រឿងមហាភារតយុទ្ធ ភាគទី៥៖ឥន្ទ្របថរដ្ឋ រាជអាណាចក្រថ្មី
តមក បាណ្ឌវក្សត្រិយ៍ទាំង ៥ អង្គ ក៏នាំគ្នាទៅសាងរាជធានីទីក្រុងថ្មីនៅខណ្ឌវបថ ផ្ដើមកសាងកាប់គាស់ឈើព្រៃ ចូលចាំងជម្រះដី ទីទួលឲ្យរាបទៀបស្មើផ្ទៃ ស្រេចហើយនៃ ទើបសាងព្រះរាជមន្ទីរ ព្រមទៅដោយកំផែងដ៏វិចិត្រ ហាក់ដូចជាទេពនិម្មិត្រក៏ប្រហែលគ្នា តាំងនៅឆ្នេរទន្លេយមុនាខ្ពស់ត្រដឹមស្កឹមស្កៃ លេចកំពូលច្រូងច្រាងប្រាង្គលលៃគ្របទៅលើទន្លេ ជីកស្រះជីកគូនឹងបន្លាយជ្រលងអូរ សម្រាប់បង្ហូរទឹកចេញចូលតាមត្រូវការ ធ្វើទាំងឱទ្យានសួនផ្កា និងសួនច្បារផលាផលជុំវិញព្រះរាជមន្ទីរសុទ្ធសឹងតែព្រឹក្សាលតាជាតិដ៏មានផ្លែផ្កា គួរជាទីទស្សនានៃអ្នកដែលបានទៅយល់ មានជ្រលងដងទឹកដ៏ថ្លា ហូរអំពីទន្លេយមុនាចូលទៅក្នុងឱទ្យាន ដក់ទៅក្នុងល្អាងដ៏មាននៅក្នុងសួនជាអន្លើ ៗ សម្រាប់ចិញ្ចឹមឈើព្រឹក្សាលតាជាតិឲ្យស្រស់ខ្ចីជានិច្ច មានហ្វូងរមាំងទ្រាយទន្សាយក្ដាន់ជាដើម ដើររកស៊ីស្មៅក្នុងត្រិណុទ្យានដ៏ខៀវខ្ចីវិស័យដូចជាព្រំដ៏វិចិត្រ មានហ្វូងបក្សីនរជាតិ ហិចហើរឆ្វៀលឆ្វាត់ចាប់ព្រឹក្សា មយូរាដើរកែក្រាយក្បែរគុម្ពឈើ ខ្លះទំលើមែកឈើស្រសាស់ស្លាប ក្ងោកប៉ោលតោកនូវសេកចាប យាសយំកេបកាបតាមភាសា សកុណាឆ្លាស់ឆ្លើយរងំព្រៃ ត្រូវនឹងសម្លេងរៃយំងាំង ៗ ឮហើយភាន់ភាំងឈានឈប់ឈរស្ដាប់សព្វបក្សី ។ អាស្រ័យលោកសង្ខារតាក់តែងឡើង ដោយធម្មតាឯងខ្លះ អាស្រ័យវិទ្យារបស់បុគ្គលរចនាឡើងខ្លះ ឆោមលំអនៃធម្មជាតិទាំងឡាយនោះ ទើបប្រមូលមកមានព្រមនៅទីនោះ ជាទីសម្រាន្តរម្យរីករាយនៃអ្នកដ៏ជាម្ចាស់ លុះសាងស្រេចបាណ្ឌវក្សត្រិយ៍ក៏ស្ដេចឡើងគង់វាំងថ្មីតាមវិធីបុរាណសម្មតនាមថា ឥន្ទ្របថ ព្រោះល្អប្រហែលរម្យស្ថានក្នុងត្រៃត្រឹង្សភពរបស់សម្ដេចអម្រិន្ទ្រាធិរាជ ។ គ្រានោះអ្នកនគរព្រមគ្នាអញ្ជើញយុធិស្ឋិរឡើងសោយរាជសម្បត្តិនាក្រុងឥន្ទ្របថ ដោយម្លប់ពោធិសម្ភាររបស់ព្រះអង្គ ប្រទេសក៏ស្ដុកស្ដម្ភសម្បូណ៌ឡើងគ្រប់យ៉ាង ប្រជារាស្ត្រនៅជាសុខក្សេមក្សាន្តសព្វទិវារាត្រី ឥតមានភិតភ៏យដោយរឿងអ្វី ទ្រង់ផ្សាយព្រះរាជាបុភាពវាទចេញទៅបន្តិចម្ដង ៗ រឿយ ៗ ទៅ ទាល់តែឥន្ទ្របថរដ្ឋធំទូលាយជាងកំណត់ដើម មិនមែនតែមានដែនដីធំប៉ុណ្ណោះ នៅមានកម្លាំងរេហ៍ពលដ៏ក្លាហានជាអនេក ទ្រង់នៅអំណាចឥស្សរភាពក្នុងផ្លូវរដ្ឋប្រសាសនយ៉ាងស្រួច លុះព្រះយុធិស្ឋិរឃើញថា ការព្រះនគរបានចម្រើនធំទូលាយដល់ខ្នាតហើយការគ្រប់គ្រងក៏ខ្ជាប់ខ្ជួនបរិបូណ៌គ្រប់យ៉ាងហើយ ទ្រង់នៅព្រះតេជានុភាព និងព្រះកិត្តិយសជាមហារាជា ទ្រង់ប្រាថ្នានិងធ្វើពិធីសូយយ័ជនកម៌ ការបូជាមហារាជ ដើម្បីប្រកាសឥស្សរភាពរបស់ទ្រង់ អ្នកជាមហារាជា ឲ្យប្រាកដទៅក្នុងពពួកក្សត្រីនោះដែរគ្រងនគរតូចតាចនៅជិតខាងរាជរដ្ឋសីមា ទើបទ្រង់ប្រើអនុជាទាំង ៤ អង្គ ឲ្យយាត្រាទៅជាន់ដែនប្រទេសរាជជិតខាងអម្បាលនោះ ដើម្បីប្រកាសឥស្សរភាពជាក្សត្រិយ៍ធំលើនានាប្រទេសរាជ ពួកប្រទេសរាជដែលព្រមចុះចូល ក៏បានអញ្ជើញមកប្រជុំក្នុងពិធី សូយយ័ជនកម៌ ចំណែកឯប្រទេសដែលរឹងទទឹង ឬតស៊ូ ក៏ត្រូវប្រហារខ្ទេចទៅ ដែនដីក៏ត្រូវរឹបយកមករួមជាអាណាចក្រមហារាជាឥន្ទ្របថ ។ រាជសូយពិធីគ្រានេះ កើតផលសម្រេចយ៉ាងធំក្នុងផ្លូវរដ្ឋប្រសាសនោបាយ ធ្វើឲ្យព្រះ យុធិស្ឋិរ តាំងមាំនៅក្នុងរាជសម្បត្តិ បានផ្សាយរាជសម្បត្តិអាណាចក្រគ្របទៅលើសាមន្តរាជតូចធំទាំងឡាយ ជាបច្ច័យឲ្យព្រះអង្គមានមិត្រមេត្រី នឹងមហារាជាក្នុងប្រទេសឥណ្ឌាភាគលើជាច្រើនអង្គ ហើយជួយជ្ញជូនព្រះតេជានុភាព និងកិត្តិប្រវត្តិឲ្យខ្ចរខ្ចាយទួទៅក្នុងនានាប្រទេស ។ ស្រេចការពិធីនេះហើយមិនយូរប៉ុន្មាន ទុរយោជន៍ព្រមដោយរាជបរិពារ និងព្រះសសុនិ ជាបិតុលាធិរាជនៃគណៈក្សត្រិយ៍គោរព ស្ដេចទៅប្រពាតឯនគរឥន្ទ្របទ ដែលឧស្សាហ៍ស្ដេចទៅទាំងម៉្លេះ ដោយព្រះហឫទ័យពេញទៅដោយសេចក្ដីឬស្យា ជាងទៅសម្ដែងសេចក្ដីត្រេកអរក្នុងរឿងសាងរាជធានីថ្មី សារពើដែលទ្រង់បានឃើញ សារពើដែលទ្រង់បានស្ដាប់ សារពើដែលទ្រង់បានប្រារព្ធទៅដល់ សុទ្ធតែជាគ្រឿងរុញរុកឲ្យកើតសេចក្ដីឬស្យា និងអាឃាតឡើង នឹងមើលភូមិប្រទេសឥន្ទ្របទក៏ល្អឯកអស្ចារ្យ នឹងមើលទៅមុខមាត់ប្រជាជន ក៏រីករាយឆ្អែតឆ្អន់ទៅដោយសេចក្ដីសុខសម្រាន្ត ព្រះរាជាណាចក្ររុងរឿងសម្បូណ៌ព្រមពេញទៅដោយរបស់ដ៏មានតម្លៃ ជាទីគួរមើលគួរឃើញរបស់ដែលអស្ចារ្យបំផុតក៏គឺព្រះរាជវាំង ផុតវិស័យទុយោជន៍នឹងប្រទះឃើញក្នុងទីដទៃ ការដែលទៅក្រុងឥន្ទ្របទគ្រានេះ សង្កេតមើលអាកប្បកិរិយាក៏ដូចជាភ្ញៀវតាងប្រទេសទាំងពួង ដែលគេតែងទៅកាន់ប្រទេសនានាតាមសព្វមួយដង តែក្នុងហឫទ័យទុយោជន៍ ពេញទៅដោយសេចក្ដីក្ដៅក្រហាយដ៏លើសលន់ តែទៅដោយអំណាចដែលមកឃើញរបស់ចំឡែកអស្ចារ្យដូចនេះ ជាទីដឹកភ្នែកឲ្យមើលទាល់តែភ្លើន វេលាដែលទ្រង់យាងទតមហាស្ដាន ជួនកាលព្រះសិរទៅប៉ះនឹងជញ្ជាំង ដែលខាត់រលោងឡើងស្រមោលដូចជាកញ្ចក់ខ្ឌាំង ក្នុងកាលដែលទ្រង់ព្យាយាមនឹងយាងទៅត្រង់នោះ ដោយស្មានថាជាទីចន្លោះដល់ទៅ ១ កន្លែងទៀត ខណកាលទ្រង់យាងពីបន្ទប់ ១ ចូលទៅបន្ទប់ ១ ទៀត ទៅប្រទះកន្លែងបន្ទប់ទឹក ប្រប៉ា1 ដែលកំពុងខ្ពុលបញ្ចេញសុគន្ធសា ៗ មានអាការដូចជាគ្រាប់ភ្លៀងដ៏ល្អិត ធ្លាក់ចុះអំពីពិដានស្រោចទទឹកគ្រឿងទ្រង់ជោក ដល់ទៅមួយកន្លែងទៀតទ្រង់លាត់អង្ខើញព្រះភូសា ដោយសម្គាល់ថាជាល្អាងទឹក តែទឹកនោះជាផ្លូវដើរ ជារបស់វិការដោយថ្វីដៃជាងធ្វើបញ្ឆោតទុក ។ តែសេចក្ដីពិត មិនមែនជាពួកបាណ្ឌវក្សត្រិយ៍បំណងនឹងធ្វើលលេង ឬធ្វើដើម្បីឲ្យទ្រង់អាម៉ាស់មុខនោះទេ តែទុយោជន៍ឯងមានសន្ដានចិត្តជាបុគ្គលពាល ក៏ចេះតែចាំរើសយករឿងរញ៉ិករញុកបន្តិចបន្តួចនេះពូតឡើងជាដុំ ព្រោះប្រទះត្រង់រឿងដែលទ្រង់ល្ងើលកាលណា ពួកបាណ្ឌវក៏ទ្រង់សម្រួលកាលនោះ ដោយអត់មិនបានទ្រង់សម្រួលឃឹក ៗ តាមភេទជាញាតិស្និទ្ធិមិនមែនជាទ្រង់សម្រួលក្អាកក្អាយយ៉ាងកញ្ជះគេនោះទេ ទុរយោជន៍នឹកអៀនខ្មាសក៏រករឿងចងអាឃាដទៅឯង ប្រញាប់ស្ដេចចេញមកពីទីក្រុងឥន្ទ្របទ លុះមកដល់ព្រះនគរ ក៏ទ្រង់លើកយករឿងដែលបរិវិតក្កនោះមកប្រារព្ធនឹងសកូនីជាបិតុលាថា ៖ ទ្រង់សកូនី ខ្ញុំឈឺចិត្តណាស់ ពួកបាណ្ឌវជាមនុស្សអាក្រក់សល់សែន បានត្រៀមការទុកធ្វើបាបខ្ញុំ ដោយឧបាយដ៏លែបខាយ មានទេវតាជាប្រធានព្រះតុល គំនិតរបស់គេគិតតែមើលងាយខ្ញុំប៉ុណ្ណោះ សេចក្ដីប្រមាទមើលងាយអស់នេះ ចត់ល្វីងជាងខ្លឹមឈើដែលល្វីងណាស់ទៅទៀត វាតាំងចិត្តមើលងាយប្រមាទគ្នាមែន ៗ ហេតុនោះពួកវាទើបដើរតាមខ្ញុំស្ររ ដូចជាឆ្កែតាមជើងដំរី ដើម្បីនឹងបានឃើញហេតុភេទដែលវាក្លែងធ្វើទតគឺវាចាំមើលតែខ្ញុំដែលភ្លាត់ដួលតិតដួលតូង អារឿងដួលវាក៏សំខាន់ណាស់ដែរ ដូចជាធ្លាក់អំពីទីខ្ពស់រលាត់ដៃជើងទៅអស់ក្រែល ព្រះរាជហឫទ័យព្រះជនកខ្ញុំសោតក៏ត្រជាក់ល្ហិម ដោយជរាភាពបៀតបៀន ឥឡូវនេះទ្រង់មិនអាចនឹងត្រិះរិះកែបញ្ហាដែលជំពាក់ទាក់ទិននឹងជ្រៅសុខុមនេះបាន តែខនេះអស់យើងរាល់គ្នាដែលជាកូនប្រុសមានដៃមានជើងគ្រប់បរិបូណ៌មិនត្រូវមើលបំណាំ ឬទ្រង់យល់ដូចម្ដេច ព្រះជនលោកជរាណាស់ហើយ ទ្រង់ចាំតែស្ដាប់ទីប្រឹក្សាយ៉ាងអព្យាក្រិត ទើបឯទីប្រឹក្សានោះសោតនិងទុកចិត្តវា ក៏ដូចជាទុកចិត្តអសិរពិស អាពួកចង្រៃវាលក់ម្ចាស់ឯងទ្រម វាទូលណែនាំឲ្យព្រះជនក បែងព្រះរាជអាណាចក្ររបស់ខ្ញុំឲ្យទៅពួកបាណ្ឌវពាក់កណ្ដាលដែលគេមិនមានសិទ្ធិ ឬមុខក្រសួងនិងត្រូវបានសោះឡើយ ព្រះជនកលោកគំនិតស្រាលណាស់ បើប្រសិនជាត្រូវនិរទេសចេញអំពីព្រះរាជវាំងទៅម្ដង ប្រហែលជានឹងទ្រង់ជ្រាបព្រះអង្គថា ឱនេះទោសព្រោះចិញ្ចឹមអសិរពិសទុក ១ ក្រោលធំនោះឯង ខ្ញុំពោលមកទាំងនេះព្រោះជាការផ្ទុកផ្ទាល់ខ្លួន ព្រះបិតុលាក៏ឃើញនឹងព្រះនេត្រស្រាប់ហើយថា ពួកអធម៌សេនាបតីរបស់យើង បានកើបកោយព្រះរាជទ្រព្យអំពីព្រះឃ្លាំង ផ្ទុកផ្ទេរទៅឲ្យចាក់ទៅឲ្យពួកបាណ្ឌវប៉ុន្មាន ខ្ញុំមិនមែនជាកូនស្រី និងមកដេកយំហ៊ី ៗ តាមសភាពជាអ្នកចិត្តទន់នោះទេ ខ្ញុំចំជាកូនប្រុសខ្ញុំនឹងច្បាំងទាល់តែផុតដង្ហើមអស្សាសបស្សាសជាទីបំផុត តែចង់ក្របែលអាពួកចង្រៃអប្បលក្សណ៍អស់នេះជាមុន ហើយនឹងងាប់ទៅក៏តាមការចុះ ខ្ញុំគ្នេរមើលឃើញថាកម្លាំងកងទ៍ពរបស់យើងក្នុងវេលានេះទន់ណាស់ មិនល្មមនឹងធ្វើការដណ្ដើមជ័យកណ្ដាលយុទ្ធភូមិជាមួយនឹងសឹក ព្រោះវាមានកម្លាំងរឹងរិទ្ធិ មានទាំងពួកសម្ពន្ធមិត្រជិតខាងជំនួយច្រើនផ្លូវ ឯសេចក្ដីលំអរុងរឿងក្នុងប្រទេសរបស់គេ ជាគ្រឿងធ្វើឲ្យរកាំក្នុងភ្នែកខ្ញុំណាស់ ស្មើដូចជាកន្ទុយថ្លែនដែលកើតក្នុងភ្នែក ខ្ញុំចង់តែស្លាប់ទៅជាជាងរស់នៅដោយសេចក្ដីអប្បយសដូចនេះ ខ្ញុំនឹងមានអាយុរស់នៅ សូម្បីដូចជីវិតក្អែកក៏តាមការចុះ ។ សកុនិ អង្គុយស្ដាប់រឿងផ្ដេសផ្ដាសនេះរឿយទៅ មិនមានឆ្លើយឆ្លងថាអ្វីដល់មួយម៉ាត់ ទាល់តែទុរយោជន៍ពោលចប់ចុះ គេជាខ្ញុំរាជការធ្លាប់តែប្រចិបប្រចែងម្ចាស់ ស្ទាត់ក្នុងការអង្គុយស្ដាប់ស្ងៀម ៗ នឹងស្ទាត់ក្នុងពិធីប្រតិបត្តិមិនឲ្យទាស់អធ្យាស្រ័យម្ចាស់ កាលឃើញទុរយោជន៍ខ្ញាល់នឹងពួកព្រះញាតិណាស់ណា ជាឱកាសនឹងបំពេញឡើងឲ្យដល់ការគេក៏ក្អែរពិសដាក់បន្ថែមឡើងឲ្យម្ចាស់រឹតតែក្ដៅក្រហាយឡើងជាងមុន ។ ទ្រង់មានបន្ទូលនេះគាប់ហើយ មើលទៅកម្រនឹងកាច់កម្លាំងពួកបាណ្ឌវបាន ព្រោះប្រទេសតូចធំរាប់អានគេ តែត្រង់ដែលទ្រង់ត្រាស់ថា ស្លាប់ទៅជាជាងរស់នៅដោយសេចក្ដីអប្បយស នោះជាព្រះតម្រិះដ៏ខុសសោះ សេចក្ដីអប្បយសប្រៀបដូចអាកាសធាតុក៏ថាបាន មិនដូចនោះទេ ក៏ដូចជាមុខដំបៅអាចនឹងរក្សាឲ្យសះជាទៅបានក្នុងមិនយូរ សេចក្ដីគិតមួយយ៉ាងបានមកដុះឡើងក្នុងចិត្តខ្ញុំ នឹងទូលឲ្យទ្រង់ជ្រាបដោយឧបាយមួយយ៉ាងឃើញបានការជាប្រាកដ គឺ យុធិស្ឋិរ ចូលចិត្តលេងស្ការមែងដឹងឮរាល់គ្នាហើយ ចំណែកឯខ្ញុំទ្រង់ក៏ទ្រង់ជ្រាបហើយ ដែលថាស្ទាត់ក្នុងការល្បែងស្កាយ៉ាងម្ដេច យុធិស្ឋិរ នៅទន់ហត្ថណាស់ ខ្ញុំអាចនឹងលេងយកជ័យជម្នះបានដោយឧបាយទាំងពាន់ផ្លូវ គឺខ្ញុំនឹងលេងដោយកូនស្កាបង្កប់សំណរជន្លរឲ្យបានចិត្តខ្លាំងឡើង ៗ ប្រមាណតែត្រឹមពាក់កណ្ដាលឡូ ខ្ញុំនឹងធ្វើឲ្យគេហោចទៅតែម្ដង នឹងលេងឲ្យអស់សាច់ឈាមទៅតែម្ដង នឹងរឹបយកទាល់តែកាន់អម្បែងដើរសុំទាន ឬ នឹងរឹតគាត់ឲ្យតឹងជាងនេះទៅទៀតក៏បាន ដោយសន្យាថា អ្នកចេញត្រូវចេញចាកព្រះនគរទៅនៅព្រៃកំសត់អស់វេលា ១២ ឆ្នាំ យើងអាចនឹងលាងសឹកសត្រូវរបស់យើងឲ្យអបជ័យរលីងទៅ ដោយគំនិតលែបខាយឧបាយកលខាងក្នុងដូចនេះ មិនមែនចេញមុខច្បាំងគ្នាក្ឌុងក្ឌាំងបំផ្លាញគ្រឿងយុទ្ធភណ្ឌទៅទទេ ៗ នោះទេ ។
ឯកសារយោង
[កែប្រែ]សៀវភៅរឿងមហាភារតយុទ្ធ ចងក្រងនិងរៀបរៀងដោយ ព្រះស្នេហាសារ ទេព ក្រសេម