Jump to content

រឿងមហាភារតយុទ្ធ ភាគទី១១៖ប្រឹក្សាការស្ងប់សឹកត្រៀមច្បាំង

ពីវិគីភីឌា

ទូត​របស់​យុធិស្ឋិរ មក​ដល់​ក្រុង​ហស្ថិនបុរ ក៏​ត្រង់​ចូល​ទៅ​គាល់​ក្នុង​ព្រះ​ទីនាំង​គំនាល់ ក្រាប​ទូល​មូល​មតិ​ទៅ​ដូច​នេះ ៖ ព្រះ​រាជា​របស់​ទូល​បង្គំ​ជា​ខ្ញុំ ត្រាស់​ប្រើ​ឲ្យ​ទូល​បង្គំ​មក​ក្រាប​ទូល​ព្រះ​អង្គ​ថា​ដូច​នេះ បាណ្ឌព និង​គោរព​ជា​បង​ប្អូន​ជីដូន ១ នឹង​គ្នា ហេតុ​ម្ដេច​ទើប​ឱរស​ធ្ឫតរាស្ត្រ បាន​រាជ​អាណាចក្រ​ទាំង​មូល​គ្រប់គ្រង ឱរស​បាណ្ឌុ​មិន​បាន​អ្វី​នឹង​គេ សូម្បី​តែ​ធូលី​មួយ​ក្ដាប់ ទុរយោជន៍​គិត​ព្យាបាទ​ព្រះ​ញាតិវង្ស​រាល់​ទិវារាត្រី ធ្វើ​ឧបាយកល​ឲ្យ​ទៅ​អញ្ជើញ​គេ​មក​លេង​ស្ការ​ភ្នាល់ អ្នក​ស្ការ​សំខាន់​របស់​ទុរយោជន៍​យក​ស្ការ​បង្កប់​សំណរ​មក​លេង​ដោយ​កល​កោង​នឹង​ព្យាបាទ យុធិស្ឋិរ​លេង​ទៅ​ដោយ​ជឿ​ចិត្ត​ថា​បង​ប្អូន​ក៏​ចាញ់​រាល់ ៗ ក្ដារ តោង​បង់​ទ្រព្យ​ស្រិង្គារ​បរិវារ​របស់​គេ​ទៅ​ឲ្យ​ទុរយោជន៍​រលីង​អំពី​ខ្លួន ទុរយោជន៍​ក៏​ចេះ​តែ​កើប​កោយ​ច្រក​ទៅ​ឥត​មាន​ញញើត​ដៃ ក្នុង​ទី​បំផុត​ត្រូវ​និរទេស​ខ្លួន​ទៅ​នៅ​ក្នុង​ដែន​ព្រៃ​ភ្នំ​ក្រំ​ថ្ម បាន​ទទួល​ប្រតិបត្តិ​តាម​ខ​សន្យា​យ៉ាង​ឧក្រិដ្ឋ ដែល​កម្រ​មនុស្ស​ទាំង​ពួង​លើ​ផែនដី​នឹង​ធ្វើ​បាន ក៏​ឥឡូវ​នេះ គេ​បាន​ប្រតិបត្តិ​តាម​ខ​សន្យា​នោះ ធួន​បរិបូណ៌​សព្វ​គ្រប់​ហើយ ហើយ​បាន​បំភ្លេច​រឿង​ហេតុការណ៍​ទាំង​ពួង ក្នុង​អតីតភាព ដែល​កន្លង​ទៅ​ហើយ មិន​ឲ្យ​កើត​កោស​រូស​សន្ដាន​ចិត្ត បើ​ប្រគល់​រាជ​អាណាចក្រ​របស់​គេ ឲ្យ​គេ​វិញ​ដោយ​ស្រួល ក៏​នឹង​មិន​កើត​កាប់​សម្លាប់​គ្នា បើ​ពាក្យ​ពោល​សុំ​នេះ​ត្រឹមត្រូវ​តាម​ធម៌ ហើយ​ត្រូវ​ផាត់​ចោល មិន​ទទួល​សម្រេច​ដោយ​ផ្លូវ​យុត្តិធម៌​សោត ក៏​នឹង​តោង​ប្រកាស​សង្គ្រាម​គ្នា​ឲ្យ​ពេញ​រយៈ ជឿ​ទុក​ជា​មុន​ថា ពួក​កុរុ​គ្រា​នេះ​នឹង​ខ្ទេច​ជាភីស្ម​ធូលី ដែនដី​ទាំង​នោះ​ពួក​បាណ្ឌព​នឹង​រឹប​យក​ទាំង​មូល ។

រាជ​ទូត​ក្រាប​ទូល​ប៉ុណ្ណោះ ហើយ​ក៏​ស្ងៀម​នៅ​ចាំ​ស្ដាប់​ព្រះ​រាជ​តម្រាស់​តប​សំដី​របស់​យុធអិស្ឋិរ ដែល​ប្រើ​ឲ្យ​រាជ​ទូត​ទៅ​និយាយ​ជំនួស​នោះ​ស្ដាប់​ទៅ​ត្រូវ​ចិត្ត​ភីស្ម​ច្រើន ដោយ​ទ្រង់​យល់​ថា​ជា​ពាក្យ​ត្រឹមត្រូវ​តាម​យុត្តិធម៌ តែ​វា​ខុស​ក្នុង​ចិត្ត​ទិរយោជន៍​ឆ្ងាយ​កាយ​បាន​ឮ​រាជ​ទូត​ថ្លែង​ដូច្នេះ ហឫទ័យ​ទុរយោជន៍​ក៏​បណ្ដាល​ខ្មួលខ្មាញ់​ឡើង ត្រាស់​ព្រះ​សូរសៀង​ឡើង​ថា អា​កញ្ជះ​នេះ​បង្អាច​ចូល​មក​ទទឹង​មុខ​រាជសីហ៍​ក្នុង​គុហារ ចូល​ប្រាប់​វា​ថា​ពាក្យ​គំរាម​ប៉ុណ្ណោះ មិន​ទម្ងន់​ធួន​ល្មម​នឹង​ឲ្យ​ទុរយោជន៍​ព្រឺ ជា​ជាង​ស្វា​ព្រាម​ដែល​វា​ញេញ​ធ្មេញ​ឲ្យ​អញ​នោះ​ទេ ក្លា​មាត់​មិន​ស្មើ​នឹង​ក្ល​ដៃ ក្លា​មាត់​គ្រាន់​តែ​រលាស់​អណ្ដាត​អួត​ពូកែ​ផូង​ផាង សុទ្ធ​តែ​ខ្យល់​ទទេ​ដែល​នឹង​ឲ្យ​មែន​ដល់​ទៅ​ចាប់​អាវុធ​ចូល​ប្រឡង​សឹក​ស៊ូ​គ្នា​ឃើញ មិត្ត​បាន​ចូល​ប្រាប់​យុធិស្ឋិរ និង​ប័ក្ខ​ពួក​របស់​គេ​ថា ពាក្យ​គម្រោះ​គម្រាម​ជា​ខ្យល់ ៗ ប៉ុណ្ណឹង មិន​ធ្វើ​ឲ្យ​ទុរយោជន៍​ព្រឺ​រោម ដល់​ទៅ​លើក​របស់​ដែល​បាន​ក្នុង​កណ្ដាប់​ដៃ​ដោយ​ជ័យជម្នះ​ឲ្យ​ទៅ​វិញ​ទេ ចូរ​ប្រាប់​ពួក​បាណ្ឌព​ឲ្យ​បែរ​មុខ​ទៅ​កាន់​ព្រៃ​ម្ដង​ទៀត ហើយ​សឹម​មក​ថ្វាយ​ដីកា​ប្រឹក្សា​សុំ​ទោស​នឹង​ព្រះ​រាជា​ទុរយោជន៍ ស្រេច​តែ​ព្រះ​អង្គ​នឹង​ទ្រង់​មេត្តា​ប្រោស​ដូចម្ដេច ។ ព្រះ​បាទ​ធ្ឫតរាស្ត្រ​ទ្រង់​ហាម​ប្រាម​ព្រះ​រាជ​ឱរស និង​ត្រាស់​មធុរកថា និង​សូត្រ​ថា ពាក្យ​លើស​លែង​ស្លែង​សោត​ដែល​ទុរយោជន៍​ពោល​ហើយ ចូរ​អ្នក​កុំ​ប្រកាន់​កាន់​យក​ជា​អារម្មណ៍​ឡើយ សម្ដី​ទុរយោជន៍​ច្រើន​តែ​ឲ្យ​ទោស​ច្រើន​ជាង​គុណ យើង​មាន​រាជ​សាសន៍​ទៅ​ដល់​យុធិស្ឋិរ​ថា យើង​នឹង​បញ្ជូន​ទូត​របស់​យើង​ទៅ​ជា​ប្រញាប់ ដើម្បី​នឹង​ចាត់​ការ​សំរួប​សំរួម​ទាំង​សង​ខាង ឲ្យ​ព្រម​ព្រៀង​គ្នា​ដោយ​ស្រួល ។ តាម​សេក្ដី​បដិញ្ញាណ​នេះ ធ្ឫតរាស្ត្រ​បាន​បញ្ជូន​សេនាបតី និង​នាយ​សារថី សញ្ជ័យ​ឲ្យ​ទៅ​គាល់​បាណ្ឌវ​ក្សត្រិយ៍​ឲ្យ​ទូល​ថា ដូច​នេះ បើ​ទ្រង់​ប្រាថ្នា​រក​សេចក្ដី​ស្ងប់​សឹក សាន្ត​ត្រាណ​និរាស​ផង​គ្នា ក៏​អញ្ជើញ​ទ្រង់​មក​រក​ខ្ញុំ ខ្ញុំ​នឹង​បាន​ប្រកាស​កាត់​សេចក្ដី​ឲ្យ​យុត្តិធម៌ ។ កាល​សញ្ជ័យ​មក​ដល់​ក្រុង​វិរាដ​ក៏​មាន​សេចក្ដី​ឆ្ងល់ ដែល​បាន​ឃើញ​បាណ្ឌព​ក្សត្រិយ៍​ប្រជុំ​ពល​ត្រៀបត្រា​មុខ​គួរ​ស្ញែង ទោះបី​ដូច​នោះ​ក្ដី គេ​ក៏​មិន​បាន​ធ្វើ​ទុក​ក្នុង​ចិត្ត ព្រោះ​គេ​មិន​បាន​មក​ក្នុង​ឋានៈ​ជា​ចារបុរស គេ​មក​ក្នុង​ឋានៈ​ជា​ទូត ហេតុ​ដូច​នោះ​ទើប​មិន​ធ្វើ​ឲ្យ​គេ​រវល់​ក្នុង​រឿង​ត្រួតត្រា​កងទ័ព​បាណ្ឌវ​ក្សត្រិយ៍ គេ​ក៏​ដើរ​ត្រង់​ចូល​ទៅ​ក្នុង​រោង​គំនាល់ លុះ​ស្រេច​ការ​បដិ​សណ្ឋារ​ហើយ ក៏​ក្រាប​ទូល​រាជសាសន៍​ដល់​យុធិស្ឋិរ ។ យុធិស្ឋិរ មិន​សូវ​ពេញ​ព្រះ​ហឫទ័យ​ក្នុង​រាជ​សាសន៍​នោះ ដែល​ពោល​សេចក្ដី​ខ្លី​ពេក ទើប​ត្រាស់​ថា យើង​គោរព​ព្រះ​បាទ​ធ្ឫតរាស្ត្រ​ណាស់ តែ​ក្រែង​ថា ទ្រង់​នឹង​វង្វែង​ជឿ​ពាក្យ​ឧបាយកល​របស់​ឱរស​ទៀត សព្វ​ថ្ងៃ​នេះ ទុរយោជន័​គិត​តែ​នឹង​ក្រញិប​ក្រញី​យើង​ឲ្យ​ខ្ទេច​ទៅ​ប៉ុណ្ណោះ មហា​រាជ​ម្ចាស់ ទ្រង់​មេត្តា​ប្រោស​ព្រះ​រាជ​ទាន​សេចក្ដី​ការពារ​រក្សា​យើង ស្មើ​មាតា​បិតា​រក្សា​បុត្រ តែ​មិន​ព្រះ​រាជ​ទាន​ឲ្យ​តាម​ពាក្យ​របស់​យើង​ស្រែក​សុំ ដ៏​ត្រឹមត្រូវ​តាម​ច្បាប់​ខត្តិយ​ប្រវេណី ។ ទ្រង់​រំពឹង​មួយ​ស្របក់​ហើយ​ក៏​ត្រាស់​ទៅ​នឹង​ទូត​ខ្លះ ត្រាស់​ឯង​អើ​ឯង​ខ្លះ យ៉ាង​ម្ដេច​ក៏​តោង​កើត​សង្គ្រាម មិន​មាន​ផ្លូវ​នឹង​វេះ​វាង​ឡើយ យុត្តិធម៌​ក៏​ល្មម​ស៊ូ​គ្នា​នឹង​យុត្តិធម៌​បាន តែ​ដែល​នឹង​ស៊ូ​អយុត្តិធម៌​តោង​បែរ​ទៅ​អាស្រ័យ​កម្លាំង​វត្ត​កំណាច យក​មក​តស៊ូ អនិច្ចា មុខ​គួរ​សង្វែគ​ដែល​ពួក​ញាតិ​វង្ស តោង​កាប់​សម្លាប់​គ្នា ស្លាប់​ដូច​គេ​ហាល ឮ​តែ​សំឡេង​ស្រី​មេ​ម៉ាយ​យំ​ទួញ និង​សំឡេង​ក្មេង​កំព្រា​ឥត​ផ្ទះ​សំណាក់​អាស្រ័យ មុខ​គួរ​ស្ដាយ​របស់​គួរ​ចម្រើន ដែល​លំអ​ក្នុង​ព្រះ​នគរ នឹង​វិនាស​ខ្ទេចខ្ទី​ទៅ​ក្នុង​មួយ​រំពេច​បុព្វបុរស​យើង លោក​បាន​ព្យាយាម​កសាង​ឡើង បាន​នូវ​សេចក្ដី​នឿយ​លំបាក​ច្រើន​លំដាប់​បុគ្គល​មក​ហើយ វេលា​នេះ​ហើយ​និង​សាបសូន្យ​ស្នាដៃ​របស់​លោក មុខ​គួរ​ស្ដាយ​សេចក្ដី​សង្ឃឹម​របស់​និកររាស្ត្រ ដែល​នឹក​សង្ឃឹម​លើ​យើង​យប់​ព្រឹក​ថា នឹង​ត្រឡប់​ចូល​ព្រះ​នគរ​វិញ​ដោយ​រៀបរយ ឥឡូវ​នេះ​គេ​នឹង​ឃើញ​តែ​យុទ្ធ​កម៌​មុខ​គួរ​ស្ញែង ដើរ​ព្រិប ៗ ឆ្លង​ដែន​ចូល​ទៅ​ធ្វើ​សេចក្ដី​វិនាស​ឲ្យ​ដល់​អ្នក​ធ្វើ​ការ​សង្កត់​សង្កិន​នឹង​គ្រប់គ្រង​មិន​ត្រូវ​គន្លង​ធម៌ ឲ្យ​លុះ​ទៅ កក្កឡធម៌​ទាំង​ពីរ​យ៉ាង​នេះ បាន​កើត​ឡើង​ដែល​យើង​ចេញ​ចាក​រដ្ឋ​សីមា តែ​វេលា​នេះ យើង​នឹង​ក្រិស្ណ​ជា​អ្នក​តំណាង​ទៅ​ក្រុង​ហស្តិនបុរ ដើម្បី​ប្រឹក្សា​ការ​រាជការ​ស្រុក​ទេស​ឲ្យ​រួបរួម​ផង ឲ្យ​ជា​សុខ​សាន្ត​ត្រាណ​តទៅ ចំណែក​ឯ​យើង​នៅ​ខាង​នេះ ក៏​នឹង​ព្យាយាម​ឲ្យ​ដល់​ការ ដើម្បី​ចៀស​ចាក​ការ​សង្គ្រាម សូម​ផល​សម្រេច​ចូរ​មាន​ក្នុង​កណ្ដាប់​ដៃ​នៃ​លោក​ជា​ម្ចាស់​ទឹកដី អ្នក​ជា​ប្រធាន​ក្នុង​ការ​ស្ងប់​សឹក និង​ការ​ច្បាំង ។ សញ្ជ័យ​ថ្វាយ​បង្គំ​លា ត្រឡប់​ទៅ​ដល់​ក្នុង​ហស្តិនបុរ ចូល​គាល់​ព្រះ​ចៅ​ធ្ឫតរាស្ត្រ ទូល​ថ្លែង​ក្រសែ​ព្រះ​រាជ​តម្រាស់​របស់​យុធិស្ឋិរ​ថា ដូច​នេះ មហា​រាជ​ដ៏​ចម្រើន ការ​ដែល​ត្រាស់​ប្រើ​ទូល​បង្គំ​ជា​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​វិរាដ​បាន​សេចក្ដី​ដូច​នេះ មើល​ទៅ​មាន​អន្លង់​នៃ​សេចក្ដី​បែក​សាមគ្គី​រវាង​គោរព​នឹង​បាណ្ឌព អន្លង់​នេះ​នឹង​សង់​ស្ពាន​ឆ្លង ដោយ​សេចក្ដី​សំរួប​រំរួល​ឲ្យ​ស្ងប់​សង្គ្រាម​ឲ្យ​រហូត​ទៅ​ដល់​ត្រើយ​មិន​បាន ម្ដង​នេះ​នឹង​ផ្សារ​ឃើញ​ជា​មិន​ជិត​ហើយ ចិត្ត​យុធិស្ឋិរ​បំណង​ចង់​បាន​តែ​អាណាចក្រ​ពាក់​កណ្ដាល សម្រាប់​ខ្លួន​គេ​ដូច​អំពី​ដើម ថា​បើ​យើង​មិន​ព្រម​ឲ្យ​គេ ក៏​តោង​កើត​សង្គ្រាម​កាប់​សម្លាប់​គ្នា ជា​គ្រឿង​វិនិច្ឆ័យ​ក្នុង​រឿង​នេះ រក​ផ្លូវ​នឹង​ចៀស​វាង​មិន​បាន ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​បាន​ឃើញ​កង​ទាហាន​ខ្នាប់​ដែល​ពុក​បាណ្ឌវ​ត្រៀម​ទុក ព្រោះ​ហេតុ​នោះ ដែល​គេ​ឲ្យ​មក​គម្រាម​យើង មិនមែន​គម្រាម​ទទេ ៗ ជា​ពាក្យ​ស្រែក​របស់​គេ​មួយ​យ៉ាង ជា​ខុស​ឬ​ត្រូវ​ដូចម្ដេច​ក៏​តាម​តែ​ការ ស្រេច​គ្នា​យក​ត្រង់​កងទ័ព​ដ៏​មាន​កម្លាំង​នឹង​វិនិច្ឆ័យ ឲ្យ​ដាច់​ស្រេច​ទៅ កាល​បើ​ដូច​នោះ សេចក្ដី​ឃើញ​យ៉ាង​ជាន់​ទាប ៗ របស់​ទូល​បង្គំ​ជា​ខ្ញុំ​ថា គួរ​នឹង​ចៀស​វាង​ការ​សង្គ្រាម កុំ​បី​ឲ្យ​កើត​រឿង​កាប់​សម្លាប់​គ្នា​នេះ​ឡើយ ។ ព្រះ​ចៅ​ធ្ឫតរាស្ត្រ​ត្រាស់​ថា អ្នក​ពោល​គាប់​គួរ​ហើយ យើង​ក៏​មិន​ចូល​ចិត្ត​កាត់​សេចក្ដី​យ៉ាង​ព្រៃ ៗ យក​កំហែង​ទល់​នឹង​កំហល់ យើង​នឹង​ព្យាយាម​ឲ្យ​ពេញ​កម្លាំង ដើម្បី​រក្សា​សេចក្ដី​ស្ងប់​សាន្ត​ត្រាណ​ក្នុង​ប្រទេស ។ តាម​បដិញ្ញា​ដែល​យុធិស្ឋិរ​ធ្វើ​ទុក និង​សញ្ជ័យ​អំពី​ថ្ងៃ​មុន ទ្រង់​ក៏​បញ្ជូន​ក្រិស្ណ ទៅ​កាន់​ក្រុង​ហស្តិនបុរ ដើម្បី​សំរួប​សំរួម​សេចក្ដី​វិវាទ នៃ​ព្រះ​ញាតិវង្ស​ទាំង​សង​ខាង កាល​មក​ដល់​ក្រុង​ហស្តិនបុរ ព្រះ​ចៅ​ធ្ឫតរាស្ត្រ​បាន​បដិសណ្ឋារ ទទាក់​ទទួល​យ៉ាង​ពេញ​កិត្តិយស មាន​សេចក្ដី​គារវៈ និង​ស្នេហា​មេត្រី ប្រាស្រ័យ​ទៅ​រក​គ្នា​ដោយ​ស្រួល ព្រោះ​ក្រិណ្ណ មិន​គ្រាន់​តែ​ជា​ក្សត្រិយ៍ ទ្រង់​នូវ​មហិទ្ធិឫទ្ធិ​មួយ​យ់ាង​ប៉ុណ្ណោះ​ទាំង​ជាប់​ខ្សែ​ស្រឡាយ​ជា​ញាតិវង្ស ១ អង្គ​ផង ទ្រង់​ប្រាស្រ័យ​និង​ក្រិស្ណ​ថា ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ដែល​ទ្រង់​បាន​ស្ដេច​យាង​មក​ថ្កាន​សំណាក់​ទូល​បង្គំ ហើយ​ទូល​បង្គំ​មាន​សេចក្ដី​ត្រេកអរ​ពេញ​ហឫទ័យ ដើម្បី​ទទួល​ស្គាល់​ទ្រង់​ជា​ពិត​ប្រាកដ ទូល​បង្គំ​មិន​ដឹង​បើ​នឹង​យក​ពាក្យ​អ្វី​មក​សម្ដែង​អំពី​បីតិ​របស់​ទូល​បង្គំ​បាន ។ ក្រិស្ណ​តប​ថា ខ្ញុំ​មក​អំពី​ក្រុង​វិរាដ ដើម្បី​កិច្ចការ​របស់​បាណ្ឌវ ធ្ឫតរាស្ត្រ​ទូល​ថា ដើម្បី​ក៏​តាម​ការ សូម​ឲ្យ​ត្រាស់​ចេញ​មក​ចុះ ទ្រង់​រមែង​នាំ​សេចក្ដី​បីតិ​ប្រាមោជ្ជ​មក​កាន់​ក្រុង​ហស្តិនបុរ​ជានិច្ច ទូល​បង្គំ​មាន​អំណរ​នឹង​ចាំ​ស្ដាប់មធុរកថា​របស់​ទ្រង់ តែ​សញ្ជ័យ​ទូត​របស់​ទូល​បង្គំ ទើប​នឹង​ត្រឡប់​អំពី​រាជ​សំណាក់​វិរាដ ទូល​បង្គំ​តោង​ពោល​ថា មិន​សម​ប្រាថ្នា​ក្នុង​ផ្លូវ​រាជការ​ដែល​គេ​ទៅ គេ​ទៅ​និយាយ​បញ្ចុះ​បញ្ចូល​ផ្សះផ្សារ​ការ​បែក​បាក់​គ្នា រវាង​សាខា​នៃ​ព្រះ​ញាតិវង្ស​ម្ដង ហើយ​មិន​បាន​រួបរួម​គ្នា​ជា​ស្រួល ទូល​បង្គំ​ពោល​នេះ​តាម​សេចក្ដី​រាយការ​របស់​ទូត ដែល​មក​ថ្លែង​ដល់​ទូល​បង្គំ កាល​បើ​យុធិស្ឋិរ​មាន​ចំណង់​ចេតនា​នឹង​ធ្វើ​សង្គ្រាម គ្មាន​ខាង​ណា​លោះ​លា​ត្រា​ប្រណី ក៏​មុខ​ជា​នឹង​ទង្គិច​គ្នា​ម្ដង​យ៉ាង​ខ្លាំង ទូល​បង្គំ​យល់​ជា​ប្រាកដ​ថា កាល​មាន​ចិត្ត​ក្រហល់​ក្រហាយ ចង់​តែ​ស៊ី​សាច់​ច្របាច់​ឈាម​គ្នា មាន​នៅ​ដរាប​ណា​ការ​ប្រឹក្សា ដើម្បី​ស្ងប់​សឹក​រមែង​ធ្លាក់​សូន្យ​ទទេ​ដរាម​នោះ ដូច​គ្រាប់​ភ្លៀង​ដែល​ធ្លាក់​លើ​ផែន​ថ្ម​ដ៏​ក្ដៅ ។ ក្រិស្ណ​តប​ថា ខ្ញុំ​នឹក​សន្ធិះ ពាក្យ​ដែល​ទ្រង់​ពោល​មក​នេះ ឃើញ​ធ្លាយ​អំពី​សេចក្ដី​ដែល​ពិត ខ្ញុំ​ដឹង​ជា​ការ​ពិត​ថា យុធិស្ឋិរ​បាន​ព្យាយាម​គ្រប់​ផ្លូវ ដើម្បី​ចៀស​ចាក​ការ​សង្គ្រាម ឱរស​របស់​ទ្រង់​ទេ​តើ ជា​អ្នក​ព្យាយាម​ស្វែង​រក​សឹក​សាប់​កប់​គ្នា​ដោយ​ចិត្ត​ពាល​យង់​ឃ្នង ការ​ដែល​យក​សេចក្ដី​កំបិទ​កំបាំង​ក្នុង​ចិត្ត ទៅ​ប្រហារ​អ្នក​ដទៃ​ជា​រាជការ​វៀច មិន​ធ្លាប់​ប្រាកដ​ក្នុង​ចិត្ត​ដ៏​ត្រង់​របស់​យុធិស្ឋិរ​ឡើយ ខ្ញុំ​មិន​ចង់​នាំ​រឿង​គំនិត​ខូច​ដែល​ធ្វើ​ឲ្យ​អានាថ​បាណ្ឌព បាន​ទទួល​ទណ្ឌ​កម្ម​មក​ហើយ ដោយ​តុណ្ណីភាព​នោះ​ទេ រឿង​លេង​ស្ការ​ភ្នាល់​គ្នា​ដោយ​ឧបាយ​កល​កោង រឿង​គិត​នឹង​ផ្ដាច់​យក​ជីវិត​គ្នា នឹង​រឹប​រាជ​សម្បត្តិ​យក​ជា​ប្រយោជន៍​ខ្លួន រឿង​ប្រមាទ​មើល​ងាយ​គ្នា​ក្នុង​ទី​ប្រជុំ​ជន នឹង​រឿង​ទុរាចារ​ដែល​បាន​ធ្វើ​ដល់​ទ្រៅបទី ដោយ​គ្មាន​អារ្យ​សម្បត្តិ​សេចក្ដី​លាមក​អំបាល​នេះ ជា​ខ​ដំនៀល​ស្ថិត​នៅ​រហូត​ទៅ ធ្វើ​កេ​ឈ្មោះ​រនស់​កុរុវង្ស​ស្អុយ​រក​ទី​បំផុត​គ្មាន ត្រង់​នេះ​តោង​បែរ​ទៅ​អាស្រ័យ​កម្លាំង​ទាហាន ព្រោះ​គ្មាន​ផ្លូវ​នឹង​ត្រឡប់​ជា​គ្នា គ្មាន​ផ្លូវ​កែ​ខៃ គ្មាន​ផ្លូវ​ផ្សះផ្សារ​ឲ្យ​ជា​មេត្រី​ភាព គ្មាន​អ្វី​នឹង​យក​មក​លុប​លាង អសត្យ​របស់​បង​ប្អូន​ឯង​នេះ​បាន ទ្រព្យ​សម្បត្តិ​ដែល​បាត់​ទៅ​អាច​នឹង​ឃើញ​មក​វិញ​បាន កេរ្តិ៍​ឈ្មោះ​ដែល​ខូច គឺ​ខូច​ឈ្មោះ​ថា​ខូច​រហូត​និរន្តកាល ពួក​បាណ្ឌព​បាន​ទទួល​ទណ្ឌកម្ម ត្រាំ​ត្រែង​អាការ​បៀតបៀន អំបាល​នេះ​ ដោយ​ខន្តី ដោយ​សេចក្ដី​ព្យាយាម​ក្លា នឹង​មាន​មក​អស់​ការ​ជា​យូរ​ហើយ ឥឡូវ​គេ​ស្រែក​សុំ​ដោយ​សម្លូត មិន​មែន​ជា​ការ​សង​សឹក​យ៉ាង​ជ្រោកជ្រាក សុំ​ទទួល​សិទ្ធ​មរតក ដ៏​ជា​ភាគ​របស់​គេ ដោយ​ត្រូវ​តាម​ច្បាប់​ប៉ុណ្ណោះ មិន​ចង់​បាន​រាជ្យ​សម្បត្តិ​របស់​ទ្រង់​ទេ គឺ​សុំ​តែ​ដែនដី​របស់​គេ ល្មម​តែ​តាំង​ខ្លួន​ជា​ឥស្សរ​បាន ល្មម​សម​ដល់​ឋានៈ​ជា​ក្សត្រិយ៍ ល្មម​សម​ដល់​ឋានៈ​ជា​មនុស្ស គេ​នឹង​អាស្រ័យ​ភុក្ខហារ​ចិញ្ចឹម​ជីវិត យ៉ាង​វណ្ណិ​ពួក​ព្រាហ្មណ៍​ទាំងឡាយ​មិន​បាន ក្នុង​នាម​នៃ​មនុស្ស​ជាតិ បាណ្ឌព​ខ្ញុំ​សុំ​ក្រោក​ឈរ​ឡើង សុំ​សេចក្ដី​ស្ងប់​ម្ដង​ទៀត នឹង​ស្រែក​សុំ​យល់​ទាស់​ក្នុង​រឿង​ច្បាំង​កាប់​សម្លាប់​គ្នា ។ លំដាប់​នោះ​ក្រិស្ណ ក៏​ស្ដេច​ទៅ​តំណាក់​ទុរយោជន៍ ដោយ​បំណង​នឹង​សំរួប​សំរួម​គ្នា ឲ្យ​គេ​យល់​ផង​តាម​សេចក្ដី​ឃើញ​របស់​ទ្រង់​ដែល​បំណង​តែ​ផ្លូវ​ស្ងប់ ទ្រង់​ជ្រាប​ថា ទុរយោជន៍​គ្រប​លើ​មនុស្ស​ទាំងឡាយ​ក្នុង​រាជ​ត្រកូល​នោះ​ទ្រង់​ជ្រាប​ធ្ឫតរាស្ត្រ គ្មាន​សម្ដី​ធំ​អ្វី​នឹង​គេ​ក្នុង​រាជការ​ស្រុក​ទេស ទ្រង់​ជ្រាប​ថា ភីស្ម​ក្សត្រិយ៍​ចាស់ សូម្បី​មាន​ព្រះ​ហឫទ័យ​បង្អោន​ទៅ​រក​ផ្លូវ​ស្ងាត់​ស្ងប់ ក៏​មិន​អាច​តប​ត​នឹង​ទុរយោជន៍​បាន ទ្រង់​ជ្រាប​ថា ទោណ កណ៌ នឹង​គោរព​ទី​ប្រឹក្សា​ឯ​ទៀត ក៏​សុទ្ធ​តែ​ជា​ខ្ញុំ​នៅ​ក្នុង​បង្គាប់​ទុរយោជន៍​ទាំងអស់ ទ្រង់​មក ទ្រង់​ព្រះ​ចិន្ដា​ឃើញ​ថា បើ​ទ្រង់​និយាយ​បង្អោន​ចិត្ត ទុរយោជន៍​មិន​ឲ្យ​ច្បាំង​បាន ការ​លំបាល​រញិករញុក​ទាំង​ពួង​ក៏​ឈ្មោះ​ថា បាន​សម្រេច​ស្រេច​អស់​តែ​ពាក្យ​ប្រឹក្សាសើ​រើ​របស់​ក្រិស្ណ មុខ​គួរ​នឹង​បំពេញ​ចិត្ត​ទុរយោជន៍​ឲ្យ​ត្រជាក់​ទន់​ទៅ​រក​ផ្លូវ​ស្ងប់ ត្រឡប់​ទៅ​ជា​រឿង​បង្អៅ​ទុរយោជន៍​ឲ្យ​កើត​មាន​របឹង​រឹង​រូស អួត​ពូកែ​ឡើង​ជាង​មុន ទុរយោជន៍​បែរ​ព្រះ​ភក្ដ្រ​មក​ខាង​ក្រិស្ណ​ហើយ​ត្រាស់​ថា ម្ដេច​ទ្រង់​សម្ដែង​អាការ​ជិន​ឆ្អន់​នឿយ​ណាយ​នឹង​ខ្ញុំ ។ ក្រិស្ណ​តប ខ្ញុំ​ជា​មិត្រ​នឹង​ទ្រង់​មិន​ខាន​ដរាប ទ្រង់​នឹង​ត្រឡប់​ចិត្ត​ប្រព្រឹត្ត​ប្រពៃ ក្នុង​រវាង​បាណ្ឌព​ជា​គណៈ​ញាតិ​របស់​ទ្រង់ ។ បញ្ចុះ​បញ្ចូល​ឲ្យ​ទុរយោជន៍​ត្រឡប់​ចិត្ត​មក​សម្រេច ក្រិស្ណ​ក៏​ស្ដេច​ទៅ​រក​អ្នក​ដទៃ ៗ តទៅ​ទៀត ដែល​ធ្វើ​ដូច​នេះ បំណង​នឹង​រក​ឲ្យ​ច្រើន ៗ ជួយ​ទំរុត​ទំរោម​សេចក្ដី​យល់​ឃើញ​របស់​ទុរយោជន៍​ឲ្យ​រសាយ​ទៅ បាន​ស្ដេច​ទៅ​រក​វិទូរ​ថ្លែង​រឿង​នោះ​តាម​ការ គេ​ក៏​មាន​សេចក្ដី​ស្ដាប់​ក្នុង​រឿង​ប្រឹក្សា​ការ​ស្ងប់​សឹក​នោះ​ដែរ ដោយ​ឃើញ​ស្រួល​គ្រប់​ផ្លូវ​ត្រូវ​ធម៌ គេ​ទូល​ទ្រង់​ថា ទុរយោជន័​ធ្វើ​ស្បិត​បិទ​ត្រចៀក​ធ្វើ​មិន​ឮ​ក្នុង​រឿង​ស្រែក​សុំ ដ៏​ត្រឹមត្រូវ​តាល​ផ្លូវ​យុត្តិធម៌ ព្រោះ​ចិត្ត​របស់​គេ គិត​ប៉ង​តែ​នឹង​ស៊ី​សាច់​ច្របាច់​ឈាម​ឲ្យ​ទាល់​តែ​បាន បើ​ទ្រង់​កុំ​យាង​មក​កាន់​ទី​នេះ​សោះ​តែ​ម្ដង​ល្អ​ជា​ជាង ទុរយោជន៍​មុខ​ជា​នឹង​មិន​ជឿ​ស្ដាប់​ពាក្យ​មនុស្ស​ឯ​ណា​និមួយ មក​និយាយ​ឲ្យ​តែ​ខាត​វេលា​ទទេ ហាក់​ដូចជា​និយាយ​ចោល កាល​គេ​និយាយ​សម្ដី​អ្វី​ឡើង គេ​ត្រូវ​ការ​តែ​ឲ្យ​មនុស្ស​ក្នុង​សកល​លោក​យល់​តាម​គេ​ទាំងអស់ ។ ក្រិស្ណ​តប សេចក្ដី​បំណង​ដោយ​ចំពោះ​របស់​យើង គឺ​នឹង​ការពារ​មិន​ឲ្យ​កើត​សឹក​សង្គ្រាម​ប៉ុណ្ណោះ ដែល​យើង​ខំ​មក​កាន់​ក្រុហ​ហស្តិនបុរ​ទាំង​នេះ ដើម្បី​នឹង​ជួយ​ពួក​កុរុ​ឲ្យ​រួច​អំពី​សេចក្ដី​វិនាស ដែល​គេ​ស្វែង​រក​មក​ដាក់​ខ្លួន​គេ បើ​គេ​ជឿ​ស្ដាប់​យើង គេ​រាល់​គ្នា​នឹង​នៅ​ជា​សុខ​និរាស​ភ័យ បើ​គេ​មើល​ងាយ​ពាក្យ​ណែនាំ​របស់​យើង គេ​នឹង​បាន​សេចក្ដី​វិនាស​ជា​រង្វាន់ ។ ថ្ងៃ​ព្រឹក​ឡើង មាន​កាល​ប្រជុំ​រដ្ឋ​មន្ត្រី​ជា​មហា​សមាគម​ដោយ​ឱកាស​នោះ ក្រិស្ណ​បាន​ចូល​ទៅ​និយាយ​សំរួប​សំរួម​ការ​ស្ងប់​សឹក​ម្ដង​ទៀត ក្នុង​ទី​មហា​សមាគម ត្រាស់​នឹង​ព្រះ​ចៅ​ធ្ឫតរាស្ត្រ​ថា ខ្ញុំ​មក​នេះ​មិន​មែន​ជា​មក​ស្វែង​រក​សង្គ្រាម មក​ដើម្បី​ទំរុត​ទំរោម​រឿង​សឹក​សង្គ្រាម ឲ្យ​ត្រឡប់​មាន​មេត្តា​ស្នេហា​គ្នា​ទៅ​វិញ មហា​រាជ​ចូល​ទ្រង់​កុំ​គាប់​ចិត្ត​ក្នុង​អំពើ​អកុសល​ធម៌ ដ៏​ជា​គ្រឿង​សៅហ្មង​ចិត្ត​នេះ​ឡើយ ចូល​លើក​ព្រះ​ហស្ថ​ឡើង​ឲ្យ​ពរ​ជ័យ​សិរី​សួស្ដី​ដល់​ប្រទេស បំបាត់​ឧបទ្រព​ភ័យ​ដ៏​មាន​កម្លាំង ដែល​នឹង​មក​ញាំ​ញី​យាយី​រាជធានី និង​ព្រះ​រាជវង្សានុវង្ស​របស់​ទ្រង់ ចូរ​ព្រមព្រៀង​លើក​ផែនដី​ក្រុង​ឥន្ទ្របថ​ឲ្យ​បាណ្ឌវ​ក្សត្រិយ៍ តែ​ដោយ​ស្រួល​ទៅ តាម​ពាក្យ​សម្រែក​ស្រែក​សុំ​ដ៏​ត្រូវ​តាម​គន្លង​ធម៌ កុំ​ធ្វើ​វរ​រក​រឿង​នឹង​គេ​ឡើយ បើ​ធ្វើ​បាន​ដូច​នេះ​សោត ប្រទេស​របស់​ទ្រង់​នឹង​រុងរឿង​កិត្តិយស​ខ្ពស់​មុខ​ប្រាស​ចាក​សព្វ​ភ័យ ល្បី​នាម​ទួទៅ សុំ​ឲ្យ​ទ្រង់​គិត​មើល ប្រសិប​បើ​ជា​ច្បាំង​គ្នា​ទៅ​ហើយ បាណ្ឌវ​ក្សត្រិយ៍​ចាញ់​ស្លាប់​អស់​ក្នុង​ទី​យុទ្ធ​ភូមិ​សោត តើ​ទ្រង់​នឹង​បាន​អ្វី​អំពី​គេ ១ ទៀត ការ​ស្លាប់​ដោយ​ថ្វី​ដៃ​របស់​ទ្រង់​ដូច​នោះ នឹង​ធ្វើ​ឲ្យ​ទ្រង់​រីករាយ​សប្បាយ​ព្រះ​ហឫទ័យ​បាន​ឬ តែ​ខ្ញុំ​សុំ​ថ្លែង​ក្នុង​ទី​ប្រជុំ​ដ៏​សង្ហា​នេះ សូម​ឲ្យ​ជ្រាប​ថា ពួក​បាណ្ឌវ​ត្រៀម​ទុក​ព្រម​ស្រេច ដើម្បី​នឹង​ច្បាំង ហើយ​នឹង​ត្រៀម​ដើម្បី​ស្ងប់​សឹក​ស្មើ​គ្នា ទ្រង់​នឹង​សព្វ​ព្រះ​ហឫទ័យ​យក​ខាង​ច្បាំង ឬ​ខាង​ស្ងប់​ឈប់​សឹក​បាន​មួយ​រំពេច តែ​បើ​ប្រសិន​ជា​កើត​ច្បាំង​គ្នា​ឡើង ពួក​ចិន្ត​ក្រវី​នឹង​ចារឹក​ឡើង​រឿង​ចម្បាំង​នោះ​ទុក​ក្នុង​ពង្សាវតារ ពណ៌នា​តាម​លំអាន​រឿង​ពេញ​ទៅ​ដោយ​សេចក្ដី​គ្មាន​សច្ចៈ ដឹង​ឬ​ទេ​ថា ការ​សង្គ្រាម​ដូច​នេះ ព្រះ​ជា​ម្ចាស់​លើ​ឋាន​សួគ៌​លោក​ហាម បើ​កាល​យាង​ចុះ​កាន់​សង្គ្រាម​ហើយ អ្នក​ណា​នឹង​ទំនាយ​បាន​ថា នឹង​ចប់​ចុះ​ត្រឹម​មរណ​នៃ​បាណ្ឌវ​ក្សត្រិយ៍ ឬ​ត្រឹម​អស់​ពូជ​ពង្ស​កុរុ ការ​ស្ដាប់​ពាក្យ​សំរួប​សំរួម​នៃ​ក្រិស្ណ​សព្វ ៗ ទៅ ធ្ឫតរាស្ត្រ​ទ្រង់​ជា​ទុក្ខ​ព្រួយ​ព្រះ​ហឫទ័យ ដោយ​ធម្មជាតិ​ទ្រង់​ជា​អ្នក​មាន​ធាតុ​ទន់ តែ​ត្រាស់​កែ​ខ្លួន​ថា មិន​ដឹង​បើ​នឹង​ឆ្លាក់​ឆ្លៀត​កែ​ខៃ និស្ស័យ​កំណាច​របស់​ឱរស​យ៉ាង​ម្ដេច​បាន​ទេ អស់​ផ្លូវ​នឹង​ជួយ​ជ្រោម​ជ្រែង​ហាម​ឃាត់​បាន​ហើយ ។ លំដាប់​នោះ​ភីស្ម​ក្រោក​ឈរ​ឡើង ថ្លែង​សន្ទុរកថា​ដាស់​តឿន​ទុរយោជន៍​តាម​ពាក្យ​ណែនាំ​ដ៏​ប្រសើរ​របស់​ក្រិស្ណ តែ​ទុរយោជន៍​ស្ដាប់​ហើយ ៗ ក៏​ស្ងៀម​ព្រងើយ ធ្វើ​ហាក់​ដូចជា​មិន​ឮ តែ​ក្នុង​ព្រះ​ហឫទ័យ​ក្ដៅ​ក្មួល​ស្ទើរ​ស្រក់​ព្រះ​លោហិត ។ ទោណ វិទូរ នារទ និង​អ្នក​ដទៃ​ក្រៅ​អំពី​នេះ មាន​សេចក្ដី​ឃើញ​យ៉ាង​ភីស្មៈ ក៏​ដំណើរ​តាម​ភីស្មៈ​ចូល​មក​អង្វរ​ទុរយោជន៍ កុំ​ឲ្យ​ប្រកាន់​អំណាច​រាជ​សក្ដិ​ខ្លាំង​ពេក ចេះ​តែ​ផ្លាស់​មុខ​គ្នា​ចូល​មក​អង្វរ​ត ៗ គ្នា​ជា​ច្រើន​នាក់ ទុរយោជន័​នឹង​ទ្រាំ​អង្គុយ​ឲ្យ​គេ​លោក​តទៅ​ទៀត​ពុំ​បាន ទើប​ក្រោក​ឈរ​ឡើង​ដំឡើង​ព្រះ​នេត្រ​ក្រឡាត​ចិញ្ចើម​ក្រញូវ​ត្រាស់​ថា ក្រិស្ណ​ស្អប់​មុខ​យើង ស្រឡាញ់​ពួក​បាណ្ឌព ភីស្មៈ​ធ្វើ​ព្រះ​ភក្ដ្រ​តឹង​ខឹង​នឹង​យើង វិទូរ និង​ទោណ​ដាក់​មុខ​ធ្មឹង​សំឡឹង​សំឡក់​យើង​ដោយ​សំអប់ ព្រះ​រាជ​បិតា​យើង​សោត ក៏​ទ្រង់​ព្រះ​កន្សែង​ថ្លែង​ទុក្ខ រឿង​បាបកម្ម​របស់​យើង នឹង​ត្អូញត្អែរ ដើម្បី​ឲ្យ​ស្អប់​សឹក​ដែរ ដូច្នោះ​តើ​ឃើញ​យើង​ធ្វើ​ល្មើស​អ្វី​ទៅ​ហើយ ១ ទៀត បើ​ចេះ​តែ​ដូច្នេះ យើង​ជា​ក្សត្រិយ៍​ទ្រង់​នូវ​ឥស្សរភាព​នឹង​លូក​ដៃ​ទៅ​ធ្វើ​អ្វី​បាន លោក​អ្នក​ធំ​ទាំងឡាយ​អើយ សុំ​ឲ្យ​លោក​គិត​មើល​មួយ​រំពេច​សិន បើ​យុធិស្ឋិរ​ចូល​ចិត្ត​លឹង​ល្បែង​ភ្នាល់ ហើយ​បាន​លេង​ស្ការ​ភ្នាល់​ទាល់​តែ​ខ្មុក ខូច​រាជ​សម្បត្តិ និង​ឥស្សរភាព​ដោយ​គំនិត​ខ្លួន ម្ដេច​ក៏​មក​ពាលោ​រក​រឿង​យើង​ថា​ខូច កាល​គេ​លេង​ភ្នាល់​លើក​ទី​ពីរ​ចាញ់​ហើយ ព្រម​ទទួល​ទោស​និរទេស​ដោយ​ខ្លួន​ឯង ម្ដេច​គេ​មក​ហៅ​យើង​ថា​ចោរ​ជតា​រាសីរបស់​បាណ្ឌវ​វេលា​នេះ ធ្លាក់​ត្រណាត់​ត្រណែង​ទៅ​តាម​យថាកម្ម​របស់​គេ ប័ក្ស​ពួក​របស់​គេ​ក៏​មិន​មាន​ប៉ុន្មាន​នាក់ កម្លាំង​រេហ៍ពល​ក៏​មិន​សូវ​មាំមួន​មិន​ធួន​នឹង​ការ​ប្រឡង​ជ័យ ខ្លួន​យើង​មិន​ធ្លាប់​ក្រែង​ព្រះ​លើ​ឋាន​សួគ៌ ហើយ​នឹង​ញញើត​សម្ដី​គម្រាម​របស់​មនុស្ស​រប៉ិចសប៉ី​កំទេច​កំទី​នេះ​ឬ ក្សត្រិយ៍​អាច​នឹង​ស្លាប់​ក្នុង​ទី​ប្រឡង​សឹក​ក៏​បាន តែ​មិន​ព្រម​ឱន​លំទោន​ចុះ​ចាញ់​អ្នក​ណា អ្នក​ប្រាជ្ញ​លោក​ពោល​ទុក​ដូច​នេះ ក៏​ឥឡូវ​នេះ​អញ្ជើញ​លោក​ព្រះ​ញាតិ​ទាំងឡាយ​ចូល​ស្ដាប់​ពាក្យ​ខ្ញុំ​ថ្លែង​ខ្លះ​វិញ ព្រះ​រាជ​បិតា​របស់​យើង​បាន​លើក​អាណាចក្រ​ឥន្ទ្របថ​ឲ្យ​ទៅ​បាណ្ឌវ ក្នុង​វេលា​ដែល​ទ្រង់​កំពុង​វង្វេង​ស្រឡាញ់​កូន​ក្មួយ ឬ​មិន​ដូច្នោះ ក៏​ព្រោះ​ទ្រង់​ធ្លោយ​មិន​ខាន​ជា​គិត​ឲ្យ​សព្វ​គ្រប់ ក្នុង​ផ្លូវ​រាជការ​សម្រាប់​ស្រុក​ទេស ជីវិត​របស់​យើង​មាន​នៅ​ដរាប​ណា​ពួក​បាណ្ឌវ ក៏​មិន​គង់​មិន​បាន​ជា​ម្ចាស់​ខែត្រ​ខណ្ឌ​សីមា​ឥន្ទ្របថ​ទៀត​ជា​ដាច់​ខាត ដរាម​នោះ រាជ​អាណាចក្រ​កួរ​នឹង​មិន​ញែក​ជា​ពីរ​ភាគ បាន​មក​រួម​ក្នុង​ផែនទី​ជា​មួយ​គ្នា​ឡើយ គង់​រួម​នៅ​ដូច​នេះ​រហូតនិរន្តរកាល​ទៅ ពាក្យ​របស់​ខ្ញុំ​ដែល​ពោល​ទៅ​នេះ ច្បាស់​ណាស់​ជា​ពាក្យ​មាំ គ្មាន​ច្រឡំ​ត្រង់​ណា មិន​ត្រឡប់​ប្រែប្រួល​ជា​ពាក្យ​ពីរ​ទៅ​បាន ។ ក្រិស្ណ​ក៏​ជ្រាប​ហើយ​ថា គ្មាន​ប្រយោជន៍​ក្នុង​រឿង​នេះ បើ​ទុក​ជា​លើក​យក​យុត្តិធម៌​មក​សំដិល​សម្ដែង​យ៉ាង​ម្ដេច ទុរយោជន័​ក៏​គង់​មិន​យល់​តាម ព្រោះ​មាន​និស្ស័យ​របឹង​ត្រាំ​នៅ​ក្នុង​សន្ដាន តែ​ដរាប​ណា​នៅ​មាន​ឱកាស​ល្មម​និយាយ ក៏​អន់​និយាយ​មិន​បាន គ្រា​នេះ​ក៏​ទៀត ក្រិស្ណ​ត្រាស់​ថា ទុរយោជន៍​អើយ ម្ដេច​ទ្រង់​មិន​និយាយ​ដូច​នេះ​បាន ម្ដេច​ទ្រង់​ភ្លេច​បង់​ត្រង់​ដែល​ថា ទ្រង់​នឹង​មិន​ល្មើស​ទ្រើស​កន្លង​លើ​បង​ប្អូន ។ ទុហសាសន៍​បែរ​ទៅ​ខ្សឹប​ទូល​ទុរយោជន៍​ពីរ​បី​ម៉ាត់​ជា​ប្រញាប់ ដាស់​តឿន​រំឭក​ឲ្យ​ដឹង​ខ្លួន​ថា ក្រែង​កើត​ហេតុ​ធំ​ទៅ​បាន ដែល​មក​រឹង​ទទឹង​អ្នក​ធំ អ្នក​ប្រាជ្ញ​ជា​ច្រើន​គ្រា​ក្នុង​ទី​មហា​សមាគម​ទុរយោជន៍ បាន​ស្ដាប់​ពាក្យ​អនុជ​ទូល​តឿន មិន​ទាន់​បាន​តប​ឆ្លើយឆ្លង​សម្ដី ក្រិស្ណ​ក៏​ក្រោក​ដើរ​ចេញ​អំពី​ទី​ប្រជុំ​រដ្ឋ​មន្ត្រី ព្រះ​ភក្ដ្រ​ឡើង​ច្រាល​បណ្ដាល​ឲ្យ​ទោស ។ ព្រះ​រាជា​ធ្ឫតរាស្ត្រ ​បាន​ពន្យល់​ហេតុ​ផល​ផ្សេង ៗ ឲ្យ​ឱរស​មុខ​រឹង​ស្ដាប់​ម្ដង​ទៀត ព្រះ​នាង​គន្ធារី​ជននី​ជា​ទុរយោជន៍ ក៏​យល់​ឃើញ​តាម​សម្ដី​មហារាជ​នោះ​ដែរ តែ​ទោះបី​ដូច្នោះ​ទុរយោជន៍ ក៏​មិន​ផ្លាស់​គំនិត​ក្រែង​អ្នក​ណា ។ ក្រិស្ណ​ឃើញ​ថា សេចក្ដី​ព្យាយាម​របស់​ព្រះ​អង្គ​ក្នុង​ទី​ផុត​នេះ​រលំ​រលាយ​បង់ មិន​សម្រេច​ប្រយោជន៍​ដូច​បំណង ក៏​ស្ដេច​ចេញ​ចាក​ក្រុង​ហស្ថិនបុរ ទៅ​ដល់​ក្រុង​វិរាដ សារសព្ទ​ហេតុការណ៍​ទាំង​ពួង ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​រាជ​សំណាក់​កុរុ ឲ្យ​យុធិស្ឋិរ​ស្ដាប់​តាម​ដំណើរ​គ្រប់​ប្រការ ។

ឯកសារយោង

[កែប្រែ]

សៀវភៅរឿងមហាភារតយុទ្ធ ចងក្រងនិងរៀបរៀងដោយ ព្រះស្នេហាសារ ទេព ក្រសេម

តំនភ្ជាប់ក្រៅ

[កែប្រែ]

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត