រឿងមហាភារតយុទ្ធ ភាគទី៨៖ព្រះចៅក្រុងវិរាដ
វាមួយនោះ ព្រះចៅក្រុងវិរាដប្រថាប់លើរាជាសនៈ ក្នុងព្រះទីនាំងវិនិច្ឆ័យ មានអមាត្យមុខមន្ត្រីបង្គំគាល់ត្រៀបត្រា ទ្រង់ស្ដាប់ដីកា និងពាក្យស្រែកថ្លែងទុករបស់បណ្ដារាស្ត្រ កំពុងទ្រង់វិនិច្ឆ័យសេចក្ដីឲ្យទៅតាមយុត្តិធម៌ ដល់ពួកដែលត្រូវបៀតបៀន ខណៈនោះទតព្រះនេត្រទៅឃើញប្រុសបួនប្រាំនាក់តែងកាយ យ៉ាងគ្រាំគ្រាឈរនៅទ្វារព្រះបរមរាជវាំង ទើបមានព្រះរាជឱង្កា ឲ្យរាជភត្តម្នាក់ទៅសួរថា អ្នកអម្បាលនោះជាអ្នកណា ត្រូវការអ្វី កាលបានទ្រង់ព្រះសណ្ដាប់សេចក្ដីនោះហើយ ត្រាស់ឲ្យហៅចូលមកមុខព្រះទីនាំង ព្រះរាជទានឱកាសឲ្យគេក្រាបទូលសេចក្ដីដល់ព្រះអង្គដោយត្រង់ គ្រានោះមួយអង្គក្នុងពួកបងប្អូនទាំងប្រាំក្រាបទូលថា គ្រោះអាក្រក់មុខគួរស្ញែងដែលបានឧប្បត្ដិដល់មហារាជយុធិស្ឋិរ ប្រហែលជាមានជ្រាបដល់ព្រះអង្គហើយ ហើយគ្រោះពួកទូលបង្គំជាខ្ញុំនេះ ជាភាគមួយក្នុងព្រះគ្រោះនោះដែរ គឺពួកទូលព្រះបង្គំជាខ្ញុំ ជាខ្ញុំរាជការមហារាជយុធិស្ឋិរកាលព្រះអង្គត្រូវនិរទេសចេញចាកព្រះនគរហើយ ពួកទូលព្រះបង្គំក៏រងាក្នុងចិត្ត ដោយហេតុគ្មានទីពឹង ទើបត្រេចស្វែងរកចៅហ្វាយនាយដ៏សមគួរជាទីពឹងតទៅ បានឮព្រះកិត្តិគុណរបស់ព្រះអង្គដែលទ្រង់អើពើណាស់នោះ ទៅដឹកពួកទូលបង្គំឲ្យមកដល់ទីនេះ ពួកទូលព្រះបង្គំមានបំណងនឹងមករកការធ្វើក្នុងព្រះរាជសំណាក់ឯណានីមួយ តែគ្មានព្រះរាជាអង្គណាទទួលចិញ្ចឹម ចេះតែបដិសេធរាល់នគរ ក្នុងទីបំផុតទើបមកដល់ទីនេះ ពួកទូលព្រះបង្គំសូមប្រគល់កាយថ្វាយជីវិតនឹងព្រះអង្គសូមជ្រកកោនក្រោមម្លប់ពោធិសម្ភារ ។ ព្រះរាជាបានទ្រង់ព្រះសណ្ដាប់ហើយ ក៏ស្លុតព្រះហឫទ័យពន់ប្រមាណ បែរព្រះភក្ដ្រទៅខាងសេនាបតីមានព្រះរាជតម្រាស់ថា ការនិរទេសយុធិស្ឋិរដោយផ្លូវអយុត្តិធម៌នេះ ធ្វើឲ្យយើងជារាជសម្ពន្ធមិត្រកើតទោមនស្សច្រើន ហើយធ្វើឲ្យបណ្ដារាស្ត្រពាសពេញទាំងផែនដីបានសេចក្ដីព្រួយលំបាកច្រើន រាស្ត្រមានចំនួនជាច្រើនពាន់ នាំគ្នាក្រឡុកប៉ុកប៉ាកព្រាត់ចាកទីលំនៅ អាស្រ័យហេតុម្ចាស់ម្នាយរបស់គេត្រូវនិរទេសទៅដើរព្រៃ សេចក្ដីវក់របស់ទុរយោជន៍នេះនឹងនាំសេចក្ដីវិនាសដល់ខ្លួន យើងនឹងបដិសេធពាក្យសុំនេះមិនបាន គេមិនបានមកសុំទាន គេសុខចិត្តមករកការធ្វើ ខនេះសម្ដែងឲ្យឃើញច្បាស់ថា គេមិនមែនជាយាចកដើរសូមទានតាមថ្នល់ គាត់ចូលទទួលគេទុកសម្រាប់គាល់បម្រើយើង ។ បាណ្ឌវក្សត្រិយ៍ព្រមគ្នាធ្វើវន្ទាព្រះរាជា ហើយក៏ថយចេញមកអំពីមុខព្រះទីនាំង តអំពីនោះមកមួយស្របក់ មានស្ត្រីម្នាក់តែងកាយរយីករយាក ដើរចូលទៅក្នុងអន្តេបុរស្ថាន គឺព្រះរាជវាំងជាន់ក្នុង តែទម្រង់ឆោមល្អឥតខ្ចោះ អ្នកណាឃើញហើយក៏មានចិត្តបដិព័ទ្ធនឹងឆោមរបស់នាងស្ទើរភ្លាំងភ្លើស្មារតី ។ ព្រះរាជិនីព្រះចៅវិរាដត្រាស់សួរ នាងជាអ្នកណា នាងត្រូវការអ្វី ។ ខ្ញុំម្ចាស់ជាស្ត្រីកំសត់អត់ទីពឹង មានតែសេចក្ដីព្រួយប្រាណស្ទើរប្រេះទ្រូងស្លាប់ ។ នាងឈ្មោះអី ? មើលទៅព្រះភក្ដ្ររានី1 បណ្ដាលឲ្យឃើញថា ទ្រង់មេត្តាប្រណីដល់នាងជាប្រាកដ សេចក្ដីល្អរូបល្អឆោមរបស់បាងយ៉ាងត្រចេះត្រចង់ កិរិយាមារយាទដ៏រៀបរយឥតឆ្គង សមជាអ្នកមានត្រកូលឧត្ដមពង្ស តែមើលទៅបែបជាមនុស្សកើតទុក្ខ មុខស្លក់មើលទៅលក្ខណៈល្អអស្ចារ្យ ធ្វើឲ្យរានីនឹកឆ្ងល់ ទើបត្រាស់សួរថា រូបរាសីរបស់នាងម្ល៉េះ ម្ដេចក៏មិនកំចាត់ឧបទ្រពភ័យឲ្យឃ្លាឃ្លាតចេញទៅ ។ ព្រះមេម្ចាស់ ព្រះនាងទ្រៅបទី ទ្រង់នៅរូបសម្បត្តិយ៉ាងឆើតរកទីប្រៀបបានដោយក្រ ម្ដេចទ្រង់គង់ត្រូវគ្រោះកម្ម នាំឲ្យស្ដេចទទួលឧបទ្ទវអន្តរាយ តោងស្ដេចព្រាត់ព្រាកចាកព្រះនគរ នឹងសិរីរាជសម្បត្តិបាន កាលនាំមកធៀបនឹងរូបខ្ញុំម្ចាស់ ដែលគ្រាន់តែជាទាសីរបស់ព្រះទេវីសោតក៏តោងមិនសង្ស័យក្នុងរឿងនេះ ។ រានីត្រាស់សួរតទៅទៀតថា នាងត្រូវការអ្វី ហើយនាងក្រាបទូលទេពីថា ខ្ញុំម្ចាស់ត្រូវការមករកការឯណានីមួយធ្វើគ្រាន់នឹងបានចិញ្ចឹមជីវិត ។ នាងសុខចិត្តនៅបម្រើយើងឬ ? សៃរិន្ធរីទទួលធ្វើនាទីនោះដោយតុណ្ណីភាព ហើយថ្វាយបង្គំលាថយចេញទៅនៅក្នុងបន្ទប់ពួកសាវឡិក (ពួកខ្ញុំរាជការស្ត្រី) ។ ម្ដងនេះយើងនឹងបានឃើញបន្ទប់ទីបន្ទំរបស់រានី វេលារាត្រីយាមយប់សន្ធយា ក្នុងបន្ទប់ព្រះទេវីអុជប្រទីបជ្វាលាភ្លឺព្រោងព្រាយ ពិដោឈ្ងុយឈ្ងប់សព្វសាយទៅដោយក្លិនប្រេងក្រអូបដែលអុជនោះ ទួទាំងល្វែងព្រះមន្ទីរ ជញ្ជាំងបន្ទប់ព្រះដំណាក់ធ្វើដោយមោរ៉ា សិលាឡាយថ្វីដៃជាងធ្វើដ៏វិចិត្រយ៉ាងឯក ឆ្លៅឆ្លុះរស្មីរលង់រលីងព្រិលនេត្រ ព្យួររំយោលរយ៉ាដែលថ្វីដៃប៉ាក់ជារូបផលាផល នឹងទងភ្ញីរស់រវើក មុខគួរមើលត្រកាលភ្នែក នឹងតាំងគ្រឿងតាំងដ៏មានតម្លៃឯទៀតជាច្រើន ទីផ្ទៃព្រះតំណាក់ក្រាលដោយសិលាទន់ ហើយក្រាលព្រំចៀមដ៏ទន់ត្រជាក់ជើងមានជាយប៉ាក់ចាក់ចំដោយខ្សែសយមាសប្រាក់ មានព្រះទែនភ្លុកដ៏ចិញ្ចែងដាសសំពត់ព្រែ តាំងនៅកណ្ដាលបន្ទប់នេះ សៃរិន្ធរីតែងចូលគាល់បម្រើព្រះទេវីដល់ក្នុងបន្ទប់នេះ ។ ក្នុងបន្ទប់ ១ ទៀត មានរបៀបប្រហែលគ្នានេះ កិច្ចកលព្រះអនុជរបស់រានី កំពុងផ្ទំក្រៀមក្រំដាលដំក្នុងឧរាជាទម្ងន់ ជួនកាលក៏ថ្ងូររវើរវាយ ជួនកាលក៏ដកដង្ហើមធំឃូ ព្រះជេដ្ឋភគិនី រានីព្រះចៅវិរាដ ប្រថាប់ទៀបព្រះទែនភ្លុក យកព្រះហស្តស្ទាបព្រះនលាតអនុជ ដើម្បីនឹងរម្ងាប់សេចក្ដីឈឺចាប់ឲ្យធូរស្បើយទៅ តែក៏មិនស្បើយល្ហើយដូចនឹក លំដាប់នោះព្រះអនុជព្រះកន្សែងអាក់អួលហើយមានព្រះបន្ទូលចេញមកថា ម្ចាស់បងប្រហែលជាចោលប្អូនឲ្យស្លាប់បង់តែឯងហើយឬ ? មិនមែន ៗ ទេ បងមិននិយាយនឹងប្អូនឯងហើយ បើឯងនិយាយព្រើល ៗ ដូចនេះ អ្វីមកបញ្ចូលចិត្តឲ្យនឹកដល់មជ្ជុរាជ ប្អូនឯងប្រឈួនបន្តិចបន្តួចប៉ុណ្ណោះតើ មិនប៉ុន្មានថ្ងៃក៏ជា ជាប្រក្រតីទៅវិញ ។ កុំគប្បីនឹកដូចនោះឡើយម្ចាស់បង អាការរោគប្អូនគ្រានេះមិនមែនតិចតួចយ៉ាងម្ចាស់បងសម្គាល់ សមុដ្ឋានរោគនៅក្នុងចិត្ត ហើយដែលនឹងបាត់ទៅបាន ដោយហេតុពីរយ៉ាង ឯណានីមួយ គឺស្លាប់បងឬ ។ រានីត្រាស់កាត់សំនួនពាក់កណ្ដាលឡើងថាទៀតហើយ ៗ ប្អូនឯងនិយាយចេញឈ្មោះសេចក្ដីស្លាប់ទៀតហើយ ។ ល្អហើយ ថាបើដូចនោះ ទូលបង្គំតោងធ្វើមុខក្រាស់លមើល បើម្ចាស់បងប្រទានអភ័យរឿងមុខក្រាស់ ទូលបង្គំនឹងទូលរឿងពិតហើយ នឹងបញ្ចេញសេចក្ដីស្ងាត់កំបាំង នៃអាការរោគក្នុងខ្លួនឲ្យទ្រង់ជ្រាប ។ សេចក្ដីស្ងាត់កំបាំងអីប្រុសអើយ ? ម្ចាស់បងប្រទានទោសឲ្យទូលបង្គំឬ ? រានីនឹកឆ្ងល់ មិនដឹងបើនឹងមានសវនិយថាដូចម្ដេច ។ ព្រះនាងចូលព្រះហឫទ័យថា ចិត្តអនុជវរទៅដោយសេចក្ដីឈឺចាប់ មានសតិវិប្បលាសនិយាយរវើរវាយទៅ ព្រះនាងទ្រង់សន្និដ្ឋានថា សមុដ្ឋានអាការប្រឈួននៃព្រះអនុជគង់មកពីសេចក្ដីរញឹករញុក ឬសេចក្ដីខឹងរអីរអូវ សូម្បីតែបន្តិចបន្តួចក៏ដរទៅធំខ្លាំងឡើងបាន អាចធ្វើឲ្យអ្នកជម្ងឺមានអាការធ្ងន់ពៀបទៅបានព្រះនាងទ្រង់ចិន្ដាថា គួរលួងលោមសួរយកសេចក្ដីពិត ដូចនេះ គង់ជាមិនទាស់ខុសអ្វី ព្រះនាងទើបត្រាស់លួងលោមដោយព្រះសូរសៀងដ៏ផ្អែមល្ហែមថាៈ កិច្ចក ! បាឯងឈឺអ្វីប្អូនសម្លាញ់បង ចូរប្រាប់បងឲ្យសព្វគ្រប់មកមើល ។ កិច្ចក ក៏បញ្ចេញសេចក្ដីស្ងាត់កំបាំងក្នុងចិត្ត ថ្វាយព្រះនាង បងទ្រង់ព្រះសណ្ដាប់ដោយឥតខ្មាសថា ឆោមល្អនៃនាងសៃរិន្ធរីសាវឡិកស្ដេចបង បានចូលមកសន្ធំក្នុងចិត្តទូលបង្គំទាំងថ្ងៃទាំងយប់ ការដែលនាងប្រើចុងភ្នែកក្រឡេកម្ដង ៗ ធ្វើឲ្យទូលបង្គំចាប់ចិត្តបដិព័ទ្ធមិនភ្លេច ១ វេលា តាំងអំពីខណៈដែលបានឃើញវរភក្ដ្ររបស់នាងមកទើសនឹងវេលានេះ ទូលបង្គំពេញទៅដោយសេចក្ដីទុក្ខក្ដុកក្ដួលអួលក្នុងឧរា ដោយហេតុត្រូវកាមសរ (សរ គឺកាម) របស់នាង ។ ទូលប៉ុណ្ណោះហើយ ក៏បណ្ដាលអាក់អួលឆួលឡើង ទឹកព្រះនេត្រត្រស្រក់ផ្លុក ៗ រានី ឃើញព្រះអនុជកន្សែង ក៏ចូលព្រះហឫទ័យថា នេះព្រោះសេចក្ដីស្រឡាញ់ មកគ្របរួបរឹតដួងចិត្តអនុជ ព្រះនាងក៏ទ្រង់ដាស់តឿនអនុជ ក្នុងរឿងដែលចងចិត្តស្រឡាញ់ ដ៏មិនគប្បី ជាហេតុនាំមកនូវសេចក្ដីអប្បយសថាៈ បាឯង មិននឹកដល់សេចក្ដីថោកទាបកិត្តិយស និងវង្សត្រកូល ដោយហេតុបន្ទាបខ្លួនទៅផ្ដេកផ្ដិតនិងនាងទាសីនេះឬ បាឯងធ្វើកេរ្តិ៍ឈ្មោះដ៏ល្អនៃបុព្វបុរសឲ្យសាបសូន្យទៅនឹងនាំមកនូវសេចក្ដីអប្បយស ដល់ខត្តិយវង្សដ៏ឧត្ដមសក្ដិ ដោយត្រូវនាងទាសីពត់ទាល់តែវរវឹកខួរ ការញញឹមញញែម ឬចោលកន្ទុយភ្នែកជាសម្បត្តិរបស់ស្ត្រីអ្នកលេង ចូរអ្នកត្រួតត្រាមើលឲ្យល្អ កុំបីទុំស៊ុនមុនស្រគាល កុំបីអាលគ្រុនមុនជម្ងឺ រឿននេះ ជាសេចក្ដីអប្រិយបំផុត មិនគួរប្រថុយប្រាណទៅផ្ដេកផ្ដិត សេចក្ដីស្រឡាញ់រមែងមានរាល់រូប អ្នកណាគេមិនឲ្យស្រឡាញ់ តែស្រឡាញ់ឲ្យគប្បី តែលោហិតប្រុសកម្លោះកំពុងពេញពាល ច្រើនតែញ៉ាំងសេចក្ដីវវឹកវរឲ្យកើតក្នុងចិត្ត ដោយមិនត្រិះត្រួតឲ្យសមគួរ នេះជាហេតុឲ្យខូចសមានសក្ដិនៃរាជត្រកូល និងជាមន្ទិលចៅហ្មងដល់គណៈ ។ កិច្ចកតបៈ ទូលបង្គំដឹងរឿងរ៉ាវអស់នេះសព្វគ្រប់អស់ហើយ តែប្រហែលស្ដេចបងនូវមិនទាន់ទ្រង់ជ្រាប មរណកាលរបស់ទូលបង្គំវាចូលមកជិតណាស់មកហើយ បើស្ដេចបងមានបំណងឲ្យទូលបង្គំស្លាប់ ឬនឹងមើលចិត្តទូលបង្គំសោត មិនចាំបាច់ស្ដេចបងនាំយកបរមត្ថចរិយាមកទេសនាច្រកត្រចៀកមនុស្សដែលទាបនឹងស្លាប់ដូចនេះទេ ។ រានី ត្រាស់ សេចក្ដីបំណងរបស់បង គឺថានឹងជួយប្អូនឲ្យផុតអំពីអប្បយសអាម៉ាស់មុខទាំងនេះជាប្រាកដ តែបងតូចចិត្តណាស់ប្អូន ដែលមកឃើញសណ្ហុវាចាពាក្យដាស់តឿនរបស់បង មានតែបក់ភ្លើងគឺសេចក្ដីឆ្កួតតណ្ហារបស់អ្នកឯងឲ្យឆេះរោលរាលខ្លាំងឡើង ហាក់ដូចជាមកញុះប្អូនឯងឲ្យដើរទៅកាន់ផ្លូវវិនាសកម្ម តែបើចេតនារបស់ប្អូនបំណងនឹងយកឲ្យបាន ឬនឹងស្លាប់នោះ បងជាបងនឹងឲ្យប្អូនស្លាប់ម្ដេចបាន ត្រូវតែជ្រោមជ្រែងជួយជីវិតទុកសិន វៀរលែងតែរបស់ហួសវិស័យ ។ ត្រាស់ប៉ុណ្ណោះហើយ ព្រះទេពីក៏ចេញពីបន្ទប់នោះ មានសោវណីឲ្យហៅនាងស្នំ សៃរិន្ធរី ៗ ចូលមកគាល់ ឈរចំពោះមុខព្រះទីនាំងចាំស្ដាប់ព្រះសោវណី រានី ឃើញនាងចូលមកគាល់ហើយ តែក៏មិនត្រាស់ថាអ្វី ទ្រង់ប្រថាប់ព្រងើយ ដូចជាមានសេចក្ដីមួហ្មងអ្វីក្នុងព្រះហឫទ័យមួយយ៉ាង តែដែលពិត ព្រះនាងកំពុងរិះគិតរកប្រយោជន៍ដែលនឹងត្រាស់ចេញមក ព្រោះជារឿងសុខុម នឹងជារឿងមុខគួរខ្ពើម ព្រះនាងទើបជញ្ជឹងរកផ្លូវមួយស្របក់សិន ទើបមានព្រះសោវណីថា មុខគួរស្ដាយណាស់ណា ដែលមកឃើញកន្យាអ្នកឧត្ដមសម្បូណ៌ដោយគុណសម្បត្តិយ៉ាងនាងមកធ្លាក់ទៅទាសី សម្រាប់បម្រើការក្នុងផ្ទះដូចនេះ ។ សៃរិន្ធរី តប នេះជាអកុសលកម្មរបស់ខ្ញុំម្ចាស់ វាតាមមកស្នងផល ។ រានី ត្រាស់ យើងឃើញច្បាស់ថា នាងឯងមិនមែនជាស្ត្រីធម្មតា ព្រោះមានសរសៃក្រសែលោហិតខៀវច្រើន ស្មើនឹងសរសៃលោហិតរបស់យើង ល្អហើយ នាងគង់ត្រេកអរកាលបានស្ដាប់ថា អនុជរបស់យើងមានសេចក្ដីស្នេហានាងឯង ហើយខ្លួនយើងក៏ពេញចិត្ត អនុជ ដែលបានឃើញនាងបាទបរិចារិការរបស់អនុជ ។ ពាក្យនេះមិនធ្វើឲ្យ សៃរិន្ធរី កើតក្រេកអរ ឬនឹកអស្ចារ្យក្នុងចិត្តសោះឡើយ ត្រឡប់ធ្វើឲ្យនាងក្រេវក្រោធពិរោធដូចអគ្រនីត្រូវពាយុទើបតបព្រះរាជសោវណីថា វាអាម៉ាស់មុខណាស់ព្រះរាជិនី ម្ដេចព្រះមេម្ចាស់នឹកដល់រឿងនេះផង ខ្ញុំម្ចាស់មិនបានគិតមិនបាននឹកសោះឡើយថាព្រះមេម្ចាស់នឹងបន្ទាបព្រះអង្គ ចុះលេងក្នុងរឿងអប្រិយនេះដែលអ្នកជាទាំងពួងគេមិនដែលនិយាយ ឬប្រព្រឹត្តមកសោះ ខ្ញុំម្ចាស់ទើបនឹងដឹងបានក្នុងវារៈនេះជាដំបូងថា សក្ដិខ្ពស់នឹងកេរ្តិ៍ឈ្មោះល្អនោះ វាមិនបានជាប់នៅជាមួយគ្នាជានិច្ចទៅ ព្រះមេម្ចាស់ប្រហែលជាមិនដែលប្រទះឃើញនារីដែលស៊ូលះជីវិតរបស់ខ្លួន ដើម្បីការពាររក្សាកិត្តិយសទុក ប្រហែលជាទ្រង់ធ្លាប់ប្រទះតែស្ត្រីដែលឮតែសម្លេងប្រាក់ក្រើង ក៏ញញឹមដាក់ ហើយបណ្ដាលឲ្យប្រុសសម្រេចដូចប្រាថ្នា ខ្ញុំម្ចាស់គ្មានពាក្យង្វីឡើយ ដែលនឹងក្រាបទូលឲ្យច្រើនទៅជាងនេះ មានតែពាក្យបញ្ចប់ពាក្យដើមបន្តិចទៅទៀតថា អំពីនេះជាដើមទៅ ខ្ញុំម្ចាស់មិនបានជាសាវឡិក គាល់បម្រើព្រះមេម្ចាស់តទៅហើយ មានអំណាចនឹងចង់ទៅណាទៅបានតាមចិត្ត ។ រានី ត្រាស់ជាប្រញាប់ថា កុំតូចចិត្តឡើយសាវឡិក ចូលឲ្យអភ័យដល់យើងចុះ ចូលភ្លេចពាក្យដែលយើងនិយាយអម្បាញទៅ កុំខឹងស្របាលឡើយ ចូរយកពែងសុរានេះទៅថ្វាយកិច្ចក ម្ល៉េះប្រហែលជាចាំមើលផ្លូវនាង ។ រានី សម្គាល់ថា ដែល សៃរិន្ធរី សម្ដែងអាការក្រវក្រោធ និងជាមាយាស្រី ព្រះនាងអស់សង្ស័យហើយ ជឿក្នុងព្រះហឫទ័យថា សៃរិន្ធរី គង់ត្រេកអរក្នុងរឿងដែលកិច្ចក មានចិត្តស្នេហាបដិព័ទ្ធនឹងខ្លួន ហើយជឿថា នាងគង់ត្រេកអរនឹងនាំពែងស្រាទៅថ្វាយកិច្ចក សៃរិន្ធរី ដឹងបានជាប្រាកដថា សុរាមួយពែងនេះ ជាឧបាយដើម្បីញ៉ាំងហេតុឲ្យសមផល ឲ្យអ្នកទាំងពីរគឺខ្លួននាងនិងកិច្ចកបានជួបគ្នាស្ងាត់ ៗ ក្នុងជាន់ដំបូងនាងគិតរេរា លុះគិតម្ដងទៀតនាងក៏ព្រមទៅ ដោយតាំងចិត្តខ្ជាប់ក្នុងកុសលរាសី ជាកម្លាំងសម្រាប់តទល់អាការកំហែងបង្ខំជម្រៅនៃបុរស នាងក៏ឱនគំនាប់ទទួលយកពែងសុរាអំពីព្រះហស្តរានី ក្នុងខណៈដែលនាងកំពុងដើរចូលទៅកាន់បន្ទប់កិច្ចកនោះ នាងនឹកតែក្នុងចិត្តថា វេលានេះយើងចូលទៅកាន់ទីជម្រូងជម្រះ ដូចចូលទៅក្នុងរង្វង់ស្នែងសត្វ យើងមិនដឹងបើនឹងប្រតិបត្តិដូចម្ដេចឲ្យរួចខ្លួន បើយើងទទឹងអាជ្ញារានីសោតទោសទណ្ឌនឹងធ្លាក់លើខ្លួនយើង ឥឡូវនឹងប្រថុយទៅរកកិច្ចក សេចក្ដីសៅហ្មងនឹងមានដល់ខ្លួនយើង ៗ នឹងគេចវេះទៅផ្លូវណាមិនរួច ហើយប្រសិនបើយើងប្រតិបត្តិតាមបញ្ជារានី អ្នកណានឹងជានាបានថា ការចូលទៅក្នុងបន្ទប់ស្ងាត់តែពីរនាក់ ហើយគ្មានគ្រឿងការពារខ្លួនផង វានឹងមិនឲ្យទោសដល់ខ្លួនយើងម្ដេចបាន អ្នកណានឹងធានាបានថា កិច្ចកនឹងមិនធ្វើអ្វី រឿងនេះសូម្បីតែស្រីអ្នកព្រៃដែលស្ដួចស្ដើងចរិយាសម្បត្តិវាក៏គង់ខ្លាចច្រើនស្មើនឹងខ្លាចខ្លា តែទោះបីដូចម្ដេចក្ដី យើងនឹងព្យាយាមរក្សាកិត្តិយសរបស់យើងទុកដោយពេញកម្លាំង ដែលនឹងរក្សាបាន ទោះបីបង់ជីវិតក៏តាមការ សូមព្រះជាម្ចាស់លើស្ថានសួគ៌ចូលជួយអភិបាលខ្ញុំម្ចាស់ក្នុងគ្រានេះ ។ ដោយសេចក្ដីគិតយ៉ាងនេះជាគ្រឿងឃុំចិត្ត នាងក៏ប្រថុយឈានជើងចូលទៅកាន់បន្ទប់កិច្ចក ឯហេតុការណ៍ដែលកើតឡើងនោះ វាក៏មិនខុសអីនិងដែលនាងស្មានទុក កិច្ចកកាលឃើញនាងចូលទៅតែម្នាក់ឯង ក៏នឹកញញឹមប្រឹមប្រិយ៍ក្នុងចិត្តក្រោកឡើងស្ទុះទៅនឹងឱបនាង ៗ គ្មានអាវិធនឹងការពារខ្លួនពិត តែនាងប្រុងខ្លួនទុកតស៊ូដោយកម្លាំងកាយ នាងទះតប់ខ្វាចខ្ញាំ ថ្ពររបូតអំពីដៃកិច្ចក ដែលកំពុងស្រវឹងសុរា រត់ចេញអំពីបន្ទប់ ។ ព្រះចៅក្រុងវិរាដវេលានោះ កំពុងប្រថាប់នៅក្នុងព្រះទីនាំងវិនិច្ឆ័យ ខណៈនោះមានស្ត្រីម្នាក់ ស្រែករត់ចូលទៅមុខព្រះទីនាំង ចូលទៅដល់បល្លង្កគង់ ដោយអាការអាចហ៊ាននឹងស្រែកថា អយុត្តិធម៌ អយុត្តិធម៌ ដ៏លាមក កើតឡើងក្នុងម្លប់សាលាយុត្តិធម៌ហើយ ព្រះរាជាអើយកាលស្ត្រីភាពអ្នកមានកម្លាំងតិច គ្មានទីពឹងពាក់ មកត្រូវញាំញីសមានសក្ដិលេងតាមអំពើចិត្ត ក្នុងខាងក្នុងកំផែង ៤ ជាន់នៃព្រះបរមមហារាជវាំងរបស់ព្រះអង្គដូចនេះ សេចក្ដីវិនាសសសៀរចូលជិតព្រះអង្គណាស់ហើយ ។ គ្រានោះមានមហាតលិកម្នាក់ ព្យាយាមបណ្ដេញនាងចេញអំពីទីនោះ ហៅនាង មេចំកួត មេកំព្រើល ៗ ខណៈនោះ កិច្ចកក៏តាមចូលមកក្នុងព្រះរោងគាល់ ចាប់សក់នាងដឹកយកទៅអំពីទីប្រជុំនោះ បណ្ដាអ្នកប្រជុំអម្បាលនោះមិនទាន់ដឹងថា កើតហេតុរឿងអ្វីឡើយ កាលកិច្ចកអូសចូលទៅក្នុងវាំង សៃរិន្ធរី បានស្រែករហូតផ្លូវសុំឲ្យប្រុសម្នាក់ឈរនៅជិតនោះជួយ ហើយមើលទៅដូចជាស្គាល់ប្រុសនោះផង តែខាងប្រុសនោះឃើញថាមិនគប្បីនឹងធ្វើអ៊ឹកធឹកវឹកវរកណ្ដាលផ្លូវថ្នល់ គ្រាន់តែខ្សឹបប្រាប់នាងថា ឲ្យនាងធ្វើមាយាឱនលំទោន ព្រមតាមគេទៅសិនទៅ ដល់វេលារាត្រីនឹងមានពួកមកជួយ មកនៅជិត ៗ នាង ដើម្បីនឹងជួយឲ្យរួចអំពីសេចក្ដីអប្បយស ។ សៃរិន្ធរី ក៏ប្រតិបត្តិតាម នាងស្ងៀមមិនមានសម្ដែងអាការទទឹងតទៅ ដើរតាមកិច្ចក ចូលទៅក្នុងបន្ទប់ដោយស្រួល កាលទាំងពីរចូលទៅផុតហើយ កិច្ចកក៏ចាក់គន្លឹះទ្វារគ្រិប ហើយពោលប្រលោមនាងថា កុំណ៎ា កុំកាត់មេត្រីក្ដីស្នេហារបស់បងឡើយវង់ភក្ដ្រដ៏ត្រឡុងដូចវង់ខែនេះមកបណ្ដាលឲ្យបងវង្វេងស្មារតីទៅ ក្ដីស្នេហាដ៏ធ្ងន់មហិមាស្មើមហាបរពតបានមកគ្របសង្កត់ហឫទ័យរបស់បង វេលានេះខ្លួនបងធ្លាក់ទៅជាទាសនៃសេចក្ដីស្រឡាញ់ហើយ គ្មានអ្វីនឹងបន្ធូបន្ថយទៀតទេ ក្រៅអំពីនាងព្រមព្រៀងទទួលបដិព័ទ្ធប៉ុណ្ណោះ កុំខឹងស្របាឡើយណាស្រស់ស្រីបងសូមផ្ញើមេត្រីក្ដីស្នេហាផង កុំឲ្យបងស្លាប់បង់អសោចិ៍អសារឥតការ ។ លំដាប់នោះ កិច្ចកខិតចូលជិតលាព្រះពាហា ជាទីបបួលឲ្យនាងឱប ហើយលោមតទៅទៀតថា សូមឲ្យបងឱបរឹតផ្ដិតទ្រូងបន្ដិចស្រស់ស្រី ដើម្បីបន្ទោរបង់នូវសេចក្ដីក្រហល់ក្រហាយ ដែលរុំរឹតចិត្តបង តអំពីនោះទៅ បងក៏ជារបស់នាង ៗ ក៏ជារបស់បង ជានិរន្ដរ៍ទៅណាពៅព្រលឹង ។ សៃរិន្ធរីញញឹមដោយឧបាយ ហើយក៏ស្ងៀមនៅ មិនបានតតបសម្ដី កិច្ចកក៏និយាយប្រលោមតលួងទៅថា សេចក្ដីអៀនខ្មាសឃើញប្រាកដនូវទឹកមុខយុវតីសៃរិន្ធរី វាមកអុជកងអគ្រនីក្នុងទ្រូងបងឲ្យរោលរាល កុំគេចមុខដ៏បំព្រងដូចដួងខែអំពីការសម្លឹងរបស់រៀមឡើយ កុំស្ងាត់ស្ងៀមសម្ដីពិរោះស្រណោះសោតទ្វារ ចូរបដិជ្ញាមកតែមួយម៉ាត់ អំពីវរឱស្ឋដ៏ប្រិមប្រិយដូចទទឹមព្រាយ ក៏អាចនឹងជួយរំសាយទុក្ខនិងជ្រោមជ្រែងជីវិតបងឲ្យគង់នៅបាន ។ ក្នុងទីបំផុតសៃរិន្ធរីក៏ស្នងវាទីថាៈ ម្ដេចទ្រង់ប្រញាប់ប្រញាល់ម្ល៉េះ ចាំឲ្យយប់យាមសន្ធិយាសិន ខ្ញុំម្ចាស់នឹងទៅណា ។ នាង ! ដឹងបានដោយក្រណាស់ សម្រាប់ចិត្តអ្នកគួរស្រឡាញ់កំពុងពេញជ្រួលគ្រប់ខណៈដង្ហើមចេញចូល នឹងបង្អង់ចាំវេលានេះវេលានោះ ៗ នឹងប្រែថាម្ដេច កិច្ចក តបដោយសម្លេងញ័ររន្ថាន់ ។ សេចក្ដីខ្មាសក្នុងខណៈនោះពន់ពេក តែនាងក្លែងតែងឧបាយធ្វើមុខញញឹម ហើយឲ្យពាក្យបដិញាណថា នឹងមករកក្នុងវេលាព្រលប់យប់នេះមិនខាន សូមទានឲ្យតែបន្ធូរបន្ធយសិន ។ កិច្ចកនិយាយម្ដងទៀតក្នុងទីបំផុតថា បងគាប់ចិត្ត អំណរគុណជាបំផុត មធុរសកថាប៉ុណ្ណោះ អាចជួយរក្សាដួងចិត្តជីវិតបងឲ្យគង់នៅបានឃើញពន្លឺព្រះអាទិត្យតទៅ ខណៈនេះបងត្រឡប់ដឹងខ្លួនដូចអំពីដើមជីវិតរបស់បងប្រសិនជាមានប្រយោជន៍ដល់នាង សូម្បីតែបន្តិចបន្តួចក្ដីបងស៊ូលះឲ្យប្អូន ។ សម្រាប់ចិត្តគូស្រឡាញ់ ដែលកំពុងស្រឡាញ់ថ្មី ៗ ក្ដៅ ៗ ឃើញថា វេលាដែលកន្លងទៅយឺតយូរជាបំផុត ចូលបែបតម្រាភាសិតថា រាល់ ៗ ម៉ោងដែលកន្លងទៅម្យឺត ៗ នោះឃើញដូចជាយឹតយូរស្មើនឹងអាយុកាល បីដូជាតា កង់រថព្រះអាទិត្យជាប់ភក់ផុងដូចនោះ ទោះបីដូចនោះក្ដី រាត្រីកាលដែលកិច្ចកក្រវើនរន្ថាន់ក្នុងចិត្ត ក៏បានមកដល់ទីបំផុត វេលាសន្ធិយាចរមកដល់ មានស្រមោលងងឹតព្រិលឆៀងទៅខាងខ្មៅ បានជួយឧបត្ថម្ភ ទឹលចិត្តកិច្ចកកំពុងដើរញាប់តឹក ៗ ឲ្យរីករាយឡើងបានបន្ដិចដោយមានសេចក្ដីសង្ឃឹមបង្កើតឡើង តែមកដល់ត្រង់នេះហើយឃើញនាឡិកា ហាក់ដូចជាដើររឹតតែយឺតយូរជាងសព្វដង កិច្ចកផ្ទំលើព្រះទែនប្រុងឲន្ទ្រីយ៍ររៀសរវៃ ចាំស្ដាប់សូរជើងនាងឆោមលំអរនឹងឈានជើងចូលទៅរកខ្លួន ក្នុងទីបំផុតទ្វារបន្ទប់នោះ ក៏សន្សឹម ៗ បើកបន្តិច ៗ រូបស្រស់បំព្រងតែងខ្លួនទងវងជជាយបានចូលទៅដល់ក្នុងបន្ទប់នោះ កិច្ចកក្រឡេកឃើញញញឹមញញែមក្រោកឡើងអង្គុយ ហើយអញ្ជើញនាងឲ្យអង្គុយក្នុងរង្វង់ដៃ នាងស្សឹម ៗ ដើរចូលទៅកាន់ទីព្រះទែន ដោយគ្រឿងតែងកាយ ដោះគ្រឿងតែងកាយខាងក្រៅចេញភ្លាម យីអើមិនមែនស្រីទេតើ កិច្ចកឃើញច្បាស់ទៅជាអ្នកចម្បាំងម្នាក់រូបសម្បើមមកឈរនៅមុខគេ ហើយស្រែកគំរាមថា អាខ្មោចឥតខ្មាស អាឯងមិនដឹងទេឬ ជាស្ត្រីបរិសុទ្ធមិនលក់កិត្តិយសរបស់ខ្លួន ព្រោះឃើញលាភ ឥឡូវអាឯងចូលត្រៀមខ្លួនរឿងចិត្តខ្មៅរបស់អាឯង ដើម្បីចុះទៅកាន់និរយភូមិជាឆាប់ ។ និយាយតែប៉ុណ្ណោះ គេក៏ចាប់កិច្ចកកន្ត្រាក់អំពីព្រះទែនប្រហារជីវិតដោយក្ដាប់ដៃដ៏មានឫទ្ធិស្លាប់បង់ ភីម អ្នកក្លែងខ្លួនជាស្ត្រី ក៏ប្រវាឡើងកំផែងវាំងកិច្ចក ចុះទៅដេកព្រងើយ គ្មានអ្នកឯណានីមួយក្នុងវាំងនោះ ដឹងថាមានហេតុកើតឡើង ។ ព្រឹកឡើងទាល់តែថ្ងៃហួស បន្ទប់ទីបន្ទំកិច្ចកនៅតែបិទ អ្នកទាំងពួងសង្ស័យ មានទទួលសវនិយទៅពិនិត្យមើល ដើម្បីឲ្យដឹងជាហេតុដូចម្ដេច លបើកទ្វារចូលទៅ អ្នកបម្រើនោះក៏ទច់ង៉ក់ធ្វើភ្នែកក្រលួង ព្រោះឃើញសពកិច្ចកដេកស្ដូក លោហិតច្រាលពាសទាំងល្វែង និងប្រឡាក់ទៅតាមខ្លួនសព កាលសេចក្ដីនោះជ្រាបទៅដល់ព្រះញាតិវង្ស ក៏ភ្ញាក់ផ្អើលតែរាល់គ្នា រានីជាព្រះជេដ្ឋភគនី ក៏ទៅជាខ្យល់ចាប់បាត់ស្មារតី ដោយអំណាចទោសឃោរឃៅ អ្នកអម្បាលនោះក៏រករឿងចោទថា នាងទាសីជាអ្នកសម្លាប់ តែមិនមានស្មរបន្ទាល់ល្មមយកជាការពិតបាន ព្រោះមានសេចក្ដីឃើញថា រឿងឃាដកម្ម ប្រុសមានរូបរាងមាំមួនយ៉ាងកិច្ចកនេះ ស្ត្រីមិនអាចនឹងធ្វើបាន ទោះបីដូចនោះក្ដី មនុស្សទាំងឡាយក៏មិនអស់សង្ស័យ នូវមានសេចក្ដីឃើញថារឿងឃាដកម្មគ្រានេះជាករណីហេតុស្ងាត់កំបាំង តែរានីទ្រង់សង្ស័យ ត្រង់ដែលថា សៃរិន្ធរី ជាអ្នកដើមហេតុ ដោយហេតុនេះព្រះនាងមិនបានបិទបាំងរឿងសង្កានេះទុក តែងត្រាស់ប៉ោច ៗ ជាញយ ៗ ថាតែឃើញមុខនាងទាសីកាលណាឲ្យនឹកជិននឹកស៊ីក្នុងចិត្ត ព្រោះតែឃើញហើយ បណ្ដាលតឿនព្រះហឫទ័យឲ្យព្រះនាងនឹកដល់មរណកម្មរបស់ព្រះអនុជ ក្នុងទីបំផុតព្រះរាជាក៏ត្រូវខ្យល់កួចត្រឡប់ត្រឡិននាំឲ្យជឿពាក្យព្រះមហេសី ត្រាស់ឲ្យចងដៃចងជើងសៃរិន្ធរី នាំយកទៅដុតទាំងរស់ ព្រមនឹងសពកិច្ចកលើជើងថ្ករជាមួយគ្នា ។ ឯនាងទាសីសៃរិន្ធរី ត្រូវគេផ្ចាញ់ផ្ចាលជាច្រើនម៉ោង ដើម្បីនឹងឲ្យនាងទទួលសារភាពតាមពិត តែនាងខំអត់ធន់ទារុណកម្មនោះ ដោយសេចក្ដីមានះក្លាហាន ដោយឈ្វេងយល់ច្បាស់ថា ពួកបាណ្ឌវក្សត្រិយ៍នឹងមកជួយនាងឲ្យរួចអំពីភ័យក្នុងវេលាមានឱកាស ការដែលត្រូវចងដៃចងជើងរឹតក្រញុះ ដូចជាគេចងជ្រូកនោះ ព្រះនាងពេញទៅដោយសេចក្ដីទុក្ខសោក នឹកស្រណោះស្ដាយព្រះអនុជដែលសុគតទៅ និងដិតចិត្តនឹងនាងទាសីជាទម្ងន់ ។ លំដាប់នោះ គេនាំនាងទៅកាន់សុសានប្រទេស2 មានទាហានប្រមាណ ៥០ នាក់ឃុំខ្លួននាងទៅ ដើម្បីការពារមិនឲ្យនាងរត់ និងចាំការពារមិនឲ្យពួកញាតិរបស់នាងមកដណ្ដើមយកខ្លួននាងទីបាន ។ ទីមេន3 នោះគេបានចាត់ចែងតម្កល់ជើងថ្ករ ត្រៀមទុកថ្វាយព្រះភ្លើងសពកិច្ចក ចំណែកឯនាងក៏ត្រូវបង្គាប់ឲ្យឡើងទៅដុតខ្លួនសម្លាប់លើជើងថ្ករនេះ ព្រមនឹងសពកិច្ចកដែលគេចោទថានាងជាអ្នកសម្លាប់ តែមុននឹងឡើងទៅលើជើងថ្មរ គេបានអនុញ្ញាតឲ្យនាងប្រការសតិសេចក្ដីឯណានីមួយ មុនវេលាលាស្លាប់ ថាបើនាងមានបំណងនឹងពោលបច្ឆឹមវាចាលំដាប់នោះនាងក្រោកឡើងឈរដោយអាចហាន ហើយនិយាយសម្លេងយ៉ាងច្បាស់លាស់ មិនមានរន្ធត់ថាៈ ម្នាលសុភាពបុរសទាំងឡាយ ប្រសិនជាអ្នកមកនឹកមួយរំបេចមើលថា បើមាតា ឬបងស្រី ប្អូនស្រី បុត្រី របស់អ្នក បាននូវសេចក្ដីអាម៉ាស់មុខ ព្រោះប្រុសដែលស្លាប់ទៅនេះ ទាំងនាងនោះឯងក៏មិនពេញចិត្តនឹងយកសម្មានសក្ដិរបស់ខ្លួនមកប្ដូរនឹងប្រុសនេះ ដូចយ៉ាងខ្លួនខ្ញុំនេះ តើអ្នកនឹងចងដៃចងជើងយកនាងទៅដុតទាំងរស់ ព្រោះហេតុដែលនាងព្យាយាមនឹងការពារសេចក្ដីបរិសុទ្ធរបស់នាងឬ ខ្ញុំជឿថា អ្នកទាំងពួងគងនឹងប្រកែកព្រមគ្នាថា នឹងមិនធ្វើដល់នាងឡើយ ថាប់ដូចនោះសោតហេតុម្ដេចស្ត្រីកំសត់គ្មានផ្ទះសម្បែង គ្មានញាតិវង្ស គ្មានអ្វីបរិភោគចិញ្ចឹមជីវិត រស់នៅដោយត្រដរ ដោយអ្នកដទៃឲ្យទាន មកត្រូវទោសដូចនេះ ខុសនឹងអ្នកទាំងពួង ក្នុងមួយវេលាឬពីរបីមីនុតទៀត ខ្ញុំនឹងដុតជីវិតគ្មានខ្លួន តែចិត្តរបស់ខ្ញុំនឹងរង្គាត់ទៅក្នុងលោក ចិត្តរបស់ព្រហ្មចារិនីមិនចេះស្លាប់ ។ លុះនាងនិយាយចប់ចុះផុតមាត់ ឃើញបុរសម្នាក់ខ្មៅធំមាំរត់សំដៅទៅមាត់ទន្លេ ត្រង់ទីដែលនឹងថ្វាយព្រះភ្លើងសពកិច្ចក ស្រែកបណ្ដើរថា ខ្លួនគេកាន់រាជសារមក ដោយមានកិច្ចដ៏ប្រញាប់ គេរត់ចូលមកយ៉ាងលឿន ៗ ទាល់តែអ្នករក្សាការនឹងហាមឃាត់ ឬសួរយកសេចក្ដីមិនទាន់ ៗ ដឹងជាអ្នកណានោះមកល្អ ឬមកអាក្រក់ គេក៏ដល់មកទីប្រជុំជន រត់កាត់ហ្វូងអ្នករក្សាការដែលឈរត្រៀបជុំវិញ ក្រប៊ីដែលកាន់នៅដៃក៏វាត់ឆ្វេងវាត់ស្ដាំ ត្រូវដាច់ករធ្លាក់អំពីកាយរណែល ហើយស្រែកប្រកាសសម្លេងដ៏ខ្លាំងថា ៖ កិច្ចរបស់យើងដែលមកទាំងប្រញាប់ប្រញាល់នេះ ក៏គឺនឹងមកជួយស្ត្រីដែលជាប់ចំណងនេះ កិច្ចតទៀត គឺនឹងសម្ដែងឲ្យមនុស្សទាំងឡាយឃើញថា ដែលតូចមុខមុតនេះ (យកដៃចង្អុលទៅក្រប៊ី) នឹងប្រហារក្បាលអ្នករាល់គ្នាឲ្យកំបុតទៅបាន ។ និយាយដូចនោះហើយ គេក៏ស្ទុះប្រវារឡើងទៅលើជើងថ្ករទៅជួយស្រាយសៃរិន្ធរី ហើយនាំចុះមក វេលាត្រឡប់មក បានកាប់សម្លាប់គ្នានឹងពួកអ្នករក្សាការ ១ ភ្លេងធំ គេវាត់ឆ្វេងក្រហែលស្ដាំដោយក្រប៊ីសម្រាប់ដៃខ្លះ សាច់ដៃខ្លះ ដាច់ជើងស្លាប់ទៅប្រមាណ ២០ នាក់ ឈាមបាចប្រសាចពាសមាត់ទន្លេ ទីឈាបនកិច្ចក្លាយទៅជាទីចម្បាំង ពេញទៅដោយលោហិតមនុស្ស អ្នករស់រួចជីវិតទៅក៏មិនប៉ុន្មាននាក់ អ្នកដែលរួចអំពីមុខក្របី ក៏គឺអ្នកដែលគេចរត់ទៅជាមុន ស្រេចការកាប់សត្រូវដោយកម្លាំងក្លាមុខគួរព្រឺព្រួចប៉ុណ្ណោះហើយ បុរសនោះក៏ត្រកងសៃរិន្ធរីដាក់លើស្មាលីហិចយាត្រាទៅ ក្នុងរយៈផ្លូវឆ្ងាយផុតកន្ទុយភ្នែក ។
ឯកសារយោង
[កែប្រែ]សៀវភៅរឿងមហាភារតយុទ្ធ ចងក្រងនិងរៀបរៀងដោយ ព្រះស្នេហាសារ ទេព ក្រសេម