូវទម្លាប់ភូអ៊ីចេញពីរាជបល្ល័ង្កម្ដងទៀត។

លុះមកដល់ឆ្នាំ គ.ស ១៩២៤ កងទ័ពរបស់ហ្វឺងអ៊ីសៀងបានឡោមព័ទ្ធរាជវង្សហាមឃាត់ ព្រមទាំងបំបែរកាណុងកំាភ្លើងធំតម្រង់មករាជវាំង ហើយបង្ខំឲ្យភូអ៊ីចុះហត្ថលេខាបញ្ឈប់ការទាមទារឡើងធ្វើជាហង់តេ និងកំណត់ពេលឲ្យចេញពីរាជវាំងក្នុងរយៈពេល ២ ថ្ងៃ។ ក្រោយមកភូអ៊ីបានពឹងសម្ព័ន្ធភាពដែលមានជាមួយជនជាតិជប៉ុន ជួយបន្លំខ្លួនធ្វើជាអ្នកជំនួញ ហើយគេចខ្លួនទៅនៅឯចាងយួនជាមួយជិងយួន។

ឆ្នាំ គ.ស ១៩៣១ ក្រោយពេលដែលជប៉ុនបានវាយយកតំបន់ភាគខាងកើតឆៀងខាងជើងរបស់ចិន បានបង្កើតជាប្រទេសម៉ាន់ជូកួឡើង។ ក្រោយពីនោះមកបានលួចនាំខ្លួនភូអ៊ីទៅម៉ានជូ ដោយភូអ៊ីព្រមសហការ និងទទួលការតែងតាំងឲ្យធ្វើជាហង់តេជាផ្លូវការនៅក្នុងឆ្នាំ គ.ស ១៩៣៤។

រហូតដល់ពេលកងទ័ពជប៉ុនចាញ់សង្គ្រាមលោកលើកទី ២ ប្រទេសត្រូវដួលរលំទៅ ហើយក្នុងឆ្នាំ គ.ស ១៩៤៥ ក្នុងពេលដែលទាហានជប៉ុននាំខ្លួនភូអ៊ីមកព្រលានយន្ដហោះសឺនយ៉ាងដើម្បីធ្វើដំណើរត្រឡប់ទៅជប៉ុន ក៏ត្រូវទាហានរុស្សីចាប់ខ្លួន តែបានទទួលការមើលថែពីពួករុស្សីយ៉ាងល្អ រហូតដល់ព្រះអង្គធ្លាប់សរសេរលិខិតសំដែងសញ្ចេតនាចង់រស់នៅរុស្សីអស់មួយជីវិតជាច្រើនដង។

ឆ្នាំ គ.ស ១៩៥០ ភូអ៊ីនិងអ្នកទោសក្នុងសង្គ្រាមម៉ាន់ជូកួត្រូវបញ្ជូនខ្លួនត្រឡប់មកឲ្យរដ្ឋាភិបាលចិន និងត្រូវដាក់ឃុំឃាំងរួមគ្នាជាមួយអ្នកទោសផ្សេង ៗ​ ទៀតក្នុងមន្ទីរ​ឃុំឃាំងនៅហាប៊ិន ប្រើជីវិតជាអ្នកទោសអត្ដលេខ ៩៨១ អស់រយៈពេល ១០ ឆ្នាំ រហូតបានទទួលការលើកលែងទោសនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ គ.ស ១៩៥៩ ក្លាយជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនធម្មតារបស់ចិន ហើយស្លាប់បាត់បង់ជីវិតនៅប៉េកាំងក្នុងឆ្នាំ គ.ស ១៩៦៧ ក្នុងអាយុ ៦១ ឆ្នាំ ទើបចាត់ទុកជាការបញ្ចប់នៃហង់តេចុងក្រោយនៃផែនដីចិន។ 

จักรวรรดิต้าชิง

大清帝國
ต้าชิงตี้กว๋อ
พ.ศ. 2187–2455
Flag of ราชวงศ์ชิง
ธง (พ.ศ. 2433 – 2455)
{{{coat_alt}}}
ตราพระราชสัญจักร
ភ្លេងជាតិก่งจินโอว (Gong Jin'ou)
("ขอให้จักรวรรดิของเราจงเข้มแข็ง")
ไฟล์:Gong Jin'ou.ogg
อาณาเขตของจักรวรรดิชิงในปี พ.ศ. 2433
อาณาเขตของจักรวรรดิชิงในปี พ.ศ. 2433
ស្ថានភាព{{#if: | |จักรวรรดิ
ធានីเสิ่นหยาง (พ.ศ. 2179 – 2187)
ปักกิ่ง (2187 – 2455)
ភាសាទូទៅ ภาษาจีน
ภาษาแมนจู
ภาษามองโกล
រដ្ឋាភិបាលราชาธิปไตย
จักรพรรดิ 
▪ พ.ศ. 2169 - 2186
หวงไท่จี๋
▪ พ.ศ. 2451 - 2467
จักรพรรดิเซวียนถ่ง
อัครมหาเสนาบดี 
▪ พ.ศ. 2454
ยี่กวัง เจ้าแห่งชิง
▪ พ.ศ. 2454 - 2455
หยวน ซื่อไข่
ប្រវត្តិសាស្រ្ត 
▪ การก่อตั้งจิน
พ.ศ. 2159
▪ เปลี่ยนชื่อจาก "จิน" เป็น "ชิง"
พ.ศ. 2187
6 มิถุนายน พ.ศ. 2187
12 กุมภาพันธ์ 2455
ប្រជាជន
140,000,000
311,500,000
360,000,000
383,100,000
319,720,000
Preceded by
Succeeded by
ราชวงศ์ชุน
ราชวงศ์หมิง
สาธารณรัฐจีน (2455-2492)
History of China
History of China
ប្រវត្តិសាស្ត្រចិន
សម័យបុរាណ
ថ្មរំលីង រ. ៨៥០០–រ. ២១០០ មគ.
រាជវង្សសៀ រ.២១០០– រ.១៦០០ មគ.
រាជវង្សសាង រ.១៦០០–រ.១០៤៦ មគ.
រាជវង្សចូវ រ.១០៤៥–២៥៦ មគ.
 ចូវខាងលិច
 ចូវខាងកើត
   សម័យផ្ការីក​និងស្លឹកឈើជ្រុះ
   សម័យនគរចម្បាំង
សម័យអធិរាជ
រាជវង្សឈិន ២២១ មគ.–២០៦ មគ.
រាជវង្សហាន ២០៦ មគ.–២២០ គស.
  ហានខាងលិច
  រាជវង្សថ្មី
  ហានខាងកើត
នគរបី ២២០–២៨០
  អ៊ួយ ស៊ូ និង អ៊ូ
រាជវង្សជិន ២៦៥–៤២០
  ជិនខាងលិច នគរ១៦
៣០៤–៤៣៩
  ជិនខាងកើត
រាជវង្សខាងត្បូងនិងខាងជើង
៤២០–៥៨៩
រាជវង្សសួយ ៥៨១–៦១៨
រាជវង្សថាង ៦១៨–៩០៧
  ( ចូវទី២ ៦៩០–៧០៥ )
រាជវង្ស៥ និង
នគរ១០

៩០៧–៩៦០
រាជវង្សលៀវ
៩០៧–១១២៥
រាជវង្សសុង
៩៦០–១២៧៩
  សុងខាងជើង សៀខាងលិច
  សុងខាងត្បូង ជិន
រាជវង្សយាន ១២៧១–១៣៦៨
រាជវង្សមិង ១៣៦៨–១៦៤៤
រាជវង្សឈិង ១៦៤៤–១៩១១
សម័យទំនើប
សាធារណរដ្ឋចិន ១៩១២–បច្ចុប្បន្ន
សាធារណរដ្ឋប្រជាមានិត
ចិន

១៩៤៩–បច្ចុប្បន្ន
សាធារណរដ្ឋ
ចិន

(តៃវ៉ាន់)
១៩១២–បច្ចុប្បន្ន

ព្រះរាជាសោយរាជ្យនៅរាជវង្សឆេង

[កែប្រែ]
พระนามที่รู้จักกันดี พระบรมสาทิสลักษณ์/ฉายาลักษณ์ ระยะเวลาครองราชย์ พระนามเดิม รัชศก พระนามเรียกขาน

(ภาษาจีน–
ภาษาแมนจู)

พระนามแต่งตั้ง
นู่เอ๋อร์ฮาชื่อ

(21 กุมภาพันธ์ ค.ศ. 1559–
30 กันยายน ค.ศ. 1626)

ค.ศ. 1616


ค.ศ. 1626

นู่เอ๋อร์ฮาชื่อ

努爾哈赤
(พินอิน:
Nǔ'ěrhāchì)

เทียนมิ่ง*

天命
Abkai fulingga

เกาตี้#

高帝
Dergi

ไท่จู่

太祖

หวงไท่จี๋

(28 พฤศจิกายน ค.ศ. 1592–
21 กันยายน ค.ศ. 1643)

ค.ศ. 1626


ค.ศ. 1643

หวงไท่จี๋* เทียนฉง#

天聰
Abkai sure
(1627–1636);
ฉงเต๋อx 崇德 Wesihun erdemungge (1636–1643)

เหวินตี้

文帝
Genggiyen Su

ไท่จง

太宗

จักรพรรดิซุ่นจื้อ

(15 มีนาคม ค.ศ. 1638–
5 กุมภาพันธ์ ค.ศ. 1661)

(8 กุมภาพันธ์)

ค.ศ. 1644*

ค.ศ. 1661
(18 ปี)

ฟูหลิน

福臨

ซุ่นจื้อ

順治
Ijishūn dasan

จางตี้

章帝
Eldembure

ซื่อจู

世祖

จักรพรรดิคังซี

(4 พฤษภาคม ค.ศ. 1654–
20 ธันวาคม ค.ศ. 1722)

(18 กุมภาพันธ์)

ค.ศ. 1662*

ค.ศ. 1722
(61 ปี)

เสวียนเย่

玄燁

คังซี

康熙
Elhe taifin

เหรินตี้

仁帝
Gosin

เซิ่งจู่

聖祖

จักรพรรดิยงเจิ้ง

(13 ธันวาคม ค.ศ. 1678–
8 ตุลาคม ค.ศ. 1735)

(5 กุมภาพันธ์)

ค.ศ. 1723

ค.ศ. 1735
(13 ปี)

อิ้นเจิน

胤禛

ยงเจิ้ง

雍正
Hūwaliyasun tob

เซี่ยนตี้

憲帝
Temgetulehe

ซื่อจง

世宗

จักรพรรดิเฉียนหลง

(25 กันยายน ค.ศ. 1711–
7 กุมภาพันธ์ ค.ศ. 1799)

(12 กุมภาพันธ์)

ค.ศ. 1736

ค.ศ. 1796*
(60 ปี)

หงลี่

弘曆

เฉียนตี้

乾隆
Abkai wehiyehe

ฉุนตี้

純帝
Yongkiyangga

เกาจง

高宗

จักรพรรดิเจียชิ่ง

(13 พฤศจิกายน ค.ศ. 1760–
2 กันยายน ค.ศ. 1820)

(9 กุมภาพันธ์)*

ค.ศ. 1796

ค.ศ. 1820
(25 ปี)

ย้งเหยี่ยน#

顒琰

เจียชิ่ง

嘉慶
Saicungga fengšen

รุ่ยตี้

睿帝
Sunggiyen

เหรินจง

仁宗

จักรพรรดิเต้ากวง

(16 กันยายน ค.ศ. 1782–
25 กุมภาพันธ์ ค.ศ. 1850)

A man in a grey suit, white shirt and dark tie, he has a birthmark on his forehead (3 กุมภาพันธ์)

ค.ศ. 1821

ค.ศ. 1850
(30 ปี)

หมินหนิง*

旻寧

เต้ากวง

道光
Doro eldengge

เฉิงตี้

成帝
Šanggan

เซวียนจง

宣宗

จักรพรรดิเสียนเฟิง

(17 กรกฎาคม ค.ศ. 1831–
22 สิงหาคม ค.ศ. 1861)

(1 กุมภาพันธ์)

ค.ศ. 1851

ค.ศ. 1861
(11 ปี)

อี้จู่

奕詝

เสียนเฟิง

咸豐
Gubci elgiyengge

เสี่ยนตี้

顯帝
Iletu

เหวินจง

文宗

จักรพรรดิถงจื้อ

(27 เมษายน ค.ศ. 1856–
12 มกราคม ค.ศ. 1875)

(30 มกราคม)

ค.ศ. 1862

ค.ศ. 1875
(13 ปี)

ไจ่ฉุน

載淳

ถงจื้อ*

同治
Yooningga dasan

อี้ตี้

毅帝
Filingga

มู่จง

穆宗

จักรพรรดิกวังซวี่

(14 สิงหาคม ค.ศ. 1871–
14 พฤศจิกายน ค.ศ. 1908)

(6 มกราคม)

ค.ศ. 1875

ค.ศ. 1908
(34 ปี)

ไจ่เถียน

載湉

กวังซวี่

光緒
Badarangga doro

จิ่งตี้

景帝
Ambalinggū

เต๋อจง

德宗

จักรพรรดิผู่อี๋

(7 กุมภาพันธ์ ค.ศ. 1906–
17 ตุลาคม ค.ศ. 1967)

(22 มกราคม)

ค.ศ. 1909

(17 กุมภาพันธ์)
ค.ศ. 1912*
(3 ปี)

ผู่อี๋

溥儀
หรือ
เฮนรี่

เซวียนถ่ง

宣統
Gehungge yoso

หมิงตี้

明帝

ชุนจง

询宗

ឯកសារយោង

[កែប្រែ]

แหล่งข้อมูลอื่น

[កែប្រែ]

อ้างอิง

[កែប្រែ]

ទំព័រគំរូ:รายการอ้างอิง